បណ្ណាល័យ
ប្រឹក្សា​នឹង​ធនធាន​ដែល​អាច​ទុកចិត្ត​បាន


« ប្រឹក្សា​នឹង​ធនធាន​ដែល​អាច​ទុកចិត្ត​បាន » ប្រធានបទ និង សំណួរ ( ឆ្នាំ ២០២៣ )

រូបភាព
ក្មេង​ស្រី និង​ក្មេង​ប្រុស​កំពុង​អាន​ព្រះគម្ពីរ

ការស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​បងប្អូន

ប្រឹក្សា​នឹង​ធនធាន​ដែល​អាច​ទុកចិត្ត​បាន

អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ បាន​បង្រៀន « មិនដែលមាន​ទេ​នៅក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក ដែល​យើង​មាន​លទ្ធភាព​ទទួល​បាន​ព័ត៌មាន​ដ៏ច្រើន​កាន់តែ​ងាយស្រួល—ព្រោះ​ព័ត៌មាន​ខ្លះ​ពិត ខ្លះទៀត​មិន​ពិត ហើយ​ភាគ​ច្រើន​នោះ​ពិត​ខ្លះៗ » ។ ក្នុង​បរិយាកាស​នៃ​ភាពមិនប្រាកដប្រជា​នេះ សាសនាចក្រ​លើកទឹកចិត្ត​ឲ្យ​សមាជិក « ស្វែង​រក និង​ចែកចាយ​ប្រភព​ព័ត៌មាន​ដែល​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត និង​ជាក់ច្បាស់​តែប៉ុណ្ណោះ » ។ យើង​គួរ​ចៀសវាង​ប្រភព​ដែល​បាន​បង្កើត​ឡើង​ដោយ​ពាក្យ​ចចាមអារ៉ាម ឬ​ដែល​លើក​កម្ពស់​ការឈ្លោះ​ប្រកែក​ឬ​កំហឹង ។

ការរៀន​វាយ​តម្លៃ​គុណភាព​នៃ​ប្រភព​ព័ត៌មាន​របស់​យើង ដែល​ពាក់​ព័ន្ធ​ទាំង​កិច្ចការ​ខាង​វិញ្ញាណ និង​ខាង​បញ្ញា ។ ទាំងនេះ​ជា​គន្លឹះ​មួយ​ចំនួន​សម្រាប់​ការវាយ​តម្លៃ​ព័ត៌មាន ៖

  • វាយតម្លៃ​ប្រភព​នៃ​ព័ត៌មាន​ដែល​អាច​ទុកចិត្ត​បាន ។ មិន​មែន​គ្រប់​ប្រភព​ព័ត៌មាន​ទាំង​អស់​មាន​តម្លៃ​ស្មើ​គ្នា​លើ​ប្រធាន​បទ​ទាំង​អស់​នោះ​ទេ ។ ប្រភព​ព័ត៌មាន​ល្អ​បំផុត​នឹង​មាន​ចំណេះ​ដឹង​ផ្ទាល់​អំពី​ប្រធាន​បទ​ជំនួស​ឲ្យ​ការពឹងផ្អែក​លើ​ការស្តាប់​ពាក្យ​ចចាមអារ៉ាម ឬ​ពាក្យ​បញ្ឆិតបញ្ឈៀង ។ ប្រភព​ព័ត៌មាន​ទាំងនោះ​នឹង​និយាយ​អំពី​គោល​ជំហរ​នៃ​ចំណេះ​ដឹង ឬ​ជំនាញ​ផ្ទាល់ ។ ប្រភព​ព័ត៌មាន​ទាំងនោះ​នឹង​សំដៅ​ទៅ​ប្រភព​ដែល​មាន​កិត្តិសព្ទ​ផ្សេង​ទៀត ដើម្បី​បងប្អូន​អាច​ពិនិត្យ​មើល​ការអះអាង​របស់​វា ។ ប្រភព​ព័ត៌មាន​ដែល​អាច​ទុក​ចិត្ត​បាន​នឹង​មិន​តែង​តែ​បញ្ជាក់​អំពី​អ្វី​ដែល​បងប្អូន​គិត​រួច​ទៅ​ហើយ​នោះ​ទេ ។ ប្រភព​ព័ត៌មាន​ទាំងនោះ​អាច​ប្រឆាំង​នឹង​ទស្សនៈ​របស់​បងប្អូន ។ ប្រសិន​បើ​បងប្អូន​មាន​សំណួរ​អំពី​ការបង្រៀន​របស់​សាសនាចក្រ​ជា​ផ្លូវការ ដំបូង​សូម​មើល​នូវ​អ្វី​ដែល​ថ្នាក់​ដឹកនាំ​សាសនាចក្រ​បច្ចុប្បន្ន​បាន​និយាយ ហើយនិង​មិន​បាន​និយាយ ។ ការណ៍នេះ​នឹង​ជួយ​បងប្អូន​ឲ្យ​វាយ​តម្លៃ​សេចក្តី​ថ្លែង​ការណ៍​ផ្សេង​ទៀត​ពីមុន​នានា ។

  • ចូរ​រៀន​ស្គាល់​ភាពលំអៀង ។ ស្ទើរ​តែ​គ្រប់​ប្រភព​ព័ត៌មាន​មាន​ភាពលំអៀង​មួយ​ចំនួន ។ ការណ៍នេះ​មិន​ធ្វើ​ឲ្យ​ប្រភព​ព័ត៌មាន​ទាំងនោះ​មិន​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​ដោយ​ស្វ័យ​ប្រវត្តិ​នោះទេ ប៉ុន្តែ​វា​សំខាន់​ក្នុង​ការយក​ទស្សនៈ​របស់​អ្នក​បង្កើត​ប្រភព​ព័ត៌មាន​មក​ពិចារណា ។ សូម​ត្រួត​ពិនិត្យ​មើល​បំណង និង​សាវតារ​របស់​ប្រភព​ព័ត៌មាន​របស់​បងប្អូន ។ សូម​ប្រុង​ប្រយ័ត្ន​ចំពោះ​ប្រភព​ព័ត៌មាន​ដែល​អះអាង​ថា​មិន​លំអៀង ឬ​ដែល​បង្ហាញ​ពី​ទស្សនៈ​ក្នុង​វិធី​ដែល​បង្ក​ឲ្យ​មាន​ការអុជអាល​នានា ។

  • ចូរ​បញ្ជាក់​នូវ​អ្វី​ដែល​បងប្អូន​រៀន ។ វា​មាន​សារៈ​សំខាន់​ណាស់ នៅ​ពេល​ប្រភព​ព័ត៌មាន​ដែល​អាច​ទុក​ចិត្ត​បាន​ជា​ច្រើន​យល់​ស្រប ឬ​និយាយ​ដោយ​ភាព​ច្បាស់លាស់​លើ​ប្រធាន​បទ​មួយ ។ នេះ​ជា​ការពិត​យ៉ាង​ពិសេស នៅ​ពេល​សិក្សា​ប្រភព​ព័ត៌មាន​ដែល​ពិភាក្សា​អំពី​ប្រវត្តិសាស្រ្ត និង​ការបង្រៀន​របស់​សាសនាចក្រ ។ ទោះបី​ជា​វា​មិន​តែង​តែ​អាច​រក​ឃើញ​ការយល់ស្រប​បែប​នេះ​នៅក្នុង​ចំណោម​ប្រភព​ព័ត៌មាន​ក៏​ដោយ ក៏វា​មាន​ប្រយោជន៍​ក្នុង​ការប្រៀប​ធៀប​ព័ត៌មាន​មកពី​ប្រភព​ផ្សេងៗទៀត ដើម្បី​ឲ្យ​បងប្អូន​អាច​វាយ​តម្លៃ​គុណភាព​របស់​ប្រភព​ព័ត៌មាន​នោះ​បាន​កាន់​តែ​ប្រសើរ​ឡើង ។

  • ការបែងចែក​ការពិត​ចេញពី​ការបកស្រាយ ។ ផ្នែក​ខ្លះ​នៃ​ព័ត៌មាន​គឺ​ជា​ការពិត ។ ប៉ុន្តែ​អ្វី​ដែល​យើង​ជួប​ភាគច្រើន​នៅ​លើ​អ៊ីនធឺណិត និង​នៅ​ក្នុង​ការបោះ​ពុម្ព​ផ្សាយ​ផ្សេង​ទៀត មាន​នូវ​ការបកស្រាយ​របស់​នរណា​ម្នាក់​អំពី​ការពិត ។ ការបកស្រាយ​ដ៏​ល្អ​បំផុត​ព្យាយាម​គិតគូរ​អំពី​ការពិត​ទាំងអស់ ។ ការបកស្រាយ​ទាំងនោះ​ចាត់​ទុក​ព័ត៌មាន​លម្អិត ឬ​ការពិត​ជាក់លាក់​នៅ​ក្នុង​បរិបទ​ទូលំទូលាយ និង​ឲ្យ​តម្លៃ​ត្រឹម​ត្រូវ​ដល់​ការពិត​ទាំងនោះ ។ ពួក​គេ​មិន​ច្រានចោល​ព័ត៌មាន​ដែល​មិន​យល់​ស្រប​នឹង​ទស្សនៈ​ជាក់លាក់​នោះ​ទេ ។ សូម​ពិនិត្យ​មើល​ប្រភព​ព័ត៌មាន​ទាំងឡាយ​ដែល​ប្រើ​ដើម្បី​ធ្វើ​ការបកសា្រយ​ជាក់លាក់​មួយ ដើម្បី​ធានា​ថា​វា​គាំទ្រ​ការអះអាង​ដែល​ត្រូវ​បាន​ធ្វើ និង​មិន​ត្រូវ​បាន​ដក​ចេញ​ពី​បរិបទ​ឡើយ ។

  • យល់ដឹង​ពី​ធនធាន​របស់​សាសនាចក្រ ។ ទាក់ទង​ទៅនឹង​គោលលទ្ធិ និង​គោលនយោបាយ​របស់​សាសនាចក្រ នោះ​ប្រភព​ព័ត៌មាន​ដែល​ពិសេស​បំផុត​នោះ​គឺ ព្រះគម្ពីរ ការបង្រៀន​របស់​ព្យាការី​ដែល​រស់នៅ និង ក្បួនខ្នាត​ទូទៅ ។ សាសនាចក្រ​ក៏​បាន​បោះ​ពុម្ព​ធនធាន​ព័ត៌មាន​បន្ថែម​ដើម្បី​ជួយ​បងប្អូនន​ឲ្យ​យល់​កាន់​តែ​ច្បាស់​អំពី​សំណួរ​ទូទៅ​មួយ​ចំនួន ដែល​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​មាន​អំពី​ប្រវត្តិសាស្ត្រ និង​វប្បធម៌​របស់​សាសនាចក្រ ។ បងប្អូន​អាច​រក​ឃើញ​ចំណុច​ទាំង​នេះ​ជា​ចំណុច​ចាប់​ផ្តើម​ដ៏​មាន​ប្រយោជន៍ នៅ​ពេល​ដែល​បងប្អូន​ពិចារណា​ពី​សំណួរ​របស់​បងប្អូន ។

  • ចូរ​ស្វែងរក​ការណែនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ពេល​ខ្លះ​ព័ត៌មាន​ថ្មី​អាច​មាន​អារម្មណ៍​វង្វេងវង្វាន់ ។ អារម្មណ៍​នោះ​មិន​មែន​មាន​ន័យ​ថា​ព័ត៌មាន​គឺ​មិន​ពិត​ទេ ។ រួម​ជាមួយនឹង​ជំនាញ​ដែល​បាន​រៀបរាប់​ខាងលើ សូម​ស្វែងរក​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ទ្រង់​អាច​ជួយ​បងប្អូន​ឲ្យ​ប្រែចិត្ត​បាន ។ ទ្រង់​នឹង « បំភ្លឺ​គំនិត​របស់​បងប្អូន » និង​ជួយ​បងប្អូន​តម្រង់​ទស្សនៈវិស័យ​របស់​បងប្អូន​ឡើងវិញ​នៅក្នុង​ពន្លឺ​នៃ​ការពិត​ថ្មី ។ សូម​អធិស្ឋាន​រក​ជំនួយ ។ សូម​រស់នៅ​តាម​របៀប​មួយ​ដែល​ព្រះវិញ្ញាណ​អាច​មាន​បន្ទូល​ជាមួយ​បងប្អូន​បាន ។ សូម​បើក​ចំហ​ចំពោះ​ការ​បំផុស​គំនិត​ខាង​វិញ្ញាណ នៅ​ពេល​ដែល​បងប្អូន​ធ្វើ​ការ​ដើម្បី​ដោះ​ស្រាយ​កង្វល់​របស់​បងប្អូន ។

ព្រះគម្ពីរ​សំខាន់ៗ ៖ ធីម៉ូថេ ទី២ ៣:១៤-១៦; យ៉ាកុប ៤:១៣; គោលលទ្ធិ និង​សេចក្តីសញ្ញា ១៩:៣៨

កំណត់​ចំណាំ

  1. ឌៀថើរ អេហ្វ អុជដូហ្វ « Our Search for Truth » New​Era ខែ សីហា ឆ្នាំ ២០២០ ទំព័រ ២ ។

  2. ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ, ៣៨.៨.៤១ បណ្ណាល័យ​ដំណឹង​ល្អ ។

  3. គោលលទ្ធិ និង​សេចក្តីសញ្ញា ១១:១៣ ។