លីអាហូណា
ចិញ្ចឹម​បីបាច់​ព្រលឹងរបស់​អ្នក​ដោយ​ការអធិស្ឋាន​ជា​ញឹកញាប់
ខែ មេសា ឆ្នាំ ២០២៤


« ចិញ្ចឹម​បីបាច់​ព្រលឹងរបស់​អ្នក​ដោយ​ការអធិស្ឋាន​ជា​ញឹកញាប់ » លីអាហូណា ខែ មេសា ឆ្នាំ ២០២៤

សារលិខិតប្រចាំ​ខែ ទស្សនាវដ្ដី លីអាហូណា ​ខែ មេសា ឆ្នាំ ២០២៤

ចិញ្ចឹម​បីបាច់​ព្រលឹងរបស់​អ្នក ដោយ ការអធិស្ឋាន ជា​ញឹកញាប់

យើង​ត្រូវការ​ការ​ចិញ្ចឹម​បីបាច់​ខាង​វិញ្ញាណ​នៃ​ការប្រាស្រ័យ​ទាក់​ទង​ជាមួយ​ព្រះ​វរបិតា​សួគ៌​របស់​យើង ជា​ពរជ័យ​មួយ​ដែល​មាន​សម្រាប់​យើង​នៅ​គ្រប់​ទី​កន្លែង និង​ជានិច្ចកាល ។

រូបភាព
អេណុស​កំពុង​អធិស្ឋាន

រូបថត​របស់​តារា​សម្ដែង​ដែល​ដើរតួ​ជា​អេណុស ដោយ ម៉ាត់ រៀ

យើង​ទាំងអស់​គ្នា​មាន​អារម្មណ៍​ឃ្លាន​ពី​មុន​មក ។ ការ​ឃ្លាន​គឺ​ជា​វិធី​របស់​រាង​កាយ​ក្នុង​ការប្រាប់​យើង​ថា វា​ត្រូវការ​ការ​ចិញ្ចឹម​បីបាច់ ។ ហើយ​នៅពេល​ដែល​យើង​ឃ្លាន យើង​ដឹង​ថា​យើង​ត្រូវ​ធ្វើ​អ្វី—គឺ​បរិភោគ ។

វិញ្ញាណ​របស់​យើង​ក៏​មាន​វិធី​ដើម្បី​ឲ្យ​យើង​ដឹង​ថា​ពេល​ណា​យើង​ត្រូវការ​ការ​ចិញ្ចឹម​បីបាច់​ខាង​វិញ្ញាណ​ផង​ដែរ ។ ប៉ុន្តែ​វា​ហាក់​ដូច​ជា​ងាយ​ស្រួល​ជាង​សម្រាប់​យើង​ក្នុង​ការ​មិន​អើពើ​នឹង​ការ​អត់​ឃ្លាន​ខាង​វិញ្ញាណ​ជាង​ការ​អត់​ឃ្លាន​ខាង​រាង​កាយ ។

ដូច​ជា​មាន​អាហារ​ជា​ច្រើន​ប្រភេទ​ដែល​យើង​អាច​បរិភោគ​បាន​នៅ​ពេល​យើង​ឃ្លាន នោះ​ក៏​មាន​អ្វី​ផ្សេង​ៗ​ដែល​យើង​អាច​ធ្វើ​ដើម្បី​បំពេញ​ភាព​អត់​ឃ្លាន​ខាង​វិញ្ញាណ​របស់​យើង​ផងដែរ ។ ជាឧទាហរណ៍ យើង​អាច « ទទួល​ទាន​នូវ​ព្រះ​បន្ទូល​ទាំង​ឡាយ​នៃ​ព្រះ​គ្រីស្ទ » ( នីហ្វៃទី២ ៣២:៣ ) នៅក្នុង​ព្រះគម្ពីរ និង​តាមរយៈ​ពាក្យ​សម្ដី​របស់​ព្យាការី ។ យើង​អាច​ទៅ​ព្រះវិហារ​ជា​ទៀងទាត់ និង​ទទួលទាន​សាក្រាម៉ង់ ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥៩:៩ ) ។ យើង​អាច​បម្រើ​ព្រះ និង​បុត្រា​បុត្រី​របស់​ទ្រង់ ( សូមមើល ម៉ូសាយ ២:១៧ ) ។

ប៉ុន្តែ​មាន​ប្រភព​មួយ​ទៀត​នៃ​ការ​ចិញ្ចឹម​បីបាច់​ខាង​វិញ្ញាណ​ដែល​មាន​សម្រាប់​យើង​គ្រប់​ពេល គ្រប់​គ្រា​នៃ​ជីវិត​របស់​យើង មិន​ថា​យើង​មាន​ស្ថានភាព​បែបណា​នោះ​ទេ ។ យើង​អាច​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​ព្រះវរបិតាសួគ៌​ជានិច្ច​តាមរយៈ​ការអធិស្ឋាន ។

« ព្រលឹង​ខ្ញុំ​ស្រេកឃ្លាន »

នៅ​ពេល​ដែល​ព្យាការី​អេណុស​បាន​បរបាញ់​សត្វ​នៅ​ក្នុង​ព្រៃ លោក​បាន​គិត​អំពី « ពាក្យ​ទាំង​ឡាយ​ដែល [ លោក ] តែង​បាន​ឮ​ឪពុក [ លោក ] និយាយ​ជា​ញឹកញាប់​អំពី​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច និង​សេចក្ដី​អំណរ​នៃ​ពួក​បរិសុទ្ធ » ។ ពាក្យទាំងនេះ « បាន​ជ្រួត​ជ្រាប​ទៅ​ក្នុង​ដួង​ចិត្ត [ លោក ] » ( អេណុស ១:៣ ) ។

ដោយសារ​អេណុស​ស្ថិត​នៅ​ក្នុង​ស្ថានភាព​គំនិត​ខាង​វិញ្ញាណ​នេះ គាត់​មាន​អារម្មណ៍​នៃ​តម្រូវការ​យ៉ាងខ្លាំង​មួយ ៖ « ព្រលឹង​ខ្ញុំ ស្រេកឃ្លាន » លោក​បាន​និយាយ​បែបនេះ ( អេណុស ១:៤ បាន​បន្ថែម​ការសង្កត់​ន័យ ) ។

តើ​អេណុស​បាន​ធ្វើ​អ្វី​ខ្លះ ពេល​លោក​មាន​អារម្មណ៍​ស្រេកឃ្លាន​ខាង​វិញ្ញាណ គឺ​តម្រូវការ​ឲ្យ​មាន​ការ​ចិញ្ចឹម​បីបាច់​ខាង​វិញ្ញាណ​នេះ ? លោក​បាន​និយាយ​ថា « ខ្ញុំ​បាន​លុតជង្គង់​ចុះ​នៅ​ចំពោះ​ព្រះ​ដែល​បង្កើត​ខ្ញុំ ហើយ​ខ្ញុំ​បាន​អំពាវនាវ​ដល់​ព្រះ​អង្គ​ដោយ​ការ​អធិស្ឋាន និង​ការ​ទូល​អង្វរ​ដ៏​ខ្លាំង​សម្រាប់​ព្រលឹង​ខ្ញុំ​ផ្ទាល់ » ( អេណុស ១:៤ ) ។

ការស្រេក​ឃ្លាន​ខាង​វិញ្ញាណ​របស់​អេណុស​គឺ​ធំធេង​ណាស់ រហូត​ដល់​លោក​បាន​អធិស្ឋាន « ​អស់​ពេញ​មួយ​ថ្ងៃ … ហើយ​ដល់​ពេល​យប់ [ លោក ] បាន​ស្រែក​អំពាវនាវ​យ៉ាង​ខ្លាំង លុះ​ត្រា​បាន​ឮ​ដល់​ស្ថានសួគ៌ » ( អេណុស ១:៤ ) ។ នៅ​ទី​បំផុត ព្រះ​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​អធិស្ឋាន​របស់​លោក ហើយ​បាន​អត់ទោស​ដល់​អំពើ​បាប​របស់​លោក ។ អេណុស​មាន​អារម្មណ៍​ថា​កំហុស​របស់​លោក​ត្រូវបាន​ដក​ចេញ ។ ប៉ុន្តែ​ការ​ចិញ្ចឹម​បីបាច់​ខាង​វិញ្ញាណ​របស់​លោក​មិន​បាន​បញ្ចប់​នៅ​ទី​នោះ​ទេ ។

លោក​បាន​រៀន​អំពី​អំណាច​នៃ​សេចក្ដី​ជំនឿ​លើ​ព្រះ​យេស៊ូវគ្រីស្ទ ហើយ​លោក​បាន​ដាក់​ព្រលឹង​ទាំង​មូល​របស់​លោក​ជំនួស​ឲ្យ​ប្រជាជន​របស់​លោក—ថែមទាំង​សត្រូវ​របស់​លោក​ផង ។ លោក​បាន​ធ្វើ​សេចក្តី​សញ្ញា​ជា​មួយ​ព្រះអម្ចាស់ ហើយ​បាន​ធានា​បាន​នូវ​សេចក្ដី​សន្យា​ពី​ទ្រង់ ។ ហើយ​បន្ទាប់​ពី​ការ​អធិស្ឋាន​ដ៏​ខ្លាំងក្លា​របស់​អេណុស លោក​បាន​ទៅ​ក្នុង​ចំណោម​ប្រជាជន​របស់​លោក ធ្វើ​ការព្យាករ និង​ថ្លែង​ទីបន្ទាល់​អំពី​អ្វី​ដែល​លោក​បាន​ឮ និង​បាន​ឃើញ ។ ( សូមមើល អេណុស ១:៥–១៩ ) ។

មិន​មែន​រាល់​ការអធិស្ឋាន​នឹង​ត្រូវ​បាន​ឆ្លើយ​តាម​របៀប​ដ៏​គួរ​ឲ្យ​រំភើប​បែប​នេះ​ទេ ប៉ុន្តែ​បទពិសោធន៍​របស់​យើង​ជាមួយ​នឹង​ការអធិស្ឋាន​នៅ​តែ​អាច​មាន​អត្ថន័យ និង​ផ្លាស់​ប្ដូរ​ជីវិត ។ យើង​អាច​រៀន​មេរៀន​សំខាន់ៗ​មួយ​ចំនួន​ពី​បទពិសោធន៍​នៃ​ការអធិស្ឋាន​របស់​អេណុស ។ ឧទាហរណ៍ ៖

  • ការខិតខំ​រស់​នៅ​ពេញលេញ​តាម​ដំណឹងល្អ​អាច​ជួយ​យើង​ឲ្យ​យល់​ពី​ការស្រេកឃ្លាន​ខាង​វិញ្ញាណ​របស់​យើង ។

  • ការស្រេក​ឃ្លាន​ខាង​វិញ្ញាណ​របស់​យើង​អាច​នាំ​ឲ្យ​ជង្គង់​របស់​យើង​លុត​ចុះ​ដើម្បី​ស្វែងរក​ជំនួយ​ពី​ព្រះវរបិតាសួគ៌ ។

  • ការអធិស្ឋាន​ដល់​ព្រះវរបិតាសួគ៌​អាច​ជួយ​យើង​ឲ្យ​បំពេញ​ការស្រេក​ឃ្លាន​ខាង​វិញ្ញាណ​របស់យើង—ហើយ​លើស​ពី​នោះ​ទៅ​ទៀត ។

  • យើង​អាច​អធិស្ឋាន​នៅ​គ្រប់​ទីកន្លែង នៅ​ពេល​ណា​ក៏​បាន ។

  • ការអធិស្ឋាន​អាច​ជួយ​យើង​ឲ្យ​ប្រែចិត្ដ ។

  • ការអធិស្ឋាន​អាច​ពង្រឹង​សេចក្តី​ជំនឿ​របស់​យើង​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។

  • យើង​អាច​ទទួល​បាន​ទីបន្ទាល់​ផ្ទាល់​ខ្លួន​មួយ​ថា ព្រះវរបិតាសួគ៌​របស់​យើង​ឮ​យើង ហើយ​ជ្រាបដឹង​ពី​យើង ។

  • ទីបន្ទាល់ និង​កម្លាំង​ដែល​យើង​ទទួល​បាន​តាម​រយៈ​ការអធិស្ឋាន​អាច​ជួយ​យើង​ឲ្យ​បម្រើ និង​ពង្រឹង​អ្នក​ដទៃ​បាន ។

រូបភាព
អែលឌើរ សូរ៉េស កាល​ពី​ក្មេង

បទពិសោធន៍​របស់ខ្ញុំ​ជាមួយនឹង​អំណាច​នៃ​ការអធិស្ឋាន

ដូច​អេណុស​ដែរ ខ្ញុំ​បាន​រៀន​មេរៀន​ដូច​គ្នា​មួយ​ចំនួន​នេះ​តាមរយៈ​បទពិសោធន៍​ផ្ទាល់​ខ្លួន ។ ឪពុក​ម្ដាយ​របស់​ខ្ញុំ​បាន​ចូលរួម​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ពេល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​បាន​ជ្រមុជ​ទឹក​ពេល​ខ្ញុំ​មាន​អាយុ​ប្រាំបី​ឆ្នាំ ។ ខ្ញុំ​តែងតែ​មាន​អារម្មណ៍​ល្អ កក់ក្ដៅ​ក្នុង​ចិត្ត​អំពី​ព្រះវរបិតាសួគ៌​របស់​ខ្ញុំ និង​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ទ្រង់ ព្រមទាំង​សាសនាចក្រ​របស់​ទ្រង់ ។ ប៉ុន្តែ​ទាល់តែ​ខ្ញុំ​មាន​អាយុ​ជិត ១៦ ឆ្នាំ ទើប​ខ្ញុំ​បាន​អធិស្ឋាន​អំពី​សេចក្ដីពិត​នៃ​រឿង​ទាំងនេះ ។

ប៊ីស្សព​ដ៏​បំផុស​គំនិត​របស់​ខ្ញុំ​បាន​សុំ​ឲ្យ​ខ្ញុំ​បង្រៀន​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ​សម្រាប់​យុវវ័យ ។ ខ្ញុំ​ត្រូវ​បង្រៀន​មេរៀន​មួយ​អំពី​របៀប​ដែល​យើង​អាច​ទទួល​បាន​ទីបន្ទាល់​អំពី​ដំណឹងល្អ​តាម​រយៈ​ការអធិស្ឋាន ។ ការចាត់តាំង​នេះ​មកពី​ប៊ីស្សព​របស់​ខ្ញុំ បាន​បណ្តាល​ឲ្យ​ខ្ញុំ​គិត​កាន់តែ​ជ្រៅ​អំពី​ទីបន្ទាល់​របស់​ខ្ញុំ​ផ្ទាល់ ។ ខ្ញុំ​បាន​ចំណាយ​ពេល​សិក្សា​គម្ពីរ​មរមន ហើយ​តែងតែ​មាន​អារម្មណ៍​ថា​សាសនាចក្រ​ពិត ។ ខ្ញុំ​តែងតែ​ជឿ​លើ​ព្រះអង្គ​សង្រ្គោះ​ព្រះយេស៊ូវ​គ្រីស្ទ ប៉ុន្តែ​ខ្ញុំ​មិន​ដែល​យក​ចិត្ត​ទុក​ដាក់​នឹង​ការសន្យា​របស់​មរ៉ូណៃ​ដែល​មាន​នៅ​ក្នុង មរ៉ូណៃ ១០:៤–៥ ឡើយ ។ ខ្ញុំ​មិន​ដែល​អធិស្ឋាន​អំពី​សេចក្ដីពិត​ដ៏​ពេញលេញ​នៃ​ដំណឹងល្អ​ទេ ។

ខ្ញុំ​ចាំ​ពី​អារម្មណ៍​ក្នុង​ចិត្ត​របស់​ខ្ញុំ​ថា ប្រសិន​បើ​ខ្ញុំ​នឹង​បង្រៀន​យុវវ័យ​ទាំង​នេះ​អំពី​របៀប​ទទួល​បាន​ទីបន្ទាល់​តាមរយៈ​ការអធិស្ឋាន នោះ​ខ្ញុំ​គួរ​តែ​អធិស្ឋាន​សូម​ទីបន្ទាល់​ដោយ​ខ្លួន​ឯង​សិន ។ ព្រលឹង​ខ្ញុំ​ស្រេកឃ្លាន—ប្រហែលជា​តាម​របៀប​ផ្សេង​ពី​អេណុស ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា ខ្ញុំ​មាន​អារម្មណ៍​ថា​មាន​តម្រូវការ​ខាង​វិញ្ញាណ ។

នៅ​ពេល​ខ្ញុំ​រៀបចំ​មេរៀន នោះ​ខ្ញុំ​បាន​លុត​ជង្គង់​ចុះ ហើយ​បាន​ថ្វាយ​បំណង​ប្រាថ្នា​របស់​ខ្ញុំ​ចំពោះ​ព្រះវរបិតាសួគ៌​របស់​ខ្ញុំ ដើម្បី​បញ្ជាក់​ពី​សេចក្ដីពិត​ដែល​ខ្ញុំ​ទទួល​អារម្មណ៍​នៅក្នុង​ចិត្ត ។ ខ្ញុំ​មិន​បាន​រំពឹង​ទុក​ការបើក​សម្ដែង​ដ៏​អស្ចារ្យ​ណា​មួយ​ឡើយ ។ ប៉ុន្ដែ​ពេល​ខ្ញុំ​សួរ​ព្រះអម្ចាស់​ថា តើ​ដំណឹងល្អ​ពិត​ឬ​ទេ នោះ​មាន​អារម្មណ៍​ផ្អែមល្ហែម​ណាស់​ដែល​ចូល​ក្នុង​ចិត្ត​ខ្ញុំ—ជា​សំឡេង​តូច​រហៀង​នោះ ដែល​បញ្ជាក់​ប្រាប់​ខ្ញុំ​ថា​វា​ជា​ការពិត ហើយ​ថា​ខ្ញុំ​គួរ​តែ​បន្ត​ធ្វើ​អ្វី​ដែល​ខ្ញុំ​កំពុង​ធ្វើ ។

អារម្មណ៍​នេះ​គឺ​ខ្លាំង​ណាស់​ដែល​ខ្ញុំ​មិន​អាច​បដិសេធ​នឹង​ចម្លើយ​នោះ ហើយ​និយាយ​ថា​ខ្ញុំ​មិន​បាន​ដឹង​នោះ​ទេ ។ ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​រីករាយ​ពេញ​មួយ​ថ្ងៃ​នោះ ។ គំនិត​របស់​ខ្ញុំ​ស្ថិត​នៅ​ស្ថានសួគ៌ គិត​ពី​អារម្មណ៍​ដ៏​ស្រស់បំព្រង​នៅ​ក្នុង​ចិត្ត​របស់​ខ្ញុំ ។

ថ្ងៃ​អាទិត្យ​បន្ទាប់​នោះ ខ្ញុំ​បាន​ឈរ​នៅ​មុខ​មិត្ត​រួម​ថ្នាក់ បី​​ឬ​បួន​នាក់​របស់​ខ្ញុំ​ដែល​នៅ​ក្មេង​ជាង​ខ្ញុំ​ទាំងអស់ ។ ខ្ញុំ​បាន​ថ្លែង​ទីបន្ទាល់​ដល់​ពួកគេ​ថា ព្រះវរបិតាសួគ៌​នឹង​ឆ្លើយ​តប​នឹង​ការអធិស្ឋាន​របស់​ពួកគេ ប្រសិន​បើ​ពួកគេ​មាន​សេចក្ដី​ជំនឿ ។

រូបភាព
អែលឌើរ សូរ៉េស

ការអធិស្ឋាន​ដែល​បាន​ទទួល​ចម្លើយ​ដែល​អែលឌើរ សូរ៉េស បាន​ទទួល​កាល​នៅ​ជា​យុវជន បាន​អនុញ្ញាត​ឲ្យ​លោក​ថ្លែង​ទីបន្ទាល់—ជា​អ្នកផ្សព្វផ្សាយ​សាសនា​ម្នាក់ ( ខាងលើ ) ជា​ឪពុក និង​ស្វាមី និង​ជា​សាវក—ថា​ព្រះវរបិតាសួគ៌​ឆ្លើយ​តប​ការអធិស្ឋាន​ដែល​ប្រកប​ដោយ​សេចក្តី​ជំនឿ ។

ចាប់​តាំង​ពី​ពេល​នោះ​មក ទីបន្ទាល់​នេះ​បាន​នៅ​ជាមួយ​ខ្ញុំ ។ វា​បាន​ជួយ​ខ្ញុំ​ឲ្យ​ធ្វើ​ការសម្រេច​ចិត្ត ជា​ពិសេស​នៅ​ក្នុង​គ្រា​ដែល​ខ្ញុំ​ប្រឈម​មុខ​នឹង​ឧបសគ្គ​នានា ។ ការអធិស្ឋាន​នៅ​ថ្ងៃ​នោះ រួម​ជាមួយ​នឹង​សាក្សី​បន្ថែម​ទៀត​ដែល​ខ្ញុំ​បាន​ទទួល​ជា​ច្រើន​ឆ្នាំ​មក​នេះ បាន​អនុញ្ញាត​ឲ្យ​ខ្ញុំ​ថ្លែង​ទីបន្ទាល់​ទៅកាន់​មនុស្ស​ដោយ​មាន​ការជឿជាក់ ថា​ពួកគេ​អាច​ទទួល​ចម្លើយ​ពី​ព្រះវរបិតាសួគ៌ ប្រសិន​បើ​ពួកគេ​អធិស្ឋាន​ដោយ​សេចក្ដី​ជំនឿ ។ នេះ​ជា​ការពិត​ដូច​ដែល​ខ្ញុំ​បាន​ថ្លែង​ទីបន្ទាល់​ក្នុង​នាម​ជា​អ្នកផ្សព្វផ្សាយ​សាសនា ក្នុង​នាម​ជា​អ្នកដឹកនាំ​សាសនាចក្រ ក្នុង​នាម​ជា​ឪពុក និង​ស្វាមី និង​សូម្បី​តែ​សព្វ​ថ្ងៃ​នេះ​ជា​សាវក​មួយ​រូប ។

ពេល​ដែល​ត្រូវ​អធិស្ឋាន និង​អ្វី​ដែល​ត្រូវ​អធិស្ឋាន

ពិត​ណាស់ យើង​មិន​អធិស្ឋាន​តែ​ពេល​យើង​មាន​អារម្មណ៍​ថា​មាន​តម្រូវការ​ខាង​វិញ្ញាណ​ដ៏​ខ្លាំង​នោះ​ទេ ។ ដូច្នេះ តើ​យើង​គួរ​អធិស្ឋាន​នៅ​ពេល​ណា ? ហើយ​តើ​យើង​គួរ​អធិស្ឋាន​សម្រាប់​អ្វី ? ចម្លើយ​ខ្លី​គឺ​នៅ​ពេល​ណា​ក៏​បាន និង​សម្រាប់​អ្វី​ក៏​បាន ។

ព្រះ​គឺជា​ព្រះវរបិតាសួគ៌​របស់​យើង ។ ការដឹង​ពី​ការណ៍​នេះ​ផ្លាស់ប្ដូរ​របៀប​ដែល​យើង​អធិស្ឋាន ។ យ៉ូសែប ស្ម៊ីធ បាន​បង្រៀន ៖ « ដោយ​មាន​ចំណេះដឹង​អំពី​ព្រះ យើង​ចាប់ផ្ដើម​ដឹង​ពី​របៀប​ចូល​ទៅ​ជិត​ទ្រង់ និង​របៀប​ទូលសូម​ដើម្បី​ទទួល​បាន​ចម្លើយ ។ … ពេល​យើង​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​មក​រក​ទ្រង់ ទ្រង់​ត្រៀម​ព្រះអង្គ​ទ្រង់​ជា​ស្រេច​ដើម្បី​មក​រក​យើង » ។

ព្រះវរបិតាសួគ៌​របស់​យើង​តែងតែ​ត្រៀម​ព្រះអង្គ​ទ្រង់​ជា​ស្រេច​ដើម្បី​ស្តាប់​យើង ហើយ​មាន​ព្រះទ័យ​ចង់​ឲ្យ​យើង​អធិស្ឋាន​ដល់​ទ្រង់​ជា​ទៀងទាត់ និង​ញឹកញាប់ ។ យើង​គួរ « ប្រឹក្សា​ជាមួយ​នឹង​ព្រះអម្ចាស់​នូវ​គ្រប់​កិច្ចការ [ របស់​យើង ] » ( អាលម៉ា ៣៧:៣៧ ) ហើយ​អធិស្ឋាន​នៅពេល​ព្រឹក ថ្ងៃ​ត្រង់ និង​ពេល​យប់ ។ យើង​គួរ​អធិស្ឋាន​នៅ​ផ្ទះ នៅ​កន្លែង​ធ្វើការ នៅ​សាលារៀន—គ្រប់​ទីកន្លែង​ដែល​យើង​អាច​ទៅ​ដល់ និង​លើស​ពី​ការខិតខំ​របស់យើង ( សូមមើល អាលម៉ា ៣៤:១៧–២៦ ) ។

យើង​គួរ​អធិស្ឋាន​នៅក្នុង​ក្រុមគ្រួសារ​របស់​យើង ( សូមមើល នីហ្វៃទី៣ ១៨:២១ ) ។ យើង​គួរ​អធិស្ឋាន « ដោយ​ចេញ​សំឡេង និង​ទាំង​នៅ​ក្នុង​ចិត្ត [ របស់​យើង ] នៅ​ទី​សាធារណៈ និង​ទាំង​នៅ​ទី​សម្ងាត់ » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨១:៣ ) ។ ហើយ « នៅ​ពេល [ យើង ] ពុំ​អំពាវនាវ​ដល់​ព្រះអម្ចាស់ ចូរ [ យើង ] រាល់​គ្នា​មាន [ ចិត្ត ] ពោរពេញ​ដោយ​ការអធិស្ឋាន​ដល់​ទ្រង់​ជានិច្ច ដើម្បី​សុខុមាលភាព [ របស់​យើង ] និង​ដើម្បី​សុខុមាលភាព​ដល់​ជន​ទាំងឡាយ​ដែល​នៅ​ជុំវិញ [ យើង ] ផង » ( អាលម៉ា ៣៤:២៧ ) ។ ហើយ​យើង​ត្រូវតែ​អធិស្ឋាន​ជានិច្ច​ទៅកាន់​ព្រះវរបិតា​ក្នុង​ព្រះនាម​ព្រះយេស៊ូវ​គ្រីស្ទ ( សូមមើល នីហ្វៃទី៣ ១៨:១៩–២០ ) ។

រូបភាព
យ៉ូសែប ស្ម៊ីធ ជា​យុវជន​ម្នាក់

រចនា​រូបភាព​អំពី យ៉ូសែប ស្ម៊ីធ ដោយ វ៉លធ័រ រ៉េន មិន​អាច​ថត​ចម្លង​បាន​ឡើយ

ការចូល​ទៅ​ជិត​ព្រះវរបិតាសួគ៌​របស់​យើង

ព្រះវរបិតា​របស់​យើង​ដែល​គង់​នៅ​ស្ថានសួគ៌​មាន​ព្រះទ័យ​ចង់​ប្រទានពរ​ដល់​យើង ។ ហើយ​ទ្រង់​នឹង​ប្រទានពរ—បើ​យើង​ទូល​សូម ។ ព្យាការី យ៉ូសែប ស្ម៊ីធ បាន​បង្រៀន​ថា « ចូរ​ចាំ​ថា បើ​មិន​បាន​ទូល​សូម នោះ​យើង​មិន​ទទួល​បាន​អ្វី​សោះ ដូច្នេះ​ចូរ​ទូល​សូម​ដោយ​សេចក្តី​ជំនឿ ហើយ​អ្នក​រាល់​គ្នា​នឹង​ទទួល​បាន​ពរ​បែប​នោះ តាម​ដែល​ព្រះ​ទត​ឃើញ​ថា​សម​នឹង​ប្រទាន​ដល់​អ្នក » ។

ការអធិស្ឋាន​ជា​ទៀងទាត់ និង​ញឹកញាប់​របស់​យើង​គឺ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​របប​អាហារ​ដ៏​មាន​តុល្យភាព​ខាង​វិញ្ញាណ ដែល​ចិញ្ចឹម​ដល់​ព្រលឹង​ស្រេក​ឃ្លាន​របស់​យើង ។ ការប្រាស្រ័យ​ទាក់ទង​ជាមួយ​ព្រះវរបិតាសួគ៌​តាមរយៈ​ការអធិស្ឋាន​គឺ​មាន និង​ស្វាគមន៍​នៅ​គ្រប់​ទីកន្លែង និង​គ្រប់​ពេល ។

បទគម្ពីរ​មួយ​ដែល​ខ្ញុំ​ចូលចិត្ត​បង្រៀន​ពី​របៀប​ដែល​យើង​គួរ​ចូល​ទៅ​ជិត​ព្រះវរបិតាសួគ៌​របស់​យើង ពេល​យើង​លុត​ជង្គង់​ដើម្បី​អធិស្ឋាន ៖ « ចូរ​មាន​ចិត្ត​រាបសា ហើយ​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក​នឹង​ដឹក​ដៃ​អ្នក ហើយ​ប្រទាន​ចម្លើយ​ដល់​បទ​អធិស្ឋាន​ទាំងឡាយ​របស់​អ្នក » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ១១២:១០ ) ។ ពេល​យើង​មាន​ចិត្ត​រាបសា ហើយ​គោរព​តាម នោះ​ព្រះបិតាសួគ៌​នឹង​គង់នៅ​ជាមួយ​យើង ។ ទ្រង់​នឹង​ដឹកដៃ​យើង ។ ទ្រង់​នឹង​បំផុស​គំនិត​ដល់​យើង​ថា​ត្រូវ​ទៅ​កន្លែង​ណា និង​ត្រូវ​ធ្វើ​អ្វី ។ ទ្រង់ នឹង ឆ្លើយតប​ទៅ​នឹង​ការអធិស្ឋាន​របស់​យើង ស្រប​តាម​ព្រះរាជ​បំណង តាម​របៀប វេលា និង​ព្រះបញ្ញាញាណ​ដ៏​ពេញលេញ​របស់​ទ្រង់​អំពី​អ្វី​ដែល​ល្អ​សម្រាប់​យើង ។

យើង​គួរតែ​ចងចាំ​ពី​ការណ៍​នេះ ហើយ​ពេញចិត្ត​នឹង​ឱកាស​ដើម្បី​ចូល​ទៅ​ជិត​បល្ល័ង្ក​របស់​ព្រះ ហើយ​ទទួល​ពរជ័យ​នៅ​ឯ​ព្រះហស្ដ​ទ្រង់ ។

កំណត់​ចំណាំ

  1. ការបង្រៀន​របស់​ប្រធាន​សាសនាចក្រ ៖​ យ៉ូសែប ស៊្មីធ ( ឆ្នាំ ២០១១ ) ទំព័រ ៤០, ៤១ ។

  2. Teachings:​Joseph​Smith ទំព័រ ១៣១ ។