២០១៤
ចេញ​ពី​ភាព​ងងឹត​ចូល​ទៅ​ក្នុង​ពន្លឺ
ខែ មករា ឆ្នាំ 2014


យើង​និយាយ​អំពី​ព្រះគ្រីស្ទ

ចេញ​ពី​ភាព​ងងឹត​ចូល​ទៅ​ក្នុង​ពន្លឺ

យើងអាចដឹង​ដោយ​ភាពពិតប្រាកដមួយ នៅ​ពេល​ជីវិត​របស់​យើង​ស្ថិតនៅ​ក្នុងភាព​ខ្មៅងងឹត​រហូត​ដល់​ព្រះយេស៊ូវគ្រីស្ទ​អាច​ផ្លាស់​ប្ដូរ​ភាព​ខ្មៅ​ងងឹតនោះ​ទៅជា​ពន្លឺ នៅ​ពេល​យើង​ប្រែចិត្ត​ដោយ​ស្មោះត្រង់ ។

នៅ​ក្នុងជីវិត​របស់​ខ្ញុំ ពេលខ្លះ​ខ្ញុំ​មាន​អារម្មណ៍​ថា វា​គ្មាន​សង្ឃឹម​សម្រាប់​ខ្ញុំ​ដើម្បី​មានភាពរីករាយ ឬ ត្រលប់ទៅរក​ព្រះវរបិតា​របស់​យើង​ដែល​គង់​នៅស្ថានសួគ៌​វិញ​ឡើយ ។ ប៉ុន្មាន​ឆ្នាំ​មុន ខ្ញុំ​ត្រូវបាន​បញ្ឈប់ការ​រាប់អាន​ពី​សាសនាចក្រ ។ ខ្ញុំ​បាន​រស់​នៅ​ក្នុង​ជីវិត​មួយ​នៃ​អំនួត និង​អំពើបាប ហើយ​បាន​រងទុក្ខយ៉ាងធំធេង ដោយសារ​តែ​ទង្វើររបស់​ខ្ញុំ ។ ការ​ភ្ជាប់ពាក្យ​ជាមួយ​នឹង​មនុស្ស​ស្រី​ដែល​ខ្ញុំ​ស្រឡាញ់បាន​ប្រេះឆា ទំនាក់ទំនង​របស់​ខ្ញុំ​ជាមួយ​នឹង​មនុស្សដទៃ​ជា​រឿង​សោសៅ ហើយ​ខ្ញុំ​គ្មាន​ភាពរីករាយ ។

ទោះបី​ជា​ខ្ញុំ​មាន​បំណង​​ប្រាថ្នា​ថា​ខ្ញុំបា​នជ្រើសយក​មាន​ចិត្ត​រាបសា​ពី​មុន​នោះ​ក្ដី ក៏​ខ្ញុំ​ត្រូវ​បាន​បង្ខំ​ចិត្ត​ឲ្យ​មាន​ចិត្ត​រាបសា ហើយ​ព្យាយាម​ធ្វើតាម​ព្រះឆន្ទៈ​របស់​ព្រះអម្ចាស់​ដែរ ។ ខ្ញុំ​បាន​ចាប់ផ្ដើម​អាន​ព្រះគម្ពីរជាញឹកញាប់ អធិស្ឋាន​ជានិច្ច ហើយ​ស្វែងរក​ការ​បម្រើ​ដល់​មនុស្សដទៃទៀត ។ ខ្ញុំ​បាន​ព្យាយាម​ព្យាបាល​ទំនាក់ទំនង​ដែល​ខ្ញុំ​បាន​បដិសេធ​ជាយូរ​មក​ហើយ រួម​ទាំង ទំនាក់ទំនង​របស់​ខ្ញុំ​ជាមួយ​នឹង​ព្រះវរបិតាសួគ៌​របស់​ខ្ញុំ​ផង​ដែរ ។ ខ្ញុំ​ពិត​ជា​មាន​បំណង​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ដួងចិត្ត​មែន ។

នៅព្រឹកព្រលឹម​នាថ្ងៃ​មួយ ពេល​ខ្ញុំ​បើក​ឡាន​ទៅសាលា ហើយ​ព្រះអាទិត្យ​នៅ​មិន​ទាន់​រះ​នៅឡើយ ។ ផ្ទៃ​មេឃនៅ​ភាគ​ខាង​កើត​បាន​ភ្លឺ ហើយ​ផ្ទៃ​មេឃ​នៅ​ភាគ​ខាង​លិច​មាន​ភាព​ងងឹត ដោយ​មាន​ព្រះច័ន្ទ​ពេញវង់​ដែលលិច​សន្សឹម​ៗនៅ​ពី​ក្រោយ​វា ។ ខ្ញុំ​បាន​អភិវឌ្ឍ​នូវ​ទម្លាប់សន្ទនា​ជាមួយ​នឹង​ព្រះវរបិតាសួគ៌​របស់​យើង​ខណៈ​ដែល​កំពុង​បើក​បរ​ឡាន ។ នៅ​ពេល​ខ្ញុំ​បាន​អធិស្ឋាន​អំឡុង​ពេល​បើក​ឡាន គំនិត​របស់ខ្ញុំ​ត្រូវបាន​បំភ្លឺ ហើយ​សេចក្ដីសង្ឃឹម​ថ្មី​មួយ​បាន​កើត​មាន​នៅ​ក្នុង​ដួងចិត្ត​របស់​ខ្ញុំ ។

ខ្ញុំ​បាន​ដឹង​ថា ជីវិត​របស់​ខ្ញុំ​កំពុង​មាន​ពន្លឺ ហើយភ្លឺ​ជាងមុន ដូចជា​ផ្ទៃ​មេឃ​នៅ​ទិស​ខាង​កើត​ដែរ ។ ភាពងងឹតបាន​រសាយ​បាត់ ហើយ​អំពើ​បាប​របស់​ខ្ញុំ​ដែល​ធំ​ដូចជា​ព្រះច័ន្ទ​ពេញ​វង់​នោះ​ដែរ ត្រូវបាន​កំពុងលាងជម្រះ ។ វា​ពុំ​ទាន់​ស្អាត​អស់​នៅ​ឡើយ​ទេ ប៉ុន្តែ​ខ្ញុំ​បាន​ដឹង​ថា​មិន​យូរ​ប៉ុន្មាន​វា​នឹង​រលុប​បាត់ ប្រសិន​បើ​ខ្ញុំ​បន្ត​ការ​ប្រែចិត្ត​ដ៏ស្មោះត្រង់​របស់​ខ្ញុំ ។ ខ្ញុំ​មាន​សេចក្ដីសង្ឃឹម​ថា នៅ​ថ្ងៃមួយ​ជីវិត​របស់​ខ្ញុំ​នឹង​ភ្លឺ​ដូចជា​ពេល​ថ្ងៃ​ដូច្នោះ​ដែរ ។

ជាមួយ​នឹង​ពេលវេលា និង​នៅ​ពេល​ខ្ញុំ​អធិស្ឋាន​សុំ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះវរបិតាសួគ៌​របស់ខ្ញុំ និង​មនុស្ស​ដទៃទៀត នោះ​ខ្ញុំ​កាន់តែ​មាន​ចិត្ត​រាបសា ។ ការ​កើនឡើង​នូវ​ចិត្ត​រាបសា​បាន​ដឹកនាំ​ខ្ញុំ​ឲ្យ​បម្រើ​ព្រះ និង​មនុស្សដទៃទៀតដោយ​គ្មាន​ភាពអាត្មានិយម ហើយ​សេចក្ដីសង្ឃឹម​របស់​ខ្ញុំ​សម្រាប់​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច និង​អនាគត​ដ៏​ប្រសើរ​ត្រូវបាន​ចាប់​ផ្ដើម​ជាថ្មី ហើយ​រីកចម្រើន ។ នៅ​ពេល​សេចក្ដីសង្ឃឹម​បាន​ចម្រើន​ឡើង នោះ​សេចក្ដីជំនឿ​របស់​ខ្ញុំ​ថា ព្រះអង្គសង្គ្រោះ​របស់​ខ្ញុំ គឺ​ព្រះយេស៊ូវគ្រីស្ទ មាន​មហិទ្ធិឫទ្ធិដើម្បីសង្គ្រោះ និង​ដើម្បី​លាង​សម្អាត​ខ្ញុំ​ពី​រាល់​សេចក្ដីទុច្ចរិត​កើន​ឡើង​ផង​ដែរ ។ ខ្ញុំ​ដឹង​ថា សម្ដី​របស់​មរមន​គឺ​ជា​ការ​ពិត ៖ « អ្នករាល់គ្នា​នឹងមាន​សេចក្ដីសង្ឃឹម ដោយ​តាម​រយៈដង្វាយធួន​នៃ​ព្រះគ្រីស្ទ និងអំណាច​នៃ​ដំណើរ​រស់​ឡើងវិញ​របស់​ទ្រង់ ដើម្បី​ឲ្យ​បាន​ប្រោស​ឲ្យ​មាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច » ( មរ៉ូណៃ 7:41 ) ។

រូបថត © Shutterstock.com/Krivosheev Vitaly