ការប្រជុំ​ធម្មនិដ្ឋាន​បុណ្យ​គ្រីស្ទម៉ាស់
បុណ្យគ្រីស្ទម៉ាស គឺ​ជា​សេចក្ដី​ស្រឡាញ់


បុណ្យ​គ្រីស្ទម៉ាស គឺជា​សេចក្ដី​ស្រឡាញ់

បងប្អូន​ប្រុស​ស្រី អ្នក​មាន​ទិដ្ឋភាព​ល្អ​ណាស់ ។ វា​គឺជា​ឯកសិទ្ធិ​មួយ​រាល់​ឆ្នាំ​ដើម្បី​ចាប់ផ្ដើម​រដូវ​គ្រីស្ទម៉ាស​របស់​ខ្ញុំ​ជាមួយ​អ្នក​នៅក្នុង​ការប្រជុំ​ធម្មនិដ្ឋាន​បុណ្យ​គ្រីស្ទម៉ាស​របស់​គណៈប្រធាន​ទីមួយ​នេះ ។ ខ្ញុំ​សូម​បង្ហាញ​ក្ដី​ស្រឡាញ់​ខ្ញុំ​ដល់​អ្នក​ទាំងអស់​គ្នា មិន​ថា​អ្នក​មាន​វត្តមាន​នៅអគារ​នេះ ឬ​​ ស្ដាប់​តាម​របៀប​ផ្សេង​ទៀត​ឡើយ ។

រដូវ​គ្រីស្ទម៉ាស ដ៏​មាន​អត្ថន័យ និង សម្រស់​ផ្ទាល់​ខ្លួន ដែលជាញឹកញាប់​ធ្វើ​ឲ្យ​យើង​យំ​ដោយ​អំណរ បាន​បំផុស​ការតាំង​ចិត្ត​ថ្មី​ដល់​ព្រះ ហើយ​ផ្ដល់ – ដោយ​ប្រើ​ពាក្យ​ពី​ចម្រៀង​គួរ​ឲ្យ​ស្រឡាញ់ « កាលវ៉ារី » – « សម្រាក​នឹង​ភាពនឿយហត់ និង ក្ដី​សុខសាន្ដ​ដល់​ព្រលឹង » ។

ទោះ​យ៉ាងណា​ក្ដី វា​ងាយស្រួល​នឹង​រង​សម្ពាធ​ពី​រដូវកាល​នេះ ហើយ​ប្រហែល​ជា​បាត់​វិញ្ញាណ​នៅក្នុង​ជីវិត​យើង​ដែល​យើង​ព្យាយាម​ទទួល​បាន​នោះ ។ ការព្យាយាម​ធ្វើ​ខ្លាំង​ពេក គឺជា​ការចួន​គ្នា​ពិសេស​ក្នុង​ពេល​នេះ​ក្នុង​ឆ្នាំ​សម្រាប់​យើង​ទាំងអស់​គ្នា ។ មូលហេតុ​នៃ​ការណ៍​នេះ អាច​មក​ពី​សកម្មភាព​គ្រីស្ទម៉ាស​ច្រើន​ពេក​ដែល​ត្រូវ​ចូលរួម របស់​ច្រើន​ត្រូវ​ញ៉ាំ លុយ​ត្រូវ​ចំណាយ​ច្រើន ការសង្ឃឹម​ច្រើន ព្រមទាំង​ភាពតានតឹង​ខ្លាំង​ពេក ។ ជារឿយៗ ការខំ​ប្រឹង​របស់​យើង​នៅ​ពេល​បុណ្យ​គ្រីស្ទម៉ាស នាំ​ឲ្យ​យើង​មាន​អារម្មណ៍​អួរអាប់ មាន​សម្ពាធ និង នឿយហត់ អំឡុងពេល​ដែល​យើង​គួរ​មាន​អារម្មណ៍​អំណរ​ធម្មតា​នៃ​ការរំឭក​ចាំ​ពី​ការប្រសូត​របស់​ព្រះអង្គ​សង្គ្រោះ​យើង ។

ការស្វែងរក​ក្ដី​អំណរ​ពិត​នៃ​បុណ្យ​គ្រីស្ទម៉ាស​មិន​មក​ដោយ​ការប្រញាប់​ប្រញាល់​ដើម្បី​ធ្វើឲ្យ​ហើយ​បាន​ច្រើន ហើយ​វាក៏​មិន​មែន​ជា​ពេល​សម្រាប់​ការទិញ​អំណោយដែរ ។ យើង​រកឃើញ​ក្ដី​អំណរ​ពិត​ប្រាកដ​នៅពេល​យើង​ផ្ដោត​លើ​ព្រះអង្គ​សង្គ្រោះ​នា​រដូវ​នេះ ។ យើង​អាច​រក្សា​ទ្រង់​ក្នុង​គំនិត​យើង និង នៅក្នុង​ជីវិត​យើង​នៅពេល​យើង​ធ្វើ​កិច្ចការ​ដែល​ទ្រង់​បាន​ឲ្យ​យើង​ធ្វើ​នៅ​លើ​ផែនដី​នេះ ។ ក្នុង​ពេល​គ្រីស្ទម៉ាស​នេះ ជាពិសេស សូម​ឲ្យ​យើង​ធ្វើ​តាម​គំរូ​របស់​ទ្រង់ ដោយសារ​យើង​ស្រឡាញ់ និង បម្រើ​ប្រជាជន​យើង ។

ក្រុម​មួយ​ក្នុង​សង្គម​របស់​យើង ដែល​ចង់​បាន​ការបង្ហាញ​សេចក្ដីស្រឡាញ់​​យ៉ាង​ខ្លាំងគឺជា​អ្នកដែល​កើន​វ័យ​ចំណាស់​ទៅ ហើយ​ជាពិសេស​នៅពេល​ពួកគេ​រងទុក្ខ​ពី​ភាពឯកោ​ខាង​ផ្លូវ​អារម្មណ៍ ។ អារម្មណ៍​នៃ​ការអស់​សង្ឃឹម មាន​ទូទៅ​ក្នុង​ចំណោម​អ្នកដែល​ចាស់ ហើយ​ជិត​ផុត​ជីវិត​គេ​ទៅ ។

​អែលឌើរ រីឆាត អេល. អ៊ីវ៉ានស៍ បាន​សរសេរ​ច្រើនឆ្នាំ​កន្លង​ទៅថា ៖ « អ្វី​ដែល​ពួកគេ​ត្រូវការ​នៅក្នុង​ភាពឯកោ​នៃ​ភាពចំណាស់​គេ​ ​យ៉ាងហោចណាស់ គឺជាអ្វីដែល​យើង​ត្រូវការ​ក្នុង​មជ្ឈិម​វ័យ​មិន​ពិតប្រាកដ​របស់​យើង ៖ អារម្មណ៍​នៃ​កម្មសិទ្ធិ ការធានា​ថា​មាន​គេ​ចង់​បាន និង ការជួយ​ផ្ដល់​ចិត្ត និង ដៃ​នៃ​ក្ដី​ស្រឡាញ់​ដ៏​សប្បុរស ; មិន​គ្រាន់​តែ​ជា​ការយកចិត្ត​ទុកដាក់​ដែល​កើត​ពី​កាតព្វកិច្ច​នោះ​ទេ ហើយ​ក៏​មិន​មែន​ជា​បន្ទប់​មួយ​ក្នុង​អគារ ប៉ុន្ដែ​ជា​បន្ទប់​នៅក្នុង​ចិត្ត និង ជីវិត​របស់​នរណាម្នាក់ ។ …

« យើង​មិន​អាច​ធ្វើ​ឲ្យ​ពួកគេ​ក្មេង​ម្ដង​ទៀត​បាន​ទេ ។ ប៉ុន្ដែ​យើង​អាច​ជួយ​គេ​ឲ្យ​រស់នៅ​ក្នុង​ពន្លឺ​ដ៏​កក់ក្ដៅ​នៃ​សុរិយា​អស្ដង្គត ដែល​ស្អាត​ជាងនោះ​ដោយ​គំនិត​របស់​យើង ដោយ​ការជួយ​ និង ដោយ​សេចក្ដី​ស្រឡាញ់​ជា​បងប្អូន​ឥត​ពុត​មាយា និង សកម្ម​របស់​យើង ។1

បងប្អូន​ប្រុសស្រី សេចក្ដី​ស្រឡាញ់​ពិត​គឺជាការបង្ហាញ​ពី​សេចក្ដីស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ ។ នៅក្នុង​ខែ​ធ្នូ​រាល់​ឆ្នាំ យើង​ហៅ​វា​ថា​វិញ្ញាណ​នៃ​បុណ្យ​គ្រីស្ទម៉ាស ។ អ្នក​អាច​ឮ​វា ។​ អ្នក​អាច​ឃើញ​វា ។​អ្នក​អាច​មាន​អារម្មណ៍​ពី​វា ។

ថ្មីៗ​នេះ ខ្ញុំ​ចាំពី​បទពិសោធន៍​មួយ​មក​ពី​កុមារភាព​ខ្ញុំ ជា​បទពិសោធន៍​មួយ​ដែល​ខ្ញុំ​បាន​ប្រាប់កាលពី​លើកមុនម្ដង ឬ ពីរ​ដង​ហើយ ។ ខ្ញុំ​ទើប​តែ​អាយុ 11 ឆ្នាំ ។ ប្រធាន​ថ្នាក់​បឋមសិក្សា​របស់​យើង មីលីសា គឺជា​ស្ដ្រី​ចាស់​ជាង និង មាន​សក់​ស្កូវ​គួរ​ឲ្យ​ស្រឡាញ់​ម្នាក់ ។ ថ្ងៃ​មួយ នៅ​ថ្នាក់​បឋមសិក្សា​ មីលីសាបាន​សុំ​ខ្ញុំ​ឲ្យ​នៅ ហើយ​សួរ​សុខទុក្ខ​ជាមួយ​គាត់ ។ មាន​តែ​យើង​ពីរ​នាក់​ប៉ុណ្ណោះ​អង្គុយ​នៅក្នុង​បន្ទប់​សាក្រាម៉ង់ ។ គាត់​បាន​ដាក់​ដៃ​គាត់លើ​ស្មា​ខ្ញុំ ហើយ​ចាប់ផ្ដើម​យំ ។ ដោយ​ភ្ញាក់ផ្អើល ខ្ញុំ​បាន​សួរ​គាត់​ថា ហេតុអ្វី​គាត់​យំ ។

គាត់​បាន​ឆ្លើយ​ថា « ខ្ញុំ​ហាក់មិន​អាច​ឲ្យ​ក្មេង​ប្រុស​ សង់​ប្រដាប់​អូស​នោះ មាន​គារវភាព​នៅក្នុង​ពេល​បើក​ថ្នាក់​បឋមសិក្សា​បាន​ទេ ។ តើ​ឯង​អាច​ជួយ​ខ្ញុំ​បាន​ទេ ថមមី ? »

ខ្ញុំ​បាន​សន្យា​នឹង មីលីសាថា​ខ្ញុំ​នឹង​ជួយ ។ វា​ចម្លែក​សម្រាប់​ខ្ញុំ ប៉ុន្ដែ​មិនមែន​ចំពោះ មីលីសាទេ​ដែល​វា​បាន​បញ្ចប់​បញ្ហា​​គារវភាព​នៅក្នុង​ថ្នាក់​បឋមសិក្សា ។ គាត់​បាន​ទៅ​ដល់​ប្រភព​បញ្ហា នោះ​គឺ​ខ្ញុំ ។ ដំណោះស្រាយ​គឺ​ជា​សេចក្ដី​ស្រឡាញ់ ។

ច្រើន​ឆ្នាំ​បានកន្លង​ទៅ ។ មីលីសាដ៏​អស្ចារ្យ ឥឡូវ​អាយុ 90 ឆ្នាំ​ហើយ រស់នៅ​ក្នុង​មណ្ឌល​ថែទាំ​មនុស្ស​ចាស់​នៅ​ភាគពាយ័ព្យ​នៃ​ទីក្រុង​សលត៍ លេក ។ មុនពេល​បុណ្យ​គ្រីស្ទម៉ាស​បន្ដិច ខ្ញុំ​សម្រេច​ចិត្ត​ទៅ​សួរសុខទុក្ខ​ប្រធាន​ថ្នាក់​បឋមសិក្សា​ជាទីស្រឡាញ់​របស់​ខ្ញុំនេះ ។ តាម​វិទ្យុ​ក្នុង​ឡាន ខ្ញុំ​ឮ​ចម្រៀង « Hark! The herald angels sing glory to the newborn King! »2 ខ្ញុំ​បាន​គិត​ពី​ការមក​ដល់​របស់​ពួកអ្នក​ប្រាជ្ញ​ជាច្រើន​ឆ្នាំ​កន្លង​ទៅ​នោះ ។ ពួកគេ​បាន​នាំ​អំណោយ​មាស ជ័រ​កំញ៉ាន និង គ្រឿង​ក្រអូបជាច្រើន ។ ខ្ញុំ​​នាំ​តែ​អំណោយ​នៃ​សេចក្ដីស្រឡាញ់ និង បំណង​ប្រាថ្នា​មួយ​ដើម្បី​និយាយ​អរគុណ ។

ខ្ញុំ​​ឃើញ​ មីលីសានៅក្នុង​បន្ទប់​អាហារ ។ គាត់​សម្លឹងទៅ​ចានអាហារ​ ប៉ះ​ចាន​នឹង​សម​ដែល​គាត់​កាន់​ក្នុង​ដៃ​ចំណាស់​គាត់ ។ គាត់​មិន​បាន​ញ៉ាំ​បន្ដិច​សោះ ។ នៅពេល​ខ្ញុំ​​និយាយ​ទៅកាន់​គាត់ សម្ដី​របស់​ខ្ញុំ​ជួប​នឹង​ការសម្លឹង​ដ៏ទន់ភ្លន់ ប៉ុន្ដែ​ទទេ​ស្អាត ។ ខ្ញុំ​បាន​យក​សម​ដាក់​ក្នុង​ដៃ ហើយ​បាន​ចាប់ផ្ដើម​បញ្ចុក មីលីសាដោយ​និយាយ​ច្រើនពេល​ខ្ញុំ​បញ្ចុក​គាត់​នោះ ដូច​គាត់​បាន​បម្រើ​ដល់​កុមារា កុមារី​ជា​គ្រូ​ថ្នាក់​បឋម​សិក្សា ។ គ្មាន​អ្វី​ច្រើន​ជា​តម្រុយ​នៃ​ការទទួល​ស្គាល់ សូម្បី​តែ​សម្ដី​និយាយ​ទៅ ។ អ្នកនៅ​ក្នុង​ផ្ទះ​ថែទាំ​ពីរ​នាក់​ផ្សេងទៀត បាន​សម្លឹង​មក​ខ្ញុំ ដោយ​អាការៈ​ឆ្ងល់ ។ ពួកគាត់​ម្នាក់​ចុងក្រោយបាន​និយាយ​​ថា « កុំ​និយាយ​រក​គាត់ ។ គាត់​មិន​ស្គាល់​នរណា​មួយ​ទេ សូម្បីតែ​គ្រួសារគាត់​ ។ គាត់​មិន​និយាយ​មួយ​ម៉ាត់​ ទោះពេល​ណា​ កន្លែង​ណា​ដែល​គាត់​ទៅក្ដី » ។

ការជួប​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់​បាន​បញ្ចប់ ។ ការសន្ទនា​តែ​ម្ខាង​របស់​ខ្ញុំបាន​ចប់ ។ ខ្ញុំ​ក្រោកឈរ​រៀប​ចាកចេញ ។ ខ្ញុំ​ចាប់​ដៃ​ទន់ខ្សោយ​គាត់​ដាក់​ក្នុង​ដៃ​ខ្ញុំ​ សម្លឹង​មើល​មុខ​ជ្រីវជ្រួញ តែ​ស្អាត​របស់​គាត់ ហើយ​និយាយ​ថា « សូម​ព្រះ​ប្រទានពរអ្នក មីលីសា។ រីករាយ​បុណ្យ​គ្រីស្ទម៉ាស » ។ ដោយ​គ្មាន​ការព្រមាន គាត់​បាន​និយាយ​ម​កខ្ញុំ​ថា « ខ្ញុំ​ស្គាល់​ឯង ។ ​ឯង​គឺ ថមមី ម៉នសុន ជា​ក្មេង​ប្រុស​ថ្នាក់​បឋមសិក្សា​ខ្ញុំ ។ ខ្ញុំ​ស្រឡាញ់​ឯង​ណាស់ » ។ គាត់​បាន​ចាប់​ដៃ​ខ្ញុំ​ ហើយ​ថើប ហើយ​ចាត់​ថាជា​ការថើប​ដ៏​ផ្អែម​ពេញ​ដោយ​ក្ដី​ស្រឡាញ់ ។ ទឹកភ្នែក​បាន​ហូរ​ចុះ​កាត់​ថ្ពាល់​គាត់ ហើយ​ជោគ​ដល់​ដៃ​យើង​ទាំងពីរ ។ ដៃ​ទាំងពីរ នៅ​ថ្ងៃ​នោះ ត្រូវ​បាន​ចោះ​ដោយ​ស្ថានសួគ៌ និង​ ត្រូវ​បាន​ប្រទានពរ​ដោយ​ព្រះ ។ ទេវតា​សារទូត​ពិត​ជា​បានច្រៀង ។ ពាក្យ​របស់​លោកចៅហ្វាយ​ហាក់​មាន​អត្ថន័យ​ផ្ទាល់ ដែល​មិនធ្លាប់​​មាន​អារម្មណ៍​ពី​មុន​មក​ថា ៖ « មាតា​អើយ នុះ​ន៎ កូន​របស់​មាតា ! » ហើយ​ទៅកាន់​សាវក​របស់​ទ្រង់​ថា « នុះ​ន៎ ម្ដាយ​អ្នក ! »3

ពី​បេថ្លេហិម វា​ហាក់​ដូចជា​រំពង​ពាក្យ​ថា ៖

តើ​ស្ងាត់​ម្ល៉េះ​ទេ

អំណោយ​ដ៏​អស្ចារ្យ​ត្រូវ​បាន​ប្រទាន !

ដូច្នេះ ព្រះ​ព្រម​ចែក​ដល់​ដួងចិត្ត​មនុស្ស

នូវ​ពរជ័យ​នៃ​ស្ថានសួគ៌​ទ្រង់ ។

គ្មាន​ត្រចៀក​ណា អាច​ឮ​ពី​ការយាង​មក​របស់​ទ្រង់​ទេ

ប៉ុន្ដែ នៅក្នុង​ពិភព​មាន​បាប​នេះ

ជា​កន្លែង​ព្រលឹង​រាបទាប នឹង​ទទួល​ទ្រង់​ជានិច្ច

ព្រះគ្រីស្ទ​ជាទី​ស្រឡាញ់​ចូលមក ។4

ប្រធាន​ដេវីឌ អូ. ម៉ាក់ឃេ បាន​មាន​ប្រសាសន៍​ថា ៖ « សុភមង្គល​ពិតប្រាកដ មក​តែ​ដោយ​ការធ្វើ​ឲ្យ​អ្នកដទៃ​សប្បាយ​ចិត្ត​ប៉ុណ្ណោះ ។ … [ វិញ្ញាណ​នៃ ] បុណ្យ​គ្រីស្ទម៉ាស … ធ្វើ​ឲ្យ​ចិត្ត​យើង​បញ្ចេញ​ពន្លឺដោយ​ក្ដី​ស្រឡាញ់​ជា​បងប្អូន និង មិត្តភាព ហើយ​បំផុស​យើង​ឲ្យ​មាន​ការបម្រើ​ដោយ​ស្មោះ​ស ។ វា​ជា​វិញ្ញាណ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ » ។5

វា​គ្មាន​ពេល​ណា​ប្រសើរ​ជាង​ពេល​ឥឡូវ​នេះ​ទេ ជា​រដូវបុណ្យ​គ្រីស្ទម៉ាស​នេះ សម្រាប់​យើង​ទាំងអស់​គ្នា​រំឭក​ខ្លួនឯង​ចងចាំ​ជាថ្មីនូវ​គោលការណ៍​ដែល​បាន​បង្រៀន​ដោយ​ព្រះយេស៊ូវ ជា​ព្រះគ្រីស្ទ ។ វា​ជា​ពេល​ដើម្បី​ស្រឡាញ់​ព្រះអម្ចាស់ ជា​ព្រះ​របស់​យើង ដោយ​អស់​ពី​ចិត្ត​យើង ហើយ​ស្រឡាញ់​អ្នកជិតខាង​យើងដូច​ខ្លួន​យើង​ដែរ ។ វា​ល្អ​ដើម្បីចាំ​ថា មនុស្ស​ដែល​ឲ្យ​លុយ​ច្រើន​ មនុស្ស​ដែល​ឲ្យ​ពេល​ច្រើន​ ប៉ុន្ដែ​មនុស្ស​ដែល​ឲ្យ​ខ្លួន​គាត់ គឺឲ្យ​ទាំងអស់ ។

ចូរ​យើង​ធ្វើ​ឲ្យ​បុណ្យ​គ្រីស្ទម៉ាស​មាន​អត្ថន័យ​ពិត ។ វា​មិន​មែន​ត្រឹមតែ​ជា​គ្រឿង​លម្អ និង ខ្សែបូរ​ទេ ដរាបណា​យើង​បាន​ធ្វើ​ដូច្នោះ​នៅក្នុង​ជីវិត​យើង ។ បុណ្យ​គ្រីស្ទម៉ាស​គឺជា​វិញ្ញាណ​នៃ​ការផ្ដល់​ឲ្យ​ ដោយ​គ្មាន​គំនិត​ចង់​បាន​មក​វិញ ។ វាជា​សុភមង្គល ដោយសារ​យើ​ង​ឃើញ​មនុស្ស​មាន​ក្ដីអំណរ ។ វា​ត្រូវ​បំភ្លេច​ខ្លួន​​​ឯង ហើយ​រក​ពេល​សម្រាប់​អ្នកដទៃ ។ វាបោះបង់​ចោល​ការឥត​ប្រយោជន៍ ហើយ​បញ្ជាក់​បន្ថែម​គុណ​តម្លៃ​ពិត ។ វា​ជា​ក្ដី​សុខសាន្ដ ដោយសារ​យើង​បាន​រកឃើ់ញ​ក្ដីសុខសាន្ដ​ក្នុង​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ ។ វា​ជា​ពេល​ដែល​យើង​ដឹង​យ៉ាង​ច្បាស់​បំផុត​ថា កាលណា​យើង​ផ្ដល់​ក្ដី​ស្រឡាញ់​កាន់​តែ​ច្រើន នោះ​អ្នកដទៃ​នឹង​មាន​វា​កាន់​តែ​ច្រើន​ដែរ ។

មាន​បុណ្យ​គ្រីស្ទម៉ាស​នៅក្នុង​ផ្ទះ និង ព្រះវិហារ

មាន​បុណ្យ​គ្រីស្ទម៉ាស​នៅក្នុង​ផ្សារ

ប៉ុន្ដែ​អ្នក​នឹង​មិន​ដឹង​ថា​អ្វី​ទៅជា​បុណ្យ​គ្រីស្ទម៉ាស​ទេ

រហូត​ដល់​វា​នៅក្នុង​ចិត្ត​អ្នក ។

កណ្ដឹង​អាច​រោទិ៍​កាត់​ព្រិល

ហើយ​ការច្រៀង​សរសើរ​នឹងបន្លឺ​ឡើង

ប៉ុន្ដែ អូ៎ ចិត្ត​នេះ​នឹង​បាត់​ការរំភើប

រហូតដល់​មាន​បុណ្យគ្រីស្ទម៉ាស​នៅ​ទីនោះ ។6

នៅពេល​រដូវ​បុណ្យ​គ្រីស្ទម៉ាសមក​ដល់​ជុំវិញ​យើង​ដោយ​ភាពរុងរឿង​របស់​វា​ សូម​ឲ្យ​យើង​រកផ្កាយ​ដ៏​ភ្លឺ​ពិសេស​មួយ ដើម្បីនាំ​យើង​ទៅកាន់​ឱកាស​គ្រីស្ទម៉ាស​ដោយ​ការបម្រើ​ដល់​បងប្អូន​យើង ដូចជា​ពួកអ្នកប្រាជ្ញ​បាន​ធ្វើ​ដែរ ។ សូម​ឲ្យ​យើង​ទាំងអស់​គ្នា​ធ្វើដំណើរ​ទៅ​បេថ្លេហិម​ខាង​វិញ្ញាណ ដោយ​មាន​ចិត្ត​ស្រទន់ យកចិត្ត​ទុកដាក់​ ជា​អំណោយ​យើង​ដល់​ព្រះអង្គ​​សង្គ្រោះ ។ ហើយ​សូម​ឲ្យ​ម្នាក់ៗ​ និង ទាំងអស់​គ្នា​មាន​បុណ្យ​គ្រីស្ទម៉ាស​មួយ​ដែល​ពេញ​ដោយ​អំណរ ។ នៅក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ និង ប្រទានពរ​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់ចំណាំ

  1. Richard L. Evans, Thoughts for One Hundred Days ( ឆ្នាំ 1966 ) ទំព័រ 222 ។

  2. « Hark! The Herald Angels Sing » Hymns លេខ 209 ។

  3. យ៉ូហាន 19:26–27  ។

  4. « O Little Town of Bethlehem, » Hymns លេខ 208 ។

  5. ដេវីឌ អូ ម៉ាក់​ឃេ Gospel Ideals ( ឆ្នាំ 1953 ) ទំព័រ 551 ។

  6. “Christmas in the Heart,” ដូច​ដែល​បាន​ដកស្រង់​នៅក្នុង The Instructor ខែ ធ្នូ ឆ្នាំ 1933 ទំព័រ 547 ។