ការ ផ្សាយ ប្រចាំ ឆ្នាំ
យើង​និយាយ​អំពី​ព្រះគ្រីស្ទ យើង​អររីករាយ​ក្នុង​ព្រះគ្រីស្ទ


យើង​និយាយ​អំពី​ព្រះគ្រីស្ទ យើង​អររីករាយ​ក្នុង​ព្រះគ្រីស្ទ

ការ​ចាក់ផ្សាយ​អំពី​ការបំពាក់បំប៉ន​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​សាសនា​ប្រចាំ​ឆ្នាំ • ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៨ • មហោស្រព​មជ្ឈមណ្ឌល​សន្និសីទ

សូម​អរគុណ វា​ពិរោះ​ណាស់ ។ យើង​មានពរ​ជា​ខ្លាំង ។ វា​គឺជា​ឯកសិទ្ធិ​​មួយ​ដែល​យើង​បាន​ជួបជុំគ្នា​ជាមួយ​បងប្អូន​ថ្ងៃ​នេះ ។ សូម​អរគុណ​ចំពោះ​អ្វីៗ​គ្រប់​យ៉ាង​ដែល​បងប្អូន​ទាំងអស់​គ្នា​​កំពុង​ធ្វើ ។ យើង​ស្រឡាញ់​បងប្អូន ហើយ​យើង​ចូលចិត្ត​បម្រើ​ជាមួយ​បងប្អូន ។

ក៏​ដូចជា​បងប្អូន​ជាច្រើន​ដែរ ជាញឹកញាប់ ខ្ញុំ​គិត​អំពី​ឱកាស​ដែល​យើង​បង្រៀន​ដល់​យុវវ័យ​ និង​យុវមជ្ឈិមវ័យ​នៃ​សាសនាចក្រ ហើយ​ជារឿយៗ​ខ្ញុំ​គិត​អំពី​របៀប​ដែល​យើង​អាច​បង្រៀន​ពួកគេ​ដោយ​អំណាច​កាន់តែ​ខ្លាំង​នៅក្នុង​ការជួយ​ពួកគេ​ឲ្យ​ស្ថាបនា និង​តោង​ជាប់​សេចក្តីជំនឿ​ឲ្យ​ស៊ីជម្រៅ​លើ​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ ។ កាល​ខ្ញុំ​ពិចារណា​ពី​សំណួរ​ដ៏​សំខាន់​នេះ ខ្ញុំ​បាន​គិត​ដល់​គំនិត​ដែល​អែលឌើរ ក្លាក បាន​ចែកចាយ​កាល​ពី​ខែ​មករា​មុន​ជាមួយ​យើង កាល​លោក​បានមាន​ប្រសាសន៍​ថា ការអញ្ជើញ​របស់​ព្រះអង្គ​សង្គ្រោះ​ឲ្យ​រៀន​អំពី​ទ្រង់ ដំបូង​មាន​ន័យ​ថា យើង​ត្រូវ​រៀន​ស្គាល់​ទ្រង់ ។ ហើយ​ទីពីរ​គឺ​យើង​ត្រូវ​រៀនមក​ពី​ទ្រង់ ។ លោក​បាន​ស្រង់​សម្ដី​អែលឌើរ នែល អេ ម៉ាកស្វែល ដែល​បាន​យោង​ទៅ​ការអញ្ជើញ​របស់​ព្រះអង្គ​សង្គ្រោះ​ឲ្យ « រៀន​ពី​យើង » ហើយ​បាន​បន្ថែម​ថា « គ្មាន​ផ្លូវ​ណា​ផ្សេង​ទៀត​ដើម្បី​រៀន​ឲ្យ​ស៊ីជម្រៅ​ទេ » ។

ខ្ញុំ​បាន​យល់ និង​ជឿ​ថា របៀប​ដ៏​សំខាន់​បំផុត​តែ​មួយ​គត់​ដែល​យើង​អាច​ជួយ​បង្កើន​សេចក្ដីជំនឿ​របស់​ជំនាន់​ដែល​កំពុង​ធំ​ឡើង​គឺ ត្រូវ​ដាក់​ព្រះយេស៊ូវគ្រីស្ទ​ជា​ចំណុច​កណ្ដាល​នៃ​ការបង្រៀន និង​ការរៀនសូត្រ​របស់​យើង​ឲ្យ​កាន់តែ​ពេញលេញ តាមរយៈ​ការជួយ​សិស្ស​យើង​ឲ្យ​មក​ស្គាល់​ទ្រង់ រៀន​ពី​ទ្រង់ ហើយ​ខិតខំ​ក្លាយ​ដូចជា​ទ្រង់​កាន់តែ​ខ្លាំង​ឡើង ។ រាល់​ថ្ងៃ យើង​ត្រូវតែ « និយាយ​អំពី​ព្រះគ្រីស្ទ … អររីករាយ​ក្នុង​ព្រះគ្រីស្ទ … [ ហើយ ] ផ្សាយ​អំពី​ព្រះគ្រីស្ទ » ។

បងប្អូន​ជាច្រើន​បាន​ចាប់ផ្ដើម​ឆ្លើយតប​នឹង​ការអញ្ជើញ​នេះ​រួច​ហើយ ដោយ​ការរៀបចំ​មេរៀន​ដោយ​គិត​ដល់​គំនិត​ទាំងនេះ​ក្នុង​ចិត្ត ហើយ​ស្វែងរក​ឱកាស​ដើម្បី​ថ្លែងទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​អំពី​គុណលក្ខណៈ​ដ៏​ទេវភាព​របស់​ទ្រង់ ព្រះចេសា្ដ​ដ៏​គ្មាន​កំណត់​របស់​ទ្រង់ ព្រមទាំង​ក្ដីស្រឡាញ់​ដ៏​និរន្ដរ​របស់​ទ្រង់ ។ នៅក្នុង​ថ្នាក់រៀន​ទាំងនេះ វា​មាន​ការកើន​ឡើង​នៃ​ឥទ្ធិពល​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ការបង្ហាញ​អំណរគុណ​ចំពោះ​ព្រះអង្គ​សង្គ្រោះ​កាន់តែ​ខ្លាំង និង​ការអនុវត្ត​ដែល​រឹតតែ​មាន​អត្ថន័យ និង​ពាក់ព័ន្ធ​រឿង​ផ្ទាល់ខ្លួន ព្រមទាំង​មាន​យុវវ័យ​កាន់តែ​ច្រើន​ធ្វើ​សកម្មភាព​ដោយ​ក្ដីជំនឿ ។

ប្រាកដណាស់ វិធី​ដ៏​សំខាន់​បំផុត​ដែល​យើង​អាច​ជួយ​សិស្ស​របស់​យើង​មក​ស្គាល់​ព្រះអង្គសង្គ្រោះ​គឺ ជួយ​ពួកគេ​រៀបចំ​ខ្លួន​សម្រាប់​ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព​ដ៏​ពិសិដ្ឋ ហើយ​រក្សា​សេចក្ដីសញ្ញា​របស់​ពួកគេ ។ ដើម្បី​ជួយ​ពួកគេ​ឲ្យ​សក្ដិសម​នឹង​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ គឺ​ត្រូវ​ជួយ​គេ​ឲ្យ​ស្គាល់ និង​ធ្វើតាម​ព្រះយេស៊ូវគ្រីស្ទ ។ ប៉ុន្ដែ​មាន​រឿង​ផ្សេង​ទៀត​ដែល​យើង​អាច​ធ្វើ​បាន ខណៈ​ពួកគេ​នៅ​ជាមួយ​នឹង​យើង ដែល​នឹង​ជួយ​ពួកគេ​ឲ្យ​ពឹងផ្អែក​លើ​ទ្រង់ និង​លើ​ការបង្រៀន និង​ដង្វាយធួន​របស់​ទ្រង់ ។

មក​ដល់​ត្រង់​នេះ ខ្ញុំ​សូម​ផ្ដល់​យោបល់​បួន​យ៉ាង​ដែល​ធ្វើ​ឲ្យ​យើង​អាច​ដាក់​ព្រះយេស៊ូវគ្រីស្ទ​កាន់តែ​នៅ​កណ្ដាល​នៃ​ការរៀនសូត្រ និង​ការបង្រៀន​របស់​យើង​រាល់ថ្ងៃ ។

១. ផ្ដោត​លើ​ងារ តួនាទី អាកប្បកិរិយា និង​គុណលក្ខណៈ​របស់​ព្រះយេស៊ូវគ្រីស្ទ

ដំបូង សូម​ផ្ដោត​លើ​ងារ តួនាទី លក្ខណៈសម្បត្តិ និង​លក្ខណៈ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ប្រធាន រ័សុល អិម ណិលសុន បាន​អញ្ជើញ​យើង​ឲ្យ « ដាក់​សេចក្ដីយោង​បទគម្ពីរ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង​Topical Guide ឲ្យ​ទៅជា​កម្មវិធី​សិក្សា​សំខាន់​ផ្ទាល់​ខ្លួន​របស់ [ យើង ] » ។ ការអញ្ជើញ​នេះ​មាន​បំណង​ជួយ​យើង​ឲ្យ​ចេះ​ដឹង​ច្រើន​ជាង​ការគ្រាន់តែ​ដឹង​ពី​អ្វីៗ​ដែល​ព្រះយេស៊ូវ​បាន​ធ្វើ ហើយ​វា​ជួយ​យើង​ឲ្យ​ស្គាល់​ទ្រង់​—​គុណលក្ខណៈ និង​លក្ខណៈសម្បត្តិ​របស់​ទ្រង់ ។

ឧទាហរណ៍ ងារ​មួយ​របស់​ព្រះយេស៊ូវគ្រីស្ទ​គឺ​ព្រះ​ដ៏​បង្កបង្កើត ។ នៅក្រោម​ការដឹកនាំ​របស់​ព្រះវរបិតា​ទ្រង់ នោះ​ព្រះយេស៊ូវ​បាន​បង្កើត​ស្ថានសួគ៌ និង​ផែនដី ។ ព្រះ​ដ៏​បង្កបង្កើត​ក៏​ជា​តួនាទី​ដ៏​ទេវភាព​មួយ​របស់​ទ្រង់​ដែរ ហើយ​វា​ប្រាប់​ពី​លក្ខណៈ​របស់​ទ្រង់ ។ កាល​យើង​សិក្សា​ពី​របៀប និង​មូលហេតុ​ដែល​ព្រះយេស៊ូវ​បាន​បង្កើត​ផែនដី​នេះ នោះ​យើង​អាច​សួរ​ថា « តើ​ការណ៍​នេះ​បង្រៀន​យើង​អ្វីខ្លះ​អំពី​ទ្រង់ ? តើ​វា​បង្រៀន​យើង​អ្វីខ្លះ​អំពី​ព្រះរាជបំណង ក្ដីស្រឡាញ់ និង​ព្រះចេស្ដា​របស់​ទ្រង់ ? តើ​គុណលក្ខណៈ​ដ៏​ទេវភាព​របស់​ព្រះអង្គ​សង្គ្រោះ​អ្វីខ្លះ​ដែល​បាន​បើក​សម្ដែង​ឡើង​នៅក្នុង​តួនាទី​របស់​ទ្រង់​ជា​ព្រះ​ដ៏​បង្កបង្កើត ? »

បងប្អូន​ប្រហែលជា​ចាំ​ថា ប្រធាន ប៊យដ៍ ឃេ ផាកកឺ ជា​វិចិត្រករ​ដ៏​ចំណាន​ម្នាក់​ដែល​ចូលចិត្ត​ឆ្លាក់​សត្វចាប​ឈើ ។ ថ្ងៃ​មួយ លោក​ជា​អ្នកដំណើរ​ក្នុង​ឡាន​មួយ​ដែល​បើក​ដោយ​អែលឌើរ អេ សៀដ័រ ធូថល ហើយ​មាន​រូប​ចម្លាក់​មួយ​របស់​លោក​ដាក់​នៅលើ​កៅអី​ឡាន​ខាងក្រោយ ។ នៅ​ផ្លូវ​បំបែក អែលឌើរ ធូថល បាន​ជាន់​ហ្វ្រាំង​យ៉ាង​ខ្លាំង ធ្វើ​ឲ្យ​រូបចម្លាក់​នោះ​ធ្លាក់​ដាំ​ក្បាល​ចុះ ហើយ​បែក​ខ្ទេច ។ អែលឌើរ ធូថល បាន​ភ័យ​រន្ធត់​ជា​ខ្លាំង ប៉ុន្ដែ​ប្រធាន ផាកកឺ មិន​រន្ធត់​សោះ ។ លោក​បាន​និយាយ​ធម្មតា​ថា « មិន​អី​ទេ ។ ខ្ញុំ​បាន​ធ្វើ​វា ។ ខ្ញុំ​អាច​ជួសជួល​វា​បាន » ។ ហើយ​គាត់​បាន​ធ្វើ​វា ។ លោក​បាន​ធ្វើ​ឲ្យ​វា​មាំ​ជាងមុន ហើយ​ថែមទាំង​កែលម្អ​វា​បន្ដិច​ទៀត​ផង ។ ប្រធាន ផាកកឺ បាន​ពន្យល់​ថា « តើ​នរណា​បាន​បង្កើត​អ្នក ? តើ​នរណា​ជា​អង្គ​បង្ក​បង្កើត​របស់​អ្នក ? គ្មាន​អ្វីណា​មួយ​អំពី​ជីវិត​របស់​អ្នក​ដែល​ទ្រុឌទ្រោម ឬ​ខូច​ដែល​ទ្រង់​មិន​អាច​ជួលជុល​វា​បាន​នោះ​ទេ ហើយ​ទ្រង់​នឹង​ធ្វើ​បាន » ។

នៅពេល​សិស្ស​របស់​យើង​យល់​ពី​តួនាទី​របស់​ព្រះយេស៊ូវ​ជា​អង្គ​បង្កបង្កើត ហើយ​កាល​ពួកគេ​ពិចារណា​ពី​ដំណើររឿង​ព្រះគម្ពីរ ដែល​ថ្លែង​សាក្សី​អំពី​ព្រះចេស្ដា​ដ៏​អស្ចារ្យ​របស់​ទ្រង់​ដើម្បី​ជួលជុល និង​ព្យាបាល​ការបង្កើត​របស់​ទ្រង់ នោះ​ដួងចិត្ត​គេ​នឹង​ចង់​បាន​អំណាច និង​សេចក្ដីសន្យា​នោះ​នៅក្នុង​ជីវិត​ផ្ទាល់​របស់​ពួកគេ ។ បន្ទាប់​មក ពួកគេ​នឹង​ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ​ដើម្បី​ទទួល​បាន​ព្រះចេស្ដា​ដ៏​អស្ចារ្យ​របស់​ទ្រង់​មក​ជួសជុល​អ្វី​ដែល​បែកបាក់​ក្នុង​ពួកគេ ។

ងារ​ដ៏​ពិសិដ្ឋ​មួយ​ទៀត​របស់​ព្រះយេស៊ូវ​គឺ​ព្រះប្រោសលោះ ។ ព្រះគម្ពីរ​បាន​យោង​ទៅរក​ទ្រង់​តាម​តួនាទី​នេះ​ចំនួន ៩៣០ ដង ។ តើ​ងារ​នេះ​បង្រៀន​យើង​អ្វីខ្លះ​អំពី​លក្ខណៈសម្បត្តិ និង​គុណលក្ខណៈ​របស់​ទ្រង់ ? តើ​ព្រះចេស្ដា​ដ៏​ប្រោសលោះ​របស់​ទ្រង់​មាន​ន័យ​យ៉ាង​ណា​ដល់​អាលម៉ា សុល និង​ស្ដ្រី​ដែល​គេ​តាមទាន់​ថា​បាន​ប្រព្រឹត្ត​កំផិត​នោះ ? តើ​វា​មាន​ន័យ​ដូច​ម្ដេច​ចំពោះ​ម៉ាថាយ ជា​ថៅកែ​តៀមស្រា និង​អ្នកសរសេរ​ដំណឹងល្អ ?

ខ្ញុំ​ចាប់​អារម្មណ៍​រឿង​នេះ កាល​យើង​រៀន​ពី​ការហៅ​របស់​ម៉ាថាយ​ឲ្យ​ធ្វើ​ជា​សាវក​នៅក្នុង​ជំពូក​ដូចគ្នា​នឹង​ដំណើររឿង​របស់​ព្រះយេស៊ូវ​ដែល​សម្ដែង​អព្ភូតហេតុ​នានា ហើយ « ប្រោស​អស់ទាំង​ជំងឺរោគា និង​ជរា​ពិការ​ក្នុង​ពួកបណ្តាជន​ឲ្យបាន​ជា » ។ មូលហេតុ​សម្រាប់​អព្ភូតហេតុ​ទាំងនេះ​គឺ​ថា ព្រះយេស៊ូវ គឺ « មាន​ចិត្ត​ក្ដួល ដោយ​សេចក្ដី​មេត្តាករុណា » ។ ប៉ុន្ដែ​ហេតុអ្វី​ម៉ាថាយ​តែ​ម្នាក់ ក្នុង​ចំណោម​អ្នក​សរសេរ​ដំណឹងល្អ​ទាំងអស់ បាន​សរសេរ​បញ្ចូល​ការហៅ​របស់​លោក​ក្នុង​ចំណោម​អព្ភូតហេតុ​ទាំងនេះ ? វា​អាច​មាន​ដំណើរ​រឿង​ស្តីពី​កាលប្រវត្តិ​មួយ ប៉ុន្ដែ​ខ្ញុំ​គិត​ថា មាន​អ្វី​មួយ​ផ្សេង​ទៀត​ដែល​យើង​អាច​រៀន​បាន ។ តើ​វា​អាច​ទេ ដែល​ថា​ម៉ាថាយ​បាន​ដឹង​ថា អព្ភូតហេតុ​ដ៏​អស្ចារ្យ​បំផុត​ដែល​ព្រះយេស៊ូវ​បាន​ធ្វើ​នោះ​គឺ​ប្រោសលោះ​យើង​ដោយ​ការអភ័យទោស ហើយ​ស្រឡាញ់ លើក​ស្ទួយ និង​បង្ហាញ​ដល់​មនុស្ស​នូវ​អត្តសញ្ញាណ និង​សក្ដានុពល​ដ៏​ពិត​របស់​គេ ដូច​ជា​ទ្រង់​បាន​ធ្វើ​សម្រាប់​ម៉ាថាយ​នោះ ?

របៀប​មួយ​ទៀត​ដើម្បី​ជួយ​សិស្ស​ឲ្យ​ស្គាល់​ពី​លក្ខណៈ​របស់​ព្រះយេស៊ូវ​នោះ​គឺ មិន​គ្រាន់តែ​ផ្ដោត​លើ​ព្រឹត្តិការណ៍​ព្រះគម្ពីរ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ក៏​លើ​អ្វី​ដែល​ព្រឹត្តិការណ៍​ទាំងនោះ​បង្រៀន​យើង​អំពី​ព្រះអង្គ​សង្គ្រោះ​ដែរ ។ ឧទាហរណ៍ ហេតុអ្វី​យើង​បង្រៀន​រឿង​របស់​អាំម៉ូន ដែល​កាត់​ដៃ​របស់​ពួក​ដែល​បាន​ដេញ​ចៀម​របស់​ស្ដេច​ឡាម៉ូណៃ ? តើ​វា​ដើម្បី​និយាយ​ពី​ភាពអស្ចារ្យ​របស់​អាំម៉ូន​ឬ ? ឬ​ក៏​រឿង​នេះ​ពិត​ជា​អំពី​ភាពអស្ចារ្យ​របស់​ព្រះ ? តើ​រឿង​នេះ​បង្រៀន​យើង​អ្វី​ខ្លះ​អំពី​ព្រះអម្ចាស់ និង​របៀប​ដែល​ទ្រង់​ប្រទានពរ​ដល់​អស់​អ្នក​ដែល​ទុកចិត្ត​លើ​ទ្រង់ ? ដំណើររឿង​ផ្ទាល់​របស់​អាំម៉ូន​បញ្ចប់​ដោយ​ទីបន្ទាល់​ដ៏​សាទរ​នេះ ៖ « ខ្ញុំ​មិន​អួត​នៅក្នុង​កម្លាំង​ខ្ញុំ​ផ្ទាល់​នោះ​ទេ ។​… ខ្ញុំ​ដឹង​ថា ខ្ញុំ​គ្មាន​ន័យ​អ្វី​ទាំងអស់ … ហេតុ​ដូច្នេះ​ហើយ … ខ្ញុំ​នឹង​អួត​ពី​ព្រះ​របស់ខ្ញុំ​វិញ ដ្បិត​នៅ​ក្នុង​កម្លាំង​របស់​ទ្រង់ ខ្ញុំ​អាច​ធ្វើ​គ្រប់​ការណ៍​ទាំងអស់ » ។

ពីរបី​ខែ​មុន ខ្ញុំ​បាន​នៅ​ជាមួយ​គ្រូបង្រៀន​មួយ​ក្រុម​ដ៏អស្ចារ្យ ខ្ញុំ​បាន​សុំ​ឲ្យ​ពួកគាត់​រើស​រឿង ឬ​ព្រឹត្តិការណ៍​ព្រះគម្ពីរ​ណា​មួយ​នៅក្នុង​ប្រវត្តិ​សាសនាចក្រ ហើយ​គិត​ដល់​ការបើក​សម្ដែង​អំពី​លក្ខណៈ​របស់​ព្រះ​នៅ​ក្នុង​នោះ ។ គ្រូបង្រៀន​ទីមួយ​បាន​ឆ្លើយ​ថា « ពហុពន្ធភាព » ។ ដំបូង​ខ្ញុំ​គិត​ថា « អរគុណ​ច្រើន ! អ្នក​រើស​ចំ​ប្រធានបទ​ដ៏​ពិបាក​មួយ​មែន » ។ ប៉ុន្ដែ​កាល​យើង​ចាប់​ផ្ដើម​ជជែក នោះ​រឿង​ដ៏​អស្ចារ្យ​មួយ​បាន​កើត​ឡើង ។ ពួកគាត់​ចាប់ផ្ដើម​ថ្លែង​ទីបន្ទាល់​ចំពោះ​ការពិត​ថា ព្រះវរបិតាសួគ៌​ស្រឡាញ់​បុត្រាបុត្រី​របស់​ទ្រង់​គ្រប់​រូប ហើយ​សព្វ​ព្រះទ័យ​ឲ្យ​មនុស្ស​មើលថែ​ដល់​ពួកគេ ។ គ្រូ​ម្នាក់​ទៀត​ថ្លែង​ពី​ព្រះឆន្ទៈ​របស់​ព្រះអម្ចាស់​ដើម្បី​សុំ​ឲ្យ​យើង​ធ្វើ​រឿង​ពិបាកៗ ប៉ុន្ដែ​ថា​ទ្រង់​គាំទ្រ​យើង​ជានិច្ច ហើយ​ប្រទាន​រង្វាន់​ចំពោះ​ការគោរព​ប្រតិបត្តិ​របស់​យើង ។ គ្រូ​ម្នាក់​ទៀត​បាន​ថា ព្រះ​គឺ​ដូចជា​បុគ្គល​ម្នាក់​ដែល​ស្រឡាញ់​ក្រុមគ្រួសារ ហើយ​ចង់​ឲ្យ​កូនចៅ​ទទួល​ការបង្រៀន​ពី​ឪពុកម្ដាយ​ល្អ ។ កាល​ការសន្ទនា​ចេះ​តែ​បន្ដ ខ្ញុំ​បាន​ដឹង​ថា ព្រះវិញ្ញាណ​បាន​ថ្លែង​ជា​សាក្សី​អំពី​លក្ខណៈ និង​លក្ខណៈសម្បត្តិ​របស់​ព្រះ ថា​យើង​មាន​អារម្មណ៍​កាន់តែ​ជិត​នឹង​ព្រះវរបិតា​យើង​ដែល​គង់​នៅ​ស្ថានសួគ៌ និង​ព្រះរាជបុត្រា​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ថា​យើង​បាន​ស្គាល់ និង​ស្រឡាញ់​ពួកទ្រង់​ខ្លាំង​ជាងមុន ។

ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​អង្គបង្ក​បង្កើត​របស់​យើង ។ ទ្រង់​ជា​ព្រះប្រោសលោះ និង​ព្រះរំដោះ​ជាទី​ស្រឡាញ់ ពេញ​ដោយ​ការអភ័យ និង​ក្ដី​មេត្តា​នៃ​យើង ។ ទ្រង់​ក៏​ជា​អេម៉ាញូអែល កូនចៀម​នៃ​ព្រះ ព្រះមែស៊ី ព្រះដ៏​បរិសុទ្ធ​នៃ​អ៊ីស្រាអែល និង​ជា​អង្គ​និពន្ធ និង​អង្គ​បញ្ចប់​នៃ​សេចក្ដីជំនឿ​យើង ។ កាល​យើង​ផ្ដោត​លើ​ងារ តួនាទី លក្ខណៈសម្បត្តិ និង​គុណលក្ខណៈ​របស់​ទ្រង់ នោះ​ព្រះវិញ្ញាណ​នឹង​ថ្លែង​ទីបន្ទាល់​អំពី​ទ្រង់ នាំ​ឲ្យ​មាន​ការយល់ដឹង​កាន់តែ​ច្បាស់ និង​ក្ដី​ស្រឡាញ់​កាន់តែ​ខ្លាំង​ចំពោះ​ទ្រង់ ហើយ​មាន​ក្ដីប្រាថ្នា​កាន់តែ​ខ្លាំង​ដើម្បី​ក្លាយ​ដូចជា​ទ្រង់ ។

២. គូស​បញ្ជាក់​គំរូ​របស់​ព្រះយេស៊ូវគ្រីស្ទ

របៀប​ទីពីរ​ដើម្បី​ដាក់​ព្រះយេស៊ូវ​ឲ្យ​នៅ​កណ្ដាល​ការបង្រៀន​របស់​យើង​នោះ​គឺ ត្រូវ​ស្គាល់ និង​គូស​បញ្ជាក់​ថា ទ្រង់​គឺជា​គំរូ​ដ៏​ឥតខ្ចោះ ជា​អង្គ​តំណាង និង​បង្ហាញ​ពី​គោលការណ៍​ដំណឹងល្អ​ទាំងអស់ ។ ថ្មីៗ​នេះ​គ្រូ​របស់​យើង​ម្នាក់​បាន​ចែកចាយ​នឹង​ខ្ញុំ​ថា សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ​របស់​ពួកគេ ពួកគេ​បាន​សម្រេច​ថា​អាន​ព្រះគម្ពីរ​សញ្ញា​ថ្មី​ម្ដង​ទៀត ។ ប៉ុន្ដែ​លើក​នេះ ជាជាង​ផ្ដោត​លើ​អ្វី​ដែល​ព្រះយេស៊ូវ​មាន​បន្ទូល ពួកគេ​ផ្ដោត​សំខាន់​លើ​អ្វី​ដែល​ព្រះយេស៊ូវ​បាន​ធ្វើ ។ ការផ្ដោត​លើ​គំរូ​ដ៏​ឥតខ្ចោះ​របស់​ទ្រង់​ក៏​យាង​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​ថ្លែង​ទីបន្ទាល់​អំពី​ទ្រង់ ។

ទោះបីជា​ពេល​រឿង​ដែល​យើង​បង្រៀន​មិន​បាន​យោង​ទៅ​ព្រះយេស៊ូវ​ដោយ​ផ្ទាល់​ក្ដី ក៏​យើង​នៅតែ​អាច​យោង​ទៅ​ទ្រង់​ថា​ជា​គំរូ​នៃ​គោលការណ៍​ដែល​រឿង​នេះ​ចង់​បង្ហាញ​បាន​ដែរ ។ ឧទាហរណ៍ បន្ទាប់ពី​រកមើល និង​វិភាគ​គោលការណ៍​មួយ​ហើយ យើង​អាច​សួរ​ថា « តើ​អ្នក​អាច​គិត​ពី​គ្រា​មួយ​ក្នុង​ព្រះគម្ពីរ ជា​ពេល​ដែល​ព្រះយេស៊ូវ​បាន​ធ្វើ​ជា​គំរូ​នៃ​គោលការណ៍​នេះ​ដែរ​ឬ​ទេ ? » ឬ​ថា « តើ​អ្នក​បាន​ឃើញ​ព្រះយេស៊ូវ​ធ្វើ​ជា​គំរូ​ដល់​គោលការណ៍​នេះ​នៅក្នុង​ជីវិត​របស់​អ្នក ឬ​ជំនួស​ឲ្យ​អ្នក​នៅពេល​ណា​ដែរ ? » ថ្មីនេះ មាន​គេ​សួរ​សិស្ស​ម្នាក់​នូវ​សំណួរ​នោះ​ទាក់ទង​ទៅ​នឹង​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​អំពី​ភាពស្លូតបូត ។ គំនិត និង​អារម្មណ៍​របស់​នាង​បាន​នឹក​ដល់​របៀប​ដ៏​ស្រទន់​ដែល​ព្រះអង្គ​សង្គ្រោះ​តែងតែ​បាន​ប្រព្រឹត្ត​ដាក់​នាង ។ នៅក្នុង​ថ្នាក់​រៀន​ផ្ទាល់ បទពិសោធន៍​នេះ​បាន​ធ្វើ​ឲ្យ​នាង​មាន​ក្ដីប្រាថ្នា​កាន់តែ​ខ្លាំង​ដើម្បី​ក្លាយ​ដូចជា​ព្រះគ្រីស្ទ ហើយ​ស្លូតបូត​ជាងមុន​ដាក់​មនុស្ស​ដែល​ពឹង​លើ​នាង ដូច​ដែល​នាង​ពឹង​លើ​ព្រះអម្ចាស់​ដែរ ។

អ្នក​អាច​រក​សុសសព្វ​ក្នុង​សៀវភៅ​ទាំងអស់​ដែល​មាន​សរសេរ​មក ក៏​នៅតែ​រក​មិន​ឃើញ​ការបង្ហាញ​ដ៏​ប្រសើរ​ជាង​នេះ​អំពី​គោលការណ៍​ដំណឹងល្អ​នីមួយៗ ដូចដែល​មាន​នៅក្នុង​ដំណើរ​រឿង​ព្រះគម្ពីរ​អំពី​ព្រះយេស៊ូវ និង​ការងារ​បម្រើ​ដ៏​អស់កល្ប​របស់​ទ្រង់​ដែរ ។ ការពិចារណា​ពី​គំរូ​របស់​ព្រះអម្ចាស់​ក្នុង​តួនាទី​របស់​ទ្រង់​ជា​ព្រះយេហូវ៉ា ព្រះគ្រីស្ទ​ក្នុង​ជីវិត​រមែង​ស្លាប់ និង​ជា​ព្រះអង្គ​សង្គ្រោះ​ដ៏​រស់​ឡើង​វិញ នឹង​បង្កើន​កម្លាំង ព្រមទាំង​សមត្ថភាព​ដល់​សិស្ស​របស់​យើង​ឲ្យ​ធ្វើ​សកម្មភាព​ប្រកប​ដោយ​ប្រសិទ្ធភាព និង​សុចរិត ។ វា​តម្រូវ​ឲ្យ​យើង​បង្រៀន​លើស​ពី​ការពិភាក្សា​អំពី​សុជីវធម៌ និង​ការគ្រប់គ្រង​ខ្លួន​ឯង ហើយ​ភ្ជាប់​សិស្ស​ទៅ​នឹង​ព្រះចេស្ដា​របស់​ព្រះអង្គ​សង្គ្រោះ ព្រម​ទាំង​ផែនការ​នៃ​សុភមង្គល​ដ៏​អស់កល្ប​ជានិច្ច​ទៅ​ទៀត ។

តាម​របៀប​នៃ​ការបង្ហាញ តើ​យើង​អាច​បង្រៀន​គោលការណ៍​នៃ​សេចក្ដី​ស្មោះត្រង់​តាម​របៀប​ណា ? សាមញ្ញ​ដូចជា « គោលនយោបាយ​ដ៏​ល្អ​បំផុត » ព្រោះ​មនុស្ស​នឹង​ទុក​ចិត្ត​យើង​ជាងមុន ប្រសិនបើ​យើង​ស្មោះត្រង់​ឬ ? ឬក៏​សេចក្ដី​ទៀងត្រង់​ជា​រឿង​សំខាន់​ចំពោះ​លក្ខណៈសម្បត្តិ​របស់​ព្រះគ្រីស្ទ ? ប្រសិនបើ​យើង​ត្រូវ​ក្លាយ​ដូចជា​ទ្រង់ តើ​យើង​ត្រូវតែ​រៀន​ធ្វើ​តាម​គំរូ​ដ៏​ឥតខ្ចោះ​របស់​ទ្រង់​ក្នុង​ការមាន​ភាពស្មោះត្រង់​ទាំងស្រុង​ឬ ? ប្រភេទ​សំណួរ​ដូចគ្នា​នេះ​អាច​ត្រូវ​គេ​សួរ​សម្រាប់​រាល់​គោលការណ៍​នៃ​ដំណឹងល្អ ។

អាសើរ ហិនរី ឃីង បាន​បង្រៀន​ពី​គំនិត​នេះ​យ៉ាង​ប្រពៃ​នៅពេល​លោក​មាន​ប្រសាសន៍​ថា « យើង​ជា​និមិត្តរូប [ ល្អ ] នៅក្នុង​បុគ្គល​ដ៏​ពិត​ម្នាក់—គឺ​ព្រះយេស៊ូវគ្រីស្ទ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ ។ ទ្រង់​គឺជា​បុគ្គល​ម្នាក់​មិន​មែន​គោលការណ៍​មួយ​ទេ ជា​បុគ្គល​ម្នាក់​ដែល​មាន​គោលការណ៍​ទាំងអស់ ។ … ហើយ​ការធ្វើ​តាម​បុគ្គល​ម្នាក់​ខុស​គ្នា​ឆ្ងាយ​ពី​ការធ្វើ​តាម​គោលការណ៍​មួយ ។ … យើង​មិន​ចាំបាច់​វែកញែក​ភាពស្មុគស្មាញ​ខាង​ទស្សនវិជ្ជា​នៃ​សុជីវធម៌​ឡើយ ។ វា​មិន​ពាក់ព័ន្ធ​នឹង​រឿង​នោះ​ទេ ។ យើង​ត្រូវ​សិក្សា​ដំណឹងល្អ​ទាំងឡាយ រកមើល​អ្វី​ដែល​ព្រះគ្រីស្ទ​បាន​ធ្វើ ហើយ​ព្យាយាម​រកមើល​ក្នុង​ខ្លួន​យើង​នូវ​អ្វី​ដែល​ទ្រង់​បាន​ធ្វើ ។ ព្រោះ​ថា យើង​ត្រូវ​ចាប់​យក​ស្មារតី​របស់​លោក​ចៅហ្វាយ ក្ដីស្រឡាញ់​របស់​លោក​ចៅហ្វាយ ហើយ​ដោយសារ​យើង​បាន​ជោគជាំ​ក្នុង​ដំណឹងល្អ ទើប​យើង​ដឹង​ថា​យើង​ត្រូវ​តែ​ធ្វើ​អ្វី ។ ដំណឹងល្អ​ដែល​យើង​បាន​រក្សា​ទុក​ក្នុង​ខ្លួន​យើង ធ្វើ​ឲ្យ​យើង​អាច​មាន​អារម្មណ៍៍​ដឹង​ពី​អ្វី​ដែល​យើង​គួរតែ​ធ្វើ​គ្រប់​ពេលវេលា​នៅក្នុង​ស្ថានភាព​ជាក់លាក់​មួយ » ។១០

មាន​ព្រះចេស្ដា​កើត​មាន នៅពេល​យើង​ភ្ជាប់​ការខិតខំ​យើង​ដើម្បី​រស់នៅ​តាម​ដំណឹងល្អ​ទៅនឹង​ព្រះយេស៊ូវគ្រីស្ទ ។ ប្រសិនបើ​យើង​ធ្លាប់​មាន​អារម្មណ៍​ថា យើង​គ្រាន់តែ​ធ្វើការ​ដូច​មនុស្ស​យន្ដ ឬ​ថា​ការរស់នៅ​តាម​ដំណឹងល្អ​បាន​ក្លាយជា​បញ្ជី​កិច្ចការ​ដែល​ត្រូវ​ធ្វើ​នោះ យើង​អាច​ដាច់​ចេញ​ពី​ប្រភព​នៃ​ព្រះគុណ និង​អំណរ​ដែល​យើង​ស្វែងរក​ហើយ ។ យើង​អាច​បាន​ធ្វើ​រឿង​អ្វី​ទាំងអស់​ត្រឹមត្រូវ ប៉ុន្ដែ​ឃើញ​ថា យើង​នៅតែ​មិន​ល្អ​សព្វ​គ្រប់ ។ ដំណឹងល្អ​មិនមែន​ជា​បញ្ជី​នៃ​ការទាមទារ​នោះ​ទេ វា​ជា​ដំណឹង​ដ៏​ល្អ​ថា ព្រះយេស៊ូវគ្រីស្ទ​បាន​យក​ឈ្នះ​លើ​អំពើបាប និង​សេចក្ដី​ស្លាប់ ។ ព្រះយេស៊ូវគ្រីស្ទ​គឺជា​អង្គ​ដ៏​សំខាន់​នៅក្នុង​ផែនការ​នៃ​ព្រះវរបិតាសួគ៌​យើង ដើម្បី​ជួយ​យើង​ឲ្យ​ក្លាយ​ដូចជា​ទ្រង់ ។ ទ្រង់​ជា​គំរូ​ដ៏​ឥតខ្ចោះ​នៃ​របៀប​ដែល​យើង​ត្រូវ​រស់នៅ​តាម និង​ជា​ប្រភព​នៃ​ព្រះចេស្ដា​ឲ្យ​កើត​មាន​ដ៏​ទេវភាព​ដែល​យើង​ត្រូវការ ។ កាល​យើង​រៀន​ធ្វើតាម​គំរូ​របស់​ទ្រង់ ហើយ​ភ្ជាប់​ការខិតខំ​យើង​ដើម្បី​រស់នៅ​តាម​ដំណឹងល្អ​ទៅនឹង​ទ្រង់ នោះ​យើង​នឹង​រកឃើញ​អំណរ​ក្នុងការធ្វើ​ជា​សិស្ស​ទ្រង់ ។

៣. ស្វែងរក​គំរូ និង​ស្រមោល​នៃ​ព្រះយេស៊ូវគ្រីស្ទ

ទីបី យើង​គួរតែ​ស្វែងរក​គំរូ និង​ស្រមោល ១១ នៃ​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ជីវិត​របស់​ពួកព្យាការី និង​ពួកបុរស​ស្ដ្រី​ដ៏​ស្មោះត្រង់​ផ្សេង​ទៀត កាល​ពួកគេ​ត្រូវបាន​កត់ត្រា​ទុក​ក្នុង​ព្រះគម្ពីរ ។ ដូច​ជា​ព្យាការី​យ៉ាកុប​បាន​បង្រៀន​ថា « អស់​ទាំង​អ្វី​ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​ដល់​មនុស្ស​ចាប់តាំង​ពី​កំណើត​លោកិយ​មក​គឺជា​គំរូ​អំពី​ទ្រង់ » ។១២

ដោយសារ​តែ​គំនិត​នេះ ពេល​ខ្ញុំ​បាន​បង្រៀន​ព្រះគម្ពីរ​សញ្ញា​ចាស់​ក្នុង​ថ្នាក់​សិក្ខាសាលា នោះ​ខ្ញុំ​បាន​បិទ​ក្រដាស​ធំៗ​នៅលើ​ជញ្ជាំង​ខាង​ក្រោយ​តុ​សិស្ស ។ នៅ​ផ្នែក​ខាង​លើ​ក្រដាស​នីមួយៗ ខ្ញុំ​បាន​សរសេរ​ឈ្មោះ​ព្យាការី​ព្រះគម្ពីរ​សញ្ញា​ចាស់​មួយ ។ នៅពេល​យើង​បាន​បញ្ចប់​ការសិក្សា​វគ្គ​មួយ​នៃ​ព្រះគម្ពីរ​សញ្ញា​ចាស់ ខ្ញុំ​បាន​សុំ​សិស្ស​ឲ្យ​គិត​ពី​រឿង​នានា​ដែល​ពួកគេ​បាន​រៀន​អំពី​ព្យាការី​ដែល​យើង​បាន​សិក្សា​ហើយ និង​ពី​របៀប​ដែល​បទពិសោធន៍​របស់​លោក​បាន​ធ្វើ​ជា​ដាន ឬ​រំឭក​ពួកគេ​អំពី​ព្រះអង្គ​សង្គ្រោះ ។ បន្ទាប់​ពីរៀន​អំពី​អ័ដាម​ហើយ សិស្ស​បាន​សរសេរ​រឿង​ដូចជា « អ័ដាម​គឺជា​បុត្រា​ម្នាក់​របស់​ព្រះ » ។ « លោក​មាន​ជីវិត​អមតៈ » ។ « លោក​បាន​ចូល​ទៅ​សួនច្បារ » ។ « លោក​បាន​ស្មគ្រ័ចិត្ត​លើក​ដាក់​មក​លើ​ខ្លួន​លោក​នូវ​សេចក្ដី​ស្លាប់ ដើម្បី​ឲ្យ​យើង​អាច​រស់នៅ​បាន » ។ មិន​យូរ​ប៉ុន្មាន មាន​សិស្ស​ម្នាក់​បាន​សួរ​ថា « តើ​យើង​នៅតែ​និយាយ​ពី​អ័ដាម ឬ​ក៏​យើង​និយាយ​ពី​ព្រះយេស៊ូវ ? »

អំឡុង​ពេល​នោះ មាន​សិស្ស​ម្នាក់​បាន​មក​ថ្នាក់​រៀន​មុន​ម៉ោង​ដើម្បី​ចែកចាយ​នឹង​ខ្ញុំ​ពី​បទពិសោធន៍​របស់​នាង​ក្នុង​ការសិក្សា​ព្រះគម្ពីរ ។ មួយ​យប់​មុន​នោះ នាង​បាន​អាន​អំពី​លទ្ធផល​នៃ​ការធ្លាក់​របស់​អ័ដាម​នៅក្នុង​ម៉ូសេ ៤ ដែល​ចែង​ថា « ដី​នឹង​ដុះ​ជា​បន្លា ហើយ​នឹង​អញ្ចាញ​ឲ្យ​អ្នក » ។១៣ ដោយសារ​នាង​បាន​រៀន​ដើម្បី​សួរ​សំណួរ « តើ​ដំណើររឿង​នេះ​ថ្លែង​ទីបន្ទាល់​អំពី​ព្រះគ្រីស្ទ​ដោយ​របៀប​ណា ? » នោះ​នាង​បាន​សួរ​ថា « នៅពេល​ទ្រង់​បាន​មាន​បន្ទូល​ទៅ​អ័ដាម តើ​ព្រះយេស៊ូវ​បាន​ជ្រាប​ទេ​ថា នៅ​ថ្ងៃ​ណា​មួយ​ទ្រង់​នឹង​រង​លទ្ធផល​នៃ​ការធ្លាក់​ក្នុង​ន័យ​ត្រង់ ជា​ការពាក់​មកុដ​បន្លា​នោះ ? »

សិស្ស​របស់​យើង​បាន​រកឃើញ​គំរូ​មួយ​ទៀត​នៅក្នុង​ជីវិត​របស់​យ៉ូសែប​នៃ​ស្រុក​អេស៊ីព្ទ ដោយ​រកឃើញ​ជាង ៦០ របៀប​ដែល​លោក​ជា​គំរូ​មួយ​នៃ​ព្រះអង្គ​សង្គ្រោះ ។ សិស្ស​បាន​បង្ហាញ​ថា ពួកលោក​ទាំង​ពីរ​ត្រូវ​ឪពុក​ស្រឡាញ់​ខ្លាំង តែ​ត្រូវ​ពួកបងៗ​ស្អប់ ហើយ​បាន​លក់​ទៅ​ជា​ទាសករ ។ ពួកគេ​បាន​សម្គាល់​ភាព​ស្រដៀងគ្នា​នៅក្នុង​ការល្បួង​របស់​ពួកលោក និង​ការពិត​ដែល​ថា ព្រះ​គង់​នៅ​ជាមួយ​នឹង​ពួកលោក​ជានិច្ច ។ ទំនាក់ទំនង​ទាំងនេះ​ហួស​ពី​អ្វី​មួយ​ដ៏​គួរ​ចាប់​អារម្មណ៍​ដែល​ត្រូវ​កត់ទុក​ទៅ​ទៀត ។ ជីវិត​របស់​ពួកព្យាការី​ដ៏​ជម្រើស​នៃ​ព្រះអម្ចាស់​គឺជា​គំរូ​នៃ​ទ្រង់ ហើយ​បង្រៀន​យើង​អំពី​លក្ខណៈ​ដ៏​ទេវភាព​របស់​ទ្រង់ ។ នៅពេល​ប្រើ​ដោយ​មាន​ប្រសិទ្ធភាព កែវយឺត​មួយ​ឈុត​នេះ​អាច​ជួយ​យើង​ឲ្យ​ស្គាល់​ព្រះយេស៊ូវ​កាន់តែ​ច្បាស់ ហើយ​ក្លាយ​ដូចជា​ទ្រង់​កាន់តែ​ខ្លាំង ។

ថ្មីៗ​នេះ​គ្រីស្ទី​ភរិយា​ខ្ញុំ បាន​បង្រៀន​ដំណើររឿង​ព្រះគម្ពីរ​ដូចគ្នា​នេះ​អំពី​យ៉ូសែប​នៃ​ស្រុក​អេស៊ីព្ទ ហើយ​បាន​សួរ​សិស្ស​ថា « តើ​ប្អូន​ឃើញ​លក្ខណៈសម្បត្តិ​ដូចជា​ព្រះគ្រីស្ទ​អ្វីខ្លះ​នៅក្នុង​គំរូ​របស់​យ៉ូសែប ? » យើង​បាន​ជជែក​ពី​សមត្ថភាព​របស់​លោក​ដើម្បី​បង្វែរ​ឧបសគ្គ​ទាំងឡាយ​ឲ្យ​ទៅជា​ពរជ័យ ។ យើង​ជជែក​ពី​ការគោរព​ប្រតិបត្តិ អំណត់ ឆន្ទៈ​របស់​លោក​ដើម្បី​ចងចាំ​ដល់​អស់​អ្នក​ដែល​ត្រូវការ ព្រមទាំង​ឆន្ទៈ​លោក​ដើម្បី​អភ័យទោស ។ សំណួរ​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​នឹកចាំ​ដល់​គ្រា​មុន​មួយ កាល​សិក្សា​ពី​រឿង​នេះ ហើយ​ស្រមៃ​ពី​ទិដ្ឋភាព​ដែល​យ៉ូសែប​បាន​បង្ហាញ​ខ្លួន​លោក​ដល់​ពួកបងៗ​លោក ។ ព្រះគម្ពីរ​ចែង​ថា ពួកគេ « ស្រឡាំងកាំង​ទាំង​អស់​គ្នា​នៅ​មុខ​គាត់ » ។១៤ តើ​បងប្អូន​អាច​គិត​ពី​ទិដ្ឋភាព​នៃ​គ្រា​នោះ​ដែរ​ឬ​ទេ ព្រម​ទាំង​ពី​អារម្មណ៍​របស់​ពួកគេ ដោយ​ដឹង​ពី​អ្វី​ដែល​ពួកគេ​បាន​ធ្វើ​នោះ ? ប៉ុន្ដែ​យ៉ូសែប​បាន​ឆ្លើយ​ទៅ​ពួកគេ​ថា « សូម​មក​ជិត​ខ្ញុំ … ខ្ញុំ​នេះ​ជា​យ៉ូសែប ជា​ប្អូន​អ្នក​រាល់​គ្នា … កុំ​ឲ្យ​អ្នក​រាល់​គ្នា​ព្រួយ​ឬ​តូច​ចិត្ត …​ឡើយ ពី​ព្រោះ​គឺ​ព្រះ​ទេ​តើ ដែល​ទ្រង់​ចាត់​ខ្ញុំ​មក​ជា​មុន ដើម្បី​នឹង​រក្សា​ជីវិត​អ្នក​រាល់​គ្នា​ទុក » ។១៥ កាល​ខ្ញុំ​ស្រមៃ​ពី​ព្រឹត្តិការណ៍​នោះ​ក្នុង​គំនិត​ខ្ញុំ ខ្ញុំ​កាន់តែ​យល់​ច្បាស់​ពី​ទិដ្ឋភាព នៅពេល​យើង​ឈរ​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះ​នៅ​ថ្ងៃ​ជំនុំជម្រះ ។ ប្រាកដ​ណាស់ ខ្ញុំ​អាច​ស្រមៃ​ថា យើង​នឹង​ចាំ​ពី​អំពើបាប​របស់​យើង ហើយ​អាច​មាន​អារម្មណ៍ « ស្រឡាំងកាំង » កាល​នៅក្នុង​វត្តមាន​របស់​ទ្រង់ ។ ប៉ុន្ដែ​ខ្ញុំ​ក៏​អាច​ស្រមៃ​ថា ទ្រង់​មាន​បន្ទូល​មក​យើង​កាល​ទ្រង់​លើក​យើង​ពី​ការលុត​ជង្គង់​ថា « សូម​មើល​រក​ខ្ញុំ សូម​មក​ជិត​ខ្ញុំ ខ្ញុំ​នេះ​ជា​បង​អ្នក​រាល់​គ្នា ។ ព្រះ​បាន​ចាត់​ខ្ញុំ​មក​ជាមុន​ដើម្បី​នឹង​រក្សា​ជីវិត » ។

នៅពេល​យើង​ផ្ដោត​លើ​គំរូ និង​ស្រមោល​នៃ​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​អាច​ជួយ​សិស្ស​យើង​ឲ្យ​ស្គាល់​លក្ខណៈ និង​លក្ខណៈសម្បត្តិ​របស់​ទ្រង់​តាមរយៈ​ការសួរ​សំណួរ​ដូចជា ៖

  • « តើ​លក្ខណៈសម្បត្តិ​ដូចជា​ព្រះគ្រីស្ទ​អ្វី​ខ្លះ ដែល​អ្នក​ឃើញ​នៅក្នុង​ជីវិត​របស់​ព្យាការី​នេះ ? »

  • « តើ​អ្នក​ទទួល​បាន​ពរ​នៅពេល​ណា ដោយសារ​ព្រះយេស៊ូវ​មាន​លក្ខណៈ​នេះ ? » ឬ « តើ​ព្រះអង្គ​សង្គ្រោះ​បាន​បង្ហាញ​លក្ខណៈសម្បត្តិ​នេះ​ជំនួស​ឲ្យ​អ្នក​តាម​របៀប​ណា ? ?

  • « តើ​អ្នក​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​ក្លាយ​ដូចជា​ព្រះយេស៊ូវគ្រីស្ទ​កាន់តែ​ខ្លាំង ហើយ​ទទួល​បាន​លក្ខណៈ​ដ៏​ទេវភាព​នេះ ? » ឬ « តើ​អ្នក​បាន​រៀន​អ្វីខ្លះ​អំពី​ព្រះវរបិតា​របស់​អ្នក​ដែល​គង់​នៅ​ស្ថានសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ដែល​បំផុស​គំនិត​អ្នក​ឲ្យ​ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ​ដើម្បី​ធ្វើតាម​ពួកទ្រង់ ? »

ហើយ​នៅពេល​សិស្ស​ផ្ដល់​ចម្លើយ​ដូចជា « អធិស្ឋាន » ឬ « អាន​ព្រះគម្ពីរ » នោះ​យើង​ធ្វើ​បាន​ល្អ នៅពេល​យើង​ជួយ​ពួកគេ​ឲ្យ​ភ្ជាប់​សកម្មភាព​ទាំងនោះ​ទៅនឹង​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ តាមរយៈ​ការសួរ​ពួកគេ​នូវ​សំណួរ​ដូចជា ៖

  • « តើ​ការអធិស្ឋាន​របស់​អ្នក​នឹង​ខុស​ប្លែក​យ៉ាង​ណា នៅ​ពេល​អ្នក​ស្គាល់​ថា​ព្រះ​មួយ​អង្គ​ណា​ដែល​អ្នក​ទូល​ទៅកាន់​នោះ ? »

  • « តើ​អ្នក​នឹង​សិក្សា​ព្រះគម្ពីរ​តាម​របៀប​មួយ​ដែល​នឹង​ជួយ​ដល់​អ្នក​ឲ្យ​ស្គាល់​ព្រះអង្គ​សង្គ្រោះ​កាន់តែ​ច្បាស់ ហើយ​ក្លាយ​ដូចជា​ទ្រង់​កាន់តែ​ខ្លាំង​ដោយ​របៀប​ណា ? »

ប្រភេទ​សំណួរ​ទាំងនេះ​នឹង​ជួយ​សិស្ស​របស់​យើង​អភិវឌ្ឍ​អំណាច និង​សមត្ថភាព​កាន់តែ​ខ្លាំង​ដើម្បី​ស្គាល់​ព្រះអង្គសង្គ្រោះ និង​ដើម្បី​រៀន​មកពី​ទ្រង់ ។

៤. ថ្លែង​ទីបន្ទាល់​ដ៏​ស្មោះ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ

រឿង​ទីបួន​ដែល​យើង​អាច​ធ្វើ​បាន​នោះ​គឺ ត្រូវ​ថ្លែង​ទីបន្ទាល់​ដ៏​ស្មោះ​អំពី​ព្រះយេស៊ូវគ្រីស្ទ ។

យើង​ត្រូវ​និយាយ​អំពី​ទ្រង់​ឲ្យ​បាន​ញឹកញាប់ និង​មាន​អនុភាព​ជាងមុន ហើយ​ដោយ​មាន​គារវភាព ក្ដីស្រឡាញ់ និង​ការដឹងគុណ​កាន់តែ​ខ្លាំង ។ យើង​ត្រូវ​ចែកចាយ​ទីបន្ទាល់​ផ្ទាល់​របស់​យើង ហើយ​យើង​ត្រូវ​ស្វែងរក​របៀប​ដ៏​មាន​ប្រសិទ្ធភាព​នានា​ដើម្បី​អញ្ជើញ​សិស្ស​យើង​ឲ្យ​ចែកចាយ​ទីបន្ទាល់​របស់​គេ​ជាមួយ​គ្នា​ទៅវិញ​ទៅមក ។ នៅក្នុង​ការពិភាក្សា​ក្នុង​ថ្នាក់​ថ្មីៗ​នេះ​ស្ដីពី​គោលការណ៍​នៃ​ការអធិស្ឋាន គ្រូ​ម្នាក់​បាន​អញ្ជើញ​សិស្ស​ឲ្យ​គិត​ថា តើ​ការអញ្ជើញ​របស់​ព្រះអម្ចាស់​ឲ្យ​អធិស្ឋាន និង​សេចក្ដីសន្យា​របស់​ទ្រង់​ថា​នឹង​ឆ្លើយតប​នោះ បង្រៀន​យើង​អ្វី​ខ្លះ​អំពី​លក្ខណៈ​របស់​ព្រះវរបិតា​យើង​ដែល​គង់​នៅ​ស្ថានសួគ៌ ។ បន្ទាប់​មក ពួកគេ​ត្រូវ​បាន​សុំ​ឲ្យ​ពិចារណា​ពី​លក្ខណៈ​របស់​ព្រះអង្គ​សង្គ្រោះ ដែល​អនុញ្ញាត​ឲ្យ​យើង​អធិសា្ឋន​នៅក្នុង​ព្រះនាម​របស់​ទ្រង់ ។ ដោយ​មាន​សំណួរ​សាមញ្ញ​ទាំងនេះ មេរៀន​មួយ​ស្ដីពី​ការអធិស្ឋាន​បាន​ក្លាយជា​ឱកាស​មួយ​ឲ្យ​សិស្ស​ថ្លែង​ទីបន្ទាល់​អំពី​ព្រះចេស្ដា និង​ក្ដី​ស្រឡាញ់​របស់​ព្រះវរបិតា​របស់​យើង​ដែល​គង់​នៅ​ស្ថានសួគ៌ និង​ព្រះរាជបុត្រា​របស់​ទ្រង់ គឺ​ព្រះយេស៊ូវគ្រីស្ទ ។ សិស្ស​បាន​ចេញ​ទៅ​ដោយ​មាន​ការកើន​ឡើង​នៃ​ការកោត​សរសើរ​ដល់​ទំនាក់ទំនង​របស់​គេ​ជាមួយ​នឹង​ព្រះអាទិទេព និង​ដល់​ពរជ័យ​ដ៏​អស្ចារ្យ​ដែល​យើង​ទទួល​បាន​ដើម្បី​អធិស្ឋាន​នៅក្នុង​ព្រះនាម​របស់​ព្រះយេស៊ូវគ្រីស្ទ ដែល​ជា​អង្គ​គាំពារ​របស់​យើង​ជាមួយ​នឹង​ព្រះវរបិតា ។

របៀប​ដ៏​សំខាន់​មួយ​ទៀត​ដើម្បី​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​គឺ ត្រូវ​អនុញ្ញាត​ឲ្យ​ទីបន្ទាល់​របស់​ពួកព្យាការី​ទាំង​សម័យ​បុរាណ និង​ទំនើប បាន​បន្លឺ​ឡើង​ក្នុង​ថ្នាក់រៀន​របស់​យើង ។ សាវក​ពេត្រុស​បាន​ថ្លែង​ថា យើង​គឺជា « ពួក​ស្មរ​បន្ទាល់​ដែល​ព្រះ​បាន​រើស​អំពី​មុន​ ។… ទ្រង់​បាន​បង្គាប់​យើង​ឲ្យ…ធ្វើ​បន្ទាល់​សព្វ​គ្រប់​ថា គឺ​ព្រះអង្គ​នេះ​ហើយ ដែល​ព្រះ​បាន​តាំង​ឡើង ។… ពួក​ហោរា​សុទ្ធ​តែ​ធ្វើ​បន្ទាល់​ពី​ទ្រង់ » ។១៦

កាន់តែ​ថ្មីៗ​នេះ អែលឌើរ រ៉ូបឺត ឌី ហែលស៍ បាន​ថ្លែង​ឃ្លា​មួយ​ដែល​បណ្ដាល​ឲ្យ​ខ្ញុំ​គិត​យ៉ាង​ខ្លាំង ។ លោក​បាន​ពោល​ថា « យើង​មើល ស្ដាប់ អាន សិក្សា ហើយ​ចែកចាយ​ពាក្យ​ពួកព្យាការី ដើម្បី​ព្រមាន​ជាមុន និង​ការពារ ។ ឧទាហរណ៍ ‹ ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក › បាន​ផ្ដល់ឲ្យ​ពីមុន​យើង​ជួប​បញ្ហា​គ្រួសារ​នាពេល​នេះ » ។ រួចហើយ​លោក​បាន​បន្ថែម​គំនិត​នេះ​ថា « ‹ ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ ៖ ទីបន្ទាល់​នៃ​ពួកសាវក › បាន​រៀបចំ​ជាមុន​សម្រាប់​ពេល​ដែល​យើង​ត្រូវការ​បំផុត » ។១៧

ខ្ញុំ​ពុំ​មែន​ជា​បុគ្គល​ម្នាក់​ដែលផ្តល់​វាចា​ឥតខ្លឹមសារ​ទេ​ ប៉ុន្ដែ​វា​កាន់តែ​ច្បាស់​ណាស់​ថា ហេតុអ្វី​ការប្រកាស​នេះ​ត្រូវបាន​ផ្ដល់​មក​មុនពេល​ខ្យល់​ខ្លាំង​បាន​បក់បោក​ប្រឆាំង​នឹង​ក្រុម​គ្រួសារ​រវាង​បុរស និង​ស្ត្រី ។ ហើយ​កាល​ឮ​ព្យាការី​ម្នាក់​ថ្លែង​ថា ឯកសារ « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្មរស់ » ត្រូវ​បាន​ផ្ដល់​មក « ជាមុន​សម្រាប់​ពេល​ដែល​យើង​ត្រូវការ​បំផុត » ធ្វើ​ឲ្យ​ខ្ញុំ​គិត​ថា ខ្យល់​បន្ថែម​ទៀត​នឹង​បក់​បោក វាយ​តប់​ដល់​សេចក្ដីជំនឿ​របស់​សិស្ស និង​កូនៗ​យើង ។

« ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្មរស់ ៖ ទីបន្ទាល់​នៃ​ពួកសាវក » ប្រកាស​ថា « យើង​សូម​ថ្វាយ​នូវ​ទីបន្ទាល់​របស់​យើង អំពី​សគុណភាព​នៃ​ការបូជា​ដ៏​មហិមា​របស់​ទ្រង់​ដែល​ធួន​នឹង​បាប ។ … ព្រះអង្គ​គឺ​ជា​ព្រះ​យេហូវ៉ា​នៅក្នុង​ព្រះគម្ពីរ​សញ្ញាចាស់ ហើយ​ជា​ព្រះ​មែស៊ី​នៅក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី ។ … ព្រះអង្គ​បាន​យាង​តាម​ថ្នល់​ស្រុក​ភីលីស្ទីន ដើម្បី​ព្យាបាល​អ្នក​ឈឺ ធ្វើ​ឲ្យ​អ្នក​ខ្វាក់​មើល​ឃើញ ហើយ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ ។ ព្រះអង្គ​បាន​បង្រៀន​ពី​សេចក្ដីពិត​នៃ​ភាពអស់កល្ប ។ … ព្រះអង្គ​បាន​ប្រទាន​ព្រះជន្ម​របស់​ទ្រង់​ដើម្បី​ធ្វើ​ឲ្យ​ធួន​នឹង​អំពើ​បាប​ទាំងឡាយ​នៃ​មនុស្ស​ទាំងអស់ ។ … ព្រះអង្គ​បាន​មាន​ព្រះជន្ម​រស់​ពី​ផ្នូរ ដើម្បី ‹ ជា​ផល​ដំបូង​ពី​ពួក​អ្នក​ដែល​បាន​ដេក​លក់​ទៅ​ហើយ › ។ … ព្រះអង្គ និង​ព្រះវរបិតា​របស់​ទ្រង់​បាន​យាង​មកជួប​ក្មេង​ប្រុស​ម្នាក់​ឈ្មោះ យ៉ូសែប ស៊្មីធ ដើម្បី​បង្ហាញ​នូវ ‹ ការកាន់កាប់​ត្រួតត្រា​នៃ​ពេល​ពេញ​កំណត់ › ដែល​បាន​សន្យា​ទុក​ជា​យូរ​យា​មក​ហើយ ។ … យើង​សូម​ធ្វើ​ទីបន្ទាល់​ថា ថ្ងៃ​ណា​មួយ​នោះ​ទ្រង់​នឹង​យាង​មក​ផែនដី​វិញ … [ ហើយ ] គ្រប់គ្រង​ជា​ស្ដេច​លើ​អស់​ទាំង​ស្ដេច ហើយ​ព្រះ​លើ​អស់​ទាំង​ព្រះ ។ … ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ និង​ជា​ព្រះរាជបុត្រា​ដ៏​អមតៈ​របស់​ព្រះ ។ ព្រះអង្គ​គឺ​ជា​ព្រះរាជា​អេម៉ាញូអែល​ដ៏​មហិមា ដែល​សព្វ​ថ្ងៃ​នេះ​ឈរនៅ​ខាង​ស្តាំ​ព្រះហស្ត​នៃ​ព្រះវរបិតា​របស់​ទ្រង់ ។ ព្រះអង្គ​គឺជា​ពន្លឺ ជា​ជីវិត ហើយ​ជា​សេចក្ដី​សង្ឃឹម​នៃ​ពិភពលោក ។ … សូម​អរព្រះគុណ​ដល់​ព្រះ ចំពោះ​អំណោយ​ទាន​ដ៏​ប្រៀប​ផ្ទឹម​ពុំ​បាន​នៃ​ព្រះ​រាជបុត្រា​របស់​ទ្រង់​ដ៏​ឧត្តម » ។១៨

ការធ្វើ​ជា​សាក្សី​របស់​ពួកព្យាការី​របស់​ព្រះ​នេះ​ត្រូវបាន​ផ្ដល់​មក​ពីមុន​ពេល​ដែល​សិស្ស និង​កូនៗ​របស់​យើង​ត្រូវការ​វា​ខ្លាំង​បំផុត ។ យើង​ត្រូវតែ​ជួយ​ពួកគេ​ឲ្យ​បណ្ដុះ​ទីបន្ទាល់​នេះ​ឲ្យចាក់​ជ្រៅ​ទៅ​ក្នុង​គំនិត និង​ដួងចិត្ត​របស់​ពួកគេ ។ គ្មាន​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​ដែល​នឹង​ប្រទានពរ​ដល់​សិស្ស​របស់​យើង បាន​ប្រសើរ​ជាង​ការជួយ​ពួកគេ​ឲ្យ​ស្គាល់​ព្រះយេស៊ូវ​គ្រីស្ទ​ឡើយ ។ យើង​ត្រូវតែ​ជួយ​ពួកគេ​ឲ្យ​ស្រឡាញ់​ទ្រង់ ធ្វើ​តាម​ទ្រង់ ហើយ​ព្យាយាម​ដោយ​ចេតនា​ពិត​ដើម្បី​ប្រែក្លាយ​ដូចជា​ទ្រង់ ។ បន្ថែមលើ​សាក្សី​របស់​ពួកព្យាការី​របស់​ព្រះ នោះ​ខ្ញុំ​សូម​បន្ថែម​ទីបន្ទាល់​ដ៏​រាបសា​ថា ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ ព្រះរាជបុត្រា​នៃ​ព្រះ និង ជា​ព្រះអង្គសង្គ្រោះ​នៃ​ពិភពលោក ។

នៅក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។