២០១៧
គ្រា​ដំបូង​របស់​ខ្ញុំ​នៅ​ព្រះវិហារ​បរិសុទ្ធ
June 2017


គ្រា​ដំបូង​របស់​ខ្ញុំ នៅ ព្រះវិហារបរិសុទ្ធ

អ្នក​និពន្ធ​រស់​នៅ​ក្នុង​រដ្ឋ ខូដូប៉ា ប្រទេស អាហ្សង់ទីន ។

ខ្ញុំ​ចង់​ចូលរួម​ព្រះវិហារ​បរិសុទ្ធ​ដោយ​ខ្លួន​ឯង​ផ្ទាល់ ដោយ​ពុំ​គ្រាន់តែ​ស្តាប់​អំពី​បទពិសោធន៍​នេះ​មកពី​មនុស្ស​ដទៃ​ឡើយ ។

រូបភាព
young man in front of the temple

កាល​ខ្ញុំ​អាយុ ១៦ ឆ្នាំ គណៈប្រធាន​ស្តេក​បាន​ប្រកាស​ថា ស្តេក​របស់​យើង​នឹង​ទៅ​ទស្សនា​ព្រះវិហារ​បរិសុទ្ធ​នៅ ប៊ុយណូហ្សែ ហើយ​ខ្ញុំ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម ។ ខ្ញុំ​បាន​សន្សំ​ប្រាក់ ហើយ​ខំ​ធ្វើការ​យ៉ាង​ខ្លាំង​ដើម្បី​មាន​ភាពសក្តិសម​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ។

បន្ទាប់​ពី​ខ្ញុំ​ទទួល​បាន​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​មក ការល្បួង​បាន​វាយប្រហារ​ខ្ញុំ​គ្រប់ច្រកល្ហក ដោយ​ព្យាយាម​ទាញ​ខ្ញុំ​ឲ្យ​បាត់បង់​ភាពសក្តិសម​នោះ ។ ប៉ុន្តែ​ខ្ញុំ​មាន​បំណង​ដើម្បី​ចូល​ព្រះវិហារ​បរិសុទ្ធ ។ ខ្ញុំ​ពុំ​គ្រាន់តែ​ចង់​ស្តាប់​អំពី​បទពិសោធន៍ និង ទីបន្ទាល់​អំពី​វា​ពី​មនុស្ស​ដទៃ​ឡើយ ខ្ញុំ​ចង់​មាន​បទពិសោធន៍ និង ទីបន្ទាល់​នោះ​ដោយ​ផ្ទាល់ខ្លួន ។

យប់​ថ្ងៃធ្វើ​ដំណើរ​បាន​មកដល់ ។ ពីមុន​ឡើង​ជិះ​ឡាន ខ្ញុំ​បាន​គិត​ថា​មិន​ចង់​ទៅ​ឡើយ ប៉ុន្តែ​ខ្ញុំ​ពុំ​ទោរទន់​តាម​អារម្មណ៍​នោះ​ឡើយ ។ អំឡុងពេល​ជិះឡាន​រយៈពេល ១០ ម៉ោង​នោះ ខ្ញុំ​អង្គុយ​ក្បែរ​សមាជិក​សាសនាចក្រ​ម្នាក់​ដែល​រួសរាយ​នឹង​ខ្ញុំ​ណាស់ ។ គាត់​មាន​អាយុ​ខ្ទង់ ៦០ ឆ្នាំ ។ គាត់​បាន​ប្រាប់​ខ្ញុំ​អំពី​ជីវិត​របស់​គាត់ ហើយ​ថា​គាត់​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ ដែល​គាត់​បាន​ហែល​ឆ្លង​កាត់​ការសាកល្បង​នានា​ដែល​គាត់​បាន​ជួប ។

ខ្ញុំ​បាន​ចាប់ផ្តើម​ប្រាប់​គាត់​អំពី​ជីវិត​របស់​ខ្ញុំ និង​របៀប​ដែល​ខ្ញុំ​មាន​អារម្មណ៍​ឯកោ ព្រោះ​មនុស្ស​ជាច្រើន​បាន​ដកខ្លួន​ចេញ​ពី​ខ្ញុំ ដោយសារ​ខ្ញុំ​បាន​ធ្វើ​តាម​ព្រះ ។ គាត់​បាន​ប្រាប់​ខ្ញុំ​ថា « ព្រះ​នឹង​ប្រទាន​មិត្តភក្តិ​ដ៏​ល្អ​ដល់​ក្មួយ ហើយ​មិត្ត​នោះ​នឹង​គាំទ្រ​ក្មួយ​ជានិច្ច ។ ចូរ​កុំភ្លេច​រឿង​នេះ​ឲ្យ​សោះ » ។ ពេល​គាត់​និយាយ​ពាក្យ​ទាំង​នេះ​ហើយ ខ្ញុំ​មាន​អារម្មណ៍​ថា​ស្ងប់​ចិត្ត និង​មាន​ភាពសុខសាន្ត ដោយសារ​ខ្ញុំ​មាន​អារម្មណ៍​ថា អ្វី​ដែល​គាត់​បាន​ប្រាប់​ខ្ញុំ​គឺ​ជា​ការពិត ។

ពេល​ខ្ញុំ​ចូលទៅ​ព្រះវិហារ​បរិសុទ្ធ ក្តីកង្វល់​ដ៏ធំ​ដែល​ខ្ញុំ​មាន​នោះ​បាន​រសាយ​បាត់​អស់​ទៅ ។ ខ្ញុំ​ទទួល​អារម្មណ៍​ថា ដូចជា​មាន​ការឱបក្រសោប​ខាង​វិញ្ញាណ​ប្រាប់​ខ្ញុំ​ថា « ស្វាគមន៍​បុត្រា​យើង​អើយ ។ យើង​បាន​ទន្ទឹង​រង់​ចាំ​បុត្រ » ។

ខ្ញុំ​មាន​អារម្មណ៍​ថា ព្រះវិហារ​បរិសុទ្ធ​គឺពិតជា​ដំណាក់​របស់​ព្រះ ពុំមែន​គ្រាន់តែ​ជា​អគារ​ដ៏​ស្រស់​ស្អាត​ប៉ុណ្ណោះ​ទេ ។ បន្ទាប់​ពី​បាន​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក និង ពីធីបញ្ជាក់​មួយ​ចំនួន​មក ខ្ញុំ​បាន​ចេញ​មក​ខាង​ក្រៅ​ព្រះវិហារ​បរិសុទ្ធ​វិញ ។ ខ្ញុំ​ទទួល​អារម្មណ៍​ថា បន្ទុក​ដែល​ខ្ញុំ​មាន​នោះ​បាន​ត្រឡប់​មក​រក​ខ្ញុំ​វិញ ប៉ុន្តែ​ឥឡូវ​នេះ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​មាន​កម្លាំង​ដើម្បី​យក​ឈ្នះ​លើ​វា ។

ខ្ញុំ​ដឹង​ថា ការរៀបចំ​ខ្លួន​របស់​យើង ហើយ​ទុក​ឲ្យ​អ្វីៗ​គ្រប់​យ៉ាង​នៅក្នុង​ព្រះហស្ត​របស់​ព្រះ និង​ការខិតខំ​ឲ្យ​អស់​ពី​សមត្ថភាព​របស់​យើង ដើម្បី​ចូល​ព្រះវិហារ​បរិសុទ្ធគឺ​ជា​អ្វី​ដែល​ព្រះ​រំពឹង​ចង់​បាន​ពី​យើង ។ ក្រោយ​មក​ព្រះប្រទាន​ពរ​ដល់​យើង​យ៉ាង​បរិបូរ ។