ឆ្នាំ ២០១០-២០១៩
ការងារ​បម្រើ​ដ៏​បំផុស​គំនិត
ខែ មេសា ឆ្នាំ ២០១៨


ការងារ​បម្រើ​ដ៏​បំផុស​គំនិត

យើង​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ល្អ​បំផុត នៅ​ពេល​យើង​ផ្ដោត​លើ​ការ​បម្រើ​មនុស្ស​ដទៃ ។ នេះ​គឺជា​ហេតុផល​ដែល​យើង​មាន​ការ​ទទួល​ខុសត្រូវ​បព្វជិតភាព​ដើម្បី​បម្រើ​ព្រះអង្គ​សង្គ្រោះ ។

បងប្អូនប្រុស​ជា​ទីស្រឡាញ់​របស់​ខ្ញុំ​អើយ ខ្ញុំ​មាន​អំណរ​គុណ​ណាស់​ចំពោះ​ឯកសិទ្ធិ​ដើម្បី​និយាយ​ទៅ​កាន់​បងប្អូន​នៅ​ក្នុង​សន្និសីទ​ទូទៅ​ជា​ប្រវត្តិសាស្ត្រ​នេះ ។ យើង​បាន​គាំទ្រ​ប្រធាន រ័សុល អិម ណិលសុន ជា​ប្រធាន​ទី ១៧ នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ កាល​ខ្ញុំ​ទទួល​បាន​ពរជ័យ​នៃ​ការ​ធ្វើការ​ជាមួយ​នឹង​លោក​រាល់​ថ្ងៃ ខ្ញុំ​ទទួល​អារម្មណ៍​នូវ​ការ​បញ្ជាក់​មួយ​ពី​ព្រះវិញ្ញាណ​ថា ប្រធាន ណិលសុន ត្រូវ​បាន​ហៅ​ដោយ​ព្រះ​ដើម្បី​ដឹកនាំ​សាសនាចក្រ​ដ៏​ពិត​របស់​ព្រះអម្ចាស់ ។

ខ្ញុំ​ក៏​សូម​ធ្វើ​ជា​សាក្សី​ផង​ដែរ​ថា ព្រះអម្ចាស់​បាន​ហៅ​អែលឌើរ ជែរីត ដបុលយូ ហ្គង និង អែលឌើរ អូលីសេស សូរ៉េស ឲ្យ​បម្រើ​ជា​សមាជិក​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ ។ ខ្ញុំ​ស្រឡាញ់ ហើយ​គាំ​ទ្រ​ពួក​លោក ។ តាម​រយៈ​ការ​ងារ​បម្រើ​របស់​ពួកលោក នោះ​ពួកលោក​នឹង​ប្រទាន​ពរ​ដល់​ជីវិត​ជាច្រើន​ជុំវិញ​ពិភពលោក និង​ជំនាន់​ជាច្រើន ។

សន្និសីទ​នេះ​គឺ​ជា​សន្និសីទ​ប្រវត្តិ​សាស្ត្រ​ដោយ​សារ​ហេតុផល​មួយ​ទៀត ។ ប្រធាន ណិលសុន បាន​ប្រកាស​អំពី​ការ​ពន្លឿន​ទៅ​មុខ​ដ៏​បំផុស​គំនិត​មួយ​នៅ​ក្នុង​ផែនការ​ដែល​បាន​រៀបចំ​ដោយ​ព្រះអម្ចាស់​សម្រាប់​សាសនាចក្រ​របស់​ទ្រង់ ។ ផែនការ​នោះ​រួម​បញ្ចូល​នូវ​រចនា​សម្ព័ន្ធ​ថ្មី​មួយ​សម្រាប់​កូរ៉ុម​បព្វជិតភាព​នៅ​ក្នុង​វួដ និង​ស្តេក​ដើម្បី​យើង​អាច​បំពេញ​ការ​ទទួល​ខុសត្រូវ​បព្វជិតភាព​របស់​យើង​បាន​កាន់​តែ​ប្រសើរ​ឡើង ។ ការ​ទទួល​ខុស​ត្រូវ​ទាំង​នោះ​គឺ​ទាក់​ទង​នឹង​ការ​មើល​ថែ​ពី​សំណាក់​បព្វជិតភាព​របស់​យើង​ដល់​បុត្រា​បុត្រី​របស់​ព្រះវរបិតា ។

ផែនការ​របស់​ព្រះអម្ចាស់​សម្រាប់​ពួក​បរិសុទ្ធ​របស់​ទ្រង់​ដើម្បី​ផ្ដល់​ការ​មើល​ថែ​ដោយ​សេចក្ដីស្រឡាញ់​បាន​ធ្វើ​នៅ​ក្នុង​ទម្រង់​ជាច្រើន​ជា​យូរ​មក​ហើយ ។ នៅ​សម័យ​ណៅវូ ព្យាការី យ៉ូសែប ស្ម៊ីធ ត្រូវការ​វិធី​ដែល​បាន​រៀបចំ​មួយ​ដើម្បី​មើល​ថែ​ពួក​អ្នក​ប្រែ​ចិត្ត​ជឿ​ក្រីក្រ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ដែល​បាន​ចូល​មក​ក្នុង​ទីក្រុង ។ ជីដូន​ជីតា​របស់​ខ្ញុំ​បួន​គ្រួសារ​ស្ថិត​នៅ​ក្នុង​ចំណោម​ពួកគេ​ដែរ—ដូចជា គ្រួសារ​អាវរិង គ្រួសារ​ប៊េនញៀន គ្រួសារ​រ៉មនី និង​គ្រួសារ​ស្ម៊ីធ ។ ព្យាការី​បាន​រៀបចំ​ការ​មើល​ថែ​ដល់​ពួក​បរិសុទ្ធ​ទាំង​នោះ​តាម​ភូមិសាស្ត្រ ។ នៅ​រដ្ឋ​អិលលីណោយ ផ្នែក​នៃ​ទីក្រុង​ទាំង​នោះ​ត្រូវ​បាន​ហៅ​ថា « វួដ » ។

កាល​ពួក​បរិសុទ្ធ​បាន​ដើរ​ឆ្លង​កាត់​ទីវាល ការ​មើល​ថែ​របស់​ពួកគេ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ត្រូវ​បាន​រៀបចំ​ជា « ក្រុម » ។ ជីតា​ទួត​ម្នាក់​របស់​ខ្ញុំ​ខាង​ឪពុក​បាន​ត្រឡប់​មក​ពី​បេសកកម្ម​របស់​គាត់​នៅ​រដ្ឋ​មួយ​ដែល​ឥឡូវ​នេះ​ហៅ​ថា អូខ្លាហូម៉ា ជា​ពេល​ដែល​គាត់​បាន​ជួប​នឹង​ក្រុម​មួយ​នៅ​តាម​ផ្លូវ ។ គាត់​បាន​មាន​ជំងឺ​ធ្ងន់ធ្ងរ​រហូត​ដល់​គាត់ និង​ដៃ​គូ​របស់​គាត់​ត្រូវ​ដេក​សម្រាក​នៅ​ក្នុង​រទេះ​តូច​មួយ ។

មេ​ក្រុម​នោះ​បាន​ចាត់​ស្ត្រី​ពីរ​នាក់​ឲ្យ​ជួយ​មនុស្ស​ដែល​នៅ​ក្នុង​រទេះ​នោះ ។ មាន​ស្ត្រី​វ័យ​ក្មេង​ម្នាក់​ដែល​បាន​ប្រែ​ចិត្ត​ជឿ​នៅ​ប្រទេស​ស្វ៊ីស បាន​មក​មើល​អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់ ហើយ​មាន​ចិត្ត​អាណិត ។ គាត់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​ក្រុម​នៃ​ពួក​បរិសុទ្ធ​នោះ ។ គាត់​បាន​ជា​សះ​ស្បើយ ហើយ​មាន​កម្លាំង​គ្រប់​គ្រាន់​ល្មម​អាច​នឹង​ដើរ​ទន្ទឹម​គ្នា​នឹង​ស្ត្រី​ដែល​បាន​ជួយ​គាត់​ទៅ​កាន់​ជ្រលង​ភ្នំ​សលត៍ លេក ។ ពួកគាត់​បាន​ស្រឡាញ់​គ្នា ហើយ​បាន​រៀបការ ។ បុរស​នោះ​បាន​ក្លាយ​ជា​ជីតា​ទួត​ខ្ញុំ​ឈ្មោះ ហិនរី អាវរិង ហើយ​ស្ត្រី​នោះ​បាន​ក្លាយ​ជា​ជីដូន​ទួត​ខ្ញុំ​ឈ្មោះ ម៉ារី ប៊មមេលី អាវរិង ។

ច្រើន​ឆ្នាំ​ក្រោយ​មក កាល​មនុស្ស​ទូទៅ​បាន​លើក​ឡើង​អំពី​ការ​លំបាក​ដ៏​ធំ​ធេង​នៃ​ការ​ដើរ​ឆ្លង​កាត់​ទ្វីប​មួយ នោះ​ជីដូន​ទួត​ខ្ញុំ​បាន​ពោល​ថា « ទេ វា​មិន​ពិបាក​ទេ ។ កាល​យើង​ដើរ យើង​បាន​និយាយ​គ្នា​អំពី​អព្ភូតហេតុ​ដ៏​អស្ចារ្យ​ដែល​យើង​ទាំង​ពីរ​នាក់​បាន​រក​ឃើញ​ដំណឹងល្អ​ដ៏​ពិត​របស់​ព្រះយេស៊ូវគ្រីស្ទ ។ វា​គឺ​ជា​គ្រា​ដ៏​មាន​សុភមង្គល​បំផុត​ដែល​ខ្ញុំ​អាច​ចាំ​បាន » ។

ចាប់​តាំង​ពី​ពេល​នោះ​មក ព្រះអម្ចាស់​បាន​ប្រើ​វិធី​ជាច្រើន​ដើម្បី​ជួយ​ពួក​បរិសុទ្ធ​របស់​ទ្រង់​ឲ្យ​មើល​ថែ​គ្នា​ទៅ​វិញ​ទៅ​មក ។ ឥឡូវ​នេះ ទ្រង់​បាន​ប្រទាន​ពរ​ដល់​យើង​ជាមួយ​នឹង​កូរ៉ុម​ដ៏​រឹង​មាំ ហើយ​មាន​សាមគ្គីភាព​នៅ​តាម​វួដ និង​ស្តេក—ជា​កូរ៉ុម​ដែល​ធ្វើ​ការ​សហការ​ជាមួយ​នឹង​អង្គការ​វួដ​ទាំងអស់ ។

វួដ​ដែល​មាន​ព្រំ​ប្រទល់ ក្រុម និង​កូរ៉ុម​ដ៏​រឹង​មាំ​ទាំងឡាយ​តម្រូវ​ឲ្យ​មាន​យ៉ាង​ហោច​ណាស់​រឿង​ពីរ​យ៉ាង​ដើម្បី​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ព្រះរាជ​បំណង​របស់​ព្រះអម្ចាស់​ដើម្បី​ឲ្យ​ពួក​បរិសុទ្ធ​របស់​ទ្រង់​មើល​ថែ​គ្នា​តាម​របៀប​ដែល​ទ្រង់​មើល​ថែ​ដល់​ពួកគេ ។ ពួកគេ​មាន​ជោគជ័យ នៅ​ពេល​ពួក​បរិសុទ្ធ​ទទួល​អារម្មណ៍​នូវ​សេចក្ដី​ស្រឡាញ់​របស់​ព្រះគ្រីស្ទ​ចំពោះ​គ្នា​លើស​ពី​ចំណាប់​អារម្មណ៍​ផ្ទាល់​ខ្លួន​របស់​ពួកគេ ។ ព្រះគម្ពីរ​ហៅ​វា​ថា « សេចក្តីសប្បុរស … សេចក្តី​ស្រឡាញ់​ដ៏​សុទ្ធ​សាធ​របស់​ព្រះគ្រីស្ទ » ( មរ៉ូណៃ ៧:៤៧ ) ។ ហើយ​ពួកគេ​មាន​ជោគជ័យ នៅ​ពេល​ព្រះវិញ្ញាណ​បរិសុទ្ធ​ដឹកនាំ​អ្នក​មើល​ថែ​ឲ្យ​ដឹង​អ្វី​ដែល​ព្រះអម្ចាស់​ត្រាស់​ដឹង​ថា ល្អ​បំផុត​សម្រាប់​បុគ្គល​ដែល​គាត់​កំពុង​ព្យាយាម​ជួយ​នោះ ។

ម្ដង​ហើយ​ម្ដង​ទៀត​នៅ​ក្នុង​សប្ដាហ៍​ថ្មីៗ​នេះ សមាជិក​សាសនាចក្រ​បាន​ធ្វើ​សកម្មភាព​នៅ​ក្នុង​វត្តមាន​របស់​ខ្ញុំ​ដូចជា​ពួកគេ​បាន​សង្ឃឹម​ទុក​អ្វី​ដែល​ព្រះអម្ចាស់​នឹង​ធ្វើ ដូច​ដែល​បាន​ប្រកាស​នៅ​ទីនេះ​នា​ថ្ងៃ​នេះ ។ ខ្ញុំ​សូម​ប្រាប់​បងប្អូន​នូវ​គំរូ​ចំនួន​ពីរ ។ ទីមួយ គឺជា​ការ​ឡើង​និយាយ​ក្នុង​ការ​ប្រជុំ​សាក្រាម៉ង់​ដ៏​សាមញ្ញ​មួយ​ដោយ​គ្រូ​អាយុ ១៤ ឆ្នាំ​ក្នុង​បព្វជិតភាព​អើរ៉ុន​ដែល​យល់​អំពី​អ្វី​ដែល​ពួក​អ្នក​កាន់​បព្វជិតភាព​អាច​សម្រេច​បាន​នៅ​ក្នុង​ការ​បម្រើ​របស់​ពួកគេ​សម្រាប់​ព្រះអម្ចាស់ ។ ទីពីរ អ្នក​កាន់​បព្វជិតភាព​មិលគីស្សាដែក​ម្នាក់​ដែល​ត្រូវ​បាន​បំផុស​គំនិត​ឲ្យ​បម្រើ​គ្រួសារ​មួយ​ដោយ​សេចក្ដី​ស្រឡាញ់​របស់​ព្រះគ្រីស្ទ ។

ដំបូង សូម​ឲ្យ​ខ្ញុំ​ប្រាប់​បងប្អូន​នូវ​ពាក្យ​សម្ដី​របស់​យុវជន​នោះ​និយាយ​នៅ​ក្នុង​ការ​ប្រជុំ​សាក្រាម៉ង់​របស់​វួដ ។ ខ្ញុំ​បាន​នៅ​ទីនោះ ។ សូម​ព្យាយាម​ចងចាំ​អ្វី​ដែល​បងប្អូន​បាន​ធ្វើ​នៅ​អាយុ ១៤ ឆ្នាំ ហើយ​ត្រងត្រាប់​ស្ដាប់​គាត់​និយាយ ដែល​វា​លើស​ពី​អ្វី​ដែល​យុវជន​ម្នាក់​អាច​ដឹង​ទៅ​ទៀត ៖

« ខ្ញុំ​ពិត​ជា​ចូល​ចិត្ត​ធ្វើ​ជា​សមាជិក​ក្នុង​កូរ៉ុម​គ្រូ​ក្នុង​វួដ​របស់​យើង តាំង​ពី​ខ្ញុំ​ឈាន​ចូល​វ័យ ១៤ ឆ្នាំ​កាល​ពី​ឆ្នាំ​មុន ។ គ្រូ​ម្នាក់​នៅ​តែ​មាន​នូវ​រាល់​ការ​ទទួល​ខុស​ត្រូវ​របស់​ឌីកុន បូក​បន្ថែម​នឹង​ការ​ទទួល​ខុសត្រូវ​ថ្មី​ផង ។

« ដោយ​សារ​យើង​មួយ​ចំនួន​គឺជា​គ្រូ នៅ​ថ្ងៃ​មួយ​អ្នក​ផ្សេង​ទៀត​នឹង​ក្លាយ​ជា​គ្រូ ហើយ​មនុស្ស​គ្រប់​គ្នា​នៅ​ក្នុង​សាសនាចក្រ​មាន​ពរ​ដោយ​សារ​បព្វជិតភាព ដូច្នេះ​វា​សំខាន់​ដល់​យើង​ទាំងអស់​គ្នា​ដើម្បី​ស្គាល់​បន្ថែម​ទៀត​អំពី​កាតព្វកិច្ច​របស់​គ្រូ​ម្នាក់ ។

« ដំបូង គោលលទ្ធិ និង សេចក្តីសញ្ញា ២០:៥៣ ចែង​ថា ‹ កាតព្វកិច្ច​របស់​គ្រូ​គឺ​ដើម្បី​មើល​ការ​ខុស​ត្រូវ​លើ​សាសនាចក្រ​ជានិច្ច ហើយ​នៅ​ជាមួយ និង ចម្រើន​កម្លាំង​ពួកគេ › ។

« បន្ទាប់​មក​ទៀត គោលលទ្ធិ និង សេចក្តីសញ្ញា ២០:៥៤–៥៥ ចែង​ថា

« ‹ ហើយ​ឲ្យ​មើល​ឃើញ​ថា គ្មាន​សេចក្តី​ទុច្ចរិត​នៅ​ក្នុង​សាសនាចក្រ ឬ​ក៏​មាន​ភាព​រឹង​ទទឹង​នឹង​គ្នា​ទៅ​វិញ​ទៅ​មក ឬ​មាន​ការ​កុហក ការ​ពោល​បង្កាច់ ឬ​ក៏​មាន​ការ​និយាយ​អាក្រក់​ឡើយ

ហើយ​មើល​ឲ្យ​ឃើញ​ថា សាសនាចក្រ​ជួប​ជុំ​គ្នា​ជា​ញឹកញាប់ ហើយ​ក៏​មើល​ឲ្យ​ឃើញ​ថា សមាជិក​ទាំងអស់​ធ្វើ​កាតព្វកិច្ច​របស់​ខ្លួន › » ។

យុវជន​នោះ​បាន​បន្ត​ទៀត​ថា ៖

« ព្រះអម្ចាស់​កំពុង​មាន​បន្ទូល​ប្រាប់​យើង​ថា វា​គឺ​ជា​ការ​ទទួល​ខុសត្រូវ​របស់​យើង​ពុំ​គ្រាន់​តែ​មើល​ថែ​សាសនាចក្រ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​មើល​ថែ​មនុស្ស​នៅ​ក្នុង​សាសនាចក្រ​តាម​របៀប​ដែល​ព្រះគ្រីស្ទ​នឹង​ធ្វើ​ផង​ដែរ ដោយសារ​នេះ​គឺជា​សាសនាចក្រ​របស់​ទ្រង់ ។ បើ​យើង​កំពុង​ព្យាយាម​គោរព​បទបញ្ញត្តិ មាន​សន្ដាន​ចិត្ត​ល្អ​ចំពោះ​គ្នា មាន​ភាព​ស្មោះត្រង់ ធ្វើ​ជា​មិត្ត​ល្អ ហើយ​រីករាយ​នឹង​ការ​នៅ​ជាមួយ​គ្នា នោះ​យើង​នឹង​អាច​មាន​ព្រះវិញ្ញាណ​ជាមួយ​នឹង​យើង ហើយ​ដឹង​អ្វី​ដែល​ព្រះវរបិតា​សព្វ​ព្រះទ័យ​ចង់​ឲ្យ​យើង​ធ្វើ ។ បើ​យើង​មិន​ធ្វើ​ដូច្នោះ​ទេ នោះ​យើង​មិន​អាច​បំពេញ​ការ​ហៅ​របស់​យើង​បាន​ឡើយ » ។

គាត់​បន្ត​ទៀត​ថា ៖

« នៅពេល​គ្រូ​ម្នាក់​ធ្វើ​ជា​គំរូ​ត្រឹមត្រូវ​តាមរយៈ​ការ​ធ្វើ​ជា​គ្រូបង្រៀន​តាម​ផ្ទះ​ដ៏​ល្អ​ម្នាក់ ការ​រាក់​ទាក់​សមាជិក​នៅ​ព្រះវិហារ ការ​រៀបចំ​សាក្រាម៉ង់ ការ​ជួយ​កិច្ចការ​ផ្ទះ និង​ការ​ធ្វើ​ជា​អ្នក​ផ្សះផ្សា នោះ​គាត់​កំពុង​ជ្រើស​រើស​គោរព​ដល់​បព្វជិតភាព​របស់​គាត់ ហើយ​បំពេញ​ការ​ហៅ​របស់​គាត់ ។

ការ​ធ្វើ​ជា​គ្រូ​ដ៏​ល្អ​ម្នាក់​ពុំ​មែន​មាន​ន័យ​ថា មាន​ការ​ទទួល​ខុស​ត្រូវ​នៅ​ពេល​យើង​នៅ​ឯ​ព្រះវិហារ ឬ​នៅ​ក្នុង​សកម្មភាព​របស់​សាសនាចក្រ​នោះ​ទេ ។ សាវក ប៉ុល បានប​ង្រៀន​ថា ‹ ចូរ​ធ្វើ​ជា​គំរូ​ដល់​ពួក​អ្នក​ជឿ ដោយ​ពាក្យ​សម្ដី កិរិយា​ប្រព្រឹត្ត សេចក្តី​ស្រឡាញ់ សេចក្តី​ជំនឿ និង​សេចក្តី​បរិសុទ្ធ ›​( ធីម៉ូថេទី ១ ៤:១២ ) ។

បន្ទាប់​មក​យុវជន​នោះ​បាន​និយាយ​ថា ៖

« មិន​ថា​យើង​នៅ​ទីណា ឬ​ធ្វើ​អ្វី​នោះ​ទេ យើង​អាច​ធ្វើ​ជា​គំរូ​ល្អ​នៃ​សេចក្ដី​សុចរិត​នៅ​គ្រប់​ពេល និង​គ្រប់​ទីកន្លែង ។

ឪពុក​ខ្ញុំ​និង​ខ្ញុំ ទៅ​បង្រៀន​ដល់​គ្រួសារ​ប្រោន ។ គ្រប់​ពេល​ដែល​យើង​ទៅ​ទីនោះ ខ្ញុំ​មាន​ចិត្ត​រីករាយ ហើយ​ស្គាល់​ពួកគេ​កាន់​តែ​ច្បាស់ ។ រឿង​មួយ​ដែល​ខ្ញុំ​ពិត​ជា​ចូល​ចិត្ត​ពី​គ្រួសារ​ប្រោន​គឺ​ថា នៅ​ពេល​យើង​ទៅ​ជួប​គ្រួសារ​របស់​ពួកគេ ពួកគេ​ទាំងអស់​គ្នា​ចាំ​ស្ដាប់ ហើយ​ពួកគេ​តែង​តែ​មាន​រឿង​ល្អៗ​ចែកចាយ ។

នៅ​ពេល​យើង​ស្គាល់​មនុស្ស​នៅ​ក្នុង​វួដ​កាន់​តែ​ច្បាស់​ដោយសារ​តែ​ការ​បង្រៀន​តាម​ផ្ទះ វា​ធ្វើ​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការបំពេញ​កាតព្វកិច្ច​បន្ទាប់​របស់​គ្រូ​ម្នាក់ ហើយ​នោះ​គឺ​ជា​ការ​រាក់​ទាក់​ដល់​សមាជិក​នៅ​ព្រះវិហារ ។ ការ​ជួយ​មនុស្ស​ឲ្យ​មាន​អារម្មណ៍​ស្វាមគន៍ និង​មាន​ចំណែក​ក្នុង​ព្រះវិហារ​ជួយ​សមាជិក​ទាំងអស់​ក្នុង​វួដ​ឲ្យ​ទទួល​អារម្មណ៍​នូវ​សេចក្ដី​ស្រឡាញ់ ហើយ​រៀបចំ​ខ្លួន​ដើម្បី​ទទួល​សាក្រាម៉ង់ ។

បន្ទាប់​ពីការ​រាក់​ទាក់​សមាជិក​ដែល​មក​ព្រះវិហារ​ហើយ គ្រូ​ជួយ​រៀបចំ​សាក្រាម៉ង់​នៅ​ថ្ងៃ​អាទិត្យ ។ ខ្ញុំ​ពិត​ជា​រីករាយ​ក្នុង​ការ​ចែក និង​ការ​រៀបចំ​សាក្រាម៉ង់​នៅ​ក្នុង​វួដ​នេះ ដោយសារ​មនុស្ស​គ្រប់​គ្នា​មាន​គារវភាព​ខ្លាំង​ណាស់ ។ ខ្ញុំ​តែង​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ នៅ​ពេល​ខ្ញុំ​រៀបចំ ហើយ​ចែក​សាក្រាម៉ង់ ។ វា​គឺ​ជា​ពរជ័យ​ដ៏​ពិត​មួយ​ដល់​ខ្ញុំ​ដែល​ខ្ញុំ​អាច​ធ្វើ​វា​រាល់​ថ្ងៃ​អាទិត្យ ។

ការ​បម្រើ​ខ្លះ​ដូចជា​ការ​ចែក​សាក្រាម៉ង់​គឺ​ជា​អ្វី​មួយ​ដែល​មនុស្ស​មើល​ឃើញ ហើយ​ពួកគេ​អរគុណ​យើង​ចំពោះ​ការ​ធ្វើ​កិច្ចការ​នេះ ប៉ុន្តែ​ការ​បម្រើ​ផ្សេង​ទៀត​ដូចជា​ការ​រៀប​ចំ​សាក្រាម៉ង់ ជា​ធម្មតា​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​គ្មាន​នរណា​ម្នាក់​កត់​សម្គាល់​ឡើយ ។ វា​មិន​សំខាន់​ទេ បើ​មនុស្ស​មើល​ឃើញ​យើង​បម្រើ​នោះ តែ​អ្វី​ដែល​សំខាន់​គឺ​ថា ព្រះអម្ចាស់​ជ្រាប​ថា​យើង​បាន​បម្រើ​ទ្រង់ ។

ក្នុង​នាម​ជា​គ្រូ យើង​គួរ​ព្យាយាម​ពង្រឹង​សាសនាចក្រ មិត្ត​ភក្ដិ​របស់​យើង និង​គ្រួសារ​របស់​យើង​ជានិច្ច តាមរយៈ​ការ​បំពេញ​ការ​ទទួល​ខុស​ត្រូវ​បព្វជិតភាព​របស់​យើង ។ វា​មិន​ងាយ​ស្រួល​ជានិច្ច​ទេ ប៉ុន្តែ​ព្រះអម្ចាស់​មិន​បាន​ប្រទាន​បទបញ្ញត្តិ​ដល់​យើង​ឡើយ ‹ លើក​លែង​តែ ទ្រង់​នឹង​រៀប​ចំ​ផ្លូវ ដើម្បី​ឲ្យ [ យើង ] អាច​សម្រេច​នូវ​អ្វី ៗ ដែល​ទ្រង់​បាន​បញ្ជា › ( នីហ្វៃទី ១ ៣:៧ ) » ។

នៅ​ពេល​យុវជន​នោះ​បាន​បញ្ចប់ ខ្ញុំ​បាន​បន្ត​ស្ងើច​សរសើរ​ចំពោះ​ភាព​ចាស់​ទុំ និង​ប្រាជ្ញា​របស់​គាត់ ។ គាត់​បាន​សង្ខេប​ដោយ​ពោល​ថា « ខ្ញុំ​ដឹង​ថា យើង​នឹង​បាន​ប្រសើរ​ឡើង បើ​យើង​ជ្រើស​ធ្វើ​តាម​[ ព្រះយេស៊ូវគ្រីស្ទ ] » ។

រឿង​មួយ​ទៀត​អំពី​ការ​បម្រើ​បព្វជិតភាព​ត្រូវ​បាន​ប្រាប់​កាល​ពី​មួយ​ខែ​មុន​នៅ​ក្នុង​ការ​ប្រជុំ​សាក្រាម៉ង់​របស់​វួដ​មួយ ។ ជាថ្មី​ម្ដង​ទៀត ខ្ញុំ​ក៏​បាន​នៅ​ទីនោះ​ដែរ ។ ក្នុង​ករីណ​នេះ អ្នកកាន់​បព្វជិតភាព​វ័យ​ចំណាស់​ម្នាក់​នេះ​ពុំ​បាន​ដឹង​ខ្លួន​ថា គាត់​កំពុង​រៀបរាប់​នូវ​អ្វី​ដែល​ព្រះអម្ចាស់​មាន​ព្រះរាជ​បំណង​ចង់​ឲ្យ​កើត​ឡើង​នៅក្នុង​កូរ៉ុម​បព្វជិតភាព​ដ៏​រឹង​មាំ​ទាំងឡាយ​ឡើយ ។ នេះ​គឺ​ជា​ដំណើរ​រឿង​របស់​គាត់ ៖

គាត់ និង​ដៃ​គូ​បង្រៀន​តាម​ផ្ទះ​របស់​គាត់​ត្រូវ​បាន​ចាត់​ឲ្យ​បម្រើ​ក្រុម​គ្រួសារ​ចំនួន​ប្រាំពីរ ។ ពួកគេ​ភាគច្រើន​មិន​ចង់​ឲ្យ​មាន​អ្នក​សួរ​សុខ​ទុក្ខ​ទេ ។ នៅ​ពេល​ពួក​គ្រូបង្រៀន​តាម​ផ្ទះ​ទៅ​ដល់​ផ្ទះ​របស់​ពួកគេ ពួកគេ​មិន​បាន​បើក​ទ្វារ​ទេ ។ នៅ​ពេល​ពួកគាត់​ទូរសព្ទ​ទៅ ពួកគេ​មិន​បាន​លើក​វា​ទេ ។ នៅ​ពេល​ពួក​គាត់​ទុក​សារ​ជា​សំឡេង ពួកគេ​មិន​ទូរសព្ទ​មក​វិញ​ឡើយ ។ នៅ​ទីបំផុត​ដៃ​គូ​វ័យ​ចំណាស់​រូប​នេះ​បាន​សម្រេច​ចិត្ត​សរសេរ​សំបុត្រ​មួយ ។ គាត់​បាន​ចាប់ផ្ដើម​ដោយ​ប្រើ​ស្រោម​សំបុត្រ​ពណ៌​លឿង​ខ្ចី ដោយ​សង្ឃឹម​ថា​នឹង​ទទួល​បាន​ការ​ឆ្លើយ​តប ។

ក្នុង​ចំណោម​គ្រួសារ​ទាំង​ប្រាំពីរ​នោះ​មាន​គ្រួសារ​មួយ​គឺ​ជា​ប្អូនស្រី​មិន​សូវ​សកម្ម​ម្នាក់​ដែល​បាន​ធ្វើ​អន្តោប្រវេសន៍​មក​ពី​ទ្វីប​អឺរ៉ុប ។ នាង​មាន​កូន​ពីរ​នាក់​តូចៗ ។

បន្ទាប់​ពី​ព្យាយាម​ទាក់​ទង​នឹង​នាង​ជា​ច្រើន​ដង គាត់​បាន​ទទួល​សារ​មួយ ។ នាង​បាន​ប្រាប់​គាត់​ភ្លាម​ថា នាង​រវល់​ណាស់​មិន​អាច​ជួប​នឹង​គ្រូបង្រៀន​តាម​ផ្ទះ​បាន​ទេ ។ នាង​មាន​ការងារ​ពីរ​វេន ហើយ​ជា​យោធា​ផង​ដែរ ។ ការងារ​ចម្បង​របស់​នាង​គឺ​ជា​មន្ត្រី​ប៉ូលីស ហើយ​គោលដៅ​អាជីព​របស់​នាង​គឺ​ចង់​ក្លាយ​ជា​ភ្នាក់​ងារ​ស៊ើប​អង្កេត​ម្នាក់ ហើយ​បន្ទាប់​មក​ត្រឡប់​ទៅ​ប្រទេស​កំណើត​ខ្លួន​វិញ ហើយ​បន្ត​ការងារ​របស់​នាង​នៅ​ទី​នោះ ។

គ្រូ​បង្រៀន​តាម​ផ្ទះ​រូប​នេះ​ពុំ​ធ្លាប់​បាន​ទៅ​សួរ​សុខ​ទុក្ខ​នាង​នៅ​ផ្ទះ​ឡើយ ។ គាត់​គ្រាន់​តែ​ផ្ញើ​សារ​ទៅ​នាង​ម្ដងម្កាល​ប៉ុណ្ណោះ ។ រាល់​ខែ​គាត់​បាន​ផ្ញើ​សំបុត្រ​មួយ រួម​ជាមួយ​នឹង​ប័ណ្ណ​សម្រាប់​ថ្ងៃ​បុណ្យ​ដល់​កូន​ម្នាក់ៗ​ផង​ដែរ ។

គាត់​មិន​បាន​ទទួល​ការ​ឆ្លើយ​តប​ទេ ។ ប៉ុន្តែ​នាង​បាន​ដឹង​ថា គ្រូបង្រៀន​តាម​ផ្ទះ​របស់​នាង​ជា​នរណា ដឹង​របៀប​ដើម្បី​ទាក់ទង​ពួកគេ ហើយ​ថា​ពួកគេ​នឹង​តស៊ូ​នៅ​ក្នុង​ការ​បម្រើ​បព្វជិតភាព​របស់​ពួកគេ ។

បន្ទាប់​មក​មាន​ថ្ងៃ​មួយ គាត់​បាន​ទទួល​សារ​បន្ទាន់​មួយ​ពី​នាង ។ នាង​ត្រូវការ​ជំនួយ​យ៉ាង​ខ្លាំង ។ នាង​មិន​ស្គាល់​ប៊ីស្សព​ទេ ប៉ុន្តែ​នាង​ស្គាល់​គ្រូបង្រៀន​តាម​ផ្ទះ​របស់​នាង ។

នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត នាង​ត្រូវ​ចាក​ចេញ​ពី​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អនុវត្ត​ការ​បំពាក់​បំប៉ន​យោធា​មួយ​ខែ​ពេញ ។ នាង​មិន​អាច​យក​កូន​ទៅ​ជាមួយ​បាន​ទេ ។ ម្ដាយ​នាង​ដែល​នឹង​នៅ​មើល​ថែ​កូន​របស់​នាង ទើប​តែ​ជិះ​យន្ត​ហោះ​ទៅ​ទ្វីប​អឺរ៉ុប​វិញ​ទៅ​មើល​ថែ​ស្វាមី​របស់​គាត់​ដែល​ត្រូវ​សង្គ្រោះ​បន្ទាន់ ។

ប្អូនស្រី​មិន​សូវ​សកម្ម​ដែល​ជា​ម្ដាយ​ទោល​រូប​នេះ​មាន​ប្រាក់​គ្រប់​គ្រាន់​ទិញ​សំបុត្រ​យន្ត​ហោះ​មួយ​ឲ្យ​កូន​ពៅ​របស់​នាង​ទៅ​អឺរ៉ុប ប៉ុន្តែ​មិន​អាច​ទិញ​ឲ្យ​កូន​ប្រុស​របស់​នាង​ឈ្មោះ អេរីក អាយុ​ដប់ពីរ​ឆ្នាំ​បាន​ឡើយ ។ នាង​បាន​សុំ​ឲ្យ​គ្រូបង្រៀន​តាម​ផ្ទះ​របស់​នាង​ជួយ​រក​គ្រួសារ​អិល.ឌី.អែស.​ល្អ​មួយ​ឲ្យ​ជួយ​មើល​ថែ អេរីក រយៈពេល ៣០ ថ្ងៃ​ក្រោយ !

គ្រូ​បង្រៀន​តាម​ផ្ទះ​រូប​នេះ​បាន​ផ្ញើ​សារ​តប​វិញ​ថា គាត់​នឹង​ធ្វើ​ឲ្យ​អស់​ពី​លទ្ធភាព ។ បន្ទាប់​មក គាត់​បាន​ទាក់​ទង​នឹង​ថ្នាក់​ដឹកនាំ​បព្វជិតភាព​របស់​គាត់ ។ ប៊ីស្សព​ដែល​ជា​អធិបតី​នៃ​សង្ឃ​ជាន់​ខ្ពស់​បាន​អនុម័ត​ឲ្យ​គាត់​ទាក់ទង​នឹង​សមាជិក​នៅ​ក្នុង​ក្រុម​ប្រឹក្សា​វួដ រួម​ទាំង​ប្រធាន​សមាគម​សង្គ្រោះ​ផង​ដែរ ។

ប្រធាន​សមាគម​សង្គ្រោះ​បាន​រក​ឃើញ​គ្រួសារ​អិល.ឌី.អែស.​ល្អ​បួន​គ្រួសារ​ភ្លាមៗ ដែល​មាន​កូនៗ​អាយុ​ស្របាល​នឹង​អេរីក ដែល​អាច​មើល​ថែ​គាត់​មួយ​សប្ដាហ៍​ម្នាក់​បាន ។ នៅ​ខែ​ក្រោយ គ្រួសារ​ទាំង​នេះ​បាន​ចិញ្ចឹម​អេរីក រក​បន្ទប់​ឲ្យ​គាត់​ដេក​នៅ​ក្នុង​ផ្ទះ​ដ៏​តូច ហើយ​មាន​សមាជិក​គ្រួសារ​ច្រើន​រួច​ហើយ បាន​នាំ​គាត់​ទៅ​សកម្មភាព​គ្រួសារ​ខែ​ក្ដៅ​របស់​ពួកគេ​ដែល​បាន​រៀបចំ​កាល​ពី​មុន បាន​នាំ​គាត់​ទៅ​ព្រះវិហារ បាន​ឲ្យ​គាត់​ចូល​រួម​នៅ​ក្នុង​រាត្រី​ជួប​ជុំ​ក្រុម​គ្រួសារ​របស់​ពួកគេ ។ល ។

គ្រួសារ​ដែលមាន​កូន​ប្រុស​អាយុ​ស្របាល​នឹង​អេរីក បាន​នាំ​គាត់​ចូល​ក្នុង​ការ​ប្រជុំ និង​សកម្មភាព​នៃ​កូរ៉ុម​ឌីកុន​របស់​ពួកគេ ។ ក្នុង​រយៈពេល ៣០ ថ្ងៃ​នេះ អេរីក​ទៅ​ព្រះវិហារ​រាល់​ថ្ងៃ​អាទិត្យ​ជា​លើក​ទីមួយ​ក្នុង​ជីវិត​របស់​គាត់ ។

បន្ទាប់​ពី​ម្ដាយ​របស់​គាត់​បាន​ត្រឡប់​មក​ពី​ការបំពាក់​បំប៉ន​វិញ អេរីក​បាន​បន្ត​ទៅ​ព្រះវិហារ ជា​ធម្មតា​ជាមួយ​នឹង​ក្រុម​គ្រួសារ​មួយ​ក្នុង​ចំណោម​ក្រុម​គ្រួសារ​ទាំង​បួន​នោះ ឬ​មនុស្ស​ដទៃ​ទៀត​ដែល​ជា​មិត្ត​នឹង​គាត់ រួមបញ្ចូល​ទាំង​គ្រូបង្រៀន​សួរ​សុខទុក្ខ​របស់​ម្ដាយ​គាត់​ផង​ដែរ ។ ក្រោយ​មក គាត់​ត្រូវ​បាន​តែង​តាំង​ជា​ឌីកុន ហើយ​បាន​ចាប់ផ្ដើម​ចែក​សាក្រាម៉ង់​ជា​ទៀង​ទាត់ ។

ឥឡូវ ចូរ​យើង​មើល​ទៅ​អនាគត​របស់​អេរីក ។ យើង​ជឿ​ជាក់​ថា គាត់​នឹង​ក្លាយ​ជា​ថ្នាក់​ដឹកនាំ​មួយ​រូប​នៅ​ក្នុង​សាសនាចក្រ​នៅ​ទឹក​ដី​កំណើត​របស់​ម្ដាយ​គាត់ នៅ​ពេល​គ្រួសារ​គាត់​ត្រឡប់​ទៅ​ទី​នោះ​វិញ—រឿង​ទាំង​អស់​នេះ​កើត​ឡើង​ដោយសារ​ពួក​បរិសុទ្ធ​បាន​ធ្វើ​ការ​រួម​គ្នា​ដើម្បី​បម្រើ​ដោយ​សាមគ្គីភាព​នៅក្រោម​ការដឹកនាំ​ពី​ប៊ីស្សព ដើម្បី​បម្រើ​ដោយ​សេចក្តីសប្បុរស​នៅក្នុង​ដួងចិត្ត​របស់​ពួកគេ និង​ដោយ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

យើង​ដឹង​ថា សេចក្តីសប្បុរស​គឺ​ជា​កត្តា​ដ៏​ចាំបាច់​ចំពោះ​យើង​ដើម្បី​បាន​សង្គ្រោះ​នៅ​ក្នុង​នគរ​ព្រះ ។ មរ៉ូណៃ​បាន​សរសេរ​ថា « លើក​លែង​អ្នក​រាល់​គ្នា​មាន​សេចក្ដី​សប្បុរស បើ​ពុំ​នោះ​សោត​ទេ អ្នក​រាល់​គ្នា​នឹង​ពុំ​អាច​បាន​សង្គ្រោះ​នៅ​ក្នុង​នគរ​ព្រះ​ឡើយ »​( មរ៉ូណៃ ១០:២១, សូមមើល​ផង​ដែរ អេធើរ ១២:៣៤ ) ។

យើង​ក៏​ដឹង​ដែរ​ថា សេចក្តីសប្បុរស​គឺ​ជា​អំណោយទាន​មួយ​ដែល​បាន​ប្រទាន​ឲ្យ​យើង នៅ​ពេល​យើង​ធ្វើ​ឲ្យ​អស់​ពី​លទ្ធភាព ។ យើង​ត្រូវ​តែ​« អធិស្ឋាន​ដល់​ព្រះវរបិតា​ដោយ​អស់​ពី​កម្លាំង​ចិត្ត ដើម្បី​ឲ្យ [ យើង ] បាន​ពោរពេញ​ដោយ​សេចក្តី​ស្រឡាញ់​នេះ ដែល​ទ្រង់​បាន​ប្រទាន​ដល់​អស់​អ្នក​ណា ដែល​ជា​អ្នក​ដើរ​តាម​ដ៏​ពិត​នៃ​ព្រះរាជបុត្រា​របស់​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ » ( មរ៉ូណៃ ៧:៤៨ ) ។

ខ្ញុំ​គិត​ថា យើង​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ល្អ​បំផុត នៅ​ពេល​យើង​ផ្ដោត​លើ​ការ​បម្រើ​មនុស្ស​ដទៃ ។ នេះ​គឺជា​ហេតុផល​ដែល​យើង​មាន​ការ​ទទួល​ខុសត្រូវ​បព្វជិតភាព​ដើម្បី​បម្រើ​ព្រះអង្គ​សង្គ្រោះ ។ នៅ​ពេល​យើង​ចុះ​ប្រឡូក​នៅ​ក្នុង​ការ​បម្រើ​ដល់​មនុស្ស​ដទៃ យើង​គិត​អំពី​ខ្លួន​ឯង​តិច ហើយ​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ងាយ​នឹង​មក​រក​យើង ហើយ​ជួយ​យើង​នៅ​ក្នុង​ការ​ស្វែង​រក​ដ៏​យូរ​អង្វែង​របស់​យើង​ដើម្បី​បាន​អំណោយទាន​នៃ​សេចក្ដី​សប្បុរស​ដែល​បាន​ប្រទាន​ដល់​យើង ។

ខ្ញុំ​សូម​ថ្លែង​សាក្សី​របស់​ខ្ញុំ​ថា ព្រះអម្ចាស់​បាន​ចាប់ផ្ដើម​រៀបចំ​ការ​ពន្លឿន​ទៅ​មុខ​ដ៏​ធំ​មួយ​រួចហើយ​នៅ​ក្នុង​ផែនការ​របស់​ទ្រង់​ដើម្បី​កាន់​តែ​មាន​ការ​បំផុស​គំនិត និង​សប្បុរសធម៌​នៅ​ក្នុង​ការងារ​បម្រើ​នៃ​បព្វជិតភាព​របស់​យើង ។ ខ្ញុំ​មាន​អំណរគុណ​ចំពោះ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ដែល​ទ្រង់​បាន​ប្រទាន​ដល់​យើង​យ៉ាង​សប្បុរស ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ដូច្នោះ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់ចំណាំ

  1. ឈ្មោះ​ទាំងឡាយ​ត្រូវ​បាន​ផ្លាស់​ប្តូរ ។

  2. ឈ្មោះ​ទាំងឡាយ​ត្រូវ​បាន​ផ្លាស់​ប្តូរ ។