ការប្រជុំ​ធម្មនិដ្ឋាន​បុណ្យ​គ្រីស្ទម៉ាស់
ព្រះគ្រីស្ទ ព្រះអង្គសង្រ្គោះ​របស់យើង​ប្រសូត្រ​ហើយ


ព្រះគ្រីស្ទ ព្រះអង្គសង្រ្គោះ​របស់យើង​ប្រសូត្រ​ហើយ

ការប្រជុំ​ធម្មនិដ្ឋាន​ពិធីបុណ្យ​គ្រីស្ទម៉ាស់​របស់​គណៈប្រធាន​ទីមួយ ឆ្នាំ ២០២៣

ថ្ងៃអាទិត្យ ទី ៣ ខែ ធ្នូ ឆ្នាំ ២០២៣

បងប្អូន​ប្រុស​ស្រី​ជាទី​ស្រឡាញ់ រីករាយ​ថ្ងៃ​បុណ្យ​គ្រីស្ទម៉ាស់ !

យើង​ជួប​ជុំ​គ្នា​ដោយ​អំណរគុណ​នៅ​ក្នុង​ការប្រជុំ​ធម្មនិដ្ឋាន ពិធីបុណ្យ​គ្រីស្ទម៉ាស់​ជាមួយនឹង​គណៈប្រធាន​ទី​មួយ​របស់​យើង ។ មិនថា​បងប្អូន​នៅទី​កន្លែង​ណា​ក្នុង​រដូវ​បុណ្យ​គ្រីស្ទម៉ាស់​នេះទេ សូម​បងប្អូន​អាច​មាន​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់​របស់​ព្រះ​នៅ​ក្នុង​ពិធីអបរអរសាទរ​របស់​ព្រះយេស៊ូវគ្រីស្ទ ដែលជា​មូលហេតុ​ចម្បង​នៃ​ពិធីបុណ្យ​គ្រីស្ទម៉ាស់ ។

ពិធីបុណ្យ​គ្រីស្ទម៉ាស់​គឺជា​ពេលវេលា​នៃ​តន្ត្រី ក្លិន និង​រសជាតិ ការទន្ទឹង​រង់ចាំ និង​ចិត្តសប្បុរស ។ ជាពេលវេលា​នៃ​ការជួប​ជុំគ្នា មិនថា​យើង​រស់នៅជិត ឬ​ឆ្ងាយ​នោះទេ ។

ជា​ញឹកញាប់ បុណ្យ​គ្រីស្ទម៉ាស់​ក្លាយ​ទៅជា​ពិធីបុណ្យ​គ្រីស្ទម៉ាស់ នៅ​ពេល​យើង​នាំ​អំណរ​នៃ​ពិធីបុណ្យនេះ​ទៅឲ្យ​អ្នក​ដទៃ​ដោយ​ស្ងៀម​ស្ងាត់ ។ គ្រួសារ​ជា​ច្រើន​ជួយ​ដល់​អ្នក​ខ្វះខាត​ដោយផ្ញើជា​អំណោយ​ជំនួសឲ្យ​លោកតា​សាន់តា ។ បុគ្គល​ជា​ច្រើន​បំភ្លឺ​ពិភពលោក​ដោយ​ពន្លឺ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ។

អនុស្សាវរីយ៍​ពិធីបុណ្យ​គ្រីស្ទម៉ាស់​មួយ​ដែល​បាន​រំឭក​ឡើង​វិញ គឺ​ជា​អនុស្សាវរីយ៍​បុណ្យ​គ្រីស្ទម៉ាស់​ដែល​បាន​ធ្វើ​ឡើង​ជា​ថ្មី ។ មនុស្ស​ប្រារព្វ​ពិធីបុណ្យ​គ្រីស្ទម៉ាស់​ម្តងហើយ​ម្តងទៀត នោះ​កម្រង​អនុស្សាវរីយ៍​ពិធីបុណ្យ​គ្រីស្ទម៉ាស់​ក្លាយទៅជា​ប្រពៃណី ដែលអាច​ធ្វើឲ្យ​យើង​កាន់តែ​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ—ជា​កូនចៀម​នៃ​ព្រះ ព្រះ​រាជ​បុត្រា​នៃ​ព្រះ​វរបិតា​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ដែលជា​ព្រះអង្គសង្គ្រោះនៃ​មនុស្ស​លោក ។

ប្រសិន​បើ​បងប្អូន​មាន​អនុស្សាវរីយ៍នៃ​ពិធីបុណ្យ​គ្រីស្ទម៉ាស់​ដែល​បងប្អូន​ចូលចិត្ត សូម​ឲ្យ​បងប្អូន​រីករាយ​នៅក្នុង​អនុស្សាវរីយ៍ និង​ប្រពៃណី​ទាំងនោះ​ដោយ​អំណរ​ក្នុង​រដូវ​កាល​នេះ ។ ប្រសិន​បើ បងប្អូន​នៅ​កំពុង​រក​ប្រពៃណី​នៃ​ពិធីបុណ្យ​គ្រីស្ទម៉ាស់​របស់​បងប្អូន​នៅឡើយទេ នោះ​សូមឲ្យ​អនុស្សាវរីយ៍ និង​ប្រពៃណី​ទាំងនោះ​អាច​នឹង​ធ្វើ​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​បងប្អូន​កាន់​តែ​ស៊ី​ជម្រៅ​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ប្រទាន​ពរ​ដល់​បងប្អូន​រៀងរាល់​ឆ្នាំ ។

តើឲ្យ​ខ្ញុំ​សុំ​ចែកចាយ​ប្រពៃណី​នៃ​ពិធីបុណ្យ​គ្រីស្ទម៉ាស់​ដែល​គ្រួសារ ហ្គង ចូលចិត្ត​ចំនួនបី​បានដែរ​ឬ​ទេ ?

ដំបូង រៀង​រាល់​ឆ្នាំ​ស៊ីស្ទើរ ហ្គង និង​ខ្ញុំ​ចូល​ចិត្ត​មើល​គ្រឿង​តុបតែង​លម្អ​ដើម​គ្រីស្ទម៉ាស់​ម្ដង​ទៀត​ដែល​ប្រាប់​អំពី​ដំណើររឿង​នៃគ្រួសារ​របស់​យើង ។

នៅពេល​ជា​គូ​ស្វាមី​ភរិយា​វ័យ​ក្មេង ស៊ីស្ទើរ ហ្គង និង​ខ្ញុំ​បាន​ចូល​រៀន​​ថ្នាក់បណ្ឌិត​នៅ​ប្រទេស​អង់គ្លេស ។ យើង​បាន​រស់​នៅ​ក្នុង​ផ្ទះជួល​តូច​មួយ ដោយ​ពឹងលើ​កញ្ចប់​ថវិកា​​ដែល​មានកំណត់​ក្នុង​នាម​ជា​សិស្ស ។ យើង​បាន​រាប់​ប្រាក់​កាក់​របស់​យើង​មុន​ពេល​ទិញ​ដើម​គ្រីស្ទម៉ាស់​ដ៏តូច​មួយ សូម្បី​តែ ឆាលី ប្រោន ក៏​នឹង​មាន​អារម្មណ៍​សោកសៅ​ដែរ ។

ស៊ីស្ទើរ ហ្គង មាន​គំនិត​ច្នៃប្រឌិត បាន​ប្រើ​ដង្គៀបគៀប​ខោអាវ​មក​តុបតែង​ធ្វើជា​ទាហាន​អង់គ្លេស​តូចៗ​សម្រាប់​ដើម​គ្រីស្ទម៉ាស់​របស់​យើង ។ គាត់​បាន​ធ្វើ​មួក​រោម​ខ្មៅ និង​ស្នាម​ញញឹម​ឲ្យ​ទាហាន​នីមួយ​ៗនោះ ។

អស់​រយៈ​ពេល ៤៣ ឆ្នាំ ទាហាន​អង់គ្លេស​ដែល​ធ្វើពី​ដង្គៀបខោអាវ​ទាំង​នេះ​បាន​ឈរ​ការពារ​នៅ​លើ​ដើម​គ្រីស្ទម៉ាស់​របស់​យើង ។ ទាហាន​ទាំងនោះ​រំឭក​យើង​អំពី​ពិធីបុណ្យ​គ្រីស្ទម៉ាស់​​ដំបូង​នៃ​អាពាហ៏ពិពាហ៏​របស់យើង—កាលនៅឆ្ងាយ​ពីផ្ទះ​—ហើយ​ពិធីបុណ្យ​គ្រីស្ទម៉ាស់​ដែល​ជោគជ័យ​ក្រោយៗ​មកទៀត ។

គ្រួសារ​កូនប្រុស​របស់​យើង​បាន​ធ្វើ « រូបមនុស្ស​តូចៗ » ពី​ដង្គៀប​ហាល​ខោអាវ ។ រូប​ទាំងនោះ​ពិពណ៍នា​អំពី​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​នៅ​ជុំវិញ​ពិភពលោក ។ តើ​បងប្អូន​មើល​ឃើញ​ស្នាមញញឹម​របស់​ពួកគេ​ដែរទេ ? សម្លៀកបំពាក់​គ្រប់សាសន៍ ? ស្លាកឈ្មោះ ? មានគេ​ប្រាប់​ខ្ញុំថា​មាន​រូបមួយ​ដូចខ្ញុំ ។

កម្រង​អនុស្សាវរីយ៍​មួយចំនួន​របស់​គ្រឿងតុបតែង​លម្អ​របស់​យើង​ទាំងនោះ រំឭក​ឡើងវិញ​នូវ​ការចងចាំ​ដ៏កក់ក្តៅ​របស់​មិត្តភ័ក្តិ និង​បទពិសោធន៍​នៅក្នុង​កន្លែង​នានា ។ កម្រង​អនុស្សាវរីយ៍​នៃ​ក្បួនដង្ហែ​បុណ្យគ្រីស្ទម៉ាស់ ដ៏សប្បាយ​រៀងរាល់ឆ្នាំ​ធ្វើ​ឲ្យ​យើង​ញញឹម ។

ព្យាការី អាលម៉ា ថ្លែងទីបន្ទាល់​អំពី​ផែនដី​ដែល​វិលជុំវិញខ្លួន​តាម​ទម្រង់​ទៀងទាត់ ដែលបញ្ជាក់ថា​គឺមាន​ព្រះ​មួយអង្គ ។ ពិធីបុណ្យ​គ្រីស្ទម៉ាស់​គឺ​ជា​ពេល​វេលា​ជាក់លាក់​មួយ​នៅ​ក្នុង​ភព​ផែនដី​ដែលមាន​ថ្ងៃ​ចំនួន ៣៦៥ វិលជុំវិញ​ព្រះ​អាទិត្យ​ជា​រៀង​រាល់​ឆ្នាំ ។ នៅ​ពេល​ការវិល​ជុំវិញ​ប្រចាំ​ឆ្នាំ​នេះ​នាំ​យើង​ត្រឡប់​ទៅ​រដូវ​ពិធីបុណ្យ​គ្រីស្ទម៉ាស់​ដ៏​មាន​តម្លៃ​ជា​រៀង​រាល់​ឆ្នាំ ខ្ញុំ​គិត​អំពី​អ្វី​ដែល​អ្នក​និពន្ធ អ៊ី ប៊ី វ៉ាយ បាន​សរសេរ​អំពី « រង្វង់​នៃ​ពេលវេលា » ។

លោក​បាន​ណែ​នាំ​ថា​មាន​តែ​ជាមួយនឹង​បទ​ពិសោធន៍​ប៉ុណ្ណោះ​ដែល​យើង​យល់​ថា « ពេល​វេលា​ពិត​ជា​មិន​វិល​នៅ​ក្នុង​រង្វង់​មូល​ទាល់​តែ​សោះ » ។ រង្វង់​ពេលវេលា​អាច​ហាក់ដូចជា « បាន​បង្កើតឡើង​យ៉ាងល្អ​ឥតខ្ចោះ មិនផ្លាស់ប្តូរ អាច​ទាយ​ទុក​បាន គ្មាន​ការចាប់ផ្តើម ឬ​ទីបញ្ចប់​ឡើយ » ។ ប៉ុន្តែ​មាន​តែ​ពេល​យើង​នៅ​ក្មេង​ប៉ុណ្ណោះ​ដែល​យើង​ស្រមៃ​ថា យើង​អាច​រស់នៅមួយ​ថ្ងៃពេញ ហើយ​បញ្ចប់​ដោយមិន​មាន​ការផ្លាស់ប្តូរ​អ្វីទេ ។

សម្រាប់​ខ្ញុំ ការមក​ដល់​នៃ​ពិធិបុណ្យ​គ្រីស្ទម៉ាស់ម្តងៗ​ពេលខ្លះ​ដូចនៅ​ដដែល ហើយ​ពេលខ្លះ​ដូចជា​ខុស​គ្នា​អំពី​របៀប​ដែល​ពេលវេលា ( និង​លំហ ) អាច​មាន​លក្ខណៈ​ជាបន្ទាត់ និង​ជារង្វង់​ក្នុងពេល​ដំណាលគ្នា ។ តើ « ផ្លូវ​តូច ហើយ​ចង្អៀត » និង​« វង់​មួយ​ដ៏នៅ​អស់​កល្ប​ជានិច្ច » អាច​ជា​ការ​ពិពណ៌នា​បំពេញ​បន្ថែម​អំពី​ភាព​ពិត​នៃ​សេចក្តី​សញ្ញា​ដែល​ផ្តោត​ទៅ​លើ​ព្រះ​គ្រីស្ទ​ដែល​ជាព្រះឱរស​ប្រសូត្រ​នៅ​បេថ្លេហិម​ដោយ​របៀបណា ។

ក្នុងន័យ​នេះ ផ្នែក​មួយ​នៃ​ពិធីបុណ្យ​គ្រីស្ទម៉ាស់​ដ៏​មហស្ចារ្យ​សម្រាប់​ខ្ញុំ​​គឺ​ត្រូវ​ធ្វើ​ជា​កូនក្មេង និងជា​មនុស្ស​ធំ​ក្នុង​ពេល​តែ​មួយ ។ នៅក្នុង​ពេល​ឥឡូវ​នេះ យើង​មាន​អារម្មណ៍​រីករាយ​​ជាមួយនឹង​អ្វីដែល​យើង​ធ្លាប់​ជួបប្រទះ​កាល​ពីយើង​នៅក្មេង ។ ហើយ​យើង​រីករាយ​ដូច​កូនក្មេង នៅ​ពេល​យើង​បង្កើត​និង​រំឮក​អនុស្សាវរីយ៍​និង​ប្រពៃណី​ឡើង​វិញ​ជាមួយ​នឹង​គ្នា ។

ទំនៀម​ទម្លាប់​ពិធីបុណ្យ​គ្រីស្ទម៉ាស់​ជា​គ្រួសារ​ដែល​យើង​ចូលចិត្ត​ទី​២​នោះគឺ ការតាំង​បង្ហាញ​រូប​អំពី​ការប្រសូត្រ​របស់​ព្រះយេស៊ូវគ្រីស្ទ​របស់​ក្រុមគ្រួសារ​យើង—ពិពណ៌នា​អំពី​ការប្រសូត្រ​របស់​ព្រះ​គ្រីស្ទ​ជា​ព្រះឱរស​ដ៏​បរិសុទ្ធ ។

តើ​បងប្អុន​ចូលចិត្ត​របៀប​ដែល​រូបនៃ​ការប្រសូត្រ​របស់​ព្ឬះយេស៊ូវ​ផ្តោតទៅលើ ព្រះយេស៊ូវគ្រីស្ទ ដែល​អញ្ជើញ​យើង​ឲ្យ​ធ្វើ​ដូចគ្នា ។ ដូច​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​ទើប​បាន​វិល​ត្រឡប់​មក​វិញ​ថ្មីៗ​បាន​និយាយ​ថា ៖ « ពីមុន​បេសកកម្ម​របស់​ខ្ញុំ ព្រះ​យេស៊ូវ​គ្រីស្ទ​គឺ​ជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​ខ្ញុំ ។ ឥឡូវនេះ ទ្រង់​គង់នៅក្នុង​ជីវិត​របស់​ខ្ញុំ » ។

រូបដាក់តាំង​អំពី​ការប្រសូត្រ​របស់​ព្រះយេស៊ូវគ្រីស្ទ​របស់​ក្រុមគ្រួសារ​យើង​មាន​គ្រប់​ទំហំ និង​សណ្ឋាន បានធ្វើ​ឡើង​ពី​សម្ភារៈ​ផ្សេងៗមកពី​គ្រប់​កន្លែង​ទាំងអស់ តាម​ដែលយើង​ស្រមៃចង់បាន ។ រូបដាក់តាំង​អំពី​ការប្រសូត្រ​របស់​ព្រះយេស៊ូវគ្រីស្ទ​នីមួយៗ​ធ្វើ​សាក្សីឲ្យ​ព្រះយេស៊ូវគ្រីស្ទ និង​ព្រះពរ​របស់​ទ្រង់​ទៅដល់​គ្រប់​អស់​ទាំង​សាសន៍ គ្រប់​ពូជ​មនុស្ស គ្រប់​ភាសា និង​គ្រប់​ប្រជាជាតិ ។

យើង​ពេញចិត្ត​ដែល​បុត្រាបុត្រី​របស់​ព្រះ​នៅ​គ្រប់​ទី​កន្លែង​ដាក់​បង្ហាញពី​ព្រះឱរស​ព្រះយេស៊ូវ ម៉ារី យ៉ូសែប អ្នកប្រាជ្ញ អ្នកគង្វាល និង​សត្វ​ជាមួយ​នឹង​ការដាក់តាំង លក្ខណៈ​ពិសេស និង​សេចក្តី​លម្អិត​ដែល​ពួកគេ​ធ្លាប់ស្គាល់ និង​អាចយល់បាន ។ រូបដាក់តាំង​អំពី​ការប្រសូត្រ​របស់​ព្រះយេស៊ូវគ្រីស្ទ​ទាំងនេះ​ក៏​រំឭក​យើង​ផងដែរ ថា​ព្រះ​ស្រឡាញ់​បុត្រាបុត្រី​ទាំង​អស់​របស់​ទ្រង់ យើង​មើល​ឃើញ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​នៅ​ក្នុង​លក្ខណៈ​ពិសេស​នៃ​រូបដាក់តាំង​អំពី​ការប្រសូត្រ​របស់​ព្រះយេស៊ូវគ្រីស្ទ​របស់​យើង​នៅ​គ្រប់​កន្លែង​ណា​ដែល​រូបទាំងនោះ​បានមក ។

ទំនៀម​ទម្លាប់​ដែល​គ្រួសារ​ហ្គង​ចូលចិត្ត​ទី ៣ ដោយបន្ថែម​ពីលើ​ការអាន​ដំណើររឿង​បទគម្ពីរ​អំពី​ការប្រសូត្រ​របស់​ព្រះអង្គសង្រ្គោះ​របស់យើង​ជាមួយគ្នា គឺ​ការអាន​ឲ្យឭៗ​នូវ​រឿង A Christmas Carol របស់ ឆាល ឌីកខេន ក្នុង​ក្រុម​គ្រួសារ ។

ប្រសិន​បើ​ខ្ញុំ​បង់​កន្សែង​និង​ពាក់​មួក​ខ្ពស់ តើ​អ្នក​អាច​ស្រមៃ​ឃើញ​ខ្ញុំថា​ដូច​ជា អេបេនេហ្សឺ ស្គ្រូច នៅ​ក្នុង​រឿង A Christmas Carolដែរទេ ?

នៅ​ឆ្នាំខ្លះ​ គ្រួសារ​របស់​យើង​អាន​រឿង​អំពី A Christmas Carol ពីដើម​ដល់​ចប់ ។ ពួក​យើង​ឆុង​សូកូឡាក្តៅ​ជាមួយ​ស្ករអំពៅ ហើយ​សើច​នៅត្រង់​សេចក្ដីយោង​ថា​« Norfolk biffins » និង​« smoking bishop » ។ យើង​ព្រឺព្រួច​នៅ​ពេល​ដែល​ខ្មោច​របស់ យ៉ាកុប ម៉ាលី គ្រលាស់​ច្រវាក់​របស់​គាត់ ។ យើង​មាន​ចិត្ត​រីករាយ​ដែល​វិញ្ញាណ​នៃ​ពិធីបុណ្យ​គ្រីស្ទម៉ាស់​ពី​អតីត បច្ចុប្បន្ន និង​អនាគត​ជួយ អេបេនេហ្សឺ ស្គ្រូច ក្លាយ​ជា​មនុស្ស​ថ្មី​ម្នាក់ ។

មាន​ឆ្នាំខ្លះ​ទៀត គ្រួសារ​របស់​យើង​អាន​កំណែសង្ខេប​មួយ​អំពី A Christmas Carol ដែល​កូន​ប្រុស និង​កូន​ប្រសា​ស្រី​របស់​យើង​បាន​បង្រួម​វាឲ្យ​ខ្លី​ដើម្បី​ឲ្យ​ត្រូវ​ជាមួយនឹង​ការយកចិត្ត​ទុកដាក់​ខ្លី​របស់​សមាជិក​គ្រួសារ​ក្មេងៗ​របស់​យើង ។

ហើយ​ឆ្នាំខ្លះ ជាមួយនឹង​ស្នាមញញឹម និង​កំប្លែង គ្រួសារ​របស់​យើង​អាន​ស្ទីគ័រ​ពាក្យស្លោក​បិទជាប់​កាងឡាន​នៅក្នុងរឿង​A Christmas Carol ។ នៅលើ​ស្ទីគ័រ​មាន​តែ​ពីរ​បន្ទាត់​ប៉ុណ្ណោះ ៖ « Bah, humbug ( បា ហ៊ឹមបឹក ) » និង « ព្រះ​ប្រទាន​ពរ​ដល់​យើង​គ្រប់​គ្នា » ។

ឆាល ឌីកខេន បាន​សរសេរ​រឿង A​ Christmas​ Carol នៅ​ខែ តុលា ហើយ​បាន​បញ្ចប់​នៅដើម​ខែ ធ្នូ ឆ្នាំ ១៨៤៣—ដែល​មាន​រយៈពេល​ត្រឹមតែ ៦ សប្តាហ៍​តែប៉ុណ្ណោះ ។ ការបោះម្ព​លើកទី​មួយ​ចំនួន ៦០០០ ក្បាល​ត្រូវ​បាន​បោះពុម្ពផ្សាយ​នៅ​ទីក្រុង​ឡុងដ៍ នៅ​ថ្ងៃ​ទី ១៩ ខែ ធ្នូ ឆ្នាំ ១៨៤៣ ។ វា​បាន​លក់​ដាច់អស់​នៅ​មួយថ្ងៃ​មុន​ពិធីបុណ្យ​គ្រីស្ទម៉ាស់ ។

ឯកសារ​ចងក្រង​ទាំងនោះ​ជា​ឯកសារ​អំពី​ប្រវត្តិ​របស់ A Christmas Carolបាន​បង្ហាញ​ថា ឆាល ឌីកខេន បាន​សរសេរ​នៅ​ពេល​ដែល​ប្រទេស​អង់គ្លេស​សោយរាជ​ដោយ​ម្ចាស់ក្សត្រី វីកតូរៀ កំពុង​ពិចារណា​ឡើង​វិញ​នូវ​អត្ថ​ន័យ​នៃ​ពិធីបុណ្យ​គ្រីស្ទម៉ាស់ ។ តើ​រដូវ​បុណ្យ​គ្រីស្ទម៉ាស់​ដើមឈើ​គ្រីស្ទម៉ាស់ ការ​ស្វាគមន៍​បុណ្យ​គ្រីស្ទម៉ាស់ ការជួបជុំ​គ្រួសារ​បុណ្យ​គ្រីស្ទម៉ាស់ កាត​ជូនពរ​បុណ្យ​គ្រីស្ទម៉ាស់ សូម្បី​តែ​ចម្រៀង​បុណ្យ​គ្រីស្ទម៉ាស់ អាចជា​ឬ​គួរ​មាន​តួនាទីជា​អ្វី​នៅ​ក្នុង​សង្គម ?

រឿង A Christmas Carol របស់ ឌីកខេន បាន​បង្ហាញ​អំពី​ការចង់បាន​នូវ​ចំណងមិត្តភាព​មួយ​ដ៏ជ្រាលជ្រៅ សេចក្តីស្រឡាញ់ និង​ការចង​យុថ្កា​នៃ​គុណតម្លៃ​របស់​គ្រីស្ទបរិស័ទ ដូចដែល អេបេនេហ្សឺ ស្គ្រូច បាន​រកឃើញ​សេចក្តីសុខសាន្ត និង​ការព្យាបាល​នៅក្នុង​អតីតកាល បច្ចុប្បន្នកាល និង​អនាគតកាល​របស់​គាត់ ។

ដូច​ពេល​នេះ អត្ថន័យ​ពិត​ប្រាកដ​នៃ​ពិធីបុណ្យ​គ្រីស្ទម៉ាស់​បាន​ធ្វើ​ឲ្យ​យើង​ខិត​ទៅ​កាន់តែ​ជិត​ព្រះយេស៊ូវគ្រីស្ទ ដែល​ប្រសូត្រ​មក​ជាព្រះឳរស​នៅ​ក្នុង​ស្នូក ។ ព្រះ​យេស៊ូវ​គ្រីស្ទ​ជ្រាបដឹង​ស្របតាម​សាច់​ឈាម​អំពី​របៀប​ដើម្បី​ជួយ​យើង​ដោយ​ព្រះ​ហឫទ័យ​ពោរពេញ​ទៅ​ដោយ​សេចក្ដី​មេត្តា​ករុណា ។ ដូច​នៅ​ពេល​នេះ ពិធីបុណ្យ​គ្រីស្ទម៉ាស់​អបអរ​នូវ​សេចក្ដី​សញ្ញា​ដែល​ជា​ការមាន​ចំណែក ការរួបរួម និង​សហគមន៍​នៅ​ក្នុង​ព្រះ​យេស៊ូវ​គ្រីស្ទ និងរវាង​គ្នា​ទៅវិញ​ទៅមក ។

ឥឡូវ​ឲ្យ​ខ្ញុំ​សូម​សួរ​សំណួរ A Christmas Carol មួយផ្សេងទៀត ។ តើ​មូលហេតុអ្វី នៅ​ពេល​យើង​គិត​ដល់​ស្គ្រូច តើ​យើង​គិត​ជាចំបង​អំពី​មនុស្ស​ចាស់​ដែល​ក្រអឺតក្រទម ជា​អ្នក​ចំអក​ដល់​ពិធីបុណ្យ​គ្រីស្ទម៉ាស់ ហើយថា​ជា​ការមិនពិត​ដ៏ធំ​មួយ​មែន​ទេ ?

ហេតុអ្វី​យើង​មិន​ទទួល​ស្គាល់ ស្ក្រូច ដែលជា​មនុស្សថ្មី​ម្នាក់​ទៀត ? តួអង្គ​ស្គ្រូច​ថ្មី ដែល​បាន​ផ្ញើ​រង្វាន់​មាន់​ទួកគី​យ៉ាង​សប្បុរស​ជា​ការ​ភ្ញាក់​ផ្អើល​មួយ​នៃ​ពិធីបុណ្យ​គ្រីស្ទម៉ាស់ ? ស្ក្រូច​ថ្មី ដែល​ស្រុះស្រួល​ជាមួយ​ក្មួយ​ប្រុស​ដ៏គួរឲ្យ​ស្រឡាញ់​របស់​គាត់ ហ្វ្រេតឌី ? ស្រ្កូច​ថ្មី ជា​អ្នកតំឡើង​ប្រាក់​ខែ​ឲ្យ ប៊ប ក្រាចជីត និង​មើលថែ​ដល់ ធីម​ដ៏​តូច ?

សូម​ឲ្យ​ពួកអ្នក​សង្ស័យ​ចំអកចុះ ។ ស្រ្កូច​ថ្មី « បាន​ធ្វើ​វា​ទាំង​អស់ ហើយ​មានច្រើនទៀត » ។ គាត់​បាន​ក្លាយ​ជា​មនុស្ស​ល្អ និង​ជា​មិត្ត​ដ៏ល្អ ដូចដែល​មនុស្ស​ពិមុន​បានធ្លាប់​ស្គាល់ ។

ដូច្នេះ​ហេតុអ្វី​យើង​មិន​ចងចាំ​លោក ស្រ្កូច​នោះ ? តើ​មាន​អ្នក​ដែល​នៅ​ជុំវិញ​យើង ប្រហែល​ជា​ខ្លួន​យើង​ផ្ទាល់ ដែល​អាច​ក្លាយ​ជា​មនុស្ស​ផ្សេង​ប្រសិន​បើ​យើង​ឈប់​គិត​ស្មាន ឬ​វាយតម្លៃ​ពួកគេ​ថាដូច​មនុស្ស​ដដែលកាលពីមុន​ ?

គ្មាន​មនុស្សណា ហើយ​គ្មាន​គ្រួសារ​ណា​ល្អ​ឥត​ខ្ចោះ​ឡើយ ។ យើង​ម្នាក់ៗ​មាន​ចំណុច​ខ្សោយ និងកំហុស–រឿង​ខ្លះដែល​យើង​ចង់​ធ្វើ​ឲ្យ​បានល្អ​ជាងមុន ។ ពិធីបុណ្យ​គ្រីស្ទម៉ាស់​នេះ​ប្រហែល​ជា​យើង​អាច​ទទួល​បាន—ហើយ​ផ្ដល់​ជូន—នូវ​អំណោយ​ដ៏​មាន​តម្លៃ​របស់​ព្រះយេស៊ូវគ្រីស្ទ​នៃ​ការ​ផ្លាស់​ប្ដូរ និង​ការ​ប្រែ​ចិត្ត នៃ​ការអភ័យទោស និង​ការបំភ្លេចចោល ផ្ដល់​ទៅកាន់​អ្នកដទៃ និងសម្រាប់​ខ្លួនឯង​ផ្ទាល់ ។

សូម​យើង​ធ្វើ​ឲ្យ​មាន​សេចក្តីសុខសាន្ត​ដូចកាល​ឆ្នាំ​មុន ។ សូម​បោះបង់ចោល​ការខឹងសម្បារ និង​សម្លេង​រំខាន អារម្មណ៍​ទាស់ទែង​គ្នា និង​ការ​រំខាន​នានា ដែលធ្វើ​អោយ​ជីវិត​របស់​យើង​រញ៉េរញ៉ៃ ។ សូម​ឲ្យ​យើង​ផ្តល់​នូវ​លទ្ធភាព​ថ្មី​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ជំនួស​ឲ្យ​ការ​កម្រិត​ទៅលើ​ដែនកំណត់​អតីតកាល​របស់យើង ។ សូម​ផ្តល់​ឱកាស​ឲ្យ ស្រ្កូច​ថ្មី​នៅ​ក្នុង​ខ្លួនយើង​ម្នាក់ៗ ដើម្បី​មាន​ឱកាស​ផ្លាស់​ប្ដូរ​ផង ។

ព្រះអង្គសង្រ្គោះ​របស់​យើង​បានមក​ឯ​ពិធីបុណ្យ​គ្រីស្ទម៉ាស់ ដើម្បី​រំដោះ​ពួក​អ្នក​ដែល​ត្រូវ​ជាប់​ឃុំឃាំង—ហើយ​មិន​ត្រឹមតែ​អ្នក​ជាប់គុកប៉ុណ្ណោះ​នោះទេ ។ ទ្រង់​អាច​រំដោះ​យើង​ចេញពី​ស្រមោល​ងងឹត​នៃ​អតីតកាល​របស់​យើង ដោះ​ស្រាយ​ការស្តាយក្រោយ​ពី​អំពើ​បាប​របស់​យើង និង​អ្នកដទៃ ។ ទ្រង់​អាច​ប្រោសលោះ​មនុស្ស​អាត្មានិយម គិតតែ​ពីខ្លួនឯង​របស់យើង​តាមរយៈ​ការ​កើត​ជាថ្មី​នៅ​ក្នុង​ទ្រង់ ។

« “ដ្បិត​នៅ​ថ្ងៃ​នេះ​មាន​ព្រះអង្គ​សង្គ្រោះ​មួយ​អង្គ​ប្រសូត​ដល់អ្នក​រាល់​គ្នានៅ​ក្រុង​ហ្លួង​ដាវីឌ … គឺ​ជា​ព្រះគ្រីស្ទ​ដ៏​ជា​ព្រះអម្ចាស់ » ។

ដូចនេះ សូមរីករាយ​ថ្ងៃ​បុណ្យ​គ្រីស្ទម៉ាស់ !

សូម​ឲ្យ​ទំនៀម​ទម្លាប់ និង​អនុស្សាវរីយ៍​ពិធីបុណ្យ​គ្រីស្ទម៉ាស់​របស់​អ្នក​បាន​រីករាយ​និង​ភ្លឺ​ត្រចះត្រចង់ ។

សូម​ឲ្យ​យើង​រីករាយ​ក្នុង​ព្រះយេស៊ូវគ្រីស្ទ នៅថ្ងៃ​បុណ្យ​គ្រីស្ទម៉ាស់ និងជា​រៀងរាល់ថ្ងៃ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ដ៏រីករាយ​អំពី​ទ្រង់​នៅក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ និង​បរិសុទ្ធ​របស់​ទ្រង់ គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ អាម៉ែន ។