សន្និសីទទូទៅ
ការ​ទទួល​បាន​ព្រះចេស្តា​របស់​ព្រះ​តាមរយៈ​សេចក្ដីសញ្ញា
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២៣


ការ​ទទួល​បាន​ព្រះចេស្តា​របស់​ព្រះ​តាមរយៈ​សេចក្ដីសញ្ញា

ពេល​បងប្អូន​ដើរ​តាម​ផ្លូវ​នៃ​សេចក្ដី​សញ្ញា ចាប់​តាំង​ពី​ពិធី​បុណ្យ​ជ្រមុជ​ទឹក​ទៅ​កាន់​ព្រះវិហារ​បរិសុទ្ធ និង​ពេញ​មួយ​ជីវិត នោះ​ខ្ញុំ​សុំ​សន្យា​ថា បងប្អូន​មាន​អំណាច​ដើម្បី​ហូរបញ្ច្រាសនឹង​លំហូរ​ធម្មជាតិ​នៃ​លោកិយ​នេះ ។

កាល​ពី​ខែ​វិច្ឆិកា​មុន ខ្ញុំ​មាន​ឯកសិទ្ធិ​ក្នុង​ការ​ឧទ្ទិស​ឆ្លង​ព្រះ​វិហារ​បរិសុទ្ធ​បេឡិម​ ប្រទេសប្រេស៊ីល ។ វា​ជា​អំណរ​មួយ​ដែល​បាន​ជួប​បងប្អូន​សមាជិក​ដែល​មាន​ការលះបង់​របស់​សាសនាចក្រ​នៅ​ភាគ​ខាង​ជើង​ប្រទេស​ប្រេស៊ីល ។ កាល​នោះ​ខ្ញុំ​បាន​រៀន​ថា បេឡិម​គឺ​ជា​ច្រកចូល​ទៅកាន់​តំបន់​ដែល​មាន​ទន្លេ​អាម៉ាស្សូន​ជា​ទន្លេ​ដ៏​មាន​ឥទ្ធិពល​បំផុត​នៅ​លើ​ពិភព​លោក ។

ទោះបី​ជា​ទន្លេ​នោះ​មាន​ឥទ្ធិពល​ខ្លាំង​ក្តី ក៏​មាន​អ្វី​មួយ​ដែល​ហាក់​ដូច​ជា​មិន​ប្រក្រតី​កើត​ឡើង​ពីរដង​ក្នុង​មួយ​ឆ្នាំ ។ នៅពេល​ព្រះអាទិត្យ ព្រះចន្ទ និង​ផែនដី ដើរ​ត្រង់​​គន្លង​ត្រូវ​គ្នា នោះ​មាន​ឥទ្ធិពលនៃ​ជំនោរ​​ទឹក​​ហូរ​បញ្រ្ចាសឡើងចូល​មក​​ទន្លេវិញ ដែល​ធ្វើ​ឲ្យ​ទឹក​ហូរខុស​​ពី​លំហូរនៃ​ធម្មជាតិ ។ រលក​កម្ពស់​ដល់​ទៅ ៦ ម៉ែត្រ បាន​បោកបក់​ឡើង​ពី​ច្រាំង​ចម្ងាយ​រហូត​ដល់ ៥០ គីឡូ​ម៉ែត្រ ដែលត្រូវ​បាន​គេ​កត់​ត្រា​ទុក ។ បាតុភូត​នេះ​ត្រូវ​បាន​គេ​ស្គាល់​ជា​ទូទៅ​ថា ជា​ជំនោរ​​ទឹក​ហូរ​បញ្ច្រាសដ៏​ខ្លាំង​មួយ ដែលភាសា​ក្នុង​ស្រុក​ហៅ​ថា ប៉ូរ៉ូរ៉ូកា ឬ « សំឡេង​រោទិ៍​ដ៏​ខ្លាំង » ដោយសារ​វា​មាន​ឮ​សំឡេង​ដ៏​កង​រំពង ។ យើង​អាច​សន្និដ្ឋាន​បាន​យ៉ាង​ត្រឹមត្រូវ​ថា សូម្បី​តែ​ទន្លេ​អាម៉ាស្សូន​ដ៏ធំ​ក៏​ត្រូវ​តែ​ចុះ​ចូល​នឹង​អំណាច​សួគ៌ា​ផងដែរ ។

ដូច​ទន្លេ​អាម៉ាស្សូន​ដែរ យើង​មាន​លំហូរ​ធម្មជាតិហូរ​ចូល​មកក្នុង​ជីវិត​របស់​យើង យើង​មាន​ទំនោរ​ធ្វើ​អ្វី​​តាម​ធម្មជាតិ ។ ដូច​ទន្លេ​អាម៉ាស្សូន​ដែរ យើង​អាច​ធ្វើ​កិច្ចការ​ដែល​ហាក់​ដូច​ជា​ខុស​ពី​ធម្មជាតិ​បាន ដោយ​មាន​ជំនួយ​ពី​ស្ថានសួគ៌ ។ យ៉ាង​ណា​មិញ វា​មិន​មែន​កើត​ពី​ធម្មជាតិ​ឡើយ សម្រាប់ ការ​មាន​ចិត្ត​រាបសា ស្លូតបូត ឬ​មាន​ឆន្ទៈ​ព្រមចុះចូល​ទៅ​តាម​ព្រះ ។ ដែល​ចំណុច​ទាំង​នោះគឺយើង​ត្រូវ​ធ្វើ ទើប​យើង​អាច​ត្រូវ​បាន​ផ្លាស់​ប្ដូរ ត្រឡប់​ទៅ​រស់​នៅ​ក្នុង​វត្តមាន​របស់​ព្រះ​វិញ ហើយ​សម្រេច​បាន​នូវ​ជោគ​វាសនា​ដ៏​អស់​កល្ប​ជានិច្ច​របស់​យើង ។

មិន​ដូច​ជា​ទន្លេ​អាម៉ាស្សូន​ទេ យើង​អាច​ជ្រើស​រើស​ថា តើ​យើង​ព្រម​ចុះចូល​នឹង​អំណាច​សួគ៌ា ឬ​ក៏ « បណ្តោយតាម​ខ្សែទឹក​ហូរ » ។ ការធ្វើ​បញ្ច្រាស​នឹង​ខ្សែទឹក​ហូរ ​អាច​ជា​រឿង​ពិបាក​ ។ ប៉ុន្តែ​នៅ​ពេល​យើង​ព្រម « ធ្វើ​តាម​សេចក្តី​ទូន្មាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ » ហើយ​សម្រាត​ទំនោរ​នៃ​ភាពអាត្មា​និយម​ខាង​សាច់​ឈាម​ចេញ នោះ​យើង​អាច​ទទួល​បាន​ព្រះចេស្តា​ក្នុងការ​ផ្លាស់​ប្ដូរ​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុង​ជីវិត​របស់​យើង ពោល​គឺ​ព្រះចេស្តា​ដើម្បី​ធ្វើ​កិច្ចការ​លំបាកៗ ។

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​យើង​ពី​របៀប​ធ្វើ​រឿង​នេះ ។ លោក​បាន​សន្យា ៖ « បុគ្គល​ម្នាក់ៗ​ដែល​ចុះ​សេចក្តីសញ្ញា​នៅក្នុង​អាង​ជ្រមុជ​ទឹក និង​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ—ហើយ​រក្សា​សេចក្តីសញ្ញា​ទាំង​នោះ—គឺ​បាន​ទទួល​ព្រះចេស្តា​របស់​ព្រះយេស៊ូវ​គ្រីស្ទ​កាន់តែ​ច្រើន​ឡើង … [ ដើម្បី​លើក ] យើង​ឡើង​ផុត​ពី​ឥទ្ធិពល​នៃ​ពិភពលោក​ដ៏​ធ្លាក់​នេះ » ។ និយាយ​ម្យ៉ាង​ទៀត គឺ​យើង​អាច​ទទួល​បាន​ព្រះចេស្តា​របស់​ព្រះ​បាន លើកលែង​តែ​យើង​ភ្ជាប់​ជាមួយ​ទ្រង់ តាម​រយៈ​សេចក្ដី​សញ្ញា​ពិសិដ្ឋ​ប៉ុណ្ណោះ ។

មុន​ពេល​ផែនដី​ត្រូវ​បាន​បង្កើត​ឡើង ព្រះ​បាន​បង្កើត​សេចក្ដី​សញ្ញា​នានា​ជា​យន្តការ​ដែល​យើង​ជាបុត្រាបុត្រី​របស់​ទ្រង់​អាច​រួបរួម​ខ្លួន​យើង​ទៅ​នឹង​ទ្រង់​បាន ។ ដោយ​ផ្អែក​លើ​ក្រឹត្យវិន័យ​ដ៏​អស់​កល្ប​ជានិច្ច​ដែល​មិន​ផ្លាស់​ប្ដូរ នោះ​ទ្រង់​បាន​បញ្ជាក់​ពី​លក្ខខណ្ឌ​ដែល​មិន​អាច​ចរចា​បាន ដែល​យើង​ត្រូវ​បាន​ផ្លាស់ប្តូរ សង្គ្រោះ និង​តម្កើង​ឡើង ។ នៅ​ក្នុង​ជីវិត​នេះ យើង​ចុះ​សេចក្ដី​សញ្ញា​ទាំង​នេះ ដោយ​ការ​ចូលរួម​ក្នុង​ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព និងការសន្យា​ថា នឹង​ធ្វើ​នូវ​អ្វី​ដែល​ព្រះ​សុំ​ឲ្យ​យើង​ធ្វើ ហើយ​ព្រះ​សន្យា​ប្រទាន​ពរជ័យ​ជាក់លាក់​ដល់​យើង​វិញ​ជា​ថ្នូរ ។

សេចក្តីសញ្ញា​គឺ​ជា​កិច្ចសន្យា​មួយ​ដែល​យើង​គួរ​តែ​រៀបចំ យល់​ឲ្យ​បាន​ច្បាស់ និង​គោរព​យ៉ាង​ពេញលេញ ។ ការ​ចុះ​សេចក្តី​សញ្ញា​ជាមួយ​ព្រះ​គឺ​ខុស​ពី​ការ​សន្យា​ធម្មតា ។ ទី​មួយ តម្រូវ​ឲ្យ​មាន​សិទ្ធិ​អំណាច​បព្វជិតភាព ។ ទី​ពីរ ការសន្យា​បែប​ទន់​ជ្រាយ​គ្មាន​កម្លាំង​តភ្ជាប់​ដើម្បី​លើក​យើង​ផុត​ពី​ឥទ្ធិពល​នៃ​លំហូរ​ធម្មជាតិ​នេះ​បាន​ឡើយ ។ យើង​ចុះ​សេចក្តីសញ្ញា​តែ​នៅ​ពេល​យើង​មាន​បំណង​តាំង​ចិត្ត​ខ្លួន​ឯង​ជា​ពិសេស ដើម្បី​បំពេញ​តាម​សេចក្តីសញ្ញា​នោះ​ប៉ុណ្ណោះ ។ យើង​បាន​ក្លាយ​ជា​បុត្រាបុត្រី​នៃ​សេចក្តី​សញ្ញា​របស់​ព្រះ និង​ជា​អ្នក​ស្នង​មរតក​នៃ​នគរ​របស់​ទ្រង់ ជា​ពិសេស​នៅ​ពេល​យើង​ស្គាល់​អត្តសញ្ញាណ​ខ្លួន​យើង​ទាំង​ស្រុង​ជាមួយ​នឹង​សេចក្ដី​សញ្ញា​នោះ ។

ពាក្យ​ថា ផ្លូវ​នៃ​សេចក្ដី​សញ្ញា សំដៅ​ទៅ​លើ​សេចក្ដី​សញ្ញា​ជា​បន្ត​បន្ទាប់ ពេល​យើង​មក​ចំពោះ​ព្រះ​គ្រីស្ទ ហើយ​ភ្ជាប់​ទៅ​នឹង​ទ្រង់ ។ តាម​រយៈ​ចំណង​នៃ​សេចក្ដី​សញ្ញា​នេះ យើង​អាច​ទទួល​បាន​ព្រះចេស្តា​ដ៏​អស់​កល្ប​ជានិច្ច​របស់​ទ្រង់ ។ ផ្លូវ​នេះ​ចាប់​ផ្ដើម​ដោយ​សេចក្ដី​ជំនឿ​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ និង​ការ​ប្រែ​ចិត្ត បន្ទាប់​មក​ដោយ​ការធ្វើ​បុណ្យ​ជ្រមុជ​ទឹក និង​ការ​ទទួល​ព្រះ​វិញ្ញាណ​បរិសុទ្ធ ។ ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្ហាញ​យើង​ពី​របៀប​ចូល​ទៅ​ក្នុង​ផ្លូវ​នោះ ពេល​ទ្រង់​ទទួល​បុណ្យ​ជ្រមុជ​ទឹក ។១០ យោង​តាម​ដំណើរ​រឿង​ដំណឹងល្អ​ពី​ព្រះគម្ពីរ​សញ្ញា​ថ្មី នៅ​ក្នុង​គម្ពីរ​ម៉ាកុស និង​លូកា​ព្រះវរបិតាសួគ៌​បាន​មាន​ព្រះបន្ទូល​ដោយ​ផ្ទាល់​ទៅ​កាន់​ព្រះយេស៊ូវ​នៅ​ឯ​ពិធី​ជ្រមុជ​ទឹក​របស់​ទ្រង់ ដោយ​មាន​បន្ទូល​ថា « ឯង​ជា​កូន​ស្ងួន​ភ្ងា​យើង ជា​ទី​ពេញ​ចិត្ត​យើង​ណាស់ » ។ នៅ​ពេល​យើង​ចាប់​ផ្ដើម​ដើរ​លើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា​តាម​រយៈ​ពិធីបុណ្យ​ជ្រមុជ​ទឹក ខ្ញុំ​អាច​ស្រមៃ​ឃើញ​ថា ព្រះវរបិតាសួគ៌​មាន​បន្ទូល​ស្រដៀង​គ្នា​នេះ​ទៅ​កាន់​យើង​ម្នាក់ៗ​ថា ៖ « អ្នក​ជា​កូន​ស្ងួនភ្ងា​យើង ដែល​យើង​សព្វ​ព្រះទ័យ​ណាស់ ។ ចូរ​បន្ត​ទៅ​មុខ​ទៀត » ។១១

នៅ​ឯ​ពិធី​បុណ្យ​ជ្រមុជ​ទឹក និង​ពេល​យើង​ទទួល​ទាន​សាក្រាម៉ង់១២ យើង​ធ្វើ​ជា​សាក្សី​ថា យើង​ព្រម​លើក​ដាក់​មក​លើ​ខ្លួន​យើង​នូវ​ព្រះនាម​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ។១៣ នៅ​ក្នុង​បរិបទ​នេះ សូម​យើង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ញត្តិ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់​ថា « កុំ​ឲ្យ​ចេញ​ព្រះនាម​របស់​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង​ជា​អសារ​ឥត​ការ​ឡើយ » ។១៤ នៅ​ជំនាន់​របស់​យើង បញ្ញត្តិ​នេះ​ស្តាប់ទៅ​ហាក់​ដូច​ជា ការ​ហាម​ឃាត់​មិន​ឲ្យ​ប្រើ​ព្រះនាម​របស់​ព្រះអម្ចាស់​ដោយ​គ្មាន​គារវភាព ។ បញ្ញត្តិ​នេះ​គឺ​រួម​បញ្ចូល​នូវ​ចំណុច​នោះ​ហើយ ប៉ុន្តែ​ការត្រាស់​បង្គាប់​នោះ​មាន​ន័យ​កាន់តែ​ជ្រាលជ្រៅ​ជាង​នោះ​ទៅ​ទៀត ។ ភាសា​ហេព្រើរ​បាន​បក​ប្រែ ពាក្យ « ចេញ » ថា « លើក » ឬ « លើក​ឡើង » ដូច​ជា​ផ្ទាំង​បដា​ដែល​កំណត់​អត្តសញ្ញាណ​ពី​ខ្លួនឯង​​ជា​​ក្រុមមួយ ឬ​ជា​បុគ្គលម្នាក់ ។១៥ ពាក្យ​ដែល​បាន​ប្រែ​ថា « អសារ​ឥតការ » មាន​ន័យ​ថា « ឥត​ន័យ » ឬ « បោក​បញ្ឆោត » ។១៦ បញ្ញាត្តិ​ដែល​ថា កុំ​ឲ្យ​ចេញ​ព្រះនាម​របស់​ព្រះយេហូវ៉ា​ជា​អសារ​ឥត​ការ អាច​មាន​ន័យ​ដូច្នេះ​ថា « បងប្អូន​មិន​គួរ​កំណត់​អត្តសញ្ញាណ​ខ្លួន​ឯង​ថា ជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ​ទេ លុះ​ត្រាតែ​បងប្អូន​មាន​បំណង​ធ្វើ​ជា​តំណាង​ទ្រង់​ឲ្យ​បាន​ល្អ​សិន » ។

យើង​ក្លាយ​ជា​សិស្ស​របស់​ទ្រង់ ហើយធ្វើ​ជា​តំណាង​ឲ្យ​ទ្រង់​បាន​ល្អ នៅ​ពេល​យើង​លើក​ដាក់​មក​លើ​ខ្លួន​យើង​នូវ​ព្រះនាម​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ តាម​រយៈ​សេចក្ដី​សញ្ញា ដោយ​ចេតនា និង​ដោយ​ការបង្កើន​ចិត្ត​ធ្វើ​កិច្ចការ​នោះ ។ សេចក្ដី​សញ្ញា​របស់​យើង​ផ្ដល់​អំណាច​ដល់​យើង​ដើម្បី​បន្ត​នៅ​លើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា ពីព្រោះ​ទំនាក់ទំនង​របស់​យើង​ជាមួយ​ព្រះ​យេស៊ូវ​គ្រីស្ទ និង​ព្រះ​វរបិតា​សួគ៌​របស់​យើង​ត្រូវបាន​ផ្លាស់​ប្ដូរ ។ យើង​បាន​ភ្ជាប់​ទៅ​នឹង​ទ្រង់​ទាំង​ទ្វេ​ដោយសារ​ចំណង​នៃ​សេចក្តី​សញ្ញា ។

ផ្លូវ​នៃ​សេចក្តីសញ្ញា​នាំ​ឆ្ពោះទៅ​កាន់​ពិធី​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ ដូចជា​អំណោយ​ទាន​ពិសិដ្ឋ​នៃ​ព្រះវិហារ​បរិសុទ្ធ​ជាដើម ។១៧ អំណោយ​ទាន​ពិសិដ្ឋ​គឺ​ជា​អំណោយ​​នៃ​សេចក្ដី​សញ្ញា​ដ៏​ពិសិដ្ឋ​របស់​ព្រះ ដែល​ភ្ជាប់​យើង​ឲ្យ​បាន​កាន់តែ​ពេញលេញ​ទៅ​នឹង​ទ្រង់ ។ ទីមួយ នៅក្នុង​អំណោយ​ទាន​ពិសិដ្ឋ យើង​ចុះ​សេចក្តីសញ្ញា ​យើង​ព្យាយាម​គោរព​បញ្ញត្តិ​របស់​ព្រះ ទីពីរ ប្រែចិត្ត​ដោយ​ចិត្តសង្រេង និង​វិញ្ញាណ​ទន់ទាប ទីបី រស់នៅ​តាម​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ យើង​ធ្វើ​រឿង​នេះ​តាមរយៈ « អនុវត្ត​ជំនឿ​ទៅ​លើ​ទ្រង់ ចុះ​សេចក្តីសញ្ញា​នឹងព្រះ នៅពេល​យើង​ទទួល​ពិធីបរិសុទ្ធ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង គោរព​សេចក្តីសញ្ញា​ទាំង​នោះ​ពេញ​មួយ​ជីវិត​របស់​យើង ហើយ​ព្យាយាម​រស់នៅ​តាម​បទបញ្ញត្តិ​ធំពីរ​គឺ ស្រឡាញ់​ព្រះ និង​អ្នក​ជិត​ខាង ។ ទីបួន យើង​ចុះ​សេចក្ដីសញ្ញា​ដើម្បី​គោរព​ច្បាប់​ព្រហ្មចារីភាព ហើយ​ទី​ប្រាំ លះបង់​ខ្លួន​យើង និង​អ្វីៗ​គ្រប់​យ៉ាង ដែល​ព្រះអម្ចាស់​ប្រទាន​ពរ​ដល់យើង ដើម្បី​ស្ថាបនា​សាសនាចក្រ​របស់​ទ្រង់ ។១៨

តាមរយៈ​ការ​ចុះ និង​រក្សា​សេចក្ដី​សញ្ញា​នៃ​ព្រះវិហារ​បរិសុទ្ធ នោះ​យើង​រៀន​បន្ថែម​ទៀត​អំពី​ព្រះរាជ​បំណង​របស់​ព្រះអម្ចាស់ ហើយ​ទទួល​នូវ​ភាពពោរពេញ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។១៩ យើង​ទទួល​បាន​ការ​ណែនាំ​សម្រាប់​ជីវិត​របស់​យើង ។ យើង​មាន​ភាព​ចាស់​ទុំ​ក្នុងនាមជាសិស្ស​ ដើម្បី​កុំ​ឲ្យ​យើង​នៅ​តែ​ជា​កូនក្មេងដែល​មិន​ដឹងអី ។២០ ផ្ទុយ​ទៅ​វិញ យើង​រស់នៅ​ដោយ​មាន​ទស្សនវិស័យ​អស់កល្ប​ជានិច្ច និងមាន​ការជំរុញ​ចិត្ត​កាន់តែ​ខ្លាំង​ឡើង​ដើម្បី​បម្រើ​ព្រះ និង​អ្នកដទៃ ។ យើង​ទទួល​បាន​សមត្ថភាព​កាន់តែ​ខ្លាំង ដើម្បី​បំពេញ​តាម​គោលបំណង​របស់​យើង​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ ។ យើង​ត្រូវ​បាន​ការពារ​ពី​អំពើ​អាក្រក់២១ ហើយ​យើង​ទទួល​បាន​អំណាច​កាន់​តែ​ច្រើន ដើម្បី​ទប់​ទល់​នឹង​ការ​ល្បួង និង​ដើម្បី​ប្រែ​ចិត្ត នៅ​ពេល​យើង​ជំពប់​ដួល ។២២ នៅ​ពេល​យើង​ដួល ការ​ចងចាំ​ពី​សេចក្ដី​សញ្ញា​របស់​យើង​ជាមួយ​ព្រះ ជួយ​យើង​ឲ្យ​ត្រឡប់​ទៅ​កាន់​ផ្លូវ​នោះ​វិញ ។ តាមរយៈការ​ភ្ជាប់​ទៅ​នឹង​ព្រះចេស្តា​របស់​ព្រះ នោះ​យើង​ក្លាយ​ជា ប៉ូរ៉ូរ៉ូកា របស់​យើង​ផ្ទាល់ ដែល​អាច​ហូរបញ្ច្រាស​នឹង​លំហូរ​នៃ​ពិភព​លោក​នេះ ពេញ​មួយ​ជីវិត​របស់​យើង និង​នៅក្នុង​ភាព​អស់កល្ប​ជានិច្ច ។ ទី​បំផុត ជោគ​វាសនា​របស់​យើង​បាន​ផ្លាស់​ប្តូរ ដោយសារ​ផ្លូវ​នៃ​សេចក្តី​សញ្ញា​នាំ​ទៅ​កាន់​ភាព​តម្កើង​ឡើង និង​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច ។២៣

ការ​រក្សា​សេចក្តី​សញ្ញា​ដែល​បាន​ចុះ​នៅ​ឯ​អាង​នៃ​ពិធីបុណ្យ​ជ្រមុជ​ទឹក និង​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ក៏​ផ្ដល់​កម្លាំង​ដល់​យើង ដើម្បី​ទប់​ទល់​នឹង​ការ​សាកល្បង និង​ការ​ឈឺ​ចាប់​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ​ផង​ដែរ ។២៤ គោលលទ្ធិ​ដែល​ទាក់ទង​នឹង​សេចក្ដី​សញ្ញា​ទាំង​នេះ​ជួយ​សម្រួល​ដល់​ផ្លូវ​របស់​យើង ហើយ​ផ្ដល់​នូវ​សេចក្ដី​សង្ឃឹម ការ​លួង​លោម និង​ភាព​សុខសាន្ត ។

តា​យាយ​របស់​ខ្ញុំ​គឺ ឡេណា សូហ្វីយ៉ា និង ម៉ាត​ស៍ លៀនឌើរ រិនឡាន់ បាន​ទទួល​ព្រះចេស្តា​របស់​ព្រះ តាម​រយៈ​សេចក្តី​សញ្ញា​បុណ្យ​ជ្រមុជ​ទឹក​របស់​ពួក​លោក កាល​ពួក​លោក​បាន​ចូល​ជា​សមាជិក​ព្រះ​វិហារ​ក្នុង​ឆ្នាំ ១៩១២ នៅ​ប្រទេស​ហ្វាំងឡង់ ។ ពួក​លោក​សប្បាយ​ចិត្ត​ដែល​បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​សាខា​ដំបូង​គេ​នៃ​សាសនាចក្រ​នៅ​ប្រទេស​ហ្វាំងឡង់ ។

ប្រាំ​ឆ្នាំ​ក្រោយ​មក លោក​តា លៀនឌើរ បាន​ទទួល​មរណភាព​ដោយសារ​ជំងឺ​របេង កាល​លោក​យាយ ឡេណា ពរ​ពោះ​កូន​ទី​ដប់​របស់​ពួកលោក ។ កូន​ទី​ដប់​នោះ​គឺ​ជា​ឪពុក​ខ្ញុំ បន្ទាប់​ពី​លោក​កើត​បាន​ពីរ​ខែ នោះ​ឪពុក​លោក​គឺ​លៀនឌើរ​ក៏​បាន​ចែក​ឋាន​ទៅ ។ នៅ​ទីបំផុត លោក​យាយ ឡេណា មិន​ត្រឹម​តែ​បញ្ចុះ​ស្វាមី​របស់​គាត់​ប៉ុណ្ណោះ​ទេ គាត់​ថែម​ទាំង​បាន​បញ្ចុះ​កូន​ប្រាំ​ពីរ​នាក់​ក្នុង​ចំណោម​កូន​ដប់​នាក់​របស់​គាត់​ផងដែរ ។ ក្នុង​នាម​ជា​ស្ត្រី​មេម៉ាយ​ក្រីក្រ​ម្នាក់ គាត់​មាន​ការលំបាក​ណាស់ ។ អស់​រយៈពេល ២០ ឆ្នាំ គាត់​សម្រាន​មិន​លក់​ឡើយ ។ អំឡុង​ពេល​ថ្ងៃ គាត់​បាន​ខំ​ស្វះស្វែង​ដើម្បី​ផ្គត់ផ្គង់​អាហារ​ដល់​គ្រួសារ​របស់​គាត់ ។ នៅ​ពេល​យប់ គាត់​បាន​មើលថែ​សមាជិក​គ្រួសារ​ដែល​ហៀប​នឹង​ស្លាប់ ។ វា​ពិបាក​ដើម្បី​ស្រមៃ​ឃើញ​ថា តើ​គាត់​អាច​ទ្រាំទ្រ​កិច្ចការ​ទាំងនោះ​បាន​ដោយ​របៀបណា ។

លោក​យាយ ឡេណា បាន​ស៊ូទ្រាំ​ជា​ខ្លាំង ដោយសារ​គាត់​បាន​ដឹង​ថា ស្វាមី និង​កូនៗ​ដែល​បាន​ស្លាប់​របស់​គាត់ អាច​នៅ​តែ​ជា​ស្វាមី និង​កូនៗ​របស់​គាត់ រហូត​ដល់​ភាព​អស់កល្ប​ជានិច្ច ។ គោលលទ្ធិ​អំពី​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ រួម​មាន​ក្រុម​គ្រួសារ​ដ៏​អស់​កល្ប​ជានិច្ច បាន​នាំ​ឲ្យ​គាត់​មាន​ភាព​សុខសាន្ត ដោយ​សារ​គាត់​ទុក​ចិត្ត​លើ​អំណាច​នៃ​ការផ្សារភ្ជាប់ ។ កាល​គាត់​នៅរស់ គាត់​មិន​បាន​ទទួល​អំណោយ​ទាន​ពិសិដ្ឋ​របស់​គាត់ ហើយ​​ក៏​មិន​ទាន់បាន​ផ្សារភ្ជាប់​នឹង​លោកតា លៀនឌើរ ដែរ ​ប៉ុន្តែ​លោកតា លៀនឌើរ នៅ​តែ​ជា​ឥទ្ធិពល​ដ៏​សំខាន់​មួយ​ក្នុង​ជីវិត​របស់​គាត់ ហើយ​ជា​ផ្នែក​មួយ​នៃ​ក្តី​សង្ឃឹម​ដ៏​មហិមា​របស់​គាត់​សម្រាប់​ពេល​អនាគត ។

នៅក្នុង​ឆ្នាំ ១៩៣៨ លោក​យាយ ឡេណា បាន​ដាក់​បញ្ជូន​កំណត់​ត្រា​នានា ដើម្បី​អាច​ធ្វើ​ពិធីបរិសុទ្ធ​ក្នុង​ព្រះ​វិហារ​បរិសុទ្ធ សម្រាប់​សមាជិក​គ្រួសារ​ដែល​បាន​ស្លាប់​របស់​គាត់ ដែល​មាន​កំណត់​ត្រា​ពី​ដំបូង​មួយ​ចំនួន​បាន​ដាក់​បញ្ជូន​មក​ពី​ប្រទេស​ហ្វាំងឡង់ ។ ក្រោយ​ពី​គាត់​បាន​ស្លាប់ នោះ​មាន​មនុស្ស​ដទៃ​ទៀត​បាន​ធ្វើ​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ​ឲ្យ​គាត់ ឲ្យ​លោក​តា លៀនឌើរ និង​កូនៗ​របស់​គាត់​ដែល​បាន​ចែកឋាន​ទាំង​នោះ ។ តាម​រយៈ​ពិធីជំនួស នោះ​គាត់​បាន​ទទួល​អំណោយ​ទាន​ពិសិដ្ឋ លោកយាយ ឡេណា និង​លោកតា លៀនឌើរ បាន​ផ្សារភ្ជាប់​ជាមួយ​គ្នា ហើយ​កូនៗ​ដែល​បាន​ស្លាប់​របស់​ពួកលោក និង​ឪពុក​របស់​ខ្ញុំ​ក៏​បាន​ផ្សារភ្ជាប់​នឹង​ពួកលោក​ផងដែរ ។ ដូច​ជា​អ្នកដទៃ​ទៀត​ដែរ លោក​យាយ ឡេណា « បាន​ស្លាប់​ក្នុង​សេចក្តី​ជំនឿ ឥត​ទទួល​សេចក្តី​ដែល​បាន​សន្យា​ទាំង​ប៉ុន្មាន​ទេ តែ​គេ​បាន​ឃើញ​ពី​ចម្ងាយ … [ ក៏ ] ទទួល​គំនាប់​ដែរ » ។២៥

លោក​យាយ ឡេណា បាន​រស់​នៅ​ហាក់​ដូច​ជា​គាត់​បាន​ចុះ​សេចក្តី​សញ្ញា​ទាំង​នេះ​រួច​ទៅ​ហើយ​ក្នុង​ជីវិត​របស់​គាត់ ។ គាត់​បាន​ដឹង​ថា សេចក្ដី​សញ្ញា​នៃ​ពិធី​បុណ្យ​ជ្រមុជ​ទឹក និង​សាក្រាម៉ង់​របស់​គាត់​បាន​ភ្ជាប់​គាត់​ទៅ​នឹង​ព្រះអង្គ​សង្រ្គោះ ។ គាត់ « សូម​ឲ្យ​ចិត្ត​ចង់​បាន​នូវ​ស្ថាន​បរិសុទ្ធ [ របស់​ព្រះប្រោសលោះ ] ធ្វើ​ឲ្យ [ គាត់ ] មាន​សង្ឃឹម​ក្នុង​ចិត្ត » ។២៦ លោក​យាយ ឡេណា បាន​ចាត់​ទុក​សេចក្តីសញ្ញា​នោះ​ថា ជា​សេចក្ដី​មេត្តា​ករុណា​ដ៏​មហិមា​មួយ​របស់​ព្រះ ដែល​គាត់​បាន​រៀន​អំពី​ក្រុម​គ្រួសារ​ដ៏​អស់​កល្ប​ជានិច្ច ពី​មុន​នឹង​ជួប​សោកនាដកម្ម​ក្នុង​ជីវិត​របស់​គាត់ ។ តាម​រយៈ​សេចក្ដី​សញ្ញា គាត់​បាន​ទទួល​ព្រះចេស្តា​របស់​ព្រះ ដើម្បី​ស៊ូទ្រាំ និង​ងើប​ចេញ​ពី​ឥទ្ធិពល​នៃ​ក្តី​អស់​សង្ឃឹម ដែល​កើត​ចេញ​ពី​ឧបសគ្គ និង​ការ​លំបាក​របស់​គាត់ ។

ពេល​បងប្អូន​ដើរ​តាម​ផ្លូវ​នៃ​សេចក្ដី​សញ្ញា ចាប់​តាំង​ពី​ពិធី​បុណ្យ​ជ្រមុជ​ទឹក​ទៅ​កាន់​ព្រះវិហារ​បរិសុទ្ធ និង​ពេញ​មួយ​ជីវិត ខ្ញុំ​សុំ​សន្យា​ថា បងប្អូន​មាន​អំណាច​ដើម្បី​ហូរ​បញ្ច្រាស់​នឹង​លំហូរ​ធម្មជាតិ​នៃ​លោកិយ​នេះ—ពោល​គឺ​អំណាច​ដើម្បី​រៀន អំណាច​ដើម្បី​ប្រែ​ចិត្ត និង​អំណាច​ដើម្បី​ញែក​ចេញ​ជា​បរិសុទ្ធ និង​អំណាច​ដើម្បី​រកឃើញ​សេចក្តីសង្ឃឹម ការលួងលោម និង​សូម្បី​តែ​អំណរ ពេល​បងប្អូន​ប្រឈម​នឹង​ឧបសគ្គ​ក្នុង​ជីវិត​នេះ ។ ខ្ញុំ​សុំ​សន្យា​ដល់​បងប្អូន និង​គ្រួសារ​របស់​បងប្អូន​នូវ​ការការពារ​ប្រឆាំង​នឹង​ឥទ្ធិពល​នៃ​មារសត្រូវ ជា​ពិសេស​នៅ​ពេល​បងប្អូន​ផ្តោត​ចិត្ត​ទុក​ជា​ខ្លាំង​លើ​ព្រះវិហារ​បរិសុទ្ធ​​នៅក្នុង​ជីវិត​របស់​បងប្អូន ។

នៅ​ពេល​បងប្អូន​មក​កាន់​ព្រះ​គ្រីស្ទ ហើយ​បាន​ភ្ជាប់​នឹង​ទ្រង់ និង​ព្រះវរបិតាសួគ៌​របស់​យើង​តាមរយៈ​សេចក្ដី​សញ្ញា នោះ​អ្វី​ដែល​ហាក់​ដូច​ជា​មិន​ប្រក្រតី​នឹង​កើត​មាន​ឡើង ។ បងប្អូន​បាន​ផ្លាស់​ប្ដូរ ហើយ​បាន​ល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​ព្រះ​យេស៊ូវ​គ្រីស្ទ ។២៧ បងប្អូន​ក្លាយ​ជា​បុត្រ​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ និង​ជា​អ្នក​ស្នង​មរតក​នៅ​ក្នុង​នគរ​របស់​ទ្រង់ ។២៨ ខ្ញុំ​អាច​ស្រមៃ​ឃើញ​ទ្រង់​មាន​បន្ទូល​ទៅ​កាន់​បងប្អូន​ថា « អ្នក​ជា​កូន​ស្ងួនភ្ងា​យើង ដែល​យើង​សព្វ​ព្រះទ័យ​ណាស់ ។ សុំ​ស្វាគមន៍​មក​ផ្ទះ​វិញ » ។ នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. ប្រហែល​ជា ២០ ហ្វីត ។

  2. ប្រហែល​ជា ៣០ ម៉ាយល៍ ។

  3. យើង​មាន​ជម្រើស​មួយ ដោយសារ​ព្រះ​បាន​ប្រទាន​ឲ្យ​យើង​នូវ​ឯកសិទ្ធិ​ក្នុង​ការ​ជ្រើសរើស និង​ធ្វើ​សកម្មភាព​សម្រាប់​ខ្លួន​យើង ។ សូមមើល សេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយ « សិទ្ធិ​ជ្រើសរើស » scriptures.ChurchofJesusChrist.org; នីហ្វៃ​ទី​២ ២:២៧; ម៉ូសេ ៧:៣២ ។

  4. សូមមើល ម៉ូសាយ ៣:១៩ ។

  5. រ័សុល អិម ណិលសុន « Overcome the World and Find Rest » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២២ ទំព័រ ៩៦, ៩៧ ។

  6. សូមមើល សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « សេចក្តីសញ្ញា » នៅ​លើ​គេហទំព័រ scriptures.ChurchofJesusChrist.org ។

  7. មនុស្ស​គ្រប់​គ្នា​ជំពប់​ដួល​នៅ​គ្រា​ខ្លះ ប៉ុន្តែ​ព្រះ​មាន​ព្រះទ័យ​អត់ធ្មត់​នឹង​ការ​ជំពប់​ដួល​របស់​យើង ហើយ​បាន​ប្រទាន​អំណោយ​ទាន​នៃ​ការ​ប្រែ​ចិត្ត​ដល់​យើង សូម្បី​តែ​បន្ទាប់​ពី​បាន​បំពាន​សេចក្ដី​សញ្ញា​ក៏​ដោយ ។ ដូច​ដែល​អែលឌើរ រីឆាត ជី ស្កុត បាន​បង្រៀន​ថា « ព្រះ​អម្ចាស់​ទត​ឃើញ​ភាព​ទន់ខ្សោយ​ខុស​ពី​ទ្រង់ [ ទត​មើល ] ការ​បះបោរ … [ ពីព្រោះ ] នៅពេល​ដែល​ព្រះអម្ចាស់​មាន​បន្ទូល​អំពី​ភាពទន់ខ្សោយ នោះ​គឺ​តែងតែ​មាន​សេចក្ដីមេត្តា​ករុណា​ជានិច្ច » ( « Personal Strength through the Atonement of Jesus Christ » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ៨៣ ) ។ ដូច្នេះ​យើង​មិន​គួរ​សង្ស័យ​លើ​សមត្ថភាព​របស់​ព្រះអង្គ​សង្គ្រោះ ដើម្បី​ជួយ​យើង​លើ​ភាព​ទន់​ខ្សោយ​របស់​យើង​នោះ​ទេ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​បំពាន​សេចក្ដី​សញ្ញា​ដោយ​ស្ម័គ្រ​ចិត្ត ជាមួយ​នឹង​ផែនការ​ប្រែ​ចិត្ត​តាម​ក្រោយ—និយាយ​ម្យ៉ាង​ទៀត​ថា រៀប​គម្រោង​ធ្វើ​អំពើ​បាប​ជា​មុន ហើយ​ប្រែ​ចិត្ត​តាម​ក្រោយ—គឺ​ជា​ការ​គួរ​ឲ្យ​ស្អប់​ខ្ពើម​ចំពោះ​ព្រះ​អម្ចាស់​ណាស់ ( សូមមើល ហេព្រើរ​៦:៤–៦ ) ។

  8. សូមមើល Robert Bolt A Man for All Seasons: A Play in Two Acts ( ឆ្នាំ ១៩៩០ ) ទំព័រ xiii–xiv ទំព័រ ១៤០ ។

  9. សូមមើល នីហ្វៃ​ទី​២ ៣១:១៧–១៨ ។

  10. សូមមើល នីហ្វៃទី២ ៣១:៤–១៥ ។

  11. លូកា​កត់ត្រា​ថា « ហើយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ក៏​យាង​ចុះ​មក​សណ្ឋិត​លើ​ទ្រង់​មាន​រូប​រាង​ដូច​ជា​សត្វ​ព្រាប ក៏​ឮ​សំឡេង​ចេញ​ពី​មេឃ​ថា ឯង​ជា​កូន​ស្ងួនភ្ងា​យើង​ជា​ទី​ពេញ​ចិត្ត​យើង​ណាស់ » ( លូកា ៣:២២ ) ។ ម៉ាកុស​កត់ត្រា​ថា « រួច​ឮ​សំឡេង​ពី​លើ​មេឃ​ថា ឯង​ជា​កូន​ស្ងួនភ្ងា​យើង ជា​ទី​ពេញ​ចិត្ត​យើង​ណាស់ » ( ម៉ាកុស ១:១១ ) ។ ការ​បក​ប្រែ​របស់ វីលៀម ធីនដាឡេ គឺ​កាន់​តែ​ច្បាស់ និង​ស្និទ្ធស្នាល​ជាង​កំណែ​ស្តេច​ជេមស៍ ។ នៅក្នុង​ការបកប្រែ​របស់​លោក សំឡេង​របស់​ព្រះវរបិតាសួគ៌​មាន​បន្ទូល​ថា « ឯង​ជា​កូន​ស្ងួនភ្ងា​យើង​ជា​ទី​ពេញ​ចិត្ត​យើង​ណាស់ » ( នៅក្នុង Brian Moynahan God’s Bestseller: William Tyndale, Thomas More និង the Writing of the English Bible—A Story of Martyrdom and Betrayal [ ឆ្នាំ ២០០២ ] ទំព័រ ៥៨ ) ។ នៅក្នុង​គម្ពីរ​ម៉ាថាយ​បង្ហាញ​ថា « នោះ​មាន​ឮ​សំឡេង​ចេញ​ពី​មេឃ​ថា នោះ​ជា​កូន​ស្ងួនភ្ងា​របស់​យើង​ជា​ទី​ពេញ​ចិត្ត​យើង​ណាស់ » ( ម៉ាថាយ ៣:១៧ ) ។ ដំណឹង​ល្អ​របស់​យ៉ូហាន​គ្រាន់តែ​រាយ​ការណ៍​អំពី​ពិធី​បុណ្យ​ជ្រមុជ​ទឹក​ដោយ​យ៉ូហាន បាទីស្ទ ប៉ុណ្ណោះ ៖ « ខ្ញុំ​បាន​ឃើញ​មែន ហើយ​ក៏​ធ្វើ​បន្ទាល់​ពី​ព្រះអង្គនោះ​ថា ទ្រង់​ជា​ព្រះរាជ​បុត្រា​នៃ​ព្រះ​ពិតមែន » ( យ៉ូហាន ១:៣៤ ។

  12. សូម​មើល នីហ្វៃ​ទី​២ ៣១:១៣, គោលលទ្ធិ និង​សេចក្ដី​សញ្ញា ២០:៧៧ ។

  13. ប្រធាន ដាល្លិន អេក អូក បាន​ពន្យល់​ពី​សារៈសំខាន់​នៃ​ពាក្យ « ព្រម » នៅ​ពេល​ដែល​យើង​រំឭក​សេចក្តី​សញ្ញា​នៃ​ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​យើង​ជាមួយ​នឹង​សាក្រាម៉ង់​ថា ៖ « វា​សំខាន់​ណាស់​ថា នៅ​ពេល​យើង​ទទួល​ទាន​សាក្រាម៉ង់ យើង​មិន​បាន​ធ្វើ​ទីបន្ទាល់​ថា យើង លើក​ដាក់​មក​លើ​ខ្លួន​យើង នូវ​ព្រះនាម​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​នោះ​ទេ ។ យើង​ធ្វើ​សាក្សីថា យើង​នឹង​យល់ ព្រមធ្វើ​ដូច្នោះ ។ [ សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ២០:៧៧ ] ។ ប្រាកដ​ណាស់ យើង​ធ្វើ​ទីបន្ទាល់​តែ​ចំពោះ​ការ​យល់​ព្រម​របស់​យើង​ដែល​បង្ហាញ​ថា មាន​អ្វី​ផ្សេង​ទៀត​ត្រូវតែ​កើត​ឡើង ពីមុន​យើង​លើក​ដាក់​មក​លើ​ខ្លួន​យើង​នូវ​ព្រះនាម​ដ៏​ពិសិដ្ឋ​នោះ​នៅ​ក្នុង​ស្មារតី​ដ៏​សំខាន់​បំផុត » ( « Taking upon Us the Name of Jesus Christ » Ensign ខែ ឧសភា ឆ្នាំ ១៩៨៥ ទំព័រ ៨១ ) ។ « អ្វី​ផ្សេង​ទៀត » សំដៅ​ទៅ​លើ​ពរជ័យនៃ​ព្រះវិហារ​បរិសុទ្ធ និង​ភាព​តម្កើង​ឡើង​នា​ពេល​អនាគត ។

  14. និក្ខមនំ ២០:៧ ។

  15. សូមមើល James Strong The New Strong’s Expanded Exhaustive Concordance of the Bible ( ឆ្នាំ ២០១០ ) វគ្គ​វចនានុក្រម​ភាសា​ហេព្រើរ ទំព័រ ១៩២ លេខ ៥៣៧៥ ។

  16. សូមមើល Strong The New Strong’s Expanded Exhaustive Concordance of the Bible វគ្គ​វចនានុក្រម​ភាសា​ហេព្រើរ ទំព័រ ២៧៤ លេខ ៧៧២៣ ។

  17. អែលឌើរ ដាវីឌ អេ បែដណា បាន​បង្រៀន ៖ « សេចក្តី​សញ្ញា​នៃ​ពិធី​បុណ្យ​ជ្រមុជ​ទឹក​បាន​គិត​បម្រុង​យ៉ាង​ច្បាស់​អំពី​ព្រឹត្តិ​ការណ៍​នាពេល​អនាគត ឬ​ព្រឹត្តិការណ៍​នានា ហើយ​ទន្ទឹង​រង់ចាំ​ព្រះ​វិហារ​បរិសុទ្ធ ។ … ដំណើរការ​នៃ​ការលើក​ដាក់​មក​លើ​ខ្លួន​យើង​នូវ​ព្រះ​នាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ត្រូវបាន​ចាប់ផ្តើម​នៅក្នុង​ទឹក​នៃ​ពិធី​បុណ្យ​ជ្រមុជ​ទឹក គឺ​មាន​ជា​បន្តបន្ទាប់​ហើយ​បាន​ធ្វើ​ឲ្យ​កើន​ឡើង​នៅក្នុង​ដំណាក់​នៃ​ព្រះអម្ចាស់ ។ នៅ​ពេល​យើង​ឈរ​នៅ​ក្នុង​ទឹក​នៃ​ពិធី​បុណ្យ​ជ្រមុជ​ទឹក នោះ​យើង​ទន្ទឹង​រង់ចាំ​ទៅ​ព្រះ​វិហារ​បរិសុទ្ធ ។ ពេល​យើង​ទទួល​ទាន​សាក្រាម៉ង់ យើង​ទន្ទឹង​រង់ចាំ​ទៅ​ព្រះវិហារ​បរិសុទ្ធ ។ យើង​សន្យា​ថា ចងចាំ​ព្រះ​អង្គ​សង្រ្គោះ​ជានិច្ច ហើយ​រក្សា​ព្រះ​បញ្ញត្តិ​របស់​ទ្រង់ នៅពេល​រៀបចំ​ខ្លួន​ដើម្បី​ចូលរួម​ក្នុង​ពិធី​បរិសុទ្ធ​ដ៏​ពិសិដ្ឋ​នៃ​ព្រះ​វិហារ​បរិសុទ្ធ ហើយ​ទទួល​បាន​ពរ​ដ៏​ខ្ពស់​បំផុត ដែល​មាន​តាម​រយៈ​ព្រះនាម និង​ដោយ​សិទ្ធិ​អំណាច​របស់​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ ។ ហេតុដូច្នោះ​ហើយ​នៅក្នុង​ពិធី​បរិសុទ្ធ​ទាំងឡាយ​នៃ​ព្រះវិហារ​បរិសុទ្ធ នោះ​យើង​កាន់តែ​ធ្វើ​ឲ្យ​ពេញលេញ​បន្ថែម​ទៀត និង​អស់​ពី​ចិត្ត​ក្នុង​ការលើក​ដាក់​ខ្លួន​នូវ​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ » ( « Honorably Hold a Name and Standing » Liahona​ ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ៩៨ ) ។ ដំណើរ​ការ​នេះ​ប្រហែល​ជា​មិន​បាន​បញ្ចប់​ទេ រហូត​ដល់ « យើង​ដូច​ជា​ទ្រង់ » ( មរ៉ូណៃ ៧:៤៨ ) នៅ​ពេល​ដែល​យើង​បាន​ផ្លាស់​ប្តូរ​ទាំង​ស្រុង ។

  18. ដូច​បាន​ពន្យល់​នៅ​ក្នុង ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅ ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ, ២៧.២ ( ChurchofJesusChrist.org ) សេចក្ដី​សញ្ញា​គឺ​ដើម្បី​រស់​នៅ​តាម​ច្បាប់​នៃ​ការ​គោរព​ប្រតិបត្តិ គោរព​តាម​ច្បាប់​នៃ​ការបូជា គោរព​តាម​ច្បាប់​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ គោរព​ច្បាប់​ព្រហ្មចារីភាព និង​គោរព​ក្រឹត្យវិន័យ​នៃ​ការថ្វាយ សូម​មើល​ផងដែរ ដាវីឌ អេ បែដណា « Let This House Be Built unto My Name » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៨៤–៨៧ ។

  19. សូមមើល គោលលទ្ធិ និង​សេចក្តីសញ្ញា ១០៩:១៤–១៥ ។ អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បាន​បង្រៀន​ថា « ភាព ‹ ពោរពេញ​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ › រួម​បញ្ចូល​នូវ​អ្វី​ដែល​ព្រះ​យេស៊ូវ​បាន​រៀបរាប់​ថា ជា ‹ ការ​សន្យា​ដែល​យើង​ប្រទាន​ដល់​អ្នក​នូវ​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច សូម្បី​តែ​សិរី​រុងរឿង​នៃ​នគរ​សេឡេស្ទាល​ក៏​ដោយ ដែល​សិរីរុងរឿង​នោះ​គឺ​ជា​ព្រះ​វិហារ​នៃ​បុត្រ​ច្បង គឺ​បុត្រ​របស់​ព្រះ ជា​ព្រះ​ដ៏​បរិសុទ្ធ​បំផុត តាម​រយៈ​ព្រះ​យេស៊ូវ​គ្រីស្ទ​ជា​ព្រះ​បុត្រា​របស់​ទ្រង់ › ( គ.&ស.​៨៨:៤–៥ ) » ( « The Power of Covenants »Liahona ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ២៣ កត់​ចំណាំ​ទី ៥ ) ។

  20. សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ១០៩:១៥ ។

  21. សូមមើល គោលលទ្ធិ និង​សេចក្តីសញ្ញា ១០៩:​២២, ២៥–២៦ ។

  22. សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ១០៩:២១ ។

  23. សូមមើល គោលលទ្ធិ និង​សេចក្តីសញ្ញា ១០៩:១៥, ២២, រ័សុល អិម ណិលសុន « The Power of Spiritual Momentum » Liahona ខែ ឧសភា ឆ្នាំ ២០២២ ទំព័រ ៩៨ ។

  24. សូមមើល រ័សុល អិម ណិលសុន « Overcome the World and Find Rest » ទំព័រ ៩៦, គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៨៤:២០ ។ គួរកត់​សម្គាល់​ថា ប្រធាន​ ណិលសុន មាន​ប្រសាសន៍​ថា « រាល់​ពេល​ដែល​បងប្អូន​ស្វែងរក និង​ធ្វើ​តាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ រាល់​ពេល​ដែល​បងប្អូន​ធ្វើ​អ្វី​ល្អៗ—អ្វី​ដែល ‹ មនុស្ស​ខាង​សាច់​ឈាម › មិន​ធ្វើ—នោះ​បងប្អូន​កំពុង​ឈ្នះ​លោកិយ​នេះ​ហើយ » ( « Overcome the World and Find Rest » ទំព័រ ៩៧ ) ។

  25. ហេព្រើរ ១១:១៣ ។

  26. « Redeemer of Israel » ទំនុក​តម្កើង ល.រ. ៦ វគ្គ​ទី ៥ ។ នេះ​គឺ​ជា​ទំនុក​តម្កើង​សំណព្វ​ចិត្ត​របស់​លោក​យាយ ឡេណា សូហ្វីយ៉ា រិនឡាន់ ។

  27. សូមមើល មរ៉ូណៃ ១០:៣០–៣៣ ។

  28. សូមមើល គោលលទ្ធិ និង​សេចក្តីសញ្ញា ១៣២:១៩–២០ ។