២០១៧
ចូរ​ក្លាហាន ហើយ​ចែកចាយ !
December 2017


ចូរ​ក្លាហាន ហើយចែកចាយ !

រូបភាព
Be Brave and Share

គ្រួសារ​របស់​យើង​បាន​រស់នៅ​កន្លែង​ជាច្រើន​ជុំ​វិញ​ពិភពលោក ។ យើង​បាន​ជួប​នឹង​មនុស្ស​ជាច្រើន​ប្រភេទ ហើយ​មាន​ឱកាស​ជាច្រើន​ដើម្បី​ចែក​ចាយ​ដំណឹងល្អ ។ កូនៗ​របស់​យើង​បាន​ផ្ដល់​ពរជ័យ​ដល់​មនុស្ស​ដទៃទៀត​តាមរយៈ​ការ​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ ។

ពេល​កូនៗ​របស់​យើង​នៅ​ក្មេង យើង​បាន​រស់នៅ​ប្រទេស​កាហ្សាក់ស្ថាន ។ នៅ​ពេល​នោះ​គ្មាន​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​នៅ​ក្នុង​ប្រទេស​នោះ​ទេ​ ។ ពេល​មិត្តភក្ដិ និង​អ្នក​ជិត​ខាង​ចង់​ស្ដាប់​អំពី​ដំណឹងល្អ នោះ ​យើង ត្រូវ​ធ្វើ​ជា​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា !

កូន​ស្រី​របស់​យើង​ឈ្មោះ ម៉ាណេ បាន​ចែកចាយ​ដំណឹងល្អ​នឹង​មិត្ត​របស់​នាង​ឈ្មោះ អាលីយ៉ូណា ។ អាលីយ៉ូណា បាន​សម្រេច​ចិត្ត​ជ្រមុជ​ទឹក​ដោយ​មាន​ការ​អនុញ្ញត​ពី​ម្ដាយ​របស់​នាង ដែល​ក្រោយ​មក​ទៀត គាត់​បាន​ជ្រមុជទឹក​ជាមួយ​នឹង​ប្អូន​ស្រី​របស់​អាលីយ៉ូណា ។ ថ្មីៗ​នេះ អាលីយ៉ូណា បាន​រៀបការ​នឹង​យុវជន​ដ៏​សុចរិត​ម្នាក់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​មែនហ៊ែតថិន នូវយ៉ោក ហើយម៉ាណេ​ត្រូវ​ទៅ​ចូល​រួម​នៅ​ទីនោះ ! នាង​មាន​ចិត្ត​រីករាយ​ជា​ខ្លាំង ដោយសារ​នាង​បាន​ជួយ​មិត្ត​របស់​នាង​ឲ្យ​រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។

ពេល​យើង​រស់នៅ​រដ្ឋ វើរជីញ៉ា ស.រ.អា. កូនប្រុស​របស់​យើង​ឈ្មោះ គ្រីស ​ស្ថិត​នៅ​ក្នុងថ្នាក់​​កុមារ ។ មិត្ត​ម្នាក់​របស់​គ្រីស និង​គ្រួសារ​របស់​គាត់​បាន​ចាប់​ផ្ដើម​ជួប​នឹង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ។ គ្រីស​បាន​ជួយ​បង្រៀន​គ្រួសារ​នោះ ។ គាត់​បាន​ត្រៀម​ខ្លួន​ពី​មុន​មេរៀន​នីមួយៗ ហើយ​បាន​ជួយ​ឆ្លើយ​សំណួរ​បស់​ពួកគេ ។ គ្រួសារ​នោះ​​បាន​សម្រេច​ចិត្ត​ជ្រមុជទឹក ។ បន្ទាប់​ពី​នោះ​មក គ្រីស ពុំ​ដែល​បារម្ភ​ថា គាត់​ពុំ​អាច​បម្រើ​បេសកកម្ម​បាន​ឡើយ ។ គាត់​បាន​ដឹង​ថា គាត់​អាច​ធ្វើ​កិច្ចការ​នេះ​បាន !

នៅ​គ្រា​មួយ​ទៀត មាន​បុរស​ម្នាក់​បាន​មក​ធ្វើ​ការ​នៅ​ផ្ទះ​របស់​យើង ។ ភរិយា​របស់​ខ្ញុំ​បាន​អរគុណ​ដល់​គាត់ ពេល​គាត់​បាន​ធ្វើ​កិច្ចការ​ចប់ ។ នាង​បាន​ពោល​ថា « យើង​ចង់​ឲ្យ​អំណោយ​មួយ​ដល់​លោក » ។ នាង​បាន​ឲ្យ​ព្រះ​គម្ពីរ​មរមន​មួយ​ក្បាល​ទៅ​បុរស​នោះ ។

បុរស​នោះ​ពុំ​សប្បាយ​ចិត្ត​ឡើយ ។ គាត់​ពុំ​បាន​យល់​អំពី​អ្វី​ដែល​យើង​ជឿ​នោះ​ទេ ។ គាត់​បាន​គិត​ថា យើង​ពុំ​ជឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​ទេ ។

គ្រីស​មានចិត្ត​ក្លាហាន ហើយ​បាន​ចែក​ទីបន្ទាល់​របស់​គាត់​ជាមួយ​នឹង​បុរស​នោះ ។ គ្រីស បាន​ប្រាប់​ថា គាត់​គឺ​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ គាត់​បាន​និយាយ​ថា គាត់​ជឿ​លើ​ព្រះយេស៊ូវ ។

មាន​កូនចៅ​ជាច្រើន​របស់​ព្រះវរបិតា​សួគ៌​ពុំ​ដឹង​អំពី​ដំណឹងល្អ​នេះ​ទេ ។ មាន​មនុស្ស​ខ្លះ​ទៀត​ពុំ​ដឹង​ថា យើង​ជឿ​លើ​ព្រះយេស៊ូវ​ឡើយ ។ មនុស្ស​ទាំងនេះ​ត្រូវ​ការ​មនុស្ស​ម្នាក់​ដែល​មាន​សណ្ដាន​ចិត្ត​ល្អ ហើយ​និយាយ​នឹង​ពួកគេ ។ យើង​អាច​មានភាពក្លាហាន ហើយ​ចែកចាយ​ទីបន្ទាល់​របស់​យើង ។ យើង​អាច​ជួយ​មនុស្ស​ដទៃ​ទៀត​ឲ្យ​រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​បាន !