២០១៧
បព្វជិតភាព​មាន​នៅលើផែនដី​សព្វថ្ងៃ​នេះ
June 2017


លុះត្រា​ជួប​ទៀត

បព្វជិតភាព​នៅលើផែនដី​សព្វថ្ងៃ​នេះ

ដកស្រង់​ចេញពី​សុន្ទរកថា​នៅ​ក្នុង​សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ១៩៩៥ ។

ឱ ពិភពលោក​នេះនឹង​មាន​ភាពអន្ធការប៉ុណ្ណា​ទៅ ប្រសិនបើ​គ្មាន​ពរជ័យ​នៃបព្វជិតភាព​សម្រាប់​អ្នក និង​រូបខ្ញុំ​នោះ ។

រូបភាព
earth

រូបថត​មក​ពីm Getty Images

តើ​អ្នកអាច​ស្រមៃ​ឃើញទេ​ថា ជីវិត​រមែង​ស្លាប់​នេះ​នឹង​មាន​ភាព​ខ្មៅ​ងងឹត ហើយឥត​ន័យ​ខ្លាំងប៉ុណ្ណា ប្រសិន​បើ​គ្មាន​បព្វជិតភាព​នោះ ? ប្រសិន​បើ​គ្មាន​អំណាច​បព្វជិតភាព​នៅ​លើ​ផែនដីនេះទេ នោះ​មារសត្រូវ​នឹង​មាន​សេរីភាព​ដើម្បី​រាត​ត្បាត ហើយ​គ្រងរាជ្យ​ដោយ​គ្មាន​ការ​រឹត​បណ្ដឹង ។ វា​នឹង​គ្មាន​អំណោយ​ទាននៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដើម្បី​ដឹក​នាំ ហើយ​បំភ្លឺ​យើង គ្មាន​ពួក​ព្យាការី​ដើម្បី​ថ្លែង​នៅ​ក្នុង​ព្រះនាម​នៃ​ព្រះអម្ចាស់ គ្មាន​ព្រះ​វិហារ​បរិសុទ្ធ​ដែល​យើង​អាច​ធ្វើ​សេចក្ដី​សញ្ញា​អស់​កល្ប​ជានិច្ច​ដ៏​ពិសិដ្ឋ គ្មាន​សិទ្ធិ​អំណាច​ដើម្បី​ប្រសិទ្ធពរ ឬ​ជ្រមុជ​ទឹក ព្យាបាល ឬ លួងលោម​ឡើយ ។ ប្រសិនបើ​គ្មាន​អំណាច​បព្វជិតភាព​ទេ​នោះ « ផែនដី​ទាំងមូល​នឹង​ត្រូវ​កម្ទេច​ចោល​សូន្យ​ឈឹង » ( សូមមើល គ. និង ស. ២:១–៣ ) ។ វា​នឹង​គ្មាន​ពន្លឺ គ្មាន​សេចក្ដី​សង្ឃឹម — គឺ​មាន​តែ​ភាពអន្ធការ​ប៉ុណ្ណោះ ។ …

… [ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ] បព្វជិតភាព​របស់​ព្រះ​ផ្តល់​ពន្លឺ​ដល់កូនចៅ [ របស់​ព្រះវរបិតាសួគ៌ ] នៅក្នុង​ពិភពលោក​អាប់អួរ និង​ច្របូកច្របល់​នេះ ។ តាមរយៈ​អំណាច​បព្វជិតភាព យើង​អាច​ទទួល​បាន​អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ដឹកនាំយើង​ទៅរក​សេចក្តីពិត ទីបន្ទាល់ និង​វិវរណៈ ។ អំណោយទាន​នេះ​មាន​ស្មើគ្នា​ដល់​បុរស ស្ត្រី និង​កូន​ក្មេង ។ …

… បព្វជិតភាព​ដ៏រុងរឿង​​របស់​ព្រះ រួមទាំងពរជ័យដ៏ពោរពេញ​នៃ​បព្វជិតភាព ត្រូវបាន​ស្តារ​ឡើងវិញមក​កាន់​ផែនដី នៅក្នុង​ជំនាន់​របស់​យើង​នេះ ។ ការស្តារឡើងវិញ​នៃ​បព្វជិតភាព និង​ពរជ័យ​នៃបព្វជិតភាព​បាន​ចាប់ផ្តើម​នៅក្នុង​ឆ្នាំ ១៨២០ ពេល​ដែល យ៉ូសែប ស៊្មីធ ជាព្យាការីវ័យ​ក្មេង បាន​ឃើញ ហើយ​និយាយ​ជាមួយ​ព្រះ​ជា​ព្រះវរបិតា និង​ព្រះរាជបុត្រាទ្រង់​​គឺ​ព្រះយេស៊ូវគ្រីស្ទ នៅក្នុងព្រៃ​ពិសិដ្ឋ ។

ក្រោយមក សារទូត​ស្ថានសួគ៌បន្ថែម​ទៀត​គឺ — យ៉ូហាន បាទីស្ទ, ពេត្រុស, យ៉ាកុប, និង យ៉ូហាន, ម៉ូសេ, អេលីយ៉ា និង អេលីយ៉ាស និង​សារទូត​ដទៃ​ផ្សេង​ទៀត — បាន​ផ្តល់​អំណាច សិទ្ធិអំណាច និង​កូនសោចាំបាច់​នានា​សម្រាប់​សេចក្តីសង្គ្រោះ និង​ភាពតម្កើងឡើង​របស់​មនុស្សលោក ដល់ព្យាការី យ៉ូសែប ស៊្មីធ ។ … សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវ​បាន​ស្ដារ​ឡើងវិញ នៅលើ​ផែនដី ដោយ​មាន​បព្វជិតភាពអើរ៉ុន និង មិលគីស្សាដែក​ពី​ជំនាន់​ដើមមក​វិញ​ទាំងស្រុង ។ ឥឡូវនេះបុគ្គល​ម្នាក់ៗ និង​គ្រួសារ​នៅលើ​ផែនដី​នេះ​អាចមាន​ពរ ដូច​ព្រះ​បាន​ធ្វើ​សេចក្តីសញ្ញា​ជាមួយ​អ័ប្រាហាំ ដែរ ។

បង​ប្អូន​ប្រុស​ស្រី សូម​គិតអំពី​រឿង​នេះ — បព្វជិតភាព​ត្រូវបាន​ស្តារ​ឡើងវិញ​ហើយ ។ អំណាច​នេះ​មាន​នៅលើផែនដី​សព្វថ្ងៃ​នេះ ។ … នៅក្រោម​ការដឹកនាំ​របស់ … ព្យាការី អ្នកមើលឆុត និង​អ្នកទទួលវិវរណៈ ដែល​កាន់កូនសោនៅក្នុង​គ្រាកាន់កាប់ត្រួតត្រា​នេះ អ្នកកាន់បព្វជិតភាព​នៅក្នុង​សាសនាចក្រ​សព្វថ្ងៃ​នេះ មាន​សិទ្ធិ​ត្រឹមត្រូវ​ ដើម្បីសម្តែង​កិច្ចការ​នានា​នៅក្នុង​ព្រះនាម​ព្រះ ។ …

… ពរជ័យ​ដ៏​ប្រសើរ​ក្រៃលែង​ទាំងអស់នេះ គឺពរជ័យ​ដ៏​អស់កល្ប​នានា​ដែល​ព្រះប្រទានឲ្យ​ដល់​បុរស និងស្ត្រី ព្រមទាំង​ក្រុមគ្រួសារ​នៅលើ​ផែនដីនេះ អាច​ក្លាយ​ជា​ពរជ័យ​របស់​យើង​តាមរយៈ​អំណាច​បព្វជិតភាព​នេះ ។