២០១៤
តើ​នរណា​ចង់​អធិស្ឋាន​ខ្លះ ?
ខែ មករា ឆ្នាំ 2014


តើ​នរណា​ចង់​អធិស្ឋាន​ខ្លះ ?

ចារ៉ែល អិម ប្រទេស​ភីលីពីន

នៅ​ក្នុង​បេសកកម្ម​របស់​ខ្ញុំ ដៃគូ​ខ្ញុំ និង​ខ្ញុំ បាន​បង្រៀន​គ្រួសារ​មួយ​ដែល​មាន​កូន​ជាច្រើន ។ អំឡុង​ពេលមួយ​ក្នុងម៉ោង​​ដាក់​ផែនការយើង​បាន​អធិស្ឋាន ហើយ​ពិភាក្សា​អំពី​មេរៀន​អ្វី ដែល​យើង​គួរ​បង្រៀន​ដល់​កុមារ​តូចៗ​បន្ទាប់​ទៀត ហើយ​យើង​ទាំង​ពីរ​នាក់​បាន​យល់​ស្រប​ដើម្បី​បង្រៀន​អំពី​ការ​អធិស្ឋាន ។

នៅ​ពេល​យើង​ទៅ​ដល់​ផ្ទះ​របស់​គេ ជីដូន​ និង​ចៅៗ​មាន​ចិត្ត​រំភើប​ណាស់ ។ យើង​បាន​ចាប់​ផ្ដើម​មេរៀន​ដោយ​ការ​អធិស្ឋាន ។ កុមារ​នៅ​ស្ងាត់​ស្ងៀម ហើយ​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ស្ដាប់ ។ យើង​បាន​ពន្យល់​ដល់​ពួកគេ​អំពី​របៀប និង​មូល​ហេតុ​ដែល​ត្រូវ​អធិស្ឋាន ។ ដើម្បី​បញ្ចប់​មេរៀន​របស់​យើង យើង​បាន​សួរ​ពួកគេ​ថា « តើ​នរណា​ចង់​អធិស្ឋាន​បិទ ? » ពួកគេ​ទាំងអស់​គ្នា​ចង់​អធិស្ឋាន ! ដូច្នេះ​យើង​បាន​ដាក់​កាលវិភាគ​មួយ​សម្រាប់​ពួកគេ ដើម្បី​អធិស្ឋានរាល់​ពេល​ដែល​យើង​ទៅ​បង្រៀន​មេរៀន​មួយ ។ យើង​ក៏​បាន​អញ្ជើញ​ពួកគេ​ឲ្យ​អធិស្ឋាន​ផងដែរ នៅ​ពេល​យើង​ពុំ​បាន​នៅ​ជា​មួយ​នឹង​ពួកគេ ។

បន្ទាប់​ពី​មេរៀន​នោះ ខ្ញុំ​បាន​គិត​ថា « តើ​ហេតុអ្វី​បាន​ជា​កុមារ​តូចៗ​ទាំងនេះ ចង់អធិស្ឋាន ខណៈ​ដែល​អ្នក​រៀន​វ័យ​ចំណាស់​របស់​យើង ពិបាក​នឹងធ្វើ​ការ​​អធិស្ឋាន​វិញ​ដូច្នេះ ? ខ្ញុំ​រក​បាន​ចម្លើយ​មួយ​នៅ​ក្នុង​ Bible Dictionary ( វចនានុ​ក្រម​ព្រះ​គម្ពីរ​បរិសុទ្ធ ) ៖ « ដរាបណាយើងរៀនអំពីទំនាក់​ទំនងពិត ដែលយើងឈរឆ្ពោះទៅរកព្រះ ( ដូចជា ព្រះគឺជាព្រះវរបិតា​របស់យើង ហើយយើងគឺជាកូនចៅរបស់ទ្រង់ ) នោះការអធិស្ឋាន នឹងមានលក្ខណៈ​ចេញពីធម្មជាតិ​ហើយ ដោយមិនចាំបាច់បង្ខំនៅក្នុងផ្នែករបស់យើង ( ម៉ាថាយ 7:7 11 ) ។ ការ​លំបាក​ជា​ច្រើន​អំពី​ការ​អធិស្ឋាន​បាន​កើត​ឡើង​មក​ពី​ការ​ភ្លេច​នូវ​ទំនាក់ទំនង​នេះ » ( « ការអធិស្ឋាន » សូមមើល​ផងដែរ សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ការ​អធិស្ឋាន » scriptures.lds.org ) ។

ចាប់​ពី​ពេល​នោះ​មក ខ្ញុំ​បាន​ព្យាយាម​ជួយ​មនុស្ស​ឲ្យ​យល់​អំពី​ទំនាក់ទំនង​ពិត​របស់​ពួកគេ​ជាមួយ​នឹង​ព្រះវរបិតាសួគ៌​របស់​យើង ។ ព្រះវរបិតា​សួគ៌​របស់​យើង ចង់​មានបន្ទូល​មក​កាន់​កូនចៅ​របស់​ទ្រង់ ដូចជា​ឪពុក​ម្ដាយ​នៅ​លើ​ផែនដី​របស់​យើង​ចង់និយាយ​នឹង​យើង​ផង​ដែរ ។ ទ្រង់​ស្រឡាញ់​យើង ទ្រង់​ចង់​មាន​បន្ទូល​មក​កាន់​យើង ហើយ​ទ្រង់​ចង់​ឲ្យ​យើង​ទូល​ទៅ​កាន់​ទ្រង់ ។