២០១៩
សេចក្តី​ណែនាំ​របស់​កីឡាករ​លើក​ទម្ងន់​ដើម្បី​ឈរ​ឲ្យ​រឹងមាំ
ខែ មករា ឆ្នាំ ២០១៩


សេចក្តី​ណែនាំ​របស់​កីឡាករ​លើក​ទម្ងន់​ដើម្បី​ឈរ​ឲ្យ​រឹងមាំ

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ​កាលីហ្វូញ៉ា ស.រ.អា. ។

ខគម្ពីរ​មួយ​អាច​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ​មួយ​ដ៏​ធំ—សូម្បី​តែ​នៅក្នុង​ការប្រកួត​កីឡា​លើក​ទម្ងន់​ក្តី ។

រូបភាព
Kuinini in a weightlifting competition

កាល​ខ្ញុំ​រៀននៅ​វិទ្យាល័យ គ្រូបង្វឹក​លើក​ទម្ងន់​បាន​សូម​ខ្ញុំ​ឲ្យ​ចូលរួម​កីឡា​លើក​ទម្ងន់ ។

ខ្ញុំ​បាន​និយាយ​ថា « អត់​ទេ សូម​អរគុណ ! នោះ​ពុំមែន​ជា​អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ​ទេ » ។

ប៉ុន្តែ​គាត់​នៅតែ​បន្ត​សួរ​ខ្ញុំ​ពី​រឿង​នោះ ។ អស់​ពេល​ជាច្រើន​សប្ដាហ៍ ។

នៅទីបំផុត ខ្ញុំ​បាន​សាកល្បង​កីឡា​លើក​ទម្ងន់​នោះ ។ គាត់​និយាយ​ត្រូវ​ណាស់ ៖ ខ្ញុំ​ពិតជា​ចូលចិត្ត​កីឡា​លើក​ទម្ងន់​ណាស់ ។ ប្រាកដ​ណាស់ នៅគ្រា​ដំបូង​វា​ចម្លែក​បន្តិច​សម្រាប់​ខ្ញុំ ខ្លួន​ប្រាណ​របស់​ខ្ញុំ​ពុំ​ធ្លាប់​ធ្វើ​អ្វី​ដូច​នេះ​ពីមុន​ឡើយ ។ ប៉ុន្តែ​ខ្ញុំ​រិត​តែ​មាន​អារម្មណ៍​ចូលចិត្ត​ការហាត់​ប្រាណ​បែប​នោះ ។ ខ្ញុំ​ក៏​ចូលចិត្ត​មិត្ត​រួម​ក្រុម​របស់​ខ្ញុំ និង​ការប្រកួត​ផងដែរ ។ ហើយ​ខ្ញុំ​បាន​ចាប់ផ្តើម​ធ្វើ​វា​បាន​យ៉ាង​ល្អ ។

ឥឡូវ​នេះ កីឡា​លើក​ទម្ងន់​គឺ​ជា​ផ្នែកដ៏​ធំ​មួយ​នៃ​ជីវិត​ខ្ញុំ ។ ខ្ញុំ​បាន​ហាត់​សម​វា​រៀងរាល់​ថ្ងៃ យ៉ាងហោច​ណាស់ ពីរ​ទៅបី​ម៉ោង ដោយ​លើក​ទម្ងន់​អង្គុយ​ងើបៗ ការលើក​ទម្ងន់​ត្រឹម​ស្មា បន្ទាប់​មក​ទៀត​លើក​ឲ្យ​ផុត​ដៃ និង​ការលើក​ទម្ងន់​ឲ្យ​ផុត​ដៃ​នឹង​ដាក់​ចុះ​មក​វិញ ។ ( ហើយ​ប្រសិនបើ​អ្នក​ពុំ​ដឹង​ពី​ការលើក​ទាំង​នោះ សូម​កុំ​បារម្ភ—ពី​ដំបូង​ខ្ញុំ​ក៏​អត់​ដឹង​ផងដែរ ! )

ដូចជា​កិច្ចការ​ជាច្រើន​ដែរ កីឡា​លើក​ទម្ងន់​ត្រូវការ​ពេលវេលា និង​ការអត់ធ្មត់ ហើយ​ជួនកាល​អាច​មាន​ការពិបាក ។ សំណាង​ល្អ គ្រួសារ​របស់​ខ្ញុំ​លើក​ទឹកចិត្ត​ខ្ញុំ​ជានិច្ច ទោះបី​នៅពេល​ខ្ញុំ​រអ៊ូរទាំ​អំពី​ការឈឺ​ខ្លួន​ប្រាណ​ដែល​ខ្ញុំ​មាន​ក្តី ( វា​កើត​ឡើង​ញឹកញាប់ ) ។ ឪពុក​របស់​ខ្ញុំ​ត្រៀម​ថង់​ទឹកកក និង​ពាក្យ​លើក​ទឹកចិត្ត​ដល់​ខ្ញុំ​ជានិច្ច ពេល​ខ្ញុំ​មក​ដល់​ផ្ទះវិញ​បន្ទាប់​ពី​ការហាត់​សម ។ ហើយ​ម្តាយ​របស់​ខ្ញុំ​លះបង់​ជានិច្ច ដើម្បី​ខ្ញុំ​អាច​ទៅ​ចូល​រួម​ក្នុង​ការប្រកួត​បាន ។

ពីរ​បី​ឆ្នាំ​មុន ខ្ញុំ​បាន​ទៅ​ចូល​រួម​ការប្រកួត​មួយ​នៅ​ហ្វីឡាដេហ្វីយ៉ា រដ្ឋ​ភីលស៊ីនៀន ស.រ.អា. ។ ខ្ញុំ​មាន​ក្តី​រំភើប​ដើម្បី​ប្រកួត​ជាមួយ​កីឡាករ​លើក​ទម្ងន់​មក​ពី​គ្រប់​ប្រទេស​ទាំងអស់ ប៉ុន្តែ​ខ្ញុំ​ព្រួយ​បារម្ភ​បន្តិច​អំពី​ការនៅ​ឆ្ងាយ​ពី​គ្រួសារ​របស់​ខ្ញុំ ។ ដើម្បី​ធ្វើ​វា​ឲ្យ​ងាយ​ស្រួល ម្តាយ​របស់​ខ្ញុំ​បាន​សន្យា​ថា ផ្ញើ​សារ​ជា​ខគម្ពីរ និង​សារលិខិត​ដ៏​បំផុសគំនិត​រៀងរាល់​ថ្ងៃ​ឲ្យ​ខ្ញុំ ។

នៅយប់​ពីមុន​ការប្រកួត ក្មេងៗ​មួយ​ចំនួន​បាន​ធ្វើ​ពីធី​ជប់លៀង​មួយ ។ ខ្ញុំ​បាន​គិតថា វា​ជា​ការល្អ​ដើម្បី​ទៅ​ពិធី​ជប់លៀង​នោះ ដូច្នេះ​មិត្ត​រួម​បន្ទប់​របស់​ខ្ញុំ និង​ខ្ញុំ​បាន​ទៅ​ពិធី​ជប់លៀង​នោះ ។ ប៉ុន្តែ​រំពេច​នោះ ខ្ញុំ​បាន​ដឹង​ថា វា​ពុំមែន​ជា​ពិធី​ជប់លៀង​ដែល​ខ្ញុំ​ចូលចិត្ត​ឡើយ ។ មាន​យុវវ័យ​ដែល​ផឹក​គ្រឿង​ស្រវឹង ជក់​បារី និយាយ​ពាក្យ​អសុរស និង​រាំ​មិន​សមរម្យ ។ ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​មិន​គួរ​ទៅ​ទីនោះ​ឡើយ ប៉ុន្តែ​ខ្ញុំ​បារម្ភ​ខ្លាច​មិត្ត​រួម​បន្ទប់​គិត​ចម្លែក​ពី​ខ្ញុំ ។ ឬ​កីឡាករ​ផ្សេង​ទៀត​អាច​គិត​ចម្លែក​ពី​ខ្ញុំ ។

ប៉ុន្តែ​ក្រោយ​មក មាន​អ្វី​មួយ​បាន​ផុស​ក្នុង​ចិត្ត​ខ្ញុំ ៖

« ចូរ​ឈរ​នៅក្នុង​ទី​បរិសុទ្ធ » ។

ឃ្លា​នោះ​វា​នៅក្នុង​ខគម្ពីរ​ដែល​ខ្ញុំ​ពេញ​ចិត្ត ហើយ​ជា​ខគម្ពីរ​មួយ​ដែល​ម្តាយ​របស់​ខ្ញុំ​បាន​ផ្ញើ​ឲ្យ​ខ្ញុំ​កាល​ពី​ព្រឹក ៖ គោលលទ្ធិ និង​សេចក្តីសញ្ញា ៨៧:៨ ៖ « ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ​ទាំងឡាយ ហើយ​សូម​កុំ​រើ​ឡើយ រហូត​ដល់​ថ្ងៃ​នៃ​ព្រះអម្ចាស់​មក​ដល់ ដ្បិត​មើល​ចុះ ថ្ងៃ​នោះ​នឹង​មក​ដល់​យ៉ាង​ឆាប់​រហ័ស ។ អាម៉ែន » ។

ខ្ញុំ​ពុំ​ដឹង​ពី​មូលហេតុ​ដែល​ម្តាយ​ខ្ញុំ​ផ្ញើ​ខគម្ពីរ​នោះ​ឲ្យ​ខ្ញុំ​នៅ​ថ្ងៃ​នោះ​ឡើយ ប៉ុន្តែ​វា​ជា​ខគម្ពីរ​មួយ​ដែល​ខ្ញុំ​ចូលចិត្ត​ពេញ​មួយ​ជីវិត​របស់​ខ្ញុំ ។ ខ្ញុំ​បាន​ទន្ទេញ​វា​ចាំ តាំង​ពី​អាយុ​ប្រាំបី​ឆ្នាំ ហើយ​វា​រំឭក​ខ្ញុំ​ម្តង​ហើយ​ម្តង​ទៀត ហើយ​មាន​ចិត្ត​ក្លាហាន គោរព​ប្រតិបត្តិ និង​ឈរ​ការពារ​អ្វី​ដែល​ខ្ញុំ​ជឿ ។

« ចូរ​ឈរ​នៅក្នុង​ទី​បរិសុទ្ធ » ។

ខ្ញុំ​បាន​និយាយ​ទៅ​មិត្ត​រួម​បន្ទប់​របស់​ខ្ញុំ​ថា « ខ្ញុំ​ទៅ​ហើយ » ។ ខ្ញុំ​បាន​ពន្យល់​អំពី​ខគម្ពីរ​ដែល​ម្តាយ​ខ្ញុំ​បាន​ផ្ញើ​ឲ្យ​ខ្ញុំ​កាល​ពី​ព្រឹក​មិញ ។ « នេះ​ពុំមែន​ជា​កន្លែង​ដែល​ខ្ញុំ​គួរ​នៅ​ទេ » ។

មិត្ត​របស់​ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ថា នាង​ក៏​ពុំចង់​នៅ​ទីនោះ​ផងដែរ ។ គាត់​ពុំ​មាន​អារម្មណ៍​ល្អ​ដែរ ប៉ុន្តែ​ដោយ​ពុំចង់​នៅតែ​ឯង ហើយ​ត្រូវបាន​គេ​មើល​ឃើញ​ថា ជា​មនុស្ស​នៅ​ក្រៅ​សង្គម ។ នាង​បាន​អរគុណ​ខ្ញុំ ដែល​ខ្ញុំ​បាន​និយាយ​នូវ​អ្វី​ទាំង​នោះ ហើយ​យើង​បាន​ចេញ​ពី​ពិធី​ជប់លៀង​នោះ ។

នៅ​ព្រឹក​បន្ទាប់​មក យើង​បាន​ដឹង​ថា មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​យើង​បាន​ចាកចេញ​មក ក្មេងៗ​ដែល​នៅ​ក្នុង​ពិធីជប់លៀង​នោះ​ត្រូវបាន​ចាប់ខ្លួន ហើយ​ដក​ចេញ​ពី​ការប្រកួត ដោយសារ​ការផឹកស្រា និង​ជក់​ថ្នាំញៀន ។

ប្រសិនបើ​ខ្ញុំ​ពុំ​ត្រូវបាន​បំផុសគំនិត​ឲ្យ​ចាំ​ខគម្ពីរ​របស់​ម្តាយ​ខ្ញុំ​ទេ នោះ​ខ្ញុំ​អាច​ត្រូវ​បាន​ដកចេញ​ពី​ការប្រកួត​ផងដែរ ។ ទីបំផុត​ខ្ញុំ​បាន​ឈ្នះ​ចំណាត់​ថ្នាក់​លេខ​មួយ ដូច្នេះ​ខ្ញុំ​ពិតជា​មាន​អំណរគុណ​ណាស់​ដែល​ខ្ញុំ​បាន​ចូល​រួម​ការ​ប្រកួត​នោះ ។ ( ខ្ញុំ​គិត​ថា ខ្ញុំ​ថ្លែង​អំណរគុណ​ដល់​ម្តាយ​ខ្ញុំ​រៀងរាល់​ថ្ងៃ​សម្រាប់​ការផ្ញើសារ​ទៅ​ខ្ញុំ ) ។

ការឈ្នះ​ការប្រកួត​លើក​ទម្ងន់​គឺជា​ពរជ័យ​ដ៏​ច្បាស់​ក្រឡែត និង​ភ្លាមៗ មកពី​ការរក្សា​បទបញ្ញត្តិ ។ ប៉ុន្តែ គោលលទ្ធិ និង​សេចក្តីសញ្ញា ៨៧:៨ ពុំ​បានចែង​ថា « ចូរ​ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ​ទាំងឡាយ ដូច្នេះ​អ្នក​អាច​ឈ្នះ​ការប្រកួត​លើក​ទម្ងន់​នោះ​ទេ » ។ ហើយ យ៉ូហាន ១៤:១៥ ពុំបាន​ចែង​ថា « ប្រសិន​បើ​អ្នក​ចង់​បាន​ពរជ័យ​ភ្លាមៗ ចូរ​កាន់​តាម​បញ្ញត្តិ​របស់​ខ្ញុំ » ទេ ។ ព្រះអម្ចាស់​ប្រទាន​ពរ​ដល់​យើង ដោយសារ​ទ្រង់​ស្រឡាញ់​យើង ។ ហើយ​យើង​ព្យាយាម​ឲ្យ​បរិសុទ្ធ ហើយ​គោរព​ប្រតិបត្តិ ដោយសារ​យើង​ទុកចិត្ត និង​ស្រឡាញ់​ព្រះអម្ចាស់ ។