២០១៥
ឈរ​ជា​ពន្លឺ
សីហា 2015


សារលិខិត​គណៈ​ប្រធាន​ទី​មួយ ខែ សីហា ឆ្នាំ ២០១៥

ឈរជា​ពន្លឺ

រូបភាព
ប្រធាន ថូម៉ាស អេស. ម៉នសុន

ខ្ញុំ​បាន​មាន​ឯកសិទ្ធិ​ចូលរួម​កម្មវិធី​វប្បធម៌​ជាច្រើន​ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​ស្របពេល​ជាមួយ​គ្នា​នឹង​ការឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ ។ ខ្ញុំ​បាន​ចូលចិត្ត​កម្មវិធី​ទាំង​អស់​នោះ រួម​មាន កម្មវិធី​មួយ​ដែល​ប្រារព្ធ​នា​ពេល​ថ្មីៗ​បំផុត នេះ ដែល​ខ្ញុំ​បាន​ចូលរួម​នៅ​ហ្វីនីក អារីហ្សូណា ស.រ.អា. កាលពី​ខែ វិច្ឆិកា ឆ្នាំ​មុន ។

យុវវ័យ​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ដែល​បាន​ចូលរួម​នៅ​ក្នុង​កម្មវិធី​វប្បធម៌​នោះ​ បាន​បង្ហាញ​នូវ​កម្មវិធី​ដ៏​អស្ចារ្យ ដែល​មិន​អាច​បំភ្លេច​បាន ។ ឆ្នាំ​មុន នៅ ហ្វីនីក ពីមុន​ពិធី​នោះ ខ្ញុំ​បាន​ប្រាប់​ដល់​អ្នក​ចូលរួម​ថា « អ្នក​រាល់​គ្នា​ជា​កូនចៅ​នៃ​ពន្លឺ » ។

ខ្ញុំ​ចង់​ឲ្យ​យុវវ័យ​ទាំងអស់​នៃ​សាសនា​ចក្រ​ដឹង​ថា ពួកគេ​គឺជា​កូនចៅ​នៃ​ពន្លឺ ។ ដូច្នេះ​ពួកគេ​មាន​ទំនួលខុសត្រូវ​មួយ​ដើម្បី​ធ្វើ​ដូចជា « តួ​ពន្លឺ​នៅ​ក្នុង​លោក » (ភីលីព ២:១៥) ។ ពួកគេ​មាន​កាតព្វកិច្ច​មួយ​ដើម្បី​ចែកចាយ​សេចក្តី​ពិត​នៃ​ដំណឹង​ល្អ ។ ពួកគេ​មាន​ការហៅ​បម្រើ​មួយ​ដើម្បី​ឈរ​ជា​តំណាង​នៃ​ព្រះវិហារ​បរិសុទ្ធ បញ្ចាំង​ពន្លឺ​នៃ​ដំណឹង​ល្អ​ទៅ​កាន់​ពិភព​លោក​ដែល​កាន់តែ​ងងឹត​ទៅៗ ។ ពួកគេ​មាន​ទំនួល​ខុស​ត្រូវ​មួយ​ ដើម្បី​រក្សា​ពន្លឺ​របស់​ខ្លួន​ឲ្យ​ឆេះ​សន្ធោ​សន្ធៅ និង ភ្លឺ​ចែងចាំង ។

ដើម្បី​ឲ្យ​ពួក​យើង​ក្លាយ​ « ​ជា​គំរូ​ដល់​ពួក​អ្នក​ជឿ » ( ធីម៉ូថេទី ១ ៤:១២ ) យើង​ខ្លួន​ឯងផ្ទាល់​ត្រូវតែ​ជឿ​សិន ។ យើង​ត្រូវតែ​អភិវឌ្ឍ​សេចក្តី​ជំនឿ​ ដែល​ចាំបាច់​ដើម្បី​ធ្វើ​ឲ្យ​វិញ្ញាណ​រស់រាន​មាន​ជីវិត ហើយ​បញ្ចាំង​ពន្លឺ​ដល់​មនុស្ស​ដទៃ ។ យើង​ត្រូវតែ​ចិញ្ចឹម​បីបាច់​ទីន្ទាល់​របស់​យើង រហូត​វាក្លាយ​ជា​យុថ្កា​មួយ​សម្រាប់​ជីវិត​របស់​យើង ។

ក្នុង​ចំណោម​វិធី​ដ៏​មាន​ប្រសិទ្ធភាព​បំផុត ដើម្បី​បង្កើន និង រក្សា​សេចក្តី​ជំនឿ​ដែល​យើង​ត្រូវការ​សព្វថ្ងៃ​នេះ នោះ​គឺ អាន និង សិក្សា​ព្រះគម្ពីរ ហើយ​អធិស្ឋាន​ឲ្យ​ទៀងទាត់ និង ជាប់លាប់យ ។ ចំពោះ​យុវវ័យ​នៃ​សាសនចក្រ ខ្ញុំ​សូម​និយាយ​ថា បើសិន​អ្នក​ពុំ​បាន​ធ្វើ​ការណ៍​នោះ​ទេ សូម​ធ្វើ​វា​ឥឡូវ​នេះ គឺ​ទម្លាប់​នៃ​ការសិក្សា​ព្រះគម្ពីរ និង ការអធិស្ឋាន​ប្រចាំ​ថ្ងៃ ។ បើ​គ្មាន​ការអនុវត្ត​កិច្ចការ​ចាំបាច់​ទាំង​ពីរ​នេះ​ទេ នោះ​ឥទ្ធិពល​នៃ​ពិភព​លោកខាង​ក្រៅ និង​ពេល​ខ្លះ​ភាព​ពិត​នៃ​ជីវិត​ដ៏​ឃោរឃៅ អាច​ធ្វើ​ឲ្យ​ពន្លឺ​របស់​អ្នក​ស្រអាប់ ឬ ពន្លត់​ពន្លឺ​របស់​អ្នក​បាន ។

អាយុកាលយុវវ័យ ​ពុំ​មែន​ជា​អាយុកាល​ងាយស្រួល​ទេ ។ វា​ជា​ឆ្នាំ​ដ៏​សំខាន់ ជា​ពេល​ដែល​សាតាំង​នឹង​ល្បួង​អ្នក ហើយ​ធ្វើ​អស់​ពី​សមត្ថភាព​វា ដើម្បី​ដាក់​អន្ទាក់​អ្នក​ចេញ​ពី​ផ្លូវ​ដែល​នឹង​នាំ​អ្នក​ត្រឡប់​ទៅ​កាន់​ផ្ទះ​សួគ៌ា​របស់​អ្នក​វិញ ។ ប៉ុន្តែ​នៅ ពេល​អ្នក​អាន និង អធិស្ឋាន ហើយ​បម្រើ និង គោរពតាម នោះ​អ្នក​នឹង​ដឹង​កាន់តែ​ប្រសើរ​អំពី « ពន្លឺ​ដែល​ភ្លឺ​មក​ក្នុង​សេចក្តី​ងងឹត » ( គ និង ស ៦:២១ ) ដែលជា​គំរូ​របស់​យើង កម្លំាង​របស់​យើង—គឺ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ។ ទ្រង់​គឺ​ជា​ពន្លឺ​ដែល​យើង​លើក​ឡើង​ ដើម្បី​កំចាត់​កញ្ចុំ​នៃ​ភាពងងឹត ( សូមមើល នីហ្វៃទី ៣ ១៨:២៤ ) ។

ជាមួយ​នឹងទីបន្ទាល់​ដ៏​រឹងមាំ​អំពី​ព្រះអង្គសង្គ្រោះ​ និង​ដំណឹង​ល្អ​ដែល​បាន​ស្តារ​ឡើង​វិញ​របស់​ទ្រង់ នោះ​អ្នក​មាន​ឱកាស​រាប់​មិនអស់​ដើម្បី​បំភ្លឺ ។ ទីបន្ទាល់​នោះ​នៅ​ជុំវិញ​អ្នក​រាល់​ថ្ងៃ ទោះបីជា​អ្នក​នៅ​ក្នុង​ស្ថាន​ភាព​បែប​ណា​ក៏​ដោយ ។ នៅ​ពេល​អ្នក​ធ្វើ​តាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ គំរូ​របស់​អ្នក​ក្លាយ​ជា​ឱកាស​នៃ​ពន្លឺ​មួយ​ ដូច​ដែល​វា​ធ្លាប់​ជា​ពន្លឺ​ក្នុង​ជីវិត​នៃ​អស់​អ្នក​ដែល​នៅ​ជុំវិញ​អ្នក​—​សូម្បី​តែ​ពួកគេ​ជា​សមាជិក​នៃ​គ្រួសារ​អ្នក​ផ្ទាល់ មិត្ត​រួមថ្នាក់ អ្នក​រួមការងារ អ្នក​ស្គាល់គ្នា ឬ អ្នក​ចម្លែក​មុខ​ទាំង​អស់ ។

នៅ​ពេល​អ្នក​ជា​ពន្លឺ​ចំពោះ​ពិភព​លោក នោះ​មនុស្ស​នៅ​ជុំ​វិញ​អ្នក​នឹង​ទទួល​អាម្មរណ៍​ពិសេស​ ដែល​នឹង​ធ្វើ​ឲ្យ​ពួកគេ​ចង់​ទាក់ទង​ជាមួយ​អ្នក ហើយ​ធ្វើ​តាម​គំរូ​របស់​អ្នក ។

ខ្ញុំ​សូម​អង្វរ​ឪពុក​ម្តាយ និង ថ្នាក់ដឹកនាំ​​យុវវ័យ​របស់​យើង ឲ្យ​ជួយ​ពួកគេ​ឈរ​យ៉ាង​រឹងមាំ​សម្រាប់​សេចក្តី​ពិត​និង សេចក្តី​សុចរិត ។ សូម​ជួយ​ពួកគេ​ឲ្យ​បង្កើន​នូវ​ទស្សនវិស័យ​របស់​ខ្លួន​អំពី​ការសិក្សា ការយល់ដឹង និង​ការបម្រើ​នៅ​ក្នុង​នរគ​នៃ​ព្រះ ។ សូម​បង្កើត​កម្លាំង​នៅ​ក្នុង​ខ្លួន​ពួកគេ​ដើម្បី​ទប់ទល់​នឹង​ការល្បួង​ទាំងឡាយ​នៃ​ពិភពលោក ។ សូម​ផ្តល់​ដល់​ពួកគេ​នូវឆន្ទៈ​ដើម្បី​ដើរតាម​គុណធម៌ និង សេចក្តី​ជំនឿ ឲ្យ​ពោរពេញ​ដោយ​ការអធិស្ឋាន ហើយ​មើល​ឆ្ពោះ​ទៅ​ស្ថានសួគ៌​​ជា​យុថ្កា​ដ៏​មាំ​របស់​ពួកគេ ។

ខ្ញុំ​សូម​និយាយ​ចំពោះ​យុវវ័យ​របស់​យើង​ថា ព្រះវរបិតា​សួគ៌​របស់​យើង​ស្រឡាញ់​អ្នក ។ សូម​ឲ្យ​អ្នក​ទទួល​បាន​នូវ​សេចក្តី​ស្រឡាញ់​ ដែល​ថ្នាក់​ដឹកនាំ​របស់​សាសនាចក្រ​មាន​ចំពោះ​អ្នក​ផងដែរ ។ សូម​ឲ្យ​អ្នក​មាន​បំណងប្រាថ្នា​ដើម្បី​បម្រើ​ព្រះវរបិតា​សួគ៌ និង ព្រះរាជ​បុត្រា​របស់​ទ្រង់ ។ ហើយ​សូម​ឲ្យ​អ្នក​ដើរ​នៅ​ក្នុង​សេចក្តី​ពិត និង ឈរ​ជា​ពន្លឺ​ក្នុង​ចំណោម​កូន​ចៅ​របស់​ព្រះ ។

ការ​បង្រៀន​ចេញ​ពី​សារលិខិត​នេះ

សូម​ពិចារណា​ដោយ​ការពិភាក្សា​ជាមួយ​អស់​អ្នក​ទាំងឡាយ​ណា​ដែល​អ្នក​បង្រៀន​អំពី​អត្ថន័យ​នៃ​ឃ្លា​ថា « [ កូនចៅ ] នៃ​ពន្លឺ » ។ តើ​វា​មាន​ទំនួល​ខុសត្រូវ​អ្វី​ខ្លះ ? អ្នក​អាច​ពិភាក្សា​ពី​ពេល​ដែល​ពន្លឺ​របស់​ពួកគេ​ត្រូវបាន​បំភ្លឺ​នៅ​ពេល​ពិសេស​ណា​មួយ ហើយ​អ្វី​ដែល​ធ្វើ​ឲ្យ​វា​ភ្លឺ​ឡើង ។ សូម​ពិចារណា​ដោយ​សួរ​ពួកគេ​ឲ្យ​គិត​អំពី បុគ្គល​ជាក់លាក់​ណា​ម្នាក់ ដូច​ជា​យុវវ័យ អ្នក​រួមការងារ ឬ សមាជិក​គ្រួសារ​របស់​ខ្លួន ដែល​ត្រូវការ​ពន្លឺ​នោះ ។ បន្ទាប់​មក​ អ្នក​អាច​អធិស្ឋាន​ជាមួយ​គ្នា​អំពី​របៀប​ដើម្បី​ចែកចាយ​ពន្លឺ​ជាមួយ​បុគ្គល​ម្នាក់​នោះ ។