ការប្រជុំ​ធម្មនិដ្ឋាន​បុណ្យ​គ្រីស្ទម៉ាស់
អំណោយ​ដ៏​ល្អឥតខ្ចោះ​


អំណោយ​ដ៏​ល្អឥតខ្ចោះ​

កាលនៅពីក្មេង មាន​ឆ្នាំ​មួយ​នោះ ប្រហែលជា​បីថ្ងៃ​ពីមុន​បុណ្យ​គ្រីស្ទម៉ាស់ ស្វាមី​របស់ខ្ញុំ រ៉ប បាន​រកឃើញ​បងស្រីពីរនាក់​របស់​គាត់​នៅក្នុង​បន្ទប់​ដេក កំពុងបើកកាដូ​អំណោយ​បុណ្យគ្រីស្ទម៉ាស់​របស់ពួកគេ​ចំនួនពីរ​យ៉ាង​ស្ងប់ស្ងាត់ ។ បន្ទាប់មក ក្រោយពី​ពួកគាត់​បានលួចមើល​ក្នុង​កាដូ​នោះហើយ បងស្រីរបស់​គាត់​បាន​រុំ​កាដូ​នោះជា​ថ្មីម្តង​ទៀត ។ បងស្រី​របស់​ រ៉ូប បានប្រាប់គាត់ថា « ប្រសិនបើ ប្អូន​មិន​ប្រាប់​ម៉ាក់ទេ នោះ​បង​នឹង​បង្រៀន​ប្អូន​ឲ្យចេះ​ធ្វើ​កាដូ​នេះ » ។

នៅទីបំផុត គាត់​បាន​ចុះ​ចាញ់​នឹង​ការ​ល្បួង ជា​ពិសេស​ដោយសារ​មាន​កាដូ​ប៉ុន​បាល់មួយ មាន​ដាក់​ឈ្មោះ​គាត់​នៅ​ក្រោម​ដើម​គ្រីស្ទម៉ាស់ ។

ទោះជាយ៉ាងណាក្តី អំណោយ​នោះ​មាន​អារម្មណ៍​ថា​ស្រាល​ខុស​ពី​ធម្មតា​ពេល​គាត់​លើក​យក​វា​ចូល​ទៅ​ក្នុង​បន្ទប់​គាត់​ដោយស្ងាត់ៗ​នោះ ។ គាត់បានបើក​ដោយ​ប្រុងប្រយ័ត្ន ហើយ​ឃើញថា វា​គ្មាន​អ្វី​ក្រៅ​ពី​លិខិត​ខ្លីមួយ​នោះទេ ។ លិខិត​នេះ​សរសេរថា « ម៉ាក់ដឹងថា កូន​កំពុង​ធ្វើ​អ្វី ។ សូម​កុំ​បំផ្លាញ​បុណ្យ​គ្រីស្ទម៉ាស់​របស់​កូន​ឡើយ ។ ដោយក្តី​ស្រឡាញ់​ពី ម៉ាក់ » ។ គាត់​បាន​រៀន​មេរៀន​នោះ ហើយ​នោះ​គឺជា​ទីបញ្ចប់​នៃ​ការ​លួចមើល​អំណោយ​បុណ្យ​គ្រីស្ទម៉ាស់​ផ្ដេសផ្ដាស​នោះ » ។

សូម​ពិចារណា​ពី​អនុស្សាវរីយ៍របស់​អ្នក ភាព​ស្រស់ស្អាត​ខាង​វិញ្ញាណ សំឡេង​នៃ​ទេវតា និង​ក្លិន​ដែល​មិនអាច​បំភ្លេចបាន ​ដែល​ធ្វើ​ឲ្យ​អ្នក​នឹកឃើញ ពេល​អ្នក​គិត​ពី​បុណ្យគ្រីស្ទម៉ាស់ ។ ​អនុស្សាវរីយ៍​ដែល​ពួក​យើង​ភាគច្រើន​នឹកចាំ​កាន់តែ​ទន់​ភ្លន់​នៅក្នុង​ដួង​ចិត្ត​របស់​យើងតាំង​ពី​ក្មេង​អំពី​បុណ្យគ្រីស្ទម៉ាស់នោះ​គឺ — ការប្រារព្ធ​នៃ​ការប្រសូត​របស់​ព្រះ​អង្គ​សង្រ្គោះ ។ អារម្មណ៍​ដ៏​ពិសិដ្ឋ​នោះ​យើង​មិន​ចេញ​ពី​យើង​ឡើយ ។

រូបភាព
ម៉ារា និង​យ៉ូសែប​ជាមួយ​នឹង​ទារក​យេស៊ូវ

យើង​ដឹង​គ្រប់ពេល​កាល​យើង​នឹក​គិត​ពី​ស្នូក​ដ៏​តូច​នៅ​ក្រុង​បេថ្លេហិម​​ដែល​បាន​ព្យាករ​ជា​ច្រើន​សតវត្សរ៍ បាន​កើត​មាន​រួម​គ្នា​នៅ​ក្រោម​ផ្ទៃ​មេឃ​នា​ពេល​យប់​ពោរ​ពេញ​ដោយ​តារា—ជា​គ្រា​ដែល​ព្រះអង្គ​សង្គ្រោះ និងជា​ព្រះ​ដ៏​ប្រោស​លោះ​របស់​យើង​បាន​ប្រសូត​មក​ក្នុង​លោកិយ​នេះ ជា​ស្ដេច​នៃ​អស់​ទាំង​ស្ដេច និង​ព្រះអម្ចាស់​នៃ​អស់​ទាំង​ព្រះអម្ចាស់ ។

ជារឿយៗ យើង​ឮ​ថា បុណ្យ​គ្រីស្ទម៉ាស់​គឺ​សម្រាប់​កុមារ ប៉ុន្តែតើ​យើង​ទាំងអស់​ពុំ​មែន​មាន​ចិត្ត​ជា​កូន​ក្មេង​ទេ​ឬ​អី ? ថ្ងៃ​មួយ មាន​ម្ដាយ​ម្នាក់ និង​កូន​ស្រី​របស់​នាង​អាយុ​ប្រាំ​បួន​ឆ្នាំ​បាន​ដើរ​ទិញ​ឥវ៉ាន់​សម្រាប់​បុណ្យ​គ្រីស្ទម៉ាស់​យ៉ាង​មមាញឹក ។ នៅពេល​ពួកគេ​ដើរ​កាត់​ផ្នែក​លក់​គ្រឿង​អលង្ការ កូនស្រី​នោះ​បាន​កត់​សម្គាល់​ឃើញ​បដា​មួយ​ដ៏​ធំ​ដែល​គេ​ដាក់​ព្យួរ ។ បដា​នោះ​បាន​ដាក់​ប្រកាស​ជា​អក្សរធំៗ​ពណ៌​ក្រហម​ថា ​«អំណោយ​ដែល​ផ្ដល់​ឲ្យ​ជា​រៀង​រហូត » ។

កូន​ស្រី​បាន​អាន​ស្លាក​សញ្ញា​នោះ ដោយ​សញ្ជឹង​គិត​មួយ​សន្ទុះ រួច​ហើយ​ក៏​​ញញឹម ។ នាង​បាន​ប្រាប់​ម្ដាយ​នាង​ដោយ​មោទនភាព​ថា « ម៉ាក់ កូន​ដឹង​ពី​អំណោយ​ដែល​ផ្ដល់​ឲ្យ​ជា​រៀង​រហូត » ។

« តើ​អ្វី​ទៅ ? »​ម្ដាយ​នាង​បាន​សួរ ពេល​ពួកគេ​បាន​ដើរ​កាត់​មនុស្ស​ម្នា ។

កូន​ស្រី​នោះ​បាន​ប្រកាស​ទាំង​ចិត្ត​ស្មោះ​ស​ថា « គឺ​ព្រះយេស៊ូវ ! »​

ម្ដាយ​នាង​បាន​តប​ទាំង​ភាន់​ច្រឡំ​ថា « មិន​មែន​ទេ កូន​សម្លាញ់ ។ វា​គឺជា ពេជ្រ​ »​ ។

អេសាយ​រំឭក​យើង​ថា « ហើយ​ក្មេងតូចៗ​ជាអ្នកគង្វាល » ។​

ពេល​ស្រាវ​ជ្រាវ​លើ​អ៊ិនធើរណែត ខ្ញុំ​បាន​រក​ឃើញ​វត្ថុ​រាប់ពាន់​ដែល​បាន​ផ្សព្វផ្សាយ​ជាមួយ​នឹង​ឃ្លា​ថា « អំណោយ​ដែល​ផ្ដល់​ឲ្យ​ជា​រៀង​រហូត » ។ ប៉ុន្តែ​ទោះ​ជា​យើង​ខិត​ខំ​យ៉ាង​ណា​ក្ដី ក៏​គ្មាន​អំណោយ​ខាង​​សម្ភារ​ ណា​មួយ​ដែល​យើង​ផ្ដល់​ឲ្យ​នឹង​នៅ​ជា​រៀង​រហូត​ឡើយ ។

ផ្ទុយ​ទៅ​វិញ ខ្ញុំ​សូម​ចែក​ចាយ​នឹង​បងប្អូន​នូវ​អនុស្សាវរីយ៍​ដ៏​ទន់ភ្លន់​មួយ​របស់​ខ្ញុំ​នៅ​បុណ្យ​គ្រីស្ទម៉ាស់​អំពី ​បុគ្គល​ពីរ​រូប​ដែល​ខ្ញុំ​ជឿ​ថា ពួកគាត់​តែង​ផ្ដល់​ឲ្យ​ជា​រៀងរហូត ។ ពួកគាត់​គឺជា​ឪពុកម្ដាយ​របស់​ខ្ញុំ អាល់ដូ និង អេលីណ័រ ហាមុន ។

រូបភាព
គ្រួសារហាម៉ុន

នៅ​រដូវ​រងារ​ក្នុង​ក្រុង​ដ៏​តូច​របស់​យើង​នៅ​ឆ្នាំ​នោះ​គឺ​ពោរ​ពេញ​ដោយ​ព្រិល ប៉ុន្តែ​វា​ពុំ​បាន​រារាំង​ឪពុក​ខ្ញុំ​មិន​ឲ្យ​នាំ​គ្រួសារ​របស់​យើង​ទៅ​ស្វែង​រក​ដើម​គ្រីស្ទម៉ាស់​ដ៏​ល្អ​មួយ​នោះ​ឡើយ ។ ពេល​ដើម​ឈើ​នោះ​បាន​យក​មក​ដល់​ផ្ទះ ដាក់​ជើងទម្រ​ហើយ នោះ​អំពូល​ភ្លើង​តូចៗ គ្រឿង​តុប​តែងជារូបទេវតា និង​វត្ថុ​ភ្លឺៗ​ត្រូវ​បាន​ដាក់​នៅ​តាម​មែក​ឈើ​គួរ​ឲ្យ​ស្រឡាញ់ ។​ ផ្ទះ​ដ៏​តូច​របស់​យើង​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ចាប់ផ្ដើម​បុណ្យគ្រីស្ទម៉ាស់ ។​

បញ្ជី​របស់​របរ​ក្មេង​លេង​បាន​មក​ដល់​ក្នុង​ប្រអប់​សំបុត្រ ហើយ​បងប្អូន​ខ្ញុំ និង​ខ្ញុំ​បាន​បើក​ទំព័រ​ទាំង​ឡាយ​ដោយ​រំភើប ដោយ​ចង់​បាន​អំណោយ​សម្រាប់​បុណ្យ​គ្រីស្ទ​ម៉ាស់ ។ ក្លិន​នៃ​នំប៉័ង​រស់​ជាតិ​ខ្ញី និង​នំ​ធ្វើ​ពី​ផ្លែ​ឈើ​ជះ​ក្លិន​ពេញ​ផ្ទះ​របស់​យើង ហើយ​ខែ​ធ្នូ​បាន​រំកិល​ចូល​មក​ដល់​ បន្តិច​ម្ដងៗ ។​ យើង​បាន​ទុកការ​ភ្ញាក់​ផ្អើល​នៅ​តាម​មាត់​ទ្វារ​នៃ​អ្នក​ជិត​ខាង​យើង ហើយ​បាន​ព្យាយាម​បម្រើ​ក្រុម​គ្រួសារ​ដែល​ត្រូវការ​ភាព​រីករាយ​បន្តិច​បន្តួច​សម្រាប់​បុណ្យ​គ្រីស្ទម៉ាស់ ។​

រៀង​រាល់​យប់ ក្រោយ​ពី​ខ្ញុំ​បាន​ចូល​ដេក ម្ដាយ​ខ្ញុំ​បាន​ចំណាយ​ពេល​យ៉ាង​ច្រើន​នៅ​ក្នុង​បន្ទប់​គេង​របស់​គាត់ ។ អ្វី​ដែល​ខ្ញុំ​អាច​ស្ដាប់​ឮ​គឺ​សូរ​សំឡេង​ម៉ាស៊ីន​ដេរ​របស់​គាត់ ។​ គាត់​បាន​ដេរ​សម្លៀក​បំពាក់​ឲ្យ​យើង​យ៉ាង​ច្រើន​ដោយ​ខ្ញុំ​ពុំ​បាន​ដឹង​សោះ ។​

ប៉ុន្តែ​ពេល​បុណ្យ​គ្រីស្ទម៉ាស់​បាន​ខិត​ចូល​មក​ដល់ ម៉ាក់​ខ្ញុំ​បាន​អស់​កម្លាំង​យ៉ាង​ខ្លាំង ។​ គាត់​បាន​ធ្លាក់​ខ្លួន​ឈឺ​នៅ​ថ្ងៃ​មុន​បុណ្យ​គ្រីស្ទម៉ាស់ ។ ពេល​វេជ្ជបណ្ឌិត​ប្រាប់​ប៉ា​ខ្ញុំ​ថា ម៉ាក់​ត្រូវ​សម្រាក​នៅ​លើ​គ្រែ​យ៉ាង​ហោច​ណាស់​មួយ​សប្ដាហ៍ ខ្ញុំ​បាន​ព្រួយចិត្ត—ប៉ុន្តែ​ក៏​ខក​ចិត្ត​ខ្លាំង​ដែរ ។ តើ​អាច​បន្ត​មាន​បុណ្យ​គ្រីស្ទ​ម៉ាស់​ដោយ​គ្មាន​ម៉ាក់​យ៉ាង​ដូច​ម្ដេច​ទៅ ? តើ​វា​អាច​នឹង​មាន​អារម្មណ៍​ដូចជា​បុណ្យ​គ្រីស្ទ​ម៉ាស់​ដូច​ម្ដេច​ទៅ ? ហើយ​លើស​ពី​នោះ​ទៀត តើ​នរណា​នឹង​ចម្អិន​អាហារ​ពេល​ល្ងាច​សម្រាប់​បុណ្យ​គ្រីស្ទ​ម៉ាស់​ទៅ ?

ពេល​ប៉ា​ខ្ញុំ​បាន​មើល​ថែ​ម៉ាក់​ខ្ញុំ​ដោយ​សេចក្ដី​ស្រឡាញ់ នោះ​ប៉ា​បាន​ដឹង​ខ្លួន​ថា កិច្ចការ​ចម្អិន​អាហារ​សម្រាប់​បុណ្យ​គ្រីស្ទ​ម៉ាស់​បាន​ធ្លាក់​មក​លើ​គាត់ ។ ខ្ញុំ​បាន​ព្រួយ​ចិត្ត​ម្ដង​ទៀត ! ទោះ​គាត់​ជា​បុរស​វៃ​ឆ្លាត ហើយ​មាន​ទេពកោសល្យ​ក្ដី ក៏ ​ការ​ចម្អិន​អាហារ ពុំ​មែន​ជា​អ្វី​មួយ​ដែល​គាត់​ចេះ​ស្ទាត់​នោះ​ទេ ។

នៅ​ល្ងាច​នៃ​ថ្ងៃ​ឆ្លង​បុណ្យ​គ្រីស្ទ​ម៉ាស់ ខ្ញុំ​បាន​លុត​ជង្គង់​អធិស្ឋាន​សូម​ឲ្យ​ម៉ាក់​ខ្ញុំ​បាន​ជា​សះ​ស្បើយ​ដោយ​អព្ភូតហេតុ ហើយ​ថា​ព្រឹក​ថ្ងៃ​បុណ្យ​គ្រីស្ទម៉ាស់​នឹង​ក្លាយ​ដូចជា​សព្វ​ដង—គឺ​គ្រួសារ​យើង​បាន​ប្រមូល​ផ្ដុំ​គ្នា​ជុំវិញ​ដើម​គ្រីស្ទ​ម៉ាស់ ។ នៅ​ព្រឹក​ថ្ងៃ​បុណ្យ​គ្រីស្ទ​ម៉ាស់ យើង​បាន​ព្រួយ​ចិត្ត​កាន់​តែ​ខ្លាំង ពេល​យើង​ដឹង​ថា ម៉ាក់​ជា​ទី​ស្រឡាញ់​របស់​យើង​នៅ​ឈឺ​សម្រាក​នៅ​លើ​គ្រែ ។ ពេល​យើង​បាន​បើក​អំណោយ​របស់​យើង ខ្ញុំ​បាន​ភ្ញាក់​ផ្អើល​ដោយ​ឃើញ​ថា​អំណោយ​ពិសេស​របស់​ខ្ញុំ​គឺ​ជា​ខោអាវ​តុក្តតា​ដែល​ម្តាយ​របស់​ខ្ញុំ​បានដេរ​អស់​ជាច្រើនថ្ងៃរហូតដល់​យប់​ជ្រៅ​នៃ​ខែ​ធ្នូ​នោះ ។​ ខ្ញុំ​បាន​រត់ទៅ​​យកដៃ​ឱប-​ក​​គាត់​ភ្លាម ។​ គាត់បាន​លះបង់​សម្រាប់​ខ្ញុំណាស់ ។

លោកប៉ា​ជាទីស្រឡាញ់ បាន​ព្យាយាម​គ្រប់​វិធីសាស្រ្ត​ដើម្បី​ធ្វើ​ឲ្យ​ថ្ងៃបុណ្យ​គ្រីស្ទម៉ាស់​នោះ​មាន​អារម្មណ៍​ធម្មតា ទោះ​ជាគ្មាន​ម៉ាក់​ក្តី ។ ហើយ​គាត់​បាន​ធ្វើ​សម្រេច ។ បន្ទាប់​ពី​អាហារ​ពេល​ល្ងាចដ៏​សាមញ្ញ​របស់យើង ប៉ា​ជា​ទីស្រឡាញ់​របស់​ខ្ញុំ​បាន​សម្រាន្ត​លក់​នៅ​លើ​កៅ​អី​ក្បែរ​កន្លែង​អាំង​ភ្លើង កាល​ខ្ញុំ​យក​ខោអាវ​ថ្មី​ពាក់​ឲ្យ​តុក្កតា​របស់​ខ្ញុំ​លេង​ជាមួយ​នឹង​បងប្អូន​របស់​ខ្ញុំ ។ ម៉ាក់​ជា​ទីស្រឡាញ់​របស់​ខ្ញុំ​បាន​ជា​សះ​ស្បើយ​បន្ទាប់​ពី​សម្រាក​បាន​ច្រើន ហើយ​អ្វីៗ​បាន​ដំណើរ​ការ​ល្អ ។ ប៉ុន្ដែ​នៅក្នុងជីវិត​ខ្ញុំ ឪពុកម្តាយ​ខ្ញុំ​​គឺជា​អំណោយ​ដែល​ផ្តល់​ឲ្យ​ជារៀងរហូត ។

សូមគិត​ពី​ឃ្លា​នេះ​មួយ​សន្ទុះ​សិន ។ តើ​អំណោយ​ដែល​ផ្តល់​ឲ្យ​ជា​រៀងរហូត​អាច​ចាត់ទុកថា​ជា​អំណោយ​ដ៏​ឥតខ្ចោះ​ដែរ​ឬ​ទេ ? ដំបូងឡើយ អំណោយ​ដ៏​ឥតខ្ចោះ​នឹង​បង្ហាញ​អ្វីមួយ​ពី​អ្នក​ផ្តល់​អំណោយ​ឲ្យ ។ ទីពីរ វានឹង​ឆ្លុះ​បញ្ចាំង​អ្វីមួយ​អំពី​តម្រូវការ​របស់​បុគ្គល​ដែល​ទទួល​អំណោយ​នេះ ។ នៅទីបញ្ចប់ បើ​វា​ពិត​ជា​អំណោយ​ដ៏​ល្អ​ឥត​ខ្ចោះ​មែន នោះ​វា​នឹង​មាន​តម្លៃ​ពុំ​គ្រាន់​តែ​ពេលវេលា​កន្លង​ផុត​ទៅ​នោះ​ទេ ប៉ុន្តែ​ជា​រៀង​រហូត ។

តើ​ព្រះអង្គ​សង្គ្រោះ​ជា​ទីស្រឡាញ់​របស់​យើង​ជា​ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពលោក​ពុំ​បាន​បំពេញ​តម្រូវការ​ទាំង​បី​នេះ​ទេ​ឬ​អី ? តើ​អំណោយទាន​នៃ​ការ​ប្រសូត ការងារបម្រើ និងពលិកម្ម​ធួន បង្ហាញ​អ្វីមួយ​អំពី​អ្នក​ផ្តល់​អំណោយ​ឲ្យ​ដែរ​ឬទេ ? ពិតប្រាកដ​ណាស់ ។ « ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក​ដល់​ម្ល៉េះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះរាជ​បុត្រា​ទ្រង់​តែ​មួយ » ។ ព្រះវរបិតា​ដែល​គង់​នៅស្ថានសួគ៌​របស់យើង​បាន​ពលិកម្ម​ព្រះរាជបុត្រា​របស់​ទ្រង់​ចេញ​ពី​សេចក្តី​ស្រឡាញ់​ដ៏​បរិសុទ្ធ​មក​កាន់​យើង​ជាកូនចៅ​របស់​ទ្រង់ ។

តើ​អំណោយ​ទាន​ជា​ព្រះ​យេស៊ូវ គ្រីស្ទ បង្ហាញ​ថា​ព្រះ​វរបិតាសួគ៌​របស់​យើង​ទតដឹង​យ៉ាងពិត​ប្រាកដ​ពី​អ្វី​ដែល​យើង​ត្រូវការ​ដែរ​ឬ​ទេ ? សូម​បញ្ជាក់​ថា​ថ្មី​ថា ពិតប្រាកដណាស់ ! តាម​ធម្មជាតិ​យើង​បាន​ធ្លាក់ ហើយ​យើង​ពិត​ជា​ត្រូវការ​ព្រះអង្គ​សង្រ្គោះ និង​ព្រះប្រោសលោះ​របស់​យើង ។ ដូចដែល​នីហ្វៃ បានបង្រៀនថា ព្រះ​យេស៊ូវ គ្រីស្ទ « ទ្រង់​មិន​ធ្វើ​ការណ៍​ណា​ឡើយ លើកលែង​តែ​ការណ៍​នោះ​មាន​ប្រយោជន៍​ដល់​មនុស្ស​លោក »។​

ហើយ​តើ​តម្រូវ​ការ​ចុង​ក្រោយ​សម្រាប់​អំណោយ​ដ៏​ល្អ​ឥត​ខ្ចោះ​នោះជា​អ្វី ? វា​ត្រូវ​តែ​មាន​តម្លៃ​ជា​រៀងរហូត ។ ព្រះគម្ពីរ​មរមន​បង្រៀន​យើង​យ៉ាង​ច្បាស់​ថា ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​គឺ​និរន្តរ៍ ហើយ​អស់កល្ប​ជានិច្ច ។

តើ​នៅ​ចាំ​ពី​បដា​នៅ​ហាង​លក់​គ្រឿង​អលង្ការ​ដែរ​ឬ​ទេ ? ក្មេង​ស្រី​នោះ​បាន​ដឹង​ដោយ​ឯក​ឯង​ពី​អ្វី​ទៅ​ជា​អំណោយ​ពិត ។ នៅ​ក្នុង​ពិភពលោក​ដ៏​ងងឹត​នេះ យើង​មើល​ទៅ​ពន្លឺ​នៃ​ពិភពលោក ពុំមែន​គ្រឿង​អលង្ការ​នោះទេ ។ ព្រះអង្គសង្គ្រោះ​ផ្ទាល់​បានបង្រៀនថា ៖

រូបភាព
ព្រះយេស៊ូវគ្រីស្ទ

« ដូច្នេះ ចូរ​លើក​ពន្លឺ​របស់​អ្នក​រាល់គ្នា​ឡើង ប្រយោជន៍​ឲ្យ​បាន​ភ្លឺ​ដល់​មនុស្ស​លោក ។ មើល​ចុះ យើង​ជា​ពន្លឺ​ដែល​អ្នក​រាល់គ្នា​នឹង​លើក​ឡើង » ។​

« យើង​ជា​ពន្លឺ​ដែល​ភ្លឺ​មក​ក្នុង​សេចក្ដី​ងងឹត » ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​អំណោយ​ដ៏​ល្អ​ឥត​ខ្ចោះ—ជា​អំណោយ​ដែល​ផ្ដល់​ឲ្យ​ជា​រៀង​រហូត ។ សូម​ឲ្យ​យើង​គ្រប់​គ្នា​តោង​ខ្ជាប់​នឹង​សេចក្ដី​ពិត​នោះ​ក្នុង​ដួង​ចិត្ត​យើង​នៅ​បុណ្យ​គ្រីស្ទម៉ាស់​នេះ និង​ជា​រៀង​រហូត ។ ទ្រង់​មាន​ព្រះជន្ម​រស់ ។ ក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕