សន្និសីទទូទៅ
កាឆ្ពោះ​ទៅមុខ
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០២០


កាឆ្ពោះ​ទៅមុខ

កិច្ចការ​របស់​ព្រះអម្ចាស់​នៅ​តែ​បន្ដ​ឆ្ពោះ​ទៅ​មុខ​យ៉ាង​ខ្ជាប់ខ្ជួន ។

បងប្អូន​ប្រុស​ស្រី​ជាទី​ស្រឡាញ់ ខ្ញុំ​មាន អំណរ ដើម្បី​ជួបជុំ​នឹង​បងប្អូន កាល​យើង​ចាប់​ផ្ដើម​សន្និសីទ​ទូទៅ​ពាក់​កណ្ដាល​ឆ្នាំ​លើក​ទី ១៩០ របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ ខ្ញុំ​ពេញ​ចិត្ត​ចូលរួម​នឹង​បងប្អូន​នៅ​តាម​គេហដ្ឋាន ឬ​កន្លែង​ណា​ដែល​បងប្អូន​នៅ​ដើម្បី​ស្ដាប់​សារលិខិត​របស់​ពួកព្យាការី អ្នក​មើល​ឆុត និង​អ្នកទទួល​វិវរណៈ ព្រម​ទាំង​ថ្នាក់ដឹកនាំ​សាសនាចក្រ​ផ្សេងទៀត ។

ឱ យើង​មាន​អំណរគុណ​ណាស់​ចំពោះ​បច្ចេកវិទ្យា ដែល​អនុញ្ញាត​ឲ្យ​យើង​ជួបជុំ​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ក្នុង​ការប្រជុំ​ដ៏​ធំ​មួយ​ទូទាំង​ពិភពលោក ។ សន្និសីទ​ទូទៅ​កាលពី​ខែ​មេសា​មាន​មនុស្ស​មើល​ច្រើន​ជាង​សន្និសីទ​មុនៗ​ទាំងអស់ ហើយ​យើង​រំពឹង​ថា វា​នឹង​កើតឡើង​ម្ដងទៀត ។

អំឡុង​ពីរបី​ខែ​មុន ជំងឺ​រាតត្បាត​ជា​សាកល ភ្លើង​ឆេះ​ព្រៃ​ដ៏​កម្រោល និង​គ្រោះ​ធម្មជាតិ​ផ្សេងទៀត​បាន​ធ្វើ​ឲ្យ​ពិភពលោក​យើង​ក្រឡាប់ចាក់ ។ ខ្ញុំ​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​បងប្អូន​គ្រប់គ្នា ដែល​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់​អំឡុង​ពេល​នេះ ។ ហើយ​ខ្ញុំ​អធិស្ឋាន​សម្រាប់​អស់​អ្នក​ដែល​កំពុង​រងទុក្ខ​បច្ចុប្បន្ននេះ ។

ក្នុង​ពេល​ដំណាលគ្នានេះ កិច្ចការ​របស់​ព្រះអម្ចាស់​នៅតែ​បន្ដ​ឆ្ពោះ​ទៅមុខ​យ៉ាង​ខ្ជាប់ខ្ជួន ។ ក្នុង​ពេល​រក្សា​គម្លាត​ជា​សង្គម ការពាក់​ម៉ាស និង​ការប្រជុំ​តាម ហ្សូម យើង​បាន​រៀន​ធ្វើ​រឿង​មួយ​ចំនួន​ផ្សេង​ពីមុន ហើយ​រឿង​ខ្លះ​កាន់តែ​មាន​ប្រសិទ្ធភាព​ជាង​មុន​ទៅ​ទៀត ។ គ្រា​មិន​ធម្មតា​នេះ​អាច​នាំ​មកនូវ​រង្វាន់​ដ៏​វិសេស ។

អ្នកផ្សព្វផ្សាយ​សាសនា និង​អ្នកដឹកនាំ​បេសកកម្ម​របស់​យើង​បាន​ធ្វើ​ជា​ធនធាន​ដ៏​ល្អ រឹងមាំ និង​អស្ចារ្យ​យ៉ាងខ្លាំង ។ ទោះជា​អ្នកផ្សព្វផ្សាយ​សាសនា​ភាគច្រើន​ត្រូវ​ស្វែងរក​របៀប​ថ្មី ប្រកប​ដោយ​ភាពច្នៃ​ប្រឌិត​ដើម្បី​ធ្វើ​កិច្ចការ​របស់​ពួកគេ​ក្ដី ក៏​បេសកកម្ម​ជាច្រើន​បាន​រាយការណ៍​ថា​បាន​ធ្វើ​ការបង្រៀន ច្រើន ជាងមុន​ទៅ​ទៀត ។

យើង​ត្រូវ​បិទ​ព្រះវិហារ​បរិសុទ្ធ​មួយ​គ្រា ហើយ​គម្រោង​សាងសង់​មួយ​ចំនួន​ត្រូវ​ពន្យារ​ពេល​សិន ប៉ុន្ដែ​ឥឡូវ​នេះ វា​កំពុង​បន្ដ​ឆ្ពោះ​ទៅមុខ​ទាំងអស់ ។ នៅ​ឆ្នាំ ២០២០ នេះ យើង​នឹង​ធ្វើ​ការបុកគ្រឹះ​ព្រះវិហារ​បរិសុទ្ធ​ចំនួន ២០ ថ្មី​ទៀត !

កិច្ចការ​ពង្ស​ប្រវត្តិ​បាន​កើនឡើង​យ៉ាង​ខ្លាំង ។ វួដ និង​ស្ដេក​ថ្មីៗ​ជាច្រើន​ត្រូវបាន​បង្កើតឡើង ។ ហើយ​យើង​មាន​អំណរគុណ​ដើម្បី​រាយការណ៍​ថា សាសនាចក្រ​បាន​ផ្ដល់​ជំនួយ​សប្បុរសធម៌​ក្នុង​ពេល​មាន​ជំងឺ​រាតត្បាតជាសាកល​នេះ​ចំនួន​៨៩៥ គម្រោង នៅក្នុង ១៥០ ប្រទេស ។

ការសិក្សា​ដំណឹងល្អ​នៅ​តាម​គេហដ្ឋាន​ជា​ច្រើន​បាន​កើន​ឡើង ដែល​ជា​លទ្ធផល​នាំ​ឲ្យ​មាន​ទីបន្ទាល់ និង​ទំនាក់ទំនង​ក្នុង​គ្រួសារ​ដ៏​រឹងមាំ ។ អ្នក​ម្ដាយ​ម្នាក់​បាន​សរសេរ​ថា « ឥឡូវ​នេះ យើង​មាន​អារម្មណ៍​ជិតដិត​នឹង​កូនៗ និង​ចៅៗ​របស់​យើង​ខ្លាំង​ជាង​មុន ព្រោះ​យើង​ជួប​គ្នា​តាម ហ្សូម រាល់​ថ្ងៃ​អាទិត្យ ។ ម្នាក់ៗ​ប្ដូរ​វេណ​គ្នា​ចែកចាយ​យោបល់​របស់​ពួកគេ​អំពី​សៀវភៅ ចូរ​មក​តាម​ខ្ញុំ ។ ការអធិស្ឋាន​សម្រាប់​សមាជិក​គ្រួសារ​របស់​យើង​បាន​ផ្លាស់ប្ដូរ ដោយសារ​យើង​យល់​កាន់​តែ​ច្បាស់​ពី​អ្វី​ដែល​ពួកគេ​ត្រូវការ » ។

ខ្ញុំ​អធិស្ឋាន​ថា យើង​ទាំងអស់​គ្នា​នឹង​ប្រើ​ប្រាស់​គ្រា​ដ៏​វិសេស​នេះ​ដើម្បី​រីកចម្រើន​ខាង​វិញ្ញាណ ​ផែនដី​នេះ​ដើម្បី​ត្រូវ​សាកល្បង មើល​ថា តើ​យើង​នឹង​ជ្រើសរើស​ធ្វើ​តាម​ព្រះយេស៊ូវ​គ្រីស្ទ ប្រែចិត្ត​ជា​ប្រចាំ រៀន និង​រីក​ចម្រើន​ឡើង​ឬ​អត់ ។ វិញ្ញាណ​របស់​យើង​ចង់​បាន​ការរីកចម្រើន ។ ហើយ​យើង​ធ្វើ​វា​បាន​ល្អ​បំផុត តាមរយៈ​ការបន្ដ​នៅ​លើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា​នេះ​យ៉ាង​រឹងមាំ ។

ទោះ​ជា​មាន​អ្វី​កើត​ឡើង​ក្ដី ក៏​ព្រះវរបិតាសួគ៌​របស់​យើង និង​ព្រះរាជបុត្រា​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ​នៅ​តែ​ស្រឡាញ់​យើង​ដដែល ! ទ្រង់​ខ្វល់​ពី​ពួកយើង ! ទ្រង់ និង​ពួកទេវតា​ដ៏​បរិសុទ្ធ​របស់​ទ្រង់​កំពុង​ទតមើល​មក​លើ​យើង ។ ខ្ញុំ​ដឹង​ថា នោះ​គឺ​ជា​ការពិត ។

កាល​យើង​ជួបជុំ​គ្នា​ដើម្បី​ស្ដាប់​ព្រះបន្ទូល​ព្រះអម្ចាស់ ដែល​បាន​បំផុស​ដល់​អ្នក​បម្រើ​ទ្រង់​ឲ្យ​ចែកចាយ នោះ​ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ពិចារណា​អំពី​ការសន្យា​មួយ ដែល​ព្រះអម្ចាស់​បាន​ធ្វើ ។ ទ្រង់​បាន​ប្រកាស​ថា « នរណា​ក៏​ដោយ​ដែល​ចង់​បាន នោះ​អាច​បាន​ទទួល​ព្រះបន្ទូល​នៃ​ព្រះ ដែល​រស់ ហើយ​ពូកែ ដែល​នឹង​ផ្ដាច់​អស់​ទាំង​កលល្បិច … និង​ឧបាយ​របស់​អារក្ស​ឲ្យ​ដាច់​ពី​គ្នា ហើយ​ដឹកនាំ [ សិស្ស ] នៃ​ព្រះគ្រីស្ទ​ចូល​ទៅ​ក្នុង​ផ្លូវ​មួយ​ដ៏​តូច ហើយ​ចង្អៀត » ។

ខ្ញុំ​អធិស្ឋាន​ថា បងប្អូន​នឹង ជ្រើសរើស ទទួល​ព្រះបន្ទូល​នៃ​ព្រះ ដូច​បាន​ប្រកាស​អំឡុង​សន្និសីទ​ទូទៅ​នេះ ។ ហើយ​ខ្ញុំ​អធិស្ឋាន​សុំ​ឲ្យ​បងប្អូន​មាន​អារម្មណ៍​ពី​សេចក្ដី​ស្រឡាញ់​ដ៏​ឥតខ្ចោះ​របស់​ព្រះអម្ចាស់​មាន​ចំពោះ​បងប្អូន នៅ ក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​របស់​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។