២០១៧
ថ្ងៃ​អាទិត្យ​ជា​ថ្ងៃ​សម្រាប់​កិច្ចការ​ជា​ច្រើន​ទៀត
June 2017


ថ្ងៃ​អាទិត្យ​ ជា​ថ្ងៃ​សម្រាប់​កិច្ចការ​ជា​ច្រើន​ទៀត

អ្នក​និពន្ធ​រស់​នៅ​ក្នុង​ទីក្រុង អិល វីវ ប្រទេស អ៊ុយក្រែន ។

យើង​បាន​ឃើញ​ថា ការអញ្ជើញ​នីកូឡាយ ឲ្យ​រស់នៅ​តាម​គោលការណ៍​នៃ​ដំណឹង​ល្អ មានប្រសិទ្ធភាព​ជាង​ការគ្រាន់តែប្រាប់​គាត់​អំពី​គោលការណ៍​ទាំង​នោះ ។

រូបភាព
couple and friend walking to church

រចនា​រូបភាព​ដោយ ស៊ីម៉ុន ស្ស៊ីន

ជាច្រើន​ឆ្នាំ​កន្លងទៅ អំឡុងពេល​ធ្វើការ​ជា​អ្នក​លក់ដូរ​តាម​ចិញ្ចើម​ផ្លូវ នៅក្នុង​ទីក្រុង​តូច​មួយ​នៃ​ប្រទេសប៉ូឡូញ ខ្ញុំ​បាន​ជួប​បុរស​ម្នាក់​ឈ្មោះ នីកូឡាយ ស្សាវ៉េកូ ។ យើង​បាន​ដឹង​ថា យើង​ទាំងពីរ​នាក់មក​ពីទីក្រុង​ឆើនីហ្គូវ ប្រទេស​អ៊ុយក្រែន ហើយ​យើង​បាន​ក្លាយ​ជា​មិត្តភក្តិ​នឹង​គ្នា​ភ្លាម ។

ក្រោយ​មក ខ្ញុំ​បាន​ដឹង​ថា​នីកូឡាយ គ្មាន​កន្លែង​ស្នាក់​នៅ​ឡើយ ដូច្នេះ​ភរិយា​ខ្ញុំ និង ខ្ញុំ​បាន​អញ្ជើញ​គាត់​ឲ្យ​ស្នាក់​នៅ​ជាមួយ​ពួកយើង ។ ផ្ទះ​របស់​យើង​ពុំ​មាន​ភាពកក់ក្តៅ ឬ មាន​ផាសុកភាព​ប៉ុន្មាន​នោះ​ទេ ប៉ុន្តែ​យើង​នៅ​មាន​សល់​បន្ទប់​មួយ ។ គាត់​បាន​ទទួល​យក​ការអញ្ជើញ​នោះ​ដោយ​អំណរគុណ ហើយ​ស្នាក់នៅ​ជាមួយ​យើង​មួយរយៈ ។ គាត់​បាន​ចាប់ផ្តើម​មើល​ឃើញ​របៀប​ដែល​យើង​បាន​រស់នៅ ។

ពុំ​ធ្វើ​ការ​នៅ​ថ្ងៃ​អាទិត្យ​ឬ ?

យើង​ជា​អ្នក​លក់ដូរ​ទំនិញ​ប្រើប្រាស់​ក្នុង​ផ្ទះ ដូចជា​អ្នក​លក់ដូរ​ភាគច្រើន​ដែរ យើង​ត្រូវធ្វើការ​ច្រើន​ម៉ោង ហើយ​ខំធ្វើការ​ដើម្បី​មាន​ប្រាក់​គ្រប់គ្រាន់​ចិញ្ចឹម​ជីវិត ។ ប៉ុន្តែ​យើង​ពុំ​ធ្វើការ​ដូច​មនុស្ស​ដទៃ​ទេ ភរិយា​ខ្ញុំ និង ខ្ញុំ​ពុំ​ធ្វើការ​នៅ​ថ្ងៃ​អាទិត្យ​ឡើយ ។ ថ្ងៃមួយ​នីកូឡាយ​បាន​សួរយើង​អំពី​មូលហេតុ​នោះ ។ ហេតុអ្វី​យើង​មិន​ធ្វើការ ហើយ​រកលុយ​ពេញ​មួយ​ថ្ងៃ​នោះ ?

ខ្ញុំ​បាន​ប្រាប់​គាត់​ថា « ថ្ងៃ​អាទិត្យ​ពុំមែន​បង្កើត​មក ដើម្បីធ្វើការ ឬ រកលុយ​នោះ​ទេ ។ ថ្ងៃអាទិត្យ​ត្រូវបាន​បង្កើត​ឡើង​សម្រាប់​គោលបំណង​មួយ​ផ្សេងទៀត » ។

គាត់​បាន​សួរថា « តើ​អ្នក​អាច​មាន​ប្រាក់​គ្រប់គ្រាន់​បង់​ថ្លៃ​អាហារ និង ថ្លៃ​ជួលផ្ទះ​បាន​យ៉ាង​ដូចម្តេច ប្រសិនបើ​អ្នក​ពុំ​ធ្វើ​ការ​ប្រាំពីរ​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​នោះ ? »

ដើម្បី​ឆ្លើយ​សំណួរ​របស់​គាត់ យើង​បាន​អញ្ជើញ​គាត់​ឲ្យ​មក​ថ្វាយ​បង្គំ​ជាមួយ​ពួកយើង ។ នោះ​គឺ​ជា​បទពិសោធន៍​លើក​ដំបូង​របស់​គាត់ ដែល​បាន​ឮ​អំពី​សាសនាចក្រ ហើយគាត់មិនទាន់ទទួលយកការអញ្ជើញនោះភ្លាមៗទេ ។ គាត់​នៅ​តែ​គិត​ថា ពួកយើង​ចម្លែក​ខ្លាំង​បំផុត ដែល​ជ្រើសរើស​យក​ការប្រជុំ​ជាជាង​ទៅ​រកប្រាក់​ចំណួល ។ ប៉ុន្តែ​ចាប់តាំង​ពីពេលនោះ​មក យើង​បាន​និយាយ​ជាមួយ​គាត់​ជាញឹកញាប់ អំពី​ជំនឿ​របស់​ពួកយើង ហើយ​ដោយ​សន្សឹមៗ គាត់​បាន​ចាប់​អារម្មណ៍​នឹង​ដំណឹង​ល្អ​ខ្លាំង​ឡើងៗ ។

ចូរ​សាកល្បង អ្នក​នឹង​ឃើញ​លទ្ធផល

នីកូឡាយ​បាន​ឃើញ​ពួកយើង​រស់នៅ​តាម​អ្វី ដែល​ពួកយើង​បាន​ដឹង​ថា​ពិត ។ គាត់​បាន​ឃើញ​ពរជ័យ ដែល​កើត​ឡើង​ក្នុង​ជីវិត​របស់​យើង ។ ប្រាកដណាស់ វា​លំបាក​ដើម្បី​រកប្រាក់​គ្រប់គ្រាន់​ចិញ្ចឹម​ជីវិត ប៉ុន្តែ​យើង​ដឹង​ថា​វា​ជា​រឿង​ត្រឹមត្រូវ ដើម្បី​រក្សា​ថ្ងៃ​ឈប់សម្រាក​ឲ្យ​បរិសុទ្ធ ។ ព្រះ​អម្ចាស់​បាន​ប្រទាន​ពរ​ដល់​យើង ។ យើង​មាន​ប្រាក់​គ្រប់គ្រាន់ ដើម្បី​ចំណាយ​លើ​អ្វី​ដែល​យើង​ត្រូវការ​ជានិច្ច ។ ការណ៍​នេះ​បាន​ពង្រឹង​ទីបន្ទាល់​របស់​យើង​អំពី​គោលការណ៍​នេះ ហើយ​បាន​ជួយ​យើង​ឲ្យ​ធ្វើ​ជា​សាក្សី​ដ៏​ប្រសើរ​ដល់​នីកូឡាយ ។ យើង​មាន​ការជឿជាក់​ដើម្បី​អញ្ជើញ​គាត់​ថា « ចូរ​សាកល្បង អ្នក​នឹង​ឃើញ​លទ្ធផល ! » ។

ថ្ងៃ​អាទិត្យ​មួយ គាត់​បាន​ឈប់​សម្រាក ។

គាត់​មិន​ទៅ​ធ្វើ​ការ​ទេ គាត់​បាន​មក​ព្រះវិហារ​ជាមួយ​ពួកយើង ។ គាត់​ពុំ​បាន​គិត​ថា វា​អាច​ទៅ​រួច​ដើម្បី​ធ្វើការ​តែ​ប្រាំមួយ​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ប៉ុន្តែ​ដោយសារ​សេចក្តីសង្ឃឹម និង ពរជ័យ​ដែល​គាត់​បាន​ឃើញ​នៅក្នុង​ជីវិត​របស់​ពួកយើង នោះ​គាត់​បាន​សាកល្បង​ធ្វើ​វា ។

នៅ​សប្តាហ៍​នោះ ពេល​គាត់​រាប់​លុយ​របស់​គាត់ គាត់​មាន​ក្តី​ភ្ញាក់ផ្អើល ។ គាត់​រកលុយ​បាន​ច្រើននៅ​សប្តាហ៍​នោះ ជាង​សប្តាហ៍​ដូចសព្វមួយ​ដង​ដែល​គាត់​ធ្វើការ​ប្រាំពីរ​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ !

ចូរ​សាកល្បង​ថ្វាយ​ដង្វាយ​មួយ​ភាគក្នុង​ដប់​ផងដែរ

រឿង​ដូចគ្នា​នោះ​បាន​កើត​ឡើង​ផងដែរ នៅពេល​យើង​និយាយ​ជាមួយ​គាត់​អំពី​ដង្វាយមួយ​ភាគក្នុង​ដប់ ។ ដំបូង នីកូឡាយ​ពុំ​អាច​យល់​ពី​របៀប​ដែល​យើង​អាច​លះបង់ ១០ ភាគ​រយ​នៃ​ប្រាក់​ចំណូល​របស់​យើង​ឡើយ ។

គាត់​និយាយ​ថា « ខ្ញុំនឹង​គ្មាន​ប្រាក់​គ្រប់គ្រាន់ ដើម្បី​ធ្វើ​បែប​នោះ​ឡើយ ! »

យើង​គ្រាន់តែ​ញាក់​ស្មា​ដាក់​គាត់ ។ « ប្រសិន​បើ​អ្នក​សាកល្បង នោះ​អ្នក​នឹង​ឃើញ​លទ្ធផល » ។

គាត់​មាន​ចិត្ត​សង្ស័យ ប៉ុន្តែ​ក្រោយ​មក​គាត់​បាន​ចាប់ផ្តើម​ញញឹម ។ គាត់​បាន​ថ្លែង​ថា « អញ្ចឹង​វា​ដូច​ជា​ការមិន​ធ្វើការ​នៅ​ថ្ងៃ​អាទិត្យ​ដែរ ។ ប្រសិនបើ​អ្នក​ថ្វាយ​ដង្វាយ​មួយភាគក្នុង​ដប់ នោះ​អ្នក​នឹង​មាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​ខ្លួន​អ្នក និង អ្វី​ដែល​អ្នក​ត្រូវការ » ។

នោះ​គឺ​ជា​វិវរណៈ​ដ៏​អស្ចារ្យ​ដល់​នីកូឡាយ ។ គាត់​បាន​រៀន​ដោយ​ខ្លួន​គាត់​ថា ប្រសិនបើ​យើង​ធ្វើ​តាម​បទបញ្ញត្តិ​របស់​ព្រះ នោះ​ព្រះ​នឹង​ប្រទាន​ពរ​ដល់​យើង ហើយ​អ្វីៗ​គ្រប់​យ៉ាង​នឹង​កើត​ជា​ប្រយោជន៍​ដល់​យើង ។

នៅពេល​នីកូឡាយ​បាន​ត្រឡប់​ទៅ​ផ្ទះគាត់​វិញ​នៅ​ទីក្រុង​ឆើនីហ្គូវ គាត់​បាន​អញ្ជើញ​អ្នកផ្សព្វផ្សាយ​សាសនា​ទៅ​បង្រៀន​គាត់ និងគ្រួសារ​គាត់ ។ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក គាត់ និង​គ្រួសារ​បាន​ចូល​រួម​សាសនាចក្រ​ផងដែរ ។ ក្រោយ​មក នីកូឡាយ​បាន​បម្រើ​ជា​ប្រធាន​សាខា ហើយ​កូនស្រី​របស់​គាត់​បាន​បម្រើ​បេសកកម្ម​នៅ​ប្រទេស​រុស្សី ។

យើង​ចូលចិត្ត​និយាយ​ជាមួយ​នីកូឡាយ​អំពី​សាសនាចក្រ ប៉ុន្តែ​ទីបំផុត ការអញ្ជើញ​ គាត់​ឲ្យ​រស់នៅ​តាម​គោលការណ៍​នៃ​ដំណឹង​ល្អ មានប្រសិទ្ធភាព​ជាង​ការគ្រាន់តែ​ប្រាប់​គាត់​អំពី​គោលការណ៍​ទាំង​នោះ ។ គាត់ និង គ្រួសារ​គាត់​បាន​កើន​ទីបន្ទាល់ ហើយ​ផ្លាស់ប្តូរ​ជីវិត​របស់​ពួកគេ ដោយសារ​ពួកគេ​បាន​ជ្រើសរើស​រស់នៅតាម​សេចក្តីពិត​នៃ​ដំណឹង​ល្អ ។