ការប្រជុំ​ធម្មនិដ្ឋាន​បុណ្យ​គ្រីស្ទម៉ាស់
ការយល់​ពី​គោលបំណង​នៃ​បុណ្យ​គ្រីស្ទម៉ាស់​កាន់តែ​ច្បាស់


ការយល់​ពី​គោលបំណង​នៃ​បុណ្យ​គ្រីស្ទម៉ាស់​កាន់តែ​ច្បាស់

ខ្ញុំ​ស្រឡាញ់​រដូវកាល​នេះ ពេល​យើង​ជួបជុំ​គ្នា​ជា​ក្រុមគ្រួសារ និង​មនុស្ស​ជាទី​ស្រឡាញ់ ដើម្បី​ចងចាំ​ដល់​ការប្រសូត​នៃ​ព្រះអង្គ​សង្គ្រោះ​យេស៊ូវ​គ្រីស្ទ​របស់​យើង ហើយ​អរព្រះគុណ​ចំពោះ​ព្រះជន្ម និង​ពលិកម្ម​ដ៏​ធួន​ជា​និរន្ដរ៍​របស់​ទ្រង់ ។ ខ្ញុំ​ស្រឡាញ់​ការរំឭក​​រាប់​មិន​អស់​នៅ​ជុំវិញ​ខ្លួន​យើងអំពីរដូវ​ដ៏​ពិសេស​នេះ ហើយ​នៅតែ​មាន​អារម្មណ៍​រំភើប និង​ចូលរួម​បុណ្យគ្រីស្ទម៉ាស់​ដូច​ពី​កុមារភាព​របស់​ខ្ញុំ មិន​ថា​វា​នៅ​ប្រទេស​អង់គ្លេស​ដ៏​ត្រជាក់ ឬនៅ​អារ៉ាប់​ដ៏​ក្ដៅ​ថប់ខ្យល់​នោះ​ទេ ។

ខ្ញុំប្រហែលដូចជាទៀត​ដែរ កាល​ពី​សប្ដាហ៍​មុន ខ្ញុំ​បាន​ខ្វល់​នឹង​ពន្លឺ​បុណ្យគ្រីស្ទម៉ាស់ ពិបាក​សម្គាល់​អំពូល​មួយ​ដែល​បណ្ដាល​ឲ្យ​ខ្សែ​ភ្លើង​មួយ​ខ្សែ​ត្រូវ​ងងឹត ។ នៅ​ពេល​អំពូលភ្លើង​ត្រូវ​បាន​រកឃើញ ហើយ​ដាក់​ជំនួស​ពន្លឺ​ទាំងអស់បាន​ភ្លឺឡើង រួចហើយមានភាព​ធូរស្រាល និង​រីករាយ​ដែល​កើត​មកពី​ជោគជ័យ​តូច​មួយ ។

រឿង​មួយ​ដែល​ខ្ញុំ​ចូលចិត្ត​​ធ្វើ ពេល​បុណ្យ​គ្រីស្ទម៉ាស់​ឈាន​ចូល​មក​ដល់​នោះ​គឺ អង្គុយ​ក្បែរ​ដើម​គ្រីស្ទម៉ាស់​របស់​យើង ដោយ​បិទ​ភ្លើង​ផ្សេងទៀត​ទាំងអស់ ​ភ្នែក​ខ្ញុំមើល​ឲ្យ​ស្រវាំង ពេល​ខ្ញុំ​មើល​ទៅ​ដើម​នោះ​ពេញ​ដោយ​ពន្លឺ​ស​តូចៗ ។ ពេល​ភ្នែក​ខ្ញុំ​​មើលលែង​ច្បាស់ ពន្លឺ​ភ្លើង​នីមួយៗ​រីក​ធំ​ឡើង​យ៉ាង​ស្រទន់ កាល​វា​ចាំង​ចេញ​ពី​គ្រឿង​លម្អ​ពណ៌​ក្រហមៗ​ ។ ឥទ្ធិពល​បែប​នេះ​គឺ​រីករាយ​ណាស់ ។ ជាញឹកញាប់ យើង​ចាក់​ភ្លេង​ដែល​ថ្លែង « អំណរ​ដល់​លោក ​ព្រះ​បុត្រ​កើត​ហើយ »និង « ព្រះ​ខ្ពស់​បំផុត កាល​អ៊ីស្រាអែល​រាយ​ពេញ ដូច​ដួង​តារា​ជះ​រស្មី​ថ្លា » ។

កាល​ភ្នែក​ខ្ញុំ​មើល​ភ្លើង​នៅលើ​ដើម​គ្រីស្ទម៉ាស់ ខ្ញុំ​នឹកចាំ​ជា​ថ្មី​ម្ដងទៀត​ដល់​បេសកកម្ម​ដ៏​ទេវភាព​របស់​ព្រះអង្គ​សង្គ្រោះ​របស់​យើង ដែល​ជា​គោលបំណងដ៏​ចម្បង​ក្នុង​គ្រា​ដ៏​ស្ងាត់​ទាំងនេះ ។ ទ្រង់​មាន​បន្ទូល​ថា « ខ្ញុំ​ជា​ពន្លឺ​លោកីយ៍ អ្នក​ណា​ដែល​តាម​ខ្ញុំ នោះ​មិន​ដែល​ដើរ​ក្នុង​សេចក្តី​ងងឹត​ឡើយ គឺ​នឹង​មាន​ពន្លឺ​នៃ​ជីវិត​វិញ » ។ ខ្ញុំ​សញ្ជឹងគិត​ពី​យប់​ដ៏​បរិសុទ្ធ​ដែល​ទ្រង់​បាន​ប្រសូត​មក​ពោរពេញ​ដោយ​ការដឹងគុណ​ដល់​អំណោយ​របស់​ព្រះវរបិតា​នៃ​ក្ដី​អំណរ ក្ដី​សង្ឃឹម និង​ក្ដី​ស្រឡាញ់​ដែល​បាន​បញ្ជូន​មក​កាន់​ផែនដី​តាមរយៈ​ព្រះរាជបុត្រា​បង្កើត​តែមួយ​របស់​ទ្រង់ ។

គ្រា​ដ៏​ស្ងប់ស្ងាត់​ក្នុង​ការសមាធិ និង​ការគិត​សារ​ឡើងវិញបែប​នេះ​ អាច​ជា​ការកម្រ​ណាស់​សម្រាប់​យើង ក្នុង​ពេល​រៀបចំ​សម្រាប់​ថ្ងៃបុណ្យ​គ្រីស្ទម៉ាស់ ។ ខែ​ធ្នូ​ពោរពេញ​ដោយ​ការជប់លៀង និង​ការប្រគុំ​តន្ដ្រី ការជួបជុំ​គ្នា និង​អំណោយ ។ កាលវិភាគ​បានពេញ​អស់ ហើយ​ពេលខ្លះ​ការរំពឹង​ទុក​ដែល​យើង​ដាក់​លើ​ខ្លួន​ឯង​បក់ផាត់​អំណរ​នៃ​រដូវ​កាល​នេះ​ចេញ​ពី​យើង ជាជាង​ដាក់បន្ថែម​ ។

ដូច្នេះ​ការបង្រៀន​របស់​ប្រធាន ណិលសុន ​សំខាន់ ៖ « អំណរ​ដែល​យើង​មាន​នោះ វា​ទទួល​ឥទ្ធិពល​តិច​តួច​មកពី​កាលៈទេសៈ​នៃ​ជីវិត​យើង ប៉ុន្តែ​វា​មាន​ឥទ្ធិពល​ខ្លាំង​ពី​អ្វីៗ​ទាំងអស់​ដែល​ជីវិត​យើង​ផ្តោត​ទៅលើ » ។ នៅ​ពេល​ជីវិត​របស់​យើង​ផ្តោត​លើ​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​របស់​ព្រះ … ព្រមទាំង​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ នោះ​យើង​អាច​មាន​អំណរ មិន​ថា​មាន​អ្វី​កំពុង​កើត​​ឡើង—ឬ មិន​កើត​ឡើង—នៅ​ក្នុង​ជីវិត​យើង​នោះ​ទេ ។ អំណរ​កើត​មាន​ឡើង​មកពី ហើយ​ដោយសារ​តែ​ទ្រង់ ។ ទ្រង់​គឺ​ជា​ប្រភព​នៃ​អំណរ​ទាំងអស់ ។

នេះ​គឺជា​ឱកាស​ដ៏​ល្អ​ឥតខ្ចោះ​ដើម្បី​ឲ្យ​យើង​ពិចារណា​ប្រកប​ដោយ​ការ​អធិស្ឋាន​អំពី​ការផ្ដោត​ចិត្ត​របស់​យើង ។ តើ​អ្វី​ជា​សេចក្ដី​សង្ឃឹមរបស់​បងប្អូន​សម្រាប់​រដូវ​គ្រីស្ទម៉ាស់​នេះ ? តើ​អ្វី​ជា​បំណង​ប្រាថ្នា​ដ៏​ស្មោះ​សរបស់​បងប្អូន​សម្រាប់​ខ្លួន​ឯង និង​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​បងប្អូន កាល​បងប្អូន​ជួបជុំ​គ្នា​ក្នុង​ពេល​ដ៏​បរិសុទ្ធ​បំផុត​នេះ ?

ក្នុង​រយៈពេល​ពីរ​អាទិត្យ​កន្លះ​ទៀត ថ្ងៃ​បុណ្យ​គ្រីស្ទម៉ាស់​នឹង​មកដល់ ។ សូម​ពិចារណា​ពី​អ្វី​ដែល​បងប្អូន​ដាក់ក្នុងកាលវិភាគ​ខ្លួន​សម្រាប់​រយៈពេល​ពីរ​អាទិត្យ​កន្លះ​ទៀត ។ បងប្អូន​អាច​មាន​អារម្មណ៍​លើសលប់ ដោយ​សារ​តែ​ការតាំងចិត្ត​ដ៏​ច្រើន​ និង​អ្វី​ទាំងអស់​ដែល​បងប្អូនត្រូវ​ធ្វើ ។ តើ​កាលវិភាគ​របស់​បងប្អូន​ដាក់​ពេញ​ពេក​​ឬ ? តើ​ប្រពៃណី និង​សម្ពាធ​ខាង​វប្បធម៌​មួយ​ចំនួន​បណ្ដាល​ឲ្យ​បងប្អូន​មាន​អារម្មណ៍​តានតឹង ហើយ​រារាំង​បងប្អូន​ពី​ការទទួល និង​គិត​ដល់​អំណរនៃ​ការប្រសូត​របស់​ព្រះគ្រីស្ទ​ដែរ​ឬ​ទេ ? តើ​បងប្អូន​អាច​ធ្វើ​ឲ្យ​កាលវិភាគ​របស់​ខ្លួន​ក្នុង​បុណ្យ​គ្រីស្ទម៉ាស់​នេះ​សាមញ្ញ ហើយ​ដាក់​គម្រោង​ប្រសើរ​មួយ​សម្រាប់​ឆ្នាំ​ក្រោយ​ដោយ​របៀប​ណា ?

យើង​ត្រូវតែ​ប្រយ័ត្ន​កុំ​ឲ្យ​រវល់ និង​ហត់​នឿយ​ខ្លាំងពេក ដោយសារ​ខំ​ប្រឹង​ធ្វើ​កិច្ចការ​ច្រើន​ជ្រុល រហូត​ដល់​យើង​ភ្លេច​ពី​មូលហេតុ​ចម្បង​នៃ​រដូវកាល​នេះ ហើយ​មិន​អាច​លុតជង្គង់​នៅឯ​ស្នូក ថ្វាយ​បង្គំ​ស្ដេច​ដែល​ប្រសូត​ថ្មី និង​ថ្វាយ​អំណោយ​ផ្ទាល់ខ្លួន​របស់​យើង​ទៅ​ទ្រង់នោះ​ឡើយ ។

ម្ដាយ​វ័យ​ក្មេង និង​ពួក​យើង​ទាំងអស់គ្នា តើ​បងប្អូន​មាន​អារម្មណ៍​លើសលប់​ឬទេ ? …តើ​បងប្អូន​ផ្ដោតនៅ​ត្រង់ណា ? ប្រហែល​ឆ្នាំ​នេះ បងប្អូន​មិន​ផ្ញើ​កាត​គ្រីស្ទម៉ាស់ ឬ​បងប្អូន​បំភ្លេច​ការ​រំពឹងទុក​ដែល​បំផុស​ផ្សេងទៀត​មួយ​ចំនួន​ដែល​បងប្អូន​រំពឹង​ទុក​ពី​ខ្លួន​ឯង ។ ការចំណាយខាង​ពេលវេលា ឬ​ទឹក​ប្រាក់​ នឹង​ដក​យក​សមត្ថភាព​របស់​យើង​ខ្លះ​ចេញពី​ការផ្ដោត​លើ​ព្រះអង្គ​សង្គ្រោះ និង​អំណរ​ពី​បុណ្យ​គ្រីស្ទម៉ាស់​របស់​ទ្រង់ ។

ឪពុក​វ័យ​ក្មេង និង​ពួកយើង​ទាំងអស់​គ្នា​អើយ តើ​បងប្អូន​ផ្ដោត​ចិត្ត​នៅ​ត្រង់​ណា ? ប្រហែល​ឆ្នាំ​នេះ បងប្អូន​មាន​បុណ្យ​គ្រីស្ទម៉ាស់​ដ៏​សាមញ្ញ​មួយ ដែល​មាន​អំណោយ​ធ្វើ​ដោយ​ដៃ និង​អំណោយ​ជា​ការបម្រើ​ច្រើន​ជាងមុន ពីព្រោះ​សម្ពាធ និង​ការចំណាយ​ក្នុង​ការព្យាយាម​ទិញ​វា​គឺ​មាន​ភាពសម្បើម​ខ្លាំង​ពេក—និង​មិន​ចាំបាច់—​ហើយ​វា​នឹង​ដក​យក​សមត្ថភាព​របស់​បងប្អូន​ខ្លះ​ចេញ​ពី​ការផ្ដោត​លើ​ព្រះអង្គ​សង្គ្រោះ និង​មាន​អារម្មណ៍​សុខសាន្ដ​ក្នុង​បុណ្យ​គ្រីស្ទម៉ាស់​របស់​ទ្រង់ ។

ការបម្រើ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ក្នុង​ពេល​គ្រីស្ទម៉ាស់​អាច​មាន​អត្ថន័យ​ជាពិសេស ។ ព្រះវិហារ​បរិសុទ្ធ​កែតម្រូវ​ការផ្ដោត​ចិត្ត​របស់​យើង បង្កើន​អំណរ​របស់​យើង ហើយ​បង្រួប​បង្រួម​ក្រុមគ្រួសារ​នៅ​ទីនេះ និង​នៅ​ម្ខាងទៀត​នៃ​វាំងនន ។ សូម​ពិចារណា​ពី​ការបម្រើ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ជំនួស​ឲ្យ​សកម្មភាព​បុណ្យ​គ្រីស្ទម៉ាស់​ផ្សេងទៀត ដែល​មិន​អាច​ជួយ​បងប្អូន​ឲ្យ​ទទួល​បាន​សេចក្ដី​ស្ងប់​ក្នុង​រដូវ​បុណ្យ​គ្រីស្ទម៉ាស់​នេះ ។ ពិធីបរិសុទ្ធ​ដ៏​បរិសុទ្ធ​ទាំងនោះ—​ពោល​គឺ​សេចក្ដី​សុខសាន្ដ និង​អំណាច​បព្វជិតភាព ដែល​វា​មាន​សម្រាប់​មនុស្ស​ទាំងអស់ ដែល​ឱប​ក្រសោប​វា—​កើត​មាន​ឡើង​ដោយសារ​តែ​ព្រះរាជបុត្រា​បង្កើត​តែមួយ​គត់​របស់​ព្រះវរបិតា​ប៉ុណ្ណោះ ជា « កូនចៀម​ដែល​គេ​សម្លាប់​តាំង​ពី​ការបង្កើត​លោកិយ​មក » ដែល​យើង​ប្រារព្ធ​ការប្រសូត​របស់​ទ្រង់​នា​ពេល​នេះ ។

កាល​បុណ្យ​គ្រីស្ទម៉ាស់​នេះ​មកដល់ ចូរ​យើង​ធ្វើ​កិច្ចការ​ដែល​មាន​អត្ថន័យ​បន្ថែម​ទៀត ហើយ​លះបង់​កិច្ចការ​ដែល​មិន​សូវ​មាន​អត្ថន័យ​ចោល ។ ចូរ​យើង​ព្យាយាម​ធ្វើ​កិច្ចការរបស់​ព្រះយេស៊ូវ​នៃ​ណាសារ៉ែត—​លើក​ស្ទួយ​អ្នកមាន​ទុក្ខសោក ព្យាបាល​អ្នក​ខូចចិត្ត ទៅលេង​អ្នកជាប់​គុក ផ្ដល់​អាហារ​ដល់​អ្នកស្រេក​ឃ្លាន ផ្ដល់​សម្លៀក​បំពាក់​ដល់​អ្នកអាក្រាត និង​ផ្ដល់​សំឡេង​ដល់​អ្នកគ្មាន​សំឡេង អ្នកមិន​សូវ​សំខាន់ អ្នកដែល​គេ​ភ្លេច និង​អ្នកដែលគេ​ប្រមាថ ។

សម្រាប់​បងប្អូន​ដែល​ស្ថិត​ក្នុងវិបត្តិ​នា​បុណ្យ​គ្រីស្ទម៉ាស់​នេះ សូម​ឲ្យ​បងប្អូន​រកឃើញ​អំណោយ​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ មានជា​ពិសេស​សម្រាប់​បងប្អូន ។​ នៅ​គ្រា​នេះ មនុស្ស​ជាច្រើន​រង​ការឈឺចាប់​នឹង​ការបាត់បង់​មនុស្ស​ជាទីស្រឡាញ់​ដោយសារ​ជំងឺ ជរាភាព ឬ​ឧប្បទ្ទវហេតុ​ដ៏​អាក្រក់​មួយ​ចំនួន ។​ មនុស្ស​ជាច្រើន​ចងចាំ​ដល់​ការបាត់បង់​ពី​អតីតកាល ដែល​បាន​កើតឡើង​នៅ​រដូវ​គ្រីស្ទម៉ាស់ ហើយ​វា​នឹង​ជា​អនុស្សាវរីយ៍​ដ៏​ខ្លោចផ្សារ​មួយ​សម្រាប់​បងប្អូន ។ អ្នកខ្លះ​កំពុង​ទួញសោក​នឹង​ជម្រើស​ដែល​មនុស្ស​ជាទី​ស្រឡាញ់​របស់​ពួកគេ​បាន​រើស​នៅ​ពេល​នេះ ។ អ្នកផ្សេង​ទៀត​នៅ​ឯកោ គ្មាន​គ្រួសារ ជួប​នឹង​ចលាចល ឬ​មូលហេតុ​ណា​មួយ ប្រឈម​នឹង​បុណ្យ​គ្រីស្ទម៉ាស់​ដ៏​ប្លែក​ខ្លាំង​មួយ ដែល​ខុស​ពី​អ្វី​ដែល​ពួកគេ​ធ្លាប់​បាន​ប្រារព្ធ​កាល​ពី​អតីតកាល ។

សូម​ជឿថា មាន​អំណោយ​ដ៏​ពិសេស​មួយ​ក្នុង​រដូវ​កាល​នេះមាន​សម្រាប់​បងប្អូន ។ សូម​ស្វែងរក​ក្នុង​គ្រា​ដ៏​ស្ងប់ស្ងាត់​តែ​ឯង​នោះ ដើម្បី​បងប្អូន​អាច​ពិចារណា អធិស្ឋាន និង​មាន​អារម្មណ៍​ពី​ព្រះទ័យ​សណ្ដោស​ស្រឡាញ់​របស់​ព្រះអង្គ ដែលការប្រសូត​របស់ទ្រង់​ធ្វើឲ្យ​មានអំណរ​ក្នុង​ជីវិត​យើង ។ ការសន្យា​គឺ​ថា នៅ​ថ្ងៃមួយ « គ្មាន​សេចក្តី​ស្លាប់ ឬ​សេចក្តី​សោក​សង្រេង ឬ​សេចក្តី​យំ​ទួញ ឬ​ទុក្ខ​លំបាក​ណា​ទៀត​ឡើយ » ។ « គេ​នឹង​មិន​ឃ្លាន ឬ​ស្រេក​ទៀត ។ … ពី​ព្រោះ​កូន​ចៀម​ដែល​នៅ​កណ្តាល​បល្ល័ង្ក ទ្រង់​នឹង​ឃ្វាល ហើយ​នាំ​គេ​ទៅ​ដល់​រន្ធ​ទឹក​នៃ​ជីវិត ហើយ​ព្រះ​ទ្រង់​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក​ពី​ភ្នែក​គេ​ចេញ » ។

រូបភាព
ព្រះយេស៊ូវ​កំពុង​កាន់​ចង្កៀង​ប្រេង

សូម​ចំណាយ​ពេល​នៅ​ស្ងៀម ដក​ដង្ហើម និង​ងឿងឆ្ងល់ ។ សូម​សំឡឹង​មើល​ទៅលើ ។ សូម​ផ្ដោត​លើ​អំណោយ​ដ៏​មហិមា​របស់​ទ្រង់—​ចំណេះដឹង​ថា​បងប្អូន​ជា​នរណា​ឲ្យ​ប្រាកដ និង​ការយល់ដឹង​ថា ការសាកល្បង​នៅ​ទីនេះ​នឹង​កន្លង​ទៅ​យ៉ាង​ឆាប់ ហើយ​ថា​អំណរ​នៅ​ទីនេះ​គឺ​គ្រាន់តែ​ជា​ការចាប់​ផ្ដើម​នៃអំណរ​ដែល​នឹង​កើតឡើង​ប៉ុណ្ណោះ ។ « បងប្អូន​ប្រុស​ស្រី​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ អំណរ​ដែល​យើង​មាន​នោះ វា​មាន​ឥទ្ធិពល​តិច​តួច​លើ​កាលៈទេសៈ​នៃ​ជីវិត​យើង ប៉ុន្តែ​វា​មាន​ឥទ្ធិពល​ខ្លាំង​លើ​អ្វី​ដែល​ជីវិត​យើង​ផ្តោត​ទៅលើ » ។

« ហើយ​ឥឡូវ​នេះ ខ្ញុំ​ចង់​ទូន្មាន​អ្នក​រាល់​គ្នា​ឲ្យ​ស្វែងរក​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ពួក​ព្យាការី និង​ពួក​សាវក​បាន​សរសេរ​មក​នេះ សូម​ឲ្យ​ព្រះគុណ​នៃ​ព្រះវរបិតា និង​ព្រះយេស៊ូវ​គ្រីស្ទ និង​ព្រះវិញ្ញាណ​បរិសុទ្ធ​ផង ដែល​ធ្វើ​បន្ទាល់​អំពី​ទ្រង់​អាច​មក​សណ្ឋិត​នៅក្នុង​អ្នករហូត​ត​ទៅ » ។១០​ ដើម្បី​ឲ្យ​យើង​អាច​និយាយ​ថា « យើង​ទទួល​ព្រះ​អង្គ ប្រសូត​នា​ព្រឹក​ផូរ​ផង់​ ។… ចូរ​មក​ថ្វាយ​បង្គំ​ព្រះ​អង្គ » ។១១

នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕