ឆ្នាំ ២០២១
ចង្អុល​បង្ហាញ​យើង​ទាំងអស់​គ្នា​ទៅកាន់​ព្រះយេស៊ូវ​គ្រីស្ទ
ខែ មករា ឆ្នាំ ២០២១


ចង្អុលផ្លូវ​យើង​ទាំងអស់​គ្នា​ទៅកាន់ ព្រះយេស៊ូវ​គ្រីស្ទ

ជីវិត​គឺជា​ដំណើរ​មួយ ។ ទស្សនាវដ្តី លីអាហូណា អាច​ជួយ​បាន ។

រូបភាព
line drawing of Liahona

គំនូរ​លីអាហូណា ដោយ បេត វាយថេកឃើរ

នៅ​ជំនាន់​ព្រះគម្ពីរ​មរមន ព្រះអម្ចាស់​បាន​រៀបចំ​លីអាហូណា​ដើម្បី​ជួយ​ដល់​លីហៃ និង​គ្រួសារ​របស់​លោក​ឲ្យ​ធ្វើ​ដំណើរ​ទៅមុខ ។ លីអាហូណា​គឺ​ជា « ត្រី​វិស័យ ដែល​នឹង​ចង្អុល​ប្រាប់​គេ​នូវ​ផ្លូវ​ត្រង់​មួយ​ទៅ​កាន់​ដែនដី​សន្យា » ( អាលម៉ា ៣៧:៤៤ ) ។

ដូចជា​លីហៃ​ដែរ យើង​កំពុង​ធ្វើ​ដំណើរ ។ យើង​នឹង​មាន​ឧបសគ្គ​តូច​ធំ ។ ជួប​ថ្ងៃរះ និង​ខ្យល់ព្យុះ ។ មាន​សេចក្ដី​សុខសាន្ដ និង​ការឈឺចាប់ ។ ប៉ុន្ដែ​ឆ្លងកាត់​អ្វី​ទាំងអស់ វា​មាន​គោលបំណង​ដ៏​ទេវភាព​មួយ ដោយសារ​យើង​មាន​សក្ដានុពល​ដ៏​ទេវភាព ។ ព្រះវរបិតាសួគ៌​របស់​យើង​មិន​គ្រាន់តែ​សព្វ​ព្រះទ័យ​ឲ្យ​យើង​ត្រឡប់​ទៅកាន់​ទ្រង់​វិញ​នោះ​ទេ ទ្រង់​ថែម​ទាំង​សព្វ​ព្រះទ័យ​ឲ្យ​យើង​កាន់តែ​ក្លាយ​ដូចជា​ទ្រង់​តាមរយៈ​ព្រះរាជបុត្រា​របស់​ទ្រង់​គឺ ព្រះយេស៊ូវគ្រីស្ទ​ទៀត​ផង ។ ប៉ុន្តែ​ពេល​ខ្លះ​យើង​ត្រូវការ​ជំនួយ ។

នៅក្រោម​ការដឹកនាំ​របស់​ព្យាការី​ដែល​នៅរស់ ទស្សនាវដ្ដី លីអាហូណា នៅ​ជំនាន់​របស់​យើង​ត្រូវបាន​រចនា​ឡើង​ដើម្បី​ជួយ​យើង​ឲ្យ​ស្គាល់​ផ្លូវ និង​របៀប​ដើរ​នៅលើ​ផ្លូវ​នោះ ។ ការរៀនសូត្រ និង​ការរស់នៅ​តាម​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ផ្លាស់ប្ដូរ​យើង ។ ហើយ​ពេល​យើង​បាន​ឆ្លងកាត់​វាលខ្សាច់ និង​មហា​សមុទ្រ​របស់​យើង​ផ្ទាល់ នោះ​យើង​នឹង​ឃើញ​ថា ការធ្វើ​តាម​ទ្រង់​ពេល​ឆ្លងកាត់​ទាំង​ថ្ងៃរះ និង​ខ្យល់ព្យុះ​បាន​អនុញ្ញាត​ឲ្យ​ទ្រង់​ធ្វើឲ្យ​យើង​ក្លាយជា​អ្វី​ដែល​ទ្រង់​តែង​ជ្រាប​ថា យើង​អាច​ធ្វើបាន ។

សូម​បន្ត​អាន​ដើម្បី​រៀន​បន្ថែម​ទៀត​អំពី​ទស្សនាវដ្ដី លីអាហូណា​ថ្មី ។

រូបភាព
photo collage of eight people

រូបថត​ស្ដ្រី​ម្នាក់​កំពុង​សរសេរ មកពី Getty Images; រូបភាព​បញ្ឈរ ៖ ជួរ​ទីពីរ​ពី​ខាងលើ ( ខាង​ឆ្វេង ) និង​ជួរ​ទី​បី​ពី​ខាងលើ ( ខាង​ស្ដាំ ) មកពី Getty Images

ទស្សនាវដ្ដី​មួយ សម្រាប់​គ្រប់​ដួងចិត្ត និង​គេហដ្ឋាន​ទាំងអស់

មិន​ថា​បងប្អូន​មកពី​ប្រទេស​ស្លូវេនី ឬ​អេស្ប៉ាញ ប្រទេស​ម៉ាដាហ្គាស្កា ឬ​ទីក្រុង​ម៉ាសាឈូសេត​នោះ​ទេ នេះ​គឺជា​ទស្សនាវដ្ដី​សម្រាប់​បងប្អូន ។ មិន​ថា​បងប្អូន​និយាយ​ភាសា​កូរ៉េ ឬ​គិរីបាទី មិន​ថា​គេហដ្ឋាន​បងប្អូន​ធ្វើ​ពី​ឥដ្ឋ ឬ​ឬស្សី មិន​ថា​បងប្អូន​ជ្រមុជ​ទឹក​កាលពី ៨០ ឆ្នាំ​កន្លង​ទៅ ឬ​ម្សិលមិញ​នោះ​ទេ ។ រៀបការ​ហើយ នៅលីវ ចាស់ ក្មេង—​ទំព័រ​ទាំងនេះ​ថ្លែង​ទៅកាន់​បងប្អូន និង​ឆ្លុះបញ្ចាំង​ពី​បងប្អូន ។ ទីបន្ទាល់​របស់​បងប្អូន បទពិសោធន៍​របស់​បងប្អូន ទីនៃ​សេចក្ដី​ជំនឿ​របស់​បងប្អូន ។ នោះ​ជា​ពរជ័យ​ដ៏​អស្ចារ្យ​ក្នុង​ការមាន​ទស្សនាវដ្ដី​ទូទាំង​សកលលោក​មួយ​សម្រាប់​មជ្ឈិមវ័យ ។ វា​បង្រួប​បង្រួម​ពួកយើង ហើយ​រំឭក​យើង​ថា យើង​ទាំងអស់​គ្នា​គឺជា​គ្រួសារ​ទូទាំង​ពិភពលោក​មួយ និង​ជា​សាសនាចក្រ​ទូទាំង​ពិភពលោក​មួយ ។

ដូច្នេះ សូម​មក​ចូលរួម​នឹង​យើង កាល​យើង​ទាំងអស់​គ្នា​ខិត​ទៅ​កាន់តែ​ជិត​នឹង​ព្រះយេស៊ូវ​គ្រីស្ទ ។ មួយ​លេខ​ម្តងៗ មួយ​ទំព័រ​ម្ដងៗ ។ ដោយ​មាន​ព្យាការី និង​ពួកសាវក​ដឹកនាំ​យើង ហើយ​ដោយ​មាន​ព្រះអង្គ​សង្គ្រោះ​ដែល​ពេញ​ដោយ​ក្ដី​ស្រឡាញ់​ចាំ​ជួយ​យើង ។ ពួកយើង​ទាំងអស់គ្នា ។ រួមគ្នា ។

អ្វី​ត្រូវ​រំពឹង ពី​ទស្សនាវដ្ដី លីអាហូណា​ ថ្មី

សារលិខិត​មកពី​ពួកព្យាការី និង​សាវក

រូបភាព
First Presidency

ទស្សនាវដ្ដី លីអាហូណា នឹង​បង្ហាញ​សារលិខិត​នានា​មកពី​ថ្នាក់ដឹកនាំ​សាសនាចក្រ​ឲ្យ​កាន់តែ​ទាន់​ពេលវេលា ។ សារលិខិត​ទាំងនេះ ទាំង​ជា​ឯកសារ​បោះពុម្ព និង​នៅលើ​អ៊ីនធឺណិត នឹង​ចង្អុល​បង្ហាញ​យើង​ទាំងអស់​គ្នា​ទៅកាន់​ព្រះអង្គ​សង្គ្រោះ ។

ការគាំទ្រ​បន្ថែម​ទៀត​សម្រាប់​សមាជិក​ទាំងអស់

ពីមុន​មក សមាជិក​មួយ​ចំនួន​បាន​ទទួល​ទស្សនាវដ្ដី​នេះ​តែ​ពីរ​បី​ដង​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ អាស្រ័យ​លើ​ភាសា​របស់​ពួកគេ ។ ឥឡូវ​នេះ ទស្សនាវដ្ដី​សាសនាចក្រ​ទូទាំង​សកលលោក​ចំនួន​បី នឹង​បោះពុម្ព​រាល់ខែ ឬ​រាល់​ពីរ​ខែ​ម្ដង​ក្នុង​ភាសា​របស់​សមាជិក​ប្រហែល​ជា ៩៧ ភាគរយ ។

មាតិកា​ឌីជីថល​បន្ថែម​ទៀត

រូបភាព
phone screen with Gospel Library

ដើម្បី​ជួយ​បងប្អូន​ឲ្យ​ទទួល​បាន​នូវ​មាតិកា​ដ៏​បំផុស​គំនិត​ដែល​បងប្អូន​ចង់​បាន យើង​នឹង​ផ្ដល់​វា​តាម​របៀប​បន្ថែម​ទៀត​ដែល​បងប្អូន​ចង់​បាន ។ សូម​រកមើល​បទពិសោធន៍​ដែល​បាន​កែលម្អ​ជា​ឌីជីថល​នៅលើ​គេហទំព័រ liahona.ChurchofJesusChrist.org នៅក្នុង​កម្មវិធី​ការរស់នៅ​តាម​ដំណឹងល្អ និង​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ តាមរយៈ​អ៊ីម៉ែល និង​ជម្រើស​ផ្សេងៗ​ទៀត​ដែល​នឹង​មាន​នៅ​ពេល​ក្រោយ​ទៀត ។

ការរៀនសូត្រ​ដំណឹងល្អ​ដែល​ផ្តោត​លើ​គេហដ្ឋាន

រាល់ខែ​យើង​នឹង​ចែកចាយ​បទពិសោធន៍ សកម្មភាព និង​ការបង្រៀន​ទាំងឡាយ​ដើម្បី​ជួយ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ឲ្យ​រៀន​ដំណឹងល្អ​នៅតាម​គេហដ្ឋាន ហើយ​បង្រៀន​វា​ដល់​កូនៗ និង​មនុស្ស​ជាទី​ស្រឡាញ់​របស់​ពួកគេ ។

រឿង​ពិត​មកពី​សមាជិក​ពិត

រូបភាព
girl writing in notebook

រូបថត​ស្ដ្រី​ម្នាក់​កំពុង​សរសេរ មកពី Getty Images; រូបភាព​បញ្ឈរ ៖ ជួរ​ទីពីរ​ពី​ខាងលើ ( ខាង​ឆ្វេង ) និង​ជួរ​ទី​បី​ពី​ខាងលើ ( ខាង​ស្ដាំ ) មកពី Getty Images

កាល​បងប្អូន​អាន​បទពិសោធន៍​ដែល​លើក​តម្កើង​ឲ្យ​មាន​សេចក្ដី​ជំនឿ មកពី​សមាជិក​ទាំងអស់​ទូទាំង​ពិភពលោក នោះ​សេចក្ដី​ជំនឿ​របស់​បងប្អូន​ផ្ទាល់​នឹង​ត្រូវបាន​ពង្រឹង ។ ហើយ​បងប្អូន​នឹង​នឹកចាំ​ថា យើង​រួបរួម​គ្នា​ក្នុង​អ្វីមួយ​ដែល​ធំ​ជាង​វួដ ឬ​សាខា​របស់​យើង​ទៅ​ទៀត ។ សូម​ចែក​រំលែក​បទពិសោធន៍​របស់​បងប្អូន​នៅលើ​គេហទំព័រ liahona.ChurchofJesusChrist.org ឬ​ផ្ញើ​អ៊ីម៉ែល​មកកាន់​យើង​តាមរយៈ​អាសយដ្ឋាន liahona@ChurchofJesusChrist.org ។

ដំណើររឿង និង​សារលិខិត​នៅ​ជិត​ផ្ទះ

ទស្សនាវដ្ដី លីអាហូណា បោះពុម្ព​ជា​កំណែ​តាម​តំបន់​ជាង ៦០ តំបន់​ដែល​មាន​ដាក់​បញ្ចូល​ទំព័រ​ជាក់លាក់​បន្ថែម​ទៅ​តាម​ទីតាំង និង​ភាសា​ភូមិភាគ​ខុសៗ​គ្នា ។ ទំព័រ​ក្នុង​មូលដ្ឋាន​ទាំងនេះ​នឹង​ជួយ​ភ្ជាប់​បងប្អូន​ទៅ​​នឹង​ពួកបរិសុទ្ធ ថ្នាក់​ដឹកនាំ និង​បញ្ហានានា​ដែល​នៅ​ជិត​ផ្ទះ ។