ការប្រជុំ​ធម្មនិដ្ឋាន​បុណ្យ​គ្រីស្ទម៉ាស់
ព្រះគ្រីស្ទ​ប្រសូត​មក​ដើម្បី​សង្គ្រោះ


ព្រះគ្រីស្ទ​ប្រសូត​មក​ដើម្បី​សង្គ្រោះ

ការប្រជុំ​ធម្មនិដ្ឋាន​បុណ្យ​គ្រីស្ទម៉ាស់​របស់​គណៈប្រធាន​ទីមួយ​ឆ្នាំ ២០២៣

ថ្ងៃ អាទិត្យ ទី ៣ ខែ ធ្នូ ឆ្នាំ ២០២៣

ខ្ញុំ​ចូលចិត្ត​បុណ្យ​គ្រីស្ទម៉ាស់ ! ដំណើររឿង​ព្រះគម្ពីរ តន្ដ្រី និង​អារម្មណ៍​នៃ​សុឆន្ទៈ និង​សេចក្ដី​សប្បុរស​ហាក់​ដូចជា​ជោរជន់​ច្រើន​លើ​ផែនដី​នៅ​អំឡុង​ពេល​ដ៏ពិសិដ្ឋ​នេះ ។

អស់​ជាច្រើន​ឆ្នាំ ភរិយា​ខ្ញុំ និង​ខ្ញុំ​បាន​ទៅ​ប្រទេស​ជាច្រើន​ក្នុង​អំឡុង​រដូវ​បុណ្យ​គ្រីស្ទម៉ាស់ ។ យើង​ចូលចិត្ត​មើល​ទំនៀម​ទម្លាប់ និង​របៀប​ផ្សេងៗ​ជាច្រើន ដែល​គេ​ប្រារព្ធ​ធ្វើ​បុណ្យ​គ្រីស្ទម៉ាស់ ។ ការគិត​អំពី​បទពិសោធន៍​ទាំងនេះ​បាន​ជួយ​ខ្ញុំ​ឲ្យ​ដឹង​ថា បុណ្យ​គ្រីស្ទម៉ាស់​គឺ​សម្រាប់​មនុស្ស​គ្រប់គ្នា ។ វា​គឺ​សម្រាប់​កុមារ ឪពុក​ម្ដាយ ជីដូន​ជីតា ពូ​មីង និង​បងប្អូន​ជីដូន​មួយ ។ វា​គឺ​សម្រាប់​មនុស្ស​ដែល​មាន​ជីវិត​កំពុង​ដើរ​យ៉ាង​រលូន និង​សម្រាប់​អ្នក​ដែល​រស់នៅ​ដោយ​មាន​ជំងឺ រស់​ក្នុង​ភាពក្រីក្រ និង​ការសាកល្បង ។ វា​គឺ​សម្រាប់​អ្នក​ដែល​រងគ្រោះ​ដោយ​សង្គ្រាម​ដ៏​ព្រៃផ្សៃ និង​សម្រាប់​អ្នក​ដែល​រស់នៅ​ក្នុង​ស្ថានភាព​ពេញ​ដោយ​សន្តិភាព និង​ចម្រុង​ចម្រើន ។ វា​គឺ​សម្រាប់​អ្នក​ដែល​ព្យាយាម​ធ្វើតាម​ព្រះអង្គ​សង្គ្រោះ សម្រាប់​អស់អ្នក​មិន​ដែល​ឮ​ពី​ព្រះនាម​របស់​ទ្រង់ និង​ថែមទាំង​សម្រាប់​អ្នក​ដែល​បដិសេធ​ទ្រង់​ទៀត​ផង ។ វា​ក៏​សម្រាប់​អ្នក​ដែល​បាន​រស់នៅ មុនពេល​ទ្រង់​បាន​ប្រសូត​មក​ផងដែរ ។ បុណ្យ​គ្រីស្ទម៉ាស់​គឺ​សម្រាប់​មនុស្ស​គ្រប់គ្នា !

បុណ្យ​គ្រីស្ទម៉ាស់​គឺ​សម្រាប់​មនុស្ស​គ្រប់គ្នា ពីព្រោះ​ព្រះ​បាន​បញ្ជូន​ព្រះរាជបុត្រា​ទ្រង់​មក​ឲ្យ​យើង​ទាំងអស់​គ្នា និង​សម្រាប់​យើង​ម្នាក់ៗ ។ « ដ្បិត​មាន​បុត្រ​១​កើត​ដល់​យើង » ។

ដោយសារ​ព្រះអង្គ​សង្គ្រោះ​បាន​ប្រសូត​មក រស់នៅ​ដោយ​គ្មាន​អំពើបាប ធ្វើ​ដង្វាយធួន​ដើម្បី​យើង ហើយ​បាន​រស់​ឡើងវិញ នោះ​យើង​ម្នាក់ៗ​នឹង​ទទួល​បាន​អំណោយ​ដ៏​អស្ចារ្យ​នៃ​ការរស់​ឡើងវិញ​ពី​សេចក្ដី​ស្លាប់ ។ គ្មាន​ព្រលឹង​ណាមួយ​ដែល​ធ្លាប់​បាន​រស់នៅ​លើ​ផែនដី​នេះ មិន​ទទួល​បានអំណោយ​ដ៏​អស្ចារ្យ​នេះ​ទេ ។ ក្រៅពី​អំណោយ​នេះ « សេចក្តី​ដែល​ភ្នែក​មិន​ដែល​ឃើញ ត្រចៀក​មិន​ដែល​ឮ … គឺ​សេចក្តី​នោះ​ឯង​ដែល​ព្រះ​បាន​រៀបចំ​ទុក​សម្រាប់​ពួក​អ្នក​ដែល​ស្រឡាញ់​ទ្រង់ » ។

មិន​ថា​ពេលវេលា ឬ​កាលៈទេសៈ​អ្វី​នោះ​ទេ ការប្រសូត​របស់​ព្រះអង្គ​សង្រ្គោះ​តែងតែ​ជា​ហេតុផល​មួយ​ដើម្បី​អរ​រីករាយ​ជានិច្ច ។ ទ្រង់​បាន​យាងមក​ដើម្បី​ប្រទាន « សេចក្ដី​សុខសាន្ត​នៅ​នា​លោកិយ​នេះ និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​នៅ​បរលោក » ដល់​បុត្រា​បុត្រី​ម្នាក់ៗ​របស់​ព្រះវរបិតា​សួគ៌ ។

តាំងពី​ជំនាន់​លោក​អ័ដាម និង​នាង​អេវ៉ា​មក មនុស្ស​សុចរិត​បាន​ទន្ទឹងចាំ​ការប្រសូត​របស់​ព្រះអង្គ​សង្គ្រោះ ដែល​នឹង​យាងមក​ផែនដី​ដើម្បី​សម្រេច​ផែនការ​របស់​ព្រះវរបិតា​សម្រាប់​បុត្រា​បុត្រី​របស់​ទ្រង់ ។ អេសាយ និង​នីហ្វៃ​បាន​ព្យាករ​អំពី​ការប្រសូត​របស់​ទ្រង់​នៅក្នុង​បរិបទ​នៃ​បេសកកម្ម​របស់​ទ្រង់ ។ ការប្រសូត​របស់​ទ្រង់​មិន​អាច​បំបែក​ចេញពី​មូលហេតុ ដែល​ទ្រង់​បាន​យាងមក​ផែនដី​បាន​ទេ ។

សូម​គិត​អំពី អាណា និង​លោក​ស៊ីម្មាន ដែល​បាន​ឃើញ​ព្រះឱរស​យេស៊ូវ ហើយ​បាន​ដឹង​ថា ព្រះឱរស​នេះ​គឺជា « ពន្លឺ​សម្រាប់​បំភ្លឺ » ពិភពលោក​ទាំងមូល និង​ជា​ក្តីសង្ឃឹម​សម្រាប់​ការប្រោសលោះ ។ យើង​មិន​ឆ្ងល់​សោះ​ឡើយ​ថា ទេវតា​បាន​ជ្រើសរើស​សារ​ទាំងនេះ « ដំណឹងល្អ​ដល់​អ្នក​រាល់​គ្នា​ពី​សេចក្ដី​អំណរ​យ៉ាង​អស្ចារ្យ​ដែល​សម្រាប់​បណ្ដា​ជន​ទាំង​អស់​គ្នា » ។ យើង​អរ​រីករាយ ពេល​ទារក​កើត​មក ប៉ុន្ដែ​ការប្រសូត​នេះ និង​ព្រះឱរស​នេះ​គឺ​ខុសពី​គេ ។

ព្រះយេស៊ូវ​គ្រីស្ទ ដែល​ជា​ពន្លឺ និង​ជីវិត​នៃ​ពិភពលោក​នេះ បាន​ប្រសូត​មក​ជា​ព្រះឱរស​ដ៏តូច​មួយ​នៅក្នុង​ស្នូក​ដ៏ទន់ទាប ប៉ុន្តែ​មាន​ផ្កាយ​ថ្មី​មួយ​បាន​បង្ហាញ​ពី​ការប្រសូត​របស់​ទ្រង់ ។ ព្រះគម្ពីរ​មរមន​ប្រាប់​ពី​ព្រឹត្តិការណ៍​ដ៏​គួរឲ្យ​រំជួល​ចិត្ត​មួយ—គឺ​មួយ​ថ្ងៃ មួយ​យប់ និង​មួយ​ថ្ងៃ​ដែល​មិន​ងងឹត—ដែល​ជា​ទីសម្គាល់​នៃ​ការយាងមក​របស់​ទ្រង់ ។ ទីសម្គាល់​ប្រកប​ដោយ​អព្ភូតហេតុ​ទាំងនេះ​ត្រូវបាន​ផ្តល់​ឲ្យ​ដើម្បី​ប្រកាស​ពី​ការមកដល់​នៃ​ពន្លឺ​លោកីយ៍១០ ដែល​នឹង​រំដោះ​យើង​ពី​ភាពងងឹត​នៃ​អំពើបាប និង​សេចក្ដី​ស្លាប់ ។ យើង​អាច​ជួយ​ចែកចាយ​ពន្លឺ​របស់​ទ្រង់​ជាមួយ​ពិភពលោក​បាន ។

នៅ​រដូវ​បុណ្យ​គ្រីស្ទម៉ាស់ សូម្បីតែ​កុមារ​តូចៗ​ក៏​អាច​មាន​អារម្មណ៍​ពី​ឥទ្ធិពល​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ​យើង​ដែរ ។ ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ កូនស្រី​ម្នាក់​របស់​យើង​ឈ្មោះ សុនយ៉ា បាន​សរសេរ​អំពី​ការសន្ទនា​មួយ ដែល​នាង​មាន​ជាមួយ​កូនប្រុស​អាយុ​ប្រាំ​ឆ្នាំ​របស់​នាង ។

នាង​បាន​សរសេរ​ថា « អេនឌ្រូ បាន​និយាយ​ប្រាប់​ខ្ញុំ​យប់​នេះ ពេល​ខ្ញុំ​ដាក់​គាត់​ឲ្យ​គេង​ថា ‹ ឆ្នាំ​ក្រោយ កូន​នឹង​មិន​ផ្ដោត​ខ្លាំង​លើ​អំណោយ​ទេ តែ​កូន​នឹង​ផ្ដោត​លើ​អ្វី​ដែល​កូន​នឹង​ថ្វាយ​ព្រះយេស៊ូវ​វិញ › ។ ខ្ញុំ​បាន​សួរ​គាត់​ថា តើ​គាត់​បាន​គំនិត​បែបនេះ​មកពី​ណា ហើយ​គាត់​ប្រាប់​ខ្ញុំ​ថា មកពី​គ្រូបង្រៀន​ថ្នាក់​កុមារ​របស់​គាត់ ។ អស្ចារ្យ​មែន​ថ្នាក់​កុមារ ! »១១

ប្រាកដ​ណាស់ ។ អស្ចារ្យ​មែន​ថ្នាក់​កុមារ ។ ឥឡូវ​នេះ ១៤ ឆ្នាំ​ក្រោយមក អេនឌ្រូ កំពុង​បម្រើ​បេសកកម្ម និង​ចំណាយ​ពេល​ក្នុង​រដូវ​បុណ្យ​គ្រីស្ទម៉ាស់​នេះ​ដើម្បី​ចែកចាយ​សារលិខិត​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ទៅកាន់​អ្នកដទៃ ។ ថ្មីៗ​នេះ គាត់​បាន​សរសេរ​ថា « ព្រះយេស៊ូវ​បាន​ប្រទាន​អ្វី​គ្រប់យ៉ាង​ដល់​យើង … [ហើយ]​នឹង​ទទួល​យក​អំពើបាប​របស់​យើង​ទាំងអស់ ។ នោះ​ជា​មូលហេតុ​ដែល​ខ្ញុំ​មក​បម្រើ​បេសកកម្ម​នេះ » ។១២

រដូវ​បុណ្យ​គ្រីស្ទម៉ាស់​គឺជា​ពេល​ដ៏​ពិសេស​មួយ ដើម្បី​គិតពី​អ្វី​ដែល​សំខាន់​បំផុត​ដែល​ត្រូវ​ផ្តល់ឲ្យ ។ យើង​អាច​ជួយ​អ្នកដទៃ​ឲ្យ​មាន​អារម្មណ៍ « រំភើប​នៃ​សេចក្ដី​សង្ឃឹម »១៣ដែល​ជា​លទ្ធផល​នៃ​ការស្គាល់​ព្រះអង្គ​សង្រ្គោះ និង​ការថ្វាយ​ដួងចិត្ត​របស់​យើង​ដល់​ទ្រង់ ។

កូនស្រី​របស់​យើង អាលីសា បាន​លាចាក​លោក​ដោយសារ​ជំងឺ​មហារីក​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ហើយ​ខ្ញុំ​ពេញចិត្ត​ទស្សនវិស័យ​របស់​នាង​អំពី​បុណ្យ​គ្រីស្ទម៉ាស់ ទោះជា​នាង​បាន​ប្រឈម​មុខ​នឹង​ការព្យាករ​សុខភាព​ដ៏​អាក្រក់​ក៏ដោយ ។ នា​ឆ្នាំ​មួយ នាង​បាន​សរសេរ ៖

« ខ្ញុំ​បាន​ទទួល​ការភ្ញាក់ផ្អើល​មួយ​សម្រាប់​បុណ្យ​គ្រីស្ទម៉ាស់ ។ ជា​កាដូ ដ៏ធំ មួយ ។​… ខ្ញុំ​បាន​ទទួល​អ៊ីម៉ែល មុន​បុណ្យ​គ្រីស្ទម៉ាស់​ពី​គិលានុបដ្ឋាយិកា​នៅ​ការិយាល័យ​អ្នកឯកទេស​ជំងឺ​មហារីក​របស់​ខ្ញុំ ។ គាត់​បាន​និយាយ​ថា ‹ រីករាយ​បុណ្យ​គ្រីស្ទម៉ាស់—គីស​របស់​អ្នក​បាន​តេស្ដ​វិជ្ជមាន​សម្រាប់​ការផ្លាស់ប្តូរ [ ហ្សែន​ជាក់លាក់​មួយ ] › ។ … តើ​ការណ៍​នេះ​មាន​អត្ថន័យ​យ៉ាងណា​ចំពោះ​ខ្ញុំ ? ពួកគេ​បាន​អនុម័ត​ឲ្យ​ប្រើ … ថ្នាំ … ដែល​រារាំង​ដល់​ផ្លូវ​ដែល​ផ្ដល់​សញ្ញា​នៃ​កោសិកា​មហារីក [ សម្រាប់​អ្នកខ្លះ​ដែល​មាន​ការផ្លាស់ប្តូរ​នោះ ] ។ វា​មិនមែន​ជា​ថ្នាំ​ព្យាបាល​ទេ តែ​ជា​ថ្នាំ​អព្ភូតហេតុ​មួយ ដែល​អាច​បង្រួម … ការដុះ​គីស​យ៉ាង​លឿន​បាន ។ … ជាអកុសល នៅ​ទីបំផុត រាងកាយ​រកឃើញ​ផ្លូវ​មួយ​យកឈ្នះ​វា ហើយ​ជំងឺ​មហារីក​ក៏​ត្រឡប់​មកវិញ ។ … ប៉ុន្ដែ​ខ្ញុំ​មាន​អារម្មណ៍​ថា នរណាម្នាក់​ទើបតែ​ពន្យារ​ពេល​ជីវិត​ខ្ញុំ​បាន​ប៉ុន្មាន​ខែ​ទៀត ។ ហើយ​តើ​វា​អាច​ជា​អ្វី​ទៅ ? … រដូវ​ក្ដៅ​បន្ថែម​មួយ​ទៀត ? រដូវ​ឈប់​សម្រាក​មួយ​ទៀត​ជាមួយ​នឹង​កូនៗ​របស់​ខ្ញុំ ? ខ្ញុំ​យំ ពេល​ខ្ញុំ​បើក​អ៊ីម៉ែល​នោះ ហើយ​បាន​អរព្រះគុណ​ព្រះ​ចំពោះ​ការភ្ញាក់ផ្អើល​ដ៏ល្អ​បំផុត​ដែល​ខ្ញុំ​មិន​ធ្លាប់​មាន​នេះ » ។១៤

អាលីសា បាន​ចំណាយ​ពេល​ដ៏មាន​តម្លៃ​បន្ថែម​ទៀត​ជាមួយ​គ្រួសារ​របស់​នាង ។ នាង​បាន​ចែកចាយ​បទពិសោធន៍​មួយ ដែល​គ្រួសារ​របស់​ពួកគេ​បាន​មាន ពេល​កំពុង​យក​អំណោយ​បុណ្យ​គ្រីស្ទម៉ាស់​អនាមិក​មួយ​ឲ្យ​អ្នកជិតខាង​ម្នាក់ ។ វា​បង្ហាញ​ថា រាល់​សេចក្ដី​លម្អិត​នៃ​ការផ្ដល់​អំណោយ​របស់​យើង​ប្រហែល​ជា​មិន​ល្អ​ឥតខ្ចោះ​ជានិច្ច​នោះ​ទេ ។ នាង​បាន​សរសេរ ៖

« យើង​បាន​ទម្លាក់​អំណោយ​អាថ៌កំបាំង … នៅ​យប់​មួយ ។ ពួកប្រុសៗ​បាន​គ្រោង​របៀប​រត់គេច​ដ៏ល្អ​បំផុត​របស់​ពួកគេ និង​កន្លែង​លាក់ខ្លួន ។

« សេម និយាយ​ដោយ​ម៉ឺងម៉ាត់ ទាំង​ដែល​ពីរ​នាក់​ទៀត​បាន​អោន​មុខ​ដោយ​ភ័យៗ ថា ‹ តែ​ក្នុង​ករណី​ដែល​ពួកគាត់​ឃើញ​យើង … › ។ ‹ យើង​គួរតែ​មាន​ដុំបាល់​ព្រិល​ខ្លះ​ក្នុង​ដៃ​យើង › ។

« ជេមស៍ យល់​ហើយ ។ ‹ អូខេ អ៊ីចឹង ។ គប់​ឲ្យ​ចំ​ទ្វារ​ដើម្បី​បិទ​ទ្វារ​ឬ ? ›

« ‹ អត់​ទេ › [ សេម ឆ្លើយ ] ‹ យើង​គប់​ឲ្យ​ចំ​មុខ​គាត់​កុំ​ឲ្យ​មើល​ឃើញ​យើង › » ។១៥

អាលីសា បាន​ចែកចាយ​ការសន្ទនា​ដ៏​គួរឲ្យ​ស្រឡាញ់​មួយ​ទៀត​ជាមួយ​កូនប្រុស​ពៅ​របស់​នាង​ឈ្មោះ លូក ដែល​មាន​អាយុ​ត្រឹម​តែ​ប្រាំមួយ​ឆ្នាំ​ប៉ុណ្ណោះ​នៅពេល​នោះ ។ នាង​បាន​សរសេរ ៖

« យប់​នេះ ពេល​យើង​គេង​លើ​គ្រែ​របស់​គាត់ ដែល​បំភ្លឺ​ដោយ​ភ្លើង​ពណ៌លម្អ​នៅពី​លើ​បង្អួច​របស់​គាត់ ខ្ញុំ​សួរ​គាត់​ថា …‹ អ៊ីចឹង តើ​កូន​ចង់​សូម​អ្វី​ដែរ … ? ›

« ‹ មែនហើយ កូន​អាច​គិត​ដល់​អ្វីមួយ › ។

« ‹ អូ ? ›

« ‹ វា​អាច​ប្រើ​បាន​នៅ​គ្រប់​រដូវ › ។

« ‹ អូ ? ›

« ស្ងាត់​មួយ​សន្ទុះ​ធំ ។ ‹ ការឱប និង​ការថើប​ពី​ម៉ាក់ › ។

« កូន​សម​នឹង​ទទួល​បាន​ការថើប ១០០ ដង និង​ការឱប​ដ៏ធំ​ប៉ុន​ខ្លាឃ្មុំ​នៅពេល​នោះ ។ ‹ កូន​លូក​ឆ្កួតៗ កូន​អាច​ឱប និង​ថើប​ម៉ាក់​បាន​គ្រប់ពេល ! ›

« តែ​ពេល​ខ្ញុំ​ដើរ​ផុត​ទ្វារ ខ្ញុំ​ពិបាក​ចិត្ត​បន្ដិច​ដែរ ។ ខ្ញុំ​គិត​ថា ប្រហែល​ជា​វា​មិន​ពិត​នោះ​ទេ ។ ខ្ញុំ​មាន​អំណរគុណ​យ៉ាង​ខ្លាំង​ដែល​ឆ្នាំ​នេះ គាត់​នៅ​អាច​ឱប​ថើប​ខ្ញុំ​បាន និង​បាន​អំណោយ​ទៀត » ។១៦

ខ្ញុំ​ភ្ញាក់ផ្អើល​ជាពិសេស​នឹង​គំនិត​របស់ អាលីសា អំពី​ក្តីសង្ឃឹម​នៅ​ជុំវិញ​បុណ្យ​គ្រីស្ទម៉ាស់ ។ នាង​បាន​សរសេរ ៖

« ខ្ញុំ​ចាប់​អារម្មណ៍​នឹង​ក្តីសង្ឃឹម​យ៉ាង​ខ្លាំង​ក្នុង​រដូវ​កាល​នេះ ។ កាល​ខ្ញុំ​គិត​អំពី​អព្ភូតហេតុ​របស់​ព្រះគ្រីស្ទ និង​អំណោយ​ជាច្រើន​របស់​ព្រះ ខ្ញុំ​មាន​ក្ដីសង្ឃឹម​ចំពោះ​អ្វីៗ​គ្រប់យ៉ាង និង​មនុស្ស​គ្រប់គ្នា ។ មិន​ចាំបាច់​តែ​ការមាន​ក្ដីសង្ឃឹម​ថា អ្វីៗ​គ្រប់​យ៉ាង​នឹង​ល្អ​ឥតខ្ចោះ​នោះ​ទេ តែ​ថា​អ្វីៗ​គ្រប់​យ៉ាង​នឹង​មិន​អី​ទេ ហើយ​នៅ​ទីបំផុត សេចក្ដីល្អ​នឹង​យកឈ្នះ [ បាន ] ។ ក្នុង​ជីវិត​យើង​ទាំងអស់​គ្នា ។ ខ្ញុំ​គិត​ថា វា​មិន​យឺត​ពេល​ពេក​នោះ​ទេ​សម្រាប់​អព្ភូតហេតុ សម្រាប់​ការផ្លាស់ប្តូរ សម្រាប់​សេចក្ដី​សុខសាន្ដ ។ ខ្ញុំ​ពិតជា​ជឿ​លើ​រឿង​នោះ​នៅក្នុង​ចិត្ត​ខ្ញុំ​យ៉ាង​ស្មោះសរ និង​ទាំងស្រុង ។ ខ្ញុំ​សារភាព​ថា វា​ហាក់​ដូចជា​ងាយស្រួល​ជាង​ដើម្បី​មាន​អារម្មណ៍​ក្ដីសង្ឃឹម​នេះ​សម្រាប់​អ្នកដទៃ ហើយ​វា​ពិបាក​អនុវត្ត​ដោយ​ខ្លួនឯង​ជាង ។ ប៉ុន្តែ​ខ្ញុំ​កំពុង​រៀន ។ ‹ ជឿ​គ្រប់​ទាំងអស់ សង្ឃឹម​គ្រប់​ទាំងអស់ ស៊ូទ្រាំ​គ្រប់​ទាំងអស់ › ។ សាមញ្ញ ។ ស្រស់ស្អាត » ។

ពេល​និយាយ​ពី​កូនប្រុស​របស់​នាង នាង​បាន​បន្ត​ថា « នៅ​រាត្រី​មុន​បុណ្យ​គ្រីស្ទម៉ាស់ ជេមស៍ បាន​លេង [ បទចម្រៀង​គ្រីស្ទម៉ាស់ ហើយ​ខ្ញុំ ] ស្រឡាញ់​ទំនុកបទ​ចម្រៀង​នេះ​ណាស់ ៖

ពួក​គ្រីស្ទាន​ល្អ អរ​រីករាយ

ក្នុង​ចិត្ត និង​ព្រលឹង និង​សំឡេង

ឥឡូវ​អ្នក​មិន​ត្រូវ​ខ្លាច​ផ្នូរ​ឡើយ ៖

សេចក្ដី​សុខសាន្ដ ! សេចក្ដី​សុខសាន្ដ !

ព្រះយេស៊ូវ​គ្រីស្ទ​ប្រសូត​មក​ដើម្បី​សង្គ្រោះ !

ហៅ​អ្នក​ម្នាក់ ហើយ​ហៅ​អ្នក​ទាំងអស់​គ្នា

ឲ្យ​ទទួលបាន​ទី​ដ៏​អស់កល្ប​ជានិច្ច​របស់​ទ្រង់ ៖

ព្រះគ្រីស្ទ​ប្រសូត​មក​ដើម្បី​សង្គ្រោះ !

ព្រះគ្រីស្ទ​ប្រសូត​មក​ដើម្បី​សង្គ្រោះ ! »១៧

ទ្រង់​ប្រសូត​មក​ដើម្បី​សង្គ្រោះ ។ ដើម្បី​សង្គ្រោះ​បងប្អូន និង​ដើម្បី​សង្គ្រោះ​ខ្ញុំ ។ ឱ នោះ​ជា​អំណោយ​ដែល​មិន​អាច​ប្រៀប​ផ្ទឹម​បាន ដែល​មាន​តែ​ទ្រង់​ប៉ុណ្ណោះ​ទើប​អាច​ប្រទាន​ឲ្យ​បាន ។ មិន​ថា​កាលៈទេសៈ​បច្ចុប្បន្ន​របស់​យើង​យ៉ាងណា​ទេ សូម​ឲ្យ​យើង​អាច​ដឹង​យ៉ាង​ពេញលេញ​ពី​អំណោយ​របស់​ទ្រង់​ក្នុង​ជីវិត​របស់​យើង​ក្នុង​រដូវ​បុណ្យ​គ្រីស្ទម៉ាស់​នេះ ។

នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕