ការប្រជុំ​ធម្មនិដ្ឋាន​បុណ្យ​គ្រីស្ទម៉ាស់
អ្នកទទួល​ល្អ និង អ្នកទទួល​ដែល​ពេញ​ដោយ​អំណរ​គុណ


អ្នកទទួល​ល្អ និង អ្នកទទួល​ដែល​ពេញ​ដោយ​អំណរ​គុណ

នេះ​គឺជា​វេលា​មួយ​ដ៏​អស្ចារ្យ​ប្រចាំ​ឆ្នាំ ! នៅពេល​ខ្ញុំ​ឮ​តន្ដ្រីដ៏​ពិរោះ ឃើញ​ភ្លើងពណ៌ ហើយ​ប៉ះនឹង​​ខ្យល់​ត្រជាក់ នោះ​ខ្ញុំ​នឹកចាំ​យ៉ាងច្បាស់​ពី​ឱកាស​ជាច្រើន​ពេញ​មួយ​ជីវិត​ខ្ញុំ នៅពេល​វិញ្ញាណ​បុណ្យគ្រីស្ទម៉ាស់​បានធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ល្អ និង បាន​បំផុស​គំនិត​ខ្ញុំ ។

ដូចជា​អ្នករាល់​គ្នា​ដែរ ខ្ញុំ​ឃើញ​ថា​អនុស្សាវរីយ​ដ៏​ផ្អែមល្ហែម និង រស់រវើក​បំផុត​ក្នុង​ពេល​គ្រីស្ទម៉ាស់មក​ពី​កុមារភាព​របស់​ខ្ញុំ ។ ទោះបីជា​ខ្ញុំ​ធំ​ឡើង​នៅក្នុង​ស្ថានភាព​ក្រីក្រ​ក្ដី ក៏​ឪពុកម្ដាយ​ខ្ញុំ​ចង់​ឲ្យ​ពេល​គ្រីស្ទម៉ាស់​ជា​ពេល​មួយ​នៃ​ក្ដី​អំណរ និង អស្ចារ្យ​សម្រាប់​កូនៗ​របស់​គាត់​ដែរ ។ ពួកគាត់​បាន​ខិតខំ​យ៉ាងខ្លាំង​ដើម្បី​ធ្វើ​ឲ្យបុណ្យ​គ្រីស្ទម៉ាស់​ជា​ពេល​មួយ​ដ៏​ពិសេស​សម្រាប់​គ្រួសារ​យើង ។

យើង​ជា​កូនៗ​បាន​ធ្វើ​អំណោយ​ឲ្យ​គ្នា​ទៅវិញទៅមក ។ មាន​ឆ្នាំ​មួយនោះ ខ្ញុំ​ចាំ​ថា​បាន​គូស​រូប​មួយ​ជា​អំណោយ​បុណ្យគ្រីស្ទម៉ាស់​សម្រាប់​បងស្រី​ខ្ញុំ ។ វា​មិន​មែន​ជា​គំនូរ​ដ៏​ស្អាត​មួយ​ទេ តែ​គាត់​ចាត់ទុក​វា​ដូចជា​រតនសម្បត្តិ​មួយ ។ ខ្ញុំ​ពិត​ជា​ស្រឡាញ់​គាត់​ចំពោះ​ការណ៍​នេះ​ខ្លាំង​ណាស់ ! មាន​ឆ្នាំ​មួយ​ទៀត បងប្រុស​ខ្ញុំ​ដែល​មានអាយុលើសខ្ញុំ 12 ឆ្នាំ​បាន​ឲ្យ​អំណោយដ៏​មាន​តម្លៃ​មួយដល់​ខ្ញុំ ។ គាត់​បាន​រើស​ឈើ​មួយ​ដុំ​នៅឯ​សួនច្បារ​ក្បែរ​ផ្ទះ​យើង ហើយ​​ឆ្លាក់​វា​ជា​កាំបិត​លេង​តូច​មួយ ។ វា​សាមញ្ញ គ្មាន​ក្បាច់​ក្បូរអ្វី​ល្អ​ទេ តែ​អូ៎ ! ខ្ញុំ​ស្រឡាញ់​អំណោយ​នោះ​ណាស់ ដោយសារ​វា​ចេញ​ពី​ចិត្ត​គាត់ !

តើ​វា​មិន​មែន​ជា​ក្ដីអំណរនៃបុណ្យ​គ្រីស្ទម៉ាស់​ដ៏​អសា្ចរ្យ​មួយ​ទេ​ឬ ដែល​បាន​ឃើញ​ក្មេង​តូចៗ​មាន​ទឹកមុខ​រីករាយ នៅពេល​ពួកគេ​យក​ដៃ​ទទួល​អំណោយ​ខ្ចប់​រួច​មួយ​ដែល​សម្រាប់​តែ​ពួកគេ​នោះ ?

ទោះជា​យ៉ាងណា​ នៅពេល​យើង​ចាស់​ទៅ សមត្ថភាព​យើង​ក្នុង​ការទទួល​អំណោយ​ដោយ​ការរីករាយ និង អំណរគុណ​ដូចគ្នា​នោះ​ហាក់​ដូចជាថមថយ ។ ពេល​ខ្លះ មនុស្ស​ថែមទាំង​មាន​អារម្មណ៍​ថា ពួកគេ​មិន​អាច​ទទួល​អំណោយ ឬ ក៏​ការសរសើរ​ដោយ​គ្មាន​អារម្មណ៍​ខ្មាស់អៀន ឬ អារម្មណ៍​ថា​ពួកគេ​ជំពាក់​អ្វី​មួយ​ចំពោះ​អ្នកឲ្យ​នោះ ។ ពួកគេ​គិត​ខុស​ថា របៀប​​តែមួយ​គត់​ដើម្បី​ឆ្លើយតប​នឹង​ការទទួល​អំណោយ​មួយ​គឺ​ដោយ ការផ្ដល់​អ្វី​មួយ​ទៅវិញ​ដែល​មាន​តម្លៃ​ថ្លៃ​ជាង ។មនុស្ស​ផ្សេងទៀតនឹក​មិនឃើញពី​សារៈសំខាន់​នៃអំណោយនោះទេ – ដោយ​ការផ្ដោត​លើ​លក្ខណៈ​ខាងក្រៅ​ ឬ តម្លៃ​វា ហើយ​មិន​បាន​ដឹង​ពី​អត្ថន័យ​បង្កប់​នៃ​អំណោយ​ពី​អ្នក​ដែលឲ្យ​​ដោយចិត្ត​ស្មោះ​នោះ ។

នេះ​បាន​រំឭក​ខ្ញុំ​ពី​ព្រឹត្តិការណ៍​ដែល​បាន​កើតឡើង អំឡុងពេល​យប់​ចុងក្រោយ​នៃ​ជីវិត​របស់​ព្រះ​សង្គ្រោះ ។ ទ្រង់​បាន​ប្រមូល​សាវក​សំណព្វ​របស់​ទ្រង់​មក​ជុំវិញ​ទ្រង់ កាច់​នំប៉័ង​ចែក​ពួកគេ ហើយ​បាន​ណែនាំ​ពួកគេ​ជាលើក​ចុងក្រោយ​ដ៏មាន​​តម្លៃ​ជាខ្លាំង ។ តើ​អ្នក​ចាំទេ​ថា នៅពេល​កំពុងបរិភោគអាហារ ព្រះយេស៊ូវ​បាន​ក្រោក​ពី​តុ ចាក់​ទឹក​ដាក់​ក្នុង​ចានក្លាំ ហើយ​ចាប់ផ្ដើម​លាង​ជើង​របស់​សាវក​ទ្រង់​ទេ ?

នៅពេល​ទ្រង់​មក​ជិត ស៊ីម៉ូន ពេត្រុស ជាអ្នកនេសាទ​បាន​បដិសេធ​ថា « ទ្រង់​មិន​ត្រូវ​លាង​ជើង​ឲ្យ​ទូលបង្គំ​សោះ​ឡើយ » ។ ព្រះ​សង្គ្រោះ​បាន​កែតម្រូវ​គាត់​ដោយ​ស្រទន់​ថា ៖ « បើ​ខ្ញុំ​មិន​លាង​ឲ្យ​អ្នក នោះ​អ្នក​គ្មាន​ចំណែក​ជាមួយ​នឹង​ខ្ញុំ​ទេ » ។ 1

ខ្ញុំ​ច្បាស់​ថា ពេត្រុស​បាន​គិត​ថា គាត់​មាន​ហេតុផល​សមរម្យ​ដើម្បី​បដិសេធ​អំណោយបម្រើ​នេះ ហើយ​មាន​អារម្មណ៍​ថា​គាត់​កំពុង​តែ​ធ្វើ​រឿង​ត្រឹមត្រូវ ។ ប៉ុន្ដែ​នៅពេល​នោះ គាត់​មិន​បាន​យល់​ច្បាស់​ពី​សារៈសំខាន់​ខាង​វិញ្ញាណ​នៃ​អ្វី​ដែល​ព្រះយេស៊ូវ​កំពុង​ផ្ដល់​ដល់​គាត់​ឡើយ ។

ពេល​បុណ្យគ្រីស្ទម៉ាស់ យើង​និយាយ​ច្រើន​អំពី​ការផ្តល់ឲ្យ ហើយ​យើង​ទាំងអស់​គ្នា​ដឹង​ថា « ដែល​ឲ្យ នោះ​បាន​ពរ​ជាជាង​ទទួល » 2 ប៉ុន្ដែ​ខ្ញុំ​ឆ្ងល់​ថា ពេលខ្លះ​យើង​មិន​យកចិត្ត​ទុកដាក់ ឬ ថែមទាំង​មិន​ឲ្យ​តម្លៃ​ដល់​សារៈសំខាន់​នៃការ​ធ្វើ​ជា​អ្នកទទួល​ល្អ ។

នៅ​ថ្ងៃបុណ្យ​គ្រីស្ទម៉ាស់​ជាច្រើន​ឆ្នាំ​កន្លង​ទៅ ក្មេង​ស្រី​ម្នាក់​បាន​ទទួល​គ្រឿង​ធ្វើ​អង្កាំ​យ៉ាង​ស្អាត​មួយ ។ ឪពុក​​ក្មេង​ស្រី​នោះ​បាន​សុំ​ថា នាង​គួរ​ធ្វើ​អ្វី​មួយ​សម្រាប់​សាច់ញាតិ​នាង​ម្នាក់​ដែល​បាន​មក​ចូលរួម​ក្នុង​កម្មវិធី​គ្រួសារ​នោះ ។

ក្មេងស្រី​នោះ​រីករាយ​យ៉ាងខ្លាំង ហើយ​នាង​ចាប់​ធ្វើ​អ្វី​មួយ​ដែល​នាង​គិត​ថា​នឹងក្លាយ​​ជា​អំណោយ​ដ៏​ល្អឥតខ្ចោះ​មួយ ។ នាង​បាន​រើស​មនុស្ស​ដែល​នាង​ចង់​ឲ្យ – គឺ​អ្នកមីង​ចំណាស់​ម្នាក់​ដែល​ជាធម្មតា​មាន​ទឹកមុខ​មិន​សប្បាយ និង អត្តចរិត​មិន​ល្អ ។

ក្មេងស្រី​តូច​នោះ​បាន​គិត​ថា « ប្រហែល​បើ​ខ្ញុំ​ធ្វើ​ខ្សែដៃ​មួយ​ឲ្យ​គាត់ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​គាត់​សប្បាយ​ចិត្ត » ។

ដូច្នេះ​ហើយ នាង​បាន​រើស​អង្កាំ​មួយៗ​ដោយ​ប្រុងប្រយ័ត្ន ហើយ​បាន​ខំ​អស់​ពីចិត្ត​ដើម្បី​ធ្វើ​អំណោយ​ដ៏​ពិសេស​នេះ​សម្រាប់​មីង​នាង ។

នៅពេល​នាង​ធ្វើ​ហើយ នាង​បាន​ទៅជួប​មីង​នាង ដាក់​ខ្សែ​ដៃ​នោះ​ក្នុង​ដៃ​គាត់ ហើយ​ប្រាប់​គាត់​ថា​នាង​បាន​រចនា​វា ហើយ​ធ្វើ​វា​សម្រាប់គាត់ ។

គ្រប់គ្នា​នៅក្នុង​បន្ទប់​បាន​ស្ងាត់ នៅពេល​អ្នកមីងនោះ​​ចាប់​ខ្សែ​ដៃ​ដោយ​ម្រាមដៃ​ និង មេដៃគាត់​​ដូចជា​គាត់​កំពុង​កាន់​ខ្យង​ស្អិត​មួយ​ខ្សែ ។ គាត់​មើល​អំណោយ​នោះ ដោយ​ភ្នែក​សម្លឹង​ព្រឹមៗ ហើយ​ច្បូត​ច្រមុះ​គាត់ ហើយ​ក៏​ទម្លាក់​ខ្សែដៃ​នោះ​ទៅក្នុង​ដៃ​ក្មេង​ស្រី​នោះ​វិញ ។ បន្ទាប់មក គាត់​បាន​​ចេញ​ពី​ក្មេងស្រី​នោះ ដោយ​គ្មាន​និយាយ​អ្វី​មួយ​ម៉ាត់ ហើយ​ក៏​និយាយ​រក​អ្នក​ផ្សេង​ទៀត ។

​ក្មេងស្រី​នោះ​​ខ្មាស់​គេមុខ​ឡើង​ក្រហម ។ ដោយ​អន់ចិត្ត​ជាខ្លាំង នាង​បាន​ដើរចេញ​ពី​បន្ទប់​ដោយ​ស្ងាត់ៗ ។

ឪពុកម្ដាយ​នាង​ចង់​លួងលោម​នាង ។ ពួកគេ​ព្យាយាម​ជួយ​នាង​ឲ្យ​យល់​ថា ខ្សែដៃ​នោះ​ស្អាត – ដោយ​មិន​ខ្វល់​ពី​ប្រតិកម្ម​ដ៏​អាក្រក់​របស់​មីង​នាង​ទេ ។ ប៉ុន្ដែ​ក្មេងស្រី​នោះ​នៅតែ​មិន​សប្បាយ​ចិត្ត រាល់​ពេល​ដែល​នាង​បាន​គិត​ដល់​រឿង​នេះ ។

ច្រើន​ទសវត្សរ៍​កន្លង​ទៅ ​ក្មេងស្រី​នោះ – ឥឡូវ​នេះ នាង​គឺជា​អ្នកមីង​ម្នាក់ – នៅតែ​ចាំ​ដោយ​ក្រៀមក្រំ​តិចតួចពី​ថ្ងៃ​នោះ ពេល​ដែល​អំណោយកាលពី​កុមារភាព​របស់​នាង​ត្រូវ​គេ​បដិសេធ ។

គ្រប់​អំណោយ​ទាំងអស់​ដែល​បាន​ផ្ដល់​ឲ្យ​យើង – ជាពិសេស​អំណោយ​មួយ​ដែល​ចេញ​ពី​ចិត្ត – គឺជា​ឱកាស​មួយ​ដើម្បី​កសាង ឬ ពង្រឹង​ចំណង​នៃ​ក្ដី​ស្រឡាញ់ ។ នៅពេល​យើង​ជា​អ្នកទទួល​ល្អ និង អ្នកទទួល​ដែល​ពេញ​ដោយ​អំណរ​គុណ នោះ​យើង​ធ្វើ​ឲ្យ​ទំនាក់ទំនង​យើង​ស៊ីជម្រៅ​ជាមួយ​នឹង​អ្នកទទួល​អំណោយ ។ តែ​នៅពេល​យើង​មិន​បាន​កោតសរសើរ ឬ ថែមទាំង​បដិសេធ​អំណោយ​នោះតាម​របៀប​ណាមួយ នោះ​យើង​មិន​គ្រាន់តែ​ធ្វើឲ្យ​អ្នកទាំងឡាយ​ដែល​បាន​ចែកចាយ​ជាមួយ​យើង​នោះ​ឈឺចាប់​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​​ធ្វើឲ្យ​ខ្លួន​យើង​រង​ការឈឺចាប់​ដែរ ។

ព្រះ​សង្គ្រោះ​បាន​បង្រៀន​ថា ដរាបណា​យើង « មិនត្រឡប់​ដូចជា​កូនតូច​នេះ នោះ [ យើង ] នឹង​ចូល​ … ​នគរស្ថានសួគ៌​ពុំ​បាន​ឡើយ » ។3

នៅពេល​យើង​ឃើញ​ពី​ក្ដី​រំភើប និង ភាព​អស្ចារ្យ​របស់​​ក្មេងៗ​នៅ​រដូវ​គ្រីស្ទម៉ាស់​នា​ឆ្នាំ​នេះ ប្រហែល​យើង​អាច​រំឭក​ខ្លួន​យើង​ឲ្យ​រកឃើញ​ម្ដងទៀត និង ជួយសុំ​ការទាមទារការ​ចែករំលែក​​ដ៏​មាន​តម្លៃ និង អស្ចារ្យ​របស់​ក្មេងៗ – គឺសមត្ថភាព​ដើម្បី​ទទួល​ដោយ​ទឹកចិត្ត​ស្មោះស និង ដោយ​អំណរគុណ ។

ដោយដឹងថា ព្រះសង្គ្រោះ​គឺជា​គំរូ​ដ៏​ឥតខ្ចោះ​របស់​យើង គឺមិន​ត្រឹមតែ​​ការឲ្យ​ដោយ​សប្បុរស​ទេ ប៉ុន្ដែ​សម្រាប់​ការទទួល​ដ៏​អស្ចារ្យ​ផងដែរ ។ នៅពេល​ទ្រង់​នៅ​ភូមិ​បេថានី ជិត​ចុងបញ្ចប់​នៃ​ការបម្រើ​ខាង​សាច់ឈាម​​ទ្រង់ នោះមាន​ស្ដ្រី​ម្នាក់​មក​ឯ​ទ្រង់​ដោយ​កាន់​ដប​ថ្ម​កែវ​ដាក់​ប្រេង​ទេពិ្វរូ​សុទ្ធ​មាន​តម្លៃ​ណាស់ ។ នាង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចាក់​ប្រេង​លើ​ព្រះសិរ​ទ្រង់​ជាមួយ​អំណោយ​ដ៏​មាន​តម្លៃ​នេះ ។

អ្នក​ខ្លះ​ដែល​បាន​ឃើញ​ព្រឹត្តិការណ៍​នេះ​បាន​ខឹង ។ ពួកគេ​និយាយ​ថា « ហេតុអ្វី​ក៏​ខ្ជះខ្ជាយ​លុយ » ។ ប្រេង​នោះ​ពិត​ជា​ថ្លៃ​ខ្លាំង​ណាស់ ។ វា​អាច​លក់​បាន ហើយ​ផ្ដល់​លុយ​ទៅ​ឲ្យ​អ្នកក្រ ។ ពួកគេ​ឃើញ​តែ​តម្លៃ​អំណោយ​ខាង​សាច់ឈាម ហើយ​បាន​ភ្លេច​​ទាំងស្រុងពី​សារៈសំខាន់​ខាង​វិញ្ញាណ​ដ៏​អស្ចារ្យ​របស់​អំណោយនោះ ។

ប៉ុន្ដែ​ព្រះ​សង្គ្រោះ​បាន​យល់​ពី​និមិត្ត​សញ្ញា និង ការបង្ហាញ​ក្ដី​ស្រឡាញ់​នៅក្នុង​អំណោយ​នោះ ហើយ​ទ្រង់​បាន​ទទួល​វា​ដោយ​អំណរ ។

ទ្រង់​បាន​មាន​បន្ទូល​ទៅ​អ្នកដែល​រអ៊ូនោះ​ថា « កុំ​ធ្វើ​នាង ហេតុអ្វី​បាន​ជា​នាំ​បង្អាក់​ចិត្ត​នាង​ដូច្នេះ ? … នាង​បាន​ធ្វើការ​អ្វី​ដែល​នាង​ធ្វើ​បាន គឺ​បាន​មក​មុន​ពេល​កំណត់​នឹង​លាប​ខ្លួន​ខ្ញុំ​ជា​ការសម្រាប់​កប់​ខ្មោច​ខ្ញុំ » ។ 4

បងប្អូន​ប្រុស​ស្រី​របស់​ខ្ញុំ មិត្ត​ជាទីស្រឡាញ់របស់​ខ្ញុំ តើ​យើង​ជា​អ្នកទទួល​ប្រភេទ​ណា ? តើ​យើង​ទទួល​អំណោយ ជា​ការបង្ហាញ​ក្ដី​ស្រឡាញ់​ដូចជា​ព្រះអង្គ​សង្គ្រោះ​ទេ ?

នៅក្នុង​ជំនាន់​របស់​យើង ព្រះ​សង្គ្រោះ​បាន​មាន​បន្ទូល​ថា « អ្នកណា​ដែល [ ទទួល ] គ្រប់​ទាំងអស់​ដោយ​អំណរ​អរគុណ នោះ​នឹង​ត្រូវ​បាន​ធ្វើ​ឲ្យ​រុងរឿង » 5 ហើយ « ផល​បរិបូរ​នៃ​ផែនដី​ជា​របស់​ផង [ ពួកគេ ] ហើយ » ។ 6

ខ្ញុំ​សង្ឃឹម​ថា បុណ្យគ្រីស្ទម៉ាស់​នេះ និង គ្រប់​ថ្ងៃនិមួយៗ​ពេញ​មួយ​ឆ្នាំ​នេះ យើង​នឹង​គិត​ជាពិសេស​អំពី​អំណោយ​ជាច្រើន​ដែល​យើង​បាន​ទទួល​ពី​ព្រះបិតា​សួគ៌​ជាទីស្រឡាញ់​​យើង ។ ខ្ញុំ​សង្ឃឹម​ថា យើង​នឹង​ទទួល​អំណោយ​ទាំងនេះ​ដោយ​ភាពអស្ចារ្យ អំណរគុណ និង ក្ដី​រីករាយ​ក្នុង​នាម​បុត្រ​ម្នាក់ ។

អារម្មណ៍​ខ្ញុំ​ញាប់ញ័រ និង ល្អ​សប្បុរស​ពេល​ខ្ញុំ​គិត​ពី​អំណោយ​ពី​ព្រះបិតា​ដ៏​ជាទី​ស្រឡាញ់ រុងរឿង និង សប្បុរស​ដែល​គង់​នៅ​ស្ថានសួគ៌​បាន​ប្រទាន​ដល់​យើង ៖ ជា​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​ពុំ​អាច​ប្រាប់​បាន, អព្ភូតហេតុ​នៃ​ការអភ័យទោស, វិវរណៈ និង ​ការណែនាំ​ផ្ទាល់ខ្លួន, ក្ដី​សុខសាន្ដ​របស់​ព្រះ​សង្គ្រោះ, ភាពពិត និង​ ការលួងលោម​ថា​ក្ដី​ស្លាប់​បាន​ចាញ់​ហើយ និង មាន​ជាអ្វីៗជាច្រើន​​ទៀតដែលបាន​ឈ្នះ ។

អ្វី​ដែល​សំខាន់​បំផុត​នោះ គឺ​ព្រះ​បាន​ប្រទាន​ដល់​យើង​នូវ​អំណោយ​ជា​ព្រះរាជបុត្រា​សំណព្វ​តែ​មួយ​គត់​របស់​ទ្រង់ ដែល​បាន​ពលី​ព្រះជន្ម​របស់​ទ្រង់ « ដើម្បី​ឲ្យ​អ្នកណា​ដែល​ជឿ​ដល់​ទ្រង់ នោះ​មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់កល្ប​ជានិច្ច​វិញ » ។ 7

តើ​យើង​បាន​ទទួល​អំណោយ​ទាំងនេះ​ ដោយ​ការដឹងគុណ​​ដ៏​រាបសា ដោយ​ក្ដី​អំណរឬ​ទេ ? ឬ តើ​យើង​បាន​បដិសេធ​ដោយសារ​តែ​អំនួត ឬ គំនិត​ខុសឆ្គង​ថា​យើង​ឯករាជ្យ​ពី​ព្រះ​ហើយ ? តើ​យើង​មាន​អារម្មណ៍​ពី​ក្ដី​ស្រឡាញ់​របស់​ព្រះបិតា​ក្នុង​អំណោយ​ទាំងនេះ​ទេ​? តើ​យើង​បាន​ទទួល​វា​តាម​របៀប​ដែល​ពង្រឹង​ទំនាក់ទំនង​យើង​ជាមួយ​នឹង​អ្នកឲ្យដ៏​អស្ចារ្យ ទេវភាព​នេះ​​ទេ ? ឬ តើ​យើង​ត្រូវ​គេ​បង្អាក់​មិន​ឲ្យ​ចំណាំ​អ្វី​ដែល​ព្រះ​បាន​ប្រទាន​ដល់​យើង​រាល់ថ្ងៃ​នេះឬទេ ?

យើង​ដឹង​ថា « ព្រះ​ទ្រង់​ស្រឡាញ់​ដល់​អ្នកណា​ដែល​ថ្វាយ​ដោយ​អំណរ » 8 ប៉ុន្ដែ​តើ​ទ្រង់​មិន​ស្រឡាញ់​ដល់​អ្នកទទួល​ល្អ ពេញ​ដោយ​អំណរ និង រីករាយ​ទេ​ឬអ្វី ?

« ត្បិត​តើ​មាន​ប្រយោជន៍​អ្វី​ដល់​មនុស្ស បើ​សិន​ជា​បាន​ប្រទាន​អំណោយ​ទាន​មក​លើ​គេ ហើយ​គេ​ពុំ​ទទួល​យក​អំណោយ​ទាន​សោះ ? មើល​ចុះ អ្នក​នោះ​ពុំ​ត្រកអរ​ចំពោះ​អ្វី​ដែល​បាន​ប្រទាន​ដល់​គេ ឬ ក៏​ត្រកអរ​ចំពោះ​ម្ចាស់​ដែល​ប្រទាន​អំណោយ​ទាន​នោះ​ដែរ » ។ 9

មិន​ថា​យើង​បាន​ស្គាល់បុណ្យ​គ្រីស្ទម៉ាស់ 9 ឬ 90 លើក​ទេ នោះយើង​ទាំងអស់​គ្នា​​នៅ​តែ​ជា​ជា​កូនចៅ– គឺយើង​ទាំងអស់​គ្នា​ជា​កូន​ចៅ​របស់​ព្រះបិតាសួគ៌​យើង ។

ហេតុដូច្នេះហើយ យើង​អាច​ស្គាល់​រដូវ​គ្រីស្ទម៉ាស់​នេះ​ដោយ​ក្ដី​អស្ចារ្យ និង រីករាយ​ក្នុង​នាម​ជា​បុត្រម្នាក់ ។ យើង​អាច​និយាយ​ថា « បេះដូង​ខ្ញុំ​ហូរហៀរ​ទៅ​ដោយ​សេចក្ដី​អំណរ ហើយ​ខ្ញុំ​នឹង​អររីករាយ​នៅក្នុង​ព្រះ​របស់​ខ្ញុំ​វិញ » 10– គឺជា​អ្នកប្រទាន​​អំណោយ​ល្អៗ​ទាំងអស់ ។

ជាមួយ​អ្នក និង ជាមួយ​អ្នកទាំងអស់​ណា​ដែល​ចង់​ធ្វើតាម​ព្រះគ្រីស្ទ​ដ៏​រាបសា នោះ​ខ្ញុំ​សូម​និយាយ​ឮៗ​សរសើរ​ដល់​ព្រះ​ដ៏​មាន​មហិទ្ធិឫទ្ធិ​របស់​យើង ចំពោះ​ការប្រទាន​ព្រះរាជបុត្រា​ទ្រង់​ដល់​យើង​ដែល​ជា​អំណោយ​ដ៏​មាន​តម្លៃ ។

រដូវបុណ្យ​​គ្រីស្ទម៉ាស់​នេះ និង រហូត​តទៅ ខ្ញុំសូម​​អធិស្ឋាន​ថា យើង​នឹង​ឃើញ​អំណោយទាន​ដ៏​អស្ចារ្យ​នៃ​ការប្រសូត​របស់​ព្រះបុត្រា​នៃ​ព្រះ​តាមរយៈ​ការគិត​ដ៏​បរិសុទ្ធ​របស់​ក្មេងតូច ។ ខ្ញុំ​អធិស្ឋាន​ថា បន្ថែម​លើ​ការប្រទាន​អំណោយ​ល្អ​នេះ យើង​នឹង​ខំ​ក្លាយជា​អ្នកទទួល​ល្អ និង អ្នកទទួល​ដែល​ពេញ​ដោយ​អំណរ​គុណ ។ នៅពេល​យើង​ធ្វើ​ដូច្នោះ អារម្មណ៍​នៅ​រដូវ​នេះ​នឹង​បណ្ដាល​ឲ្យ​ចេតនា​ល្អ​របស់​យើង​ដុះ​ឡើង ហើយ​ពង្រីក​ក្ដី​អំណរ​​យើង​ដោយ​គ្មាន​កំណត់ ។ នៅក្នុង​ព្រះនាមដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕