២០១៥
លក្ខណៈសម្បត្តិ​ដ៏​ទេវភាព​របស់​ព្រះយេស៊ូវគ្រីស្ទ—​ភាពស្លូតបូត និង ការបន្ទាប​ខ្លួន
សីហា 2015


សារលិខិត​បង្រៀន​សួរ​សុខទុក្ខ ខែ សីហា ឆ្នាំ ២០១៥

លក្ខណៈសម្បត្តិ​ដ៏​ទេវភាព​របស់​ព្រះយេស៊ូវគ្រីស្ទ—​ភាពស្លូតបូត និង ការបន្ទាប​ខ្លួន

សូម​សិក្សា​ឯកសារ​នេះ​ដោយ​ការ​អធិស្ឋាន ហើយ​ព្យាយាម​យល់​ដឹង​នូវ​អ្វី​ដែល​ត្រូវ​ចែកចាយ ។ តើ​ការ​យល់​ដឹង​ពី​ខ្សែ​ជីវិត និង បេសកកម្ម​របស់​ព្រះ​អង្គ​សង្គ្រោះ នឹង​ពង្រឹង​ដល់​សេចក្ដី​ជំនឿ​របស់​អ្នក​ទៅ​លើ​ទ្រង់ ហើយ​ប្រទាន​ពរ​ដល់​អ្នក​ទាំងឡាយ​ណា​ដែល​អ្នក​មើល​ថែ តាមរយៈ​ការបង្រៀន​សួរ​សុខ​ទុក្ខ​ដោយ​របៀប​ណា ? សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​គេហទំព័រ reliefsociety.lds.org ។

សេចក្ដី​ជំនឿ ក្រុម​គ្រួសារ ការសង្គ្រោះ

ព្រះយេស៊ូវ បាន​មាន​បន្ទូល​ថា « ឯ​អ្នក​ណា​ដែល​ធំ​ជាង​គេ ក្នុង​ពួក​អ្នក​រាល់​គ្នា នោះ​ត្រូវ​ប្រព្រឹត្ត​ដូច​ជា​តូច​ជាង​គេ​វិញ ហើយ​អ្នក​ណា​ដែល​នាំ​មុខ​គេ នោះ​ដូច​ជា​អ្នក​បម្រើ​ដែរ ។ ដ្បិត​តើ​អ្នក​ណា​ធំ​ជាង អ្នក​ដែល​អង្គុយ​នៅ​តុ ឬ​អ្នក​ដែល​បម្រើ តើ​មិន​មែន​ជា​អ្នក​ដែល​អង្គុយ​នៅ​តុ​ទេ​ឬ​អី ប៉ុន្តែ ខ្ញុំ​នៅ​កណ្តាល​ពួក​អ្នក​រាល់​គ្នា ទុក​ដូច​ជា​អ្នក​បម្រើ​វិញ » ( លូកា ២២:២៦–២៧ ) ។

« ព្រះអង្គ​សង្គ្រោះ​ គឺ​ជា​គំរូ​ដ៏​ឥតខ្ចោះ​របស់​យើង​នៃ​អំណាច​នៃ​ការបន្ទាប​ខ្លួន​និង ការចុះចូល ។ លើសពីនោះ ការ​ចុះចូល​ព្រះឆន្ទៈ​របស់​ទ្រង់​តាម​ព្រះវរបិតា​បាន​នាំ​ឲ្យ​មាន​នូវ​ព្រឹត្តិការណ៍​ដែល​ពោរពេញ​ដោយ​ព្រះចេស្តា​ដ៏​ខ្លាំង​ក្រៃលែង និង អស្ចារ្យ​បំផុត ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​មនុស្ស​លោក ។ ប្រហែលជា​ពាក្យ​ពិសិដ្ឋ​បំផុត​មួយ​ចំនួន​នៅ​ក្នុង​ព្រះគម្ពីរ​ទាំងអស់​គឺ​បន្ទូល​ដ៏​សាមញ្ញ​ថា ‹ ប៉ុន្តែ កុំ​តាម​ចិត្ត​ទូលបង្គំ​ឡើយ សូម​តាម​តែ​ព្រះហឫទ័យ​ទ្រង់​វិញ › ( លូកា ២២:៤២ ) » ។

ក្នុង​នាម​ជា​កូនសិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​តែងតែ​ព្យាយាម​ក្លាយ​ឲ្យ​ដូចជាទ្រង់ ។ អែលឌើរ អុលីស៊ី សៅរេស​ នៃ​ពួកចិត​សិប​នាក់ បាន​មាន​ប្រសាសន៍​ថា « ភាព​ស្លូត​បូត​ គឺ​សំខាន់​សម្រាប់​យើង​ឲ្យ​ប្រែក្លាយ​កាន់តែ​ដូច​ទ្រង់ » ។ បើ​គ្មាន​វា​ទេ យើង​ពុំ​អាច​បង្កើន​គុណធម៌​សំខាន់​ផ្សេង​ទៀត​ឡើយ ។ ធ្វើ​ចិត្ត​ស្លូត​ពុំ​មែន​ជា​កម្សោយ​ទេ ប៉ុន្តែ​វា​ជា​មាយាទ​ល្អ និង មេត្តា​ធម៌ ជា​ការបង្ហាញ​ជំហរ​ដ៏​រឹងមាំ ភាព​ស្ងប់ស្ងៀម អំពីតម្លៃខ្លួន និង ការគ្រប់គ្រង​ខ្លួន​យ៉ាង​ល្អ » ។ នៅ​ពេល​យើង​អភិវឌ្ឍ​លក្ខណៈ​សម្បត្តិ​នេះ នោះ​យើង​នឹង​ឃើញ​ថា « ការចុះចូល​ឆន្ទៈ​យើង​ដោយ​បន្ទាបខ្លួន​ចំពោះ​ព្រះវរបិតា ​នាំ​យើង​ឲ្យ​មាន​អំណាច​មក​ពី​ព្រះ—​គឺ​អំណាច​នៃ​ការ​បន្ទាប​ខ្លួន ។ វា​គឺ​ជា​អំណាច​ដើម្បី​បំពេញ​នូវ​ភាពលំបាក​នៃ​ជីវិត អំណាច​នៃ​ភាព​សុខសាន្ត អំណាច​នៃ​សេចក្តី​សង្ឃឹម អំណាច​នៃ​ដួងចិត្ត​ដែល​រស់រាន​ជាមួយ​នឹង​សេចក្តី​ស្រឡាញ់​មួយ​សម្រាប់​ទីបន្ទាល់​នៃ​ព្រះអង្គ​សង្គ្រោះ​ព្រះយេស៊ូវគ្រីស្ទ គឺ​ជា​អំណាច​នៃ​ការប្រោសលោះ » ។

បទគម្ពីរ​បន្ថែម

ម៉ាថាយ ២៦:៣៩; យ៉ូហាន ៥:៣០; ម៉ូសាយ ៣:១៩; ហេលេមិន ៣:៣៥

ចេញ​ពី​ព្រះគម្ពីរ

ឱកាស​មួយ​ដ៏​ផ្អែមល្ហែម និង ដែល​មាន​អនុភាព​បំផុត​នៃ​ការបម្រើ​របស់​ព្រះគ្រីស្ទគឺ នៅ​ពេល​ទ្រង់​បាន​លាង​ជើង​ឲ្យ​សាវក​របស់​ទ្រង់ ។ « ទ្រង់​ក្រោក​ពី​សោយ​ឡើង ដោះ​ព្រះពស្ត្រ​ចេញ រួច​យក​ក្រមា​មក​ក្រវាត់​អង្គ ។ ក្រោយ​នោះ​ទ្រង់​ចាក់​ទឹក​ក្នុង​ចាន​ក្លាំ ចាប់​តាំង​លាង​ជើង​ពួក​សិស្ស ហើយ​យក​ក្រមា​ដែល​ទ្រង់​ក្រវាត់​នោះ​មក​ជូត » ( យ៉ូហាន ១៣:៤–៥ ) ។

នៅពេល​ព្រះអង្គ​សង្គ្រោះ​ បាន​ណែនាំ​ពិធី​បរិសុទ្ធ​របស់​ទ្រង់ នោះ​ពួក​កូនសិស្ស​បាន​មាន​អារម្មណ៍​រំភើប​យ៉ាង​ខ្លាំង​ដែលទ្រង់​ជា​ព្រះអម្ចាស់ និង ជា​លោក​គ្រូ​របស់​ពួកគេ បាន​លុត​ជង្គង់​នៅ​មុខ​ពួកគេ ហើយ​បាន​ធ្វើ​ការបម្រើ​ដ៏​រាបទាប​នោះ ។ បន្ទាប់​មក​ព្រះយេស៊ូវ​បាន​ពន្យល់​នូវ​មេរៀន​ដែល​ទ្រង់​ចង់​ឲ្យ​ពួកគេ និង យើង​ទាំងអស់​គ្នា​រៀន​ពី​គំរូ​នោះ ៖

« ដូច្នេះ បើ​ខ្ញុំ​ដែល​ជា​ព្រះ​អម្ចាស់ ហើយ​ជា​គ្រូ​បាន​លាង​ជើង​ឲ្យ​អ្នក​រាល់​គ្នា នោះ​គួរតែ​ឲ្យ​អ្នក​រាល់គ្នា​លាង​ជើង​ដល់​គ្នា​នឹង​គ្នា​ដែរ ។

« ដ្បិត​ខ្ញុំ​បាន​ធ្វើ​តម្រាប់​ទុក​ឲ្យ​អ្នក​រាល់​គ្នា​ហើយ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ត្រាប់​តាម​ការណ៍​ដែល​ខ្ញុំ​បាន​ធ្វើ​ឲ្យ​នោះ » ( យ៉ូហាន ១៣:១៤–១៥ ) ។

កំណត់​ចំណាំ

  1. រីឆាដ ស៊ី អ៊ីចលី “The Empowerment of Humility,” Liahona, ខែ វិច្ឆិកា ឆ្នាំ ២០០៣ ទំព័រ ៩៩ ។

  2. អុលស៊ីស សៅរេស “Be Meek and Lowly of Heart,” Liahona, ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ៩ ។

  3. រីឆាដ ស៊ី អ៊ីចលី “The Empowerment of Humility,” ទំព័រ ៩៩ ។

សូម​ពិចារណា​ពី​សំណួរ​នេះ

តើ​ការ​មាន​ការបន្ទាប​ខ្លួន ជួយ​យើង​ឲ្យ​ស្រឡាញ់​អ្នក​ដទៃ ដូចជា​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​ដោយរបៀប​ណា ?