២០១៤
ការ​ស៊ូទ្រាំបាន​ល្អ
ខែ មករា ឆ្នាំ 2014


ការ​ស៊ូទ្រាំ បាន​ល្អ

ចេញ​មកពី​ប្រសាសន៍​មួយ​ក្នុង​ការ​ប្រជុំ​ធម្មនិដ្ឋាន « That’s Life » ដែល​បាន​ផ្ដល់​ឲ្យ​នៅ BYU–Hawaii នៅ​ថ្ងៃ​ទី 30 ខែ​តុលា ឆ្នាំ 30, 2012 ។ សម្រាប់​អត្ថបទ​ទាំង​ស្រុង​​ជា​ភាសា​អង់គ្លេស សូម​ចូល​ទៅកាន់ devotional.byuh.edu/archive ។

យើង​ពុំគួរ​រំពឹង​ឲ្យ​ព្រះអម្ចាស់​ដក​ឧបសគ្គ​នានា​របស់​យើង​ចេញ ដោយ​គ្រាន់​តែ​យើង​សន្យា​នឹង​ទ្រង់​ថា យើង​នឹង​នៅ​ស្មោះត្រង់​ជានិច្ច បើ​ទ្រង់​ធ្វើ​នោះទេ ។ ប៉ុន្ដែ យើង​ត្រូវ​ស៊ូទ្រាំ​ឲ្យ​បាន​ល្អ រួច​ហើយ​យើង​នឹង​បាន​ទទួល​ពរ ។

ផែនការ​នៃ​សេចក្ដី​សង្គ្រោះ គឺ​ជា​ផែនការ​ដ៏​អស្ចារ្យ​មួយ ហើយ​ចំណែក​នៃ​ផែនការ​នោះ រួមមាន​ការ​យក​ឈ្នះ​លើ​ឧបសគ្គ​ទាំងឡាយ ដែល​ពេល​ខ្លះ​មក​រារាំង និង ឃាត់​ឃាំង​យើង​មិន​ឲ្យ​សម្រេច​បាន​នូវ​ក្ដី​សង្ឃឹម និង សុបិន​របស់​យើង ។ យើង​ទាំងអស់​គ្នា​ជួប​នូវ​វិបត្តិជា​ច្រើន​ អំឡុង​ពេល​ជីវិត​យើង​នៅ​លើ​ផែនដី ។ វិបត្តិ​​ខ្លះ​តូច ហើយ​វិបត្តិខ្លះ​ធំ ។

វិបត្តិ​​តូច​មួយ អាច​​ជា​ការ​អស់សាំង​នៅ​លើ​ដង​ផ្លូវ​មួយ ​ដែល​មាន​ចរាចរណ៍​ដ៏ចង្អៀត ។ វិបត្តិ​ដ៏​​ធំនោះ អាច​​ជា​ការ​បាត់​បង់​មនុស្ស​ជាទី​ស្រឡាញ់ ឧប្បទ្ទវហេតុ​ធ្វើ​ឲ្យ​ពិការ ឬ សោក​នាដកម្ម​ក្នុងគ្រួសារ ។ វិបត្តិ​​ខ្លះទៀត យើង​ធ្វើ​ឲ្យ​មាន​ដោយ​ខ្លួន​ឯង តាមរយៈ​ការ​មិន​គោរព​ប្រតិបត្តិ​ចំពោះ​ក្រិត្យវិន័យ​របស់​ព្រះ ឬ ច្បាប់​មនុស្សជាតិ ។ វិបត្តិ​​មួយ​ចំនួនទៀត​​កើត​មាន​មក​លើ​យើង ដោយ​យើង​គ្មាន​កំហុស​អ្វី​សោះ ។ ខ្ញុំ​គិត​ថា យើង​ភាគ​ច្រើន ជួប​​បទពិសោធន៍​នូវ​អ្វី​ដែល​អាច​នឹង​និយាយ​ថាជា « រឿង​អកុសល » នៃ​ជីវិត ។ នរណា​ដែល​ធ្លាប់​លេង​ល្បែង​មួយ ដែល​មាន​បាល់​មួយ ដែល​បោក​លោត​យ៉ាង​ខ្លាំង ។ វា​ជា​ផ្នែក​នៃ​ល្បែង ។ ពួកគេ​ពុំ​រំពឹង​អំពី​ទំហំ ឬ ភាព​ញឹកញាប់​ទេ ។

អ្នក​លេង​ល្អ បាន​ដឹង​ថា រឿង​អកុសល គឺ​ជា​ចំណែក​មួយ​នៃ​ជីវិត ហើយ​ព្យាយាម​ដើម្បី​បន្ដ​រស់នៅ​ដោយ​ក្ដី​ជំនឿ និង​ភាព​ក្លាហាន ។ ​ដើម្បី​ស្មោះត្រង់​​ចំពោះ​បំណង​ប្រាថ្នា​របស់​យើង ដើម្បី​រស់​នៅ​ជាមួយ​ព្រះវរបិតាសួគ៌​ម្ដង​ទៀត នោះ​យើង​ត្រូវ​តែ​រក​វិធី​មួយ ដើម្បី​ឆ្លង​កាត់​ឧបសគ្គ​ទាំងឡាយ ហើយ​រកឲ្យ​ឃើញ​នូវ​អ្វី​ដែល​សំខាន់​ពិត​នៅ​ក្នុង​ជីវិត ។

គ្រាន់​តែ​បន្ត​ហែល​ទឹក

នៅពេល​កូន​ស្រី​តែ​ម្នាក់​គត់​របស់​យើង លីនស៊ី នៅ​ក្មេង នោះ​នាង​ និង ខ្ញុំ​ចូលចិត្ត​មើល​ខ្សែ​ភាព​យន្ដ​ជាមួយ​គ្នា ។ រឿង​មួយ ដែល​យើង​ចូល​ចិត្ត​មើល​ជាមួយ​គ្នា​ជាច្រើន​ដង គឺ​រឿង​តុក្កតា​ដែល​មាន​ចំណង​ជើង​ថា Finding Nemo ( ការ​ស្វែងរក​នីម៉ូ ) ។ នៅ​ក្នុង​ខ្សែ​ភាព​យន្ដ នីម៉ូ ត្រូវ​បាន​ចាប់​ដោយ​អ្នក​មុជ​ទឹក​ម្នាក់ ហើយ​ទីបំផុត​ទៅ​រស់​នៅ​ក្នុង​អាង​ត្រី​មួយ ក្នុង​ការិយាល័យ​របស់​ពេទ្យ​ធ្មេញម្នាក់ ។ ឪពុក​របស់​វា មើរលីន បាន​តាំង​ចិត្ត​ទៅ​រក នីម៉ូ ។ មើរលីន បាន​ជួប​នឹង​ត្រី​មួយ​ក្បាល​ឈ្មោះ ដូរី អំឡុង​ពេល​​វា​ធ្វើ​ដំណើរ ។ ពួកវា​បាន​ជួប​នឹង​ឧបសគ្គ​មួយ​ហើយ​មួយ​ទៀត នៅពេល​ពួកវា​ព្យាយាម​ស្វែង​រក​ នីម៉ូ ។ មិន​ថា​ឧបសគ្គ​នោះ​ធំ ឬ​តូច​ទេ សារ​របស់​ដូរី ទៅ​ដល់​ មើរលីន គឺ​ដដែល​ថា ៖ « គ្រាន់​តែ​បន្ត​ហែល​ទឹកទៅ » ។

ជាច្រើន​ឆ្នាំ​ក្រោយ​មក លីនស៊ី បាន​បម្រើ​បេសកកម្ម​មួយ​នៅ​សានទីអាហ្គូ ប្រទេស​ឈីលី ។ បេសកកម្ម​នោះ​ពិបាក ។ មាន​ការ​ខក​ចិត្ត​ជា​ច្រើន ។ រាល់​សប្ដាហ៍​នៅ​ចុង​បញ្ចប់​នៃ​អ៊ីម៉ែល​របស់​ខ្ញុំ ខ្ញុំ​បាន​សរសេរ​ថា « គ្រាន់​តែ​បន្ត​ហែល​ទឹកទៅ » ។ ដោយ​ក្ដី​ស្រឡាញ់​ពី ឪពុក » ។

នៅពេល លីនស៊ី មាន​ផ្ទៃ​ពោះ​កូន​ទី​ពីរ​របស់​នាង នាង​បាន​ដឹង​ថា ទារក​ក្នុង​ផ្ទៃ​របស់​នាង មាន​ប្រហោង​ក្នុង​បេះ​ដូង ហើយ​ថា ទារក​នោះ​មាន​ជំងឺ​មិន​គ្រប់​លក្ខណៈ ។ នៅពេល​ខ្ញុំ​សរសេរ​អ៊ីម៉ែល​ទៅ​នាង ក្នុង​ពេល​ដ៏​ពិបាក​នេះ ខ្ញុំ​បាន​បញ្ចប់​ក្នុង​អ៊ីម៉ែល​ខ្ញុំ​នូវ​ពាក្យ « គ្រាន់​តែ​បន្ត​ហែល​ទឹកទៅ » ។

ឧបសគ្គជាច្រើន​​ចូលមក​ក្នុង​ជីវិត​របស់​យើង​ម្នាក់ៗ​ ប៉ុន្តែ​ដើម្បី​ឆ្លង​កាត់​វា​បាន ហើយ​ទៅ​ដល់​កន្លែង​ដែល​យើង​ចង់​ទៅ នោះ​យើង​ត្រូវ​តែ​បន្ដ​ហែល​ទឹក ។

វគ្គ​បទគម្ពីរ​ដែល​ខ្ញុំ​ចូលចិត្ត​មួយ គឺ​នៅ​កណ្ឌ 121 នៃ​គោលលទ្ធិ និង សេចក្ដី​សញ្ញា ។ វា​មាន​នូវ​សារ​ដ៏​អស្ចារ្យ​មួយ ដែល​ព្យាការី​យ៉ូសែប ស្ម៊ីធ ចាប់​ផ្ដើម​នៅ​ក្នុង​ជម្រៅ​នៃ​ភាព​អស់​សង្ឃឹម ហើយ​ក្រោក​ឡើង​ទៅ​ដល់​ស្ថាន​សេលេស្ទាលដ៏​ខ្ពស់ ។ កណ្ឌ​នេះ និង កណ្ឌ 122 និង 123 ចេញ​មក​ពី​សំបុត្រ​មួយ ដែល​យ៉ូសែប បាន​សរសេរ​ទៅ​កាន់​សាសនាចក្រ ។ ដើម្បី​យល់​ឲ្យ​បាន​កាន់​តែ​ប្រសើរ​នូវ​វិវរណៈ​ដ៏អស្ចារ្យ​ទាំង​នេះ យើង​គួរ​តែ​ដាក់​វា​តាមបរិបទ​​ត្រឹមត្រូវ ។

យ៉ូសែប និង​អ្នក​ដើរ​តាម​លោក​មួយ​ចំនួន ត្រូវ​បាន​ជាប់​ឃុំ​នៅ​ក្នុង​គុក​នៅ​លីបឺធី រដ្ឋ​មីសសួរី ចាប់​ពី​ខែ​ធ្នូ ឆ្នាំ 1838 រហូត​ដល់​ខែ​មេសា ឆ្នាំ 1839 ។​គុក​គ្មាន​កំដៅ​ទេ ហើយ​អាហារ គឺ​ស្ទើរ​តែ​​​បរិភោគពុំ​បាន ។ ពួកលោក ជាប់​នៅ​ក្នុង​គុក​ក្រោម​ដី ដែល​មាន​​កម្រាលខាង​ក្រោម​ជា​ដី ហើយ​ពិដាន​ទាប​យ៉ាង​ខ្លាំង ដែល​ពួកលោក​ពុំ​អាច​ឈរ​មួយ​ជំហរ​បាន​ទេ ។ នៅ​គ្រា​នោះ ពួក​បរិសុទ្ធ​ ត្រូវ​គេ​បណ្ដេញ​ចេញ​ពី​ផ្ទះ ។ នៅ​ក្នុង​ចំណោម​ភាព​ចលាចល​នេះ អភិបាល លីល​ប៊ើន ដបុលយូ ប័ហ្គ បាន​ចេញ​បញ្ជា​ដ៏ព្រៃផ្សៃ ​របស់​គាត់ ។

យ៉ូសែប បាន​សួរ​ថា « ឱ ព្រះអង្គ​អើយ​ តើ​ព្រះ​អង្គ​គង់​នៅ​ទីណា ? ហើយ​​តើ​ព្រះ​ពន្លា ដែល​គ្រប​បាំង​ទី​បំពួន​ទ្រង់​នៅ​ទី​ណា ? ( គ. និង ស. 121:1 ) ។ យ៉ូសែប ស្ម៊ីធ​ដដែល​នេះ ត្រូវ​​បាន​ព្រះ​ជា​ព្រះវរបិតា ព្រះយេស៊ូវគ្រីស្ទ មរ៉ូណៃ យ៉ូហាន​បាទីស្ទ ពេត្រុស យ៉ាកុប និង យ៉ូហាន និង អ្នកដទៃទៀតពី​ស្ថានសួគ៌ ​យាង​មក​ជួប ។ មិន​យូរប៉ុន្មាន បន្ទាប់​ពី​សំណួរ​របស់​លោក​នៅ​ក្នុង​ខ​ដំបូង នោះ​យ៉ូសែប បាន​បង្ហាញ​នូវភាព​មួរម៉ៅ​​របស់​លោក​ថា ៖

« សូម​ឲ្យ​សេចក្ដី​ខ្ញាល់​របស់​ទ្រង់​ឆួល​ឡើង​ទាស់​នឹង​ពួក​ខ្មាំង​សត្រូវ​របស់​ពួក​ទូល​បង្គំ ហើយ​នៅ​ក្នុង​សេចក្ដី​ឃោរឃៅ​នៃ​ព្រះហឫទ័យ​របស់​ទ្រង់ សូម​ព្រះអង្គ​សង​សឹក​ដោយ​ដាវ​របស់​ទ្រង់​ពី​ការ​អយុត្តិធម៌​ទាំងឡាយ​ឲ្យ​ពួក​ទូល​បង្គំ​ផង​ចុះ ។

សូម​នឹក​ចាំ​​ដល់​ពួក​បរិសុទ្ធ​របស់​ទ្រង់​ដែល​មាន​ទុក្ខ​លំបាក ឱ​ព្រះរបស់​ទូល​បង្គំ​អើយ ហើយ​ពួក​អ្នក​បម្រើ​របស់​ទ្រង់​នឹង​ត្រេក​អរ​ចំពោះ​ព្រះនាម​របស់​ទ្រង់ ជា​រៀង​ដរាប​តទៅ » ( ខ 5–6 ) ។

ព្រះអម្ចាស់​បាន​ឆ្លើយ​តប​ចំពោះ​ការទូល​របស់​យ៉ូសែប ដោយ​និយាយ​ថា « បុត្រ​យើង​អើយ ចូរ​មាន​សេចក្ដី​សុខសាន្ដ​ដល់​ព្រលឹង​បុត្រ​ចុះ សេចក្ដី​ជំនាស់ និង​សេចក្ដីទុក្ខ​លំបាក​របស់​អ្នក នោះ​គ្រាន់​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ​ទេ » (​ ខ 7 ) ។

បន្ទាប់មក​​ទ្រង់​បាន​បង្រៀន​ដល់​យ៉ូសែប នូវ​គោលការណ៍​ដ៏​អស្ចារ្យ​មួយថា ៖ « ហើយ​ខណៈ​នោះ បើ​សិន​ជា​អ្នក​ស៊ូទ្រាំ​ការណ៍​នោះ​ដោយ​ហ្មត់ចត់​ នោះ​ព្រះ​ទ្រង់​នឹង​ដំកើង​អ្នក​ឡើង​នៅ​ស្ថាន​ខ្ពស់ អ្នក​នឹង​បាន​ជ័យ​ជំនះលើ​ពួក​ខ្មាំង​សត្រូវ​របស់​អ្នក​ទាំង​អស់ » (  ខ 8 ) ។

សារលិខិត​គឺថ្លែង​ចំៗ ហើយ​ច្បាស់ៗ ។ យើង​ពុំ​គួរ​រំពឹង​ឲ្យ​ព្រះអម្ចាស់​ដក​ឧបសគ្គ​របស់​យើង​ចេញ ដោយ​គ្រាន់​តែ​សន្យា​នឹង​ទ្រង់​ថា យើង​នឹង​នៅ​ស្មោះ​ត្រង់​ជានិច្ច បើ​ទ្រង់​ធ្វើ​នោះឡើយ ។ ផ្ទុយទៅ​វិញ បើ​យើង​ស៊ូទ្រាំ​បាន​ល្អ នោះ​យើង​នឹង​​បានទទួលពរជ័យ។ នោះ​គឺ​ជា​មេរៀន​ជីវិត​ដ៏​អស្ចារ្យ​មួយ សម្រាប់​យើង​ម្នាក់ៗ ។

ការ​ណែនាំ​បន្ថែម​ទៀត បាន​មក​នៅ​ក្នុងខ. 10 ត្រង់​កន្លែង​ដែល​ព្រះអម្ចាស់​ប្រាប់​យ៉ូសែប​ថា « អ្នក​ពុំ​ទាន់​បាន​ដូច​យ៉ូប​ទេ មិត្ត​ភក្ដិ​ទាំងឡាយ​របស់​អ្នក ពុំ​បាន​ទាស់​នឹង​អ្នក ឬ​ចោទ​ប្រកាន់​ថា អ្នក​ប្រព្រឹត្ត​អំពើ​រំលង ដូចជា​ពួកគេ​បាន​ធ្វើ​ដល់​យ៉ូប​នោះ​ទេ » ។ ទោះ​ជា​យ៉ូប បាន​រង​ទុក្ខ​ប៉ុណ្ណា​ក៏​ដោយ ក៏​យើង​បាន​រៀន​ដឹង​ថា « កូន​មនុស្ស​បាន​ចុះ​ទាប​ជាង​ការណ៍​ទាំង​នោះ​ទៅ​ទៀត ។ តើ​អ្នក​ធំជាង​ទ្រង់​ឬ​អី ? ( គ. និង ស. 122:8 ) ។

កណ្ឌ 122 បន្ថែមពី​លើកណ្ឌ 121 ។ ខ្ញុំ​ហៅ​វា​ថាកណ្ឌ ​បើ​សិន ។ ពាក្យ ​បើ​សិន​​ លេច​ឡើង​ចំនួន 15 ដង ។ ឧទាហរណ៍ ខ​ប្រាំ​បាន​និយាយ​ថា « បើ​សិន​ជា​អ្នក​ត្រូវ​បាន​ហៅ​ឲ្យ​ឆ្លង​កាត់​​សេចក្ដី​វេទនាបើ​សិន​ជា​អ្នក​មាន​គ្រោះ​នៅ​ក្នុង​ចំណោម​ពួក​បងប្អូន​ក្លែង​ក្លាយ​អ្នក​ក្នុង​សាសនាចក្របើ​សិន​ជា​អ្នក​មាន​គ្រោះ​នៅ​ក្នុង​ចំណោម​ពួក​ចោរ​ប្លន់​បើ​សិន​ជា​អ្នក​មាន​គ្រោះ​ដោយ​ដី ឬ​ដោយ​ទឹក » ( គ និងស 122:5 ការ​គូសបញ្ជាក់​​បន្ថែម ) ។

បើ​យើង​​ជំនួស​ឧបសគ្គ​ទាំង​នោះ មក​ឧបសគ្គ​ដែល​យើង​ជួប​នៅ ក្នុង​ពិភពលោក​បច្ចុប្បន្ន ប្រហែល​ជា​យើង​អាច​រៀន​អ្វី​មួយ ដូចជា ​បើ​សិន​ជា ខ្ញុំ​មាន​សេចក្ដី​ស្លាប់​ក្នុង​គ្រួសារ​ខ្ញុំ ឬ បើ​សិន​ជា មិត្ត​ប្រុស ឬ មិត្ត​ស្រី​របស់​ខ្ញុំ​ទាត់​ខ្ញុំ​ចោល ឬ​ បើ​សិន​ជា ខ្ញុំ​មាន​បន្ទុក​ខាង​ហិរញ្ញវត្ថុ ឬ បើ​សិន​ជា ខ្ញុំ​ឆ្លាត​ជាង​នេះ ។

បន្ទាប់​ពី​ពាក្យ ​បើសិន​ជា ទាំង​នេះ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា « បុត្រា [ ឬ​បុត្រី ]​យើង​អើយ ចូរ​អ្នក​ដឹង​ថា គ្រប់​ការណ៍​ទាំង​នេះ នឹង​ផ្ដល់​ការ​ពិសោធន៍​ដល់​អ្នក ហើយ​នឹង​ទៅ​ជា​ការ​ល្អ​ដល់​អ្នក​ទៅ​វិញ » (​ ខ 7 ) ។ ម្យ៉ាង​ទៀត ឧបសគ្គ​ទាំងឡាយ​ដែល​យើង​មាន​ក្នុង​ជីវិត គឺ​ជា​ប្រយោជន៍ និង​សំខាន់​ណាស់នៅ​ទី​បំផុត ។

ព្យាការី​សរសេរ​ថា « ហេតុដូច្នេះហើយ បង​ប្អូន​ដ៏ស្ងួនភ្ងា​អើយ ចូរ​យើង​ប្រព្រឹត្ត​ការណ៍​ទាំង​នេះ ដែល​នៅ​​ក្នុង អំណាច​យើង​ដោយ​មាន​ចិត្ត​រីក​រាយ​ចុះ ហើយ​លំដាប់​នោះ យើ​ង​អាច​ឈរ​នៅ​ស្ងៀម​ដោយ​ជឿ ជាក់​ថានឹង​បាន​ឃើញ​សេចក្តី​សង្គ្រោះ​ពី​ព្រះ និង​បាន​ព្រះ​ពាហុ​ទ្រង់​បើក​សម្តែងមក​ឲ្យ​ឃើញ » ( គ.និងស. 123:17 )។

ជីវិត​គឺ​ពោរពេញ​ដោយ​ឧបសគ្គ ហើយ​ឧបសគ្គ​មួយចំនួន​ហាក់​ដូច​ជា​ពុំ​អាច​ជំនះ​បាន​នោះ​ទេ ។ យើង​ត្រូវ​ស៊ូទ្រាំ​វា​ដោយ​រីករាយ និង​ស្មោះ​ត្រង់ ។ តាមរយៈ​ការ​ធ្វើ​ដូច្នោះ នោះ​យើង​នឹង​ត្រឡប់​ទៅ​រស់​នៅ​ជាមួយ​ព្រះ​ជា​រៀង​រហូត​យ៉ាង​ពិត​ប្រាកដ ។

គំរូ​របស់​ព្រះអង្គ​សង្គ្រោះ

គំរូ​ដ៏​មហិមា​បំផុត ដែល​យើង​មាន​អំពី​ការ​ស៊ូទ្រាំ គឺ​ជីវិត​​របស់​ព្រះអង្គ​សង្គ្រោះ ។ ដង្វាយ​ធួន តម្រូវ​ថា ទ្រង់ បាន​ចុះ​ទាប​ជាង​ការណ៍​ទាំង​នោះ​ទៅ​ទៀត ហើយ​ផ្ដល់​នូវ​ជីវិត​ដ៏​ឥតខ្ចោះ​​របស់​ទ្រង់​ជំនួស​យើង ។ ដោយ​ចុះ​ទាប​ជាង​ការណ៍​ទាំង​នោះ ទ្រង់​បាន​រង​ទុក្ខ​សម្រាប់​ភាប​សោក​សៅ និង អំពើ​បាប​នៃ​ជិវិត​ទាំង​អស់​ « ដែល​បណ្តាល​ឲ្យ​យើង​គឺ​ជា​ព្រះ​ដែល​មហិមា​លើស​អ្វី​ៗ​ទាំង​អស់ ត្រូវ​ញ័រ​ដោយ​សារ​តែ​ការ​ឈឺ​ចាប់​ ហើយ​ត្រូវ​ច្រួច​លោហិត​ចេញ​ពី​គ្រប់​រន្ធ​ញើស​ ហើយ​ត្រូវ​រង​ទុក្ខ​ព្រម​ទាំង​រូប​កាយ​ និង វិញ្ញាណ​ផង »​( គ. និង ស. 19:18 ) ។

ព្រះយេស៊ូវ​ជ្រាប​​នូវ​អ្វី​ដែល​តម្រូវ​ពី​ទ្រង់ ហើយ​ទ្រង់​មាន​បន្ទូល​តាម​របៀប​មនុស្ស​ថា « ឱ​ព្រះ​វរបិតា​នៃ​ទូល​បង្គំ​អើយ បើ​សិន​ជា​បាន នោះ​សូម​ឲ្យ​ពែង​នេះ​កន្លង​ហួស​ពី​ទូល​បង្គំ​ទៅ » ( ម៉ាថាយ 26:39 ) ។ ទោះ​ជា​ដូច្នោះ​ក្តី​ ទ្រង់​ស្ម័គ្រ​ព្រះទ័យ​ដើម្បី​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះបិតា​ទ្រង់ ហើយ​ស៊ូទ្រាំ​នូវ​រឿង​ទាំងអស់ ។

អ្វី​ដែល​យើង​ប្រែ​ក្លាយ ធ្វើ​ឲ្យ​មាន​ភាព​ខុស​ប្លែក​គ្នា​ទាំង​ស្រុង

អាជីវកម្ម​ដែល​ខ្ញុំ​មាន​សព្វថ្ងៃ​នេះ គឺ​បាន​បង្កើត​ឡើង​ដោយ​ឪពុក​របស់​ខ្ញុំ​កាល​ពី​ជិត 60 ឆ្នាំ​កន្លង​ទៅ ។ គាត់​ទទួល​មរណភាព​នៅ​ឆ្នាំ 1980 បាន​បន្សល់​ឲ្យ​ខ្ញុំ​ដឹក​នាំ​ក្រុម​ហ៊ុន​ពី​វ័យ​ក្មេង​នៃ​អាយុ 30 ឆ្នាំ ។

នៅ​កាល​វ័យ​នោះ ស្ថាន​ភាព​ជា​ច្រើន​បាន​កើត​ឡើង ដែល​តម្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​ការ​សម្រេច​ចិត្ត​ជា​ច្រើន ដែល​ជះ​ឥទ្ធិពល​ដល់​អនាគត​នៃ​អាជីវកម្មទន់​ខ្សោយ​​របស់​យើង ។ ខ្ញុំ​បាន​ធ្វើ​ការ​យ៉ាង​ខ្លាំង ដើម្បី​ធ្វើឲ្យ​ដូច​ជា​ឪពុក​របស់​ខ្ញុំ ដែល​គាត់​បាន​ធ្វើ ហើយ​ខ្ញុំ​បាន​ចំណាយ​ពេល​យ៉ាង​ច្រើន លុត​ជង្គង់​ចុះ ព្យាយាម​ដើម្បី​ដឹង​នូវ​អ្វី​ដែល​ត្រូវ​ធ្វើ ។ នៅ​ក្នុង​ការ​សម្រេច​ចិត្ត​ទាំង​នោះ ខ្ញុំ​ពុំ​ដែល​មាន​អារម្មណ៍​អានុភាព​ដ៏​ស្ងប់ស្ងាត់ ឬ​ការ​ដឹកនាំ​អ្វី​នោះ​ទេ ។ ទី​បំផុត ខ្ញុំ​បាន​ធ្វើ​នូវ​អ្វី​ដែល​ខ្ញុំ​គិត​ថា​ល្អ​បំផុត ហើយ​ដើរ​ឆ្ពោះ​ទៅ​មុខ ។ ប៉ុន្តែ​ខ្ញុំ​ខក​ចិត្ត ខ្ញុំ​ពុំ​អាច​ទទួល​បាន​នូវ​ការ​បញ្ជាក់​ណា​មួយ​ចំពោះ​សកម្មភាព​របស់​ខ្ញុំ​ទេ ។

មាន​យប់​មួយ ឪពុក​របស់​ខ្ញុំ​បាន​មក​រក​ខ្ញុំ​នៅ​ក្នុង​សុបិនមួយ ។ ខ្ញុំ​បាន​ចាប់​ផ្ដើម​បន្ទោស​គាត់​ ដែល​​ពុំ​ជួយ​ឲ្យ​ខ្ញុំ​ដឹង​នូវ​អ្វី​ដែល​ត្រូវ​ធ្វើ ។ គាត់​បាន​មាន​ប្រសាសន៍​ថា គាត់​បាន​ដឹង​ជា​មុន​អំពី​ស្ថានភាព​របស់​ខ្ញុំ ប៉ុន្តែ​គាត់​រវល់​នៅ​កន្លែង​ដែល​គាត់​នៅ​នោះ ហើយ​អាជីវកម្ម​មុន​របស់​គាត់ គឺ​ពុំ​សំខាន់ប៉ុន្មាន​​នោះ​ទេ ។ គាត់​មាន​ប្រសាសន៍​ថា « គ្រីស្ទ យើង​ពុំ​ខ្វល់​អំពី​អាជីវកម្ម​នៅ​ទីនេះទេ » ។ « អ្វី​ដែល​យើង​ខ្វល់​យ៉ាង​ខ្លាំង​នោះ គឺ​អ្វី​ដែល​កូន​ត្រូវ​ប្រែ​ក្លាយ ដោយ​សារ​តែ​អាជីវកម្ម​របស់​កូន​នោះ » ។

នោះ​ជា​មេរៀន​ដ៏​អស្ចារ្យ​មួយ ដែល​ខ្ញុំ​មិន​អាច​បំភ្លេច​បាន ។ អ្វី​ដែល​យើង​ទទួល​បាន​ អំឡុង​ពេល​ជីវិត​របស់​យើង គឺ​មិន​សំខាន់​ទេ ប៉ុន្តែ​អ្វី​ដែល​យើង​ប្រែ​ក្លាយ​នៅ​ក្នុង​ជីវិត​នេះ ធ្វើ​ឲ្យ​មាន​ភាព​ខុស​ប្លែក​ទាំង​ស្រុង ។

ពេល​ខ្លះ យើង​ភ្លេច​ថា នៅ​ក្នុង​ជីវិត​មុន​ជីវិត​នេះ យើង​បាន​ច្បាំងការ​ពារ​ផែនការ​របស់​ព្រះវរបិតា​អំពី​សិទ្ធិ​ជ្រើស​រើស​ខាង​សីលធម៌​​នៅ​ក្បែរ​ព្រះអង្គសង្គ្រោះ ។ ហើយ​យើង​បាន​ឈ្នះ ! លូស៊ីហ្វើរ និង អ្នកដើរ​តាម​របស់​វា ត្រូវ​បាន​បណ្ដេញ​ចេញ ហើយ​យើង​បាន​ទទួល​ឱកាស​ដើម្បី​មាន​ពិសោធន៍​នូវ​ជីវិត​ដែល​យើង​បាន​ច្បាំងការ​ពារ​​នោះ ។ ផែនការ​របស់​ព្រះវរបិតា មាន​បញ្ចូល​នូវ​ដង្វាយ​ធួន ។ កិច្ចការ​របស់​យើង គឺ​ត្រូវ​ប្រឈម​មុខ​នឹង​ឧបសគ្គ​របស់​យើង ហើយ​ស៊ូទ្រាំ​វាឲ្យ​បាន​ល្អ ។ នៅ​ពេល​យើង​ធ្វើ​ដូច្នេះ នោះ​ដង្វាយធួន មានអត្ថ​ន័យ​ក្នុង​ជីវិត​របស់​យើង ហើយ​យើង​បំពេញ​កិច្ចការ​ និង​សិរីល្អរបស់​ព្រះអម្ចាស់ថា ៖ « ដើម្បី​នាំ​ឲ្យ​មាន​​អមតភាព និង ជីវិត​ដ៏​នៅ​អស់កល្បជានិច្ច​ដល់​មនុស្ស » ( ម៉ូសេ 1:39 ) ។

ខ្ញុំ​ថ្លែង​ជា​សាក្សី​ថា ព្រះយេស៊ូវ​គឺ​ជា​ព្រះគ្រីស្ទ ។ ទ្រង់​គឺ​ជា​ព្រះអង្គស​ង្គ្រោះ​នៃ​ពិភពលោក ។ ទ្រង់​គឺ​ជា​ម្ចាស់​នៃ​មេត្រីភាព និង​ជា​អង្គ​គាំទ្រ​របស់​យើង​ជាមួយ​ព្រះវរបិតា ។ ខ្ញុំ​ថ្លែង​ជា​សាក្សី​ថា ព្រះវរបិតា ស្គាល់​យើង​តាម​ឈ្មោះ ស្រឡាញ់​យើង​ដោយ​មិន​គិត​អំពី​ភាព​ពុំ​ឥត​ខ្ចោះ​របស់​យើង ហើយ​នឹង​រៀប​ចំ​កន្លែង​មួយ​សម្រាប់​យើង បើ​សិន​ជា​យើង​ស្មោះ​ត្រង់ ហើយ​ស៊ូទ្រាំ​ដល់​ទីបំផុត ។

រូបភាព​មក​ពី​ Photodisc/Thinkstock