២០១៩
ការអធិស្ឋាន​ជាមួយ​ហ្វីលីព
ខែ កក្កដា ឆ្នាំ ២០១៩


ការអធិស្ឋាន​ជាមួយ ហ្វីលីព

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ​កាលីហ្វូញ៉ា ស.រ.អា. ។

តើ « ការ​និយាយ​ពីព្រះគុណ » មាន​ន័យ​ដូចម្ដេច ?

« អធិស្ឋាន​ជានិច្ច » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១៩:៣៨ ) ។

រូបភាព
Praying with Filip

វា​ជា​លើក​ដំបូង​ដែល​ហូសែហ្វ​មក​ផ្ទះ​របស់​ហ្វីលីព ។ ពួកគេ​មាន​ពេល​ដ៏​រីករាយ​មួយ​ក្នុង​ការរៀប​ក្រដាស់​កាតុង​ធ្វើ​ជា​យាន្ត​អវកាស ។ ពួកគេ​ថែម​ទាំង​បាន​ផាត់​ពណ៌​រូប​អណ្តាត​ភ្លើង​ដ៏​ស្អាត​នៅលើ​វា​ទៀត​ផង ។ ពេល​ម្តាយ​ហ្វីលីព​បាន​ស្រែក​ហៅ​ពួកគេ​ឲ្យ​ទៅ​បរិភោគ​អាហារ​ពេលល្ងាច នោះ​​ហូសែហ្វ​បាន​ដើរ​តាម​ហ្វីលីព​ទៅក្នុង​ផ្ទះ​បាយ ។

ឪពុក​ហ្វីលីព​បាន​និយាយ​ថា « ប៉ា​នឹង​ពោលពាក្យ​ពី​ព្រះគុណ » ។

តើ​ឃ្លានោះ​មាន​ន័យ​ដូចម្តេច ? ហូសែហ្វ​បាន​ឆ្ងល់ ។ គាត់​បាន​មើល​ហ្វីលីព និង​គ្រួសារ​របស់​គាត់ ពេល​ពួកគេ​​ម្នាក់ៗ​បាន​​យក​ដៃប៉ះ​ថ្ងាស​របស់​ពួកគេ បន្ទាប់​មក​​ប៉ះ​នៅ​ពាក់​កណ្តាល​ទ្រូង​របស់​ពួកគេ រួច​​ប៉ះ​ខាង​ឆ្វេង និង​ខាង​ស្តាំ ។ ហូសែហ្វ​មិន​ធ្លាប់​ឃើញ​នរណា​ម្នាក់​ធ្វើ​បែប​នេះ​ពីមុន​ទេ ។

ហ្វីលីព​បាន​លាដៃ​គាត់​មក ។ ហូសែហ្វ​បាន​មើល​ជុំ​វិញ​គាត់ ហើយ​បាន​ឃើញ​គ្រួសារ​ទាំង​មូល​របស់​ហ្វីលីព​កាន់​ដៃ​គ្នា ហើយ​ឱន​ក្បាល​របស់​ពួកគេ ។ តើពួកគេ​នឹង​អធិស្ឋាន​ឬ ? តើ​នោះ​ជា​អត្ថន័យ​នៃ​ការ​និយាយ​ថា « ការ​និយាយ​ពីព្រះគុណ »​ ឬ ? ហូសែហ្វ​បាន​ឆ្ងល់ ។

ហូសែហ្វ​ពុំ​ចង់​ឲ្យ​ហ្វីលីពមាន​អារម្មណ៍​ឈឺ​ចាប់​ទេ ដូច្នេះ​គាត់​បាន​កាន់​ដៃ​ហ្វីលីព ។ ឪពុក​របស់​ហ្វីលីព​បាន​ចាប់ដៃម្ខាង​ទៀត​របស់​ហូសែហ្វ ហើយ​បន្ទាប់​មក​បាន​ចាប់ផ្តើម​អធិស្ឋាន ។

« ឱ​ព្រះអម្ចាស់​អើយ សូម​ប្រទាន​ពរ​ដល់​ពួកយើង… »

ពីមុន​ពួកគេ​អង្គុយ​ចុះ ហ្វីលីព និង​គ្រួសារ​របស់​ពួកគេ​បាន​យក​ដៃ​ប៉ះ​ថ្ងាស និង​ទ្រូង​របស់​ពួកគេ​ដូច​ពួកគេ​ធ្វើ​ពីមុន ។

ពេល​ហូសែហ្វ​ទៅ​ដល់​ផ្ទះ​វិញ ម៉ាក់​បាន​សួរ​គាត់ ។

« តើ​កូន​សប្បាយ​ដែរ​ទេ ? » ម៉ាក់​បាន​សួរ ។

ហូសែហ្វ​បាន​​តប​ដោយ​ស្ងាត់ៗ​ថា « សប្បាយ » ។ គាត់ ពិតជា មាន​គ្រា​ដ៏​សប្បាយ​រីករាយ​មួយ ។ យាន្តអវកាស​គឺ​អស្ចារ្យ​ណាស់ ហើយ​នំ​ប៊ើហ្គើរ​ក៏​ឆ្ងាញ់​ដែរ ។ ប៉ុន្តែ​គាត់​មាន​កង្វល់​ក្នុង​ចិត្ត​គាត់ ។

ម៉ាក់​បាន​មើល​ទៅ​គាត់​យ៉ាង​ជិត ។ « តើ​កូន​មាន​រឿង​អី​ហ្នឹង ។ តើ​មាន​អ្វី​កើត​ឡើង ? »

« មែនហើយ… »

ហូសែហ្វ​​មាន​ចម្ងល់ជាច្រើន ។ គាត់​បានបន្ត​គិត​អំពី​​ការអធិស្ឋាន​នោះ ។ ហេតុអ្វី​វា​ខុស​ពី​​របៀប​ដែល​គាត់ និង​គ្រួសារ​គាត់​អធិស្ឋាន ?

គាត់​បាន​សួរ​ថា « ម៉ាក់ តើ​ម៉ាក់​អធិស្ឋាន​ដូចម្តេច​មុន​ពេល​ម៉ាក់​ចូល​ជា​សមាជិក​ព្រះវិហារ​នោះ ? » ហូសែហ្វ​បាន​ប្រាប់​គាត់​អំពី​ការអធិស្ឋាន​របស់​គ្រួសារ​ហ្វីលីព ។

ម៉ាក់​បាន​តប « ស្តាប់​មើល​ទៅ​ពួកគេ​ដូចជា​ពួក​កាតូលិក ដូច​ម៉ាក់​ធ្លាប់​ធ្វើ​ពីមុន ។ ពួកគេ​ធ្វើ​សញ្ញា​នៃ​ឈើឆ្កាង​ដោយ​ប្រើ​ដៃ​របស់​ពួកគេ ។ តើ​វា​​ដូច​ជា​ឈើ​ឆ្កាង​យ៉ាង​ម៉េច​ទៅ ? វា​រំឭក​ថា ព្រះយេស៊ូវ​បាន​សុគត​សម្រាប់​ពួកយើង » ។

ហូសែហ្វ​បាន​ញញឹម ។ « អញ្ចឹង​ហ្វីលីព​ជឿ​លើ​ព្រះយេស៊ូវ​ដែរ​មែនទេ ? »

ម៉ាក់បាន​និយាយ​ថា « ត្រឹមត្រូវ​ហើយ ។ តើ​កូន​ចាំ​​អ្វី​ដែលប៉ា​របស់​ហ្វីលីព​បាន​ថ្លែង​នៅក្នុង​ការអធិស្ឋាន​​ដែរ​ឬ​ទេ ? »

ហូសែហ្វ​​គិត​អំពី​វា ។ « គាត់​បាន​ថ្លែង​អំណរគុណ​ព្រះ​សម្រាប់​អំណោយ​ដែល​ទ្រង់​បាន​ប្រទាន​ដល់​ពួកយើង…ហើយ​គាត់​បាន​និយាយ​អំពី​ព្រះគ្រីស្ទ ! »

« ឃើញ​ទេ ? » ម៉ាក់​បាន​និយាយ​ទាំង​ញញឹម ។ « យើង​​មិន​ខុស​គ្នា​ប៉ុន្មាន​នោះ​ទេ ។ ម៉ាក់​សប្បាយ​ចិត្ត​ដែល​កូន​អាច​អធិស្ឋាន​ជាមួយ​គ្រួសារ​របស់ហ្វីលីព ។

ពីរបីថ្ងៃ​ក្រោយ​មក ហ្វីលីព​បាន​មក​លេង​ហូសែហ្វ ។ ពួកគេ​បាន​លេង​នៅ​ខាង​ក្រៅ​ផ្ទះ ពេល​ដែល​ឪពុក​ហូសែហ្វ​បាន​ហៅ​ពួកគេ​ឲ្យ​មក​ទទួល​ទាន​អាហារ​ពេល​ល្ងាច ។ ពោះ​របស់​ហូសែហ្វ​បាន​កូរ​ពេល​ពួកគេ​រត់​ទៅ​ក្នុង​ផ្ទះ​បាយ ។

ហូសែហ្វ​បាន​និយាយ​ថា « ខ្ញុំ​ឃ្លាន​ណាស់ ! » ។

ហ្វីលីព​បាន​និយាយ​ថា « ខ្ញុំ​ក៏ឃ្លាន​ដែរ » ។

គ្រប់​គ្នា​បាន​អង្គុយ​តាម​កន្លែង​រៀងៗ​ខ្លួន​ជុំ​វិញ​តុ ។ ហ្វីលីព​អង្គុយ​ក្បែរ​ហូសែហ្វ ។ ហ្វីលីព​បាន​​ធ្វើ​សញ្ញា​​ឈើឆ្កាង ហើយ​លាត​ដៃ​គាត់​ទៅ​រក​ហូសែហ្វ ។

ហូសែហ្វ​បាន​និយាយ​ថា « នេះ​ជា​របៀប​យើង​អធិស្ឋាន​នៅ​ផ្ទះ​របស់​យើង ។ យើង​ឱបដៃ​ បិទ​ភ្នែក ឱន​ក្បាល ហើយ​អធិស្ឋាន ។

« មាន​តែ​ប៉ុណ្ណឹង​ទេ​ឬ ? »

« ហ្នឹងហើយ​មាន​តែ​ប៉ុណ្ណឹង​ទេ » ។

ហ្វីលីព​បាន​និយាយ​ថា « ស្រួល​ណាស់ » ។

ហូសែហ្វ​បានបិទភ្នែក ហើយ​​ញញឹម ។ គាត់​សប្បាយ​ចិត្ត​ដែល​គាត់​អាច​អធិស្ឋាន​ជាមួយ​​មិត្តភក្តិ​របស់​គាត់ ។

ខ្ញុំ​មាន​មិត្តភក្តិ​នៅ​សាលា​រៀន​ដែល​ជា​ពួក​កាតូលិក និង​ម៉ូស្លីម ហើយ​យើង​ទាំងអស់​គឺ​ជា​មិត្តភក្តិ​ល្អ​​នឹង​គ្នា ដោយសារ​នោះ​ជារបៀប​ដែល​ព្រះយេស៊ូវ​សព្វ​ព្រះទ័យ​ឲ្យ​យើង​ប្រព្រឹត្ត​ចំពោះ​គ្នា​ទៅ​វិញ​ទៅមក ។

អេលីស្សាប៊ែត អេ អាយុ ៨ ឆ្នាំ ទីក្រុង វ៉េស មីតឡែន ប្រទេស​អង់គ្លេស