២០២២
តើ​រាត្រី​ជួបជុំ​ក្រុមគ្រួសារ​គឺជា​អ្វី ?
ខែ សីហា ឆ្នាំ ២០២២


« តើ​រាត្រី​ជួបជុំ​ក្រុមគ្រួសារ​គឺជា​អ្វី ? » លីអាហូណា ខែ សីហា ឆ្នាំ ២០២២ ។

សារលិខិត លីអាហូណា ប្រចាំ​ខែ សីហា ឆ្នាំ ២០២២

តើ​រាត្រី​ជួបជុំ​ក្រុមគ្រួសារ​គឺជា​អ្វី ?

រូបភាព
ម្ដាយ ឪពុក និង​កូនស្រី​តូច​អង្គុយ​លេង​នៅ​ក្រៅ

រាត្រី​ជួបជុំ​ក្រុមគ្រួសារ​គឺជា​ពេលវេលា​មួយ​ដែល​បាន​កំណត់​ទុក​នៅ​ក្នុង​សប្ដាហ៍​សម្រាប់​ក្រុមគ្រួសារ​របស់​អ្នក​ដើម្បី​ជួបជុំ​គ្នា ។ នៅ​ក្នុង​អំឡុង​ពេល​នេះ អ្នក​អាច « រៀន​ដំណឹងល្អ ពង្រឹង​ទីបន្ទាល់ កសាង​សាមគ្គីភាព និង​រីករាយ​ជាមួយ​គ្នា​ទៅវិញ​ទៅមក » ( ក្បួន​ខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ, ២.២.៤, គេហទំព័រ ChurchofJesusChrist.org ) ។ រាត្រី​ជួបជុំ​ក្រុមគ្រួសារ​គឺ​មាន​លក្ខណៈ​ខុសៗ​គ្នា​សម្រាប់​ក្រុមគ្រួសារ​នីមួយៗ ។ ប៉ុន្តែ​គោល​បំណង​គឺ​ដើម្បី​ប្រើ​ពេលវេលា​នេះ ដើម្បី​ខិត​កាន់​តែ​ជិត​គ្នា និង​កាន់​តែ​ជិត​ព្រះអង្គសង្គ្រោះ ។

ការ​រៀបចំ​ខ្លួន

សូម​គិត​អំពី​សកម្មភាព​មួយ​ដែល​គ្រួសារ​របស់​អ្នក​ចូលចិត្ត និង​ប្រធានបទ​ដំណឹងល្អ​មួយ​ដែល​អ្នក​ចង់​ពិភាក្សា និង​រៀន​ជាមួយ​គ្នា ។ ជាមួយ​គ្នា​នោះ​ដែរ សូម​ជ្រើសរើស​ថ្ងៃ​មួយ និង​ពេលវេលា​មួយ​ជា​រៀងរាល់​សប្ដាហ៍​ជាពេល​ដែល​សមាជិក​គ្រួសារ​ភាគច្រើន ឬ​ទាំងអស់​គ្នា​អាច​ជួបជុំ​គ្នា ។ សាសនាចក្រ​លើក​ទឹកចិត្ត​សមាជិក​ឲ្យ​ធ្វើ​រាត្រី​ជួបជុំ​ក្រុមគ្រួសារ​រៀងរាល់​យប់​ថ្ងៃចន្ទ ។ ប៉ុន្តែ ក្រុមគ្រួសារ​អាច​ជួបជុំ​ពេលណា​ដែល​ល្អ​បំផុត​សម្រាប់​ពួកគេ ។

រូបភាព
ការអធិស្ឋាន​ជា​គ្រួសារ

ការអធិស្ឋាន

ក្រុមគ្រួសារ​ជាច្រើន​ចាប់ផ្ដើម និង​បញ្ចប់​រាត្រី​ជួបជុំ​ក្រុមគ្រួសារ​ដោយ​ការអធិស្ឋាន ។ ការ​អធិស្ឋាន​នេះ​អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​ចូល​មក​ក្នុង​ផ្ទះ​របស់​ពួកគេ ។ រាត្រី​ជួបជុំ​ក្រុមគ្រួសារ​គឺជា​ពេលវេលា​ដ៏​ល្អ​មួយ​សម្រាប់​កុមារ និង​មជ្ឈិមវ័យ​ដើម្បី​រៀន​អធិស្ឋាន​ជាមួយ​ក្រុម​តូច​មួយ ។

តន្ត្រី

ក្រុមគ្រួសារ​ជាច្រើន​ក៏​មាន​ចម្រៀង​បើក និង​ចម្រៀង​បិទ​ផងដែរ ។ ជាទូទៅ ពួកគេ​ជ្រើសរើស​ចម្រៀង​ចេញ​ពី​សៀវភៅ​ទំនុកតម្កើង ឬ​សៀវភៅ​ចម្រៀង​កុមារ ។ សាសនាចក្រ​មាន​ការថត​ចម្លង​ភ្លេង​ព្យាណូ​នៃ​ទំនុកតម្កើង​នៅលើ​គេហទំព័រ music.ChurchofJesusChrist.org ។ អ្នក​ក៏​អាច​ទស្សនា​វីដេអូ​របស់​ក្រុមចម្រៀង​រោង​ឧបោសថ​នៅ​វិសាលដ្ឋាន​ព្រះវិហារ​បរិសុទ្ធ​ផងដែរ ។ ការច្រៀង​អំឡុង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ​ជួយ​សមាជិក​ឲ្យ​រៀន​ទំនុកតម្កើង​ដែល​ច្រៀង​នៅ​ព្រះវិហារ ។

មេរៀន

សាសនាចក្រ​មាន​នូវ​ធនធាន​ជាច្រើន​ដែល​អាច​ជួយ​ដល់​រាត្រី​ជួបជុំ​ក្រុមគ្រួសារ ។ អ្នក​អាច​ចំណាយ​ពេល​ពីរបី​នាទី​ដើម្បី​អាន និង​ពិភាក្សា​ប្រធានបទ​មួយ​នៅ​ក្នុង​ទស្សនាវដ្ដី លីអាហូណាប្រិយមិត្តដើម្បី​កម្លាំង​នៃ​យុវជន ។ វា​ក៏​អាច​ជា​ពេល​មួយ​ដើម្បី​ទស្សនា និង​ពិភាក្សា​វីដេអូ​នានា​របស់​សាសនាចក្រ​ផងដែរ ។ ឬក៏​អ្នក​អាច​អាន​សុន្ទរកថា​មួយ​មក​ពី​សន្និសីទ​ទូទៅ អាន​ព្រះគម្ពីរ ឬ​ពិភាក្សា​អំពី​ការអាន ចូរ​មក​តាម​ខ្ញុំ នៃ​សប្ដាហ៍​នោះ ។

រូបភាព
កុមារ​ធ្វើ​នំ​ខុកឃី

រូបភាព​កុមារ​ធ្វើ​នំ​ខុកឃី ដោយ មីឈែល ឡយណេស

ការចូលរួម​របស់​គ្រួសារ

កុមារ​អាច​រួម​ចំណែក​នៅ​ក្នុង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ ។ ពួកគេ​អាច​ជួយ​ដាក់​ផែនការ​សម្រាប់​សកម្មភាព អធិស្ឋាន ឬ​ជ្រើសរើស និង​ដឹកនាំ​ចម្រៀង ។ ពួកគេ​ក៏អាច​បង្រៀន​ផងដែរ ។ មុន​រាត្រី​ជួបជុំ​ក្រុមគ្រួសារ អ្នក​អាច​ជួយ​កូន​របស់​អ្នក​អាន​រឿង​មួយ​នៅ​ក្នុង​ទស្សនាវដ្ដី​ ប្រិយមិត្ត ឬ​រឿង​នៅ​ក្នុង​ព្រះគម្ពីរ​ដែល​ពួកគេ​ចូលចិត្ត ។ កុមារ​អាច​និទាន​រឿង​នោះ​ទៅ​ឲ្យ​គ្រួសារ​ស្ដាប់​ដូច​ជា​មេរៀន ។ កុមារ​ជាច្រើន​ចូលចិត្ត​សម្ដែង​រឿង​នៅ​ក្នុង​ព្រះគម្ពីរ​សម្រាប់​រាត្រី​ជួបជុំ​ក្រុមគ្រួសារ​ផងដែរ ។ សូម​ឲ្យ​កុមារ​ធំៗ​រៀបចំ​មេរៀន ឬ​ជ្រើសរើស​សុន្ទរកថា​នៃ​សន្និសីទ​ទូទៅ​ដែល​ពួកគេ​ចង់​អាន ។ បន្ទាប់មក​ឲ្យ​ពួកគេ​ដឹកនាំ​ការពិភាក្សា​នោះ ។

សកម្មភាព

ក្រុមគ្រួសារ​ជាច្រើន​រីករាយ​នឹង​ការធ្វើ​សកម្មភាព​ដែល​ជា​ផ្នែក​មួយ​នៃ​រាត្រី​ជួបជុំ​ក្រុមគ្រួសារ ។ សកម្មភាព​ក្នុង​ផ្ទះ​អាច​ជា​ការលេង​ល្បែង​នានា ធ្វើ​សិប្បកម្ម ឬ​ចំអិន​អាហារ​រួមគ្នា ។

សម្រាប់​សកម្មភាព​ក្រៅ​ផ្ទះ អ្នក​អាច​ដើរ​លេង ទៅ​ឡើង​ភ្នំ​ជា​លក្ខណៈ​គ្រួសារ ឬ​លេង​កីឡា​នៅ​ខាង​ក្រៅ​ជាមួយ​គ្នា ។ សូម​ស្វែងរក​សកម្មភាព​មួយ​ដែល​សមាជិក​គ្រួសារ​អាច​ធ្វើ និង​សប្បាយ​រីករាយ​ទាំងអស់​គ្នា ។ សូម​ចៀសវាង​ការប្រកួត​ប្រជែង​ដែល​អាច​នាំ​ឲ្យ​បាត់បង់​ព្រះវិញ្ញាណ ។

ការបម្រើ

រាត្រី​ជួបជុំ​ក្រុមគ្រួសារ​គឺជា​ពេលវេលា​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ក្រុមគ្រួសារ​ក្នុង​ការ​បម្រើ​មនុស្ស​ដទៃ ។ ឧទាហរណ៍ ៖ អ្នក​អាច​ជួយ​ដល់​អ្នក​ជិតខាង​ដែល​មាន​វ័យ​ចំណាស់ ចែក​អាហារ​នៅ​ទីជម្រក​សម្រាប់​អ្នក​គ្មាន​ផ្ទះ​សម្បែង សរសេរ​សំបុត្រ​ទៅ​កាន់​អ្នកផ្សព្វផ្សាយ​សាសនា ឬ​រើស​សម្រាម ។