២០១៧
កម្មវិធី​ប្រកួត​ប្រជែង​ផ្នែក​ទេពកោសល្យ​របស់​ម៉ុងហ្គោលី
December 2017


កម្មវិធី​ប្រកួត​ប្រជែង​ផ្នែក​ទេពកោសល្យ​របស់​ម៉ុងហ្គោលី

អ្នកនិពន្ធ​រស់នៅ​ក្នុង​រដ្ឋ យូថាហ៍ ស.រ.អា និង អ៊ូឡង់បាតា ប្រទេស​ម៉ុងហ្គោលី ។

បើ​និយាយ​ទៅ មាន​ប្រជាជន​ម៉ុងហ្គោលី​តិច​តួច​ណាស់​ដែល​ឮអំពី​សាសនាចក្រ ប៉ុន្តែ​ក្រុម​ចម្រៀង​មួយ​នេះ​បាន​ជួយ​ផ្លាស់​ប្ដូរ​ស្ថានភាព​​នោះ ។

រូបភាព
young adults in Mongolia

រូបថត​ទទួល​បាន​សិទ្ធិ​អនុញ្ញាត​ជា​ផ្លូវ​ការ​ពី​អូដហ្គេរេល អូឈើចាវ, រូបភាព​នៃ​ហ្វូង​មហាជន មក​ពី​ Getty Images

កាល​ពី​ខែ​ធ្នូ​ឆ្នាំ​មុន មាន​ក្រុម​ចម្រៀង​មួយ​ក្រុម​មក​ពី​ស្តេក​អ៊ូឡង់បាតា ម៉ុងហ្គោលី​ ស្ដេក​ខាង​កើត និង​ខាង​លិច​បាន​ឈាន​ចូល​ដល់​វគ្គ​ពាក់​កណ្ដាល់​ផ្ដាច់​ព័ត្រ​នៃ​កម្មវិធី​ទូរទស្សន៍​ថ្នាក់​ជាតិ​ដែល​ហៅ​ថា កម្មវិធី​ប្រកួត​ប្រជែង​ផ្នែក​ទេពកោសល្យ​របស់​ម៉ុងហ្គោលី ។ ក្រុម​ចម្រៀង​នេះ — រួម​មាន​នូវ​សិស្ស​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន ​ដែល​ចំនួន​ពាក់​កណ្ដាលគឺជា​អ្នក​ដែល​ត្រឡប់​មក​ពីបេសកកម្ម​វិញ — ពុំ​ធ្លាប់​គិត​ថា ពួកគេ​នឹង​មាន​ឱកាស​បែប​នេះ​ដើម្បី​ចែកចាយ​ជំនឿ និង​ទេពកោសល្យ​របស់​ពួកគេ​នោះ​ឡើយ ។

នៅ​ឆ្នាំ ២០១៥ មាន​ពួក​ចិត​សិប​នាក់​ប្រចាំ​តំបន់​មួយ​រូប​បាន​មក​ទស្សនកិច្ច​នៅ​ប្រទេស​ម៉ុងហ្គោលី ហើយ​បាន​ផ្ដល់​ការ​បំពាក់​បំប៉ន​ស្ដីពី​ការ​ខិតខំ​ប្រឹង​ប្រែង​នៃ​កិច្ចការ​សាធារណៈ​របស់​សាសនាចក្រ ។ អូដហ្គេរេល អូឈើចាវ ជា​ប្រធាន​ស្តេក​អ៊ូឡង់បាទ័រ​ ម៉ុងហ្គោលី​ខាង​លិច ​ពុំ​ប្រាកដ​ពី​របៀប​ចាប់ផ្ដើម​កិច្ចការ​នេះឡើយ ។ បន្ទាប់​មក​នៅ​ខែ​ មករា ឆ្នាំ​ ២០១៦ បងថ្លៃ​របស់​គាត់​បាន​ទូរសព្ទ​មក ហើយ​និយាយ​ថា « បង​កំពុង​មើល កម្មវិធី​ប្រកួត​ប្រជែង​ផ្នែក​ទេពកោសល្យ​របស់​ម៉ុងហ្គោលី ។ … បង​មាន​ចំណាប់​អារម្មណ៍​ដ៏ខ្លាំង​មួយ​ថា ក្រុម​ចម្រៀង​សាសនាចក្រ​របស់​ប្អូន​គួរ​ចូល​រួម​កម្មវិធី​នេះដែរ » ។

ប្រធាន អូឈើចាវ បាន​ពិភាក្សា​​ពី​គំនិត​នេះ​ជាមួយ​នឹង​នាយក​ក្រុម​ចម្រៀង​គឺ​បងស្រី អ៊ូនើរចាហ្គាល់ ពូរេវ ។ គាត់ និង​សមាជិក​ក្រុម​ចម្រៀង​មាន​ចិត្ត​សាទរ​ចំពោះ​ឱកាស​នេះ ។ ក្រុម​ចម្រៀង​នេះ​​គេ​ស្គាល់​​ឈ្មោះថា ជា​ក្រុម​ចម្រៀង​ស៊ីយ៉ូន ឬ « SION » ជា​ពាក្យ​កាត់​មួយ​ក្នុង​ភាសា​ម៉ុងហ្គោលី​ដែល​វា​មាន​ន័យ​ថា ស្មារតី សេចក្ដី​ជំនឿ គំនិត និង សាមគ្គីភាព ។

ជុំទីមួយ

សម្រាប់​ជុំ​ទីមួយ​នៃ​ការ​ប្រកួត​នៅ​ខែ​មីនា ឆ្នាំ​ ២០១៦ ក្រុម​ស៊ីយ៉ូន​បាន​សម្ដែង​ដោយ​ច្រៀង​ចម្រៀង​ពីរ​បទ​លាយបញ្ចូល​គ្នា ។ មាន​ចៅ​ក្រម​ម្នាក់​បាន​និយាយ​ថា « ខ្ញុំ​ឃើញ​ទឹក​មុខ​ប្អូនៗ​រីករាយ​ណាស់ ! … យើង​ត្រូវ​ដាក់​វីដេអូ​របស់​ប្អូន​នៅ​លើ​យូធូប​ដើម្បី​ផ្សព្វផ្សាយ​កម្មវិធី​នេះ​ដល់​ពិភពលោក » ។

ចៅ​ក្រម​ម្នាក់​ទៀត​បាន​សួរ​ក្រុម​ចម្រៀង​នេះ​ថា តើ​ពួកគេ​នឹង​ធ្វើ​អ្វី​ខ្លះ ប្រសិន​បើ​ពួកគេ​ឈ្នះ​រង្វាន់​ធំ​ដែល​មាន​ទឹក​ប្រាក់​ចំនួន ៥០,០០០ ដុល្លារ​នោះ ។ គាត់បាន​មាន​​ចំណាប់​អារម្មណ៍​ជា​ខ្លាំង ពេល​ពួកគេ​បាន​និយាយ​ថា ពួកគេ​ចង់​បរិច្ចាគ​ប្រាក់​នោះ​ទាំង​អស់​ទុក​ជា​អំណោយ​ពិសេស​មួយ​សម្រាប់​បុណ្យ​គ្រីស្ទម៉ាស់​ទៅ​ដល់​មជ្ឈមណ្ឌល​កុមារ​កំព្រា​មួយ ។

ជុំទីពីរ

ក្នុង​ចំណោម​អ្នក​ចូល​រួម​ប្រកួត​ចំនួន ៤០០ នាក់ ក្រុម​ស៊ីយ៉ូន​ស្ថិត​នៅ​ក្នុង​ចំណោម​មនុស្ស​ពីរ​រយ​នាក់​ដែល​បាន​ឈាន​ទៅ​ជុំទីពីរ ប៉ុន្តែ​ការ​សម្ដែង​របស់​ពួកគេ​ត្រូវ​នឹង​ថ្ងៃ​ជាមួយ​គ្នា​នឹង​ថ្ងៃ​សន្និសីទ​ពហុ​ស្តេក​សម្រាប់​យុវវ័យ ដែល​ត្រូវការ​សមាជិក​ពាក់​កណ្ដាល​នៃ​ក្រុម​ចម្រៀង​នេះ​ដែល​មាន​គ្នា ៣៥ នាក់ ។ ក្រុម​ចម្រៀង​នេះ​បាន​សម្រេច​ចិត្ត​ទៅ​ការ​ប្រកួត​​ជុំ​ទីពីរ ដូច្នេះ​ពួកគេ​បាន​ជួល​រថយន្ត​ក្រុង​មួយ ហើយ​បន្ទាប់​ពី​ការ​សម្ដែង​របស់​ពួកគេ ពួកគេ​បាន​ធ្វើ​ដំណើរ​រយៈពេល​ប្រាំបី​ម៉ោង​ទៅ​ចូល​រួម​សន្និសីទ​យុវវ័យ​នោះ ។

ក្នុង​ចំណោម​ការ​សម្ដែង​ចំនួន ២០០ ក្រុម​ស៊ីយ៉ូន​គឺ​ស្ថិត​នៅ​ក្នុង​ចំណោម ៣២ ក្រុម​ដែល​ឈាន​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព័ត្រ ។ ក្រុម​ចម្រៀង​នេះ​បាន​ចាប់​ផ្ដើម​មាន​គេ​ស្គាល់​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ទាក់​ទង​នឹង ​កម្មវិធី​ប្រកួត​ប្រជែង​ផ្នែក​ទេពកោសល្យ​របស់​ម៉ុងហ្គោលី ។

វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព័ត្រ

ពួកគេ​បាន​ហ្វឹក​ហាត់​ពី​ខែ ​មិថុនា ​រហូត​ដល់​ខែ កញ្ញាដើម្បី​ត្រៀម​ខ្លួន​សម្រាប់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព័ត្រ ។ នៅ​ថ្ងៃ​នៃ​ការ​សម្ដែង​នោះ ពួកគេ​បាន​ក្រោក​ពី​ដំណេក​​នៅ​ម៉ោង ៤:០០​ព្រឹក ក្នុង​សីតុណ្ហភាព -៣៤ អង្សា ។ ប្អូន​ស្រី ណូមូអូងេរេល អេនខ្ទូវឈីន ជា​សមាជិក​ក្រុម​ចម្រៀង​ម្នាក់​បាន​និយាយ​ថា « សមាជិក​ក្រុម​យើង​ជាច្រើន​មាន​ជំងឺ​ផ្ដាសាយ » ។ ប៉ុន្តែ​ពួកគេ​មាន​អារម្មណ៍​ប្រសើរ​ឡើង ពេល​យើង​បាន​អធិស្ឋាន​ឲ្យ​ពួកគេ » ។

ប្រជាជន​នៅ​ក្នុង​ប្រទេស​ម៉ុងហ្គោលី​ទាំង​មូល​បាន​ទស្សនា​កម្មវិធី​នេះ ហើយ​ផ្ញើ​សារ​ចូល​ដើម្បី​ធ្វើ​ការ​បោះ​ឆ្នោត​របស់​ពួកគេ ។

ប្អូន​ប្រុស ឈឺជឺ ពូរេវឌ័ជ បាន​និយាយ​ថា « ដោយសារ​តែ​កម្មវិធី​ទូរទស្សន៍​មួយ​នេះ មាន​មនុស្ស​ជាច្រើន​កំពុង​មាន​ឥរិយាបថ​វិជ្ជមាន​ចំពោះ​សាសនាចក្រ » ។

ពរជ័យ

សមាជិក​ក្រុម​ចម្រៀង​ផ្ទាល់​ក៏​បាន​ទទួល​ពរជ័យ​ផង​ដែរ ។ ប្អូន​ប្រុស អូដហ្គេរេល តូមើរសូក បាន​និយាយ​ថា « យើង​បាន​ផ្ដោត​អារម្មណ៍​របស់​យើង ហើយ​បាន​លះបង់​ពេលវេលា​ពេញ​មួយ​ឆ្នាំ ខណៈ​ដែល​យើង​​គ្រប់​គ្រង​ការងារ​របស់​យើង និង​ធុរៈ​ផ្សេង​ទៀត​នៅ​ក្នុង​ជីវិត​របស់​យើង ។ ទោះ​ជា​វា​មាន​ភាព​លំបាក​ក្ដី ក៏​យើង​បាន​ទទួល​ពរជ័យ​ជាច្រើន​ដែរ ។ ខ្ញុំ​បាន​រៀន​គ្រប់​គ្រង​ពេល​វេលា​របស់​ខ្ញុំ ហើយ​ធ្វើ​ការ​លះបង់​ថ្វាយ​ព្រះអម្ចាស់ » ។

បន្ថែម​ពី​លើ​ការ​បង្កើន​សេចក្ដី​ជំនឿ​របស់​ពួកគេ សមាជិក​ក្រុម​ចម្រៀង​នេះ​បាន​ទទួល​នូវ​ទំនុក​ចិត្ត​ខ្លួន បាន​អភិវឌ្ឍ​មិត្តភាព ហើយ​បាន​រៀន​ដើម្បី​មាន​សាមគ្គីភាព ។ ប្អូន​ប្រុស ហ្គានបាអាតា អូលហ្សីឌូអូរេន បាន​និយាយ​ថា « ការ​ច្រៀង​នៅ​ក្នុង​ក្រុម​ចម្រៀង​បាន​ជួយ​យើង​ឲ្យ​រៀន​ពី​របៀប​អភ័យទោស ហើយ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក » ។ « យើង​មាន​សាមគ្គីភាព​កាន់​តែ​ខ្លាំង​ឡើង » ។ ប្អូន​ស្រី ប៊ិលហ្គូអូនហ្សាយ៉ា តូង៉ាឡាកតូអូល បាន​រៀន​ថា « ខ្ញុំ​ពុំ​គួរ​សង្ស័យ​លើ​ខ្លួន​ឯង ឬ​គិត​ថា ខ្ញុំ​ពុំ​អាច​ធ្វើ​អ្វី​មួយ​បាន​ឡើយ » ។

ប្អូន​ប្រុស បាយ៉ាតសុគ ឡាក្វាចាវ បាន​និយាយ​ថា « ការ​ច្រៀង​នៅ​ក្នុង​ក្រុម​ចម្រៀង​បាន​នាំ​យក​ពរជ័យ​ជាច្រើន​ដល់​គ្រួសារ​របស់​ខ្ញុំ ហើយ​វា​ក៏​ជួយ​ខ្ញុំ​ឲ្យ​ទទួល​បាន​ចម្លើយ​ដែល​ខ្ញុំ​បាន​ស្វែង​រក​ជា​យូរ​មក​ហើយ​ដែរ ។ ថ្នាក់​ដឹកនាំ​របស់​យើង​បាន​ជួយ​ផ្ដល់​ដំណោះ​ស្រាយ​ដល់​យើង ។ … វា​បាន​បញ្ជាក់ដល់​​ទីបន្ទាល់​របស់​ខ្ញុំ​ថា ថ្នាក់​ដឹកនាំ​របស់​យើង​ត្រូវ​បាន​ហៅ​មក​ពី​ព្រះ » ។

ប្អូន​ស្រី អូណុន ដាឡៃឃូអូ បាន​ពន្យល់​ថា « ពេល​ខ្ញុំ​បាន​ចូល​រួម​នៅ​ក្នុង កម្មវិធី​ប្រកួត​ប្រជែង​ផ្នែក​ទេពកោសល្យ​របស់​ម៉ុងហ្គោលី ខ្ញុំ​បាន​រៀន​ថា ការ​លើក​ទឹក​ចិត្ត និង​ការ​គាំទ្រ​គ្នា ​[ គឺជា ] ​គន្លឹះ​ឆ្ពោះ​ទៅ​រក​ជោគជ័យ​ [ របស់​យើង ] » ។ ការ​ទទួល​ខុស​ត្រូវ​របស់​ប្អូន​ស្រី ដាឡៃឃូអូ រួម​មាន​ការ​រៀបចំ​សមាជិក​ក្រុម ដែល​បាន​ជួយ​ពង្រឹង​សមត្ថភាព​ភាព​ជា​អ្នក​ដឹកនាំ​របស់​នាង ។ នាង​បាន​បន្ថែម​ថា « យើង​មាន​អារម្មណ៍​ថា ព្រះអម្ចាស់​បាន​ដឹកនាំ ហើយ​បាន​មាន​ឥទ្ធិពល​មក​លើ​យើង ។ ពួក​យើង​ភាគច្រើន​មាន​ជំងឺ រវល់ អស់​កម្លាំង ហើយ​មាន​ការ​ថប់​បារម្ភ ។ ប៉ុន្តែ ពេល​យើង​បាន​អធិស្ឋាន​រួម​គ្នា យើង​ហាក់​ដូចជា​រក​ឃើញ​នូវ​ថាមពល និង​បំណង​ប្រាថ្នា​កាន់​តែ​ខ្លាំង​ឡើង​ដើម្បី​ស៊ូទ្រាំ​ » ។

ទោះ​បី​ជា​ក្រុម​ចម្រៀង​នេះ​ពុំ​បាន​ទទួល​ការ​បោះ​ឆ្នោត​ឲ្យ​គ្រប់​គ្រាន់​ដើម្បី​ឈាន​ទៅ​វគ្គ​ផ្ដាច់​ព័ត្រ​ក្ដី ក៏​ការ​សម្ដែង​របស់​ពួកគេ​បាន​ផ្ដល់​នូវ​ការ​ផ្សព្វផ្សាយ​យ៉ាង​សំខាន់​អំពី​សាសនាចក្រ​នៅ​ក្នុង​ប្រទេស​ម៉ុងហ្គោលី ។ ប្រធាន អូឈើចាវ ពន្យល់​ថា « យើង​បាន​គោរព​​ប្រតិបត្តិ​ចំពោះ​ការ​ចាត់​តាំង​មួយ​មក​ពី​ថ្នាក់​ដឹកនាំ​បព្វជិតភាព​របស់​យើង ហើយ​ព្រះអម្ចាស់​បាន​រៀប​ចំ​ផ្លូវ​មួយ​​ឲ្យ​យើង ។ … ឥឡូវ​នេះ​ទីក្រុង [ អ៊ូឡង់បាទ័រ ] ទាំងមូល​និយាយ​អំពី​ការ​ចូល​រួម​របស់​ក្រុម​ចម្រៀង​មរមន​នៅ​ក្នុង ​កម្មវិធី​ប្រកួត​ប្រជែង​ផ្នែក​ទេពកោសល្យ​របស់​ម៉ុងហ្គោលី » ។