២០១៩
ម៉ារា​មាតា​របស់​ព្រះយេស៊ូវ
ខែ មករា ឆ្នាំ ២០១៩


ម៉ារា មាតា​របស់​ព្រះយេស៊ូវ

រឿង​របស់ម៉ារា​គឺ​ជា​ការរំឭកមិនចប់​មិន​​ហើយ​អំពី​តម្លៃ និង​ពរជ័យ​នៃ​ភាព​ជា​សិស្ស ។

រូបភាព
Mary the Mother of Jesus

ម៉ារា​នាង​រក្សា​ទុក​រឿង​ទាំង​នោះ ដោយ ហាវើត លីយ៉ុន

ម៉ារា​មាតា​របស់ព្រះយេស៊ូវ​គឺជា​ស្ត្រី​ម្នាក់​នៃ​ស្ត្រី​ពីរបី​នាក់ដែល​បាន​លើក​ឡើង​នៅក្នុង​ព្រះគម្ពីរ ហើយ​គឺជា​ស្ត្រី​តែ​ម្នាក់​គត់​ដែល​​ត្រូវបាន​ព្យាករ​អំពី​ជីវិត និង​ការងារ​បម្រើ ប្រមាណ​ជា​រាប់​សតវត្សរ៍​ពីមុន​កំណើត​របស់​គាត់ ( សូមមើល នីហ្វៃ​ទី ១ ១១:១៥, ១៨; ម៉ូសាយ ៣:៨; អាលម៉ា ៧:១០ ) ។ អ្នក​សរសេរ​ព្រះគម្ពីរ​សញ្ញា​ថ្មី​ដូចជា ម៉ាថាយ, ម៉ាកុស, លូកា និង យ៉ូហាន ផ្តល់​ការបង្ហាញ​ដោយ​សង្ខេប​អំពី​ជីវិត និង​ការងារ​បម្រើ​របស់​គាត់ ដោយសារ​ពួកគេ​ផ្តោត​ចិត្ត​ទុកដាក់​ផ្ទាល់​ទៅលើ​ព្រះអង្គសង្គ្រោះតែ​ម្តង ។ ប៉ុន្តែ​ព្រះវិហារ​គ្រិស្តសាសនា​ជំនាន់​ដើម​បាន​ដាក់​ងារ​ដល់​ម៉ារា​ថា theotokos ជា « អ្នក​ពរពោះ ឬ​មាតា​របស់​ព្រះ » គឺ​ជា​ការរំឭក​នៃ​ផ្នែក​ដ៏​សំខាន់​នៃ​តួនាទី​របស់​គាត់​នៅក្នុង​ផែនការ​របស់​ព្រះវរបិតា ។

អែលឌើរ ប្រូស អ័រ ម៉ាក់ខន់ឃី ( ឆ្នាំ ១៩១៥–១៩៨៥ ) ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​សរសេរ​ថា ៖ « តើ​យើង​អាច​និយាយ​ដោយ​ការគោរព​ដ៏​ខ្លាំង​អំពី​គាត់ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ពរ​លើស​អស់​ពី​ស្ត្រី​ទាំងអស់​បាន​ទេ ? មាន​ព្រះគ្រីស្ទ​តែ​មួយ​អង្គ​គត់ ហើយ​មាន​ម៉ារា​តែ​ម្នាក់​គត់ ។ បុគ្គលម្នាក់ៗ​ជាអ្នក​មាន​ត្រកូល​ខ្ពស់ និង​អស្ចារ្យ​នៅក្នុង​ [ ជីវិត​មុន​ឆាក​ជីវិត​នេះ ] ហើយ​ម្នាក់ៗ​ត្រូវបាន​តែងតាំង​ពី​មុន​លោកិយ​នេះ​ឲ្យ​ផ្តល់​ការងារ​បម្រើ​ដែល​គាត់​បាន​ធ្វើ ។ យើង​ពុំ​អាច​ទប់​មិន​គិត​បាន​ទេ​ថា ព្រះវរបិតា​នឹង​ជ្រើសរើស​វិញ្ញា​ណ​ស្ត្រី​ដ៏​អស្ចារ្យ​ដើម្បី​ធ្វើ​ជា​មាតា​របស់​ព្រះរាជបុត្រា​ទ្រង់ ក៏​ដូចជា​ទ្រង់​បាន​ជ្រើសរើស​វិញ្ញាណ​បុរស​​ដូចជា​ទ្រង់​ឲ្យ​ធ្វើ​ជា​ព្រះអង្គសង្គ្រោះ​ឡើយ ។ … យើង​គួរតែ … គោរព​ម៉ារា​ដោយ​ការផ្តល់​តម្លៃ​ត្រឹមត្រូវ​នោះ​ដែល​ជា​របស់គាត់ » ។

ដំណើរ​រឿង​របស់​លូកា​គឺជា​រឿង​ស្តីពី​ការប្រកាស​ប្រាប់​ដល់​ម៉ារា ( សូមមើល លូកា ១:២៦–៥៦ ) ដែល​ផ្តល់​ជា​ការបង្ហាញ​ដល់​យើង ដើម្បី​មាន​អំណរគុណ​កាន់តែ​ខ្លាំង​ដល់​យុវនារី​ដ៏​អស្ចារ្យ​នេះ ។ តាមរយៈ​ទំនាក់ទំនង​របស់​គាត់​ជាមួយ​នឹង​ទេវតាកាព្រីយ៉ែល និង អេលីសាបិត នោះ​យើង​ឃើញ​យុវនារី​ម្នាក់​ព្យាយាម​ស្វែងយល់ និង​យល់​ដឹង​អំពី​ការហៅ​ដ៏​ពិសេស​របស់​គាត់មក​ពី​ព្រះ ។ ការហៅ​ដ៏​ធំធេង​នោះ​ត្រូវតែ​មាន​ទម្ងន់​ធ្ងន់ធ្ងរ​ណាស់​លើ​បុគ្គល​ម្នាក់​ដែល​នៅ​ក្មេង ប៉ុន្តែ​គាត់​​បាន​ត្រៀម​រួចជា​ស្រេច​ដើម្បី​ចុះចូល​ឆន្ទៈ​របស់​គាត់​ទៅ​នឹង​ព្រះទ័យ​របស់​ព្រះវរបិតា ។ រឿង​របស់​គាត់​រំឭក​យើង​ថា ព្រះ​ស្គាល់​បុត្រាបុត្រី​ទាំងអស់​របស់​ទ្រង់ ហើយ​​ទ្រង់​ហៅ​បុរស និង​ស្ត្រី​សាមញ្ញៗ ដើម្បី​ចូលរួម​ក្នុង​ការជួយ​ស្ថាបនា​នគរ​របស់​ទ្រង់​ក្នុង​របៀប​ដ៏​អស្ចារ្យ ។ គាត់​បាន​ក្លាយ​ជា​សិស្ស​ដំបូង​គេ​របស់​ព្រះយេស៊ូវ ហេតុ​ដូច្នោះ​ហើយ គាត់​គឺ​ជា​គំរូ​មួយ​សម្រាប់​មនុស្ស​​ទាំងអស់​ដែល​ជ្រើសរើស​ធ្វើតាម​ទ្រង់ ។

ណាសារ៉ែត ៖ ផ្ទះ​របស់​ម៉ារា

ជា​អកុសល ព្រះគម្ពីរ​សញ្ញា​ថ្មីពុំ​​ប្រាប់​យើង​អំពី​ឪពុក​ម្តាយ​របស់​ម៉ារា កំណើត​របស់​គាត់ ឬ​អ្វីៗ​ផ្សេង​ទៀត​អំពី​ជីវិត​គាត់​នៅ​ណាសារ៉េត​ឡើយ ។ លូកា​ពិពណ៌នា​ពី​ភូមិ​ណាសារ៉ែត​ថា​ជា រដ្ឋ មួយ​ដែល​អាច​បកប្រែ​ថា ជា​ទីក្រុង ឬជី​ប្រជុំជន ប៉ុន្តែ​វា​ពុំ​មែន​ជា​ទីកន្លែង​ដ៏​ធំដុំ​ទេ ។ នៅក្រៅ​ព្រះគម្ពីរ​សញ្ញា​ថ្មី ណាសារ៉ែត​ពុំ​ត្រូវបាន​លើក​ឡើង​នៅក្នុង​អត្ថបទ​ណា​ឡើយ រហូត​ដល់​ចុង​សតវត្សរ៍​ទី​ពីរ​នៃ​គ្រិស្តសករាជ ។

យើង​ដឹង​ច្បាស់​ថា ណាសារ៉ែត​មាន​ទីតាំង​នៅលើ​ទួល​មួយ ក្នុង​វាល​ទំនាប​កាលីឡេ មើល​ទៅ​ឃើញ​ជ្រលង​ភ្នំ​យេរៀល​ដែល​មាន​ដី​ដ៏​មាន​ជីជាតិ ចម្ងាយ ១០៥ គីឡូ​ម៉ែត្រ​​​នៅ​ភាគ​ខាង​ជើង​នៃ​ទីក្រុង​យេរូសាឡិម ។ បុរាណ​វត្ថុ​វិទ្យា​បង្ហាញ​ថា នៅ​សតវត្សរ៍​ទី​មួយ​ណាសារ៉ែត​គឺ​មាន​លក្ខណៈ​ជាភូមិ​មួយ ជាជាង​ជាទីក្រុង ឬ​ទីប្រជុំជន ដែល​មាន​ប្រជាជន​​ប្រហែល​ជា ៤០០–៥០០ នាក់ ។ ជាមួយ​នឹង​ការមិនរាប់​បញ្ចូល​មួយ​ចំនួន ប្រជាជន​ភាគច្រើន​នៅ​ទូទាំង​ស្រុក​កាលីឡេ​បាន​ពុះពារ​ណាស់​ក្នុង​ការ​រស់នៅ​ដោយ​ប្រកប​របរ​ជា កម្មករ ចិញ្ចឹម​បសុសត្វ នេសាទ​ត្រី ហើយជាកសិករ ដើម្បី​ស្វែងរក​អាហារ​សម្រាប់​គ្រួសារ​របស់​ពួកគេ និង​បង់​ពន្ធ ។ ភូមិ​នេះ​គ្មានបន្ទាយ​ការពារ​ទេ គ្មាន​ភស្តុតាង​ណា​ដែល​បង្ហាញ​ថា វា​មាន​ផ្លូវ​ចាក់​ស៊ីម៉ង់ត៍ ឬ​សំណង់​ធំៗ​ឡើយ ហើយ​វា​ក៏​គ្មាន​ការប្រើប្រាស់​វត្ថុ​ល្អ​ប្រណិត​នានា​ដូច​ជា ថ្ម​ម៉ាប រូបគំនូរ ឬ​គំនូរ​ជាប់​នឹង​ជញ្ជាំង​នៅក្នុង​អគារ​នានា ឬ​ផ្ទះ​នានា​មាន​សម្ភារ​ល្អៗ​ដែល​បាន​នាំ​ចូល​ពីទីណា​ឡើយ ។ ផ្ទះ​នៅ​ក្នុង​សតវត្សរ៍​ទី​មួយ​ចំនួន​ពីរ​ដែល​ត្រូវបាន​គាស់​កកាយ​រក​ឃើញ គឺ​ជា​ផ្ទះ​ដែល​ពុំមាន​ទំហំ​ធំ​ឡើយ ដែល​មាន​បន្ទប់​ពីរ ដំបូល​ប្រក​ស្បូវ និង​ទីធ្លា​មុខ​ផ្ទះ​តូច​មួយ ។ ទំនៀមទម្លាប់​នៃ​ការបញ្ចុះ​សព និង​បំណែក​ថូ​ថ្ម​កំបោរ​មួយ​ចំនួន​បង្ហាញ​ថា ប្រជាជន​គឺជា​ពួកសាសន៍យូដា​ជាជាង​ពួក​សាសន៍​ដទៃ ។

ទោះបី​ជា​គំហើញ​ទាំងនេះ​ពុំ​ជាប់​ទាក់ទង​ផ្ទាល់​ទៅ​នឹង​ម៉ារា ឬ​គ្រួសារ​របស់​គាត់​ក្តី គំហើញ​ទាំង​នេះ​ផ្តល់​គំនិត​មួយ​ដល់​យើង​អំពី​លក្ខណៈ​នៃ​ជីវិត​របស់​គាត់​នៅភូមិ​ណាសារ៉ែត ៖ ជា​ក្មេង​ស្រី​ស្រុកស្រែ​រស់នៅក្នុង​ភូមិ​ជនបទ​មួយ ឆ្ងាយ​ពី​មជ្ឈមណ្ឌល​សាសនា​នៃ​ទីក្រុង​យេរូសាឡិម ជាទីក្រុង​ដែល​មាន​ព្រះវិហារ​បរិសុទ្ធ ពួក​សង្ឃ​អភិជន និង​ទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ ។ ទោះបី​គាត់​នៅ​ក្មេង​ក្តី គាត់​បាន​ធ្វើ​ការ​ជាមួយ​ម្តាយ​គាត់ និង​ស្ត្រី​ដទៃ​ទៀត​ក្នុង​ភូមិ ត្បាញ​ក្រណាត់ ចម្អិន​អាហារ រក​ឧស ដង​ទឹក​ពី​អាង ឬ​អណ្តូង​ក្នុង​ភូមិ ហើយ​ធ្វើការ​នៅក្នុង​វាល​ស្រែ—ធ្វើ​អ្វីៗ​ទាំងអស់​ដើម្បី​ជួយ​ចិញ្ចឹម​គ្រួសារ​គាត់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។

ការហៅ​របស់​ម៉ារា

រឿង​របស់​ម៉ារា​នៅក្នុង​គម្ពីរ​លូកា​បើក​បង្ហាញ​អំពី​ការបង្ហាញ​ព្រះកាយ​របស់ទេវតា​កាព្រីយ៉ែល ជា​ទេវតា​ដដែល​នោះ​ដែល​បាន​បង្ហាញ​កាយ​កាល​ពីមុន​ដល់​សាការី​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ( សូមមើល លូកា ១:១១, ១៩, ២៦ ) ។ នៅពេល​ទេវតា​កាព្រីយ៉ែល​បង្ហាញ​ព្រះកាយ ម៉ារា​គឺជា​យុវនារី​ម្នាក់​ដែល​ត្រូវ​បាន​គេ​ស្តី​ដណ្តឹង​ឲ្យ​រៀបការ​នឹង​យ៉ូសែប ( សូមមើល លូកា ១:២៧ ) ។ ទោះបី​ជា​យើង​ពុំ​ដឹង​ថា ម៉ារា​មាន​អាយុ​ប៉ុន្មាន​នៅ​គ្រា​នោះ​ក្តី នៅ​សម័យ​បុរាណ​ការរៀបចំ​សម្រាប់​កិច្ចសន្យា​អាពាហ៍ពិពាហ៍​នេះ​អាច​ធ្វើ​បាន ទោះពីមុន​ពេញវ័យក្តី ។ ការបង្ហាញ​ព្រះកាយ និង​ការប្រកាស​របស់​កាព្រីយ៉ែល​ថា ម៉ារា​ដែល « ប្រកប​ដោយ​ព្រះគុណ » ថា « ព្រះអម្ចាស់​ទ្រង់​គង់​នៅ​ជា​មួយ​នឹង​នាង » ថា « ក្នុង​បណ្តា​ពួក​ស្រីៗ នាង​ជា​ស្រ្តី​មាន​ពរ​ពិត » ហើយ​យោង​តាម​ការបកប្រែ​របស់​យ៉ូសែប ស្ម៊ីធ នៃ លូកា ១:២៨ នាង​គឺជា « ស្ត្រី​ដ៏​ជម្រើស » ( សូមមើល​ផងដែរ អាលម៉ា ៧:១០ ) ត្រូវតែ​បណ្តាល​ឲ្យ​មាន​ប្រតិកម្ម​នៃ​ការភាន់ច្រឡំ​ដ៏​ច្របូកច្របល់ និង​ភ័យ​ខ្លាច​ដល់ម៉ារា ។ យើង​អាច​គ្រាន់តែ​ស្រមៃ​ឃើញ​គំនិត​នានា​ដែល​អាច​កើត​មាន​ក្នុង​ចិត្ត​របស់​គាត់​នៅ​គ្រា​នោះ ប៉ុន្តែ​គំនិត​នោះ​អាច​រួមមាននូវ​សំណួរ​ដូចជា « ហេតុអ្វី​ព្រះ​ចាត់ទុក​ខ្ញុំ​ថា ‹ ក្នុង​បណ្តា​ពួក​ស្រីៗ ខ្ញុំ​ជា​ស្រ្តី​មាន​ពរ​ពិត › ? » « ហេតុអ្វី ‹ ព្រះ​សព្វ​ព្រះទ័យ​នឹងខ្ញុំ › ហើយ​តើ​វា​មានន័យ​យ៉ាង​ណា ? » « ហេតុអ្វី​ព្រះ​បញ្ជូន​កាព្រីយ៉ែល​មក​ខ្ញុំ ម្តេច​មិន​ទៅ​រកស្ត្រី​ផ្សេង​ទៀត​នៅក្នុង​ភូមិ​ណាសារ៉ែត ឬ​ក្នុង​ទីក្រុង​យេរូសាឡិម​ទៅ ? » ប្រាកដ​ណាស់ គាត់​គឺជា​ពូជពង្ស​ដាវីឌ ( សូមមើល លូកា ១:៣២; រ៉ូម ១:៣ ) ប៉ុន្តែ​រឿង​នោះ​វា​ពុំ​សូវ​មាន​ន័យ​អ្វី​ទេ​នៅក្រោម​ការត្រួតត្រា​របស់​ពួករ៉ូម ។ លើស​ពី​នោះ​ទៅ​ទៀត នាង​គ្រាន់តែ​ជា​ក្មេង​ស្រី​ម្នាក់​មក​ពី​គ្រួសារ​កសិករ​ដែល​រស់នៅ​ក្នុង​ភូមិ​តូច​មួយ​ប៉ុណ្ណោះ ។ ដូច​ណាថាណែល​បាន​សួរ​ពេល​ក្រោយ​មក​ទៀត​ថា « តើ​មាន​អ្វី​ដ៏​ល្អ​អាច​ចេញ​ពី​ណាសារ៉ែត​មក​បាន​ឬ​ទេ ? » ( យ៉ូហាន ១:៤៦ ) ។

កាព្រីយ៉ែល​ពុំ​ឆ្លើយ​គ្រប់​សំណួរ​ទាំងអស់​ដែល​ម៉ារា​អាច​មាន​ក្នុង​គំនិត និង​ចិត្ត​របស់​គាត់​ឡើយ ។ ផ្ទុយ​ទៅវិញ ទ្រង់​បន្ត​សារលិខិត​របស់​ទ្រង់​ថា ៖ ម៉ារា​នឹង​ពរពោះ ប៉ុន្តែ​ពុំ​មែន​ជា​កូន​ធម្មតា​នោះ​ទេ ។ កូន​របស់​គាត់​នឹង​ត្រូវបាន​ហៅ​ថា « ព្រះរាជបុត្រា​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត » ហើយ​នឹង​ទទួល « រាជ្យ​នៃ​ហ្លួង​ដាវីឌ​ជា​ឰយុកោ​ទ្រង់ » ( សូមមើល លូកា ១:៣២–៣៣ ) ។ ម្យ៉ាង​ទៀត ទេវតាកាព្រីយ៉ែល​បាន​មាន​បន្ទូល​ប្រាប់​ទៅ​ម៉ារា​ថា កូន​របស់​គាត់​គឺ​ជា ព្រះរាជបុត្រា​នៃ​ព្រះ និង​ជា​ព្រះមែស៊ី​ដែល​បាន​សន្យា ។ ប្រសិនបើ​ម៉ារា​មាន​ការភាន់ច្រឡំ ហើយ​ភ័យខ្លាច​នៅ​ចំពោះ​ការប្រកាស​នេះ នោះ​យើង​គ្រាន់តែ​អាច​ស្រមៃ​ឃើញ​ពី​ស្ថានភាព​តានតឹង​ផ្នែក​ផ្លូវ​ចិត្ត​របស់​គាត់​បន្ទាប់​ពី​រឿង​នោះប៉ុណ្ណោះ ។

ចូរ​ពិចារណា​អំពី​គោលការណ៍​មួយ​ដែល​ផ្នែក​នេះ​ក្នុង​រឿង​របស់​ម៉ារា​បង្រៀន​អំពី​ភាព​ជាសិស្ស ។ ផែនការ​របស់​ព្រះ​សម្រាប់​ម៉ារា​ពុំមែន​ជា​អ្វី​ដែល​គាត់​បាន​សូម​​ធ្វើ​ឡើយ ! កាព្រីយ៉ែល​បាន​បង្ហាញ​ព្រះកាយ​ដល់​សាការី ដោយសារ​លោក និង​អេលីសាបិត បាន​អធិស្ឋាន​ទូលសូម​​អព្ភូតហេតុ​ឲ្យ​មាន​កូន​មួយ ប៉ុន្តែ​​កាព្រីយ៉ែល​បាន​យាង​មក​ជួប​ម៉ារា​ក្នុង​កាលៈទេសៈ​មួយ​ផ្សេង​ពីនោះ​ខ្លាំង​ណាស់ ៖ ពុំមែន​ដើម្បី​បំពេញ​តាម​ការទូល​សូម​អង្វរ​ឡើយ ប៉ុន្តែ​ប្រកាស​ប្រាប់​អំពី​ព្រះទ័យ​របស់​ព្រះ​សម្រាប់​គាត់​វិញ ។ ជាមួយ​នឹង​ការរង់ចាំ​ដើម្បី​រៀបអាពាហ៍ពិពាហ៍ ម៉ារា​​ប្រហែល​ជា​បាន​គិត​អំពី​លទ្ធភាព​នៃ​ការមាន​កូន​នៅពេល​ខាង​មុខ​ជាក់​ជា​មិន​ខាន​ឡើយ ។ ប៉ុន្តែ​ទោះបីជា​មាន​រលកមួយ​នៃ​ការរំពឹង​ទុក​របស់​ព្រះ​នៅក្នុង​ពួក​សាសន៍​យូដា​នៅក្នុង​សតវត្សរ៍​ទីមួយ​ក្តី តើ​ម៉ារានឹង​គិត​ថា​គឺជា​នាង​ដែល​ជា​ក្មេង​ស្រី​ស្រុកស្រែ​មក​ពី​ភូមិ​ណាសារ៉ែត​ឬ​ ដែល​នឹង​ក្លាយ​ជា​មាតា​នៃ​ព្រះ​មែស៊ី​នោះ ? ប្រហែល​ជា​អត់​ទេ ។ រឿង​សំខាន់នោះ​គឺ​ថា ការហៅ​នៃ​ភាព​ជាសិស្ស​ជារឿយៗ តម្រូវ​ឲ្យ​មាន​ការផ្លាស់ប្តូរ​​ផែនការ​ជីវិត​ផ្ទាល់​ខ្លួន​របស់​យើង ។

លូកា​ផ្តោត​​កំណត់ត្រា​របស់​គាត់​ទៅលើ​ការប្រកាស​របស់​កាព្រីយ៉ែល ហើយ​បន្ទាប់​មក​អេលីសាបិត ។ ប៉ុន្តែ​មាន​ឱកាស​បី​ដង នៅពេល​ម៉ារា​​បង្ហាញ​ពី​គំនិត និង​អារម្មណ៍​របស់​គាត់ ។

រូបភាព
Mary seeing the angel Gabriel

ទេវតា​កាព្រីយ៉ែល​បាន​បង្ហាញ​ព្រះកាយ​ដល់​ម៉ារា​ជាមួយ​នឹង​សារលិខិត​ដ៏អស្ចារ្យ​ដែល​ថា « ក្នុង​បណ្តា​ពួក​ស្រីៗ នាង​ជា​ស្រ្តី​មាន​ពរ​ពិត » ហើយ​ថា​គាត់​នឹង​មាន​គ៌រ​ដែល​ជា​ព្រះរាជបុត្រា​នៃ​ព្រះ ។

ការប្រកាសប្រាប់​ដំណឹង​អំពី​ម៉ារា​ ដោយ យ៉ូសែប ប្រ៊ីកឃី

សំណួរ​ដែល​បំផុស​គំនិត

ដំបូង​គឺ​សំណួរ​របស់​គាត់​ទៅកាន់​កាព្រីយ៉ែល « ខ្ញុំ​មិន​ស្គាល់​ប្រុស​ណា​ផង ដូច្នេះ​តើ​ធ្វើ​ដូចម្តេច​នឹង​ឲ្យ​ការនេះ​សម្រេច​បាន ? » ( លូកា ១:៣៤ ) ។ សំណួរ​របស់​គាត់​គឺជា​សំណួរ​ដ៏​មាន​ហេតុផល​មួយ​នៅក្នុង​កាលៈទេសៈ​នោះ ។ វា​រំឭក​អ្នក​អាន​​អំពី​សំណួរ​របស់​សាការី​ថា « តើ​ខ្ញុំ​នឹង​ដឹង​សេចក្តី​នោះ​បាន​ដោយសារ​អ្វី ? [ ឧទាហរណ៍ ថា អេលីសាបិត​នឹង​បង្កើត​កូន​ប្រុស​មួយ ] » ( ខទី ១៨ ) ។ សំណួរ​របស់​គាត់​បង្ហាញ​​មន្ទិល​សង្ស័យ​អំពី​​ការឆ្លើយតប​របស់​កាព្រីយ៉ែល​​ទៅ​នឹង​ការអធិស្ឋាន ដែល​សាការី​​បាន​ទូល​សូម​ទៅព្រះ​ដោយ​ផ្ទាល់ ប៉ុន្តែ​សំណួរ​របស់​ម៉ារាវិញ ស្វែងរក​ការបញ្ជាក់​អំពីការប្រកាស​ព្រះទ័យ​របស់​ព្រះ​សម្រាប់​នាង ។ នៅពេល​មាន​ការអញ្ជើញ​របស់​ព្រះ​​ឲ្យ​ពួកសិស្ស​លើក​កម្ពស់ និង​ប្តូរ​ចេញ​ពី​ភាព​ស្រណុក​សុខស្រួល​របស់​ពួកគេ នោះ​សំណួរ​​នឹង​កើត​មាន​ចៀស​មិន​រួច ហើយ​សំណួរ​ដែល​បំផុសគំនិត​ដឹកនាំ​ទៅរក​វិវរណៈ ។

ចម្លើយ​របស់​កាព្រីយ៉ែល​ទៅ​នឹង​សំណួរ​របស់​ម៉ារា​មាន​បី​ផ្នែក ៖

  1. ទីមួយ ទ្រង់​ប្រាប់​ម៉ារា​ថា « ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​យាង​មក​សណ្ឋិត​លើ​នាង » ( ខ​ទី ៣៥ ) ។ ព្រះវិញ្ញាណ​បរិសុទ្ធ​គឺជា​ព្រះចេស្តា​ដែល​ពួក​សិស្ស​នៅគ្រប់​ជំនាន់​ទាំងអស់​​ត្រូវបាន​លើក​តម្កើង​ការហៅ​របស់​ពួកគេ ។ ប្រធាន ថូម៉ាស អេស ម៉នសុន ( ១៩២៧–២០១៨ ) បាន​បង្រៀន​ថា « ចូរចាំ​ថា កិច្ចការ​ងារ​នេះ គឺ​ពុំ​មែនជា​របស់អ្នក និង​ខ្ញុំ​តែ​ឯង​នោះ​ទេ ។ វា​គឺ​ជា​កិច្ចការ​របស់​ព្រះអម្ចាស់ ហើយ​នៅពេល​យើង​ស្ថិត​នៅ​ក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់ យើង​នឹង​ទទួល​បាន​ជំនួយ​ពី​ព្រះអម្ចាស់ ។ ចូរ​ចាំ​ថា អ្នក​ដែល​ព្រះអម្ចាស់​បាន​ហៅ ព្រះអម្ចាស់​នឹង​ធ្វើ​ឲ្យ​គេ​សម​នឹង​កិច្ចការ​នោះ » ។ បន្ទាប់​មក ទេវតា​កាព្រីយ៉ែល​ផ្តល់​ព័ត៌មាន​ជាក់លាក់​ដល់​ម៉ារា​អំពី​ស្ថានភាព​របស់​គាត់​ថា ៖ « ហើយ​ព្រះចេស្តា​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត នឹង​មក​គ្រប​បាំង​នាង​ដោយ​ស្រមោល ហេតុ​ដូច្នេះ បុត្រ​បរិសុទ្ធ​ដែល​នឹង​ប្រសូត​មក​នោះ ត្រូវ​ហៅ​ថា​ជា​ព្រះរាជ​បុត្រា​នៃ​ព្រះ » ( ខ​ទី ៣៥ ) ។

  2. ទីពីរ កាព្រីយ៉ែល​ប្រាប់​ម៉ារា​អំពី​អេលីសាបិត ជា​មនុស្ស​ម្នាក់​ដែល​កំពុង​មាន​បទពិសោធន៍​ស្រដៀង​គ្នា ទោះជា​មិនមែន​ជា​ការពរពោះ​ដោយ​​អព្ភូតហេតុ​ដូច​គ្នា​ក្តី ( សូមមើល ខទី ៣៦ ) ។ ការពរពោះ​របស់​អេលីសាបិត​គឺជា​ទីសម្គាល់​មួយ​ដល់​ម៉ារា​ថា គាត់​ពុំ​ឯកោ​ឡើយ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ម្នាក់​ទៀត​ដែល​មាន​អារម្មណ៍​មួយចំនួន​ដែល​គាត់​នឹង​មាន​ផងដែរ ។

  3. ទីបី កាព្រីយ៉ែល​ប្រកាស​យ៉ាង​ច្បាស់​ថា « ដ្បិត​ការ​អ្វី​ដែល​ព្រះ​ទ្រង់​ធ្វើ​ពុំ​បាន​នោះ​គ្មាន​សោះ​ឡើយ » ( ខ​ទី ៣៧ ) ។ ព្រះ​បាន​ធ្វើ​កិច្ចការ​ដែល​ពុំ​អាច​ធ្វើ​ទៅ​បាន នៅពេល​អេលីសាបិត​មាន​ទម្ងន់ ។ ការប្រកាស​របស់​កាព្រីយ៉ែល​គឺជា​ការរំឭក​មួយ​ដល់​ពួកសិស្ស​នៅ​គ្រប់​ជំនាន់​ថា នៅពេល​យើង​ឆ្លើយ​តប​ចំពោះ​ការអញ្ជើញ​របស់​ព្រះ នោះ​អព្ភូតហេតុ​អាច​កើត​មាន​ឡើង ។

ឆន្ទៈ​របស់​ពួកសិស្ស

នៅក្នុង​ចិត្ត​ខ្ញុំ ការឆ្លើយ​តប​លើក​ទី​ពីរ​របស់​ម៉ារា​នៅក្នុង​ការសរុប​រឿង​ខ្លីៗ​អំពី​ការតាំងចិត្ត និងទស្សនវិស័យ​នៃ​សិស្ស​ម្នាក់ ៖ « មើល ខ្ញុំ​នេះ​ជា​អ្នក​បម្រើ​របស់​ព្រះអម្ចាស់ ដូច្នេះ​សូម​ឲ្យ​បាន​សម្រេច​ដូច​ពាក្យ​លោក​ចុះ » ( លូកា ១:៣៨ ) ។ ពាក្យ « អ្នក​បម្រើ » បង្ហាញ​ថា ម៉ារា​បាន​ជ្រើសរើស​ទទួល​យក​ការហៅ​ដែល​ព្រះ​បាន​ប្រទាន​ដល់​គាត់ ។ សេចក្តីថ្លែង​នេះ​គឺជា​របស់​ម៉ារា​ស្តីពី​អ្វី​ដែល​កូន​របស់​គាត់​នឹង​និយាយ​​នៅក្នុង​សួន​ច្បារគែតសេម៉ានី « កុំ​តាម​ចិត្ត​ទូលបង្គំ​ឡើយ សូម​តាម​តែ​ព្រះហឬទ័យ​ទ្រង់​វិញ » ( លូកា ២២:៤២ ) ។ វា​ហាក់ដូចជា​ច្បាស់​ណាស់​ថា នៅត្រង់​ចំណុច​នេះ​នៅក្នុង​ដំណើរ​របស់​គាត់ គាត់​អាច​យល់​នូវ​អ្វីៗ​ទាំងអស់​ដែល​ត្រូវបាន​តម្រូវ​ពី​គាត់​—ក្រោយ​មក​ស៊ីម៉ូន​​ព្យាករ​ទៅកាន់​គាត់​ថា « នឹង​មាន​ដាវ​ចាក់​ទំលុះ​ព្រលឹងនាង​ដែរ » ( លូកា ២:៣៥ )—ទោះជា​យ៉ាង​ណា​ក្តី ម៉ារា​ជ្រើសរើស​បន្ត​ឆ្ពោះ​ទៅមុខ​ដោយ​សេចក្តីជំនឿ ។

« រួច​ទេវតា​ក៏​ថយ​ចេញ​ពី​នាង​បាត់​ទៅ » ( លូកា ១:៣៨ ) ។ នៅពេល​កាព្រីយ៉ែល​ចាកចេញទៅ ម៉ារា​នៅ​តែ​ម្នាក់​ឯង ។ ទោះវា​ជា​រឿង​មួយ​ដែល​សិស្ស​ម្នាក់​ត្រូវបាន​​ប្រកាសប្រាប់​​​ដូចជា​រឿង​របស់​គាត់​នៅក្នុង​វត្តមាន​របស់​សារទូត​នៃ​ព្រះ​ក្តី តើ​គាត់​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ក្នុងពេល​​ដែល​ទេវតា​បាន​យាង​ចេញ​ទៅបាត់​នោះ ? តើ​គាត់​ពន្យល់​បទពិសោធន៍​នេះ​ដល់​ឪពុក​ម្តាយ ឬ​ដល់​យ៉ូសែប​ដោយ​របៀប​ណា ? តើ​វា​មាន​តម្លៃ​អ្វី​ដល់​គាត់ ប្រសិនបើ​ពួកគាត់ ឬ​ប្រជាជន​នៅ​ណាសារ៉ែត​ពុំ​ព្រម​ជឿ​គាត់​នោះ ? ការរស់នៅរបស់នាង​ដែលមាន​អាយុ​បាន​មួយ​ភាគបួន​​នៃ​ជីវិត​នៅក្នុង​សាណារ៉ែត​នោះ អាច​ប្រែ​ជា​លំបាក​ដល់​នាង ។

រូបភាព
Elisabeth greeting Mary

ការជួបគ្នា​រវាង​ម៉ារា និង​អេលីសាបិត ដោយ​ ខាល ហៀនរីច ប្លុច

ដូច្នេះ​គាត់​បាន​រំឭក​អំពី​ផ្នែក​ទីពីរ​នៃ​ចម្លើយ​របស់​កាព្រីយ៉ែល​ទៅ​នឹង​សំណួរ និង​ដំណើរ​របស់​គាត់​ទៅ​ផ្ទះ​អេលីសាបិត ។ សារជាថ្មី​ម្តង​ទៀត រឿង​បើក​ចំហរ​ពីរ​របស់​លូកា​គឺវេញ​ត្របាញ់​ចូល​គ្នា ។ មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​ម៉ារា​ជម្រាបសួរ​អេលីសាបិត « នោះ​កូន​ក៏​បង្រះ​នៅ​ក្នុង​ផ្ទៃ រួច​គាត់​បាន​ពេញ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ ៖ ក៏​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា ក្នុង​បណ្តា​ពួក​ស្រីៗ គឺ​នាង​ហើយ ជា​ស្ត្រី​មាន​ពរ​ពិត ព្រម​ទាំង​កូន​នៅ​ក្នុង​ផ្ទៃ​នាង​ផង » ( លូកា ១:៤១–៤២ ) ។ ការស្វាគមន៍​របស់​គាត់​ដែល​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ បាន​បញ្ជាក់​ដល់​អ្វី​ដែល​កាព្រីយ៉ែល​ធ្លាប់​បាន​ប្រកាស​​អំពី​ពរ​របស់​ម៉ារា​ដែល​មាន​​ក្នុង​បណ្តា​ពួក​ស្រីៗ ។ ឥឡូវ​​ម៉ារា​មាន​សាក្សី​ទីពីរ​អំពី​ការហៅរបស់​គាត់ ប៉ុន្តែ​វា​កើត​ឡើង​បាន បន្ទាប់ពី​គាត់​មាន​ឆន្ទៈ​ទទួល​យក​ការហៅ​នោះប៉ុណ្ណោះ ។

ដំណើរ​រឿង​របស់ម៉ារា និង អេលីសាបិត​គឺជា​ការរំឭក​មួយ​អំពី​ទិដ្ឋភាព​ចម្បង​ពីរ​នៅក្នុង​ជីវិត​នៃ​ពួក​សិស្ស​សម័យ​ទំនើប​នេះ ។ វា​ជា​ការរំឭក​អំពី​តម្លៃ​ជា​និមិត្ត​រូប​ដ៏​អស្ចារ្យ​នៃ​ដួង​ចិត្ត​របស់​សមាគម​សង្គ្រោះ​នៅ​ជុំវិញ​ពិភពលោក ៖ ស្ត្រី​ដែល​មាន​អាយុ​ខុសៗ​គ្នា និង​ស្ថិតនៅ​ក្នុង​ដំណាក់កាល​ជីវិត​ផ្សេងៗ​គ្នា បាន​រួមគ្នា​គាំទ្រ និងជួយ​ជ្រោមជ្រែង​គ្នា​ទៅវិញទៅមក​នៅក្នុង​គ្រា​ខ្វះខាត ។ វា​ក៏ជា​ការរំឭក​មួយ​ផងដែរ​ថា ព្រះ​ពុំ​បោះបង់​អស់​អ្នក​ដែល​ទ្រង់​បាន​ហៅ​នៅក្នុង​គ្រា​ខ្វះខាត​​របស់​ពួកគេ​ឡើយ ប៉ុន្តែ​ជារឿយៗ​ទ្រង់​ឆ្លើយ​តប​ដោយ​ការឱប​ក្រសោប​ពួកគេ​នៅក្នុង​រង្វង់​ដៃ​របស់​មនុស្ស​ដទៃ​ ជា​អ្នក​ដែល​ទ្រង់​បាន​ហៅ​ផងដែរ ។​

ការសរសើរ​តម្កើង

ការបង្ហាញ​ចុង​ក្រោយ​របស់​ម៉ារា​​ត្រូវបាន​គេស្គាល់​ថា​ជា​ការសរសើរ​តម្កើង ហើយ​វា​គឺជា​ការបង្ហាញ​របស់​គាត់​អំពី​អំណរ​នៅក្នុង​ការឆ្លើយ​តប​​ចំពោះ​ការប្រកាស​របស់​អេលីសាបិត ។ គាត់​បង្ហាញ​អំពី​អារម្មណ៍​របស់​គាត់​ស្តីពី​អ្វី​ដែលបានកើត​ឡើង​ក្នុង​ជីវិត​របស់​គាត់ និង​ឆ្លុះ​បញ្ចាំងអំពី​ការយល់​ថ្មីដែល​គាត់​ដឹង​អំពី​តួនាទី​របស់​គាត់​នៅក្នុង​ផែនការ​របស់​ព្រះ ។​ ដំបូង និង​មុន​គេ​បង្អស់ គាត់​មាន​អារម្មណ៍លើក​តម្កើង សរសើរ ហើយ​សរសើរ​តម្កើង​ព្រះ​របស់​គាត់ ដែល​គាត់​រីករាយ​ដូចជា​ព្រះអង្គសង្គ្រោះ​របស់​គាត់ ( សូមមើល លូកា ១:៤៦–៤៧ ) ។ គាត់​ឃើញ​នៅក្នុង​បទពិសោធន៍​របស់​គាត់​នូវ​សេចក្តីមេត្តា​ករុណា​ឥត​ឈប់ឈរ​របស់​ព្រះ ទាំង​នៅក្នុង​ការពិត​ដែល​ទ្រង់​បាន​ជ្រើសរើស​នរណា​ម្នាក់​ដែល​មាន « សណ្ឋាន​ទាប​ថោក » ដូចជា​គាត់ ( សូមមើល ខ​ទី ៤៨–៥០ ) និង​នៅក្នុង​ភាព​ពិត​ដែល​ថា ទ្រង់​បាន​ជ្រើស​រើស​គាត់​ឲ្យ​ដើរ​តួ​យ៉ាង​សំខាន់​មួយនៅក្នុង​ការបំពេញ​សេចក្តីសញ្ញា​អ័ប្រាហាំ ( សូមមើល ខ​ទី ៥៤–៥៥ ) ។

« ម៉ារា​ក៏​នៅ​ជា​មួយ​នឹង [ អេលីសាបិត ] ប្រហែល​ជា​៣ ខែ​ទើប​ត្រឡប់​ទៅ​ផ្ទះ​ខ្លួន​វិញ » ( ខ​ទី ៥៦ ) ។ ឥឡូវ​​ម៉ារា​បាន​រៀបចំ​ខ្លួន​កាន់តែ​ច្រើន​ដើម្បី​បំពេញ​ការហៅ​មក​ពី​ព្រះ​របស់​គាត់ ។

រូបភាព
Mary holding baby Jesus

នៅក្នុង​រង្វង់​ដៃ​របស់​ម៉ារា ដោយ ស៊ីមុន ដេវីី

គំរូ​របស់ម៉ារា​សម្រាប់យើង

ពួក​សិស្ស​សម័យ​ទំនើប​គឺ​មិន​ដូចគ្នា​នឹង​រឿង​របស់​ម៉ារា​ឡើយ ទាំង​តាម​រយៈ​វប្បធម៌ និង​ទាំង​រយៈពេល ២០០០ ឆ្នាំ​នេះ ។ ទោះជា​យ៉ាង​ណាក៏ដោយ រឿង​របស់ម៉ារា​គឺ​ជា​ការរំឭក​មិន​ចប់​មិន​ហើយ​អំពី​តម្លៃ​នៃ​ភាព​ជា​សិស្ស ។ ព្រះ​រំពឹង​ឲ្យ​អ្នក​ដើរ​តាម​ទ្រង់​បោះជំហាន​ឆ្ពោះទៅតាម​ការអញ្ជើញ​ដែល​ទ្រង់​ប្រទានដល់​ពួកគេ ។ ប្រធាន រ័សុល អិម ណិលសុន រំឭក​យើង​ថា « ព្រះ​បាន​សុំ​ឲ្យ​បុត្រាបុត្រី​ក្នុង​សេចក្តីសញ្ញា​របស់​ទ្រង់​ធ្វើ​កិច្ចការ​លំបាកៗ​ជានិច្ច » ។១០ ម៉ារា​ត្រូវ​បាន​រាប់បញ្ចូល ហើយ​យើង​ក៏​ត្រូវបាន​រាប់​បញ្ចូល​ផងដែរ ។ ការអញ្ជើញ​របស់​យើង​គឺ ការមាន​សេចក្តីជំនឿ​ដើម្បី​ចុះចូល​ឆន្ទៈ​របស់​យើង​ទៅ​នឹង​ព្រះទ័យ​ទ្រង់ ដើម្បី​ទទួល​យក​ការហៅ​របស់​ទ្រង់​ដោយ​សេចក្តីជំនឿ​ថា ព្រះវិញ្ញាណ​របស់​ទ្រង់​នឹង​តម្កើង​យើង​ក្នុង​ការបម្រើ​របស់​ទ្រង់ ។ បូនី អេច ខ័រដុន ប្រធានយុវនារី​ទូទៅ ក៏​រំឭក​យើង​​ថា « យើង​អាច​ធ្វើ​កិច្ចការ​លំបាកៗ​បាន » ហើយ​ក្រោយ​មក​គាត់​បន្ថែម​ទៀត​ថា « ប៉ុន្តែ​យើង​ក៏​អាច​ធ្វើ​វា​ដោយ​អំណរ​ផងដែរ » ។១១

ក្នុង​នាម​ជា​សិស្ស​សម័យ​ទំនើប តើ​​អ្វីទៅ​គឺជា​ការសរសើរ​តម្កើង​របស់​យើង ? តើ​យើងអាច​បង្ហាញ​ភាពរីករាយ​​នៅក្នុង​ព្រះ​របស់យើង​ដោយ​របៀប​ណា ? តើ​យើងនឹង​បង្ហាញ​​ការសរសើរ​តម្កើង​អំពី​សេចក្តីមេត្តា​របស់​ទ្រង់​នៅក្នុង​ជីវិត​របស់​យើង​យ៉ាង​ដូចម្តេច ? តើ​យើង​នឹង​រកឃើញរបៀប​នានា ដើម្បី​សាទរ​ដល់​ផ្នែក​របស់​យើង​នៅក្នុង​ការបំពេញ​នូវ​​សេចក្តីសញ្ញា​នៃ​អ័ប្រាហាំ​នៅក្នុង​ជំនាន់​របស់យើង​ដោយ​របៀប​ណា ? ទាំងនេះ​ប្រហែល​​គ្រាន់តែ​ជា​វិធី​មួយ​ចំនួន​ដែល​យើង​អាច​រៀន​ពី​រឿង​ដ៏អស្ចារ្យ​របស់​ម៉ារា​ស្តីពី​ភាព​ជាសិស្ស ។

កំណត់​ចំណាំ

  1. ម៉ាថាយ​ក៏​យល់​ផងដែរ​ថា ម៉ារា​​គឺជា​ការបំពេញ​ការព្យាករ​របស់​អេសាយ​អំពី​នាង​ព្រហ្មចារីយ​ម្នាក់​ដែល​នឹង​បង្កើត​បុត្រ​មួយ​មាន​ឈ្មោះ​ថាអេម៉ាញូអែល ( សូមមើល អេសាយ ៧:១៤ ) ។ ការដកស្រង់​របស់​លោក​អំពី « នាង​ព្រហ្មចារីយ » គឺ​កើត​នៅ​សតវត្សរ៍​ទីពីរ​នៃ​គ្រិស្តសករាជនៃ​ការបកប្រែ​ភាសា​ក្រិក​អំពី​អេសាយ ដែល​ត្រូវបាន​ប្រើ​ដោយ​ពួក​គ្រិស្តសាសនិក​ជំនាន់​ដើម និង​ត្រូវបាន​ប្រើ​នៅក្នុង​កំណែ​ស្តេច​ជេមស៍​នៃ អេសាយ ៧:១៤ ។

  2. នៅក្នុង​ព្រះគម្ពីរ​មរមន​ដែល​បាន​បោះពុម្ព​ឆ្នាំ ១៨៣០ នីហ្វៃ​ទី ១ ១១:១៨ ក៏​បាន​ពិពណ៌​នា​អំពី​ម៉ារា​ថា​ជា « មាតា​របស់​ព្រះ » ដែរ ។

  3. ប្រ៊ូស អ័រ ម៉ាក់ខន់ឃី Mortal Messiah ៤ វ៉ុល ( ឆ្នាំ ១៩៨១ ) , ១:៣២៦–២៧ លេខយោង ៤ ។

  4. សូមមើល James E. Strange, “Nazareth,” Anchor Bible Dictionary, 4:1050; Jonathan L. Reed, Archaeology and the Galilean Jesus: A Re-examination of the Evidence ( ឆ្នាំ ២០០២ ) ទំព័រ ១៣១ ។

  5. សូមមើល Reed Archaeology and the Galilean Jesus ទំព័រ ១៣១ ។

  6. សូមមើល Ken Dark « Has Jesus’ Nazareth House Been Found ? » Biblical Archaeology Review វ៉ុល​ទី ៤១, លេខ ២ ( ខែ​មីនា/មេសា ឆ្នាំ ២០១៥ ) ទំព័រ ៥៤–៦៣ សូមមើល​ផងដែរ Ken Dark « Early Roman-Period Nazareth and the Sisters of Nazareth Convent » The Antiquities Journal វ៉ុល​ទី ៩២ ( ឆ្នាំ ២០១២ ) ទំព័រ ៣៧–៦៤ ។

  7. ថូម៉ាស អេស. ម៉នសុន « Duty Calls » Ensign, ខែ ឧសភា ឆ្នាំ ១៩៩៦ ទំព័រ ៤៤ ។

  8. ពាក្យ​ភាសា​ក្រិក​ដែល​បាន​បកប្រែ​ថា « គ្រប​បាំង » ( episkiazō ) គឺ​ជា​ពាក្យ​ដូចគ្នា​ដែល​បាន​ប្រើ​នៅក្នុង​ការបកប្រែ​ជាភាសា​ក្រិក​នៅក្នុង​ព្រះគម្ពីរ​សញ្ញាចាស់ ដើម្បី​ពិពណ៌នា​អំពី​ពពក​បាំង​ដែល​ចុះ​មក​លើ​រោង​ឧបោសថ នៅពេល​វា​គ្របបាំង​ទាំង​ស្រុង ។ វា​បាន​ពិពណ៌នា​អំពី​សិរីល្អ​របស់​ព្រះអម្ចាស់ ។

  9. ព្រះអម្ចាស់​បាន​មាន​បន្ទូល​ដូច្នេះ​ទៅ​អ័ប្រាហាំ នៅពេល​លោក និង​សារ៉ា​បាន​ដឹង​ថា​ ពួកគាត់​នឹង​មាន​កូន​ម្នាក់​នៅក្នុង​វ័យ​ចំណាស់​របស់​ពួកគេ ( សូមមើល លោកុប្បត្តិ ១៨:១៤; រ៉ូម ៤:១៩–២១ ) ។

  10. រ័សុល អិម ណិលសុន « Stand as True Millennials » Liahona, ខែ តុលា ឆ្នាំ ២០១៦ ទំព័រ ៤៩ ។

  11. « បូនី អេច ខ័រដុន ៖ ប្រធាន​យុវនារី​ទូទៅ » Liahona, ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ១២៩ ។