២០១៩
« តើ​ឯង​នឹង​មក​ពិធីបុណ្យ​ជ្រមុជទឹក​ខ្ញុំ​ដែរ​ឬទេ ? »
ខែ កក្កដា ឆ្នាំ ២០១៩


« តើ​ឯង​នឹង​មក​ពិធីបុណ្យ​ជ្រមុជទឹក​ខ្ញុំ​ដែរ​ឬទេ ? »

អ្នក​និពន្ធ​រស់​នៅ​​​ទីក្រុង​ខេន ប្រទេស​អង់គ្លេស និង​រដ្ឋ​យូថាហ៍ ស.រ.អា. ។

អូលីវើរ​ចង់​ស្រែក​ពីលើ​ដំបូល​ផ្ទះ​ដើម្បី​ឲ្យ​ប្រជាជននៅ​ប្រទេស​អង់គ្លេស​ទាំងអស់​បាន​ស្តាប់​ឮ !

« កុំ​ឲ្យ​អ្នក​ណា​មើលងាយ​អ្នក ដោយ​ព្រោះ​នៅ​ក្មេង​នោះ​ឡើយ ចូរ​ធ្វើ​ជា​គំរូ​ដល់​ពួក​អ្នក​ជឿ » ( ធីម៉ូថេ​ទី ១ ៤:១២ ) ។

រូបភាព
Will You Come to My Baptism

អូលីវើរ​ទន្ទឹង​រង់ចាំ​ឲ្យ​សប្តាហ៍​នេះ​កន្លង​ផុត​ទៅ ។ សប្តាហ៍ ក្រោយ​គឺ​ជា​ថ្ងៃ​ដ៏​ធំ​ដែល​គាត់​បាន​ទន្ទឹង​រង់ចាំ តាំង​ពី​គាត់​អាយុ​បួន​ឆ្នាំ​ម៉្លេះ ។ គាត់​នឹង​ទទួល​បុណ្យ​ជ្រមុជទឹក ។

អូលីវើររំភើប​ចិត្ត​នឹង​ពិធីបុណ្យ​ជ្រមុជទឹក​របស់​គាត់​ណាស់ ដែល​ធ្វើ​ឲ្យ​គាត់​​ចង់​ស្រែក​ពីលើ​ដំបូល​ផ្ទះ​ដើម្បី​ឲ្យ​ប្រជាជននៅ​ប្រទេស​អង់គ្លេស​ទាំងអស់​បាន​ស្តាប់​ឮ ! គាត់​ទន្ទឹង​រង់ចាំដើម្បី​ប្រាប់​ឌីឡែន​មិត្តភក្តិ​របស់​គាត់​នៅ​សាលា​រៀន ។

អូលីវើរ​បាន​និយាយ​ថា « វា​មិន​គួរ​ឲ្យ​ជឿ​សោះ ។ ថ្ងៃ​បុណ្យ​ជ្រមុជទឹក​របស់​ខ្ញុំ​ នៅ​ទីបំផុត ជិត​ដល់​ហើយ ។ វា​នឹង​ក្លាយ​ជា​ថ្ងៃ​ដ៏អស្ចារ្យ​បំផុត ! »

« ខ្ញុំ​​បានគិត​ថា មាន​តែ​ទារក​តែ​ប៉ុណ្ណោះ​ដែល​ជ្រមុជ​ទឹក »​ ។ មើល​ទៅ​ឌីលែន​​មាន​ភាព​ងឿង​ឆ្ងល់ ។

អូលីវើរ​បាន​និយាយ​ថា « កុមារ​ត្រូវតែ​មាន​អាយុ​យ៉ាង​ហោច​ណាស់​ប្រាំបី​ឆ្នាំ ទើប​អាច​ទទួល​បុណ្យ​ជ្រមុជទឹក​ទៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​បាន ។ នោះ​គឺ​ជា​សាសនាចក្រ​របស់​ខ្ញុំ » ។

ឌីលែន​បាន​និយាយ​ថា « អស្ចារ្យ​ណាស់ » ។

រំពេច​នោះ​អូលីវើរ​មាន​គំនិត​មួយ ។ « តើ​ឯង​ចង់​ទៅ​ពិធីបុណ្យ​ជ្រមុជ​ទឹក​របស់​ខ្ញុំ​ដែរ​ឬ​ទេ ? »

ឌីលែន​បាន​និយាយ​ថា « ប្រាកដ​ណាស់ ។ ប៉ុន្តែ គ្នា​ត្រូវ​សួរ​ឪពុក​ម្តាយ​គ្នា​សិន » ។

« យល់ព្រម ! »

អូលីវើរ​​មាន​ក្តីរំភើប​ដែល​ឌីលែន​អាច​មក​ពិធីបុណ្យ​ជ្រមុជទឹក​នេះ ។ ការណ៍​នេះ​នឹង​ផ្តល់​គំនិត​មួយ​ផ្សេង​ទៀត​ដល់​គាត់ ។ « ខ្ញុំ​ពុំ​ចង់​ចែកចាយ​អំពី​បុណ្យ​ជ្រមុជ​ទឹក​ខ្ញុំ​ជាមួយ​មិត្តភក្តិ តែ​ម្នាក់ នោះ​ទេ ។ ខ្ញុំ​ចង់​អញ្ជើញ​មនុស្ស​ឲ្យ​បាន​ច្រើនតាមដែលអាច​ធ្វើទៅបាន ! » អូលីវើរ​​បាន​ប្រញាប់​ទៅ​ផ្ទះ ហើយ​ប្រាប់​ម៉ាក់​ថា គាត់​មាន​គម្រោង​មួយ ។

នៅ​ថ្ងៃ​អាទិត្យ​តម​អាហារ​ពីមុន​បុណ្យជ្រមុជទឹក​របស់​គាត់ អូលីវើរ​បាន​ចាប់ផ្តើម​គម្រោង​របស់​គាត់ ។ គាត់​បាន​ចែកចាយ​ទីបន្ទាល់​របស់​គាត់​នៅ​លើ​វេទិកា បន្ទាប់​មក​គាត់​បាន​និយាយ​ថា « ខ្ញុំ​នឹង​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក​នៅ​ថ្ងៃសៅរ៍​ក្រោយ ហើយ​ខ្ញុំ​ចង់​ឲ្យ​បងប្អូន​ទាំង​អស់​គ្នា​មក​ចូលរួម ! តើបងប្អូន​នឹង​អញ្ជើញ​នរណា​ក៏​បាន​ដែល​បងប្អូន​ស្គាល់ ដែល​ពុំ​មែន​ជា​សមាជិក​ព្រះវិហារ​ឲ្យ​មក​ពិធីបុណ្យ​ជ្រមុជទឹក​របស់​ខ្ញុំ​ដែរ​ឬ​ទេ ? » គាត់​មាន​អារម្មណ៍​ថា ដូចជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែរ ។ គាត់​ពិតជា​ចូល​ចិត្តអារម្មណ៍​នោះ​ណាស់ ។

នៅ​សប្តាហ៍​​បន្ទាប់ អូលីវើរ​បាន​អញ្ជើញ​មិត្ត​ភក្តិ​ សមាជិក​គ្រួសារ និង​គ្រូបង្រៀន​ឲ្យ​មក​ពិធីបុណ្យ​ជ្រមុជទឹក​របស់​គាត់ ។

គាត់​បាន​ប្រាប់​ពួកគេ​ថា « វា​នឹង​មាន​ន័យ​ខ្លាំង​បំផុត​ចំពោះ​ខ្ញុំ ប្រសិនបើ​អ្នក​មក​ចូលរួម ! »

នៅពេល​ជិត​ឈាន​ដល់ថ្ងៃ​សៅរ៍ អូលីវើរ​ចាប់ផ្តើម​ឆ្ងល់​ថា តើ​មាន​មនុស្ស​ប៉ុន្មាននាក់​នឹង​មក​ពិត​ប្រាកដ ។ តើ​មាន​អ្វី​កើត​ឡើង ប្រសិនបើ​ពួកគេ​ទាំងអស់​គ្នា​រវល់​ខ្លាំង​ពេក ឬ​ពួកគេ​ពុំ​ចង់​មក​ចូលរួមនោះ ?

គាត់​បាន​អធិស្ឋាន​ខ្លី​មួយ​ថា យ៉ាង​ហោច​ណាស់​សូម​ឲ្យ​មាន​មនុស្ស​ពីរបី​នាក់​ដែល​គាត់​បាន​អញ្ជើញ​នោះ​មក​ចូលរួម ។ ក្រោយ​មក គាត់​បាន​ឈប់​បារម្ភ​ពី​​អ្នក​ដែល​អាច​នឹង​មក​ចូលរួម ។ គាត់​បាន​ដឹង​ថា គាត់​​បាន​ធ្វើ​កិច្ចការ​ល្អ​មួយ តាមរយៈ​ការអញ្ជើញ​ពួកគេ ។ ក្រៅ​ពី​នោះ រឿង​ដ៏​សំខាន់​បំផុត​អំពីថ្ងៃ​នោះ​គឺ​ការទទួល​បុណ្យ​ជ្រមុជទឹក ។

ពេល​គាត់​បាន​ទៅ​ព្រះវិហារ​នៅ​ថ្ងៃ​បុណ្យ​ជ្រមុជទឹក​របស់​គាត់ អូលីវើរ​ពុំ​អាច​ជឿ​នឹង​ភ្នែក​របស់​គាត់​ឡើយ ។ មាន​មិត្តភក្តិ​របស់​គាត់​ជា​ច្រើន​នាក់​បាន​នៅ​ទីនោះ​ដើម្បី​គាំទ្រ​គាត់ ។ គាត់​ថែម​ទាំង​បាន​ឃើញ​មនុស្ស​ជា​ច្រើន​ដែល​គាត់​ពុំ​ស្គាល់​ផងដែរ ។ គាត់​បាន​គ្រវី​ដៃ ពេល​ឌីលែន​បាន​ដើរ​ចូលមក​ជាមួយ​ឪពុក​ម្តាយ​របស់​គាត់ ។

ដល់​ពេល​ត្រូវ​ជ្រមុជ​ទឹក អូលីវើរ​បាន​ឈាន​ជើង​ចូល​ទៅក្នុង​ទឹក​ក្តៅឧណ្ឌៗ ។ ប៉ា​របស់​គាត់​បាន​ចាប់​ដៃ​គាត់ ដូច​ពួកគេ​បាន​ហាត់​សម​វា ។ បន្ទាប់​មក ឪពុក​គាត់​បាន​និយាយ​ពាក្យ​អធិស្ឋាន​​បុណ្យ​ជ្រមុជទឹក​ខ្លី​មួយ ហើយ​បន្ទាប​អូលីវើរ​ចូល​ទៅក្នុង​ទឹក ។ ពីមុន​គាត់​ដឹង នោះ​អូលីវើរ​បាន​ក្រោក​ឈរ​ត្រង់​ខ្លួន​​ឡើង​វិញ—ដោយ​ទទឹក​ខ្លួន​ជោគ ហើយ​ញញឹម ។ គាត់​បាន​ដឹង​ថា គាត់​បាន​ធ្វើ​តាម​គំរូរបស់​ព្រះយេស៊ូវ ។

បន្ទាប់​ពី​អូលីវើរ​បាន​ប្តូរ​សម្លៀក​បំពាក់រួច ឪពុក​គាត់ និង​បុរស​ពីរបី​នាក់​ផ្សេង​ទៀត បាន​បញ្ជាក់​គាត់​ជា​សមាជិក​សាសនាចក្រ ហើយ​ផ្តល់​ការប្រសិទ្ធពរពិសេស​មួយ​ដល់​គាត់ ជា​ពេល​ដែល​ពួកគាត់​បាន​អញ្ជើញ​គាត់​ឲ្យ​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ ។ បន្ទាប់​មក អូលីវើរ​បាន​សូម ប្រសិនបើ​គាត់​អាច​ចែកចាយ​ទីបន្ទាល់​របស់​គាត់ ។​

អូលីវើរ​បា​ន​និយាយ​ថា « សូមអរគុណ​បងប្អូន​ច្រើន​ណាស់​សម្រាប់​ការមក​គាំទ្រ​ខ្ញុំ​នៅ​ថ្ងៃ​ពិសេស​របស់​ខ្ញុំ ។ វា​មាន​អត្ថន័យ​ខ្លាំង​ណាស់​ចំពោះ​ខ្ញុំ ។ ខ្ញុំ​មាន​អំណរគុណ​​សម្រាប់​ពិធីបុណ្យ​ជ្រមុជទឹក​ខ្ញុំ ហើយ​ខ្ញុំ​ជឿ​ថា នេះ​គឺ​ជា​សាសនាចក្រ​​របស់​ព្រះគ្រីស្ទ​នៅលើ​ផែនដី​នេះ » ។

បន្ទាប់​មក អ្នក​ចូលរួម​ទាំង​នោះ​បាន​ឡើង​មក​អបអរ​សាទរ​ដល់​អូលីវើរ ។

ឌីលែន​បាន​និយាយ​ថា « អរគុណ​​ដែល​បាន​អញ្ជើញ​ខ្ញុំ​មក ! ខ្ញុំ​មាន​អារម្មណ៍​ល្អ​ក្នុង​ចិត្ត » ។

ម្តាយ​របស់​ឌីលែន​បាន​និយាយ​ថា « មនុស្ស​គ្រប់​គ្នា​មាន​សន្តាន​ចិត្ត​ល្អ ! យើង​មាន​អារម្មណ៍​ថា មាន​គេ​ស្វាគមន៍​យើង​ណាស់ » ។

នា​យប់​នោះ ប៉ា​បាន​អង្គុយ​នៅ​ចុង​ជើង​នៃ​គ្រែ​របស់​អូលីវើរ ។ ប៉ា​បាន​និយាយ​ថា « ឱ វា​ជាថ្ងៃ​ដ៏​អស្ចារ្យ​អ្វី​ម៉្លេះ ! »

អូលីវើរ​បាន​ងក់ក្បាល ។ « កូន​សប្បាយ​ចិត្ត​ណាស់​ដែល​​មិត្តភក្តិ​កូន​បាន​មក​ចូលរួម​ថ្ងៃ​នេះ » ។