ឆ្នាំ ២០២១
សារ​នៃ​ក្ដីសង្ឃឹម​ចំពោះ​អ្នកទាំងឡាយ​ដែល​ជាប់​ពន្ធនាគារ
ខែ មករា ឆ្នាំ ២០២១


សារ​នៃ​ក្ដីសង្ឃឹម​ចំពោះ​អ្នកទាំងឡាយ​ដែល​ជាប់​ពន្ធនាគារ

ពន្លឺ​នៃ​ព្រះ​អាច​ជា​ផ្នែក​មួយ​នៃ​អនាគត​របស់​អ្នក ។

រូបភាព
man in prison cell with light shining through window

រចនា​រូបភាព​ដោយ ដេវីឌ ហ្គ្រីន

ជា​ច្រើន​ឆ្នាំ​មក​ហើយ ខ្ញុំ​បាន​ជួប​នឹង​បុរស​ម្នាក់​ឈ្មោះ អ៊ែរិក ពេល​ខ្ញុំ​បាន​ទៅ​ពន្ធនាគារ​មួយ ។ គាត់​បាន​ជាប់​ពន្ធនាគារ​អស់ ១៧ ឆ្នាំ​ហើយ ។ អំឡុង​ពេល​នេះ អ៊ែរិក​កម្រ​ខកខាន​ការប្រជុំ​ព្រះវិហារ​ណាស់ ។ គាត់​បាន​អធិស្ឋាន​ជា​ញឹកញាប់​ជាមួយ​មនុស្ស​ដទៃ​ទៀត ហើយ​បាន​ជួយ​មនុស្ស​ជា​ច្រើន​ឲ្យ​រៀន​អំពី​ព្រះគម្ពីរ ។ ពេល​ខ្ញុំ​បាន​ជួប​អ៊ែរិក គាត់​កំពុង​រង​នូវ​ការពិបាក​ខាង​សុខភាព​ដ៏​ធ្ងន់ធ្ងរ ។ ខ្ញុំ​បាន​មាន​លទ្ធភាព​ទៅ​សួរ​សុខទុក្ខ​គាត់​នៅ​ក្នុង​បន្ទប់​ពេទ្យ​ក្នុង​ពន្ធនាគារ​ ។

កាលដែល​យើង​បាន​និយាយ​គ្នា អ៊ែរិក​បាន​ប្រាប់​ខ្ញុំ​ថា​គាត់​មាន​អំណរគុណ​ខ្លាំង​ណាស់​ចំពោះ​សមាជិក​សាសនាចក្រ ដែល​បាន​គាំទ្រ​គាត់​អស់​ជា​ច្រើន​ឆ្នាំ​មក​នេះ ។ គាត់​បាន​ចែកចាយ​ទីបន្ទាល់ និង​សេចក្តី​ជំនឿ​របស់​គាត់​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ បន្ទាប់​មក ក្នុង​សំឡេង​ខ្សឹបៗ គាត់​បាន​និយាយ​ថា នៅ​មាន​ថ្ងៃ​ជា​ច្រើន​ពេល​ដែល​គាត់​បាន​មាន​អារម្មណ៍​ថា​គាត់​ត្រូវបាន​គេ​ភ្លេច ហើយ​ឯកោ ។ យើង​បាន​និយាយ​គ្នា​ជា​យូរ បាន​អធិស្ឋាន​ជាមួយ​គ្នា និង​បាន​បែក​គ្នា​ទៅ​ក្នុង​នាម​ជា​មិត្ត ។ ពីរបី​ម៉ោង​ក្រោយ​មក ខ្ញុំ​បាន​ដឹង​ថា អ៊ែរិក​បាន​ទទួល​មរណភាព ។

ដំណើរ​ជីវិត​របស់​អ៊ែរិក​គឺ​គ្រោតគ្រាត​ណាស់ ។ ប៉ុន្តែ​នៅ​ទី​បំផុត គាត់​បាន​ស្គាល់ ហើយ​ស្រឡាញ់​ព្រះវរបិតា​សួគ៌ ព្រះយេស៊ូវ​គ្រីស្ទ និង​ខ្លួនឯង ។ ហើយ​នោះ​ជា​អ្វី​ដែល​សំខាន់ ។ នៅក្នុង​ភាពអស់កល្ប​ជានិច្ច ខ្ញុំ​ពុំ​គិត​ថា វា​នឹង​សំខាន់​ថា កន្លែង​ណា ឬ​របៀប​ណា​ដែល​យើង​បាន​ស្គាល់​ព្រះយេស៊ូវ​នោះ​ទេ ។ អ្វី​ដែល​នឹង​សំខាន់​គឺ​ជា​អ្វី​ដែល​យើង​ម្នាក់ៗ​បាន​ធ្វើ​ជាមួយ​នឹង​ជីវិត​របស់​យើង បន្ទាប់​ពី​យើង​បាន​រកឃើញ​ទ្រង់ ។

កាលៈទេសៈ និង​ជម្រើស​ទាំងឡាយ​ដែល​ដឹកនាំ​ទៅកាន់​ការជាប់​ឃុំឃាំង ពុំត្រូវ​កំណត់​ជីវិត​របស់​អ្នក​នោះ​ទេ ។ អ្នក​អាច​នឹង​ធ្វើ​កំហុស ធំ និង​តូច ។ អ្នក​អាច​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ម្ដង ឬ​ច្រើន​ដង ។ នេះ​ជា​ផ្នែក​នៃ​អតីតកាល​របស់​អ្នក ប៉ុន្តែ​អតីតកាល​របស់​អ្នក​ពុំ​សម្រេច​ពី​អនាគត​របស់​អ្នក​នោះ​ទេ ។ អ្នក​មាន​អំណាច​ដើម្បី​ធ្វើ​ការជ្រើសរើស ដែល​នឹង​នាំ​មក​នូវ​សុភមង្គល សូម្បី​តែ​អំឡុង​គ្រា​លំបាកៗ ។

អត្តសញ្ញាណ​ពិត​របស់​អ្នក

ស៊ីស្ទើរ ចយ ឌី ចូនស៍ ប្រធាន​អង្គការ​បឋម​សិក្សា​ទូទៅ បាន​មក​ទស្សនកិច្ច​នៅ​ពន្ធនាគារ​ជា​ច្រើន​ដង ។ មាន​ម្ដង គាត់​បាន​ប្រាប់​ខ្ញុំ​រឿង​នេះ ។

« ខ្ញុំ​ចាំ​បាន​ពី​លើក​ដំបូង​ដែល​ខ្ញុំ​បាន​មក​កាន់​ពន្ធនាគារ​ក្បែរ​កន្លែង​ដែល​ខ្ញុំ​នៅ ។ ពេល​ខ្ញុំ​បាន​និយាយ​ជាមួយ​ក្រុម​អ្នកទោស​មួយ​ក្រុម ខ្ញុំ​បាន​មាន​អារម្មណ៍​ថា ខ្ញុំ​នៅក្នុង​កន្លែង​បរិសុទ្ធ​មួយ ដោយសារ​ខ្ញុំ​បាន​ដឹង​ថា ពួកគេ​ពិត​ជា​ចង់​ផ្លាស់​ប្ដូរ ហើយ​មក​កាន់​ព្រះគ្រីស្ទ​ដោយ​ស្មោះសរ ។ យើង​បាន​និយាយ​អំពី​អត្តសញ្ញាណ​ដ៏​ទេវភាព​ក្នុង​នាម​ជា​បុត្រា​បុត្រី​របស់​ព្រះ ។

« មាន​ពេល​មួយ ខ្ញុំ​បាន​ប្រាប់​ពួកគេ​អំពី​ចៅ​ស្រី​អាយុ​ពីរ​ឆ្នាំ​របស់​ខ្ញុំ ដែល​បាន​មកឯ​ខ្ញុំ​នៅ​ថ្ងៃ​មួយ ដោយ​ញញឹម ។ នាង​បាន​ប្រកាស​យ៉ាង​សាទរ​ថា ‹ លោកយាយ ខ្ញុំ​ជា​កូន​របស់​ព្រះ ! › បន្ទាប់​មក​មនុស្ស​ម្នាក់​បាន​និយាយ​តិចៗ​ថា ‹ ខ្ញុំ​ឆ្ងល់​ថា ជីវិត​របស់​ខ្ញុំ​នឹង​ទៅ​ជា​យ៉ាង​ណា​នៅ​ថ្ងៃ​នេះ ប្រសិន​បើ​មាន​នរណា​ម្នាក់​បាន​ប្រាប់​ខ្ញុំ ពេល​ខ្ញុំ​នៅ​ក្មេង​ថា ខ្ញុំ​ជា​កូន​របស់​ព្រះ​នោះ ។ ›

ស៊ីស្ទើរ​ចូនស៍​បាន​បន្ត​ថា « ដំណឹងល្អ​នោះ​គឺ​ថា យើង​ទាំងអស់​គ្នា​គឺ​ជា​បុត្រា​បុត្រី​របស់​ព្រះ មិន​ថា​យើង​រៀន​វា​ពេល​នៅ​ជា​ក្មេង​ម្នាក់ ឬ​ក្រោយ​មក​ទៀត​នៅ​ក្នុង​ជីវិត​របស់​យើង​នោះ​ទេ ។ វា​ពុំ​ដែល​យឺតពេល​ទេ ។ អ្នកពុំត្រូវ​បាន​បំភ្លេច​ចោល​ឡើយ ។ ព្រះ​ស្គាល់​អ្នក ។ ទ្រង់​ស្រឡាញ់​អ្នក ។ ព្រះរាជបុត្រា​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ គឺជា​ព្រះអង្គសង្គ្រោះ​របស់​យើង ។ ទ្រង់​បាន​ធ្វើ​ដង្វាយធួន​សម្រាប់​យើង​ម្នាក់ៗ​គ្រប់​គ្នា ។ ដោយសារ​ដូច​នោះ​ហើយ ព្រះយេស៊ូវ​យល់​ឥត​ខ្ចោះ​ពី​ជីវិត​របស់​យើង ហើយ​យើង​អាច​ត្រូវបាន​អត់ទោស​ឲ្យ​ទាំងស្រុង​ពី​អំពី​បាប​របស់​យើង ។ ទ្រង់​បាន​មាន​ព្រះបន្ទូល​ថា ‹ មែន​ហើយ ឱ​វង្ស​អ៊ីស្រាអែល​អើយ គេ​នឹង​ភ្លេច​បាន ប៉ុន្តែ​យើង​មិន​ដែល​ភ្លេច​អ្នក​ឡើយ ។… មើល​ចុះ យើង​បាន​ចារិក​អ្នក​ទុក នៅ​ផ្ទៃ​បាតដៃ​របស់​យើង​ហើយ អស់​ទាំង​កំផែង​អ្នក​នៅ​ចំពោះ​ភ្នែក​យើង​ជានិច្ច › ( នីហ្វៃទី១ ២១:១៥–១៦ ) » ។

ការជឿ​ថា​អ្នក និង​មនុស្ស​គ្រប់​គ្នា​ដែល​អ្នក​ស្គាល់ គឺ​ជា​កូន​របស់​ព្រះ អាច​ជា​ប្រភព​នៃ​កម្លាំង​ខាង​ក្នុង ។ ពេល​អ្នក​ទទួល​យក​សេចក្ដី​ពិត​នេះ ហើយ​អនុញ្ញាត​ឲ្យ​វា​ដឹកនាំ​ជីវិត​របស់​អ្នក នោះ​អ្នក​នឹង​រកឃើញ​ភាពសុខសាន្ត​កាន់តែ​ច្រើន​ឡើង ហើយ​ក្លាយ​ជា​គំរូ​ដ៏​ល្អ​សម្រាប់​មនុស្ស​ដទៃ​ទៀត ។

ការកសាងទំនុក​ចិត្តឡើង​វិញ

រូបភាព
hand sending out a dove from window of prison cell

ពេញ​មួយ​ជីវិត វា​អាច​ពិបាក​ក្នុង​ការដឹង​ថា​នរណា​ដែល​ត្រូវ​ទុកចិត្ត ប៉ុន្តែ​អ្នក​តែងតែ​អាច​ទុកចិត្ត​ព្រះវរបិតាសួគ៌​របស់​អ្នក ។ ព្រះគម្ពីរ​បង្រៀន​ថា ព្រះ​ស្គាល់​អ្នក​យ៉ាង​ឥតខ្ចោះ ។ ទ្រង់​ស្រឡាញ់​អ្នក ហើយ​មិន​អាច​កុហក់​ទេ ។ ប្រសិន​បើ​ការទុកចិត្ត​អ្នក​ដទៃ—រួម​ទាំង​ព្រះ—ពិបាក​សម្រាប់​អ្នក សូម​អធិស្ឋាន​អំពី​វា ។ សូម​សួរ​ដល់​ព្រះវរបិតាសួរ​របស់​អ្នក​ថា « តើ​ព្រះអង្គ​ស្រឡាញ់​កូន​ទេ ? តើ​កូន​អាច​ទុកចិត្ត​លើ​ព្រះអង្គ​ទេ ? » រួចហើយ​សូម​ស្ដាប់​មើល​ចម្លើយ​មួយ ។ ចម្លើយ​អាច​បាន​មក​ជា​អារម្មណ៍​សុខសាន្ត ឬ​គំនិត​ដ៏​ស្ងប់​មួយ ។ វា​អាច​ត្រូវការ​ពេល​វេលា ។ ប៉ុន្តែ​ទ្រង់​នឹង​ឆ្លើយ​តប​ការអធិស្ឋាន​របស់​អ្នក ។

បន្ថែម​ទៅលើ​ការដឹង​ថា​នរណា​ដែល​អ្នក​អាច​ទុកចិត្ត​បាន វា​សំខាន់​ដើម្បី​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​អាច​ឲ្យ​មនុស្ស​ដទៃ​ទុកចិត្ត​បាន​ផងដែរ ។ វា​ប្រហែល​ជា​មិនសមរម្យ​ទេ​សម្រាប់អ្នក​ដែល​ទៅទាក់ទង​នឹង​មនុស្ស​ដែល​អ្នក​ធ្វើ​ឲ្យ​ខូចចិត្ត ។ ប៉ុន្តែ​អ្នក​នៅ​តែ​អាច​ពិចារណា​ពី​ព្រឹត្តិការណ៍​កាល​ពី​អតីតកាល​ចេញ​ពី​ទស្សនៈ​របស់​ពួកគេ អភិវឌ្ឍ​សេចក្ដី​មេត្តា​ចំពោះ​ពួកគេ ហើយ​អធិស្ឋាន​ឲ្យ​ពួកគេ ។ អ្នក​អាច​ជ្រើស​ធ្វើ​ជា​បុគ្គល​ម្នាក់​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​នៅ​ក្នុង​ទំនាក់​ទំនង​ថ្មីដែល​អ្ន​ក​បង្កើត​ឡើង ។

វា​អាច​ជា​ផ្លូវ​ដ៏​វែង​ឆ្ងាយ​មួយ ។ ខ្ញុំ​មាន​អំណរគុណ​ចំពោះ​ការលើក​ទឹកចិត្ត​នេះ​មក​ពី​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ៖ « បន្ត​ស្រឡាញ់ ។ ចូរ​បន្ដ​ខិតខំ ។ ចូរ​បន្ដ​ទុកចិត្ត ។ ចូរ​បន្ដ​ជឿ ។ ចូរ​បន្ដ​រីកចម្រើន ។ ស្ថានសួគ៌​កំពុង​លើក​ទឹកចិត្ត​បងប្អូន​នៅ​ថ្ងៃនេះ ថ្ងៃ​ស្អែក និង​ជារៀង​រហូត​តទៅ » ។

ការបំពេញ​តួនាទី​ជា​ឪពុក​/ម្ដាយ​ពេល​ជាប់​ពន្ធនាគារ

អ្នក​អាច​ត្រូវ​បាន​ល្បួង​ឲ្យ​គិត​ថា អ្នក​មិន​អាច​ធ្វើ​ជា​ឪពុក/ម្ដាយ អំឡុង​ពេល​ដែល​អ្នក​ជាប់​ពន្ធនាគារ ។ សូម​ទប់ទល់​នឹង​ការគិត​បែប​នេះ ។ ពេល​ណា​ដែល​អាច​ធ្វើ​បាន សូម​ស្វែងរក​របៀប​ដើម្បី​គាំទ្រ​ដល់​គ្រួសារ និង​កូនៗ​របស់​អ្នក ។

នៅ​ឆ្នាំ​ថ្មីៗ​នេះ ថ្នាក់​ដឹកនាំ​សាសនាចក្រ​បាន​សង្កត់​ធ្ងន់​ថា​វា​សំខាន់​យ៉ាង​ណា ដើម្បី​បង្រៀន​ដំណឹងល្អ​ដល់​គ្នា​ទៅវិញ​ទៅមក​នៅក្នុង​គ្រួសារ​យើង ។ សូម​សួរ​ខ្លួនឯង​ថា « តើ​ខ្ញុំ​អាច​ជួយ​គ្រួសារ​ខ្ញុំ​ឲ្យ​ទទួល​បាន​ពរជ័យ​នៃ​ដំណឹងល្អ​ដោយ​របៀប​ណា ? » ទាំងនេះ​គឺ​ជា​យោបល់​ចំនួន​បួន ៖

  • អ្នក​តែងតែ​អាច​អធិស្ឋាន​សម្រាប់​គ្រួសារ​របស់​អ្នក​ជានិច្ច ។ ការអធិស្ឋាន​គឺ​ជា​ប្រភេទ​កិច្ចការ​ខាង​វិញ្ញាណ​ដ៏​មាន​អានុភាព ដែល​មិន​ត្រូវបាន​ដាក់​កម្រិត​ដោយ​ជញ្ជាំង ឬ​ចម្ងាយ​នោះ​ទេ ។

  • ប្រសិន​បើ​អ្នក​ត្រូវបាន​អនុញ្ញាត​ឲ្យ​ទាក់ទង​នឹង​កូនៗ​អ្នក សូម​ស្វែងរក​របៀប​សមរម្យ​ដើម្បី​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​អ្នក ។ បង្រៀន​ពួកគេ​អំពី​មេរៀន​ខាង​វិញ្ញាណ​ដែល​អ្នក​កំពុង​រៀន ។

  • សូម​ធ្វើ​ការខិតខំ​ដើម្បី​ទំនាក់ទំនង​ឡើងវិញ​ជាមួយ​នឹង​មិត្តភក្ដិ​ដែល​គួរ​ឲ្យ​ទុកចិត្ត ។ កសាង​ចំណង​ទាក់ទង​ជាមួយ​ពួក​អ្នក​ដែល​ជា​ឥទ្ធិពល​ល្អ​ចំពោះ​គ្រួសារ​របស់​អ្នក ។

  • ផ្លាស់ប្រែ​កាន់​តែ​ល្អ​ប្រសើរ ។ រាល់​កិច្ចប្រឹងប្រែង​ដែល​អ្នក​ធ្វើ ដើម្បី​អភិវឌ្ឍ​ខ្លួន​ឯង និង​ដើម្បី​ទទួល​ខុសត្រូវ​ចំពោះ​ជម្រើស​របស់​អ្នក នឹង​ជួយ​អ្នក​ឲ្យ​កាន់តែ​ក្លាយ​ជា​ឪពុក ឬ​ម្ដាយ​កាន់តែ​ប្រសើរ​ឡើង ។

ការបោះ​ពួយ​ទៅ​មុខ

ព្យាការី​របស់​យើង​សព្វថ្ងៃ​នេះ ប្រធាន រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍​ថា ចំណុច​សំខាន់​នៃ​ជីវិត​នេះ​គឺ​ដើម្បី​ត្រៀម​ខ្លួន​ទៅ​ជួប​នឹង​ព្រះ ដោយ​ការធ្វើ​តាម​គំរូ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ លោក​បាន​បង្រៀន​ថា « យើង​ធ្វើដូច្នោះនៅ​ពេល​យើង​ប្រែចិត្តប្រចាំ​ថ្ងៃ ហើយ​ទទួល​បាន​ការ​សម្អាត​ការព្យាបាល និង​អំណាច​ពង្រឹង​របស់​ទ្រង់ » ។ « បន្ទាប់មក យើង​អាច​មាន​អារម្មណ៍​ភាពសុខសាន្ដ និងអំណរ​យូរអង្វែង ទោះ​ជា​នៅ​គ្រា​ចលាចល​ក្ដី » ។

ការប្រែចិត្ត​គឺ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ការជា​សះស្បើយ ។ វា​ចាប់​ផ្ដើម​ពេល​ដែល​អ្នក​អធិស្ឋាន​ដោយ​ស្មោះសរ​ដល់​ព្រះ ដោយ​ទូល​ដល់​ទ្រង់​ពី​អ្វី​ដែល​អ្នក​បាន​ធ្វើ​ខុស ហើយ​ទូល​សូម​ការអភ័យទោស​ពី​ទ្រង់ ។ អ្នក​នឹង​ចាប់​ផ្ដើម​មាន​អារម្មណ៍​សុខសាន្ត កាលដែល​អ្នក​រៀន​បន្ថែម​ទៀត​អំពី​ដំណឹងល្អ ហើយ​ធ្វើ​តាម​គំរូ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ អារម្មណ៍​ទាំងនេះ និង​ការផ្លាស់ប្ដូរ​ឥរិយាបទ​របស់​អ្នក គឺ​ជា​ភស្ដុតាង​ថា អ្នក​កំពុង​ចាប់ផ្ដើម​ជា​សះស្បើយ ។

ថ្នាក់​ដឹកនាំ​សាសនាចក្រ​នៅ​ទីនោះ​ដើម្បី​ជួយ​អ្នក​ដើរ​តាម​ផ្លូវ​នេះ​ត្រឡប់​ទៅកាន់​ព្រះ​វិញ ។ តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ អ្នក​នឹង​អាច​ត្រឡប់​ទៅរក​ព្រះវរបិតាសួគ៌​របស់​អ្នក​វិញ​ជានិច្ច ។ ទោះបី​ជា​អ្នក​អាច​ទទួល​អារម្មណ៍​ថា​បាន​ទទួល​ការអត់ទោស​ពី​ព្រះ​យ៉ា​ងយូរ​ពីមុន​ពេល​អ្នក​ត្រូវបាន​អត់ទោស​ឲ្យ​ដោយ​គ្រួសារ សង្គម ឬ​សូម្បី​តែ​សមាជិក​សាសនាចក្រ​ក្ដី សូម​កុំ​អស់​សង្ឃឹម​ឡើយ ។ គ្រាន់តែ​បន្ត​ឆ្ពោះ​ទៅ​មុខ ។ សូម​ទុកចិត្ត​លើ​ការសន្យា​របស់​ព្រះ និង​ពេលវេលា​របស់​ទ្រង់ ។

ព្រះ​នឹង​ជួយ​អ្នក​ឲ្យ​ជា​សះស្បើយ

ចូរ​ចាំ​ថា ការជា​សះស្បើយ​ណា​ក៏​ដោយ—រួម​ទាំង​ពី​ការញៀន ការរំលោភ​បំពាន ឬ​ដំណើរ​ប៉ះទង្គិច​ផ្សេងៗ​ទៀត—គឺ​ត្រូវការ​ពេលវេលា ។ ព្រះគម្ពីរ​ប៊ីប​ប្រាប់​ដំណើរ​រឿង​របស់​ព្រះយេស៊ូវ​ព្យាបាល​បុរស​ខ្វាក់​ភ្នែក​ដែល​បាន​មើល​ឃើញ​វិញ ។ ដំបូង ទ្រង់​បាន​ឃើញ « មនុស្ស​ដើរ មើល​ទៅ​ដូច​ជា​ដើម​ឈើ » ។ បន្ទាប់​មក​ព្រះយេស៊ូវ « ដាក់​ព្រះហស្ត​លើ​ភ្នែក​គាត់​ម្តង​ទៀត ប្រាប់​ឲ្យ​ងើប​ឡើង​មើល ស្រាប់​តែ​ភ្នែក​គាត់​បាន​ភ្លឺ​ឡើង ឃើញ​ច្បាស់​ទាំង​អស់ » ( ម៉ាកុស ៨:២៤–២៥ ) ។ ស្រដៀង​គ្នា​នេះ ពេល​ព្រះយេស៊ូវ​បាន​ព្យាបាល​ស្ត្រី​ម្នាក់​ដែល​មាន​បញ្ហា​ធ្លាក់​ឈាម គឺ​បន្ទាប់​ពី​នាង​បាន​ទទួល​រង​បញ្ហា​សុខភាព​អស់​រយៈពេល ១២ ឆ្នាំ ( សូមមើល ម៉ាកុស ៥:២៥–៣៤ ) ។ រឿងរ៉ាវ​ទាំងនេះ​រំឭក​យើង​ថា ការជា​សះស្បើយ​ខាង​រាងកាយ ខាង​វិញ្ញាណ និង​ខាង​ផ្លូវចិត្ត ជាញឹកញាប់​វា​ត្រូវការពេលវេលា ។ ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​ដូច​ជា​ការជា​សះស្បើយ​របស់​អ្នក​មិន​កំពុង​តែ​កើតឡើង​លឿន​តាម​ដែល​អ្នក​ចង់​បាន​ទេ សូម​ព្យាយាម​រកមើល​ភាពជោគជ័យ​តូចៗ ។ សូម​អធិស្ឋាន និង​ទូល​ដល់​ព្រះ​អំពី​អារម្មណ៍​របស់​អ្នក រួម​ទាំង​ការអរព្រះគុណ​ទ្រង់​សម្រាប់​ការរីក​ចម្រើន​ណា​ក៏​ដោយ​ដែល​អ្នក​កត់សម្គាល់​ឃើញ ។

មិន​ថា​អ្នក​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ឬ​មិន​មែន កំពុង​តែ​រៀន​បន្ថែម​ទៀត​អំពី​ដំណឹងល្អ ឬ​កំពុង​ត្រឡប់​ទៅកាន់​ភាពជា​សមាជិក​របស់​សាសនាចក្រ​វិញ​ក្ដី សូម​ដឹង​ថា យើង​ខ្វាយខ្វល់​ពី​អ្នក ។ មិន​ថា​អតីតកាល​របស់​អ្នក​យ៉ាង​ណា​នោះ​ទេ ឬ​ថា​តើ​ផ្លូវ​នៅ​ខាង​មុខ​ឆ្ងាយ​ប៉ុណ្ណា​ទេ អនាគត​របស់​អ្នក​អាច​ត្រូវបាន​បំពេញ​ដោយ​ពន្លឺ​របស់​ព្រះ ។… ផ្លូវ​នៃ​ដំណឹងល្អ​ផ្ដល់​កម្លាំង​ដល់​យើង ។ វា​នាំ​ការលួងលោម​ដល់​យើង ។ វា​ដឹកនាំ​ទៅ​កាន់​សុភមង្គល​កាន់តែ​ច្រើន​នៅក្នុង​​ជីវិត​នេះ និង​អំណរ​នៅ​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។

ព្រះវរបិតាសួគ៌​របស់​អ្នក និង​ព្រះយេស៊ូវ​គ្រីស្ទ​​ស្គាល់ ហើយ​ស្រឡាញ់អ្នក​យ៉ាង​ឥត​ខ្ចោះ ។ ពួក​ទ្រង់​នឹង​មិន​ដែល​បោះបង់​អ្នក​ចោល​ឡើយ ។ ពួក​ទ្រង់​នឹង​មិន​ដែល​ធ្វើ​ទុក្ខទោស​ដល់​អ្នក​ឡើយ ។ ពួក​ទ្រង់​នឹង​មិន​ដែល​ភ្លេច​អ្នក​ឡើយ ។