២០១៧
ហៅ​ឲ្យ​ធ្វើ​កិច្ចការ
June 2017


សារលិខិត​គណៈ​ប្រធាន​ទី​មួយ

ហៅ​ឲ្យ​ធ្វើ​កិច្ចការ

រូបភាព
man in wheat field

ដោយ​សារ​ការ​បែកញើស ដោយ ហ្គែរី ស្ម៊ីធ

កាល​ព្យាការី យ៉ូសែប ស៊្មីធ ហៅ​អែលឌើរ ហ៊ីប៊ើរ ស៊ី ឃឹមបឹល ( ១៨០១–១៨៦៨ ) ឲ្យ​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ទៅ​ប្រទេស​អង់គ្លេស​ដើម្បី « បើក​ទ្វា​រ​នៃ​សេចក្តីសង្គ្រោះ​ » នោះ​អែលឌើរ ឃឹមបឹល​ មាន​អារម្មណ៍​ថា​ខ្លួន​លោក​គ្មាន​សមត្ថភាព​គ្រប់គ្រាន់​ឡើយ ។

លោក​បាន​សរសេរ​ថា « ឱ ! ព្រះអម្ចាស់​អើយ ទូលបង្គំ​ជា​មនុស្ស​ដែល​មាន​សម្តី​រឡប់ ហើយគ្មាន​សមត្ថភាព​ធ្វើកិច្ចការ​បែប​នោះ​ឡើយ » ។

ទោះជា​យ៉ាង​ណា​ក្តី អែលឌើរ ឃឹមបឹល បាន​ទទួល​ការហៅ​នោះ​ដោយថ្លែង​បន្ថែម​ថា ៖ « ហេតុផល​ទាំង​នេះ​ពុំធ្វើឲ្យខ្ញុំ​មាន​ចិត្ត​រុញរាចេញ​ពី​ករណីកិច្ច​ឡើយ នៅ​គ្រា​ដែល​ខ្ញុំ​បាន​យល់​ពី​ព្រះទ័យ​របស់​ព្រះវរបិតាសួគ៌​ខ្ញុំ នោះ​ខ្ញុំ​មាន​ការប្តេជ្ញាចិត្ត​មួយ​ថា ពុះពារ​គ្រប់​ឧបសគ្គ​ទាំងអស់ ដោយ​ជឿ​ថា​ទ្រង់​នឹង​គាំទ្រ​ខ្ញុំ ដោយ​ព្រះចេស្តា​ដ៏​ខ្លាំងក្លា​របស់​ទ្រង់ ហើយ​ប្រទាន​គ្រប់​គុណសម្បត្តិទាំងអស់​ដែល​ខ្ញុំ​ត្រូវការ » ។​​​

បងប្អូន​ប្រុសស្រី​វ័យក្មេង​ ដែល​ត្រូវបាន​ហៅ​ឲ្យ​បម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង​អើយ បងប្អូនត្រូវបាន​ហៅ​ឲ្យ​ធ្វើ​កិច្ចការ​នេះ ដោយសារ​បងប្អូន « មាន​បំណង​ដើម្បី​បម្រើ​ព្រះ » ដូច​អែលឌើរ ឃឹមបឹល ដែរ ( គ. និង ស. ៤:៣ ) ហើយ​ដោយសារ​បងប្អូនត្រៀម​ខ្លួន​រួច​ជា​ស្រេច និង មាន​ភាពសក្តិសម ។

ពួកអ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង​អើយ បងប្អូន​ត្រូវបាន​ហៅ​ឲ្យ​ធ្វើ​កិច្ចការ​ដោយ​សារ​ហេតុផលដូចគ្នា​នេះ​ផងដែរ ។ ទោះជាយ៉ាងណា​ក្តី បងប្អូន​ពុំ​គ្រាន់តែ​នាំមក​ជាមួយ​នូវ​បំណង​ដើម្បី​បម្រើ​តែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ត្រូវ​នាំមក​ជាមួយ​នូវប្រាជ្ញាដែលបានទទួលជាច្រើនឆ្នាំនៃការពលិកម្ម សេចក្តីស្រឡាញ់ និង បទពិសោធន៍​ដែល​ព្រះវរបិតា​គង់នៅ​ស្ថានសួគ៌​របស់​បងប្អូន អាច​ប្រើប្រាស់​វា​ដើម្បី​រំជួលដួងចិត្ត​របស់​បុត្រាបុត្រី​ទ្រង់ ដែល​កំពុង​ស្វែងរក​សេចក្តីពិត ។ បងប្អូន​បាន​ដឹង​ដោយ​គ្មានសង្ស័យឡើយ​ថា យើង​ពុំ​អាច​មាន​សេចក្តីស្រឡាញ់​ពិតប្រាកដ​ចំពោះ​ព្រះអម្ចាស់​បាន​ឡើយ លុះត្រា​ណា​យើ​ង​បម្រើ​ទ្រង់​​តាមរយៈ​ការបម្រើ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ ។

ដើម្បី​បម្រើ​ជា​អ្នកផ្សព្វផ្សាយសាសនា បងប្អូន​ត្រូវ​មានសេចក្តីជំនឿ និង ការអត់ធ្មត់ ភាពក្លាហាន និង ទំនុកចិត្ត ការតាំងចិត្ត និង ភាពរឹងមាំ ការប្តេជ្ញាចិត្ត និង ការលះបង់​បន្ថែម​ទៅលើ​បំណង​របស់​បងប្អូន ។ អ្នកផ្សព្វផ្សាយសាសនា​ដែល​មាន​ការបូជា អាច​នាំ​មក​នូវ​អព្ភូតហេតុ​ក្នុង​តំបន់​បេសកកម្ម ។

ប្រធាន យ៉ូហាន ថេលើរ ( ១៨០៨–៨៧ ) បាន​សង្ខេបពី​គុណសម្បត្តិ​សំខាន់ៗ​របស់​អ្នកផ្សព្វផ្សាយសាសនា​ដូច​នេះ​ថា ៖ « បុរស [ និង ស្ត្រី ព្រមទាំង​គូស្វាមីភរិយា ] ដែលយើង​ចង់​បាន​ក្នុងនាម​ជា​អ្នក​ពាំនាំ​នូវ​សារលិខិត​នៃ​ដំណឹង​ល្អ​នោះ គឺ​ជាមនុស្សដែល​​មាន​សេចក្ដីជំនឿ​លើ​ព្រះ ជា​មនុស្ស​ដែល​មាន​សេចក្ដីជំនឿលើ​សាសនា​របស់ខ្លួន ជា​មនុស្ស​ដែល​ផ្ដល់​កិត្តិយស​ដល់​បព្វជិតភាព​របស់​គេ ជា​មនុស្ស​ដែល … ព្រះ​ទុក​ព្រះទ័យ​លើពួកគេ ។ … យើង​ចង់​បាន​មនុស្ស​​ដែល​ពោរពេញ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ និង ព្រះចេស្ដា​នៃ​ព្រះ[ , ] … ជា​មនុស្ស​នៃ​កិត្តិយស សេចក្ដីថ្លៃថ្នូរ គុណធម៌ និង បរិសុទ្ធភាព » ។

ព្រះអម្ចាស់​បាន​ប្រកាស​ថា ៖

« ដ្បិត​មើល​ចុះ ស្រែស​សំព្រុស​ល្មម​ច្រូត​ហើយ ហើយ​មើល​ន៏ អ្នក​ណា​ដែល​លូក​កណ្ដៀវ​របស់​ខ្លួន​ដោយ​កម្លាំង​របស់​ខ្លួន អ្នក​នោះ​ហើយ បាន​ប្រមូល​ទុក ដើម្បី​កុំ​ឲ្យ​ខ្លួន​ត្រូវ​វិនាស​ឡើយ ប៉ុន្តែ​បាន​នាំ​សេចក្ដី​សង្គ្រោះ​មក​ដល់​ព្រលឹង​ខ្លួន​វិញ

ហើយ​សេចក្ដី​ជំនឿ សេចក្ដី​សង្ឃឹម សេចក្ដី​សប្បុរស និង​សេចក្ដី​ស្រឡាញ់ ដោយ​ភ្នែក​ស្មោះត្រង់​ទាំង​ស្រុង​ចំពោះ​សិរី​ល្អ​នៃ​ព្រះ ទើប​ធ្វើ​ឲ្យ​គេ​សម​នឹង​កិច្ចការ » ( គ. និង ស. ៤:៤–៥ ) ។

ការហៅ​របស់​បងប្អូន​កើត​ឡើង​តាមរយៈ​ការបំផុស​គំនិត ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា អ្នកដែលព្រះអម្ចាស់​បាន​ហៅ​នោះទ្រង់ប្រទានសមត្ថភាព​ឲ្យ ។ បងប្អូន​នឹង​ទទួល​ជំនួយ​ពីសួគ៌ា នៅពេល​បងប្អូន​ធ្វើការ​ដោយ​ការអធិស្ឋាន​នៅ​ក្នុង​ចម្ការ​ទំពាំង​បាយជូរ​របស់​ព្រះអម្ចាស់ ។

ការសន្យា​ដ៏​ប្រពៃ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​អ្នក​ផ្សព្វផ្សាយ​សាសនា កាល​ពី​ជំនាន់​មុននៅក្នុងគ្រា​កាន់កាប់ត្រួតត្រា​នេះ ដូច​ដែលមាន​កត់ត្រា​នៅក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា នឹង​ក្លាយជា​របស់​បងប្អូន​គឺថា ៖ « យើង​នឹង​ទៅ​ពីមុខ​អ្នក ។ យើង​នឹង​នៅ​ខាង​ស្ដាំ​ដៃ​អ្នក ហើយ​ខាង​ឆ្វេង​ដៃ​អ្នក ហើយ​ព្រះវិញ្ញាណ​របស់​យើងនឹង​សណ្ឋិត​នៅក្នុង​ដួងចិត្ត​របស់​អ្នក ហើយ​ពួក​ទេវតារបស់​យើង​នៅ​ព័ទ្ធ​ជុំ​វិញ​អ្នក ដើម្បី​ទ្រ​អ្នក​ឡើង » ( គ. និង ស. ៨៤:៨៨ ) ។

នៅពេល​បងប្អូន​បម្រើ នោះ​បងប្អូន​នឹង​បង្កើត​អនុស្សាវរីយ៍ និង មិត្តភាព​ដ៏​អស់កល្បជា​ច្រើន ។ ខ្ញុំ​ដឹង​ថា​គ្មាន​វាលស្រែ​ណា​ដែល​ផ្តល់​ផល​នៃ​សុភមង្គល​ច្រើន​ក្រាស់ក្រែល ជាង​វាលស្រែ​បេសកកម្ម​ឡើយ ។

ឥឡូវ​នេះ​មាន​ពាក្យ​មួយ​ឃ្លា​ដល់​អែលឌើរ និង ស៊ីស្ទើរ ព្រមទាំង​គូស្វាមី​ភរិយា ដែល​ពុំ​អាច​បញ្ចប់​​ការចាត់តាំង​របស់​ខ្លួន​ នៅក្នុងតំបន់​បេសកកម្មបាន ដោយហេតុផល​ណាមួយ​ក្តី​នោះគឺ​ថា ៖ ព្រះអម្ចាស់​ស្រឡាញ់​បងប្អូន ។ ទ្រង់​មាន​អំណរគុណ​ដល់​ការលះបង់​របស់​បងប្អូន ។ ទ្រង់​ជ្រាប​ដឹង​អំពី​ការខកចិត្ត​របស់​បងប្អូន ។ ចូរ​ដឹង​ថា ទ្រង់នៅ​មាន​កិច្ចការឲ្យបងប្អូនធ្វើបន្តទៀត ។ ចូរ​កុំ​ឲ្យ​សាតាំងកុហក​ប្រាប់​អ្វី​ដល់​បងប្អូន​ឡើយ ។ ចូរ​កុំ​កើត​ទុក្ខ ចូរ​កុំ​បាក់ទឹក​ចិត្ត ចូ​រកុំ​អស់​សង្ឃឹម ។

ថ្មីៗ​នេះ ខ្ញុំ​បាន​កត់សម្គាល់​ឃ្លាមួយ នៅក្នុង​សន្និសីទទូទៅ ដែល​ជាសន្និសីទ​មិនយូរ​ប៉ុន្មាន​បន្ទាប់​ពី​ខ្ញុំ​ត្រូវបាន​ហៅ​ឲ្យ​ដឹកនាំ​សាសនាចក្រនេះថា ៖ « ចូរ​កុំ​ខ្លាច​ឡើយ ។ ចូរ​មាន​ចិត្ត​រីករាយ ។ អនាគត​គឺ​ភ្លឺ​ត្រចះត្រចង់​ដូចជា​សេចក្តីជំនឿ​របស់​បងប្អូន​ដែរ » ។ ការសន្យា​នេះ នៅ​តែ​ពិតចំពោះ​បងប្អូន ។ ដូច្នេះ​ចូរ​កុំ​បោះបង់​ចោល​សេចក្តីជំនឿ​របស់​បងប្អូន​ឡើយ ដោយសារ​ព្រះអម្ចាស់​ពុំ​ធ្លាប់​បោះបង់​សេចក្តីជំនឿ​លើ​បងប្អូន​ឡើយ ។ ចូរ​រក្សា​សេចក្តីសញ្ញា​របស់​បងប្អូន​ចុះ ហើយ​បន្ត​ឆ្ពោះ​ទៅ​មុខ ។

ពិភពលោក​នេះ​ត្រូវការ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ សូម​ឲ្យ​ព្រះអម្ចាស់​ប្រទាន​ពរ​ដល់​ពួកបរិសុទ្ធ​ទ្រង់​ទាំងអស់ — ទោះបី​ពួក​យើង​បម្រើ​នៅទីណា​ក្តី — ឲ្យ​មាន​ដួងចិត្ត​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ។

កំណត់ចំណាំ

  1. ហ៊ីប៊ើរ ស៊ី ឃិមបឹល នៅក្នុង Orson F. Whitney Life of Heber C. Kimball ការបោះពុម្ព​លើក​ទី ៣ ( ឆ្នាំ ១៩៦៧ ) ទំព័រ ១០៤ ។

  2. Teachings of Presidents of the Church: John Taylor ( ឆ្នាំ ២០០១ ) ទំព័រ ៧៣ ។

  3. ថូម៉ាស អេស. ម៉នសុន « Be of Good Cheer » Liahona, ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ៩២ ។