សន្និសីទទូទៅ
ផល​ដែល​បាន​នៅ​ជាប់
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២៤


ផល​ដែល​បាន​នៅ​ជាប់

ការ​មាន​ព្រះវិញ្ញាណ​បរិសុទ្ធ​ផ្សារភ្ជាប់​ពិធីបរិសុទ្ធ​របស់​យើង ​គឺវា​ចាំបាច់​ណាស់ បើ​យើង​ចង់​មាន​ពរជ័យ​ដែល​បាន​សន្យា​សម្រាប់​អស់កល្ប​ជានិច្ច ។

កាល​នៅ​ក្មេង ខ្ញុំ​ចូលចិត្ត​ផ្លែ​ប៉ែស​ទុំស្រស់ៗ ។ មក​ដល់​ពេល​នេះ ទិដ្ឋភាព​នៃ​ការ​ខាំ​ផ្លែ​ប៉ែស​ទុំ​ដ៏​មាន​ឱជារស​ជូរអែម​នោះ​ធ្វើ​ឲ្យ​ខ្ញុំ​ស្រក់​ទឹកមាត់ ។ នៅ​ពេល​ផ្លែ​ប៉ែស​ទុំ​ល្មម​បេះ វា​អាច​ទុក​បាន​​ពីរ​ទៅ​បួន​ថ្ងៃ​មុន​ពេល​វា​ខូច ។ ខ្ញុំ​មាន​អនុស្សាវរីយ៍​ដ៏​ល្អៗ​ក្នុងការជួយ​ម្តាយ និង​បងប្អូន​ខ្ញុំ​នៅ​ក្នុង​ផ្ទះ​បាយ នៅ​ពេល​យើង​ធ្វើ​ដំណាប់​ផ្លែ​ប៉ែស​ដែល​បាន​បេះ​សម្រាប់​រដូវ​រងារ​ខាង​មុខ​នេះ​ ដោយ​ច្រក​វា​ចូលក្នុង​ដប​បិទជិត ។ បើ​យើង​រក្សា​ផ្លែ​ប៉ែស​ឲ្យ​បាន​ត្រឹមត្រូវ នោះ​ផ្លែ​ឈើ​ដ៏​ឆ្ងាញ់​នេះ​នឹង​អាច​ទុក​បាន​យូរ​ច្រើន​ឆ្នាំ ពុំមែនពីរបី​ថ្ងៃ​នោះទេ ។ ប្រសិន​បើ​បាន​រៀបចំ និងចម្អិន​ឲ្យ​បាន​ត្រឹមត្រូវ នោះ​ផ្លែ​ឈើ​នេះអាច​រក្សា​ទុក​បាន​រហូត​ដល់​របើក​គម្រប ។

ព្រះគ្រីស្ទ​បាន​ដឹកនាំ​យើង​ឲ្យ « ទៅ​បង្កើត​ផល … ហើយ​ឲ្យ​ផល​របស់​អ្នក​រាល់​គ្នា​បាន​នៅ​ជាប់​ផង » ។ ប៉ុន្តែ​ទ្រង់​ពុំ​មាន​បន្ទូល​អំពី​ផ្លែ​ប៉ែស​ទេ ។ ទ្រង់​​មាន​បន្ទូល​អំពី​ពរជ័យ​របស់​ព្រះ​ទៅដល់​បុត្រាបុត្រី​​​ទ្រង់ ។ បើ​យើងធ្វើ ហើយ​រក្សា​សេចក្ដី​សញ្ញា​​​នឹង​ព្រះ នោះ​ពរជ័យ​ទាំងឡាយ​ដែល​ទាក់ទង​នឹង​សេចក្ដី​សញ្ញា​​​យើង​អាច​មាន​ហួស​ពី​ជីវិត​នេះ ហើយ​ត្រូវ​បានផ្សារ​ភ្ជាប់​លើ​យើង ឬ​បាន​រក្សា​ទុក​ជា​រៀង​រហូត ក្លាយជាផល​ផ្លែ​ដែល​បន្ដ​មានដ៏អស់កល្បជានិច្ច ។

ព្រះវិញ្ញាណ​បរិសុទ្ធ នៅក្នុង​តួនាទី​ដ៏​ទេវភាព​របស់ទ្រង់ ក្នុងនាមជា​ព្រះវិញ្ញាណ​បរិសុទ្ធ​នៃ​ការ​សន្យា នឹង​ផ្សារភ្ជាប់​ពិធីបរិសុទ្ធ​នីមួយៗ​មក​លើ​ជន​ស្មោះត្រង់​ចំពោះ​សេចក្ដី​សញ្ញា​ពួកគេ ដើម្បី​ពួកគេ​នឹង​មានសុពលភាព​បន្ទាប់ពី​ជីវិត​រមែង​ស្លាប់​នេះ ។ ការ​មាន​ព្រះវិញ្ញាណ​បរិសុទ្ធ​ផ្សារភ្ជាប់​ពិធីបរិសុទ្ធ​របស់​យើង ​គឺវា​ចាំបាច់​ណាស់ បើ​យើង​ចង់​មាន​ពរជ័យ​ដែល​បាន​សន្យា​សម្រាប់​អស់កល្ប​ជានិច្ច ដើម្បី​ក្លាយ​ជា​ផល​ដែល​បាន​នៅ​ជាប់​ផងនោះ ។

ការណ៏​នេះ​គឺ​សំខាន់​ជា​ពិសេស បើ​យើង​ចង់ទទួល​បាន​ភាព​តម្កើងឡើង ។ ដូច​ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា ៖ « យើង​គួរ​តែ​មាន​គោលដៅ​ច្បាស់លាស់ ។ ពិតណាស់ យើងម្នាក់ៗ « នៅទីបញ្ចប់ » ដែល​យើង​នឹង​សម្រេច​បាន គឺ​រស់នៅ​ជា​រៀងរហូត​ជាមួយ​គ្រួសារ​យើង​នៅក្នុង​ស្ថានភាព​តម្កើងឡើង ដែល​យើង​នឹង​នៅ​ក្នុង​វត្តមាន​របស់​ព្រះ ជា​ព្រះវរបិតាសួគ៌​យើង និង​ព្រះរាជបុត្រា​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ » ។ ប្រធាន​ណិលសុន ក៏​បាន​ថ្លែង​ថា ៖ « អាពាហ៍ពិពាហ៍​សេឡេស្ទាល គឺជា​ផ្នែក​ដ៏សំខាន់​នៃ​ការ​រៀបចំ​សម្រាប់​ជីវិត​អស់កល្ប​ជានិច្ច ។ វា​តម្រូវ​ឲ្យ​មនុស្ស​ម្នាក់​រៀបការ​ជាមួយ​មនុស្ស​ដែល​ត្រឹមត្រូវ នៅ​ទីកន្លែង​ត្រឹមត្រូវ ដោយ​សិទ្ធិ​អំណាច​ត្រឹមត្រូវ ហើយ​គោរព​តាម​សេចក្តី​សញ្ញា​ដ៏​ពិសិដ្ឋ​នោះ​ដោយ​ស្មោះត្រង់ ។ បន្ទាប់​មក មនុស្ស​នោះ​អាច​ត្រូវ​បាន​ធានា​ថា​នឹង​មាន​ភាពតម្កើង​ឡើង​នៅ​ក្នុង​នគរ​សេឡេស្ទាល​នៃ​ព្រះ » ។

តើ​ពរជ័យ​នៃ​ភាពតម្កើង​ឡើង​មាន​អ្វីខ្លះ ? ពរជ័យ​ទាំងនោះ​រួម​មាន​ការរស់នៅ​ក្នុង​វត្តមាន​របស់​ព្រះ​សម្រាប់​ភាពអស់កល្ប​ជានិច្ច​ជាមួយគ្នា​ជា​ស្វាមី និង​ភរិយា ​ទទួល​មរតក « ហើយ​នឹង​បាន​គ្រង​បល្ល័ង្ក​ទាំង​ឡាយ នគរ​ទាំង​ឡាយ ក្សត្រ​បុរី​ទាំង​ឡាយ និង​អំណាច​ទាំង​ឡាយ … នឹង​បាន​ពូជ​ដ៏​បរិបូរ និង​បន្តបន្ទាប់​ជា​រៀង​ដរាប​ត​ទៅ។ »ទទួល​បាន​គ្រប់​អ្វី​ទាំងអស់ ដែល​ព្រះ​វរបិតា​យើង​មាន ។

ព្រះអម្ចាស់​បាន​បើក​សម្ដែង​តាមរយៈ យ៉ូសែប ស្ម៊ីធ ថា ៖

« នៅ​ក្នុង​សិរី​ល្អ​ខាង​សេឡេស្ទាល​នោះ​មាន​ស្ថាន​សួគ៌ ឬ​លំដាប់​បី

ហើយ​ដើម្បី​ឲ្យ​បាន​លំដាប់​ខ្ពស់​បំផុត នោះ​មនុស្ស​ត្រូវ​ចូល​ក្នុង​របៀប​នៃ​បព្វជិតភាព​នេះ [ មាន​ន័យ​ដល់​សេចក្ដី​សញ្ញា​ថ្មី ហើយ​អស់​កល្ប​អស់​កាល​ជានិច្ច​ខាង​អាពាហ៍ពិពាហ៍ ]

ហើយ​បើ​សិន​ជា​គេ​ពុំ​ចូល​ទេ នោះ​គេ​ពុំ​អាច​បាន​លំដាប់​នោះ​ឡើយ ។

គេ​អាច​ចូល​លំដាប់​ផ្សេង​ទៀត​បាន ប៉ុន្តែ​នោះ​ហើយ​ជា​ទីបញ្ចប់​នៃ​នគរ​របស់​គេ ដែលគេ​ពុំ​អាច​បាន​ភាព​ចម្រើន​ឡើយ ។ »

យើង​រៀន​នៅ​ទីនេះ​ថា មនុស្ស​ម្នាក់​អាច​ស្ថិត​នៅ​ក្នុង​នគរ​សេឡេស្ទាល ឬ​រស់​នៅ​ក្នុង​វត្តមាន​នៃ​ព្រះ ហើយ​នៅ​លីវ ។ ប៉ុន្តែ​ដើម្បី​ទទួល​បាន​ភាព​តម្កើងឡើង​នៅ​ក្នុង​លំដាប់​ដ៏​ខ្ពស់​បំផុត​នៃ​នគរ​សេឡេស្ទាល អ្នក​នោះ​ត្រូវ​តែ​រៀបការ​ដោយ​សិទ្ធិ​អំណាច​ត្រឹមត្រូវ ហើយ​បន្ទាប់​មក​ស្មោះត្រង់​ចំពោះ​សេចក្ដី​សញ្ញា​ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​អាពាហ៍ពិពាហ៍​នោះ ។ ពេល​យើង​ស្មោះត្រង់​នឹង​សេចក្តី​សញ្ញា​ទាំងនេះ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៃ​សេចក្ដី​សន្យា​អាច​ផ្សារភ្ជាប់​សេចក្តី​សញ្ញា​អាពាហ៍ពិពាហ៍​របស់​យើង ។ ពរជ័យ​ដែល​បានផ្សារភ្ជាប់​នេះ​ក្លាយ​ជា​ផល​ដែល​បាន​នៅ​ជាប់​ ។

តើ​តម្រូវ​ឲ្យ​មាន​អ្វី​ខ្លះ ដើម្បី​រក្សា​សេចក្ដី​សញ្ញា​ថ្មី និង​អស់កល្ប​ជានិច្ច​នៃ​អាពាហ៍ពិពាហ៍​ដោយ​សោ្មះត្រង់ ?

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា​មាន​ចំណង​ពីរ​ប្រភេទ​នៅ​ពេល​យើង​ចូល​ទៅ​ក្នុង​សេចក្ដី​សញ្ញា​អាពាហ៍ពិពាហ៍​ដ៏​អស់​កល្ប​នេះគឺ ៖ ចំណង​រវាង​ស្វាមី និង​ភរិយា និង​ចំណង​ទៅ​ជាមួយនឹង​ព្រះ ។១០ ដើម្បី​ទទួល​ពរជ័យ​នៃ​ភាព​តម្កើងឡើង​ដែល​បានផ្សារ​ភ្ជាប់មក​លើ​យើង ហើយ​បន្តមានបន្ទាប់​ពី​ជីវិត​នេះ នោះ​យើង​ត្រូវ​តែ​សោ្មះត្រង់​ចំពោះ​សេចក្តី​សញ្ញា​នៃ​ចំណង​​រវាង​ស្វាមី និង​ភរិយា និង​ចំណង​ទៅជាមួយនឹង​ព្រះ ។

ដើម្បី​រក្សា​ចំណង​រវាង​ស្វាមី ឬ​ភរិយា​ព្រះ​បាន​ទូន្មាន​យើង​ឲ្យ « ស្រឡាញ់ ប្រពន្ធ [ ឬ​ស្វាមី ] [ អ្នក ] ឲ្យ​អស់ពី​ចិត្ត [ អ្នក ] ហើយ … ត្រូវ​នៅ​ជាប់​នឹង​នាង [ ឬ​គាត់ ] និង​គ្មាន​នរណា​ទៀត​ឡើយ » ។១១ សម្រាប់​បងប្អូន​ដែល​បាន​រៀបការ​ហើយ ត្រូវ​នៅ​ជាប់​នឹង​នាង ឬ​គាត់ ហើយ​គ្មាន​នរណា​ទៀតឡើយ មាន​ន័យ​ថា​បងប្អូន​ប្រឹក្សា​នឹងគ្នា​ដោយ​ក្ដី​ស្រឡាញ់ បងប្អូន​ស្រឡាញ់ និង​មើលថែ​គ្នា​បងប្អូន​ផ្តល់​អាទិភាព​ពេលវេលា​ជាមួយ​ស្វាមី ឬ​ភរិយា​ខ្លួន​លើស​ចំណាប់​អារម្មណ៍​ផ្សេងទៀត ហើយ​បងប្អូន​អំពាវនាវ​ដល់​ព្រះ​ឲ្យ​ជួយ​បងប្អូន​យក​ឈ្នះ​លើ​ភាព​ទន់​ខ្សោយ​ខ្លួន ។១២ វា​ក៏​មាន​ន័យ​ថា​គ្មាន​ទំនាក់​ទំនង​ផ្លូវ​ចិត្ត ឬ​ផ្លូវ​ភេទ​ណា​មួយ​ក្រៅ​អាពាហ៍ពិពាហ៍​ខ្លួន​ឡើយ រួម​ទាំង​ការ​ចែចង់ ឬ​ការ​ដើរ​លេង​ជាគូ ហើយ​គ្មាន​ការណ៍​អាសគ្រាម​ដែល​នាំឲ្យ​មាន​ចំណង់​នោះ​ដែរ ។១៣

ដើម្បី​រក្សា​ចំណង​ទ្វេ​ភាគី​នៅ​ក្នុង​សេចក្ដី​សញ្ញា ដៃគូ​នីមួយៗ​ត្រូវ​តែ​មាន​បំណង​ចង់រៀប​អាពាហ៍ពិពាហ៍​នោះ ។ ប្រធាន ដាល្លិន អេក អូក កាលពី​ថ្មីៗ​នេះ​បាន​បង្រៀនថា ៖ « យើង​ក៏ដឹង​ផងដែរ​ថា​ទ្រង់ [ ព្រះ ] នឹង​មិន​បង្ខិត​បង្ខំ​នរណា​ម្នាក់​ឲ្យ​ផ្សារភ្ជាប់​ទំនាក់​ទំនង​ប្រឆាំង​នឹង​ឆន្ទៈ​របស់​ខ្លួន​គេ​ឡើយ ។ ពរជ័យ​នៃ​ទំនាក់​ទំនង​ដែល​ផ្សារភ្ជាប់​គឺ​ធានា​សម្រាប់​អស់អ្នក​ដែល​រក្សា​សេចក្តីសញ្ញា​ប៉ុន្តែ​មិន​ដោយសារ​ការបង្ខិតបង្ខំ​ឲ្យ​ផ្សារភ្ជាប់​ទំនាក់​ទំនង​លើ​មនុស្ស​ម្នាក់​ដោយ​មិន​សក្តិសម ឬ​មិនចង់​នោះ​ឡើយ១៤

តើ​ចំណងទៅ​ព្រះដែល​លើកឡើង​ដោយ​ប្រធាន ណិលសុន​គឺជា​អ្វី ? ចំណង​ទៅ​នឹង​ព្រះ​គឺ​ជា​ចំណង​មួយ​ដែល​យើង​ធ្វើ​ជាមួយ​នឹង​ព្រះ​។

ដើម្បី​រក្សា​ចំណង​ទៅ​ជាមួយនឹង​ព្រះ យើង​ស្មោះត្រង់​ចំពោះ​សេចក្ដី​សញ្ញា​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ដែល​យើង​បាន​ធ្វើ ដែល​ទាក់ទង​នឹង​ច្បាប់​នៃ​ការគោរព​ប្រតិបត្តិ ការពលិកម្ម ព្រហ្មចារីភាព និង​ការថ្វាយ ។ យើង​ក៏​បាន​ចុះ​សេចក្តី​សញ្ញា​ជាមួយ​នឹង​ព្រះ ដើម្បី​ទទួល​យក​ដៃគូ​ដ៏​អស់កល្ប​ជានិច្ច​របស់​យើង ហើយ​ធ្វើ​ជា​គូ​ស្វាមី​ភរិយា និង​ឪពុក​ម្ដាយ​ដ៏​សុចរិត​ផងដែរ ។ នៅ​ពេល​យើង​រក្សា​ចំណងទៅ​ជាមួយ​នឹង​ព្រះ​នោះ យើង​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​សម្រាប់​ពរជ័យ​នៃ​ការ​ក្លាយ​ជា​ផ្នែក​មួយ​នៃ​គ្រួសារ​របស់​ព្រះ តាម​រយៈ​សេចក្ដី​សញ្ញា​អ័ប្រាហាំ រួម​ទាំង​ពរជ័យ​នៃ​កូនចៅ ដំណឹងល្អ និង​បព្វជិតភាព ។១៥ ពរជ័យ​ទាំងនេះ​គឺជា​ផល​ដែលបាន​នៅ​ជាប់​ផងដែរ ។

ខណៈ​ដែល​យើង​សង្ឃឹម​ថា​អស់​អ្នក​ដែល​ចូល​ក្នុង​សេចក្ដី​សញ្ញា​ថ្មី និង​អស់កល្ប​ជានិច្ច​នៅ​តែ​បន្ត​ស្មោះត្រង់ ហើយ​មាន​ពរជ័យ​ផ្សារ​ភ្ជាប់​លើ​ពួកគេ​សម្រាប់​ភាពអស់​កល្ប​ជានិច្ច ពេលខ្លះ​គំនិត​នេះ​ហាក់​ដូចជា​ហួស​ពី​លទ្ធភាព​យើង ។ នៅ​ក្នុង​ការងារ​បម្រើ​ខ្ញុំ​បាន​ជួប​នឹង​សមាជិក​ដែល​ចុះ និង​រក្សា​សេចក្ដី​សញ្ញា ខណៈ​ដែល​ស្វាមី ឬ​ភរិយា​របស់​ពួកគេ​ពុំ​ចុះ​ទេ ។ ក៏មាន​អ្នក​នៅ​លីវ ពុំមាន​ឱកាស​រៀបការ​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ​ផងដែរ ។ ហើយ​ក៏មាន​អ្នក​ពុំ​ស្មោះ​ត្រង់​ក្នុង​សេចក្ដី​សញ្ញា​អាពាហ៍ពិពាហ៍​របស់​ខ្លួន​ផងដែរ ។ តើ​មាន​អ្វី​កើត​ឡើង​ចំពោះ​បុគ្គល​ម្នាក់ៗ​ក្នុង​ស្ថានភាព​នីមួយៗ​ទាំងនេះ ?

  1. បើ​បងប្អូន​នៅ​ស្មោះត្រង់​ចំពោះ​សេចក្ដី​សញ្ញា​ដែល​បាន​ធ្វើពេល​ទទួល​អំណោយទាន​ពិសិដ្ឋ នោះ​បងប្អូន​នឹង​ទទួល​បាន​ពរជ័យ​ដែល​បាន​សន្យា​ក្នុង​អំណោយ​ទាន​ពិសិដ្ឋ​នោះផ្ទាល់​ខ្លួន ទោះបី​ជា​ស្វាមី ឬ​ភរិយា​បងប្អូន​បាន​ធ្វើ​ខុស​សេចក្តី​សញ្ញា​របស់​គាត់ ឬ​ក៏បាន​ដក​ខ្លួន​ចេញ​ពី​អាពាហ៍ពិពាហ៍ នោះក៏​ដោយ ។ បើ​បងប្អូន​ត្រូវ​បាន​ផ្សារភ្ជាប់ ហើយ​ក្រោយ​មក​លែងលះ​គ្នា ហើយ​បើ​ការផ្សារភ្ជាប់​របស់​បងប្អូន​មិន​ត្រូវ​បាន​លុប​ចោល នោះ​ពរជ័យ​ផ្ទាល់ខ្លួន​នៃ​ការផ្សារភ្ជាប់​នោះ​នៅ​តែ​មាន​ប្រសិទ្ធិ​ភាព​សម្រាប់​បងប្អូន បើ​បងប្អូន​នៅ​តែ​ស្មោះ​ត្រង់ ។១៦

    ពេល​ខ្លះ អារម្មណ៍​ដែល​ត្រូវ​គេក្បត់ ហើយ​ឈឺចាប់​ខ្លាំង ស្វាមី ឬ​ភរិយា​ដ៏​ស្មោះ​ត្រង់​ម្នាក់​នោះ​ប្រហែល​ជា​ចង់​លុបចោល​ការផ្សារភ្ជាប់​ជាមួយ​នឹង​ស្វាមី ឬ​ភរិយា​ដែល​មិន​ស្មោះត្រង់​របស់​ខ្លួន ដើម្បី​ចេញទៅ​ឲ្យ​ឆ្ងាយ​ពី​ពួកគេ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ​ទាំង​នៅ​លើ​ផែនដី និង​អស់កល្ប​ជានិច្ច ។ បើ​បងប្អូន​បារម្ភ​ថា​បងប្អូន​នឹង​ត្រូវ​ចង​ភ្ជាប់​ជាមួយ​អតីត​ស្វាមី ឬ​ភរិយា​ដែល​មិន​ប្រែចិត្ត​នោះ សូម​ចងចាំ​ថា បងប្អូន​នឹង​មិន​ចងភ្ជាប់​ជាមួយ​គ្នា​នោះ​ទេ ! ព្រះ​នឹង​មិន​តម្រូវ​ឲ្យ​នរណា​ម្នាក់បន្ដ​នៅ​ក្នុង​ទំនាក់ទំនង​ដែល​បាន​ផ្សារភ្ជាប់​រហូត​អស់កល្ប​ជានិច្ច ទាំង​ប្រឆាំង​នឹង​បំណង​របស់​ពួកគេ​នោះ​ឡើយ ។ ព្រះវរបិតាសួគ៌​នឹង​ធានា​ថា​យើង​នឹង​ទទួល​បាន​រាល់​ពរជ័យ​ដែល​យើងប៉ង​ប្រាថ្នា​និង​ជ្រើសរើស​ ។១៧

    ទោះយ៉ាង​ណា​ក្តី បើ​ចង់​លុបចោល​ការផ្សារភ្ជាប់ គឺ​យើង​គោរព​តាមសិទ្ធិ​ជ្រើសរើស​នោះ ។​ នីតិវិធី​ជាក់លាក់​អាច​ត្រូវ​បាន​អនុវត្ត​ ។ ប៉ុន្តែ​ការណ៍​នេះ​មិន​គួរ​ធ្វើ​ឡើង​ដោយ​សាមញ្ញ​ឡើយ ! គណៈប្រធាន​ទីមួយ​កាន់​នូវ​កូនសោ​ដើម្បី​ចងទុក​នៅលើ​ផែនដី និង​នៅលើ​ស្ថានសួគ៌ ។ នៅពេល​ការលុបចោល​ការផ្សារភ្ជាប់​ត្រូវបាន​អនុម័ត​ដោយ​គណៈប្រធាន​ទីមួយ នោះ​ពរជ័យ​ដែល​ទាក់ទង​នឹង​ការផ្សារភ្ជាប់​នោះ​លែង​មាន​ប្រសិទ្ធភាព​ទៀត​ហើយ ។ វា​សំខាន់​ណាស់​ដែល​ត្រូវ​ដឹង​ថា ដើម្បី​ទទួល​បាន​ពរជ័យ​នៃ​ភាព​តម្កើងឡើង យើង​ត្រូវ​តែ​បង្ហាញ​ថា យើង​មាន​ឆន្ទៈ​ចូល​ទៅក្នុង​សេចក្ដី​សញ្ញា​ថ្មី និង​អស់កល្ប​ជានិច្ច​នេះ ហើយ​រក្សាតាម​យ៉ាង​ស្មោះត្រង់ ទាំង​ក្នុង​ជីវិត​នេះ ឬ​ជីវិត​បន្ទាប់​ទៀត ។

  2. សម្រាប់​បងប្អូន​ដែល​ជា​សមាជិក​នៃ​សាសនាចក្រនៅ​លីវ​ សូម​ចងចាំ​ថា « តាម​របៀប និង​ពេលវេលា​របស់​ព្រះអម្ចាស់​ផ្ទាល់ នោះ​ពុំមាន​ពរជ័យ​ណា​ដែល​នឹងត្រូវ​ដក​ចេញពី​ពួកបរិសុទ្ធ​ដ៏​ស្មោះត្រង់​របស់​ទ្រង់​នោះទេ ។ ព្រះអម្ចាស់​នឹង​កាត់​សេចក្ដី ហើយ​ប្រទាន​រង្វាន់​ដល់​បុគ្គល​ម្នាក់ៗ​ស្របតាម​[ បំណង​ប្រាថ្នា ]​ដ៏​ស្មោះសរ និង​ទង្វើ​របស់​គេ » ។១៨

  3. ប្រសិន​បើ​បងប្អូន​មិន​នៅ​ស្មោះ​ត្រង់​ចំពោះ​សេចក្ដី​សញ្ញា​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ទេ តើ​មាន​សេចក្ដី​សង្ឃឹម​ដែរ​ឬ​ទេ ? បាទ មាន ! ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ គឺជា​ដំណឹងល្អ​នៃ​សេចក្តី​សង្ឃឹម ។ សេចក្ដី​សង្ឃឹម​នោះ​បាន​កើត​ឡើង​តាម​រយៈ​ព្រះយេស៊ូវ​គ្រីស្ទ ជាមួយនឹង​ការប្រែចិត្ត​យ៉ាង​ស្មោះ ហើយ​ធ្វើ​តាម​ការបង្រៀន​របស់​ព្រះគ្រីស្ទ​ដោយការ​គោរព​ប្រតិបត្តិ ។ ខ្ញុំ​បាន​ឃើញ​បុគ្គល​ធ្វើ​កំហុស​ធ្ងន់ធ្ងរ ធ្វើ​ខុស​សេចក្ដី​សញ្ញា​ពិសិដ្ឋ ។ តាមលំនាំ ខ្ញុំ​ឃើញ​អ្នក​ដែល​ប្រែចិត្ដ​ដោយ​ស្មោះ ត្រូវ​បាន​អភ័យទោស ហើយ​ត្រឡប់​ទៅ​ផ្លូវ​នៃ​សេចក្តីសញ្ញា​វិញ ។ បើ​បងប្អូន​បាន​ធ្វើ​ខុស​សេចក្ដី​សញ្ញា​ក្នុង​ព្រះវិហារ​បរិសុទ្ធ ខ្ញុំ​សូម​ជំរុញទឹកចិត្ត​ឲ្យ​បងប្អូន​បែរ​ទៅ​រក​ព្រះយេស៊ូវ​គ្រីស្ទ សូម​ប្រឹក្សា​ជាមួយ​ប៊ីស្សព ប្រែចិត្ត ហើយ​បើក​ព្រលឹង​បងប្អូន​ទៅ​កាន់​អំណាច​នៃ​ការព្យាបាល ដ៏​អស្ចារ្យ ដែល​មាន​ព្រោះ​តែ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

បងប្អូន​ប្រុស​ស្រី ព្រះវរបិតាសួគ៌​ជាទី​ស្រឡាញ់​របស់​យើង បាន​ប្រទាន​សេចក្ដី​សញ្ញា ដើម្បី​ឲ្យ​យើង​អាច​ទទួល​គ្រប់​យ៉ាង​ដែល​ទ្រង់បាន​រក្សាទុក​សម្រាប់​យើង ។ ពរជ័យ​ដ៏​ពិសិដ្ឋ​ទាំង​នេះ​មកពី​ព្រះ​គឺ​មាន​រសជាតិ​ឆ្ងាញ់​ជាង​ផ្លែ​ឈើ​នានា​នៅ​លើ​ផែនដី​ទៅទៀត ។ ពរជ័យ​ដ៏​ពិសិដ្ឋ​ទាំង​នេះ​អាច​ត្រូវ​បាន​រក្សា​ទុក​សម្រាប់​យើង​ជា​រៀង​រហូត ជាផល​ដែលបាន​នៅជាប់ ពេល​យើង​ស្មោះ​ត្រង់​ចំពោះ​សេចក្ដី​សញ្ញា​​ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះ​បាន​ស្ដារ​សិទ្ធិ​អំណាច​ឡើង​វិញ​សម្រាប់​ចងទុក​នៅ​លើ​ផែនដី និង​នៅឯ​ស្ថាន​សួគ៌ ។ សិទ្ធិ​អំណាច​នោះ​មាន​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ សិទ្ធិ​អំណាច​នេះ​ត្រូវ​បាន​កាន់​ដោយ​គណៈ​ប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់ និង​ត្រូវ​បាន​អនុវត្ត​ក្រោម​ការ​ដឹក​នាំ​របស់​ប្រធាន រ័សុល អិម ណិលសុន ។ អស់អ្នក​ដែល​ចូល​ទៅ​ក្នុង​សេចក្ដី​សញ្ញា​ថ្មី និង​អស់​កល្ប​ជានិច្ច​នៃ​អាពាហ៍ពិពាហ៍ ហើយ​រក្សា​សេចក្ដី​សញ្ញា​នោះ អាច​បាន​ល្អ​ឥត​ខ្ចោះ ហើយ​នៅ​ទីបំផុត​ទទួល​បាន​នូវ​ភាព​រុងរឿង​ដ៏​ពេញលេញ​របស់​ព្រះវរបិតា ដោយ​ពុំ​គិត​ពី​ស្ថានភាព​ដែល​ហួស​ពី​ការ​គ្រប់គ្រង​របស់​ពួក​គេ​ឡើយ ។១៩

ពរជ័យ​ដែល​បាន​សន្យា​ទាក់ទង​នឹង​សេចក្តី​សញ្ញា​របស់​យើង​ទាំងនេះ អាច​ត្រូវ​បាន​ផ្សារភ្ជាប់​មកលើ​យើង​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៃ​សេចក្ដី​សន្យា​ហើយ​ក្លាយ​ជា​ផល​ដែល​បាន​នៅ​ជាប់​​ជា​រៀង​រហូត ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​យ៉ាង​ដូច្នេះ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. យ៉ូហាន ១៥:១៦ ។

  2. សូមមើល ឌែល ជី រិនឡាន់ « ការ​ទទួល​បាន​ព្រះចេស្តា​របស់​ព្រះ​តាមរយៈ​សេចក្ដីសញ្ញា » លីអាហូណាខែ ឧសភា ឆ្នាំ ២០២៣, ទំព័រ ៣៥–៣៨ ។គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២:៧

  3. ពិធិបរិសុទ្ធ​មួយ​ត្រូវ​បាន​ភ្ជាប់​នៅ​ពេល​ដែល​វា​ត្រូវ​បាន​ធ្វើ​ឲ្យ​មាន​ប្រសិទ្ធភាព​ទាំង​នៅ​លើ​ស្ថានសួគ៍ និង​លើ​ផែនដី ពីព្រោះ​វា​ត្រូវ​បាន​ធ្វើ​ដោយ​មនុស្ស​ម្នាក់​ដែល​មាន​សិទ្ធិ​អំណាច និង​ត្រូវ​បាន​សច្ចានុមតិ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

    « យើង​មាន​ទំនោរ​គិតថា​សិទ្ធិអំណាច​នៃការ​ផ្សារភ្ជាប់​អនុវត្ត​តែ​ចំពោះ​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​មួយ​ចំនួន​ប៉ុណ្ណោះ ប៉ុន្តែ​សិទ្ធិ​អំណាច​នោះ​គឺ​ចាំបាច់​ដើម្បី​ធ្វើ​ឲ្យ​ពិធី​បរិសុទ្ធ​នានា​មាន​ប្រសិទ្ធភាព ហើយ​ចងភ្ជាប់​ហួសពី​សេចក្ដីស្លាប់ ។… ឧទាហរណ៍ អំណាច​នៃការ​ផ្សារភ្ជាប់​បិទត្រា​ស្របច្បាប់​លើ​ពិធី​បុណ្យជ្រមុជទឹក​របស់​បងប្អូន ដូច្នេះ​វា​ត្រូវ​បាន​ទទួល​ស្គាល់​នៅ​ទីនេះ និង​នៅ​ស្ថានសួគ៌ ។ ទីបំផុត ពិធីបរិសុទ្ធ​បព្វជិតភាព​ទាំងអស់​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្រោម​កូនសោ​របស់​ប្រធាន​សាសនាចក្រ ដូចជា​ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បាន​ពន្យល់ ៖ « លោក [ ប្រធាន​សាសនាចក្រ ]​បាន​ប្រគល់​សិទ្ធិអំណាច​ដល់​យើង លោក​បាន​ដាក់​អំណាច​នៃ​ការ​ផ្សារភ្ជាប់​នៅ​ក្នុង​បព្វជិតភាព​របស់​យើង ដោយ​សារ​លោក​កាន់​កូនសោ​ទាំងនោះ » [ ដកស្រង់​ដោយ ហារ៉ូត ប៊ី លី នៅក្នុង របាយការណ៏​សន្និសីទ ខែ តុលា ឆ្នាំ​១៩៤៤ ទំព័រ ៧៥ ] ( ឌី ថត គ្រីស្តូហ្វឺសិន « អំណាច​នៃ​ការផ្សារភ្ជាប់ » លីអាហូណាខែ វិច្ឆិកា ឆ្នាំ ២០២៣ ទំព័រ ២០ ) ។

    « ទង្វើ​មួយ​ដែល​ត្រូវ​បាន​បិទត្រា​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៃ​សេចក្ដី​សន្យា​គឺ​ជា​ទង្វើ​មួយ​ដែល​ត្រូវ​បាន​សច្ចានុមតិ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ វាគឺ​ជា​សកម្មភាពមួយ​ដែល​ត្រូវ​បាន​អនុម័ត​ដោយ​ព្រះ​អម្ចាស់ ។… គ្មាន​នរណា​ម្នាក់​អាច​កុហក​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយអាចចៀសផុតដោយ​ងាយ​ឡើយ… គោលការណ៍​ទាំងនេះ​ក៏អនុវត្ត​ចំពោះ​ពិធីបរិសុទ្ធ និងពិធី​ដទៃទៀត​នៅក្នុង​សាសនាចក្រ​ផងដែរ ។ ដូច្នេះ បើ​ភាគី​ទាំង​ពីរ [ ក្នុង​អាពាហ៍ពិពាហ៍ ] គឺ​សុចរិត ហើយ​ស្មោះត្រង់ [គោលលទ្ធិ និង សេចក្តីសញ្ញា​ ៧៦:៥៣]បើ​ពួកគេ​មាន​ភាព​សក្ដិសម នោះ​ត្រា​ដែល​មាន​សច្ចានុមតិ​ត្រូវ​បាន​ដាក់​នៅ​លើ​អាពាហ៍ពិពាហ៍​របស់​ពួក​គេ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ បើ​ពួកគេ​មិន​មាន​ភាព​សក្ដិសម​ទេ នោះ​ពួកគេ​មិន​ត្រូវ​បាន​រាប់​ជា​សុចរិត​ដោយ​ព្រះ​វិញ្ញាណ​ទេ ហើយ​ការ​សច្ចានុមតិ​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ត្រូវ​បានដកចេញ ។ ភាព​សក្ដិសមជា​បន្ដបន្ទាប់ នឹង​ដាក់​ឲ្យ​ការផ្សារភ្ជាប់​មានប្រសិទ្ធភាព ហើយ​ភាព​អសុចរិត​នឹង​បំបាក់រាល់​ការ​ផ្សារភ្ជាប់​នោះ »​ (ប្រ៊ូស អរ ម៉ាក់ខនឃី​, « ​Holy Spirit of Promise,» នៅក្នុង Preparing for an Eternal Marriage Student Manual [ ឆ្នាំ ២០០៣], ទំព័រ ១៣៦ ) ។

    ព្រះវិញ្ញាណ​បរិសុទ្ធ​នៃ​សេចក្តីសន្យា​គឺ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធដែល​បោះត្រា​អនុញ្ញាត​លើ​គ្រប់​ពិធី​បរិសុទ្ធដូចជា ៖ ពិធីបុណ្យ​ជ្រមុជ​ទឹក ពិធីបញ្ជាក់ ពិធីតែងតាំង និងពិធីរៀប​អាពាហ៍​ពិពាហ៍ ។ ការសន្យា​នោះ​គឺ​ថា​ពរជ័យ​ទាំងឡាយ​ដែល​នឹង​ទទួល​បាន​តាមរយៈ​ភាពស្មោះត្រង់ ។ បើសិន​បុគ្គល​ម្នាក់​រំលង​សេចក្តីសញ្ញា​មួយ ទោះ​វា​ជា​ពិធី​បុណ្យជ្រមុជទឹក ពិធីតែងតាំង អាពាហ៍ពិពាហ៍ ឬ ពិធីបរិសុទ្ធ​ផ្សេង​ទៀត​ក៏​ដោយ​ក្តី នោះ​ព្រះវិញ្ញាណ​នឹង​ដក​ត្រា​នៃ​ការយល់​ព្រម​ចេញ ហើយ​ពរជ័យ​នានា​នឹង​មិនបាន​ទទួល​ឡើយ ។ គ្រប់​ពិធីបរិសុទ្ធ​ទាំងអស់​ត្រូវបាន​ផ្សារភ្ជាប់​មក​ជាមួយ​នឹង​ការសន្យា​មួយ​នៃ​ពរជ័យ​ដោយ​ផ្អែក​លើ​សេចក្តីស្មោះត្រង់ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ដក​ត្រា​នៃ​ការយល់​ព្រម​ចេញ​នៅពេល​ណា​សេចក្តីសញ្ញា​ត្រូវបាន​រំលង » ( យ៉ូសែប ហ៉្វីលឌីង ស៊្មីធ Doctrines of Salvationcomp. ប្រ៊ូស អ័រ ម៉ាក់ខន់ឃី [ ឆ្នាំ​ ១៩៥៤ ] នាទី​ ១:៤៥ ) ។

  4. រ័សុល អិម ណិលសុន Heart of the Matter: What 100 Years of Living Have Taught Me( ឆ្នាំ ២០២៣ ) ទំព័រ ១៥ ។  សេចក្តី​សញ្ញា​ទាំងអស់​ត្រូវតែ​ភ្ជាប់​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៃ​សេចក្ដី​សន្យា ប្រសិនបើ​សេចក្តី​សញ្ញា​ទាំងអស់​មាន​អានុភាព នៅ​ក្នុង និង​ក្រោយ​ពី​ដំណើរ​រស់​ពី​ស្លាប់​ឡើង​វិញ » ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៣២:៧ ) ។

  5. រ័សុល អិម ណិលសុន « Celestial MarriageLiahonaខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ៩៤ ។

  6. គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២:១៩

  7. សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨៤:៣៨

  8. គោលលទ្ធិ និង សេចក្តី​សញ្ញា ១៣១:១-៤

  9. សូមមើល គោលលទ្ធិ និង​សេចក្តីសញ្ញា ១៣២:១៩–២០ ។ « គោលដៅ​ដ៏​ខ្ពស់​បំផុត​នោះ—ភាព​តម្កើងឡើង​នៅក្នុង​នគរ​សេឡេស្ទាល—គឺជា​ការផ្តោត​ដ៏​សំខាន់​របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ » ( ដាល្លិន អេក អូក « នគរ​នៃ​សិរីល្អ » លីអាហូណាខែ វិច្ឆិកា ឆ្នាំ ២០២៣, ទំព័រ ២៦ ) ។

  10. « គឺដូចជាអាពាហ៍ពិពាហ៍ និង​ក្រុម​គ្រួសារ​មាន​ចំណង​ទ្វេ​ភាគី [ ដែល ]​​បង្កើត​ជា​ចំណង​ស្នេហា​ពិសេស​មួយ នោះ​ទំនាក់​ទំនង​ថ្មី​ដែល​បាន​បង្កើត​ឡើង​នៅ​ពេល​យើង​ចង​ខ្លួន​យើង​នឹង​​សេចក្ដី​សញ្ញា​​ទៅ​ជាមួយនឹងព្រះ​នៅ​ពេល​យើង​ចូល​ទៅ​ក្នុង​សេចក្ដី​សញ្ញា​ថ្មី និង​អស់​កល្ប​ជានិច្ច​នៃ​អាពាហ៍ពិពាហ៍ » ( រ័សុល អិម ណិលសុន Heart of the Matterទំព័រ ៤១-៤២ ) ។

  11. គោលលទ្ធិ និង​សេចក្តីសញ្ញា ៤២:២២ សូម​មើល​ផងដែរ ក្បួនខ្នាត​ទូទៅ ៖ ការ​បម្រើ​នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ៣៨.៦.១៦ ។ នៅ​ក្នុង​ការ​ពិភាក្សា​អំពី​អាពាហ៍ពិពាហ៍​នៅ​ទីនេះ ខ្ញុំ​កំពុង​សំដៅ​ទៅ​លើ​អាពាហ៍ពិពាហ៍​ស្រប​តាម​ច្បាប់​របស់​ព្រះ ដែល​កំណត់​ថា​អាពាហ៍ពិពាហ៍​ជា​ការ​រួម​គ្នា​ស្រប​ច្បាប់ និង​ត្រឹមត្រូវ​វាង​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់ ( សូម​មើល « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោកនៅលើ​បណ្ណាល័យ​ដំណឹងល្អ ) ។

  12. សូមមើល « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោកនៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

  13. សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤២:២២–២៤

  14. ដាល្លិន អេក អូក « នគរ​នៃ​សិរីល្អបាន​គូស​បញ្ចាក់​បន្ថែម ។

  15. សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា​ ៨៦:៨–១១១១៣​:៨អ័ប្រាហាំ​ ២:៩–១១

  16. សូមមើល ក្បួនខ្នាត​ទូទៅ៣៨.៤.១

    ខណៈ​ដែល​ខ្ញុំ​កំពុង​បំពេញ​បេសកកម្ម​ពេញ​ម៉ោង​នៅ​ប្រទេស​ស្វីស ដៃ​គូ​របស់​ខ្ញុំ និង​ខ្ញុំ​បាន​ចែកចាយ​ដំណឹង​ល្អ​ជាមួយ​គូ​ស្វាមី​ភរិយា​ជន​ជាតិ​ស្វីស​អាយុ ៦០ ឆ្នាំ​ដ៏​អស្ចារ្យ​មួយគូ ។ នៅ​ពេល​យើង​បាន​បង្រៀន​គូ​ស្វាមី​ភរិយា​នេះ​អំពី​សាសនាចក្រ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ស្ត្រី​នោះ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​អ្វី​ដែល​យើង​កំពុង​បង្រៀន ។ ក្នុង​រយៈ​ពេល​ពីរ​បី​សប្តាហ៍​កន្លងទៅ នាង​បាន​ទទួល​ទីបន្ទាល់​មួយ​អំពី​ការ​ពិត​ដែល​ថា​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវ​បាន​ស្ដារ​ឡើង​វិញ​ដោយ​មាន​សិទ្ធិ​អំណាច​ត្រឹមត្រូវ​មកពី​ព្រះ ហើយ​ថា​ព្រះយេស៊ូវ​គ្រីស្ទ​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​តាម​រយៈ​ព្យាការី និង​សាវក​​ដែល​រស់​នៅ ។ យើង​ទន្ទឹង​រង់ចាំ​បង្រៀន​គូ​ស្វាមី​ភរិយា​នេះ​អំពី​គោលលទ្ធិ​ដ៏​អស្ចារ្យ​បំផុត​មួយ​នៃ​ការ​ស្តារ​ឡើង​វិញ នូវ​ឱកាស​សម្រាប់​អាពាហ៍ពិពាហ៍​ដ៏​អស់កល្ប​ជានិច្ច ។ ប៉ុន្តែ គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នៅ​ពេល​យើង​បាន​បង្រៀន​គូ​ស្វាមី​ភរិយា​នេះ​អំពី​គោលលទ្ធិ​នៃ​អាពាហ៍ពិពាហ៍​ដ៏​អស់កល្ប​ជានិច្ច នោះ​ស្ត្រី​ស្វីស​បាន​និយាយ​ថា គាត់​មិន​ចាប់​អារម្មណ៍​ក្នុង​ការ​នៅ​ជាមួយ​ស្វាមី​របស់​គាត់​អស់​ជា​និរន្តរ៍​នោះ​ទេ ។ ចំពោះ​គាត់ ស្ថានសួគ៌​មិន​បាន​រួម​បញ្ចូល​ទាំង​ការ​នៅ​ជាមួយ​ស្វាមី​របស់​នាង​ដែល​នាង​បាន​រៀប​ការ​អស់​រយៈ​ពេល ៣៦ ឆ្នាំ មក​ហើយ​នោះ​ទេ ។ បងស្រី​ម្នាក់​នេះ​បាន​ទទួល​បុណ្យ​ជ្រមុជទឹក ប៉ុន្តែ​ប្ដី​របស់​គាត់​មិន​បាន​ជ្រមុជទឹក​ទេ ។ ពួកគេ​មិន​បាន​ផ្សារភ្ជាប់​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ទេ ។

    ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ស្ថាន​សួគ៌​នឹង​មិន​ជា​ស្ថាន​សួគ៌​ទេ ​បើ​មិន​បាន​នៅ​ជាមួយ​មនុស្ស​ដែល​ពួក​គេ​បាន​រៀប​ការ​ជាមួយ​នោះ ។ ដើម្បី​នៅ​ជាមួយ​គ្នា​ជាមួយ​នឹង​ស្វាមី ឬ​ភរិយា​ដែល​បងប្អូន​ស្រឡាញ់​ជារៀងរហូត គឺ​ពិតជា​ដូច​ស្ថានសួគ៌​ណាស់ ។​ នៅពេល​អែលឌើរ ជែហ្វ្រី អរ ហូឡិន​ចែកចាយ​អំពី​ភរិយា​ជាទីស្រឡាញ់​របស់គាត់ ផាត ស្ថានសួគ៌​នឹង​ពុំ​ជា​ស្ថានសួគ៌​បើ​គ្មានគាត់​(សូមមើល «Scott Taylor: For Elder Holland, Heaven without His Wife and Children ‘Wouldn’t Be Heaven for Me,’» Church Newsថ្ងៃទី ២២ ខែ​កក្កដា ឆ្នាំ២០២៣ ) ។

  17. សូមមើល ដាល្លីន អេក អូក « នគរ​នៃ​សិរីល្អទំព័រ ២៦ ។

  18. រ័សុល អិម ណិលសុន « Celestial Marriageទំព័រ ៩៤ ។

  19. សូមមើល យ៉ូហាន ១៥:១៦ ។