សារលិខិតការបង្រៀនសួរសុខទុក្ខប្រចាំ ខែ កញ្ញា ឆ្នាំ ២០១៧
មានចិត្តតែមួយ
សូមសិក្សាអត្ថបទនេះប្រកបដោយការអធិស្ឋាន និងស្វែងរកការបំផុសគំនិត ដើម្បីដឹងពីអ្វីដែលត្រូវចែកចាយ ។ តើការយល់ដឹងអំពីគោលបំណងនៃសមាគមសង្គ្រោះ នឹងរៀបចំបុត្រីទាំងឡាយរបស់ព្រះ ឲ្យទទួលបានពរជ័យនៃជីវិតដ៏នៅអស់កល្បជានិច្ចយ៉ាងដូចម្ដេច ?
« ហើយព្រះអម្ចាស់ទ្រង់បានហៅរាស្រ្តទ្រង់ថាស៊ីយ៉ូន ពីព្រោះពួកគេមានចិត្តតែមួយ និង គំនិតតែមួយ រស់នៅក្នុងសេចក្ដីសុចរិត ហើយគ្មានមនុស្សក្រីក្រនៅក្នុងចំណោមពួកគេឡើយ » ( ម៉ូសេ ៧:១៨ ) ។ តើយើងអាចមានសាមគ្គីភាពតាមរបៀបណា ?
អែលឌើរ អិម រ័សុល បាឡឺដ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានមានប្រសាសន៍ថា « ពាក្យកណ្ដាលនៃពាក្យ ដង្វាយធួន ជាភាសាអង់គ្លេសគឺជាពាក្យ តែមួយ ។ ប្រសិនបើមនុស្សលោកទាំងអស់យល់ពីរឿងនេះ នោះគ្មានមនុស្សណាម្នាក់ដែលមិនត្រូវគ្នានឹងយើងឡើយ មិនថាពួកគេមានវ័យ ជាតិសាសន៍ ភេទ សាសនា ឬស្ថិតក្នុងសង្គម ឬមានសេដ្ឋកិច្ចបែបណានោះទេ ។ យើងនឹងខិតខំត្រាប់តាមព្រះអង្គសង្គ្រោះ ហើយមានចិត្តល្អ ឲ្យតម្លៃ គោរព ឬរីករាយចំពោះមនុស្សដទៃ » ។១
ប្រធាន ហិនរី ប៊ី អាវរិង ជាទីប្រឹក្សាទីមួយក្នុងគណៈប្រធានទីមួយ បានបង្រៀនថា « នៅទីណាដែលមនុស្ស [ មាន ] ព្រះវិញ្ញាណគង់នឹងពួកគេ នោះ [ ពួកគេ ] នឹងបានសុខដុម ។ … ព្រះវិញ្ញាណនៃព្រះពុំបង្កើតការទាស់ទែងគ្នាឡើយ ( សូមមើលនីហ្វៃទី ៣ ១១:២៩ ) ។ … វានាំទៅរកសេចក្តីសុខសាន្តផ្ទាល់ខ្លួន និងអារម្មណ៍នៃការរួបរួមមួយជាមួយនឹងអ្នកដទៃ » ។២
ខារ៉ូល អិម ស្ទីហ្វិន ដែលបម្រើជាទីប្រឹក្សាទីមួយនៅក្នុងគណៈប្រធានសមាគមសង្គ្រោះទូទៅ បានថ្លែងពីឧបសគ្គនានារបស់គ្រួសារថា « ខ្ញុំពុំធ្លាប់រស់នៅដោយមានការលះលែងគ្នា ការឈឺចាប់ និងអសុវត្ថិភាពដែលកើតឡើងដោយសារតែការបោះបង់ចោល ឬការទទួលខុសត្រូវជាម្ដាយទោលម្នាក់ឡើយ ។ ខ្ញុំពុំធ្លាប់ជួបប្រទះការស្លាប់កូន ភាពមិនអាចបង្កកំណើត ឬការប្រតិព័ទ្ធភេទដូចគ្នានោះទេ ។ ខ្ញុំពុំធ្លាប់ទ្រាំទ្រនឹងការប្រមាថ ជំងឺរ៉ាំរ៉ៃ ឬការញៀនផ្សេងៗឡើយ ។ ទាំងនេះពុំមែនជាឱកាសធ្វើឲ្យខ្ញុំរីកចម្រើននោះទេ ។
« … ប៉ុន្តែ តាមរយៈ ការសាកល្បង និងទុក្ខលំបាក របស់ខ្ញុំ … នោះខ្ញុំបានស្គាល់នឹងអង្គដែលយល់ពិត ។ … ហើយបន្ថែមពីលើនោះ ខ្ញុំបានជួបការសាកល្បងក្នុងជីវិតរមែងស្លាប់ទាំងអស់ដែលខ្ញុំទើបតែបានប្រាប់ខាងលើនេះតាមរយៈកូនស្រី ម្ដាយ ជីដូន បងស្រី មីង និងមិត្តភក្ដិរបស់ខ្ញុំ ។
« ឱកាសរបស់យើងជាបុត្រីដែលរក្សាសេចក្ដីសញ្ញានៃព្រះ គឺមិនមែនគ្រាន់តែរៀនពីបញ្ហាផ្ទាល់ខ្លួនប៉ុណ្ណោះទេ វាគឺជាការរួមគ្នាក្នុងការយល់ចិត្ត និងក្ដីមេត្តាករុណា នៅពេលដែលយើងគាំទ្រសមាជិកដទៃនៃក្រុមគ្រួសាររបស់ព្រះនៅក្នុងការពុះពាររបស់ពួកគេ »។៣
ខគម្ពីរ និង ព័ត៌មានបន្ថែម
យ៉ូហាន ១៧:២០–២៣; អេភេសូរ ៤:១៥; ម៉ូសាយ ១៨:២១–២២; នីហ្វៃទី៤ ១:១៥
© 2017 by Intellectual Reserve, Inc. All rights reserved. បានបោះពុម្ពនៅ ស.រ.អា. ។ អនុមតិជាភាសាអង់គ្លេស ៖ 6/17 ។ អនុមតិបកប្រែ ៖ 6/17 ។ ការបកប្រែនៃ Visiting Teaching Message, September 2017 ។ Cambodian. 97929 258