គម្ពីរ​អាលម៉ា កូន​ប្រុស​របស់​អាលម៉ា

ជំពូក​ទី ៤១

នៅ​ក្នុង​ដំណើរ​រស់​ឡើង​វិញ មនុស្ស​លោក​នឹង​ស្ថិតនៅ​ក្នុង​ស្ថានភាព​មួយ ដែល​ប្រកប​ទៅ​ដោយ​សុភមង្គល​ដ៏​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ឬ​សេចក្ដី​វេទនា​ដ៏​មិន​ចេះ​ចប់​មិន​ចេះ​ហើយ — សេចក្ដី​ទុច្ចរិត​គឺ​មិនមែន​ជា​សុភមង្គល​ទេ — មនុស្ស​ខាង​សាច់ឈាម​រស់នៅ​ដោយ​គ្មាន​ព្រះ នៅ​ក្នុង​ពិភពលោក​នេះ — ជន​គ្រប់​រូប​ទទួល​បាន​ក្នុង​ការ​សាង​ឡើង​វិញ​នូវ​លក្ខណៈ និង​គុណ​ភាព​ទាំង​ឡាយ​ទៀត​ដែល​ខ្លួន​ធ្លាប់​មាន ពេល​រស់នៅ​ជា​មនុស្ស​លោក។ ប្រមាណ​ជា​ឆ្នាំ ៧៤ ម.គ.ស.។

 ១ ហើយ​ឥឡូវ​នេះ ឱ​កូន​ប្រុស​របស់​ឪពុក​អើយ ឪពុក​នឹង​និយាយ​រឿង​ខ្លះ អំពី​ការ​សាង​ឡើង​វិញ ដូចដែល​ទើប​និយាយ​រួច​មក​ហើយ​នេះ ត្បិត​មើល​ចុះ មាន​មនុស្ស​ខ្លះ​បាន​បង្វែរ​ន័យ​នៃ​បទគម្ពីរ​ទាំង​ឡាយ ហើយ​បាន​ដើរ​វង្វេង​ទៅ​ឆ្ងាយ​ដោយ​ព្រោះ​រឿង​នេះ។ ហើយ​ឪពុក​យល់​ឃើញ​ថា ចិត្ត​កូន​ក៏​កំពុងតែ​កង្វល់​អំពី​រឿង​នេះ​ដែរ។ ប៉ុន្តែ​មើល​ចុះ ឪពុក​នឹង​ពន្យល់​រឿង​នេះ​ប្រាប់​ដល់​កូន។

 ២ កូន​ប្រុស​របស់​ឪពុក​អើយ ឪពុក​ប្រាប់​កូន​ថា ផែនការ​នៃ​ការ​សាង​ឡើង​វិញ ជា​ការ​ចាំ​បាច់​ដល់​សេចក្ដី​យុត្តិធម៌​នៃ​ព្រះ ព្រោះ ជា​ការ​ចាំ​បាច់​ថា វត្ថុ​សព្វ​សារពើ​ត្រូវ​បាន​សាង​ឡើង​វិញ ឲ្យ​ត្រឹម​ត្រូវ​តាម​របៀប។ មើល​ចុះ នេះ​ជា​ការ​ចាំ​បាច់ ហើយ​ត្រឹម​ត្រូវ ស្រប​តាម​ព្រះ​ចេស្ដា និង​ដំណើរ​រស់​ឡើង​វិញ​នៃ​ព្រះ​គ្រីស្ទ ថា​ព្រលឹង​មនុស្ស នឹង​បាន​ផ្គុំ​ទៅ​ក្នុង​រាងកាយ​វិញ ហើយ​ផ្នែក​ទាំង​អស់​នៃ​រាងកាយ នឹង​បាន​ផ្គុំ​ឡើង​វិញ​ដូចដើម។

 ៣ ហើយ​ជា​ការ​ចាំ​បាច់​ដល់​សេចក្ដី​យុត្តិធម៌​នៃ​ព្រះ ថា​មនុស្ស​នឹង​បាន​ទទួល​ការ​ជំនុំ​ជំរះ ស្រប​តាម​កិច្ចការ​របស់​ខ្លួន ហើយ​បើ​សិន​ជា កិច្ចការ​ទាំង​ឡាយ​របស់​គេ​ល្អ​នៅ​ក្នុង​ជីវិត​នេះ ហើយ​បំណង​នៅ​ក្នុង​ចិត្ត​គេ​ល្អ នោះ​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់ គេ​ក៏​នឹង​បាន​សាង​ឡើង​វិញ​ឲ្យ​បាន​ល្អ​ដែរ។

 ៤ ហើយ​បើ​សិន​ជា​កិច្ចការ​ទាំង​ឡាយ​របស់​គេ​អាក្រក់ នោះ​គេ​នឹង​បាន​សាង​ឡើង​វិញ​ជា​អាក្រក់​ដែរ។ ហេតុ​ដូច្នេះ​ហើយ វត្ថុ​សព្វ​សារពើ​នឹង​បាន​សាង​ឡើង​វិញ​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​របៀប គឺ​អ្វីៗ​គ្រប់​មុខ​នឹង​បាន​សាង​ឡើង​វិញ​ឲ្យ​តាម​រូបរាង​ធម្មជាតិ — ភាព​ដែល​រមែង​ស្លាប់​នឹង​បាន​ប្រោស​ទៅ​ជា​អមតភាព ឯ​ភាព​ពុករលួយ​ទៅ​ជា​ភាព​ឥត​ពុករលួយ — គឺ​ប្រោស​ឲ្យ​ដល់​នូវ​សុភមង្គល​ដ៏​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ដើម្បី​គ្រង​នគរ​ព្រះ​ទុកជា​មរតក ឬ​ឲ្យ​ដល់​នូវ​ទុក្ខ​វេទនា​ដ៏​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ដើម្បី​គ្រង​នគរ​អារក្ស​ទុកជា​មរតក គឺ​អ្នក​ខ្លះ​នៅ​ខាង​ណេះ អ្នក​ខ្លះ​នៅ ខាង​ណោះ —

 ៥ មនុស្ស​មួយ​បាន​ប្រោស​ដល់​ទៅ​ឯ​សុភមង្គល​តាម​បំណង​របស់​គេ ដែល​ចង់​បាន​សុភមង្គល ឬ​ក៏​បាន​ល្អ​តាម​បំណង​របស់​គេ​ដែល​ចង់​បាន​ល្អ ឯ​មនុស្ស​មួយ​ទៀត​បាន​អាក្រក់​តាម​បំណង​របស់​គេ​ដែល​ចង់​បាន​អាក្រក់ ព្រោះ​ដូច​ជា​មនុស្ស​នោះ​មាន​បំណង​ចង់​ធ្វើ​អាក្រក់​ពេញ​ទាំង​ពេល​ថ្ងៃ​យ៉ាង​ណា ជន​នោះ​នឹង​បាន​ទទួល​រង្វាន់​អាក្រក់ នៅ​វេលា​យប់​មក​ដល់​ជា​យ៉ាង​នោះ​ដែរ។

 ៦ ហើយ​ផ្ទុយ​មក​វិញ​ក៏​ដូច្នោះ​ដែរ។ បើ​សិន​ជា​អ្នក​នោះ​ប្រែ​ចិត្ត​ពី​អំពើ​បាប​ទាំង​ឡាយ​របស់​ខ្លួន ហើយ​ចង់​បាន​សេចក្ដី​សុចរិត រហូត​ដល់​ថ្ងៃ​អវសាន​នៃ​ជីវិត អ្នក​នោះ​នឹង​បាន​ទទួល​រង្វាន់​ចំពោះ​សេចក្ដី​សុចរិត។

 ៧ ពួក​អ្នក​នោះ​ហើយ​ដែល​ព្រះ​អម្ចាស់​ទ្រង់​បាន​ប្រោស​លោះ មែន​ហើយ ពួក​អ្នក​នោះ​ហើយ​ដែល​បាន​យក​ចេញ ដែល​បាន​ដោះ​ឲ្យ​រួច​ផុត​ពី​រាត្រី​ដ៏​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​នៃ​សេចក្ដី​ងងឹត​នោះ ម្ល៉ោះ​ហើយ គេ​ឈរ​ឡើង ឬ​ដួល​ចុះ ត្បិត​មើល​ចុះ ពួក​គេ​គឺជា​ចៅក្រម​ជំនុំ​ជំរះ​ខ្លួន​ផ្ទាល់ ទោះ​បី​ក្នុង​ការ​ធ្វើ​ល្អ ឬ​ធ្វើ​អាក្រក់​ក្ដី។

 ៨ ឥឡូវ​នេះ ក្រឹត្យ​ក្រម​ទាំង​ឡាយ​នៃ​ព្រះ ពុំ​អាច​ប្រែប្រួល​បាន​ឡើយ ហេតុ​ដូច្នេះ​ហើយ ផ្លូវ​ត្រូវ​បាន​រៀបចំ​ស្រេច​ហើយ ថា​អស់​អ្នក​ណា​ដែល​ចង់ នោះ​អាច​ដើរ​នៅ​លើ​ផ្លូវ​នោះ ហើយ​បាន​សង្គ្រោះ។

 ៩ ហើយ​ឥឡូវ​នេះ មើល​ចុះ កូន​ប្រុស​របស់​ឪពុក​អើយ ចូរ​កុំ​ប្រថុយ​ធ្វើ​អំពើ​ប្រមាថ​ដល់​ព្រះ​ម្ដង​ទៀត​ឡើយ ចំពោះ​ចំណុច​ទាំង​ឡាយ​នៃ​លទ្ធិ​នេះ ជា​ចំណុច​ដែល​កូន​បាន​ប្រថុយ​បំពារបំពាន​បាប។

 ១០ ចូរ​កូន​កុំ​គិត​ស្មាន​ថា ពី​ព្រោះ​គេ​បាន​និយាយ​ដល់​ការ​សាង​ឡើង​វិញ ថា​កូន​នឹង​បាន​សាង​ពី​បាប​ឡើង​វិញ​ទៅ​កាន់​សុភមង្គល​នោះ​ទេ។ មើល​ចុះ ឪពុក​ប្រាប់​កូន​ថា សេចក្ដី​ទុច្ចរិត​ពុំ​ដែល​ជា​សុភមង្គល​ឡើយ។

 ១១ ហើយ​ឥឡូវ​នេះ កូន​ប្រុស​របស់​ឪពុក​អើយ មនុស្ស​ទាំង​អស់​ណា​ដែល​នៅ​ក្នុង​ស្ថានភាព​ខាង​សាច់ឈាម ឪពុក​ចង់​និយាយ​ថា នៅ​ក្នុង​ស្ថានភាព​ខាង​រូប​កាយ គឺ​នៅ​ក្នុង​ប្រមាត់​ល្វីង​ជូរចត់ និង​នៅ​ក្នុង​ចំណង​ទាំង​ឡាយ​នៃ​អំពើ​ទុច្ចរិត ពួក​គេ​គ្មាន​ព្រះ​ក្នុង​លោកិយ​នេះ​ឡើយ ហើយ​ពួក​គេ​បាន​ដើរ​ផ្ទុយ​ពី​ព្រះ​ហឫទ័យ​នៃ​ព្រះ ហេតុ​ដូច្នេះ​ហើយ ពួក​គេ​នៅ​ក្នុង​ស្ថានភាព​មួយ ផ្ទុយ​ទៅ​នឹង​ស្ថានភាព​នៃ​សុភមង្គល។

 ១២ ហើយ​ឥឡូវ​នេះ មើល​ចុះ តើ​ន័យ​នៃ​ពាក្យ​ថា​សាង​ឡើង​វិញ គឺ​យក​វត្ថុ​មួយ​ពី​ស្ថានភាព​ធម្មជាតិ ហើយ​ដាក់​ទៅ​ក្នុង​ស្ថានភាព​ពុំ​ធម្មជាតិ ឬ​ដាក់​របស់​នោះ​ទៅ​ក្នុង​ស្ថានភាព​មួយ​ផ្ទុយ​នឹង​ធម្មជាតិ​របស់​វា​ឬ?

 ១៣ ឱ​កូន​ប្រុស​របស់​ឪពុក​អើយ រឿង​នេះ​ពុំ​មែន​ដូច្នោះ​ទេ ប៉ុន្តែ​ន័យ​របស់​ពាក្យ​ថា​សាង​ឡើង​វិញ​នោះ គឺ​ធ្វើ​ជាថ្មី​ឡើង​វិញ អាក្រក់​ទៅ​ជា​អាក្រក់​វិញ ឬ​រូប​កាយ​ទៅ​ជា​រូប​កាយ​វិញ របស់​ផង​អារក្ស​ទៅ​ជា​ផង​អារក្ស​វិញ — ល្អ​ទៅ​ជា​ល្អ​វិញ សុចរិត​ទៅ​ជា​សុចរិត​វិញ ត្រឹម​ត្រូវ​ទៅ​ជា​ត្រឹម​ត្រូវ​វិញ មេត្តាករុណា​ទៅ​ជា​មេត្តាករុណា​វិញ។

 ១៤ ហេតុ​ដូច្នេះ​ហើយ កូន​ប្រុស​របស់​ឪពុក​អើយ ចូរ​កូន​មេត្តាករុណា​ដល់​បង​ប្អូន​របស់​កូន​ចុះ ចូរ​រាប់​រក​គ្នា​ដោយ​យុត្តិធម៌ វិនិច្ឆ័យ​ដោយ​សុចរិត ហើយ​ធ្វើ​ល្អ​ជា​និច្ច ហើយ​បើ​សិន​ជា​កូន​ធ្វើ​ការ​ទាំង​អស់​នេះ នោះ​កូន​នឹង​បាន​ទទួល​រង្វាន់ មែន​ហើយ សេចក្ដី​មេត្តា​ករុណា​នឹង​បាន​សាង​ឡើង​ដល់​កូន​វិញ សេចក្ដី​យុត្តិធម៌​នឹង​បាន​សាង​ឡើង​ដល់​កូន​វិញ ការ​វិនិច្ឆ័យ​ដោយ​សុចរិត​នឹង​បាន​សាង​ឡើង​ដល់​កូន​វិញ ហើយ​នឹង​បាន​ការ​ល្អ​ប្រទាន​ដល់​កូន​វិញ។

 ១៥ ព្រោះ​អី អ្វីៗ​ដែល​កូន​បាន​ធ្វើ​ទៅ​នឹង​ត្រឡប់​មក​រ​ក​កូន​វិញ ហើយ​បាន​សាង​ឡើង​វិញ ហេតុ​ដូច្នេះ​ហើយ ពាក្យ​ថា​សាង​ឡើង​វិញ គឺ​កាត់ទោស​ដល់​មនុស្ស​មាន​បាប​ដ៏​ពេញ​ទំហឹង ហើយ​មិន​រាប់​ថា​ជន​នោះ​សុចរិត​ជាដាច់ខាត៕