ថ្នាក់​សិក្ខាសាលា
៥. ពួក​ព្យាការី និង វិវរណៈ


៥. ពួក​ព្យាការី និង វិវរណៈ ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ​២០១៨ )

៥. ពួក​ព្យាការី និង វិវរណៈ

រូបភាព
មនុស្ស​គាំទ្រ​ពួក​អ្នក​ដឹកនាំ​របស់​ពួកគេ

៥.១. ព្យាការី​គឺ​ជា​មនុស្ស​ម្នាក់​ដែល​ត្រូវ​បាន​ហៅ​ដោយ ព្រះ​ដើម្បី​ថ្លែង​ជំនួស​ទ្រង់ ( សូមមើល​យេរេមា ១:៤-៥,​អេម៉ុស ៣:៧,យ៉ូហាន ១៥:១៦,គ. និងស. ១:៣៧-៣៨ ) ។ ពួក​ព្យាការី​ទាំងឡាយ​ថ្លែង​ទីបន្ទាល់​អំពី​ព្រះ​យេស៊ូវគ្រីស្ទ និង​​បង្រៀន​ដំណឹង​ល្អ​របស់​ទ្រង់ ។ ពួក​លោក​បង្ហាញ​ឲ្យ​ស្គាល់​នូវ​ព្រះហឫទ័យ និង ចរិត​លក្ខណៈពិត​របស់​ព្រះ ។ ពួកលោក​​ថ្កោលទោស​ចំពោះ​អំពើបាប ព្រមាន​ពី លទ្ធផល​របស់​វា ហើយ​ជួយ​យើង​ឲ្យ​ចៀសវាង​ពី​ការ​បោក​បញ្ឆោត ( សូមមើល​អេសេគាល ៣:១៦-១៧,​អេភេសូរ ៤:១១-១៤ ) ។ ជួនកាល ពួកលោក​ព្យាករ អំពី​ព្រឹត្តិការ​ណ៍​នានា​នៃ ពេល​អនាគត ។ ពួកព្យាការី​អាច​ធ្វើ​នូវ​ការទទួល​ខុស​ត្រូវ​ទាំង​នេះ ដោយសារ​ពួកលោក​ទទួល​បាន​នូវ​សិទ្ធិអំណាច និង វិវរណៈ​មកពី​ព្រះ ។

៥.២. វិវរណៈ​គឺ​ជា​ទំនាក់​ទំនង​រវាង​ព្រះ​ទៅ​កាន់​កូន​ចៅ​របស់​ទ្រង់ ។ វិវរណៈ​ភាគ​ច្រើន​កើត​មាន​តាមរយៈ​ចំណាប់ អារម្មណ៍ គំនិត និង​អារម្មណ៍​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ វិវរណៈ​អាច​កើត​មាន​តាម​រយៈ​ការនិមិត្ត​ការ​យល់​សុបិន និង ការ​យាង​មក​ជួប​ពី​ពួក​ទេវតា​ផងដែរ ។

៥.៣. អំឡុង​ការ​បម្រើ​នៃ​ជីវិត​រមែង​ស្លាប់​របស់​ទ្រង់​ និង​នៅ​ក្នុង​ជំនាន់​របស់​យើង​ជា​ថ្មី​ម្ដង​ទៀត ព្រះអម្ចាស់​បាន​រៀបចំ​សាសនាចក្រ​របស់​ទ្រង់​នៅ​លើ​គ្រឹះ​នៃ​ពួកព្យាការី និងពួកសាវក ( សូមមើល​អេភេសូរ ២:១៩-២០ ) ។ ប្រធាន​នៃ​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​គឺ​ជា​ព្យាការី​របស់​ព្រះ សម្រាប់​មនុស្ស​គ្រប់​រូប​នៅ​លើ​ផែន​ដី​នា​ពេល​សព្វថ្ងៃ​នេះ ។ យើង​គាំទ្រ​ប្រធាន​នៃ​សាសនាចក្រ​ជា ព្យាការី អ្នកមើលឆុត និង ជា​អ្នក​ទទួល​វិវរណៈ និង​ជា​បុរស​តែ​ម្នាក់​គត់​នៅ​លើ​ផែន​ដី ដែល​ទទួល​វិវរណៈ​ដើម្បី​ដឹកនាំ​​សាសនា​ចក្រ​ទាំង​មូល ។ ប្រសិន​បើ​យើង​ទទួល និង​គោរព​តាម​ការ​បង្រៀន​របស់​ប្រធាន​សាសនាចក្រ​ដោយ​ស្មោះត្រង់ នោះ​ព្រះ​នឹង​ប្រទាន​ពរ​ដល់​យើង​ឲ្យ​យក​ឈ្នះ​លើ​ការ​បោក​បញ្ឆោត និង​សេចក្ដីអាក្រក់ ( សូមមើលគ. និង ស. ២១:៤-៦ ) ។ យើង​ក៏​គាំទ្រ​ដល់​ទី​ប្រឹក្សា​ទាំង​ឡាយ​​នៅ​ក្នុង​គណៈ​ប្រធាន​ទី​មួយ និង សមាជិកនៃ​​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់​ជា​ព្យាការី អ្នក​មើល​ឆុត និង ជាអ្នក​ទទួល​វិវរណៈផងដែរ ។

៥.៤. ព្រះគម្ពីរ​នានា—ព្រះគម្ពីរ​បរិសុទ្ធ ព្រះគម្ពីរ​មរមន គោលលទ្ធិ និង​សេចក្តីសញ្ញា និង មុក្តា​ដ៏​មាន​តម្លៃ​មហិមា—មាន​នូវ​វិវរណៈ​ទាំងឡាយ​ ដែល​បាន​ផ្តល់​តាម​រយៈ​ព្យាការី​ពីបុរាណ​ និង ព្យាការី​ថ្ងៃ​ចុង​ក្រោយ ។ នៅ​ពេល​យើង​សិក្សា​ប្រសាសន៍​របស់​ព្យាការី នោះ​យើង​អាច​រៀន​ពី​សេចក្តី​ពិត និង​ទទួល​បាន​នូវ​ការ​ណែនាំ ។

៥.៥. ខណៈ​ដែល ព្រះ ប្រទាន វិវរណៈ​តាមរយៈ​ពួក​ព្យាការី​ដើម្បី ដឹកនាំ​កូនចៅ​របស់ ទ្រង់​ទាំងអស់ នោះ​បុគ្គល​ម្នាក់ៗ​អាច​ទទួល​វិវរណៈ​ដើម្បី ជួយ ពួកគេ​តាម តម្រូវការ​ ការទទួលខុសត្រូវ និងសំណួរ​ជាក់លាក់​ទាំងឡាយ​របស់ពួកគេ ហើយ​ជួយ​ពង្រឹង​ដល់ទីបន្ទាល់​របស់​ពួកគេ ។ ទោះជា​យ៉ាងណា​ក៏ដោយ ការ​បំផុសគំនិត​ផ្ទាល់ ខ្លួន​ដែល​បាន​មក​ពី​ព្រះអម្ចាស់ នឹង​មិន​ដែល​ផ្ទុយ​នឹង​វិវរណៈ​ដែល​ព្រះ​បាន​ប្រទាន​​តាម​រយៈ​ពួក​ព្យាការី​របស់​ទ្រង់​នោះ​ឡើយ ។

សេចក្ដីយោង​ដែលទាក់ទង ៖ អ័ប្រាហាំ ៣:២២–២៣, ម៉ាថាយ ១៦:១៥–១៩, ធីម៉ូថេទី ២ ៣:១៥–១៧, នីហ្វៃទី ២ ៣២:៣, គ. និង ស. ៨:២–៣, គ. និង ស. ៧៦:២២–២៤

ប្រធានបទ​ដែលទាក់ទង ៖ ការ​ទទួលបាន​ចំណេះដឹង​ខាង​វិញ្ញាណ បព្វជិតភាព និង កូនសោ​ទាំងឡាយ​នៃ​បព្វជិតភាព