ឆ្នាំ ២០២១
បព្វជិតភាព​គឺជា​ព្រះចេស្ដា​របស់​ព្រះ
ខែ សីហា ឆ្នាំ ២០២១


« បព្វជិតភាព​គឺជា​ព្រះចេស្ដា​របស់​ព្រះ » លីអាហូណា ប្រចាំ​ខែ សីហា ឆ្នាំ ២០២១

សារលិខិត លីអាហូណា ប្រចាំ​ខែ សីហា ឆ្នាំ ២០២១

បព្វជិតភាព​គឺជា​ព្រះចេស្ដា​របស់​ព្រះ

ព្រះ​ប្រទានពរ​ដល់​យើង​តាមរយៈ​អំណាច​នៃ​បព្វជិតភាព ។ ពរជ័យ​បព្វជិតភាព​គឺ​មាន​សម្រាប់​មនុស្ស​គ្រប់គ្នា ។

បព្វជិតភាព​គឺជា​ព្រះចេស្ដា​របស់​ព្រះ ។ ទ្រង់​ប្រើ​ព្រះចេស្ដា​នេះ ដើម្បី​ប្រទានពរ​ដល់​បុត្រា​បុត្រី​ទាំងអស់​របស់​ទ្រង់ ហើយ​ជួយ​ពួកគេ​ឲ្យ​ត្រឡប់​ទៅ​រស់នៅ​ជាមួយ​ទ្រង់​វិញ ។ ព្រះ​បាន​ប្រទាន​អំណាច​បព្វជិតភាព​ដល់​បុត្រា​បុត្រី​របស់​ទ្រង់​នៅលើ​ផែនដី ។ ដោយ​មាន​អំណាច​នេះ ថ្នាក់ដឹកនាំ​បព្វជិតភាព​អាច​ដឹកនាំ​សាសនាចក្រ ហើយ​អ្នកកាន់​បព្វជិតភាព​អាច​ធ្វើ​ពិធីបរិសុទ្ធ​ដ៏ពិសិដ្ឋ ដូចជា​ពិធី​បុណ្យ​ជ្រមុជទឹក ដែល​ជួយ​យើង​ឲ្យ​មក​កាន់តែ​ជិត​ព្រះ ។ បុរស និង​ស្ដ្រី​គ្រប់រូប​ដែល​ទទួល​បាន​ពិធីបរិសុទ្ធ​បព្វជិតភាព​ដោយ​ភាពស័ក្ដិសម ហើយ​បាន​ចុះ​សេចក្ដីសញ្ញា ( សេចក្ដី​សន្យា​ដ៏ពិសិដ្ឋ ) មាន​សិទ្ធិ​ទទួល​បាន​ព្រះចេស្ដា​របស់​ព្រះ ។

រូបភាព
ពិធីសាក្រាម៉ង់

អំណាច​បព្វជិតភាព​ត្រូវបាន​ប្រទាន​ដល់​យ៉ូសែប ស្ម៊ីធ

កាល​ព្រះយេស៊ូវ​គ្រីស្ទ​គង់​នៅលើ​ផែនដី ទ្រង់​បាន​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​ដោយ​អំណាច​បព្វជិតភាព ។ ទ្រង់​ក៏បាន​ប្រទាន​អំណាច​នេះ​ដល់​ពួកសាវក​របស់​ទ្រង់​ផងដែរ ។ អស់​ជាច្រើន​សតវត្សរ៍​បន្ទាប់​ពី​ពួកលោក​បាន​ស្លាប់​ទៅ នោះ​សមាជិក​ជាច្រើន​បាន​វង្វេង​ចេញពី​សាសនាចក្រ ។ ពួកគេ​បាន​ផ្លាស់ប្ដូរ​ដំណឹងល្អ និង​របៀប​ដែល​សាសនាចក្រ​បាន​ដំណើរការ​ដោយ​មិន​ត្រឹមត្រូវ ។ បព្វជិតភាព​របស់​ព្រះ​លែង​មាន​ទៀត​នៅលើ​ផែនដី​នេះ ។ នៅ​ឆ្នាំ ១៨២៩ ព្រះយេស៊ូវ​បាន​បញ្ជូន យ៉ូហាន-បាទីស្ទ និង​សាវក​ពេត្រុស យ៉ាកុប និង​យ៉ូហាន ឲ្យ​មក​ផ្ដល់​បព្វជិតភាព​ដល់​យ៉ូសែប ស្ម៊ីធ ។ សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​គឺជា​ស្ថាប័ន​តែមួយ​គត់​នៅលើ​ផែនដី ដែល​មាន​សិទ្ធិ​អំណាច​នេះ​មកពី​ព្រះ ។

រូបភាព
ការស្ដារ​ឡើងវិញ​នៃ​បព្វជិតភាព​មិលគីស្សាដែក

សំឡេង​ពេត្រុស យ៉ាកុប និង យ៉ូហាន ដោយ លីនដា ឃើរលី គ្រីស្ទានសិន និង ម៉ៃឃើល ធី ម៉ម

កូនសោ​បព្វជិតភាព

កូនសោ​បព្វជិតភាព​គឺជា​សិទ្ធិ​អំណាច​ដើម្បី​ដឹកនាំ​ការប្រើប្រាស់​បព្វជិតភាព ដូចជា​ការផ្ដល់​ការអនុញ្ញាត​ឲ្យ​ធ្វើ​ពិធីបរិសុទ្ធ ។ ព្រះយេស៊ូវ​គ្រីស្ទ​កាន់​កូនសោ​ទាំងអស់​នៃ​បព្វជិតភាព ។ ប្រធាន​នៃ​សាសនាចក្រ​គឺជា​បុគ្គល​តែម្នាក់​គត់​នៅលើ​ផែនដី ដែល​អាច​ប្រើប្រាស់​កូនសោ​បព្វជិតភាព ដើម្បី​ដឹកនាំ​សាសនាចក្រ​ទាំងមូល​បាន ។ នៅក្រោម​ការដឹកនាំ​របស់​លោក មនុស្ស​ដទៃ​ទៀត​អាច​ប្រើ​កូនសោ​មួយ​ចំនួន​ដើម្បី​ធ្វើ​កិច្ចការ​របស់​ព្រះ ។ ថ្នាក់ដឹកនាំ​ដូចជា ប៊ីស្សព និង​ប្រធាន​ស្ដេក​ប្រើប្រាស់​កូនសោ​បព្វជិតភាព​ដើម្បី​ដឹកនាំ​នៅក្នុង​វួដ និង​ស្ដេក​របស់​ពួកលោក ។ ដោយសារ​ការហៅ​ឲ្យ​បម្រើ​គឺ​ចេញ​មកពី​ថ្នាក់ដឹកនាំ​ដែល​មាន​កូនសោ​បព្វជិតភាព នោះ​បុរស និង​ស្ដ្រី​ដែល​បម្រើ​នៅក្នុង​ការហៅ​ទាំងឡាយ អនុវត្ត​សិទ្ធិ​អំណាច​បព្វជិតភាព នៅពេល​ពួកគេ​បំពេញ​កាតព្វកិច្ច​របស់​ពួកគេ ។

បព្វជិតភាព​មិលគីស្សាដែក និង​បព្វជិតភាព​អើរ៉ុន

បព្វជិតភាព​មានពីរ​ផ្នែក ៖ បព្វជិតភាព​មិលគីស្សាដែក និង​បព្វជិតភាព​អើរ៉ុន ។ តាមរយៈ​បព្វជិតភាព​មិលគីស្សាដែក ថ្នាក់ដឹកនាំ​សាសនាចក្រ​ដឹកនាំ​កិច្ចការ​ខាង​វិញ្ញាណ​ទាំងអស់​នៅក្នុង​សាសនាចក្រ ដូចជា​កិច្ចការ​ផ្សព្វផ្សាយ​សាសនា និង​ព្រះវិហារ​បរិសុទ្ធ ។ បព្វជិតភាព​អើរ៉ុន​បំពេញ​មុខងារ​នៅក្រោម​សិទ្ធិ​អំណាច​នៃ​បព្វជិតភាព​មិលគីស្សាដែក ។ វា​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ធ្វើ​ពិធីបរិសុទ្ធ ដូចជា​ពិធី​បុណ្យ​ជ្រមុជ​ទឹក និង​ពិធីសាក្រាម៉ង់​ជាដើម ។

រូបភាព
ពិធីបុណ្យ​ជ្រមុជទឹក

ពរជ័យ​នៃ​បព្វជិតភាព

តាមរយៈ​សេចក្តីសញ្ញា និង​ពិធីបរិសុទ្ធ នោះ​ព្រះ​បាន​ធ្វើឲ្យ​ពរជ័យ​បព្វជិតភាព​កើត​មាន​ដល់​បុត្រា​បុត្រី​របស់​ទ្រង់​ទាំងអស់ ។ ពរជ័យ​ទាំងនេះ​រួមមាន​ពិធី​បុណ្យ​ជ្រមុជ​ទឹក អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ពិធី​សាក្រាម៉ង់ និង​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ ។ បុរស និង​ស្ដ្រី​ដែល​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ទទួល​បាន​អំណោយទាន​នៃ​អំណាច​បព្វជិតភាព​របស់​ព្រះ​តាមរយៈ​សេចក្ដី​សញ្ញា​របស់​ពួកគេ ។ យើង​ក៏អាច​ទទួល​បាន​ពរជ័យ​បព្វជិតភាព​នៃ​ការព្យាបាល ការលួងលោម និង​ការដឹកនាំ​ផងដែរ ។

រូបភាព
គូស្វាមី​ភរិយា​ទើប​រៀបការ​ថ្មីៗ​នៅឯ​ព្រះវិហារ​បរិសុទ្ធ

តើ​ព្រះគម្ពីរ​ថ្លែង​អ្វីខ្លះ​អំពី​បព្វជិតភាព ?

បព្វជិតភាព​ដែល​មាន​កាលពី​សម័យ​បុរាណ គឺ​ដូចគ្នា​នឹង​បព្វជិតភាព​ដែល​មាន​នៅ​សម័យ​នេះ​ដែរ ( សូមមើល ម៉ូសេ ៦:៧ ) ។

កូនសោ​បព្វជិតភាព​ជួយ​ធ្វើឲ្យ​ប្រាកដ​ថា យើង​សម្រេច​បាន​កិច្ចការ​របស់​ព្រះអម្ចាស់​តាម​របៀប​រៀបរយ ( សូមមើល គោលលទ្ធិ និង សេចក្តី​សញ្ញា ៤២:១១ ) ។

បុរស​ដែល​កាន់​បព្វជិតភាព អាច​ប្រើប្រាស់​បព្វជិតភាព​បាន​តែ « ដោយ​គោលការណ៍​នៃ​សេចក្ដី​សុចរិត​ប៉ុណ្ណោះ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១:៣៦ ) ។

កាតព្វកិច្ច​មួយ​ចំនួន​របស់​អស់​អ្នក​ដែល​កាន់​បព្វជិតភាព​ត្រូវបាន​ពិពណ៌នា​នៅក្នុង គោលលទ្ធិ និង សេចក្តី​សញ្ញា ២០:៣៨–៦៧ ។