ការ ផ្សាយ ប្រចាំ ឆ្នាំ
« ចូរ​កុំ​សង្ស័យ​ឡើយ តែ​ចូរ​ជឿ »


« ចូរ​កុំ​សង្ស័យ​ឡើយ តែ​ចូរ​ជឿ »

ការចាក់ផ្សាយ​អំពី​ការបំពាក់បំប៉ន​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​សាសនា​ប្រចាំ​ឆ្នាំ • ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៨ • មហោស្រព​មជ្ឈមណ្ឌល​សន្នីសីទ

អែលឌើរ ឌេល ជី រេនឡាន់ ៖ យើង​មាន​អំណរគុណ​ដែល​ជួប​នឹង​បង​ប្អូន ។ យើង​មាន​អំណរ​ចំពោះ​អ្វី​ដែល​បង​ប្អូន​ធ្វើ កាល​បង​ប្អូន​បង្រៀន និង​គាំទ្រ​ដល់​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​ទូទាំង​ពិភពលោក ។ កាល​បង​ប្អូន​ធ្វើ​ដូច្នោះ សូម​ចាំ​ជានិច្ច​ដល់​ព្រះទ័យ​ដ៏​រីករាយ​របស់​ព្រះអម្ចាស់​ដោយសារ​ការបម្រើ​របស់​បង​ប្អូន ។ ទ្រង់​ជា​ផ្នែក​នៃ​សិស្ស​របស់​បង​ប្អូន ទ្រង់​គង់​ជាមួយ​បង​ប្អូន ទ្រង់​បាន​យាង « ទៅ​ពីមុខ​អ្នក » ទ្រង់ « នឹង​នៅ​ខាងស្ដាំ​ដៃ​អ្នក ហើយ​ខាងឆ្វេង​ដៃ​អ្នក » ហើយ « ព្រះវិញ្ញាណ​របស់​ទ្រង់​នឹង​សណ្ឋិត​នៅក្នុង​ដួងចិត្ត​របស់​អ្នក » ហើយ « ពួកទេវតា​របស់​ទ្រង់​នៅ​ព័ទ្ធ​ជុំវិញ​អ្នក ដើម្បី​ទ្រ​អ្នក​ឡើង » ។

ខ្ញុំ​អរគុណ​បង​ប្អូន​ជំនួស​ឲ្យ​ព្រះអម្ចាស់ និង​សាសនាចក្រ​របស់​ទ្រង់​ចំពោះ​សេចក្ដីជំនឿ និង​ភាពស្មោះត្រង់​របស់​បង​ប្អូន ។ សូម​អរគុណ​ដែល​បាន​ទទួល​យក​ការទទួល​ខុសត្រូវ​របស់​បង​ប្អូន ។ សូម​អរគុណ​ដែល​បាន​ជួយ​បុត្រាបុត្រី​របស់​ព្រះវរបិតាសួគ៌​ឲ្យ​ត្រឡប់​ទៅកាន់​ទ្រង់​វិញ ។ សូម​អរគុណ​ដែល​បាន​អញ្ជើញ​បុត្រាបុត្រី​ទ្រង់​ឲ្យ​មក​រក​ព្រះគ្រីស្ទ ។

ស៊ិស្ទើរ រូស អិល រេនឡាន់ ៖ សូម​អរគុណ​ចំពោះ​ក្រុម​ចម្រៀង​ដ៏​អស្ចារ្យ​នេះ ដែល​បាន​យាង​ព្រះវិញ្ញាណ​មក​ក្នុង​ការប្រជុំ ។ ខ្ញុំ​ប្រាកដ​ចិត្ត​ថា យើង​ទាំងអស់​គ្នា​ត្រូវបាន​លើក​ស្ទួយ​ឡើង​ដោយ​ប្រសាសន៍​ដ៏​អស្ចារ្យ​របស់​បងប្រុស ឆាដ អេច វិប និង​អែលឌើរ គីម ប៊ី ក្លាក ។ ពួក​យើង​អរគុណ​ពួកលោក​ចំពោះ​គំរូ​នៃ​ភាព​ជា​សិស្ស​របស់​ពួកលោក​ផងដែរ ។ យើង​រីករាយ​ដែល​មាន​ឱកាស​មក​ជួប​បង​ប្អូន​ថ្ងៃនេះ​ហើយ​និយាយ​ពី​សេចក្ដី​ជំនឿ និង មន្ទិល​សង្ស័យ ជា​ប្រធានបទ​ដែល​បង​ប្អូន​លើក​ឡើង​ជារឿយៗ ។

អែលឌើរ រេនឡាន់ ៖ សូម​ស្រមៃ​ថា​ទូក​បង​ប្អូន​លិច កាល​ជិះ​នៅ​កណ្ដាល​មហាសមុទ្រ ។ បង​ប្អូន​បាន​ពាក់​អាវ​ពោង​ការពារ​ជីវិត ហើយ​បាន​ហែល​ទឹក​រាប់​ម៉ោង​ទៅ​កាន់​ច្រាំង​ដែល​បង​ប្អូន​គិត​ថា​ជិត​បំផុត ប៉ុន្ដែ​បង​ប្អូន​មិន​ប្រាកដ​នោះ​ទេ ។ បង​ប្អូន​បាន​ខ្សោះ​ទឹក​ពី​ក្នុង​ខ្លួន​យ៉ាង​ខ្លាំង រហូត​រាល់​ពេល​ដែល​បង​ប្អូន​ចាប់​ហែល​ទឹក បង​ប្អូន​បាន​វិល​មុខ ។ តាម​ការស្មាន​របស់​បង​ប្អូន ច្រាំង​នៅ​ឆ្ងាយ​ពី​បង​ប្អូន ៣០ គីឡូម៉ែត្រ ឬ ១៨ ម៉ែលស៍​ទៀត ។ បង​ប្អូន​ខ្លាច​ថា​ខ្លួន​នឹង​ស្លាប់ ។ នៅ​រាង​ឆ្ងាយ​បន្ដិច បង​ប្អូន​ឮ​សំឡេង​ម៉ាស៊ីន​តូច​មួយ ។ សំឡេង​នោះ​ហាក់​មក​ជិត​បង​ប្អូន ក្ដី​សង្ឃឹម​ថា​បាន​សង្គ្រោះ​បង​ប្អូន​បាន​កើត​មាន​ឡើង ។ កាល​បង​ប្អូន​មើល នោះ​បង​ប្អូន​ឃើញ​ទូក​នេសាទ​មួយ​មក​ដល់ ។

ស៊ិស្ទើរ រេនឡាន់ ៖ « ឱ អរគុណ​ណាស់ អ្នក​បើក​ទូក​នោះ​ឃើញ​បង​ប្អូន ! ទូក​នោះ​ឈប់ ហើយ​អ្នក​នេសាទ​សម្បុរ​ក្រមៅ​ចិត្ត​ល្អ​ម្នាក់​ជួយ​បង​ប្អូន​ឲ្យ​ឡើង​ទូក ។ ដោយ​មាន​អំណរគុណ បង​ប្អូន​វារ​ទៅ​កន្លែង​អង្គុយ​លើ​ទូក​នោះ ដក​ដង្ហើម​ធំ​ដែល​បាន​រួច​ជីវិត ។ អ្នក​នេសាទ​នោះ​ឲ្យ​ទឹក និង​នំ​ផ្អែម​ខ្លះៗ​ដល់​បង​ប្អូន​បរិភោគ ។ ទឹក និង​នំ​ផ្អែម​នោះ​ផ្ដល់​ការផ្គត់ផ្គង់​ចាំបាច់​ឲ្យ​បង​ប្អូន​ឆាប់​ជា ។ បង​ប្អូន​មាន​អារម្មណ៍​ធូរស្រាល និង​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង ។ បង​ប្អូន​នៅ​តាម​ផ្លូវ​ទៅ​ផ្ទះ​របស់​បង​ប្អូន​វិញ ។

កាល​បង​ប្អូន​ចាប់​ស្រួល​ខ្លួន​វិញ ហើយ​រាង​សះស្បើយ បង​ប្អូន​ចាប់​យក​ចិត្ត​ទុកដាក់​នឹង​អ្វី​មួយ​ដែល​បង​ប្អូន​មិន​បាន​កត់សម្គាល់​ពីមុន​មក ។ ទឹក​ពី​បំពង់​នោះ​រាង​ធុំ​ក្លិន​បន្ដិច ហើយ​មិន​មែន​ជា​ទឹក​ដែល​បង​ប្អូន​ចង់​ផឹក—គឺ​ទឹក​ម៉ាក​អេវីយ៉ង់ ឬ​ព្យែរៀរ​នោះ​ទេ ។ អាហារ​ផ្គត់ផ្គង់​ដែល​បង​ប្អូន​ពិត​ជា​ចង់​ញ៉ាំ​នោះ​គឺ​សាច់​ដ៏​ផុយ រួច​ហើយ​នំ​ក្រូសង់​សូកូឡា ។ បង​ប្អូន​ក៏​សម្គាល់​ឃើញ​ថា អ្នក​នេសាទ​ចិត្ត​ល្អ​នោះ​ចាស់ ពាក់​ស្បែកជើង​រហែក និង​ខោ​ពណ៌​ខៀវ​ចាស់ ។ ឈ្នួត​នៅលើ​មួក​គាត់​ប្រឡាក់ ហើយ​មើល​ទៅ​គាត់​ស្ដាប់​មិន​សូវ​ឮ​ទេ ។

អែលឌើរ រេនឡាន់ ៖ បង​ប្អូន​ក៏​ឃើញ​ថា ទូក​នោះ​រាង​ចំណាស់ ហើយ​ថា​មាន​ស្នាម​ពៀច​នៅ​ខាង​ស្ដាំ​ចង្វារ ។ ថ្នាំ​លាប​ទូក​ខ្លះៗ​ចាស់ សឹក និង​របក​ចេញ ។ បង​ប្អូន​ក៏​សម្គាល់​ថា ពេល​អ្នក​នេសាទ​ទម្លាក់​ដៃ​ពី​ចង្កូត នោះ​ទូក​ទាញ​ទៅ​ខាង​ស្ដាំ ។ បង​ប្អូន​ចាប់ផ្ដើម​បារម្ភ​ថា ទូក និង​អ្នកបើក​ទូក​នេះ​មិន​អាច​ផ្ដល់​ការសង្គ្រោះ​ដែល​បង​ប្អូន​ត្រូវការ​ទេ ។ បង​ប្អូន​សួរ​អ្នក​នេសាទ​ចំណាស់​នោះ​អំពី​ស្នាម​ពៀច និង​ចង្កូត ។ គាត់​និយាយ​ថា គាត់​មិន​សូវ​បារម្ភ​ពី​រឿង​ទាំងនោះ​ទេ ដោយសារ​គាត់​បើក​ទូក​នោះ​ទៅ​មក​ដើម្បី​នេសាទ​លើ​ផ្លូវ​ដដែល រាល់​ថ្ងៃ​រាប់​ឆ្នាំ​មក​ហើយ ។ ទូក​នោះ​តែង​នាំ​គាត់​ដល់​កន្លែង​ដែល​គាត់​ចង់​ទៅ​ដោយ​សុវត្ថិភាព និង​ទំនុក​ចិត្ត ។

បង​ប្អូន​ភ្ញាក់​ផ្អើល ! តើ​គាត់​អាច​មិន​បារម្ភ​ពី​ស្នាម​ពៀច និង​ចង្កូត​នោះ​យ៉ាង​ម៉េច ? ហើយ​ហេតុអ្វី​អាហារ​ផ្គត់ផ្គង់​នោះ​មិន​អាច​ឆ្ងាញ់​ធ្វើ​ឲ្យ​បង​ប្អូន​ចូលចិត្ត​បាន ? កាល​បង​ប្អូន​ផ្ដោត​លើ​ទូក និង​អ្នក​នេសាទ​កាន់តែ​ខ្លាំង នោះ​បង​ប្អូន​កាន់តែ​បារម្ភ​ខ្លាំង​ឡើង ។ បង​ប្អូន​សង្ស័យ​នឹង​ការសម្រេច​ចិត្ត​របស់​បង​ប្អូន​ដើម្បី​ឡើង​ទូក​ពី​ដំបូង​មក ។ ចិត្ត​អន្ទះសា​បង​ប្អូន​ចេះ​តែ​ឆួល​ឡើង ។ ទីបំផុត បង​ប្អូន​ទាមទារ​ឲ្យ​អ្នក​នេសាទ​នោះ​ឈប់​ទូក ហើយ​ដាក់​បង​ប្អូន​ចុះ​ក្នុង​ទឹក​វិញ ។ ទោះបីជា​បង​ប្អូន​នៅ​ឆ្ងាយ​ពី​ច្រាំង​ជាង ២០ គីឡូម៉ែត្រ ឬ ១២ ម៉ែលស៍​ក្ដី ក៏​បង​ប្អូន​មិន​អាច​ទ្រាំ​នៅលើ​ទូក​នោះ​បាន​ដែរ ។ ដោយ​សោកស្ដាយ​បន្ដិច អ្នក​នេសាទ​នោះ​ជួយ​ដាក់​បង​ប្អូន​ចុះ​ក្នុង​មហាសមុទ្រ​វិញ ។

ស៊ិស្ទើរ រេនឡាន់ ៖ នៅក្នុង​រឿង​ប្រៀប​ប្រដូច​នេះ ទូក​នោះ​តំណាង​ឲ្យ​សាសនាចក្រ ហើយ​អ្នកនេសាទ​នោះ​តំណាង​ឲ្យ​អស់​អ្នក​ដែល​បម្រើ​នៅក្នុង​សាសនាចក្រ ។ គោលបំណង​តែមួយ​គត់​របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​គឺ ដើម្បី​ជួយ​ដល់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​នៅ​ក្នុង​កិច្ចការ​របស់​ទ្រង់​ដើម្បី​នាំ​ឲ្យ​មាន​ជីវិត​ដ៏​អស់កល្ប​ជានិច្ច​ដល់​បុត្រា​បុត្រី​របស់​ព្រះវរបិតាសួគ៌ ។ តើ​ទូក និង​អ្នកនេសាទ​នោះ​បង្រៀន​យើង​អ្វី​ខ្លះ​អំពី​សាសនាចក្រ ? តើ​ស្នាម​ពៀច និង​ថ្នាំ​របក​នៅ​ព្រះវិហារ​ផ្លាស់ប្ដូរ​សមត្ថភាព​វា​ដើម្បី​ផ្ដល់​ពិធីបរិសុទ្ធ​ដ៏​សង្គ្រោះ និង​តម្កើង​ឡើង​ដែល​មាន​សិទ្ធិ​អំណាច ដើម្បី​ជួយ​បង​ប្អូន​ឲ្យ​ក្លាយ​ដូច​ជា​ព្រះវរបិតា​យើង​ដែល​គង់​នៅ​ស្ថានសួគ៌​ឬ​ទេ ? ប្រសិនបើ​អ្នកនេសាទ​នោះ​ត្រូវ​កាន់​ចង្កូត​នឹង​ដៃ​ទាំងពីរ​ដើម្បី​ឲ្យ​ទូក​បើក​ត្រង់ តើ​ការណ៍​នោះ​ប្រឆាំង​នឹង​សមត្ថភាព​របស់​គាត់ និង​របស់​ទូក​ដើម្បី​នាំ​យើង​ទៅ​កន្លែង​ដែល​យើង​ចង់​ទៅ​ដោយ​សុវត្ថិភាព និង​ទំនុក​ចិត្ត​ដែរ​ទេ ? បង​ប្អូន​មិន​ចាំបាច់​ធ្វើជា​អ្នកមើល​ឆុត​ដែល​បាន​តែងតាំង​ដូចជា​ស្វាមី​ខ្ញុំ ដើម្បី​ដឹង​ថា ការចុះ​ក្នុង​ទឹក​វិញ​ជាជាង​នៅលើ​ទូក​នោះ​គឺ​គ្រោះថ្នាក់​ណាស់ ។

សមាជិក​គ្រប់​រូប​នៃ​សាសនាចក្រ​នេះ​ត្រូវការ​សាក្សី​ផ្ទាល់ខ្លួន​គេ​អំពី​សេចក្ដីពិត​ពេញលេញ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ បើ​គ្មាន​ការប្រែចិត្ត​នោះ​ទេ រួមទាំង​ការ​ផ្លាស់​ប្ដូរ​ដ៏​ធំ​នៅ​ក្នុង​ដួង​ចិត្ត​ផង នោះ​មនុស្ស​អាច​ចាប់​ផ្ដើម​ផ្ដោត​លើ​នំ​ផ្អែម និង​ថ្នាំ​ចាស់​នៃ​រឿង​ប្រៀបធៀប​នោះ​ហើយ ។

អែលឌើរ រេនឡាន់ ៖ ការចាប់ផ្ដើម​នៃ​ទីបន្ទាល់​របស់​ខ្ញុំ​បាន​កើត​ឡើង នៅពេល​ខ្ញុំ​រស់នៅ​ទីក្រុង​ហ្គូតធើបួក ប្រទេស​ស៊ុយអែត ។ កាល​នោះ​ខ្ញុំ​អាយុ ១១ ឆ្នាំ ។ ប្រធាន​បេសកកម្ម​បាន​ធ្វើការ​អញ្ជើញ​ដល់​យុវវ័យ​ទាំងអស់​ឲ្យ​អាន​ព្រះគម្ពីរ​មរមន ។ បងប្រុស​របស់​ខ្ញុំ​ដែល​ខ្ញុំ​តែង​កោត​សរសើរ និង​គោរព​នោះ​បាន​ទទួល​យក​ការអញ្ជើញ​នោះ ។ ខ្ញុំ​ចង់​ក្លាយ​ដូចជា​គាត់ ដូច្នេះ​ខ្ញុំ​បាន​ចាប់ផ្ដើម​អាន​ព្រះគម្ពីរ​មរមន​ដែរ ។ កាល​កំពុង​អាន​នោះ ប្រហែល​ពេល​ខ្ញុំ​អាន​ដល់​គម្ពីរ​អាលម៉ា ទីប្រឹក្សា​ម្នាក់​របស់​ប្រធាន​បេសកកម្ម​បាន​ប្រាប់​យើង​ថា យើង​គួរតែ​អធិស្ឋាន​អំពី​អ្វី​ដែល​យើង​កំពុង​អាន​នោះ ។ ខ្ញុំ​ចាំ​ពី​ល្ងាច​ដែល​ខ្ញុំ​បាន​ធ្វើ​តាម​ការអញ្ជើញ​នោះ​ច្បាស់​ណាស់ ។ ខ្ញុំ​នៅ​ចាំ​ពី​ផ្ទះ​ដែល​យើង​បាន​រស់នៅ និង​បន្ទប់​ដែល​បងប្រុស​ខ្ញុំ និង​ខ្ញុំ​បាន​គេង ។ បន្ទាប់ពី​បងប្រុស​របស់​ខ្ញុំ​បាន​គេង​លក់ ខ្ញុំ​បាន​ក្រោក​ពី​គ្រែ ហើយ​លុត​ជង្គង់​ចុះ​នៅ​ក្បែរ​នោះ ហើយ​ខ្ញុំ​បាន​ចាប់ផ្ដើម​ការអធិស្ឋាន​ដ៏​សាមញ្ញ​មួយ​ដើម្បី​ដឹង​ថា តើ​ព្រះគម្ពីរ​មរមន​ពិត​ឬ​យ៉ាង​ណា ។

ខ្ញុំ​មិន​បាន​ឮ​សំឡេង​អ្វី​ទេ ប៉ុន្ដែ​ព្រះ​ហាក់​ដូចជា​បាន​មាន​បន្ទូល​មក​ខ្ញុំ​ថា « យើង​បាន​ប្រាប់​ឯង​ជា​យូរ​មក​ហើយ​ថា វា​ពិត » ។ បទពិសោធន៍​នោះ​បាន​ផ្លាស់ប្ដូរ​ខ្ញុំ ។ វា​បាន​ផ្លាស់ប្ដូរ​ជីវិត​របស់​ខ្ញុំ ។ វា​បាន​ចាប់ផ្ដើម​ដំណើរការ​មួយ​នៃ​ជំនឿ ដំណើរការ​មួយ​នៃ​ការដើរ​លើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា ហើយ​ព្យាយាម​ធ្វើ​បន្ថែម​ទៀត និង​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ។ គឺ​នៅ​ទីក្រុង​ហ្គូតធើបួក​នោះ​ហើយ​ដែល​ខ្ញុំ​បាន​រៀន​ពី​របៀប​ប្រែចិត្ត ។ គឺ​នៅ​ទីក្រុង​ហ្គូតធើបួក​នោះ​ហើយ​ដែល​ខ្ញុំ​បាន​ចាប់ផ្ដើម​កោតសរសើរ​ដល់​បុគ្គល​ដែល​តម្កើង​ការហៅ​របស់​គេ ហើយ​ដែល​ខិតខំ​ធ្វើការ​ដើម្បី​ស្ថាបនា​នគរ​ព្រះ ។ គឺ​នៅ​ទីនោះ​ឯង​ដែល​ខ្ញុំ​បាន​ចាប់ផ្ដើម​សរសើរ​ដល់​ពួកបរិសុទ្ធ​ដ៏​ស្មោះត្រង់​របស់​ព្រះ មិន​ថា​ពួកគេ​រស់នៅ​ទីណា​ទេ ។ ហ្គូតធើបួក និង​អគារ​ដែល​យើង​បាន​ជួប​គ្នា​នៅ វិកថូរៀហ្គាថាន ក្លាយជា​កន្លែង​ដ៏​ពិសេស​សម្រាប់​ខ្ញុំ ។

ទាក់ទង​ទៅនឹង​អ្នកប្រែចិត្ត​ជឿ​ពី​ដើម​ដំបូង​របស់​អាលម៉ា យើង​អាន ៖ « ហើយ​ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា ការណ៍​ទាំង​អស់​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ទី​មរមន មែន​ហើយ នៅ​ក្បែរ​ទឹក​មរមន​គឺ​នៅ​ក្នុង​ព្រៃ​ក្បែរ​ទឹក​មរមន មែន​ហើយ ឱ​ទី​កន្លែង​មរមន ទឹក​មរមន ព្រៃ​មរមន ម្ដេច​ក៏​ល្អ​ដល់​ម្ល៉េះ​ហ្ន៎ ចំពោះ​ភ្នែក​នៃ​ពួក​អ្នក ដែល​បាន​ស្គាល់​ព្រះ​ដ៏​ប្រោស​លោះ​របស់​ខ្លួន មែន​ហើយ ឱ​ពួក​គេ​មាន​ពរ​ហើយ ព្រោះ​ពួក​គេ​នឹង​ច្រៀង​សរសើរ​ដល់​ព្រះ​អង្គ​ជា​រៀង​រហូត » ។

គឺ​នៅ​ទីក្រុង​ហ្គូតធើបួក​ដែល​ខ្ញុំ​បាន​ស្គាល់​ព្រះប្រោសលោះ​របស់​ខ្ញុំ ។ ហ្គូតធើបួក និង វិកថូរៀហ្គាថាន បាន​ក្លាយជា « ទឹក​មរមន » របស់​ខ្ញុំ ។

ស៊ិស្ទើរ រេនឡាន់ ៖ តើ​បង​ប្អូន​បាន​ស្គាល់​ព្រះប្រោសលោះ​របស់​បង​ប្អូន​នៅ​កន្លែង​ណា ? តើ​បង​ប្អូន​មាន​អារម្មណ៍​យ៉ាង​ដូចម្ដេច ? ប្រសិនបើ​បង​ប្អូន​ភ្លេច យើង​ជំរុញ​ឲ្យ​បង​ប្អូន​រក​នឹក​ឲ្យ​ចាំ ហើយ​ជំរុញ​ដល់​សិស្ស​ដែល​បង​ប្អូន​បង្រៀន​ឲ្យ​នឹក​ចាំ​ពី​អារម្មណ៍​នោះ​ផង ។ ចំណេះដឹង និង​អារម្មណ៍​ទាំងនេះ​គឺជា​ទី​ចាប់ផ្ដើម​នៃ​សេចក្ដីជំនឿ ។

សេចក្ដីជំនឿ​គឺជា​ជម្រើស​មួយ​ដែល​បុគ្គល​ម្នាក់ៗ​ត្រូវ​រើស ។ សេចក្ដីជំនឿ​មិន​មែន​គ្រាន់តែ​ជា​ការចង់​ឲ្យ​អ្វី​មួយ​ក្លាយជា​ការពិត​តាម​ចិត្ត​នឹក ហើយ​បញ្ចុះ​បញ្ចូល​ខ្លួន​ឯង​ទាំង​រវើរវាយ​នោះ​ទេ ។ សេចក្ដីជំនឿ​គឺជា​ការធានា​នៃ​ការមាន​អ្វីៗ​ដែល​យើង​មើល​មិន​ឃើញ​ខាង​សាច់ឈាម ។ វា​ក៏​ជា​គោលការណ៍​នៃ​សកម្មភាព​ផងដែរ ។ ប្រហែល​អាច​និយាយ​បាន​ថា សេចក្ដីជំនឿ​ជា​ប្រភេទ​ការចងចាំ​ខាង​វិញ្ញាណ​មួយ​អំពី​ការរស់នៅ​មុន​ជីវិត​ផែនដី​របស់​យើង ។

« សេចក្ដី​ជំនឿ​ត្រូវ​តែ​ពឹង​ពាក់​ដល់​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​ឲ្យ​បាន​នាំ​ជន​ណា​ម្នាក់​ទៅ​រក​សេចក្ដី​សង្គ្រោះ ។ … សេចក្ដី​ជំនឿ​កើត​ឡើង​ដោយ​សារ​ការ​ឮ​ដំណឹង​ល្អ ដែល​បាន​បង្រៀន​ដោយ​ពួក​អ្នក​ធ្វើ​ការ​ដែល​មាន​សិទ្ធិ​អំណាច [ ដូ​ចជា​បងប្អូន ] ដែល​បាន​ចាត់​មក​ពី​ព្រះ ។ អព្ភូតហេតុ​មិន​ធ្វើ​ឲ្យ​មាន​សេចក្ដី​ជំនឿ​ទេ ប៉ុន្តែ​សេចក្ដី​ជំនឿ​ដ៏​ធំ គឺ​មាន​ឡើង​ដោយ​សារ​ការ​គោរព​តាម​ដំណឹង​ល្អ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​វិញ ។ ម្យ៉ាង​ទៀត សេចក្ដី​ជំនឿ​មាន​មក​ដោយ​សារ​សេចក្ដី​សុចរិត » ។ សេចក្ដីជំនឿ​មិន​កើត​មក​ពី​ការទាមទារ​ឲ្យ​មាន​ទីសម្គាល់​មក​ពី​ព្រះ​ឡើយ ប៉ុន្ដែ​ដោយ​ការគោរព និង​ធ្វើតាម​បទបញ្ញត្តិ​របស់​ទ្រង់ ។

អែលឌើរ រេនឡាន់ ៖ ព្រះ​សព្វ​ព្រះទ័យ​ឲ្យ​យើង​មាន​សេចក្ដីជំនឿ ។ ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​យើង​មាន​សេចក្ដីជំនឿ ដើម្បី​ទ្រង់​អាច​ប្រទានពរ​ដល់​យើង​បាន ។ អាលម៉ា​បាន​ប្រាប់​រឿង​នេះ​ដល់​ពួកសាសន៍​សូរាំ​ដ៏​រាបសា ៖ « ហើយ​ឥឡូវ​នេះ មើល​ចុះ ខ្ញុំ​សូម​ប្រាប់​អ្នក​រាល់​គ្នា ហើយ​ខ្ញុំ​ចង់​ឲ្យ​អ្នក​ចងចាំ​ថា ព្រះ​ទ្រង់​ប្រកប​ដោយ​សេចក្ដី​មេត្តាករុណា​ដល់​អស់​អ្នក​ណា ដែល​ជឿ​ដល់​ព្រះ​នាម​ទ្រង់ ហេតុ​ដូច្នេះ​ហើយ ទ្រង់​មាន​ព្រះ​ហឫទ័យ​ជា​ដំបូង​បំផុត​ថា អ្នក​រាល់​គ្នា​គួរតែ​ជឿ មែន​ហើយ គឺ​ជឿ​ដល់​ព្រះ​បន្ទូល​របស់​ទ្រង់ » ។

សេចក្ដីជំនឿ​គឺជា​កូនសោ​ចាក់​យក​សេចក្ដី​មេត្តាករុណា​របស់​ព្រះ ។ បន្ទាប់មក​អាលម៉ា​បាន​បង្រៀន​ថា មនុស្ស​ត្រូវ​សម្រេច​ចិត្ត​ថា គាត់​ចង់​មាន​សេចក្ដីជំនឿ រួច​ហើយ​ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ ពីមុនសេចក្តីជំនឿ​អាច​ធំធាត់​ឡើង ។ អាលម៉ា​បន្ដ​ថា « ប៉ុន្តែ​មើល​ចុះ បើ​សិន​ជា​អ្នក​រាល់​គ្នា​ចង់​ភ្ញាក់​ឡើង ហើយ​ដាស់​សមត្ថភាព​ទាំង​ឡាយ​របស់​ខ្លួន គឺ​ដើម្បី​ធ្វើ​ការ​ពិសោធន៍​ដល់​ពាក្យ​សម្ដី​របស់​ខ្ញុំ ហើយ​អនុវត្ត​សេចក្ដី​ជំនឿ​មួយ​តូច មែន​ហើយ គឺ​បើ​សិន​ជា​អ្នក​រាល់​គ្នា​ពុំ​អាច​ធ្វើ​អ្វី​ក៏​ដោយ ក្រៅ​ពី​ការ​ចង់​ជឿ នោះ​សូម​ឲ្យ​ចំណង់​នេះ​មាន​នៅ​ក្នុង​ខ្លួន​អ្នក គឺ​រហូត​ដល់​អ្នក​អាច​ទុក​កន្លែង​មួយ សម្រាប់​ពាក្យ​សម្ដី​របស់​ខ្ញុំ​មួយ​ចុះ » ។

ដើម្បី​ឲ្យ​សេចក្ដីជំនឿ​ធំធាត់​ឡើង មនុស្ស​ម្នាក់​ត្រូវ​តែ​ជ្រើសរើស​មាន​សេចក្ដីជំនឿ ។ មនុស្ស​ម្នាក់​ត្រូវ​មាន​បំណង​ចង់​មាន​សេចក្ដីជំនឿ ។ មនុស្ស​ម្នាក់​ត្រូវ​ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ ។

ស៊ិស្ទើរ រេនឡាន់ ៖ ប្រហែល​ការបង្ហាញ​មួយ​នឹង​បញ្ជាក់​ពី​ការណ៍​នេះ ។ យើង​មាន​ក្ដារ​មួយ​ដែល​មាន​ដែកគោល​ដំ​លើ​វា​នៅ​ទីនេះ ។ យើង​មាន​ដែកគោល ១២ ទៀត​ផងដែរ ។ ដូច្នេះ បង​សំឡាញ់​ខ្ញុំ​មាន​កិច្ចការ​មួយ​ឲ្យ​បង​ធ្វើ ។ តើ​បង​អាច​ដាក់​ដែកគោល ១២ ផ្សេង​ទៀត​នៅលើ​ដែកគោល​មួយ​ដែល​បាន​ដំ​លើ​ក្ដារ​នោះ​បាន​ទេ ?

អែលឌើរ រេនឡាន់ ៖ ថា​ម៉េច ?

ស៊ិស្ទើរ រេនឡាន់ តើ​បង​អាច​ធ្វើ​បាន​ទេ ? មែនហើយ​ដាក់​បាន​មួយ​ហើយ ។ នៅសល់​ដែកគោល ១១ ទៀត ។ ខណៈ​រក​ដំណោះស្រាយ​នឹង​សំណួរ​នេះ អ្នក​ខ្លះ​អាច​ព្យាយាម​ដាក់​ដែកគោល​មួយ​លើ​ក្បាល​ដែកគោល​ដំ​នោះ រួចហើយ​ឈប់ ។

អែលឌើរ រេនឡាន់ ៖ តើ​អូន​មាន​ស្ករកៅស៊ូ​ទេ ?

ស៊ិស្ទើរ រេនឡាន់ ៖ មាន​ម្នាក់​គិតថា ជំហាន​បន្ទាប់​នេះ​ពុំ​អាច​ធ្វើ​ទៅ​រួច​ទេ ។ មនុស្ស​ជាច្រើន​បាន​ឈប់​ព្យាយាម​ដោយ​គិត​ថា « រឿង​នេះ​មិន​អាច​ធ្វើ​បាន​ទេ » ។

ប៉ុន្ដែ​ប្រសិនបើ​បង​ប្អូន​មាន​ឆន្ទៈ​សួរ​បែប​នេះ​វិញ​ថា « តើ​វា​អាច​ធ្វើ​បាន​ទេ ? » នោះ​បង​ប្អូន​អាច​មាន​ឆន្ទៈ​រក​វិធីសាស្ដ្រ​មួយ​ទៀត ។ សាកល្បង​វា​របៀប​នេះ ! សូម​ដាក់​ដែកគោល​មួយ​ផ្ដេក​កាត់​ពីមុខ​អ្នក ។ ឥឡូវ ដាក់​ដែកគោល​មួយ​ទៀត​កាត់​ដែកគោល​ទីមួយ ដោយ​ដាក់​មុខ​ដែកគោល​មក​រកអ្នក ។ ដាក់​ដែកគោល​បន្ទាប់​កាត់​ដែកគោល​ទីមួយ ដោយ​ដាក់​ក្បាល​ដែកគោល​មក​រក​អ្នក ។ បន្ដ​ដាក់​ដែកគោល​ទាំងអស់​ដូច្នេះ ប៉ុន្ដែ​ដែកគោល​ចុងក្រោយ​សូម​ដាក់​កាត់​ដែកគោល​ទីមួយ​តាម​គន្លង​ដែល​មាន​នេះ ។

កាល​បង​ប្អូន​ធ្វើ​ដូច្នេះ បង​ប្អូន​ឃើញ​ថា មាន​របៀប​មួយ​មែន ។ បង​ប្អូន​ចាប់​គិត​ថា « ការណ៍​នេះ​អាច​ធ្វើ​បាន » ។ ក្ដី​សង្ឃឹម​របស់​បង​ប្អូន​កើន​ឡើង ។ ទីបំផុត បង​ដាក់​ជិត​រួច​ហើយ ។

អែលឌើរ រេនឡាន់ ៖ ក្តីសង្ឃឹម​ខ្ញុំ​ពិតជា​កើន​ឡើង​មែន ។

ស៊ិស្ទើរ រេនឡាន់ ៖ សូម​ដាក់​ដែកគោល​ចុងក្រោយ​លើ​គេ ហើយ​ស្រប​នឹង​ដែកគោល​ទីមួយ កាត់​ដែកគោល​ផ្សេង​ទៀត ។ ត្រូវ​ហើយ ! គឺ​ដូច្នេះ​ឯង ។ ឥឡូវ ដោយ​ប្រុងប្រយ័ត្ន​សូម​ចាប់​តែ​ដែកគោល​ខាងក្រោម​គេ សូម​លើក​ដែកគោល​ទាំងអស់​ឡើង ហើយ​ដាក់​ដែកគោល​ខាងក្រោម​នោះ​នៅលើ​ដែកគោល​ដែល​ដំ​លើ​ក្ដារ ។

ជួនកាល​ការព្យាយាម​លើក​ដំបូង​ពុំ​ដំណើរការ​ទេ ។ ដូច្នេះ​ជាមួយ​នឹង​ការដកពិសោធន៍​ជា​ច្រើន អ្នក​អាច​ព្យាយាម​ជា​លើក​ទីពីរ ។ សូម​ធ្វើ​តាម​ជំហាន​ដដែល ។ ដាក់​ដែកគោល​ចុងក្រោយ​លើ​គេ​បង្អស់ ដោយ​ប្រុងប្រយ័ត្ន​ដោយ​ប្រុងប្រយ័ត្ន​បំផុត—

អែលឌើរ រេនឡាន់ ៖ អូន​អត់​និយាយ​អញ្ចឹង​សោះ​លើក​មុន ។

ស៊ិស្ទើរ រេនឡាន់ ៖ សូម​លើក​ដែកគោល​ទាំងអស់ ហើយ​ដាក់​វា​ឲ្យ​មាន​លំនឹង ។ អស្ចារ្យ​ណាស់ ! កាលណា​បង​ប្អូន​ដឹង​ពី​របៀប​ធ្វើ​វា នោះ​ដំណោះស្រាយ​ហាក់​ដូចជា​ជាក់ស្ដែង ។

អែលឌើរ រេនឡាន់ ៖ កុំ​ដកដង្ហើម ប្រយ័ត្ន​ធ្លាក់ !

ស៊ិស្ទើរ រេនឡាន់ ៖ វា​ក៏​ពិត​ដូចគ្នា​ក្នុង​ការទទួល​បាន​ទីបន្ទាល់​មួយ​ផងដែរ ។ កាលណា​បង​ប្អូន​ដឹង​ពី​របៀប​ទទួល​បាន​ចម្លើយ​មួយ​ពី​ព្រះ នោះ​លទ្ធផល​ហាក់​ដូចជា​ជាក់ច្បាស់ ។ រឿង​នេះ​មាន​ចែង​នៅក្នុង​សេចក្ដីសន្យា​នៃ​ព្រះគម្ពីរ​មរមន​ដែល​ស្វាមី​ខ្ញុំ​បាន​ធ្វើ​តាម​កាល​នៅ​អាយុ ១១ ឆ្នាំ ហើយ​កាល​យើង​ទាំងអស់​គ្នា​ធ្វើ​តាម ពេល​យើង​បាន​ទទួល​ទីបន្ទាល់​យើង ។ « ហើយ​កាល​ណា​អ្នក​រាល់​គ្នា​ទទួល​នូវ​ការណ៍​ទាំង​នេះ នោះ​ខ្ញុំ​សូម​ទូន្មាន​ដល់​អ្នក​រាល់​គ្នា​ឲ្យ​សូម​សួរ​ដល់​ព្រះ​ជា​ព្រះវរបិតា​ដ៏​គង់​នៅ​អស់កល្ប​ជានិច្ច ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះគ្រីស្ទ បើសិន​ជា​ការណ៍​ទាំង​នេះ​មិន​ពិត ហើយ​បើ​សិន​ជា​អ្នក​រាល់​គ្នា​សូម​សួរ​ដោយ​ចិត្ត​ស្មោះ​ស​គឺ ដោយ​ស្មោះ​អស់​ពី​ចិត្ត ដោយ​មាន​សេចក្តី​ជំនឿ​ជឿ​ដល់​ព្រះគ្រីស្ទ នោះ​ទ្រង់​នឹង​សម្ដែង​សេចក្តី​ពិត​នៃ​ការណ៍​នេះ​ដល់​អ្នក​ដោយ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ » ។

ពេល​បង​ប្អូន​ចាប់ផ្ដើម​ដោយ​សំណួរ​ថា « តើ​រឿង​ទាំងនេះ​អាច​ជា​រឿង​ពិត​មែន​ឬ ? » វា​ដឹកនាំ​ទៅរក​សេចក្ដីជំនឿ ។ បើ​បង​ប្អូន​ចាប់ផ្ដើម​ដោយ​សំណួរ​ថា « តើ​រឿង​នេះ​អាច​ជា​រឿង​ខុសឆ្គង​ឬ​ទេ ? » វា​ដឹកនាំ​ទៅរក​មន្ទិល​សង្ស័យ ។ ហើយ​មន្ទិល​សង្ស័យ​មិន​ដែល​នាំ​ទៅរក​សេចក្ដីជំនឿ​ឡើយ ។

អែលឌើរ រេនឡាន់ ៖ នៅក្នុង​ឱកាស​មួយ កាល​ទៅ​ទស្សនា​សន្និសីទ​ស្ដេក​មួយ ប្រធាន​ស្ដេក​ម្នាក់​បាន​សុំ​ខ្ញុំ​ឲ្យ​ទៅ​ជួប​នឹង​បុរស​ម្នាក់​ដែល​ខ្ញុំ​នឹង​ហៅ​ថា ស្ទេផាន ។ ស្ទេផាន​ជា​សមាជិក​ដ៏​ស្មោះត្រង់​ម្នាក់​នៅក្នុង​សាសនាចក្រ ។ គាត់​ជា​អ្នក​ត្រឡប់​មក​ពី​បេសកកម្ម ហើយ​បាន​រៀបការ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ គាត់​បាន​បម្រើ​យ៉ាង​ស្មោះត្រង់​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ប៉ុន្ដែ​បាន​ចាប់ផ្ដើម​សង្ស័យ​អំពី​សាសនាចក្រ ។ កាល​ខ្ញុំ​បាន​ទៅ​ជួប​នឹង​ស្ទេផាន គាត់​បាន​និយាយ​ថា គាត់​មាន​បញ្ហា​នឹង​ការពិត​ដែល​ថា យ៉ូសែប ស្ម៊ីធ បាន​សរសេរ ឬ​ហៅ​ឲ្យ​សរសេរ​កំណែ​បួន​នៃ​ការនិមិត្ត​ដំបូង ។ គាត់​បាន​គិត​ថា ការណ៍​នេះ​អាច​មាន​ន័យ​ថា យ៉ូសែប ស្ម៊ីធ បាន​បង្កើត​វា​ឡើង ។

ខ្ញុំ​ឲ្យ​ស្ទេផាន​ទាក់ទង​នឹង​បុរស​ម្នាក់​ដែល​ធ្វើការ​នៅក្នុង​នាយកដ្ឋាន​ប្រវត្តិ​សាសនាចក្រ ដែល​បាន​ស្រាវជ្រាវ​រក​កំណែ​ទាំងបួន​កាល​ពី​រាប់​ទសវត្សរ៍​កន្លង​ទៅ ។ ស្ទេផាន​បាន​ជួប​នឹង​អ្នក​ស្រាវជ្រាវ​នោះ ។ លើកក្រោយ​ពេល​ខ្ញុំ​បាន​និយាយ​នឹង​ស្ទេផាន ខ្ញុំ​បាន​សួរ​ថា « អញ្ចឹង តើ​លោក​មាន​អារម្មណ៍​យ៉ាង​ណា​អំពី​ការនិមិត្ត​ដំបូង ? »

គាត់​បាន​ឆ្លើយ​ថា « មែនហើយ រឿង​នោះ​លែង​អី​ហើយ ដោយសារ​សំណួរ​របស់​ខ្ញុំ​បាន​ទទួល​ចម្លើយ ។ វា​លែង​រំខាន​ខ្ញុំ​ទៀត​ហើយ ។ ប៉ុន្ដែ​ឥឡូវ​នេះ ខ្ញុំ​ពិត​ជា​ខ្វល់​ពី​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​ដែល​បាន​អនុវត្ត​នៅក្រុង​ណៅវូ និង​ក្រោយពី​សេចក្ដីថ្លែង​នៅ​ឆ្នាំ ១៨៩០ ។ រឿង​នោះ​ពិត​ជា​អំពល់​ដល់​ខ្ញុំ​ណាស់ » ។

ខ្ញុំ​បាន​សុំ​ឲ្យ​ស្ទេផាន​ទៅ​ជួប​នឹង​ម្នាក់​ផ្សេង​ទៀត​នៅក្នុង​នាយកដ្ឋាន​ប្រវត្តិ​សាសនាចក្រ ។ បន្ទាប់​ពី​ការពិភាក្សា​នោះ ខ្ញុំ​បាន​ទាក់ទង​ទៅ​ស្ទេផាន ហើយ​បាន​សួរ​ថា​គាត់​យ៉ាង​ម៉េច​ហើយ ។

គាត់​ប្រាប់​ថា « មែនហើយ រឿង​នោះ​មិន​រំខាន​ខ្ញុំ​ទៀត​ឡើយ ។ ខ្ញុំ​យល់​ពី​អ្វី​ដែល​បាន​កើតឡើង ហើយ​កង្វល់​ខ្ញុំ​បាន​ដោះស្រាយ ។ ប៉ុន្ដែ​ឥឡូវ​នេះ ខ្ញុំ​ពិត​ជា​ខ្វល់​ណាស់ ដែល​បព្វជិតភាព​ត្រូវបាន​ដកចេញ​ពី​ពូជពង្ស​ពួកអាហ្វ្រិក​ស្បែក​ខ្មៅ​ទាំង​នោះ » ។

ស៊ិស្ទើរ រេនឡាន់ ៖ ស្ទេផាន​គឺ​ដូចជា​មនុស្ស​ជាច្រើន ។ គាត់​បាន​ជ្រើសរើស​ធ្វើ​ជា​អ្នកសង្ស័យ​ឥត​ឈប់ឈរ ។ ពេលវេលា​ចេះ​តែ​កន្លង​ទៅ កាល​កង្វល់​មួយ​ដោះស្រាយ​ហើយ នោះ​កង្វល់​មួយ​ទៀត​បាន​មក ។ មិន​ថា​មាន​គេ​ព្យាយាម​ជួយ​ឆ្លើយ​តប​នឹង​សំណួរ​ទាំងនេះ​យ៉ាង​ណា​នោះ​ទេ គាត់​នៅតែ​មាន​ប្រធានបទ​ផ្សេង​ទៀត​ដែល​គាត់​សង្ស័យ ។ អ្វី​ដែល​ស្ទេផាន​ធ្វើ គឺជា​ទម្រង់​បែប​សាសនា​មួយ​នៃ​ការដោះស្រាយ​រយៈពេល​ខ្លី ។ បងប្អូន​ដឹង​ទេ ល្បែង​របស់​កូន​ក្មេង នៅពេល​សត្វ​មួយ​ផុស​ចេញ​មក​ពី​ក្តារ ហើយ​អ្នក​បាន​វ៉ៃ​វា​ភ្លាម នោះ​សត្វ​មួយ​ទៀត​នឹង​ចេញ​មក​នៅកន្លែង​ផ្សេង​មួយ​ទៀត ។

រឿង​នេះ​ជា​ស្ថានភាព​ដ៏​ខុស​ដាច់​គ្នា​មួយ​សម្រាប់​ស្ដ្រី​ម្នាក់​ដែល​យើង​បាន​ជួប​នៅ លូប៊ុមបាស៊ី សាធារណរដ្ឋ​ប្រជាមានិត​កុងហ្គោ ។ នាង​ឈ្មោះ​ថា អេនជែលិក ។ នាង​ជា​អ្នក​ត្រឡប់​មក​ពី​បេសកកម្ម​ដ៏​ស្មោះត្រង់​ម្នាក់ ។ នាង​មាន​ទីបន្ទាល់​ដ៏​រឹងមាំ​មួយ​អំពី​ព្យាការី យ៉ូសែប ស្ម៊ីធ ។ នាង​ស្រឡាញ់​ព្រះគម្ពីរ​មរមន ។ នាង​ស្រឡាញ់​អ្វីៗ​គ្រប់យ៉ាង​អំពី​សាសនាចក្រ ។

នៅពេល​យើង​បាន​ជួប​នាង នាង​កំពុង​អាន​សៀវភៅ​មួយ​ដែល​បាន​សរសេរ​ដោយ​ថ្នាក់ដឹកនាំ​សាសនាចក្រ​ម្នាក់ ពីមុន​លោក​បាន​ក្លាយជា​ប្រធាន​សាសនាចក្រ ។ សៀវភៅ​នោះ​ត្រូវបាន​សរសេរ​មុន​វិវរណៈ​ស្ដីពី​បព្វជិតភាព​ឆ្នាំ ១៩៧៨ ហើយ​ផ្ដល់​យោបល់​ថា ដោយសារតែ​រឿង​មួយ​ចំនួន​កើតឡើង​ក្នុង​ជីវិត​មុន​ផែនដី​នេះ ទើប​ពួកពូជពង្ស​អាហ្វ្រិក​ស្បែក​ខ្មៅ​ទាំង​នោះមិន​ត្រូវបាន​តម្កើង​ឡើង​ឡើយ ។ អេនជែលិក​បាន​សុំ​រក​ជំនួយ​ដើម្បី​យល់​ពី​មូលហេតុ​ដែល​រឿង​នេះ​ដូច្នេះ ។ នាង​ទទួល​បាន​ចម្លើយ​ពី​សមាជិក​ក្នុង​កូរ៉ុម​នៃ​ពួកដប់​ពីរ​នាក់​នា​ពេល​បច្ចុប្បន្ន​ថា ថ្នាក់​ដឹកនាំ​សាសនាចក្រ​ពីមុន​រូប​នេះ​ខុស​ហើយ គឺ​ច្បាស់លាស់ និង​សាមញ្ញ និង​ថា​លោក​បាន​សរសេរ​ពី​គំនិត​របស់​លោក តែ​គំនិត​នោះ​គឺ​មិន​ត្រឹមត្រូវ​ទេ ។ អេនជែលិក​ពេញ​ចិត្ត​នឹង​ការពន្យល់​នេះ ។ នាង​បាន​ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ តាមរយៈ​ការនៅ​បន្ដ​លើ​ផ្លូវ​សេចក្ដីសញ្ញា ហើយ​ទុកចិត្ត​លើ​ព្រះ ។

អែលឌើរ រេនឡាន់ ៖ មន្ទិល​សង្ស័យ​មិន​ដែល​នាំ​មុខ​សេចក្ដីជំនឿ​ឡើយ ។ ពន្លឺ​មិន​ពឹង​លើ​ភាពងងឹត​សម្រាប់​ការបង្កើត​វា​ឡើយ ។ កាល​ពេត្រុស​លិច​ចុះ​ក្នុង​ទឹក បន្ទាប់​ពី​លោក​ព្យាយាម​ដើរ​លើ​វា នោះ​លោក​មិន​ឮ​ឃ្លា « អូ៎ ពេត្រុស បើ​អ្នក​គ្រាន់តែ​មាន​មន្ទិល​ថែម​ទៀត » នោះទេ ។ ទេ តែ​លោក​ឮ​ថា « ឱ​មនុស្ស​មាន​ជំនឿ​តិច​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​សង្ស័យ ? »

នៅក្នុង​សៀវភៅ Lectures on Faith ភាព​ខុសគ្នា​រវាង​សេចក្ដីជំនឿ និង មន្ទិល​សង្ស័យ​ត្រូវបាន​ពន្យល់ ៖ « ហើយ​ត្រង់​ណា​មាន​មន្ទិល​សង្ស័យ និង​ភាពមិន​ប្រាកដ​ប្រជា នោះ​គ្មាន​សេចក្ដីជំនឿ​ឡើយ ហើយ​ក៏​ពុំ​អាច​មាន​ដែរ ។ ដោយសារ​មន្ទិល​សង្ស័យ និង សេចក្ដីជំនឿ​មិន​មាន​ក្នុង​បុគ្គល​តែ​មួយ​ក្នុង​ពេល​ដូចគ្នា​ឡើយ ព្រោះ​មនុស្ស​ដែល​គំនិត​ស្ថិត​ក្រោម​ការសង្ស័យ និង​ការភ័យខ្លាច​មិន​មាន​ទំនុក​ចិត្ត​ដែល​មិន​រង្គោះរង្គើ​ទេ ហើយ​ត្រង់​ណា​ដែល​មាន​ទំនុក​ចិត្ត​ដែល​មិន​រង្គោះរង្គើ​មិន​កើតឡើង នោះ​សេចក្ដីជំនឿ​មាន​ភាពទន់​ខ្សោយ ឯ​ត្រង់​ណា​ដែល​សេចក្ដីជំនឿ​ខ្សោយ នោះ​បុគ្គល​នោះ​នឹង​មិន​អាច​ប្រឆាំង​នឹង​ការផ្ទុយ ទុក្ខលំបាក និង​ការវេទនា​ទាំងអស់​ដែល​ពួកគេ​នឹង​ត្រូវ​ជួប​ដើម្បី​ក្លាយជា​មរតក​របស់​ព្រះ និង​រួម​មរតក​ជាមួយ​ព្រះគ្រីស្ទ ជា​ព្រះយេស៊ូវ​បាន​ឡើយ ហើយ​កាល​គេ​អស់​កម្លាំង​ក្នុង​គំនិត​គេ នោះ​សត្រូវ​នឹង​មាន​អំណាច​លើ​គេ ហើយ​បំផ្លាញ​គេ​ចោល » ។១០

នេះ​គឺជា​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​ស្ទេផាន ។ គាត់​អនុញ្ញាត​ឲ្យ​មន្ទិល និង​ការមិន​ប្រាកដ​ប្រជា​វាយលុក​គំនិត​គាត់ ។ កាល​វេលា​ចេះ​តែ​កន្លង​ទៅ គាត់​មិន​មាន​កម្លាំង​ដើម្បី​ប្រឈម​នឹង​ឧបសគ្គ​ដែល​មនុស្ស​នឹង​ជួប​ក្នុង​នាម​ជា​សមាជិក​នៃ​សាសនាចក្រ​ឡើយ ។ គាត់​អស់​កម្លាំង​ក្នុង​គំនិត​គាត់ ហើយ​សេចក្ដីជំនឿ​គាត់​បាន​បាត់​ទៅ ។

ស៊ិស្ទើរ រេនឡាន់ ៖ ការ​មាន​សំណួរ​អំពី​សាសនាចក្រ និង​គោលលទ្ធិ​មិន​មែន​ជា​បញ្ហា​នោះ​ទេ ។ ការជ្រើសរើស​ធ្វើ​ជា​អ្នកសង្ស័យ​ឥត​ឈប់ឈរ​គឺជា​បញ្ហា ។ យ៉ូសែប ស្ម៊ីធ បាន​យល់​ពី​រឿង​នោះ កាល​លោក​អាន « តែបើ​អ្នករាល់គ្នា​ណា​មួយ​ខ្វះ​ប្រាជ្ញា មាន​តែ​សូម​ដល់​ព្រះ ដែល​ទ្រង់​ប្រទាន​ដល់​មនុស្ស​ទាំងអស់​ដោយ​សទ្ធា ឥត​បន្ទោស​ផង នោះ​ទ្រង់​នឹង​ប្រទាន​ឲ្យ » ។១១

ប៉ុន្ដែ​វគ្គ​នោះ​បន្ដ​ថា « តែ​ត្រូវ​ឲ្យ​អ្នក​នោះ​សូម​ដោយ​ចិត្ត​ជឿ​ឥត​សង្ស័យ​អ្វី​សោះ » ។១២

និយាយ​ម្យ៉ាង​ទៀត​គឺ សូម​ដល់​ព្រះ​ដោយ​មិន​សង្ស័យ​ថា ទ្រង់​អាច​ផ្ដល់​ចម្លើយ​ដល់​អ្នក​បាន ។ វគ្គ​គម្ពីរ​បន្ដ​ថា « ដ្បិត​អ្នក​ណា​ដែល​សង្ស័យ [ ឬ​មាន​មន្ទិល ] នោះ​ប្រៀប​ដូច​ជា​រលក​សមុទ្រ​ដែល​ត្រូវ​ផាត់​ដោយ​ខ្យល់ ទាំង​រំពើក​ចុះ​ឡើង ។ កុំ​ឲ្យ​មនុស្ស​យ៉ាង​នោះ​នឹក​ស្មាន​ថា ខ្លួន​នឹង​បាន​អ្វី​ពី​ព្រះអម្ចាស់​ឡើយ ។ ដ្បិត​អ្នក​នោះ​ជា​មនុស្ស​មាន​ចិត្ត ២ ចេះ​តែ​សាវា​ក្នុង​គ្រប់​ទាំង​ផ្លូវ » ។១៣

ដើម្បី​ទទួល​បាន​ចម្លើយ​ដូច​ដែល​យ៉ូសែប ស្ម៊ីធ បាន​ស្វែងរក ដើម្បី​ទទួល​បាន​ចម្លើយ​ដែល​យើង​ខ្វះ នោះ​យើង​ត្រូវ​ទៅរក​ព្រះ​ដោយ​ដួងចិត្ត​ជឿស៊ប់ និង​គំនិត​ដែល​ប្រាថ្នា​ថា រឿង​រ៉ាវ​របស់​ព្រះ​នឹង​បាន​ប្រាប់​ដល់​យើង ។

អែលឌើរ រេនឡាន់ ៖ យើង​ស្រឡាញ់​ប្រយោគ​មួយ​ដែល​អែលឌើរ ចន អេ វីតសូ ជា​សាវក​ពីដើម​ម្នាក់​ថ្លែង​ក្នុង​គ្រាកាន់កាប់​នេះ​ពី​ប្រទេស​ណ័រវេ ។ ខ្ញុំ​នឹង​សម្រាយ​អ្វី​ដែល​លោក​បាន​មាន​ប្រសាសន៍​ដូច្នោះ ៖ « លើកលែង​តែ​ផ្លាស់​ទៅជា​ការសួរ [ មកពី​ប្រភព​ត្រឹមត្រូវ ] នោះ​មន្ទិល​សង្ស័យ​គ្មាន​តម្លៃ​ក្នុង​ពិភពលោក​នេះ​ទេ ។ … កាល​មាន​អំនួត​ក្នុង​នាម​ជា​អ្នកសង្ស័យ​ម្នាក់ … ជា​អ្នកសង្ស័យ​មិន​ទៅ​មុខ នោះ​បុគ្គល​ម្នាក់​ទាស់​នឹង​ខ្លួន​គេ គ្មាន​ឆន្ទៈ​ខំ​ធ្វើការ [ ត្រឹម​ត្រូវ ] បង់​ថ្លៃ​ការរកឃើញ [ ដ៏​ទេវភាព ] នោះ​ចៀស​មិន​ផុត​ពី​ការឈាន​ដល់​ការឥត​ជំនឿ និង​ភក់ជ្រាំ​នៃ​ភាពងងឹត​ទេ ។ មន្ទិល​របស់​គេ​រីកធំ​ដូចជា​ផ្សិត​ពុល​ក្នុង​ម្លប់​ងងឹត​ក្នុង​បន្ទប់​នៃ​សតិ និង​វិញ្ញាណ​របស់​គេ ។ ចុងក្រោយ នឹង​ខ្វាក់​ដូចជា​សត្វ​កំពីង​ដូង​ក្នុង​រូង​វា ជា​ធម្មតា​គេ​ជំនួស​ការចំអក​ដោយ​ហេតុផល ហើយ​ភាពច្រអូស​ដោយ​ការងារ ។ សេចក្ដីពិត​ដ៏​សាមញ្ញ​បំផុត​មាន​តម្លៃ​ស្មើ​ផល​បូក​នៃ​ការសង្ស័យ​បែប​នោះ​ទាំងអស់ ។ … មន្ទិល​សង្ស័យ​មិន​ខុស​ទេ លុះត្រា​វា​ក្លាយជា​ទីបញ្ចប់ [ នៅក្នុង និង​នៃ​មន្ទិល​សង្ស័យ​នោះ ] ។ វា​លូត​ជា​សេចក្ដីថ្លៃថ្នូរ​ខ្លាំង ពេល​វា​ក្លាយជា​ការស្វែងរក និង​ការអនុវត្ត​ដ៏​សកម្ម [ ដ៏​ទេវភាព ] នៃ​សេចក្ដីពិត​នោះ ។… មន្ទិល​សង្ស័យ​គឺ​អាក្រក់ កាល​វា​ចិញ្ចឹម និង​ធំ​ឡើង​តែខ្លួន​វា ព្រម​ដោយ​ភាពច្រអូស​ដ៏​រឹងរូស នាំ​ឲ្យ​មាន​ការសង្ស័យ​ថែម​ទៀត » ។១៤

សម្ដី​របស់​អែលឌើរ វីតសូ នៅតែ​ពិត ។ មន្ទិល​សង្ស័យ​ដ៏​អាប់អួរ​មិន​នាំ​ទៅរក​ការស្គាល់​ភាពពិត​របស់​ព្រះអង្គ​សង្គ្រោះ ព្រះយេស៊ូវគ្រីស្ទ​ឡើយ វា​មិន​នាំ​ទៅរក​ការដឹង​ច្បាស់​ថា យើង​មាន​ព្រះវរបិតាសួគ៌​ជា​ទី​ស្រឡាញ់ និង​មាន​ព្រះទ័យ​ល្អ​ឡើយ ។ យើង​អាច​ដឹង​ពី​សេចក្ដីពិត​ពេញលេញ​នៃ​កិច្ចការ​ថ្ងៃ​ចុងក្រោយ​នេះ​បាន ប៉ុន្ដែ​វា​តម្រូវ​ឲ្យ​យើង​ជ្រើសរើស​សេចក្ដីជំនឿ​មិន​មែន​មន្ទិល​ឡើយ ហើយ​ថា​យើង​ត្រូវ​ទៅរក​ចម្លើយ​យើង​ពី​ប្រភព​ត្រឹមត្រូវ ។ វា​តម្រូវ​ឲ្យ​យើង​ទទួល​ស្គាល់​ថា ជម្រើស​នោះ​គឺជា​របស់​យើង ។ វា​មិន​មែន​ជា​កម្លាំង​ខាងក្រៅ​ដែល​បក់​មក​លើ​យើង ថា ឲ្យ​យើង​ទទួល​យក​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ និង​ពិធីបរិសុទ្ធ​ដ៏​សង្គ្រោះ​ក្នុង​ជីវិត​យើង​ឬ​អត់​នោះ​ទេ ។ យើង​ជ្រើសរើស​ទុកចិត្ត​លើ​ព្រះ ។

ស៊ិស្ទើរ រេនឡាន់ ៖ ពេលខ្លះ​យើង​ជួប​នឹង​ការត្រូវ​សម្រេច​ចិត្ត​ថា តើ​រឿង​នោះ​ពិត​ឬ​អត់ ។ មរមន​ផ្ដល់​លំនាំ​មួយ​ឲ្យ​យើង​ធ្វើ​តាម ៖ « ហេតុ​ដូច្នោះ​ហើយ អ្វី​ទាំង​អស់​ដែល​ល្អ កើត​មក​ពី​ព្រះ ហើយ​អ្វី​ដែល​អាក្រក់ កើត​មក​ពី​អារក្ស … ប៉ុន្តែ​មើល​ចុះ អ្វី​ដែល​មក​ពី​ព្រះ អញ្ជើញ ហើយ​ញុះញង់​ឲ្យ​ធ្វើ​ល្អ​ឥត​ឈប់​ឈរ ហេតុ​ដូច្នោះ​ហើយ អ្វី​ក៏​ដោយ​ដែល​អញ្ជើញ ហើយ​ញុះញង់​ឲ្យ​ធ្វើ​ល្អ ហើយ​ឲ្យ​ស្រឡាញ់​ព្រះ ហើយ​ឲ្យ​បម្រើ​ទ្រង់​គឺ​ផុស​គំនិត​មក​ពី​ព្រះ ។ … ដ្បិត​មើល​ចុះ ឱ​បង​ប្អូន​របស់​ខ្ញុំ​អើយ ត្រូវ​បាន​ប្រទាន​ដល់​អ្នក​រាល់​គ្នា​ឲ្យ​វិនិច្ឆ័យ ដើម្បី​ឲ្យ​អ្នក​ដឹង​ខុស និង​ត្រូវ ហើយ​វិធី​វិនិច្ឆ័យ​នោះ​ច្បាស់លាស់ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ដឹង​ដោយ​តម្រិះ​ដ៏​ឥត​ខ្ចោះ ហាក់​បី​ដូច​ជា​ពន្លឺ​ថ្ងៃ​ពី​យប់​ងងឹត ។ ដ្បិត​មើល​ចុះ ព្រះ​វិញ្ញាណ​នៃ​ព្រះ​គ្រីស្ទ ត្រូវ​បាន​ប្រទាន​ដល់​មនុស្ស​គ្រប់​រូប ដើម្បី​ឲ្យ​គេ​អាច​ដឹង​ខុស និង​ត្រូវ ហេតុ​ដូច្នោះ​ហើយ ខ្ញុំ​បង្ហាញ​ដល់​អ្នក​នូវ​វិធី​វិនិច្ឆ័យ ដ្បិត​គ្រប់​ទាំង​អ្វីៗ​ដែល​អញ្ជើញ​ឲ្យ​ធ្វើ​ល្អ ហើយ​ដែល​បញ្ចុះ​បញ្ចូល​ឲ្យ​ជឿ​ដល់​ព្រះ​គ្រីស្ទ នោះ​គឺ​បាន​ចាត់​មក​ពី​ព្រះ​ចេស្ដា និង​អំណោយទាន​នៃ​ព្រះ​គ្រីស្ទ ហេតុ​ដូច្នោះ​ហើយ អ្នក​រាល់​គ្នា​អាច​ដឹង​ដោយ​តម្រិះ​ដ៏​ឥត​ខ្ចោះ​ថា មក​ពី​ព្រះ ។ ប៉ុន្តែ​អ្វីៗ​ដែល​បញ្ចុះ​បញ្ចូល​ឲ្យ​មនុស្ស​ធ្វើ​អាក្រក់ ហើយ​មិន​ឲ្យ​ជឿ​ដល់​ព្រះ​គ្រីស្ទ ហើយ​បដិសេធ​ទ្រង់ ហើយ​មិន​បម្រើ​ព្រះ​ទេ នោះ​អ្នក​រាល់​គ្នា​អាច​ដឹង​ដោយ​តម្រិះ​ដ៏​ឥត​ខ្ចោះ​ថា មក​ពី​អារក្ស » ។១៥

ដូច្នេះ វា​សាមញ្ញ​បំផុត ។ ប្រសិនបើ​ជម្រើស​មួយ​នាំ​បង​ប្អូន​ឲ្យ​ធ្វើ​ល្អ ហើយ​ជឿ​លើ​ព្រះគ្រីស្ទ នោះ​វា​មក​ពី​ព្រះ ។ ប្រសិនបើ​ជម្រើស​នោះ​ទាញ​បង​ប្អូន​ឲ្យ​ធ្វើ​អាក្រក់ ហើយ​បដិសេធ​ព្រះគ្រីស្ទ នោះ​វា​មក​ពី​អារក្ស ។ កាល​បង​ប្អូន​ដើរ​លើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា បង​ប្អូន​អាច​ដឹង​ថា រឿង​ទាំងឡាយ​ដែល​បង្អាក់​បង​ប្អូន​ពី​ផ្លូវ​នោះ ដែល​បញ្ចុះបញ្ចូល​បង​ប្អូន​មិន​ឲ្យ​ជឿ​លើ​ព្រះគ្រីស្ទ​គឺជា​រឿង​ខុស ។ រឿង​ទាំងឡាយ​ដែល​បញ្ចុះ​បញ្ចូល​បង​ប្អូន​ឲ្យ​ជឿ​លើ​ព្រះ ស្រឡាញ់​ទ្រង់ ហើយ​រក្សា​បទបញ្ញត្តិ​ទ្រង់​គឺ​មក​ពី​ព្រះ ។

អែលឌើរ រេនឡាន់ ៖ វា​គួរ​ចាប់​អារម្មណ៍​ថា របៀប​ដែល​មនុស្ស​ម្នាក់​ឆ្លើយតប​នឹង​ការបំផុស​គំនិត​ខាង​វិញ្ញាណ​ពឹង​លើ​ជម្រើស​ថា តើ​គេ​ជឿ ឬ​សង្ស័យ ។ បង​ប្អូន​ចាំ​ទេ ក្នុង​ជំពូក​ទី​២​នៃ​គម្ពីរ​កិច្ចការ កាល​ពួកសាវក​ចេញ​ទៅ​ផ្សព្វផ្សាយ ។ ពួកលោក​បាន​ឮ​សូរ​សំឡេង​ពី​លើ​មេឃ ដូច​ជា​ខ្យល់​បក់​គំហុក​យ៉ាង​ខ្លាំង ។ « រួច​គេ​បាន​ពេញ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ​ទាំងអស់ ក៏​តាំង​និយាយ​ភាសា​ផ្សេងៗ​តាម​ដែល​ព្រះវិញ្ញាណ​ប្រទាន​ឲ្យ ។ … កាល​សូរសព្ទ​ពី​ការនោះ​បាន​ឮ​សុសសាយ​ទៅ នោះ​បណ្តា​មនុស្ស​ក៏​ប្រជុំ​គ្នា ហើយ​គេ​មាន​សេចក្តីស្រឡាំង​កាំង ដោយ​គ្រប់​គ្នា​ឮ​ភាសា​ជាតិ​របស់​ខ្លួន ដែល​ពួក​សាវក​កំពុង​តែ​អធិប្បាយ ។ គេ​មាន​សេចក្តីអស្ចារ្យ​ក្នុង​ចិត្ត ហើយ​និយាយ​គ្នា​ទៅវិញ​ទៅមក​ដោយ​ឆ្ងល់​ថា អ្នក​ទាំងនេះ​ដែល​អធិប្បាយ​តើ​មិនមែន​ជា​ពួកអ្នក​ស្រុក​កាលីឡេ​ទាំងអស់គ្នា​ទេ​ឬ​អី ? ចុះ​ដូចម្តេច​បានជា​យើង​ឮ​គេ​និយាយ​តាម​ភាសា​កំណើត​របស់​យើង​រៀង​ខ្លួន​ដូច្នេះ ? »១៦

ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​ទាំងនេះ​បណ្ដាល​ឲ្យ​មនុស្ស​ជាច្រើន​ប្រែចិត្ត ។ ប៉ុន្ដែ​សម្រាប់​មនុស្ស​ផ្សេង មាន​ចម្លើយ​ខុសគ្នា​មួយ ។ យើង​អាន​ថា « តែ​មាន​អ្នកខ្លះ​ចំអក​ឲ្យ​ថា ពួកនេះ​ស្រវឹង​ស្រា​ថ្មី​ទេ » ។១៧

ព្រះវិញ្ញាណ​គឺ​ដូចគ្នា នេះ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​ចាក់ស្រោច​លើ​ពួកសាវក​កាលីឡេ​ទាំងនោះ​ដែល​បាន​ផ្សាយ​ពី​ព្រះយេស៊ូវគ្រីស្ទ ។ នៅ​ថ្ងៃ​បុណ្យ​រំលង​នោះ ព្រះវិញ្ញាណ​បាន​ចាក់ស្រោច​យ៉ាង​បរិបូរណ៍ ប៉ុន្ដែ​នៅតែ​មាន​មនុស្ស​មួយ​ចំនួន​ចំអក​ដល់​អស់​អ្នក​ដែល​ប្រែចិត្ត និង​ដោះសា​ពី​បទពិសោធន៍​នោះ ។ ជា​លទ្ធផល ពួកគេ​ខកខាន​ព្រឹត្តិការណ៍​ចាក់​ស្រោច​នៃ​ព្រះវិញ្ញាណ​ដ៏​បរិសុទ្ធ​នេះ ។ តើ​អ្វី​ដែល​ធ្វើ​ឲ្យ​មាន​ភាពខុស​គ្នា ? វា​គឺជា​ជម្រើស​របស់​ពួកគេ ។ អស់​អ្នក​ដែល​ជ្រើសរើស​សេចក្ដីជំនឿ និង​ជំនឿ​ស៊ប់​ជាជាង​មន្ទិល បាន​មាន​បទពិសោធន៍​ខាង​វិញ្ញាណ​ដ៏​អស្ចារ្យ​ដែល​នាំ​ទៅរក​ការប្រែចិត្តជឿ ។

ស៊ិស្ទើរ រេនឡាន់ ៖ អាលម៉ា​ថ្លែង​ពី​ការណ៍​នេះ​ផងដែរ ។ លោក​បាន​ពោល​ថា « ហេតុ​ដូច្នេះ​ហើយ នរណា​ដែល​ធ្វើ​ចិត្ត​រឹងរូស អ្នក​នោះ​ហើយ​ដែល​នឹង​ទទួល​ព្រះ​បន្ទូល​របស់​ព្រះ​អង្គ​មួយ​ភាគតិច​ប៉ុណ្ណោះ ឯ​នរណា​ដែល​ពុំ​ធ្វើ​ចិត្ត​រឹងរូស​ទេ អ្នក​នោះ​ហើយ​ដែល​នឹង​បាន​ទទួល​ព្រះ​បន្ទូល​របស់​ព្រះ​អង្គ​មួយ​ភាគ​ច្រើន​ជាង រហូត​ដល់​អ្នក​នោះ​អាច​ដឹង​នូវ​សេចក្ដី​អាថ៌កំបាំង​ទាំង​ឡាយ​នៃ​ព្រះ រហូត​ដល់​អ្នក​នោះ​ដឹង​គ្រប់​សេចក្ដី ។ ហើយ​ពួក​អ្នក​ណា​ដែល​ធ្វើ​ចិត្ត​រឹងរូស ពួក​គេ​នោះ​ហើយ​ដែល​នឹង​ទទួល​ព្រះ​បន្ទូល​របស់​ព្រះ​អង្គ​មួយ​ភាគតិច រហូត​ដល់​ពួក​គេ​ពុំ​អាច​ដឹង​អ្វី​អំពី​ការ​អាថ៌កំបាំង​ទាំង​ឡាយ​របស់​ព្រះ​អង្គ​បាន​ឡើយ ហើយ​ខណៈ​នោះ ពួក​គេ​នឹង​ត្រូវ​អារក្ស​ចាប់​ឃុំឃាំង ហើយ​ដឹកនាំ​តាម​អំពើ​ចិត្ត​របស់​វា​ទៅ​កាន់​សេចក្ដី​បំផ្លិចបំផ្លាញ » ។១៨

ត្រឡប់​ទៅ​រឿង​ប្រៀបធៀប​របស់​យើង​វិញ អស់​អ្នក​ដែល​ជ្រើសរើស​បន្ដ​នៅ​លើ​ទូក​ចំណាស់ ប្រហែល​ជា​ស្នាម​ពៀច​ដែល​មាន​ថ្នាំ​របក គឺ​ជា​អស់​អ្នក​ដែល​មិន​ពង្រឹង​ដួងចិត្ត​គេ ។ ពួកគេ​ដើរ​លើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា ហើយ​បន្ដ​នៅលើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា​នោះ ។ រួចមក កាល​ពួកគេ​ស៊ូទ្រាំ​ដល់​ទីបញ្ចប់ នោះ​ការសន្យា​នៃ​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​កើត​មាន​ដល់​គេ ។ វា​គឺជា​អំណោយ​ដ៏​មាន​តម្លៃ​បំផុត​ដែល​ព្រះ​អាច​ប្រទាន​ឲ្យ ។ គឺ​តាម​រយៈ​ដំណើរការ​នេះ​ដែល​យើង​មក​ស្គាល់​ព្រះយេស៊ូវគ្រីស្ទ ស្គាល់​ភាពពិត​ដ៏​រស់​រវើក​របស់​ទ្រង់ និង​ស្គាល់​ពី​ក្ដី​ស្រឡាញ់ និង​ក្ដី​មេត្តា​របស់​ទ្រង់ ។ អំណោយទាន​ខាង​វិញ្ញាណ​នេះ​នឹង​ប្រទាន​ដល់​អ្នក​ទាំងអស់​ដែល​សក្ដិសម ។

គម្ពីរ​គោលលទ្ធិ និង សេចក្ដីសញ្ញា​ចែង​ថា « ចំពោះ​មនុស្ស​ខ្លះ ត្រូវ​បាន​ប្រទាន​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ឲ្យ​ដឹង​ថា ព្រះ​យេស៊ូវគ្រីស្ទ​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ ហើយ​ថា​ទ្រង់​ត្រូវ​គេ​ឆ្កាង​ជំនួស​អំពើ​បាប​ទាំង​ឡាយ​នៃ​មនុស្ស​លោក ។ ចំពោះ​មនុស្ស​ខ្លះ​ទៀត ត្រូវ​បាន​ប្រទាន​ឲ្យ​ជឿ​ដល់​ពាក្យ​ពេចន៍​នៃ​ពួក​គេ ប្រយោជន៍​ឲ្យ​ពួក​គេ​អាច​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ផង​ដែរ បើ​សិន​ជា​ពួក​គេ​មាន​ចិត្ត​ស្មោះត្រង់​រហូត​ត​ទៅ » ។១៩

អែលឌើរ រេនឡាន់ ៖ នៅ​ខែ មេសា ឆ្នាំ ២០០៩ ខ្ញុំ​ត្រូវបាន​គាំទ្រ​ឲ្យ​ធ្វើ​ជា​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ​ក្នុង​សាសនាចក្រ ។ នៅ​ខែ តុលា ឆ្នាំ ២០០៩ ខ្ញុំ​ត្រូវបាន​សុំ​ឲ្យ​និយាយ​នៅ​សន្និសីទ​ទូទៅ ។ នេះ​ជា​ផ្នែក​នៃ « កម្មវិធី​មិន​ច្បាស់​សម្រាប់​អ្នកមាន​សិទ្ធិ​អំណាច​ថ្មី » ។ ខ្ញុំ​អន្ទះសា​ចង់​ឲ្យ​ឪពុក​របស់​ខ្ញុំ​អាច​ស្ដាប់​សន្និសីទ​បាន ។ គាត់​បាន​ខិតខំ​ធ្វើការ​ជា​ជាងឈើ និង​សំណង់​ម្នាក់​ពេញ​មួយ​ជីវិត​គាត់ ហើយ​នៅ​អាយុ ៩២ ឆ្នាំ គាត់​មាន​បញ្ហា​ខ្នង​ធ្ងន់ធ្ងរ ។ គាត់​មិន​អាច​មក​មជ្ឈមណ្ឌល​សន្និសីទ​បាន​ទេ ។ ដូច្នេះ ប្អូនស្រី​របស់​ខ្ញុំ​ម្នាក់​បាន​ជួយ​ឲ្យ​គាត់​អាច​មើល​ការប្រជុំ​នោះ​តាម​ទូរទស្សន៍​នៅ​ផ្ទះ​គាត់​ក្នុង​ទីក្រុង​សលត៍ លេក ។

បន្ទាប់​ពី​សន្និសីទ​នោះ ខ្ញុំ​បាន​ទៅ​ផ្ទះ​គាត់​ចង់​ដឹង​ពី​គំនិត​គាត់​អំពី​ការនិយាយ​របស់​ខ្ញុំ ។ គាត់​ជា​មនុស្ស​មិន​សូវ​និយាយ​ស្ដី ហើយ​មិន​សូវ​ចេះ​សរសើរ​ប៉ុន្មាន​ទេ ។

ខ្ញុំ​បាន​និយាយ​ថា « ប៉ា បាន​មើល​សន្និសីទ​ឬ​ទេ ? »

គាត់​ឆ្លើយ​ថា « បាន » ។

ខ្ញុំ​ថា « ប៉ា បាន​ឮ​ខ្ញុំ​និយាយ​ទេ ? »

គាត់​ឆ្លើយ​ថា « បាន » ។

ខ្ញុំ​បាន​និយាយ​ថា « ចុះ​ប៉ា​គិត​យ៉ាង​ម៉េច​ដែរ ? »

គាត់​ឆ្លើយ​ថា « អូ៎ វា​ល្អ​តើ ។ ប៉ា​ប៊ិះ​នឹង​មាន​មោទភាព​ចំពោះ​ឯង » ។ ហើយ​នោះ​ជា​ការសរសើរ​ដ៏​ល្អ​បំផុត​ចេញ​ពី​មាត់​គាត់ ។

ប៉ុន្ដែ​ក្រោយ​មក ខ្ញុំ​ដឹង​ថា គាត់​មិន​សូវ​មាន​អារម្មណ៍​នឹង​នរ​ទេ​នៅ​រសៀល​នោះ ព្រោះ​គាត់​ពិតជា​ចង់​ប្រាប់​ខ្ញុំ​ពី​សប្ដិ​ដែល​គាត់​បាន​ឃើញ​កាល​ពី​យប់​មុន ។ គាត់​មិនមែន​ជា​អ្នកស្រមើស្រមៃ​ទេ ។ គាត់​មិន​ដែល​គិត​រវើរវាយ​ឡើយ ។ ខ្ញុំ​ដឹង​ថា គាត់​មិន​ដែល​កុហក​ទេ ។ គាត់​តែងតែ​ស្មោះត្រង់​យ៉ាង​ខ្លាំង ។ គាត់​បាន​និយាយ​ថា « ប៉ា​យល់សប្ដិ​ថា ប៉ា​បាន​ស្លាប់ ហើយ​បាន​ឃើញ​ព្រះអង្គ​សង្គ្រោះ​ព្រះយេស៊ូវ​គ្រីស្ទ ។ ទ្រង់​បាន​ឱប​ប៉ា​ក្នុង​រង្វង់​ព្រះហស្ដ​ទ្រង់ ហើយ​មាន​បន្ទូល​ថា អំពើបាប​របស់​ប៉ា​បាន​អភ័យទោស​ហើយ ។ ហើយ​កូន​អើយ អារម្មណ៍​នោះ​ល្អ​ណាស់ » ។ នោះ​ជា​អ្វី​ដែល​គាត់​បាន​និយាយ ហើយ​ខ្ញុំ​ក៏​លែង​សួរ​អ្វី​ទៀត ។ គាត់​បាន​ស្លាប់​ពីរ​ខែ​ក្រោយមក កាល​រូស និង​ខ្ញុំ​បាន​ទៅ​ប្រទេស​ម៉ាដាហ្គាស្កា ។

បន្ទាប់​ពី​ចូល​ក្នុង​សាសនាចក្រ​នៅ​ក្រុង ឡាសម៉ូ ប្រទេស​ហ្វាំងឡង់ កាល​អាយុ ២៤ ឆ្នាំ​មក ប៉ា​ខ្ញុំ​បាន​រស់នៅ​ពេញ​មួយ​ជីវិត​គាត់​ស្របតាម​ពន្លឺ និង​ចំណេះដឹង​ដែល​គាត់​បាន​ទទួល ។ គាត់​បាន​ធ្វើ​តាម​អ្វី​ទាំងអស់​ដែល​បាន​សុំ​ដល់​គាត់ ។ គាត់​បាន​ក្លាយ​ជា​បុគ្គល​ម្នាក់​ដែល​សក្ដិសម​នឹង​អំណោយទាន​នៃ​ព្រះវិញ្ញាណ​ដើម្បី​ដឹង​ថា ព្រះយេស៊ូវ​ជា​ព្រះគ្រីស្ទ ហើយ​ត្រូវបាន​ឆ្កាង​សម្រាប់​អំពើបាប​នៃ​ពិភពលោក​នេះ និង​សម្រាប់​អំពើបាប​របស់​គាត់ ។ ការសក្ដិសម​នឹង​អំណោយទាន​នេះ​មិន​ទាក់ទង​នឹង​ភេទ ហើយ​ក៏​មិន​ពាក់ព័ន្ធ​នឹង​ថ្នាក់​បព្វជិតភាព​ដែរ ។ ការសក្ដិសម​នឹង​អំណោយទាន​នោះ​ពាក់ព័ន្ធ​នឹង​ការជ្រើសរើស​សេចក្ដីជំនឿ និង​ការជ្រើសរើស​ផ្លូវ​នៃ​សេចក្ដីសញ្ញា ។

ស៊ិស្ទើរ រេនឡាន់ ៖ បងប្អូន​ប្រុសស្រី កាល​បង​ប្អូន​ជួយ​ដល់​បុគ្គល​ទាំងឡាយ​ឲ្យ​យក​ឈ្នះ​លើ​ការសង្ស័យ ហើយ​អនុវត្ត​សេចក្ដីជំនឿ នោះ​បង​ប្អូន​សម្រេច​បាន​អ្វី​ដែល​ប្រធាន រ័សុល អិម ណិលសុន បាន​ជំរុញ​ឲ្យ​យើង​ធ្វើ​ក្នុង​នាម​ជា​សាសនាចក្រ ។ លោក​បាន​មាន​ប្រសាសន៍​ថា « សារលិខិត​របស់​យើង​ទៅកាន់​ពិភពលោក​គឺ​សាមញ្ញ ហើយ​ដោយ​ស្មោះ ៖ ពួក​យើង​សូម​អញ្ជើញ​បុត្រា​បុត្រី​របស់​ព្រះ​ទាំងអស់​ទាំង​នៅ​សង្ខាង​នៃ​វាំងនន​ឲ្យ​មក​រក​ព្រះអង្គសង្គ្រោះ ទទួល​យក​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ​ដ៏​បរិសុទ្ធ ទទួល​បាន​អំណរ​យូរ​អង្វែង និង​សក្ដិសម​សម្រាប់​ជីវិត​អស់កល្ប​ជានិច្ច » ។២០ ការទទួល​យក​ការអញ្ជើញ​នេះ​គឺជា​ទង្វើ​នៃ​សេចក្ដីជំនឿ ។

កាល​បង​ប្អូន​បង្រៀន បង​ប្អូន​ក៏​ជួយ​ដល់​អស់​អ្នក​ដែល​បាន​ចាកចេញ​ពី​ផ្លូវ​នៃ​សេចក្ដី​សញ្ញា​ដែរ ។ បង​ប្អូន​បង្រៀន​សម្រាប់​ពួកគេ សម្រាប់​កូនៗ ចៅៗ និង​ប្រហែល​ជា​ចៅទួត​គេ​ដែរ ។ ព្រះអង្គ​សង្គ្រោះ​បាន​ដាស់តឿន​ថា « ដ្បិត​ចំពោះ​អ្នក​នោះ​ហើយ​ដែល​ត្រូវ​ធ្វើ​ការងារ​បម្រើ ដ្បិត​អ្នក​រាល់គ្នា​ពុំ​ដឹង​ថា ដល់​ពេល​ណា​ទេ​ដែល​អ្នក​នោះ​នឹង​ត្រឡប់​មក​វិញ ហើយ​ប្រែចិត្ត ហើយ​មក​រក​យើង​ដោយ​អស់​ពី​ដួងចិត្ត ហើយ​យើង​នឹង​ប្រោស​ឲ្យ​គេ​បាន​ជា ហើយ​អ្នក​រាល់គ្នា​នឹង​ទៅ​ជា​មធ្យោបាយ​ក្នុង​ការ​នាំ​មក​នូវ​សេចក្តីសង្គ្រោះ​ដល់​គេ » ។២១

នេះ​គឺជា​គ្រា​សុទិដ្ឋិនិយម​ដ៏​អស្ចារ្យ​មួយ​ក្នុង​សាសនាចក្រ ។ សេចក្ដីពិត​ដែល​បាន​លាក់ទុក​អស់​រាប់​សតវត្សរ៍​មក​ត្រូវបាន​បើក​បង្ហាញ ។ ព្រះវិហារ​បរិសុទ្ធ​ដ៏​ល្អ​ឯក​មាន​គ្រប់​កន្លែង​លើ​ផែនដី ។ អ្នកផ្សព្វផ្សាយ​សាសនា​ផ្សាយ​ដំណឹង​នៃ​អំណរ​ដ៏​អស្ចារ្យ​នៅ​ស្ទើរ​គ្រប់​ជាតិ​សាសន៍ ។ ក្នុង​នាម​ជា​អវៈយវៈ​មួយ​នៃ​ពួកបរិសុទ្ធ និង​ពួកសិស្ស​នៃ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ យើង​ត្រូវ​រួបរួម​គ្នា​ក្នុង​ការងារបម្រើ​តាម « របៀប​ដ៏​បរិសុទ្ធ » មួយ ដូច​ដែល​ប្រធាន ណិលសុន បាន​លើក​ទឹកចិត្ត ហើយ​ព្រះអម្ចាស់​កំពុង​ពន្លឿន « កិច្ចការ​របស់​ទ្រង់​ឲ្យ​ឆាប់​កើត​នៅ​ពេល​កំណត់ » ។២២ ព្រះអម្ចាស់​នៃ​ចម្ការ​ទំពាំងបាយជូរ​នឹង​គង់​ជាមួយ​យើង ។២៣ សារលិខិត​ដែល​បង​ប្អូន​បង្រៀន គឺជា​សារលិខិត​នៃ​អំណរ និង​សុភមង្គល​ដ៏​អស្ចារ្យ​ដែល​ជា​ពរជ័យ​មួយ​សម្រាប់​អ្នក​ស្មោះត្រង់ ។២៤

អែលឌើរ រេនឡាន់ ៖ ការទទួល​ខុសត្រូវ​ទីមួយ​ដែល​ខ្ញុំ​មាន​ក្នុង​នាម​ជា​សមាជិក​នៃ​កូរ៉ុម​នៃ​ពួកដប់​ពីរ​នាក់​គឺ ត្រូវ​ទៅ​ប្រាប់​នាយកដ្ឋាន​ប្រវត្តិ​សាសនាចក្រ​ថា ខ្ញុំ​នឹង​ជំនួស​អែលឌើរ ជែហ្រ្វី អរ ហូឡិន ជា​អ្នកប្រឹក្សា​ឲ្យ​នាយកដ្ឋាន​របស់​ពួកគេ ។ ដូច​បង​ប្អូន​អាច​ស្រមៃ​បាន​ថា មាន « ការ​យំសោក ការ​ថ្ងូរ និង​ការ​សង្កៀត​ធ្មេញ » ២៥ កាល​ពួកគេ​ដឹង​ថា អ្នកប្រឹក្សា​ជា​ទី​ស្រឡាញ់​របស់​ពួកគេ​ត្រូវ​បាន​ជំនួស ។ ពេល​នោះ​ស្ទើរ​ខ្វះ​ក្រដាស​ជូត​ទឹកភ្នែក ។

ជា​ផ្នែក​នៃ​កិច្ចការ​របស់​ខ្ញុំ​ក្នុង​នាម​ជា​អ្នកប្រឹក្សា​ម្នាក់​ដល់​នាយកដ្ឋាន​ប្រវត្តិ​សាសនាចក្រ ខ្ញុំ​បាន​អាន​ច្បាប់​ចេញ​ផ្សាយ​ទាំងអស់​នៃ The Joseph Smith Papers ។ ខ្ញុំ​ក៏​បាន​អាន​ភាគ​ទីមួយ​នៃ​និទានកថា​ប្រវត្តិ​សាសនាចក្រ​ដែល​មាន​ចំណង​ជើង​ថា Saints ២៦ ការអាន​អ្វីៗ​ដែល​យ៉ូសែប ស្ម៊ីធ បាន​សរសេរ ឬ​បាន​រាយការណ៍​ថា​បាន​ពោល​នោះ ពិត​ជា​បាន​ពង្រឹង​ដល់​ទីបន្ទាល់​របស់​ខ្ញុំ​អំពី​តួនាទី​របស់​លោក​ក្នុង​នាម​ជា​ព្យាការី​ម្នាក់​ដ៏​ជម្រើស​របស់​ព្រះ ដើម្បី​ស្ដារ​កិច្ចការ​របស់​ទ្រង់​នៅលើ​ផែនដី​នេះ ។

យ៉ូសែប ស្ម៊ីធ មិន​ដែល​ប្រព្រឹត្ត​ដូចជា​អ្នកបោកប្រាស ដែល​លួច​បោក​បញ្ឆោត​គេ​នោះ​ទេ ។ យ៉ូសែប ស្ម៊ីធ បាន​ជឿ​យ៉ាង​ស៊ប់​ថា លោក​បាន​ឃើញ​អ្វី​ដែល​លោក​បាន​ពោល​ថា លោក​បាន​ឃើញ​គឺ​ព្រះវរបិតាសួគ៌​របស់​យើង និង​ព្រះយស៊ូវ​គ្រីស្ទ, មរ៉ូណៃ, យ៉ូហាន បាទីស្ទ, ពេត្រុស, យ៉ាកុប, និង យ៉ូហាន, ម៉ូសេ, អេលីយ៉ាស និង អេលីយ៉ា ។ លោក​បាន​ប្រព្រឹត្ត​យ៉ាង​ល្អ ក្នុង​នាម​ជា​ម្នាក់​ដែល​មាន​ផ្ទាំង​ចំណារ​មាស ហើយ​បាន​បកប្រែ​អត្ថបទ​បុរាណ​ទាំងនោះ​ដោយ​អំណោយទាន និង​ព្រះចេស្ដា​នៃ​ព្រះ ។ លោក​បាន​ប្រព្រឹត្ត​យ៉ាង​ល្អ​ក្នុង​នាម​ជា​ម្នាក់​ដែល​ទទួល​បាន​វិវរណៈ​មកពី​ព្រះយេស៊ូវ​គ្រីស្ទ​ផ្ទាល់ ។ លោក​បាន​ប្រព្រឹត្ត​យ៉ាង​ល្អ ក្នុង​នាម​ជា​ម្នាក់​ដែល​បាន​ទទួល​បព្វជិតភាព និង​កូនសោ​ទាំងឡាយ​នៃ​ភាពជា​សាវក​ដ៏​បរិសុទ្ធ ។

ខ្ញុំ​ដឹង​តាម​របៀប​ដ៏​មាន​អនុភាព និង​ទុកចិត្ត​បាន​ជាង​អ្វី​ដែល​ញាណ​ទាំង​ប្រាំ​ខ្ញុំ​អាច​ដឹង និង​បង្ហាញ​បាន​ថា យ៉ូសែប ស្ម៊ីធ បាន​ឃើញ​អ្វី​ដែល​លោក​បាន​ពោល​ថា លោក​បាន​ឃើញ បាន​បកប្រែ​ព្រះគម្ពីរ​មរមន​ដោយ​អំណោយទាន និង​ព្រះចេស្ដា​នៃ​ព្រះ ហើយ​បាន​ទទួល​បព្វជិតភាព​ដោយ​មាន​កូនសោ​ពិត​សម្រាប់​សេចក្ដីសង្គ្រោះ​ដល់​មនុស្ស​ជាតិ ។ ខ្ញុំ​ដឹង​ថា នេះ​ជា​រឿង​ពិត ។ ខ្ញុំ​ដឹង​ថា កូនសោ​ទាំងនោះ​មាន​លើ​ផែនដី​សព្វថ្ងៃ​នេះ ហើយ​ថា​ប្រធាន ណិលសុន គឺជា​អ្នកស្នង​តំណែង​ដ៏​ស្របច្បាប់​របស់​យ៉ូសែប ស្ម៊ីធ នៅលើ​ផែនដី​នេះ ។

អ្វី​ដែល​យើង​គិត​ថា​ជា​ស្នាម​ពៀច និង​ថ្នាំ​របក​នៅលើ​ទូក​ចាស់​នោះ អាច​ប្រែជា​រង្វាន់​ពី​ព្រះ និង​ការដឹកនាំ​ពី​ព្រះ​ចេញពី​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ ។ ព្រះអម្ចាស់​អាច​លូក​ព្រះហស្ដ​មក​ស្នាម​ពៀច និង​ថ្នាំ​របក​នោះ ហើយ​ទ្រង់​ក៏​អាច​ប្រើ​វា​សម្រាប់​ព្រះរាជបំណង​ផ្ទាល់​របស់​ទ្រង់​បាន​ដែរ ។ ខ្ញុំ​ដឹង​ច្បាស់​ខ្លួន​ខ្ញុំ​ថា ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ​ដឹកនាំ​កិច្ចការ​របស់​ទ្រង់​នៅលើ​ផែនដី​សព្វថ្ងៃ​នេះ ។ អ្នកបម្រើ​របស់​ទ្រង់​ស្គាល់​ទ្រង់​ច្បាស់ ។ ខ្ញុំ​ស្គាល់​ទ្រង់ ។

ស៊ិស្ទើរ រេនឡាន់ ៖ ខ្ញុំ​មាន​អំណរគុណ​ដើម្បី​បន្ថែម​ទីបន្ទាល់​របស់​ខ្ញុំ​ថា ខ្ញុំ​ដឹង​ថា ព្រះយេស៊ូវគ្រីស្ទ​ជា​ព្រះអង្គ​សង្រ្គោះ ។ ពេលយើង​អនុវត្ត​សេចក្តីជំនឿ ពុំ​សង្ស័យ នៅក្នុង​ពលិកម្ម​ដ៏​ធួន​របស់​ទ្រង់ និង​ផលផ្លែ​នៃ​ដង្វាយធួន នោះ​ជីវិត​យើង​នឹង​បាន​ពរ​អស់កល្ប​ជានិច្ច ។ ខ្ញុំ​មាន​អំណរគុណ​ដែល​ទ្រង់​បាន​ស្តារ​សាសនាចក្រ​របស់​ទ្រង់​ឡើង​វិញ​នា​បច្ចុប្បន្ន​នេះ​ជាមួយ​នឹង​ពរជ័យ​ដ៏​ពោរពេញ ដែល​មាន​សម្រាប់​បុត្រាបុត្រី​របស់​ព្រះ​នៅលើ​ផែនដី​នេះ ។​

អែលឌើរ រេនឡាន់ ៖ សារលិខិត​ដែល​យើង​មាន​គឺ « ចូរ​កុំ​សង្ស័យ​ឡើយ តែ​ចូរ​ជឿ » ។២៧ ខ្ញុំ​នៅ​ទីនេះ​ក្នុង​តួនាទី​ខ្ញុំ​ជា​សាវក​ម្នាក់​របស់​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ។ ខ្ញុំ​នៅ​ទីនេះ​ដើម្បី​ថ្លែង​ជា​សាក្សី​ពិសេស​អំពី​ព្រះនាម​របស់​ព្រះយេស៊ូវ​គ្រីស្ទ ថា​ទ្រង់​មាន​ព្រះជន្ម​រស់ និង​ជា​ព្រះអង្គ​សង្គ្រោះ​របស់​ពិភពលោក​នេះ ។ ខ្ញុំ​ថ្លែង​ជា​សាក្សី​ពី​ក្ដីមេត្តា ក្ដី​ស្រឡាញ់ និង​ក្ដី​កង្វល់​ថែទាំ​ដ៏​អស្ចារ្យ​របស់​ទ្រង់​ដល់​បុត្រាបុត្រី​ទាំងអស់​របស់​ព្រះ ។ ខ្ញុំ​ថ្លែង​ជា​សាក្សី​ពី​ពលិកម្ម​ដ៏​ធួន​ដែល​មិន​អាច​ប្រៀបធៀប​បាន​របស់​ទ្រង់​សម្រាប់​បង​ប្អូន និង​ខ្ញុំ ។ កាល​ខ្ញុំ​មក​ស្គាល់​ព្រះអង្គ​សង្គ្រោះ នោះ​ខ្ញុំ​បាន​រៀន​ពី​ព្រះរាជបំណង​ដ៏​មហិមា​របស់​ទ្រង់​ដើម្បី​ជួសជុល ជួយ​ព្យាបាល​របួស ប៉ះប៉ូវ​ដួងចិត្ត​ដែល​ប្រេះស្រាំ ។ ទាំងនេះ​ជា​គុណលក្ខណៈ​ដ៏​អស្ចារ្យ​របស់​ទ្រង់ ។

ខ្ញុំ​ពិតជា​អធិស្ឋាន​ថា ពរជ័យ​ដ៏​ច្រើន​បំផុត​របស់​ព្រះ​នឹង​មាន​ដល់​បងប្អូន គ្រួសារ សិស្ស​របស់​បងប្អូន ថា​បងប្អូន​នឹង​ជួយ​សិស្ស​ទាំង​នោះ​ឲ្យ​អភិវឌ្ឍ​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ថា​ពួកគេ « មិន​សង្ស័យ​ឡើយ តែ​ជឿ » ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។