ថ្នាក់​សិក្ខាសាលា
៧. ពិធី​បរិសុទ្ធ និង​សេចក្តី​សញ្ញា​ទំាងឡាយ


៧. ពិធី​បរិសុទ្ធ និង សេចក្តី​សញ្ញា​ទំាងឡាយ ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ​២០១៨ )

៧. ពិធី​បរិសុទ្ធ និង សេចក្តី​សញ្ញា​ទំាងឡាយ

រូបភាព
កុមារី កំពុង ទទួល បុណ្យ ជ្រមុជ ទឹក

ពិធីបរិសុទ្ធ​ទាំងឡាយ

៧.១. ពិធីបរិសុទ្ធ​គឺ​ជា​កិច្ចការ​ដ៏ពិសិដ្ឋ​មួយ​ដែល​ត្រូវ​បាន​ធ្វើឡើង​ដោយ​សិទ្ធិអំណាច​នៃ​បព្វជិតភាព ។ ពិធី​បរិសុទ្ធ​និមួយៗ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ព្រះ​ដើម្បី​បង្រៀនពី​​សេចក្តី​ពិត​ខាង​វិញ្ញាណ ជាញឹកញាប់​តាមរយៈ​និមិត្ត​សញ្ញា ។

៧.២. ពិធី​បរិសុទ្ធ​មួយ​ចំនួន​មាន​សារសំខាន់​ចំពោះ​ការ​លើក​តម្កើង និង ត្រូវ​បាន​គេ​ហៅ​ថា​ជា​ពិធី​បរិសុទ្ធ​សម្រាប់​ការសង្រ្គោះ ។ មាន​តែ​តាមរយៈ​ការ​ទទួល​ពិធីបរិសុទ្ធ​នៃ​ការ​សង្គ្រោះ​និង​ការ​រក្សា​សេចក្ដី​សញ្ញា​ដែល​ជាប់​ទាក់​ទង​ប៉ុណ្ណោះ ទើប​យើង​អាច​ទទួល​បាន​គ្រប់​ទាំង​ពរជ័យ​ដែល​មាន​តាម​រយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ បើ​គ្មាន​ពិធីបរិសុទ្ធ​នៃ​ការ​សង្គ្រោះ​ទាំងនេះ​ទេ នោះ​យើង​មិន​អាច​ប្រែ​ក្លាយ​ដូច​ជា​ព្រះវរបិតាសួគ៌​របស់​យើង ឬ​ត្រឡប់​ទៅ​រស់​នៅ​ក្នុង​វត្តមាន​របស់​ទ្រង់​ដ៏​អស់កល្ប​ជានិច្ច​បានឡើយ ( សូមមើល​គ. និង ស. ៨៤:២០-២២ ) ។ ពិធីបរិសុទ្ធ​នៃ​ការ​សង្គ្រោះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្រោម​ការដឹកនាំ​នៃ​អ្នក​ទាំងឡាយ​ដែល​កាន់​កូនសោ​បព្វជិតភាព ។

៧.៣. ពិធី​បរិសុទ្ធ​សម្រាប់​ការសង្រ្គោះ​ដំបូង​គេ​នៃ​ដំណឹង​ល្អ​គឺ ពិធី​បុណ្យ​ជ្រមុជ​ទឹក​ដោយ​ការជ្រមុជ​​ទៅ​ក្នុង​ទឹក ​ដោយ​អ្នក​មាន​សិទ្ធិអំណាច ។ បុណ្យ​ជ្រមុជ​ទឹក​គឺ​ចាំបាច់​សម្រាប់​បុគ្គល​ម្នាក់ៗ ដើម្បី​ក្លាយ​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ និង​ដើម្បី​ចូល​ទៅ​ក្នុង​នគរ​សេឡេស្ទាល ( សូមមើល យ៉ូហាន ៣:៥ ) ។

៧.៤. បន្ទាប់​ពី​មនុស្ស​ម្នាក់​​បាន​ទទួល​បុណ្យជ្រមុជទឹក​ហើយ​អ្នក​កាន់​បព្វជិតភាព​មិលគីស្សាដែក​ម្នាក់ ឬ​ច្រើន​នាក់​បញ្ជាក់​គាត់ ឬ​នាង ជា​សមាជិក​មួយ​រូប​នៃ​សាសនាចក្រ ហើយ​ផ្ដល់​ដល់​គាត់ ឬ​នាង​នូវ​អំណោយទាន​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ( សូមមើលនីហ្វៃទី ៣ ២៧:២០ ) ។ អំណោយ​ទាន​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​​ខុស​ពី​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ពីមុន​ពិធីបុណ្យជ្រមុជទឹក មនុស្ស​ម្នាក់​អាច​​មានអារម្មណ៍​ពី​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​ទទួល​ទីបន្ទាល់មួយ​នៃ​សេចក្ដី​ពិត ។ បន្ទាប់​ពី​ទទួល​បាន​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ មនុស្ស​ម្នាក់​ដែល​រក្សា​សេចក្ដីសញ្ញា​របស់​គាត់ ឬ​នាង មាន​សិទ្ធិ​ទទួល​បាន​ភាព​ជា​ដៃគូ​ដ៏​ខ្ជាប់ខ្ជួន​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ។

៧.៥. ពិធីបរិសុទ្ធ​នៃ​ការ​សង្គ្រោះ​ផ្សេងទៀត រួមមាន​​ការតែងតាំង​ដល់​បព្វជិតភាព​មិលគីស្សាដែក ( សម្រាប់​បុរស ) អំណោយទាន​ពិសិដ្ឋ​ក្នុង​ព្រះវិហារ​បរិសុទ្ធ និង ពិធី​ផ្សារភ្ជាប់​អាពាហ៍ពិពាហ៍ ។ នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ពិធី​បរិសុទ្ធ​សម្រាប់​ការ​សង្រ្គោះ​អាច​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​ជំនួស​មរណជន ។ ពិធី​បរិសុទ្ធ​ជំនួស​អាច​មាន​ប្រសិទ្ធភាព​បាន លុះត្រា​តែ​បុគ្គល​ដែល​បាន​ស្លាប់​នោះ​ទទួល​យក​ពិធី​ទាំងនេះ​នៅ​ក្នុង​ពិភព​វិញ្ញាណ​ហើយ​គោរព​តាម​សេចក្តី​សញ្ញា​ដែល​មាន​ពាក់ព័ន្ធ​តែ​ប៉ុណ្ណោះ ។

៧.៦. ពិធីបរិសុទ្ធ​ដទៃ​ទៀត​ដូចជា ការ​ទទួល​ទាន​សាក្រាម៉ង់​ដើម្បី​រំឭក​ចាំ​សេចក្ដី​សញ្ញា​បុណ្យ​ជ្រមុជទឹក​របស់​យើង ការ​ប្រសិទ្ធពរ​អ្នក​ឈឺ និង ការ​ដាក់​ឈ្មោះ និង ការ​ប្រសិទ្ធពរ​កុមារ ក៏ជា​កិច្ចការ​សំខាន់​ផងដែរ​សម្រាប់​ការ​អភិវឌ្ឍខាង​វិញ្ញាណ​របស់​យើង ។

សេចក្ដីយោង​ដែល​ទាក់ទង ៖ ម៉ាឡាគី ៤:៥–៦,ម៉ាថាយ ១៦:១៥–១៩,ពេត្រុសទី ១ ៤:៦,គ. និង ស. ១៣១:១–៤

ប្រធានបទ​ដែលទាក់ទង ៖ ក្រុមព្រះ ៖ ព្រះវិញ្ញាណបរិសុទ្ធ ផែនការ​នៃ​សេចក្ដីសង្គ្រោះ ៖ ជីវិត​បន្ទាប់ពី​សេចក្ដីស្លាប់ ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ បព្វជិតភាព និង កូនសោទាំងឡាយ​នៃ​បព្វជិតភាព

សេចក្តីសញ្ញា​ទាំងឡាយ

៧.៧. សេចក្តី​សញ្ញាគឺ​ជា​កិច្ចព្រមព្រៀង​ដ៏​ពិសិដ្ឋ​មួយ​រវាង​ព្រះ និង​មនុស្ស ។ ព្រះ​ប្រទាន​នូវ​លក្ខខណ្ឌ​ទាំង​ឡាយ​សម្រាប់​សេចក្តី​សញ្ញា ហើយ​យើង​យល់​ព្រម​ធ្វើ​តាម​នូវ​អ្វី​ដែល​ទ្រង់​សុំ​ឲ្យ​យើង​ធ្វើ បន្ទាប់​មក​ព្រះ​សន្យា​ដល់​យើង​នូវ​ពរជ័យ​ជាក់​លាក់​​មួយ​ចំនួន​ នៅពេល​យើង​គោរព​ប្រតិបត្តិ​តាម ( សូមមើល និក្ខមនំ ១៩:៥–៦,គ. និង ស. ៨២:១០ ) ។ ប្រសិន​បើ​យើង​មិន​គោរពតាម​សេចក្ដី​សញ្ញា​របស់​យើង​ទេ នោះយើង​នឹង​ពុំ​ទទួល​បាន​ពរជ័យ​ដែល​បាន​សន្យា​នោះឡើយ ។

៧.៨. រាល់​ពិធី​បរិសុទ្ធ​សម្រាប់​ការសង្រ្គោះនៃ​បព្វជិតភាព មាន​អម​ជា​មួយ​នូវ​​សេចក្តី​សញ្ញា​ផ្សេងៗ ។ ឧទាហរណ៍ យើង​ចុះ​សេចក្ដីសញ្ញា​ជាមួយ​នឹង​ព្រះអម្ចាស់​តាមរយៈ​បុណ្យ​ជ្រមុជ​ទឹក ( សូមមើល ម៉ូសាយ ១៨:៨–១០ ) ។ បុរស​ដែល​ទទួល​បព្វជិតភាព​មិលគីស្សាដែក​នឹង​បាន​ចូល​ទៅ​ក្នុង​សម្បថ និង សេចក្តី​សញ្ញា​​នៃ​បព្វជិតភាព ។ យើង​រំឭក​សេចក្ដីសញ្ញា​ដែល​យើង​បាន​ធ្វើ​តាមរយៈ​ការ​ទទួលទាន​សាក្រាម៉ង់ ។

៧.៩. យើង​ធ្វើ​សេចក្ដីសញ្ញា​បន្ថែម នៅពេល​យើង​ទទួល​ពិធីបរិសុទ្ធ​នៃ​ការ​សង្គ្រោះ​នៃ​អំណោយទាន​ពិសិដ្ឋ និង​ការផ្សារភ្ជាប់​អាពាហ៍ពិពាហ៍​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ ។ យើង​រៀបចំ​ចូលរួម​នៅ​ក្នុង​ពិធីបរិសុទ្ធ​នានា និង​ធ្វើ​សេចក្ដីសញ្ញា​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ តាមរយៈ​ការ​រស់នៅ​តាម​បទដ្ឋាន​នៃ​ភាព​សក្ដិសម​ដែល​ព្រះអម្ចាស់​បាន​ដាក់​ឲ្យ ( សូមមើល​ទំនុកតម្កើង ២៤:៣-៤ ) ។ វា​ជា​ការសំខាន់ ​ដែល​យើង​ត្រូវ​មានភាព​សក្ដិសម​ដើម្បី​ចូល​ក្នុង​ព្រះវិហារបរិសុទ្ធ ដោយសារ​ព្រះវិហារបរិសុទ្ធ​គឺ​ពិត​ជា​ដំណាក់​របស់​ព្រះអម្ចាស់ ។ វា​គឺ​ជា​កន្លែង​ថ្វាយបង្គំ​ដ៏​បរិសុទ្ធ​បំផុត​លើស​ពី​កន្លែងណាៗ​នៅ​លើ​ផែនដី​នេះ ។