ព្រះគម្ពីរ
គំនិត​ដើម្បី​កែលម្អ​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ​របស់​អ្នក


« គំនិត​ដើម្បី​កែលម្អ​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ​របស់​អ្នក » គំនិត​សម្រាប់​ការសិក្សា​ព្រះគម្ពីរ ( ឆ្នាំ ២០២១ )

« គំនិត​ដើម្បី​កែលម្អ​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ​របស់​អ្នក » គំនិត​សម្រាប់​ការសិក្សា​ព្រះគម្ពីរ

រូបភាព
ក្រុម​គ្រួសារ​កំពុង​សិក្សា​ព្រះគម្ពីរ

គំនិត​ដើម្បី​កែលម្អ​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ​របស់​អ្នក

ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ​ជា​ទៀងទាត់ គឺ​ជា​របៀប​មួយ​ដ៏​មាន​អានុភាព​ដើម្បី​ជួយ​ដល់​គ្រួសារ​របស់​អ្នក​ឲ្យ​រៀន​ដំណឹងល្អ ។ មិនថា​អ្នក​អាន​ជា​គ្រួសារ​បានច្រើន និង​បានយូរប៉ុណ្ណា​នោះ​ទេ ប៉ុន្តែភាពខ្ជាប់ខ្ជួន​នៅ​ក្នុង​កិច្ច​ខិតខំ​របស់​អ្នកគឺសំខាន់ខ្លាំង​ជាង ។ នៅ​ពេល​អ្នក​ធ្វើ​ឲ្យ​ការ​សិក្សា​ព្រះគម្ពីរ​ជា​ផ្នែក​ដ៏​សំខាន់​នៃ​ជីវិត​គ្រួសារ​របស់​អ្នក នោះ​អ្នក​នឹង​ជួយ​សមាជិក​គ្រួសារ​របស់​អ្នកឲ្យ​ខិត​កាន់​តែ​ជិត​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ស្ថាបនា​ទីបន្ទាល់​របស់​ពួកគេ​នៅ​លើ​គ្រឹះ​នៃ​ព្រះបន្ទូល​របស់​ទ្រង់ ។

សូម​ពិចារណា​ចំពោះសំណួរ​ខាងក្រោម ៖

  • តើ​អ្នក​អាច​លើក​ទឹកចិត្ត​សមាជិក​គ្រួសារ​របស់​អ្នក​ឲ្យ​សិក្សា​ព្រះគម្ពីរ​ដោយ​ខ្លួន​ឯង​តាម​របៀប​ណា ?

  • តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​លើក​ទឹកចិត្ត​ដល់​សមាជិក​គ្រួសារ​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​កំពុង​រៀន ?

  • តើ​អ្នក​អាច​គូស​បញ្ជាក់​អំពី​គោលការណ៍​ទាំងឡាយ ដែល​អ្នក​កំពុង​រៀន​នៅ​ក្នុង​ព្រះគម្ពីរ នៅក្នុង​ឱកាស​បង្រៀន​រៀង​រាល់​ថ្ងៃ​យ៉ាង​ដូចម្ដេច ?

សូម​ចាំ​ថា គេហដ្ឋាន​គឺ​ជា​កន្លែង​ដ៏​ល្អ​មួយ​សម្រាប់​ការ​រៀនសូត្រ និង​ការបង្រៀន​ដំណឹងល្អ ។ អ្នក​អាច​រៀន និង​បង្រៀន​ដំណឹងល្អ​នៅ​គេហដ្ឋាន​តាម​របៀប​ដែល​ពុំ​អាច​ធ្វើ​ទៅបាន​នៅ​ក្នុង​ថ្នាក់​រៀន​នៅ​ឯ​សាសនា​ចក្រ​ ។ សូម​មាន​គំនិត​ច្នៃ​ប្រឌិត នៅ​ពេល​អ្នក​គិត​អំពី​របៀប​ជួយ​ដល់​គ្រួសារ​អ្នក​ឲ្យ​រៀន​សូត្រ​ចេញ​ពី​បទគម្ពីរ ។ សូម​ប្រើគំនិត​មួយ​ចំនួន​ដូច​ខាង​ក្រោម​ដើម្បី​ពង្រីក​ការ​សិក្សា​បទគម្ពីរ​ជា​គ្រួសារ​របស់​អ្នក ។

ប្រើប្រាស់​តន្ត្រី

សូម​ច្រៀង​ចម្រៀង​ដែល​ពង្រឹង​ដល់​គោលការណ៍​ដែល​បាន​បង្រៀន​នៅ​ក្នុង​បទគម្ពីរ ។

រូបភាព
លោកតា និង​ចៅស្រី​កំពុង​សិក្សា​ព្រះគម្ពីរ

ចែកចាយ​បទគម្ពីរ​ដែល​មាន​អត្ថន័យ

សូម​ផ្ដល់​ពេល​ឲ្យ​សមាជិក​គ្រួសារ​ចែកចាយ​វគ្គ​បទគម្ពីរ ដែល​ពួកគេ​ឃើញ​ថា​មាន​អត្ថន័យ អំឡុង​ពេល​ពួកគេ​សិក្សា​ព្រះគម្ពីរ​ផ្ទាល់​ខ្លួន ។

ប្រើ​សម្តី​របស់​អ្នក​ផ្ទាល់

សូម​អញ្ជើញ​សមាជិក​គ្រួសារ​ឲ្យ​សង្ខេប​ជា​សម្ដី​របស់​គេ​ផ្ទាល់​អំពី​អ្វី ដែល​ពួកគេ​បាន​រៀន​ចេញ​មកពី​បទគម្ពីរ​ដែល​អ្នក​សិក្សា ។

អនុវត្ដ​បទគម្ពីរ​មក​ក្នុង​ជីវិត​របស់​អ្នក

បន្ទាប់​ពី​អាន​វគ្គ​បទគម្ពីរ​មួយ​រួច​ហើយ សូម​ឲ្យ​សមាជិក​គ្រួសារ​ចែកចាយ​អំពី​របៀប​ដែល​បទគម្ពីរ​អនុវត្ត​ចំពោះ​ជីវិត​របស់​ពួកគេ ។

សួរ​សំណួរ

សូម​អញ្ជើញ​សមាជិក​គ្រួសារ​ឲ្យ​សួរ​សំណួរ​អំពី​ដំណឹងល្អ ហើយ​បន្ទាប់​មក​ចំណាយ​ពេល​រកមើល​ខគម្ពីរ​ដែល​អាច​ជួយ​ឆ្លើយ​សំណួរ​នោះ ។

បង្ហាញ​បទ​គម្ពីរ​មួយ

សូម​ជ្រើសរើស​ខ​គម្ពីរ​មួយ​ដែល​អ្នក​យល់​ថា​មាន​អត្ថន័យ ហើយ​ដាក់​បង្ហាញ​ខគម្ពីរ​នេះ​នៅ​កន្លែង​ដែល​សមាជិក​គ្រួសារ​អាច​មើល​ឃើញ​ជា​ញឹកញាប់ ។ សូម​អញ្ជើញ​សមាជិក​គ្រួសារ​ឲ្យ​ផ្លាស់​វេន​គ្នា​ជ្រើសរើស​បទគម្ពីរ​មួយ​មក​ដាក់​បង្ហាញ ។

បង្កើត​បញ្ជី​បទគម្ពីរ​មួយ

សូម​ជ្រើសរើស​ខគម្ពីរ​មួយ​ចំនួន​ជា​គ្រួសារ ដែល​អ្នក​ចង់​ពិភាក្សា​នៅ​អំឡុង​សប្ដាហ៍​ក្រោយ ។

ទន្ទេញ​បទគម្ពីរ

សូម​ជ្រើសរើស​វគ្គ​បទគម្ពីរ​មួយ​ដែល​មាន​អត្ថន័យ​ចំពោះ​គ្រួសារ​អ្នក ហើយ​អញ្ជើញ​សមាជិក​គ្រួសារ​ឲ្យ​ទន្ទេញ​វគ្គ​បទគម្ពីរ​នោះ ដោយ​ការសូត្រ​វគ្គ​បទគម្ពីរ​នោះ​ឡើង​វិញ​រាល់​ថ្ងៃ ឬ​លេង​ល្បែង​ទន្ទេញ ។

ចែកចាយ​មេរៀន​ដែល​មាន​វត្ថុ​បង្ហាញ

សូម​ស្វែងរក​វត្ថុ​ដែល​ទាក់ទង​នឹង​ជំពូក និង​ខគម្ពីរ​ទាំងឡាយ​ដែល​អ្នក​កំពុង​អាន​ជា​គ្រួសារ ។ សូម​អញ្ជើញ​សមាជិក​គ្រួសារ​ឲ្យ​និយាយ​អំពី​របៀប​ដែល​វត្ថុ​នីមួយៗ​ជាប់ទាក់ទង​នឹង​ការ​បង្រៀន​នៅក្នុង​បទគម្ពីរ ។

រូបភាព
ម្តាយ​កំពុង​បង្រៀន​កូន

ជ្រើសរើស​ប្រធានបទ​មួយ

សូម​ឲ្យ​សមាជិក​គ្រួសារ​ប្តូរ​វេន​គ្នា​ជ្រើសរើស​ប្រធាន​បទ​មួយ​ដែល​គ្រួសារ​នឹង​សិក្សា​រួម​គ្នា ។ សូម​ប្រើ Topical Guide, Bible Dictionary ឬ សេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយ ( នៅលើ​គេហទំព័័រ scriptures.ChurchofJesusChrist.org ) ដើម្បី​ស្វែងរក​វគ្គ​បទគម្ពីរ​អំពី​ប្រធាន​បទ​នេះ ។

គូរ​រូបភាព

សូម​អាន​ខគម្ពីរ​ពីរ​បី​ជា​គ្រួសារ បន្ទាប់​មក​ទុក​ពេល​ឲ្យ​សមាជិក​គ្រួសារ​គូររូប​អ្វី​មួយ ដែល​ជាប់​ទាក់ទង​នឹង​អ្វី​ដែល​អ្នក​អាន ។ សូម​ចំណាយ​ពេល​ពិភាក្សា​អំពី​គំនូរ​របស់​គ្នា​ទៅវិញ​ទៅមក ។

សម្ដែង​ជា​សាច់រឿង

បន្ទាប់​ពី​អាន​រឿង​មួយ​ចប់ សូម​អញ្ជើញ​សមាជិក​គ្រួសារ​ឲ្យ​សម្ដែង​ជា​សាច់​រឿង ។ បន្ទាប់​មក សូម​និយាយ​អំពី​របៀប​ដែលសាច់​រឿង​នោះ​ទាក់ទង​នឹង​អ្វី​ដែល​អ្នក​កំពុង​ជួប​ប្រទះ​ជា​លក្ខណៈ​បុគ្គល ឬ​ជា​គ្រួសារ ។

អែលឌើរ ដាវីឌ អេ បែដណា បានបង្រៀន ៖ « ការអធិស្ឋាន​ជា​គ្រួសារ ការសិក្សា​ព្រះគម្ពីរ​ជាគ្រួសារ និង រាត្រីជួបជុំ​ក្រុមគ្រួសារ​នីមួយៗ​គឺជា​ស្នាម​គំនូស​ជក់​នៅលើ​ផ្ទាំង​សំពត់​គំនូរ​នៃ​ព្រលឹង​យើង ។ គ្មាន​ព្រឹត្តិការណ៍​ណា​មួយ​អាច​លេច​ឡើង​ជា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ ឬ​គួរ​ឲ្យ​ចងចាំ​នោះ​ទេ ។ ប៉ុន្តែ​ដូចជា​ស្នាម​គំនូស​ជក់​ពណ៌លឿង ពណ៌មាស និង​ពណ៌ត្នោត​បាន​បំពេញ​ឲ្យ​គ្នា​ទៅវិញទៅ​មក ហើយ​បង្កើត​បាន​ជា​រូបគំនូរ​មួយ​ដ៏​អស្ចារ្យ​នោះ​ដូច្នោះ​ដែរ​ភាពខ្ជាប់ខ្ជួន​របស់យើង​ដែល​ហាក់​ដូច​ជា​រឿង​តូចតាច​នោះ​អាច​ដឹកនាំ​ទៅ​រក​លទ្ធផល​ខាងវិញ្ញាណ​ដ៏អស្ចារ្យ​បាន » ( « More Diligent and Concerned at Home » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ១៩–២០ ) ។