២០១៤
ប្រឈម​មុខ​នឹង​អនាគត​ដោយ​សេចក្ដី​ជំនឿ និង ​សេចក្ដីសង្ឃឹម
ខែ មករា ឆ្នាំ 2014


ប្រឈម​មុខ​នឹង​អនាគត​ដោយ​ សេចក្ដី​ជំនឿ និង ​សេចក្ដីសង្ឃឹម

ដកស្រង់​ចេញ​ពី​សុន្ទរកថា​ចាប់ផ្ដើម​មួយ​ដែល​ធ្វើ​ឡើង​នៅ​សកលវិទ្យាល័យ ព្រិកហាំ យ៉ង់–អៃដាហូ នៅ​ថ្ងៃ​ទី 6 ខែ មេសា ឆ្នាំ 2012 ។ សម្រាប់​អត្ថបទ​ទាំង​ស្រុង​​ជា​ភាសា​អង់គ្លេស សូម​ចូល​ទៅកាន់web.byui.edu/devotionalsandspeeches/speeches.aspx ។

រូបភាព
អែលឌើរ អិម រ័សុល បាឡឺដ

សូមចងចាំ​ជានិច្ច​ថា ព្រះយេស៊ូវគ្រីស្ទ—ជាព្រះបង្កបង្កើត​នៃ​សកលលោក ជា​វិស្វករ​នៃសេចក្ដីសង្គ្រោះ​របស់​យើង និងជា​ព្រះសិរសានៃ​សាសនាចក្រ​នេះ—គឺ​កំពុង​មើល​ការ​ខុសត្រូវ ។

ស្ថានភាពនានា​ក្នុងពិភពលោកនេះ​គឺគ្មាន​ភាពជាក់លាក់ ហើយ​គ្រោះថ្នាក់ ហើយសេដ្ឋកិច្ចនៃ​ពិភពលោកគ្មាន​ស្ថេរភាព ហើយមិន​អាច​ទស្សន៍ទាយបាន ។ តម្លៃ​ដែល​មិន​អាច​បំភ្លេច​បាន​នៃ​ជីវិត សេរីភាព និង​ការ​ស្វែងរក​សុភមង្គល​គឺ​ស្ថិតនៅក្រោម​ការ​វាយ​ប្រហារ​ពីសំណាក់ជន​ដែល​ចង់កំណត់នូវសិទ្ធិជ្រើសរើស ហើយធ្វើ​ឲ្យយើងខ្វះនូវភាពឯករាជ្យ ជាជាង​លើក​ទឹកចិត្ត​យើង​ឲ្យ​ប្រើ​នូវ​ជំនាញ​ និង​ទេពកោសល្យ​របស់​យើង​ដើម្បី​បង្កើត​នូវ​របៀបថ្មីដ៏​រំភើប​នៅ​ក្នុង​ការ​ធ្វើ​កិច្ចការ​ទាំងឡាយ ។

បទដ្ឋាន​ទាំងឡាយ​នៃ​សីលធម៌​កំពុង​ធ្លាក់ចុះ ។ គ្រួសារ​គឺ​ស្ថិតនៅក្រោម​ការ​វាយប្រហារ ហើយកំពុង​ធ្វើ​ឲ្យ​ខ្ទេចខ្ទី ។ សេចក្ដីស្រឡាញ់នៅ​ក្នុង​ដួងចិត្ត​របស់​បុរស និង​ស្ត្រី​ទាំងឡាយកាន់តែ​ស្អិតរមួតត្រជាក់ ហើយ​ខុសពីធម្មតា ( សូមមើល ម៉ាថាយ 24:12, រ៉ូម 1:31 ) ។ មាននូវការ​បរាជ័យ​ជា​បន្តបន្ទាប់​មួយ​នៅ​ក្នុង​ភាព​សច្ចៈធម៌ ភាពស្មោះត្រង់ និងភាព​សុចរិត​នៃនយោបាយ ពាណិជ្ជកម្ម និង​ពួកអ្នកដឹកនាំ​ផ្សេង​ទៀត ។ សង្គ្រាម និងពាក្យចចាមអារាមនៃសង្គ្រាម​ក្នុង​ចំណោម​ជាតិសាសន៍ និង​ជំនឿ​គឺជារឿង​ទូទៅ ។ ហើយអ្វីដែល​បំផ្លិចបំផ្លាញ​លើស​ពី​វិបត្តិ​ផ្នែក​កងទ័ព​ណាៗទាំងអស់គឺជា​សង្គ្រាម​រដ៏​ក្ដៅ​គគុករវាង​អំពើ​ល្អ និង​អំពើ​អាក្រក់—រវាង​ព្រះអង្គសង្គ្រោះ​រួម​នឹង​ពលទ័ព​នៃ​ពន្លឺ​របស់​ទ្រង់ ជាមួយ​នឹង​សាតាំង​រួម​នឹង​ពួក​បរិវារ​ដ៏​អាក្រក់​នៃសេចក្ដីងងឹត​របស់​វា—សម្រាប់​រាល់ព្រលឹង​នៃ​កូនចៅ​នៃព្រះ ។

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ឆ្នាំ 1910–2008 ) បាន​ពិពណ៌នា​ពី​ពិភពលោក​ដែល​យុវវ័យនៅ​សព្វថ្ងៃ​រៀប​នឹង​ចូល​ទៅ ដោយ​លោក​បាន​មាន​ប្រសាសន៍​ថា ៖ « យើង​រស់​នៅ​ក្នុង​គ្រា​មួយ​ដែល​មនុស្ស​កាចសាហាវ​ធ្វើ​នូវ​រឿងដ៏​អាក្រក់ ហើយ​គួរ​ឲ្យ​ស្អប់ខ្ពើម ។ យើង​រស់នៅ​ក្នុងគ្រាមួយ​នៃ​សង្គ្រាម ។ យើង​រស់​នៅ​ក្នុងគ្រា​មួយ​នៃភាព​អំនួត ។ យើង​រស់នៅ​ក្នុង​គ្រា​មួយ​នៃ​អំពើ​ទុច្ចរិត រូប​អាសគ្រាម ភាពអសីលធម៌ ។ រាល់​អំពើបាបនៃ​ក្រុង​សូដុំម និង​ក្រុងកូម៉ូរ៉ាបាន​ធ្វើ​ឲ្យសង្គម​របស់​យើង​ជួបបញ្ហា ។ យុវវ័យ​របស់​យើងពុំ​ធ្លាប់ជួប​កា​រប្រឈមមុខ​មួយ​ធំ​ដូច្នេះឡើយ ។ យើង​ពុំ​ធ្លាប់ឃើញយ៉ាង​ច្បាស់​នូវ​មុខមាត់ដ៏អនាចារ​នៃ​អំពើអាក្រក់​ជាងនេះ​នោះទេ » ។1

យើង​មិន​គួរ​ភ្ញាក់ផ្អើល​ចំពោះ​ស្ថានភាព​ទាំងនេះ​នៅ​ជំនាន់​របស់​យើង​ឡើយ ដោយសារ​ព្រះគម្ពីរ និង​ការព្យាករ​ទាំងឡាយ​ពី​ជំនាន់របស់យើង​បាន​ធ្វើ​ទីបន្ទាល់​ពី​អ្វី​ដែល​នឹងកើត​ឡើង​នៅ​ក្នុង​ពិភពលោកនេះ ប្រសិន​បើ​មនុស្ស​បែរ​ខ្នង​របស់​ខ្លួន​ដាក់ព្រះ​នោះ ។ យើង​នឹង​នៅតែ​ជួប​នឹង​រឿង​ដែល​សោកសៅ​ច្រើន​ទៀត ពីព្រោះ​អារក្ស​បន្តកិច្ចការ​ខិតខំ​របស់​វា​ដើម្បីសម្រេច​បាននូវ​គម្រោង​ដ៏​អាក្រក់​របស់​វា ។ នៅ​ពេល​ជាមួយ​គ្នានោះដែរ ពួកព្យាការី​ពី​បុរាណ​ដែល​បាន​ឃើញ​ពីជំនាន់របស់​យើង ដែល​បាន​ឃើញ​ពី​ជំនាន់វ័យក្មេង​នៅ​សព្វថ្ងៃ​នេះ បានដឹង​ថា គ្រា​នេះ​នឹង​ក្លាយទៅជា​ជំនាន់​នៃ​ពន្លឺ និងភាពអស្ចារ្យ ដែល​ពិភពលោក​ពុំ​ធ្លាប់ជួបពីមុនមក ។

នៅ​ពេល​ខ្ញុំ​រៀបចំ​សារលិខិត​នេះ ខ្ញុំ​ទូលសុំ​ការ​ដឹកនាំ​ដើម្បី​បាន​ដឹងថាតើ​សារលិខិត​អ្វីទៅ​ដែល​ព្រះវរបិតាសួគ៌​សព្វព្រះទ័យ​ចង់​ឲ្យ​ខ្ញុំ​ចែកចាយ ។ ពាក្យ​លួងលោម​ចិត្ត​ដ៏ស្ងប់ស្ងាត់​ដែល​ព្រះអម្ចាស់​បាន​មាន​បន្ទូល​ទៅ​កាន់​ព្យាការី យ៉ូសែប ស្ម៊ីធ បាន​កើត​មាន​នៅ​ក្នុងគំនិត​របស់​ខ្ញុំ ៖ « ចូរ​សង្ឃឹម​ឡើង ត្បិត​យើង​នឹង​ដឹកនាំ​អ្នករាល់គ្នា ។ នគរ​ជា​របស់​ផង​អ្នករាល់គ្នា … ហើយ​ទ្រព្យ​សម្បត្តិ​ទាំងឡាយ​ខាង​ភាព​អស់​កល្ប​ជានិច្ច​ជា​របស់​ផង​អ្នករាល់គ្នា » ( គ​. និង ស. 78:18 ) ។

ជំនួស​សេចក្ដីភ័យ​ខ្លាច​ដោយ​សេចក្ដីជំនឿ

អ្វី​ដែលខ្ញុំ​ជឿ​ថា​ព្រះអម្ចាស់​សព្វព្រះទ័យ​ឲ្យ​ខ្ញុំ​និយាយ​គឺ​ថា យើង​គួរ​ជំនួសសេចក្ដីភ័យ​ខ្លាច​ដោយ​សេចក្ដីជំនឿ—ជា​សេចក្ដីជំនឿ​ជឿ​លើ​ព្រះ និង​អំណាច​នៃ​ដង្វាយធួន​របស់​ព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ ។

ខ្ញុំ​អាច​នៅ​ចាំ​បាន​ ពីការ​ត្រលប់មកផ្ទះវិញ​ពី​ការ​ប្រជុំ​បព្វជិតភាព​នៅថ្ងៃ​អាទិត្យ ទី 7 ខែ ធ្នូ 1941 កាល​ពី​នៅ​ជា​ក្មេង​ប្រុសម្នាក់អាយុ 13 ឆ្នាំ នោះ​ឪពុក​ខ្ញុំ​បាន​ប្រាប់​ថាប្រទេស​ជប៉ុនទើបតែ​ទម្លាក់គ្រាប់បែក​នៅភៀល ហាប័រ ។ ការណ៍​នេះ​បាន​នាំ​ឲ្យ​សហរដ្ឋ​ចូល​ទៅ​ក្នុង​សង្គ្រាម​ពិភពលោក​មួយ​ដែល​កំពុង​តែ​កើត​មាន​រួចហើយ​ក្នុងទ្វីប​អឺរ៉ុបរយៈពេល​ពីរឆ្នាំ ។ វា​ហាក់ដូចជាជីវិត​ដែល​យើង​ធ្លាប់ស្គាល់​នឹង​ត្រូវ​បញ្ចប់ ។ មាននូវភាព​មិន​ច្បាស់លាស់ជាច្រើន នៅ​ពេល​យុវជន​ជាច្រើន​ត្រូវបាន​បញ្ជូន​ចូល​ទៅ​បម្រើកង​ទ័ព ។ ដូចជាឥឡូវនេះ ទោះជាស្ថិត​​ក្នុង​ចំណោម​វិបត្តិ ភាពស្មុគស្មាញ និង​ឥទ្ធិពលអាក្រក់​ក្នុងពិភពលោក​​យ៉ាងណាក្ដី ក៏​នៅ​មាន​រឿងល្អច្រើន​ដែរ ។

នៅ​ពេល​យើងគិតពីអនាគត យើង​គួរតែពោរពេញ​ដោយ​សេចក្ដីជំនឿ និង សេចក្ដីសង្ឃឹម ។ សូមចងចាំ​ជានិច្ច​ថា ព្រះយេស៊ូវគ្រីស្ទ—ជាព្រះបង្កបង្កើត​នៃ​សកលលោក ជា​វិស្វករ​នៃសេចក្ដីសង្គ្រោះ​របស់​យើង និងជា​ព្រះសិរសានៃ​សាសនាចក្រ​នេះ—គឺ​កំពុង​មើល​ការ​ខុសត្រូវ ។ ទ្រង់នឹង​មិន​អនុញ្ញាត​ឲ្យ​កិច្ចការ​របស់​ទ្រង់បរាជ័យ​ឡើយ ។ ទ្រង់​នឹង​ទទួល​បានជ័យជំនះលើ​រាល់សេចក្ដីងងឹត ​និងអំពើ​ទុច្ចរិត ។ ហើយ​ទ្រង់​អញ្ជើញ​យើង​ទាំងអស់គ្នា ជា​សមាជិកនៃសាសនាចក្រ​ទ្រង់ និង​មនុស្សដទៃទៀត​ដែល​មាន​ចិត្ត​ស្មោះត្រង់ ឲ្យ​ចូលរួម​នៅ​ក្នុងចម្បាំង​ច្បាំង​ដើម្បី​ព្រលឹង​នៃ​កូនចៅ​របស់​ព្រះ ។ ជាមួយ​នឹង​អ្វី​ផ្សេងទៀត​ដែល​យើង​នឹង​ធ្វើ​នៅ​ក្នុង​ជីវិត យើង​ក៏​ត្រូវឧទ្ទិស ហើយធ្វើ​ឲ្យ​ចិត្ត កម្លាំង គំនិត និង​ពលំ​របស់​យើងបាន​បរិសុទ្ធ​ដើម្បី​បុព្វហេតុ​របស់​ទ្រង់ ដោយ​ដើរ​នៅ​ក្នុង​សេចក្ដីជំនឿ ហើយ​ធ្វើ​ការ​ដោយ​ភាព​ជឿជាក់ ។

ប្រឈមុខ​នឹង​អនាគត​ដោយ​ភាពសុទិដ្ឋិនិយម ។ ខ្ញុំ​ជឿ​ថា យើង​កំពុងឈរ​នៅ​លើទីចាប់ផ្ដើម​នៃ​យុគសម័យថ្មី​មួយ​នៃភាព​រីកចម្រើន ភាពរុងរឿង និងភាពបរិបូណ៌ ។ បើគ្មាន​គ្រោះមហន្តរាយ ឬ​វិបត្តិ​អន្តរជាតិ​ដែល​មិន​បាន​រំពឹង​មួយ នោះ​ខ្ញុំ​គិត​ថា ពីរបីឆ្នាំ​ខាង​មុខ​នឹង​នាំមក​នូវការ​ស្ដារឡើងវិញ​មួយ​នៅ​ក្នុង​សេដ្ឋកិច្ច​ពិភពលោក ដោយសារ​របកគំហើញ​ថ្មីៗ​ត្រូវបាន​ធ្វើ​ឡើង​នៅ​ក្នុង​វិស័យ​ទូរគមនាគមន៍ វេជ្ជសាស្ត្រ ថាមពល ដឹកជញ្ជូន រូបសាស្ត្រ បច្ចេកវិទ្យាកុំព្យូទ័រ និង​វិស័យ​នៃ​ការ​ខិតខំផ្សេងទៀត ។

របកគំហើញ​ជាច្រើន​ទាំងនេះ​ ដូចជា​នៅពីអតីតកាលផងដែរ នឹង​ក្លាយ​ជា​លទ្ធផល​នៃ​ព្រះវិញ្ញាណ​ខ្សឹបប្រាប់នូវការយល់ដឹង និងការបំភ្លឺគំនិត​នៃ​បុគ្គល​ដែល​ស្វែងរកសេចក្ដីពិត ។ ជាមួយ​នឹង​របកគំហើញ និង​ការអភិវឌ្ឍ​​ន៍ទាំងនេះ​នឹង​បង្កើត​នូវ​ឱកាសការងារ​ និង​ភាព​រីកចម្រើនថ្មីសម្រាប់​អ្នក​ដែល​ខិតខំធ្វើ​ការ និង​ជាពិសេស​ចំពោះ​អ្នក​ដែល​ខិតខំគោរព​តាម​ព្រះបញ្ញត្តិ​នៃ​ព្រះ ។ ការ​ណ៍​នេះ​បាន​ក្លាយ​ជា​ផ្នែកដ៏ចាំបាច់​នៅ​ក្នុង​គ្រាដ៏សំខាន់​ផ្សេងទៀត​នៃ​ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច​ទាំងក្នុងស្រុក និងអន្តរជាតិ ។

ជាងនេះទៀត របកគំហើញ​ជាច្រើនទាំងនេះ​​​នឹង​ត្រូវបាន​បង្កើត​ឡើង​ដើម្បី​ជួយ​នាំ​ឲ្យ​កើត​មាន​នូវ​គោលបំណង និងកិច្ចការ​នៃ​ព្រះ ព្រមទាំង​ដើម្បី​ពន្លឿន​ដល់​ការ​ស្ថាបនានគរ​របស់​ទ្រង់​លើ​ផែនដីនៅ​សព្វថ្ងៃ​នេះ រួមទាំង​កិច្ចការផ្សព្វផ្សាយសាសនា​ផង​ដែរ ។

សូម​ធ្វើ​នូវ​ផ្នែក​របស់​អ្នក

ពីមុន​ការ​យាងមក​ជាលើក​ទីពរ​របស់​ព្រះអង្គសង្គ្រោះ— ហើយ​ដោយ​ផ្អែក​លើ​ពេលវេលា​ដ៏​ទេវភាព​របស់​ទ្រង់—នោះ​ដំណឹងល្អ​ត្រូវនាំ​ទៅ​គ្រប់ទាំងសាសន៍ គ្រប់ពូជមនុស្ស គ្រប់ភាសា និង​គ្រប់ទាំងប្រជាជន រហូត​ដល់​ពេញទូ​ទាំង​ផែន​ដី​ទាំង​មូល ។ នៅពេល​ព្យាការី យ៉ូសែប បានប្រកាស​ថា ៖ « គ្មាន​ដៃដែលមិនស្អាតស្អំណាអាចបញ្ឈប់កិច្ចការនេះ​ពី​ការរីកចម្រើនឡើយ ការធ្វើទុក្ខបុកម្នេញអាចកញ្ជ្រោលឡើង ពួកមនុស្សកាចសាហាវអាចប្រមូលផ្ដុំគ្នា ពួកទាហានអាចប្រជុំគ្នា ពួកអ្នកមួលបង្កាច់អាចបង្ខូចកេរ្តិ៍ឈ្មោះ តែសេចក្ដីពិតនៃព្រះនឹងឆ្ពោះទៅមុខ ដោយក្លៀវក្លា ថ្លៃថ្នូរ និង ឯករាជ្យរហូតទាល់តែវាបានដល់គ្រប់ទាំងទ្វីប គ្រប់តំបន់ គ្រប់ប្រទេស និង បាន ឮដល់គ្របត្រចៀក រហូតដល់គោលបំណងនៃព្រះនឹងបានសម្រេច ហើយព្រះយេហូវ៉ាដ៏អស្ចារ្យនឹងមាន បន្ទូលថា កិច្ចការបានចប់ហើយ » ។2

នៅ​ពេល​ដំណឹងល្អត្រូវបាន​នាំ​ទៅ​កាន់​មនុស្ស​រាប់លាននាក់ដែល​មាន​ភាពស្រេកឃ្លានខាង​វិញ្ញាណ នោះ​អព្ភូតហេតុ​នឹង​ធ្វើ​ឡើង​ដោយ​ព្រះហស្ដ​របស់​ព្រះអម្ចាស់ ។ ពួកអ្នកផ្សព្វផ្សាយសាសនា​នៃ​​ជាតិសាសន៍​ជាច្រើន​នឹង​បម្រើ​ព្រះអម្ចាស់​នៅទូទាំងពិភពលោក ។ រោងថ្វាយបង្គំថ្មី និង​ព្រះវិហារ​បរិសុទ្ធជាច្រើន​ទៀត​នឹង​ត្រូវបាន​សាងសង់​ដើម្បី​ប្រទាន​ពរ​ដល់​ពួក​បរិសុទ្ធ ដូចដែល​បាន​ព្យាករណ៍​ស្ដីពីការ​រីកចម្រើន​របស់​សាសនាចក្រ​ពី​មុនសហសវត្សរ៍ ។

អ្នក​ប្រហែល​ជា​សួរ​ថា « តើ​នឹងបាន​ធនធាន​ហិរញ្ញវត្ថុមក​ពី​ណា​ដើម្បី​ផ្ដល់មូលនិធិ​ដល់ការ​រីកចម្រើន​នេះ ? » ធនធាននោះ​នឹង​បាន​មក​ពី​សមាជិកស្មោះត្រង់តាមរយៈដង្វាយមួយភាគក្នុងដប់ និង​ដង្វាយ​ផ្សេងៗ​​របស់​ពួកគេ ។ នៅ​ពេល​យើងធ្វើ​ផ្នែក​របស់យើង នោះ​ព្រះអម្ចាស់​នឹង​ប្រទាន​ពរ​យើង​ជាមួយ​នឹង​ភាពចម្រើន និង​ប្រាជ្ញា ដើម្បី​រក្សា​គំនិត​របស់​យើង​ផ្ដោត​លើ​អ្វី​ដែលសំខាន់​បំផុត​នៅ​ក្នុង​ជីវិត ៖ « ចូរ​ស្វែង​រក​នគរ និង​សេចក្ដីសុចរិត​នៃ​ព្រះជា​មុន​សិន ទើប​គ្រប់​របស់​ទាំងនោះ​នឹង​បាន​ប្រទាន​មក​អ្នករាល់គ្នា​ថែមទៀត​ផង » ( ម៉ាថាយ 6:33 ) ។

ដូច្នេះ​ដោយសានោះ​ជា​ហេតុផល​មួយ ប្រហែល​ជា​ហេតុផល​មួយ​ខ្លី ទោះ​ជា​យ៉ាង​ណា​វា​​ហាក់ដូចជា​ទ្វារស្ថានសួគ៌នឹង​បាន​បើក​ឡើង​យ៉ាងពិត​ប្រាកដ ដែលនឹង « គ្មាន​កន្លែង​ល្មម​ទុក​បាន​ទេ » ( ម៉ាឡាគី 3:10 ) ។

ខ្ញុំ​ជឿ​ថា ពួក​មជ្ឈិមវ័យ​វ័យ​ក្មេង​ជាច្រើ​ន​នៅ​សព្វថ្ងៃ​នេះ​នឹង​ចូលរួម​ចំណែក​យ៉ាងសកម្ម​នៅក្នុងពរជ័យ​ខាង​សាច់ឈាម ប្រសិន​បើ​ពួកគេគោរព​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់ ។ ជាមួយ​នឹងភាព​ចម្រើន​ឡើង ក៏​នឹង​កើតមាន​ឧបសគ្គ​ពិសេស​មួយ—ជា​ការ​សាកល្បង​ដែល​នឹងល្បង​ដល់​មនុស្ស​ជាច្រើនរហូត​ដល់​ផ្នែក​សំខាន់​ខាង​វិញ្ញាណ​របស់​ពួកគេ ។ នៅ​ពេល​អ្នក​ឈាន​ជើង​ចូល​ក្នុងពិភពថ្មី​នៃ​ភាព​ចម្រើនឡើងនេះ ហើយ​ចូល​ប្រឡូក​ក្នុងការបំលែងការអប់រំ​ និង​ជំនាញ​របស់​អ្នក​ទៅជាជោគជ័យ​ខាង​ហិរញ្ញវត្ថុ នោះ​អ្នក​នឹងត្រូវ​សម្រេចចិត្ត​រវាងការ​ចង់បាន និង​សេចក្ដីត្រូវការ​ជានិច្ច ។

ស្វែងរកនគរនៃព្រះជាមុនសិន

អ្នក​នឹង​មាន​ជម្រើស​ពីរ ។ តើ​កម្លាំងចិត្ត​របស់​អ្នក​ដើម្បីស្ថាបនា ហើយទូលសុំ​ពរជ័យ​របស់​ព្រះអម្ចាស់​នឹង​សម្រាប់​ជា​ការ​បំពេញ​ចិត្ត​ផ្ទាល់ខ្លួន សម្រាប់​ការ​ទទួល​ស្គាល់របស់មនុស្ស និង​សម្រាប់​អំណាច ឥទ្ធិពល និង​មហិច្ឆតា​ផ្ទាល់ខ្លួន​មែនទេ ? ឬ​កម្លាំងចិត្ត​របស់​អ្នក​គឺ​ដើម្បី​សរសើរតម្កើង​ដល់​​ព្រះ ធ្វើ​ការ​ដើម្បី​ជួយ​ដឹកនាំ​នៅ​ក្នុងការ​រីកចម្រើន និង​ការ​កើន​ឡើង​នៃ​សាសនាចក្រ​របស់​ទ្រង់ ?

ជន​ដែលស្វែងរកទ្រព្យសម្បត្តិដើម្បី​ធ្វើ​ឲ្យ​ខ្លួនឯង​បាន​ប្រសើរឡើង នឹង​រកឃើញ​ថា​ទ្រព្យសម្បត្តិ​របស់​ពួកគេងាយ​នឹង​បាត់បង់​ក្នុង​ផ្លូវ​ដែល​មិន​ឆ្លាតវៃ ( សូមមើល ហេលេមិន 13:31 ) ។ សុខុមាលភាព​នៃព្រលឹង​របស់​ពួកគេ​នឹង​ស្ថិត​នៅក្នុង​ក្ដីមហន្តរាយ​ដ៏ធំ ។ យ៉ាកុប ជា​ប្អូន​ប្រុស​បន្ទាប់​​របស់​នីហ្វៃ​ដែលជា​​អ្នក​គោរពប្រតបត្តិ​​មួយ​រូប​ បាន​ព្រមានយើងថា ៖

« ហើយ​បាតដៃ​នៃ​ទិព្វញ្ញាណ​បាន​ញញឹម​មក​លើ​អ្នក​រាល់គ្នា ដើម្បី​ជួយ​ឲ្យ​អ្នករក​បាន​ទ្រព្យ​ជាច្រើន ហើយ​ដោយ​មក​ពី​ពួក​អ្នកខ្លះរក​បាន​បរិបូរ​ច្រើន​ជាង​បងប្អូន​អ្នក នោះ​អ្នករាល់គ្នា​លើកខ្លួន​ឡើង​ក្នុងការ​ឆ្មើងឆ្មៃ​នៃ​ចិត្ត​របស់​អ្នក ហើយ​ធ្វើ​ក-រឹង ព្រមទាំង​ងើយ​ក្បាលដោយ​ព្រោះប្រដាប់​ស្លៀកពាក់របស់​ខ្លួន​មាន​តម្លៃ​ខ្ពស់ ហើយ​ក៏​បៀតបៀន​បងប្អូន​ខ្លួន ព្រោះអ្នក​គិត​ស្មានថា ខ្លួន​គ្រាន់​បើ​ជាងគេ ។

« … តើ​អ្នកគិតស្មាន​ថា ព្រះទ្រង់ចាត់អំពើ​របស់​បង​ប្អូន​នេះ​ទុកជាសុចរិត​ឬអី ? មើលចុះ ខ្ញុំ​ប្រាប់អ្នកថា ៖ ទេ ។ ប៉ុន្តែ​ទ្រង់​នឹង​កាត់ទោសអ្នក ហើយ​បើសិនជាអ្នក​រាល់គ្នា​នៅ​តែទទូច​ធ្វើការ​នេះតទៅទៀត នោះ​សេចក្ដី​ជំនុំជំរះរបស់ទ្រង់នឹង​ត្រូវតែ​ធ្លាក់មក​លើ​អ្នកយ៉ាងឆាប់រហ័ស ។

« … សូម​កុំ​ឲ្យ​សេចក្ដីឆ្មើងឆ្មៃ​នៃ​ចិត្ត​អ្នកបំផ្លាញ​ព្រលឹងទាំងឡាយ​របស់​អ្នក​ឡើយ ! » ( យ៉ាកុប 2:13, 14, 16 ) ។

បន្ទាប់មក​ យ៉ាកុប បាន​ដាក់កម្លាំងចិត្ត​របស់​យើង​ដើម្បីទទួល​បាន​ទ្រព្យសម្បត្តិនៅ​ក្នុង​ទស្សនវិស័យដ៏ត្រឹមត្រូវ​ជាមួយ​នឹង​ការ​សន្យា​ថា ៖

« ប៉ុន្តែ មុនអ្នករាល់គ្នា​ស្វែងរក​ទ្រព្យសម្បត្តិ ចូរ​អ្នករាល់គ្នា​ស្វែងរក​នគរ​នៃ​ព្រះ​សិន ។

« ហើយ​បន្ទាប់ពី​អ្នករាល់គ្នា​បាន​សេចក្ដីសង្ឃឹម​នៅ​ក្នុង​ព្រះគ្រីស្ទ នោះ​អ្នករាល់គ្នា​នឹង​បាន​ទ្រព្យ​សម្បត្តិ បើសិន​ជា​អ្នក​រាល់គ្នាស្វែង​រក​របស់​ទាំងនេះ ហើយ​អ្នករាល់គ្នានឹង​ស្វែងរក​ទ្រព្យសម្បត្តិដោយមាន​បំណង​ចង់ធ្វើ​ល្អ—គឺ​ដើម្បីបំពាក់ពួកអ្នក​អាក្រាត ហើយ​ចិញ្ចឹម​ពួកអ្នកដែល​អត់ឃ្លាន ហើយ​រំដោះ​ពួក​អ្នក​ដែល​ត្រូវ​ជាប់ឃុំឃាំង ហើយ​ជួយ​សង្គ្រោះ​ដល់​ពួ​កអ្នកឈឺ និង​អ្នក​កំសត់​ទុរគត៌ » ( យ៉ាកុប 2:18–19 ) ។

ព្រះអម្ចាស់ពុំមែន​កំពុង​មាន​បន្ទូល​ប្រាប់យើង​ថា យើង​ពុំ​គួរ​មានភាព​ចម្រើនឡើង ឬ​ថា​ភាព​ចម្រើន​ឡើង​គឺជា​អំពើ​បាប​មួយ​នោះ​ទេ ។ ផ្ទុយទៅវិញ ទ្រង់បាន​ប្រទានពរ​ដល់កូនចៅ​របស់​ទ្រង់​ដែល​គោរពប្រតិបត្តិ​ជានិច្ច ។ ប៉ុន្តែ​ទ្រង់​កំពុងប្រាប់​យើង​ថា យើង​គួរ​ស្វែងរក​ភាព​ចម្រើន​ឡើង​បន្ទាប់ពី​យើង​ស្វែង​រក រក​ឃើញ ហើយ​បម្រើ​ទ្រង់​តែ​ប៉ុណ្ណោះ ។ ក្រោយ​មក ដោយសារ​ដួងចិត្ត​របស់​យើងត្រឹមត្រូវ ដោយសារ​យើង​ស្រឡាញ់ទ្រង់មុនអ្វីៗ​ទាំងអស់ នោះ​យើងនឹង​ជ្រើសរើសដាក់ទ្រព្យ​សម្បត្តិ​ដែល​រក​បាន​នៅ​ក្នុង​ការ​ស្ថាបនា​នគរ​ព្រះ ។

ប្រសិន​បើ​យើងជ្រើសរើស​ស្វែងរក​ទ្រព្យសម្បត្តិដើម្បីមាន​បាន នោះ​អ្នក​នឹង​បរាជ័យ​យ៉ាង​ឆាប់​រហ័ស ។ អ្នកនឹងមិនស្កប់ស្កល់ ​ឡើយ ។ អ្នក​នឹង​មានភាពទទេរស្អាត ពុំ​ដែល​ស្គាល់​សុភមង្គល​ពិត និង​សេចក្ដី​អំណរ​ដ៏​អស់កល្ប​ឡើយ ។

ការ​សាកល្បង​នៃ​សេចក្ដីជំនឿ​របស់​អ្នក​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នឹង​ប្រហែល​ជា​ពុំមែន​ជា​ការ​ដែល​អ្នកខ្វះ​នូវ​សម្ភារ​នៃ​លោកិយនេះទេ ។ ផ្ទុយទៅវិញ វា​នឹង​ជា​ការ​ជ្រើសរើស​អ្វី​ដែល​ត្រូវធ្វើ​ជាមួយ​នឹង​ពរជ័យ​ខាង​សាច់ឈាម​ដែល​អ្នក​បាន​ទទួល ។

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( ឆ្នាំ 1899–1994 ) បាន​មាន​ប្រសាសន៍​ពីជំនាន់វ័យ​ក្មេង​សព្វថ្ងៃ​នេះ​ថា ៖

« ជិត​ប្រាំមួយ​ពាន់ឆ្នាំហើយ ព្រះបាន​រក្សា​ទុក​អ្នក​ដើម្បី​ឲ្យ​អ្នក​ចេញ​​មក​នៅ​ក្នុង​ថ្ងៃ​ចុងក្រោយ​នេះ​ពីមុន​ការ​យាង​មក​ជាលើក​ទីពីរ​របស់​ព្រះអម្ចាស់ ។ …

«… ព្រះបានរក្សាទុក​សម្រាប់ថ្ងៃ​ចុងក្រោយនូវកូនចៅ​ … ​របស់​ទ្រង់​មួយ​ចំនួន​ដែល​ខ្លាំង​បំផុត ជាអ្នក​នឹង​ជួយ​ដឹកនាំ​នគរ​នេះ​ដោយ​ជោគជ័យ » ។3

ប្រធាន ថូម៉ាស អេស ម៉នសុន បានមាន​ប្រសាសន៍ថា « អ្នក​គឺជា​កូនចៅ​មួយ​ចំនួន​របស់​ព្រះវរបិតាសួគ៌​នៃ​យើង​ដែល​ខ្លាំងក្លាជាងគេបំផុត ហើយ​ទ្រង់បាន​រក្សាអ្នក​ទុក​ដើម្បី​មក​កាន់​ផែនដី ‹ សម្រាប់ពេល​នេះ​ឯង › [ នាង​អេសធើរ 4:14 ] » ។4

ដើម្បី​ក្លាយ​ជា​ផ្នែកដ៏សំខាន់​មួយ​នៃ « ការមួយ​យ៉ាង​អស្ចារ្យ ហើយ​ចម្លែក » ( នីហ្វៃទី 2 25:17 ) ក្នុង​ថ្ងៃ​ចុងក្រោយ​នេះ អ្នកត្រូវដាក់ឆន្ទៈរបស់​អ្នក​តាម​ព្រះ ដោយ​បណ្ដោយ​ឲ្យវា​ត្រូវបាន​លេប​ដណ្ដប់​នៅ​ក្នុង​ព្រះហឫទ័យ​របស់​ទ្រង់ ។ នៅ​ពេល​អ្នក « ឈានទៅមុខដោយ​ខ្ជាប់ខ្ជួន​នៅ​ក្នុង​ព្រះគ្រីស្ទ​ដោយ​មាន​ការ​ភ្លឺថ្លា​នៃ​សេចក្ដីសង្ឃឹម​ដ៏​ឥតខ្ចោះ​ ហើយ​ដោយ​មាន​ចិត្ត​ស្រឡាញ់​ព្រះ និង​មនុស្ស​គ្រប់រូប … ដោយ​ទទួលទាន​នូវ​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ » ( នីហ្វៃទី 2 31:20 ) ដោយ​ការ​ស្រាវជ្រាវ​ដោយ​ឧស្សាហ៍ ការ​អធិស្ឋាន​ជានិច្ច ហើយ​ជឿ នោះ​ដូចជា​ព្រះអម្ចាស់​បាន​សន្យា « គ្រប់ការ​ណ៍ទាំងអស់ផ្សំគ្នាសម្រាប់សេចក្ដី​ល្អ​ដល់​អ្នក » ( គ. និង ស. 90:24 ) ។

ឧទ្ទិស ហើយ​ធ្វើ​ឲ្យ​បរិសុទ្ធ

ខ្ញុំ​លើក​ទឹកចិត្ត​អ្នក​ឲ្យ​ធ្វើ​ការ​តាំងចិត្ត​មួយ​ចំពោះ​ខ្លួន​ឯង និង​ចំពោះ​ព្រះវរបិតាសួគ៌ ដើម្បី​ឧទ្ទិស​ជីវិត​របស់​អ្នក និង​ដើម្បីញែក​ពេលវេលា និង​ទេពកោសល្យ​របស់​អ្នក​ឲ្យ​បរិសុទ្ធ​ដើម្បីស្ថាបនា​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ ដោយ​ទន្ទឹង​ចាំ​ការ​យាងមក​ជាលើក​ទីពីរ​របស់​ព្រះអង្គសង្គ្រោះ ។ ចូរ​ឲ្យ​គោលបំណង​នៃ​គំនិត​ និង​ទង្វើរ​របស់​អ្នក គឺ​ដើម្បី​ថ្វាយ​បង្គំ​ព្រះ និង​ដើម្បី​ប្រទាន​ពរដល់​បងប្អូន​របស់​អ្នក ។ ចូរ​ឲ្យ​បំណង​ប្រាថ្នា​នេះបំផុសគំនិត​អ្នក​ឲ្យ​ស្វាគមន៍​ព្រឹកថ្មី​ជារៀងរាល់ថ្ងៃ​ជាមួយ​នឹង​ភាពរីករាយ ហើយ​ចូរ​ឲ្យ​វាបំពេញ​គំនិត​ និង​ទង្វើរ​របស់​អ្នកជារៀងរាល់ថ្ងៃ ។

ប្រសិន​បើ​អ្នកធ្វើ​ដូច្នេះ អ្នក​នឹង​ត្រូវបាន​ប្រទានពរ​ឲ្យ​នៅ​ក្នុង​ពិភពលោកមួយ​ដែល​កំពុង​បាត់បង់​បទដ្ឋាន​របស់​ខ្លួន​យ៉ាងខ្លាំង ហើយ​អ្នក​ និង​មនុស្សជាទីស្រឡាញ់​របស់​អ្នក​នឹង​មាន​សុវត្ថិភាព ហើយ​រីករាយ ។ នេះពុំមែន​មាន​ន័យថា អ្នកនឹងមិន​ប្រឈម​មុខ​នឹងឧបសគ្គ និង​ការ​សាកល្បង​នោះទេ ប៉ុន្តែ​វាមាន​ន័យ​ថា អ្នកនឹង​មាន​អំណាច​ខាង​វិញ្ញាណ​ដើម្បី​ទប់ទល់​នឹង​វាដោយ​សេចក្ដីជំនឿ និង​ទំនុក​ចិត្ត​លើ​ព្រះអម្ចាស់ ។

គោលបំណង​នៃ​សារលិខិត​របស់​ខ្ញុំ​គឺដើម្បី​ជួយ​អ្នក​ឲ្យ​មើល​ឃើញ​ទុក​ជាមុន​ពី​អនាគត​របស់​អ្នក ។ សូម​មាន​សេចក្ដីជំនឿ និង​សេចក្ដី​សង្ឃឹម​ចំពោះ​អនាគត​ដ៏​ភ្លឺស្វាង​ដែល​អ្នក​ជួប ។ យុវជន​គឺជា​ឪពុក​នា​ពេល​អនាគត ។ យុវនារី​គឺជា​ម្ដាយ និង​អ្នក​ចិញ្ចឹម​បី​បាច់​នាពេល​អនាគត ។ អ្នក​ទាំងពីរ​គឺជា « ពូជជ្រើសរើស ជា​ពួក​សង្ឃហ្លូង ជា​សាសន៍​បរិសុទ្ធ ជារាស្ត្រ​ដ៏​ជា​កេរអាករ » ( ពេត្រុសទី 1 2:9 ) ។

ពីព្រោះ​ទាំងបុរស និង​ស្ត្រី អាទិភាពសំខាន់​បំផុត​មួយ​របស់​អ្នក​គឺ​ការ​ស្វែងរក​ដៃគូ​អស់កល្ប​ជានិច្ច​របស់​អ្នក ប្រសិន​បើ​អ្នក​ពុំ​ទាន់ធ្វើ​វា​នៅឡើយ ។ អាពាហ៍ពិពាហ៍​នៅ​ក្នុងព្រះវិហារ​បរិសុទ្ធ​នឹង​ផ្ដល់​ឲ្យ​អ្នក​នូវ​ដៃគូ​ម្នាក់​ដើម្បី​ជួយ​អ្នក​ដើរ​លើ​ផ្លូវ​ត្រឹមត្រូវ​ដែល​ដឹកនាំ​ត្រលប់ទៅ​វត្តមាន​នៃ​ព្រះវរបិតាសួគ៌​របស់​យើង និង​ព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ ។ យើង​ត្រូវតែ​ធ្វើ​ផ្នែក​របស់​យើង​ដើម្បីបន្ត​ការ​រៀបចំ​ខ្លួន​សម្រាប់ការ​យាង​មក​ជា​លើក​ទីពីរ ។

កំណត់​ចំណាំ

  1. ហ្គរដុន ប៊ី ហ៊ិងគ្លី « Living in the Fulness of Times » Ensign ខែ វិច្ឆិកា ឆ្នាំ 2001 ទំព័រ 6, លីអាហូណា ខែ មករា ឆ្នាំ 2002 ទំព័រ 6 ។

  2. Teachings of Presidents of the Church: Joseph Smith ( ឆ្នាំ 2007 ) ទំព័រ 142 ។

  3. អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន នៅ​ក្នុង​ថូម៉ាស អេស ម៉នសុន « Dare to Stand Alone » Liahona ខែ វិច្ឆិកា ឆ្នាំ 2011 ទំព័រ 62 ។

  4. ថូម៉ាស អេស ម៉នសុន « May You Have Courage » Liahona ខែ ឧសភា ឆ្នាំ 2009 ទំព័រ 127 ។

រចនា រូបថត ដោយ គ្រីស្ទីណា ស៊្មីធ

Divine Redeemer ( ព្រះអង្គប្រោសលោះ​ដ៏ទេវភាព ) ដោយ ស៊ីម៉ូន ឌូវេ © Altius Fine Arts