ថ្នាក់​វិទ្យាស្ថាន
សំណួរ​វគ្គ​សិក្សា​ជម្រើស​ទូទៅ


សំណួរ​វគ្គ​សិក្សា​ជម្រើស​ទូទៅ

រូបភាព
ព្រះយេស៊ូវគ្រីស្ទ​ជាមួយ​នឹង​កុមារ​តូចៗ

សេចក្តី​ណែនាំ​សម្រាប់​គ្រូបង្រៀន

បទពិសោធន៍​នៃ​ការលើក​កម្ពស់​ដល់​ការរៀនសូត្រ​នេះ អាច​ប្រើប្រាស់​ជាមួយ​វគ្គ​សិក្សា​ថ្នាក់​វិទ្យាស្ថាន​ដែល​មិន​មែន​ជា​វគ្គសិក្សា​មូលដ្ឋាន​គ្រឹះ​បាន ។ វា​មាន​នូវ​សំណួរ​ទាំងឡាយ​ដែល​ជា​ដៃគូ​ដ៏​សំខាន់​ចំពោះ​ការចូលរួម​ចំណែក​នៅ​ក្នុង​ថ្នាក់ និង អំណាន​ដែល​បាន​ដាក់​ឲ្យ​អាន ។ ការអញ្ជើញ និង ការជួយ​សិស្ស​ឲ្យ​សិក្សា អនុវត្ដ កត់ត្រា ហើយ​ចែកចាយ​គោលការណ៍ និង គោលលទ្ធិ អាច​ជួយ​ពួកគេ​ឲ្យ​ពង្រឹង​ទីបន្ទាល់ ព្រមទាំង​មាន​ការប្រែចិត្តជឿ​កាន់តែ​ខ្លាំង​ឡើង ។

យោង​ទៅ​តាម​ការណែនាំ​របស់​អ្នក នោះ​សិស្ស​ឆ្លើយ​សំណួរ​ចំនួន​បី​ក្នុង​ចំណោម​សំណួរ​ទាំង​ប្រាំពីរ​នៅ​លើ​ក្រដាស​ណែនាំ​របស់​សិស្ស ។ ចម្លើយ​របស់​សិស្ស​គួរតែ​បាន​មក​ពី​អ្វី​ដែល​ពួកគេ​បាន​សិក្សា ហើយ​អនុវត្ត​អំឡុង​ពេល​វគ្គសិក្សា​នេះ ។ ខណៈ​ពេល​ដែល​សេចក្តីលម្អិត​មួយ​ចំនួន​នៅ​ក្នុង​ការបង្រៀន​អំពី​បទពិសោធន៍​នៃ​ការលើក​កម្ពស់​ដល់​ការរៀនសូត្រ អាច​តម្រូវ​ឲ្យ​មាន​ការកែសម្រួល​ដោយ​ផ្អែក​ទៅ​លើ​សិស្ស​ទាំងអស់​ក្នុង​ថ្នាក់ ឬ​សិស្ស​ម្នាក់ៗ នោះ​ជំហាន​ទាំងឡាយ​ខាង​ក្រោម​នេះ​នឹង​ជួយ​អ្នក ព្រមទាំង​សិស្ស​របស់​អ្នក​ឲ្យ​មាន​បទពិសោធន៍​ដ៏​ជោគជ័យ ៖

  1. រៀបចំ ៖ មុន​ពេល​ចាប់ផ្ដើម​វគ្គសិក្សា សូម​ត្រួតពិនិត្យ​សំណួរ ហើយ​ដាក់​ផែនការ​មួយ​សម្រាប់​ការបង្រៀន​អំពី​ការលើក​កម្ពស់​ដល់​ការរៀនសូត្រ ។ ការរៀបចំ​របស់​អ្នក​អាច​រួម​មាន​របៀប​ណែនាំ​សំណួរ​ទាំងឡាយ​ដល់​សិស្ស​ទាំងអស់​ក្នុង​ថ្នាក់ ហើយ​ពន្យល់​អំពី​ការរំពឹងទុក​នានា​ដែល​ទាក់ទង​នឹង​បទពិសោធន៍​នៃ​ការលើក​កម្ពស់​ដល់​ការរៀនសូត្រ​មាន​ដូចជា កាលបរិច្ឆេទ​សម្រាប់​ការត្រួតពិនិត្យ និង​ការបញ្ជូន​ចម្លើយ​របស់​សិស្ស ប្រវែង​ចម្លើយ​ដែល​ចង់​បាន និង​ទម្រង់​នៃ​ចម្លើយ​ជាដើម ។ អ្នក​ត្រូវបាន​ផ្ដល់​អនុសាសន៍​ឲ្យ​ត្រួតពិនិត្យ​ចម្លើយ​នីមួយៗ​នៃ​ចម្លើយ​ទាំង​បី​របស់​សិស្ស ទៅ​តាម​កាលបរិច្ឆេទ​ខុសៗ​គ្នា​ទាំងបី​ពេល​របស់​អ្នក​ពេញ​មួយ​វគ្គសិក្សា ។

  2. ដាក់​ការរំពឹង​ទុក​ច្បាស់លាស់ ៖ នៅ​ពេល​ចាប់ផ្ដើម​វគ្គសិក្សា សូម​ចែក​សំណៅ​សំណួរ​ដល់​សិស្ស​ម្នាក់ៗ​ដែល​មាន​នៅ​លើ​ក្រដាស​ណែនាំ​របស់​សិស្ស ។ ការធ្វើ​ដូចនេះ​នឹង​អនុញ្ញាត​ឲ្យ​សិស្ស​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​សិក្សា អនុវត្ត ហើយ​កត់ត្រា​ចម្លើយ​របស់​ខ្លួន​ចំពោះ​សំណួរ​ទាំងឡាយ​ពេញ​មួយ​ឆមាស ។ សូម​ជួយ​ពួកគេ​ឲ្យ​យល់​អំពី​គោលបំណង​នៃ​បទពិសោធន៍​នៃ​ការលើក​កម្ពស់​ដល់​ការរៀនសូត្រ ។ សូម​ប្រាប់​ឲ្យ​បាន​ច្បាស់​អំពី​ការរំពឹងទុក​របស់​អ្នក​លើ​ចម្លើយ​របស់​ពួកគេ​រួមមាន កាលបរិច្ឆេទ​សម្រាប់​ការត្រួតពិនិត្យ និង​ការបញ្ជូន​ចម្លើយ​ទាំងនោះ ។

  3. តាមដាន ៖ សូម​បន្ត​លើក​ទឹកចិត្ត ហើយ​ជួយ​សិស្ស​ទាំងអស់​ពេញ​មួយ​វគ្គ​សិក្សា​នៅ​ពេល​ពួកគេ​ខិតខំ​ឆ្លើយ​សំណួរ​អំពី​បទពិសោធន៍​នៃ​ការលើក​កម្ពស់​ការរៀនសូត្រ ។ សូម​ស្វែងរក​របៀប​ភ្ជាប់​សំណួរ​ទាំងឡាយ​ទៅ​នឹង​កម្មវិធី​សិក្សា ឬ​ដាក់​បញ្ចូល​សំណួរ​ទាំងនោះ​ទៅ​ក្នុង​សកម្មភាព​នានា​ក្នុង​ថ្នាក់ ។ អ្នក​អាច​ឲ្យ​សិស្ស​ឆ្លើយ​សំណួរ​នៅ​ក្នុង​ថ្នាក់ ពេល​ចេញ​ទៅ​ផ្ទះ​វិញ ឬ​ទាំង​ពីរ​ក៏​បាន ។

  4. ពិនិត្យ​ឡើង​វិញ និង កែ​សម្រួល ៖ ចំពោះ​ថ្ងៃ​ដែល​អ្នក​បាន​ដាក់​កាលវិភាគ​ថា​នឹង​ត្រួតពិនិត្យ នោះ​សូម​អញ្ជើញ ហើយ​រំឭក​សិស្ស​ឲ្យ​យក​ចម្លើយ​នៃ​សំណួរ​ដែល​បាន​ចាត់តាំង​នោះ​មក​កាន់​ថ្នាក់​រៀន ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ពន្យល់ ចែកចាយ ហើយ​ថ្លែង​ទីបន្ទាល់​អំពី​អ្វី​ដែល​ពួកគេ​បាន​រៀន និង​អនុវត្ត​នៅ​ក្នុង​ចម្លើយ​របស់​ពួកគេ​ចេញ​ពី​វគ្គសិក្សា​នេះ ។ សិស្ស​អាច​ទទួល​បាន​អត្ថប្រយោជន៍​តាមរយៈ ការត្រួតពិនិត្យ​កិច្ចការ​របស់​គ្នា​ទៅវិញទៅមក​ដោយ​ធ្វើការ​ជា​គូៗ ឬ​ក្រុម​តូចៗ ។ ប្រសិនបើ​ចាំបាច់ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​កែសម្រួល​ចម្លើយ​របស់​ពួកគេ​ឡើង​វិញ​ពី​មុន​បញ្ជូន​ឲ្យ​អ្នក ។

  5. ការបញ្ជូន​ចម្លើយ ៖ សិស្ស​បញ្ចប់​វគ្គ​បទពិសោធន៍​នៃ​ការលើកកម្ពស់​ដល់​ការរៀនសូត្រ​ដោយ បញ្ជូន​ចម្លើយ​ចំពោះ​សំណួរ​ទាំង​បី​ឲ្យ​ស្រប​ទៅ​តាម​ការរំពឹង​ទុក​របស់​អ្នក ។ ទោះជា​អ្នក​អាច​ផ្ដល់​មតិកែលម្អ​ទៅ​លើ​ចម្លើយ​របស់​សិស្ស​អ្នក​ក្តី ក៏​វា​មិន​ចាំបាច់​ត្រូវតែ​ធ្វើ​ដែរ ។ សូម​កត់ត្រា​ព័ត៌មាន​នៅ​ក្នុង​សៀវភៅ​ប្រតិបត្តិ​ពិន្ទុ WISE សម្រាប់​សិស្ស​ដែល​បាន​បញ្ជូន​ចម្លើយ​របស់​ខ្លួន ។

កំណត់ចំណាំ ៖ សូម​ប្រាកដ​ថា សិស្ស​ដែល​មាន​តម្រូវ​ការ​ពិសេស​ដូចជា ពិការភាព ឬ​មាន​បញ្ហា​ផ្នែក​សុខភាព ទទួល​បាន​ការសម្របសម្រួល​ដែល​ពួកគេ​ត្រូវការ​ដើម្បី​បាន​រួម​ចំណែក​នៅ​ក្នុង​ការវាយតម្លៃ​នេះ ដោយ​ផ្អែក​លើ​មូលដ្ឋាន​ស្មើភាព​គ្នា​ដូច​មិត្ត​ភក្តិ​របស់​ពួកគេ​ដែរ ។ ការសម្របសម្រួល​មួយ​ចំនួន​អាច​រួម​ទាំង​ការផ្តល់​ឯកសារ​ឲ្យ​ដែល​បោះពុម្ព​ជា​អក្សរ​ធំៗ ឬ​ឯកសារ​ជា​សំឡេង ការអនុញ្ញាត​ឲ្យ​សិស្ស​ឆ្លើយ​ដោយ​មាន​ជំនួយ​ពី​អ្នក​ដទៃ ដោយ​ការអនុញ្ញាត​ឲ្យ​ពួកគេ​ឆ្លើយ​ផ្ទាល់​មាត់​ជំនួស​ឲ្យ​ការសរសេរ ឬ​ការអនុញ្ញាត​ឲ្យ​ពួកគេ​ឆ្លើយ​ដោយ​និយាយ​ហើយ​ឲ្យ​សិស្ស​ម្នាក់​ទៀត​សរសេរ​ឲ្យ ឬ​ដោយ​ការថត​ជា​សំឡេង ។ សូម​ចូល​ទៅ​កាន់​គេហទំព័រ lds.org/topics/disability ដើម្បី​ស្វែងរក​ព័ត៌មាន​ទូទៅ​ក្នុង​ការជួយ​ដល់​បុគ្គល​ទាំងឡាយ​ដែល​ពិការ ។

សេចក្តីណែនាំ​សម្រាប់​សិស្ស

បទពិសោធន៍​នៃ​ការលើកកម្ពស់​ដល់​ការរៀនសូត្រ​នេះ មាន​នូវ​សំណួរ​ទាំងឡាយ​ដែល​ជា​ដៃគូ​មួយ​ដ៏​សំខាន់​ចំពោះ​ការចូលរួម​ចំណែក​នៅ​ក្នុង​ថ្នាក់​របស់​អ្នក និង​ការសិក្សា​អំណាន​ដែល​បាន​ដាក់​ឲ្យ​អាន ។ ការខិតខំ​ឆ្លើយ​សំណួរ​ទាំងនេះ​ពេញ​មួយ​វគ្គសិក្សា​នៅ​ពេល​អ្នក​សិក្សា អនុវត្ដ កត់ត្រា ហើយ​ចែកចាយ​គោលការណ៍ និង​គោលលទ្ធិ​ទាំងនេះ នឹង​ជួយ​អ្នក​ឲ្យ​ពង្រឹង​ទីបន្ទាល់ ហើយ​ធ្វើ​ឲ្យ​អ្នក​មាន​ការប្រែចិត្ត​ជឿ​កាន់តែ​ខ្លាំង​លើ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

សូម​ឆ្លើយ​សំណួរ​ចំនួន​បី​ក្នុង​ចំណោម​សំណួរ​ទាំង​ប្រាំពីរ​ខាង​ក្រោម ដោយ​ផ្អែក​ទៅ​លើ​គោលលទ្ធិ គោលការណ៍ និង​ព័ត៌មាន​ដែល​អ្នក​បាន​សិក្សា​អំឡុង​ពេល​វគ្គសិក្សា​នេះ ។ ( គ្រូបង្រៀន​របស់​អ្នក​នឹង​ចាត់​សំណួរ​ជាក់លាក់​ឲ្យ​អ្នក ) ។ សូម​ពិចារណា​លើ​យោបល់​នានា​ដែល​មាន​នៅ​ក្នុង​ផ្នែក « ចម្លើយ » ខាង​ក្រោម​នេះ នៅ​ពេល​អ្នក​ពិចារណា​អំពី​ចម្លើយ​របស់​អ្នក ។ សូម​ត្រៀមខ្លួន​ជា​ស្រេច​ដើម្បី​ចែកចាយ​អ្វី​ដែល​អ្នក​បាន​សិក្សា ហើយ​អនុវត្ត ដោយ​នាំ​យក​ចម្លើយ​របស់​អ្នក​ទៅ​កាន់​ថ្នាក់​រៀន​តាម​កាលបរិច្ឆេទ​សម្រាប់​ការត្រួតពិនិត្យ​ដែល​គ្រូបង្រៀន​របស់​អ្នក​បាន​ដាក់​ឲ្យ ។

សំណួរ

  1. តើ​អ្នក​ស្គាល់​ព្រះវរបិតា​គង់​នៅ​ស្ថានសួគ៌​របស់​អ្នក​កាន់តែ​ច្បាស់​តាម​របៀប​ណា ?

  2. តើ​អ្វី​ដែល​បាន​ជួយ​អ្នក​ឲ្យ​យល់ ហើយ​ពឹងផ្អែក​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់​កាន់តែ​ខ្លាំង ?

  3. តើ​ទីបន្ទាល់​របស់​អ្នក​អំពី​ការស្ដារឡើងវិញ​នៃ​ដំណឹងល្អ​បាន​ប្រែ​កាន់តែ​រឹងមាំ​តាម​របៀប​ណា ?

  4. តើ​អ្វី​ដែល​បាន​ជួយ​អ្នក​ឲ្យ​កាន់តែ​សក្ដិសម ដើម្បី​ទទួល​បាន​ពរជ័យ​ទាំងឡាយ​នៃ​ព្រះវិហារ​បរិសុទ្ធ ?

  5. តើ​សេចក្ដីពិត​ណា​ខ្លះ​នៅ​ក្នុង​វគ្គសិក្សា​នេះ ដែល​បាន​ផ្ដល់​ពរ​ដល់​ជីវិត​អ្នក ?

  6. តើ​អ្នក​ពង្រឹង​ទីបន្ទាល់​របស់​អ្នក​អំពី __________ ដោយ​របៀប​ណា ? ( គ្រូ​បង្រៀន​នឹង​ផ្ដល់​គោលការណ៍ ឬ គោលលទ្ធិ​សម្រាប់​សំណួរ​នេះ ) ។

  7. តើ​ជីវិត​របស់​អ្នក​បាន​រីកចម្រើន​យ៉ាង​ដូចម្តេច​ដែរ ដោយ​សារតែ​អ្នក​បាន​បង្កើន​ការយល់ដឹង​របស់​អ្នក​អំពី__________? ( សូម​ជ្រើសរើស​ប្រធានបទ​ខាង​គោលលទ្ធិ​មួយ​ខាង​ក្រោម​នេះ ) ។

    • ក្រុមព្រះ

    • ផែនការនៃ​សេចក្ដីសង្គ្រោះ

    • ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ

    • ការ​ស្ដារ​ឡើងវិញ

    • ព្យាការី និង វិវរណៈ

    • បព្វជិតភាព និង កូនសោ​នៃ​បព្វជិតភាព

    • ពិធី​បរិសុទ្ធ និង​សេចក្តីសញ្ញា

    • អាពាហ៍ពិពាហ៍ និង គ្រួសារ

    • ព្រះបញ្ញត្តិ

ចម្លើយ

សូម​គិត​ដល់​ការដាក់​បញ្ចូល​ចំណុច​ខាង​ក្រោម​នេះ​នៅ​ក្នុង​ចម្លើយ​នីមួយៗ ៖

  • ស្វែងរក​គោលលទ្ធិ​មួយ ដែល​មាន​អត្ថន័យ​កាន់តែ​ជ្រាលជ្រៅ​ចំពោះ​អ្នក​នៅ​ពេល​អ្នក​ចូល​រៀន​ក្នុង​វគ្គ​សិក្សា​នេះ ។

  • ពន្យល់​គោលលទ្ធិ នោះ​ដោយ​ប្រើ​ពាក្យពេចន៍​របស់​អ្នក​ផ្ទាល់ វគ្គបទគម្ពីរ ឬ​ប្រសាសន៍​របស់​ព្យាការី​ដែល​កំពុង​រស់នៅ ។

  • ចែកចាយ​បទពិសោធន៍ ដែល​ថ្មីៗ​នេះ​អ្នក​បាន​ទទួល​អារម្មណ៍​ពី​អំណាច​នៃ​គោលលទ្ធិ​នោះ​នៅ​ក្នុង​ជីវិត​របស់​អ្នក ។

  • ចែកចាយ អំពី​របៀប​ដែល​អ្នក​បាន​ប្រែចិត្តជឿ​កាន់តែ​ខ្លាំង​លើ​ដំណឹងល្អ​របស់​ព្រះគ្រីស្ទ ។

កំណត់ចំណាំ ៖ ប្រសិនបើ​អ្នក​មាន​តម្រូវការ​ចាំបាច់ ដូចជា ពិការភាព ឬ មាន​បញ្ហា​ផ្នែក​សុខភាព សូម​ពិភាក្សា​ជាមួយ​គ្រូ​របស់​អ្នក ដើម្បី​គាត់​អាច​ជួយ​សម្រប​សម្រួល​ឲ្យ​អ្នក​សម្រេច​បាន​បទពិសោធន៍​នេះ ។