២០១៥
លក្ខណៈ​របស់ ព្រះយេស៊ូវគ្រីស្ទ ៖ ការអត់ទ្រាំ និង​ការអត់ធ្មត់
មិនា 2015


សារលិខិត​បង្រៀន​សួរ​សុខទុក្ខ មិនា ឆ្នាំ 2015

លក្ខណៈ​របស់ ព្រះយេស៊ូវគ្រីស្ទ ៖ ការអត់ទ្រាំ និង​ ការអត់ធ្មត់

សូម​សិក្សា​ឯកសារ​នេះ​ដោយ​ការ​អធិស្ឋាន ហើយ​ព្យាយាម​យល់​ដឹង​នូវ​អ្វី​ដែល​ត្រូវ​ចែកចាយ ។ តើ​ការ​យល់​ដឹង​ពី​ខ្សែ​ជីវិត និង បេសកកម្ម​របស់​ព្រះ​អង្គ​សង្គ្រោះ នឹង​ពង្រឹង​សេចក្ដី​ជំនឿ​របស់​អ្នក​ទៅ​លើ​ទ្រង់ ហើយ​ប្រទាន​ពរ​ដល់​អ្នក​ទាំងឡាយ​ណា​ដែល​អ្នក​មើល​ថែ តាមរយៈ​ការបង្រៀន​សួរ​សុខ​ទុក្ខ​បាន​ដោយ​របៀប​ណា ? សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ reliefsociety.lds.org.

រូបភាព
ត្រា​សមាគម​សង្គ្រោះ

សេចក្ដី​ជំនឿ ក្រុម​គ្រួសារ ការសង្គ្រោះ

ជារឿយៗ ការអត់ធ្មត់​ត្រូវបាន​គេ​ចាត់ទុក​ថា​ជា​និស្ស័យ​ស្ងាត់ស្ងៀម ហើយ​អកម្ម ប៉ុន្តែ​ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ទីប្រឹក្សា​ទី​ពីរ​ក្នុង​គណៈប្រធាន​ទី​មួយ​បាន​មាន​ប្រសាសន៍​ថា «ការអត់ធ្មត់​ពុំ​មែន​ជា​ការទ្រាំទ្រ​ដ៏​អកម្ម ឬ​ការមិន​ប្រព្រឹត្ត​អ្វី​ទាល់តែសោះ​ដោយ​ព្រោះ​តែ​ការភ័យខ្លាច​របស់​យើង​នោះ​ទេ ។ «ការអត់ធ្មត់​មាន​ន័យ​ថា ជា​ការ​រង់​ចាំ និង ការកាន់ខ្ជាប់​យ៉ាង​សកម្ម ។ វា​មាន​ន័យ​ថា ការស្ថិត​នៅ​ជាមួយ​អ្វី​មួយ…ទោះជា​បំណង​ប្រាថ្នា​នៃ​ដួងចិត្ត​របស់​យើង​ត្រូវបាន​ពន្យា​ពេល​យ៉ាង​ណា​ក៏​ដោយ ។ ការអត់ធ្មត់​ពុំ​គ្រាន់តែ​ជា​ប្រកាន់ខ្ជាប់​ធម្មតា​នោះ​ទេ វា​គឺ​ជា​ប្រកាន់ខ្ចាប់​បាន​យ៉ាង​ល្អ!»

ក្នុង​ជីវិត​រមែងស្លាប់​របស់​យើង ព្រះវរបិតាសួគ៌​យើង​បាន​រៀបចំ​ផែនការ​សម្រាប់​យើង—ដែល​ជា​បុត្រាបុត្រី​ខាង​វិញ្ញាណ—ហើយ​យើង​បាន​ស្រែក​សាទរ​ចំពោះ​ឱកាស​មក​កើត​នៅ​លើ​ផែនដី (សូម​មើល យ៉ូប 38:7) ។ នៅ​ពេល​យើង​ជ្រើស​ដើម្បី​សម្រប​ឆន្ទៈ​របស់​យើង​ឲ្យ​ស្រប​ទៅ​នឹង​ព្រះហឫទ័យ​ព្រះ​ក្នុង​គ្រា​នៃ​ជីវិត​លើ​ផែនដី​របស់​យើង នោះ​ទ្រង់ «នឹង​យក [យើង] ធ្វើ​ជា​គ្រឿង​ឧបករណ៍​មួយ​ក្នុង​ព្រះហស្ត [ទ្រង់] ដល់​ការសង្គ្រោះ​ព្រលឹង​ជា​ច្រើន» (អាលម៉ា 17:11) ។

ប្រធាន អុជដូហ្វ បាន​បន្ត​មាន​ប្រសាសន៍​ថា «ការអត់ធ្មត់​មាន​ន័យ​ថា ការទទួលយក​អ្វី​ដែល​ពុំ​អាច​ផ្លាស់ប្ដូរ​បាន ហើយ​ប្រឈមមុខ​នឹង​វា​ដោយ​ចិត្ត​ក្លាហាន ព្រះគុណ និង​សេចក្ដី​ជំនឿ ។ វា​មាន​ន័យ​ថា ‹ព្រម​ទទួល​នូវ​អ្វីៗ​ទាំងអស់ ដែល​ព្រះអម្ចាស់​ទ្រង់​ទត​ឃើញ​ថា​ល្អ ដូចជា​កូនក្មេង​ព្រម​ធ្វើតាម​ឪពុក​ខ្លួន​ដូច្នោះ› [ម៉ូសាយ 3:19] ។ នៅ​ទីបញ្ចប់ ការអត់ធ្មត់​មាន​ន័យ​ថា ‹រឹងប៉ឹង និង​ខ្ជាប់ខ្ជួន ហើយ​ឥតបែរចេញ​ក្នុង​ការកាន់​តាម​បញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះអម្ចាស់› [នីហ្វៃទី 1 2:10] រៀងរាល់​ពេល រៀងរាល់​ថ្ងៃ ទោះជា​វា​លំបាក​ក្នុង​ការធ្វើ​យ៉ាង​ណា​ក៏​ដោយ» ។1

ខគម្ពីរ​បន្ថែម

ទំនុក​ដំកើង 40:1; កាឡាទី 5:22–23; ពេត្រុស​ទី 21:6; អាលម៉ា 17:11

ដកស្រង់​ចេញ​ពី​ព្រះគម្ពីរ

បទគម្ពីរ​ទាំងនេះ​ប្រាប់​យើង​ថា ក្នុង​ជីវិត​លើ​ផែនដី​របស់​យើង យើង​គួរតែ «ចូរ​មាន​ចិត្ត​អត់ធន់​ក្នុង​ការឈឺចាប់ ដ្បិត [យើង​នឹង] មាន​ដ៏​ច្រើន» ។ ព្រះ​បាន​ប្រទាន​ដល់​យើង​នូវ​ការសន្យា​លួងលោម​នេះ​ថា «ចូរ​ទ្រាំទ្រ​ចុះ ដ្បិត​មើល​ន៏ យើង​នៅ​ជាមួយ​នឹង​អ្នក គឺ​ដរាប​ដល់​អស់​មួយ​ជីវិត​របស់​អ្នក (គ. និង ស. 24:8) ។

រឿង​ក្នុង​ព្រះគម្ពីរ​បរិសុទ្ធ​ខាង​ក្រោម​នេះ​គឺ​ជា​គំរូ​មួយ​នៃ​ការអត់ធ្មត់ និង​សេចក្ដី​ជំនឿ ។

«ហើយ​មាន​ស្ត្រី​ម្នាក់ មាន​ជំងឺ​ធ្លាក់​ឈាម ១២ ឆ្នាំ មក​ហើយ…បាន​ពាល់​ព្រះពស្ត [ព្រះគ្រីស្ទ] ៖ ហើយ​ភ្លាម​នោះ ជំងឺ​ធ្លាក់​ឈាម​របស់​គាត់​បាន [ជា] មួយ​រំពេច ។

«ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​សួរ​ថា… អ្នក​ណា​ពាល់​ខ្ញុំ ៖ ដ្បិត​ខ្ញុំ​ដឹង​ថា​មាន​ឫទ្ធិ​ផ្សាយ​ចេញ​ពី​ខ្ញុំ​ទៅ​ហើយ ។

«ហើយ​កាល​ស្ត្រី​នោះ​បាន​ឃើញ​ថា លាក់​ខ្លួន​មិន​កំបាំង​ទេ នោះ​ក៏​ចូល​មក​ទាំង​ញ័រ​រន្ធត់ ផ្តួល​ខ្លួន​នៅ​ចំពោះ​ទ្រង់ ទូល​នៅ​មុខ​មនុស្ស​ទាំង​អស់ ពី​ហេតុ​ដែល​នាង​ពាល់​ទ្រង់ ហើយ​ពី​បែប​ដែល​នាង​បាន​ជា​ភ្លាម​១​រំពេច​ផង ។

«ហើយ​ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​នាង​ថា ចូរ​សង្ឃឹម​ឡើង កូន​ស្រី​អើយ ៖ ដ្បិត​សេចក្តី​ជំនឿ​នាង​បាន​សង្គ្រោះ​នាង​ហើយ ចូរ​ទៅ​ដោយ​សុខ​សាន្ត​ចុះ។ (លូកា 8:43–48) ។

ដូចជា​ស្ត្រី​រូប​នោះ​ដែរ យើង​អាច​រកឃើញ​ពរជ័យ និង​ការលួងលោមចិត្ត គឺ​ជា​ការប្រោសឲ្យជា នៅ​ពេល​យើង​ឈោង​ទៅ​រក​ព្រះយេស៊ូវគ្រីស្ទ—ដែល​ដង្វាយធួន​ទ្រង់​អាច​ប្រោស​យើង​ឲ្យ​ជា​បាន ។

កំណត់​ចំណាំ

  1. ឌៀថើរ អេស្វ អុជដូហ្វ «បន្ត​ក្នុង​ភាពអត់ធន់» Liahona ខែ​ឧសភា ឆ្នាំ 2010 ទំព័រ 57, 59 ។

សូម​ពិចារណា​ចំណុច​នេះ

ចេញ​ពី​ដំណើររឿង​ក្នុង​លូកា 8 តើ​ការអត់ធ្មត់​ជា​ច្រើន​ឆ្នាំ​របស់​ស្ត្រី​រូប​នេះ​មាន​លក្ខណៈ​ដូចម្ដេច ហើយ​ក្រោយ​មក​សេចក្ដី​ជំនឿ​របស់​គាត់​លើ​ព្រះយេស៊ូវគ្រីស្ទ​ត្រូវ​បាន​ផ្ដល់​ផល​ឲ្យ​មក​វិញ​យ៉ាង​ដូចម្ដេច ?