លីអាហូណា
ការជឿ​លើ​ព្រះគ្រីស្ទ​មុន​ពេល​ទ្រង់​យាង​មក​ម្ដង​ទៀត
ខែ មេសា ឆ្នាំ ២០២៤


« ការជឿ​លើ​ព្រះគ្រីស្ទ​មុន​ពេល​ទ្រង់​យាង​មក​ម្ដង​ទៀត » ដើម្បី​កម្លាំង​នៃ​យុវជន ខែ មេសា ២០២៤ ។

សារលិខិត​ប្រចាំ​ខែ ទស្សនាវដ្តី ដើម្បី​កម្លាំង​នៃ​យុវជន ខែ មេសា ឆ្នាំ ២០២៤

យ៉ារ៉ុម

ការជឿ​លើ​ព្រះគ្រីស្ទ​មុន​ពេល​ទ្រង់​យាង​មក ម្ដង​ទៀត

ពួក​សាសន៍​នីហ្វៃ​បាន​មាន​សេចក្ដី​ជំនឿ​មុន​ពេល​ព្រះអង្គ​សង្គ្រោះ​យាងមក​ដល់ ហើយ​យើង​ក៏​អាច​មាន​សេចក្ដី​ជំនឿ​មុន​នឹង​ទ្រង់​មក​ម្ដង​ទៀត​ដែរ ។

រូបភាព
ព្រះយេស៊ូវ​គ្រីស្ទ​យាង​ទៅ​ជួប​ពួក​សាសន៍​នីហ្វៃ

តើ​អ្នក​ធ្លាប់​គិត​ទេ​ថា ការជឿ​លើ​ព្រះអង្គ​សង្គ្រោះ មុន​ពេល ទ្រង់​យាង​មក​ផែនដី​នេះ​មាន​សភាព​យ៉ាង​ណា ? ពួក​សាសន៍​នីហ្វៃ​ពី​បុរាណ​ត្រូវ​ធ្វើ​ដូច​នោះ​ឯង—« ទន្ទឹង​ចាំ​ព្រះមែស៊ី ហើយ​ឲ្យ​ជឿ​ដល់​ទ្រង់​ដែល​នឹង​យាង​មក ហាក់​ដូច​ជា​ទ្រង់​បាន​យាង​មក​រួច​ហើយ​ដូច្នោះ » ( យ៉ារ៉ុម ១:១១ ) ។

បច្ចុប្បន្ន​នេះ យើង​មាន​កំណត់ត្រា​ខាង​ព្រះគម្ពីរ និង​ប្រវត្តិសាស្ត្រ​ដែល​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវ​គ្រីស្ទ​បាន​មាន​ព្រះជន្ម​រស់​នៅ បាន​សុគត ហើយ​បាន​មាន​ព្រះជន្ម​រស់​ឡើងវិញ​ម្តង​ទៀត ។ យើង​ជឿ​លើ​ព្រះអង្គ​សង្គ្រោះ​ដែល​បាន​យាង​មក​រួច​ហើយ ។ ប៉ុន្ដែ​យើង​ក៏​ជឿ​លើ​ព្រះអង្គ​សង្គ្រោះ​ដែល​នឹង​យាង​មក ម្ដង​ទៀត ផង​ដែរ ។

មុន​ពេល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​យាង​មក ពួកសាសន៍​នីហ្វៃ​បាន​មាន​សេចក្ដី​ជំនឿ​ចំពោះ ៖

រូបភាព
ស្តេច​បេនយ៉ាមីន និង​ព្រះមហេសី​របស់​ទ្រង់​អធិស្ឋាន

បាន​ទទួល​ការអត់ទោស​ចំពោះ​បាប​របស់​ខ្លួន ។

« អស់​អ្នក​ណា​ដែល​ជឿ​ថា ព្រះគ្រីស្ទ​នឹង​យាង​មក នោះ​ឈ្មោះ​ថា នឹង​បាន​ទទួល​ការផ្ដាច់​បាប​របស់​ខ្លួន ហើយ​នឹង​បាន​អរ​រីករាយ​ដោយ​សេចក្ដី​អំណរ​ដ៏​អតិបរមា ហាក់បី​ដូច​ជា​ព្រះអង្គ​បាន​យាង​មក​ក្នុង​ចំណោម​ពួកគេ​ហើយ » ( ម៉ូសាយ ៣:១៣ បាន​បន្ថែម​ការសង្កត់​ន័យ ) ។

រូបភាព
អេណុស

អភ័យទោស​ដល់​ខ្លួន​ពួកគេ ។

« ហើយ​ស្រាប់​តែ​មាន​សំឡេង​បន្លឺ​មក​ខ្ញុំ​ថា ៖ អេណុស បាប​ទាំងឡាយ​របស់​អ្នក​ត្រូវ​បាន​អត់ទោស​ឲ្យ​ហើយ ។ … ហេតុ​ដូច្នោះ​ហើយ ទោស​របស់​ខ្ញុំ​បាន​បំបាត់​ចោល​ទៅ ។ ហើយ​ខ្ញុំ​បាន​ទូល​ថា ៖ ឱ​ព្រះ​អម្ចាស់​អើយ ចុះ​តើ​ការណ៍​នេះ​បាន​ធ្វើ​យ៉ាង​ណា​ទៅ ? ហើយ​ទ្រង់​បាន​មានបន្ទូល​មក​ខ្ញុំ​ថា ៖ ពី​ព្រោះ​មក​ពី​សេចក្ដី​ជំនឿ​ដែល​អ្នក​មាន​ដល់​ព្រះគ្រីស្ទ​ដែល​អ្នក​ពុំ​ដែល​បាន​ឮ ឬ​បាន​ឃើញ​ពីមុន​មកឡើយ ។ ហើយ​ច្រើន​ឆ្នាំ​នឹង​កន្លង​ផុត​ទៅ មុន​ទ្រង់​នឹង​សម្ដែង​រូបអង្គ​ទ្រង់​នៅ​ក្នុង​សាច់ឈាម … សេចក្ដី​ជំនឿ​របស់​អ្នក​បាន​ជួយ​សង្គ្រោះ​អ្នក​ហើយ » ( អេណុស ១:៥–៨ បាន​បន្ថែម​ការសង្កត់​ន័យ ) ។

រូបភាព
ការផ្សព្វផ្សាយ​របស់​យ៉ាកុប

ធ្វើ​អព្ភូតហេតុ​ទាំងឡាយ ។

« យើង​បាន​ដឹង​អំពី​ព្រះគ្រីស្ទ ហើយ​យើង​បាន​សង្ឃឹម​ដល់​សិរីល្អ​របស់​ទ្រង់​ជា​ច្រើន​រយ​ឆ្នាំ​មុន​ទ្រង់​យាង​មក​ម្ល៉េះ ។ … ដរាប​ដល់​យើង​ច្បាស់​ជា​អាច បញ្ជា​ដោយ​នូវ​ព្រះនាម​នៃ​ព្រះយេស៊ូវ ហើយ​គ្រប់​ទាំង​ដើមឈើ ឬ​ក៏​ភ្នំ ហើយ​នឹង​ទឹក​រលក​នៅ​ក្នុង​សមុទ្រ ក៏​ធ្វើ​តាម​បញ្ជា​យើង​ដែរ » ( យ៉ាកុប ៤:៤, ៦ បាន​បន្ថែម​ការសង្កត់​ន័យ ) ។

រូបភាព
មរ៉ូណៃ​សរសេរ​នៅ​លើ​ផ្ទាំង​ចំណារ

ទទួល​វិវរណៈ ។

« មាន​មនុស្ស​ជា​ច្រើន ដែល​មាន​សេចក្ដី​ជំនឿ​ដ៏​ខ្លាំង ទាំង​មុន​ព្រះគ្រីស្ទ​ទ្រង់​យាង​មក​ម្ល៉េះ គេ មិន​អាច​ត្រូវ​បិទបាំង​ពី​ក្នុង​វាំងនន​បាន​ទេ តែ​ឃើញ​យ៉ាង​ពិត​ដោយ​ភ្នែក​របស់​ពួកគេ » ( អេធើរ ១២:១៩ បាន​បន្ថែម​ការសង្កត់​ន័យ ) ។

មុនពេល​ព្រះយេស៊ូវ​គ្រីស្ទ​យាង​មក​ម្ដង​ទៀត យើង អាច​មាន​ជំនឿ​ចំពោះ ៖

ការបាន​ទទួល​ការអត់ទោស អត់ទោស​ដល់​ខ្លួន​យើង ធ្វើ​អព្ភូតហេតុ​ទាំងឡាយ ហើយ​ទទួល​បាន​វិវរណៈ ( ដូច​ជា​ពួក​នីហ្វៃ ) ។

រូបភាព
យុវជន​ច្រៀង​នៅ​ព្រះវិហារ

ចូរ​រៀបចំ​ខ្លួន​យើង​សម្រាប់​ការយាង​មក​របស់​ទ្រង់ ។

ពេល​យើង​ខិតខំ​រក្សា​សេចក្ដី​សញ្ញា​របស់​យើង យើង​កំពុង​ត្រៀម​ខ្លួន​ដើម្បី​រស់​នៅ​ក្នុង​នគរ​សេឡេស្ទាល ។ « ដ្បិត​មើល​ចុះ ជីវិត​នេះ​គឺជា​ពេល​វេលា​សម្រាប់​ឲ្យ​មនុស្ស​ប្រុងប្រៀប​ខ្លួន​ទៅ​ជួប​នឹង​ព្រះ មែន​ហើយ មើល​ចុះ ពេល​វេលា​នៃ​ជីវិត​នេះ គឺជា​ពេល​វេលា​សម្រាប់​ឲ្យ​មនុស្ស​ប្រព្រឹត្ត​ការងារ​ទាំងឡាយ​របស់​ខ្លួន » ( អាលម៉ា ៣៤:៣២ ) ។

រូបភាព
យុវវ័យ​នៅ​ខាងមុខ​ព្រះវិហារ​បរិសុទ្ធ

រៀបចំ​ពិភពលោក​សម្រាប់​ការយាង​មក​របស់​ទ្រង់ ។

ប្រធាន រ័សុល អិម ណិលសុន បាន​អញ្ជើញ​យើង​ឲ្យ​ធ្វើ​ជា​ផ្នែក​មួយ​នៃ « កិច្ចការ​ដ៏​ធំបំផុត​នៅលើ​ផែនដី​នេះ »—ដែល​ជា​ការប្រមូលផ្តុំ​អ៊ីស្រាអែល ។ « ព្រះវរបិតា​សួគ៌របស់​យើង​បាន​រក្សា​ទុក​វិញ្ញាណ​ដ៏​អស្ចារ្យៗ​បំផុត​ជាច្រើន—ប្រហែលជា​ខ្ញុំ​អាច​និយាយ​ថា​ជា​ក្រុម​ដ៏​ល្អបំផុត​របស់​ទ្រង់—សម្រាប់​ដំណាក់កាល​ចុង​ក្រោយ​នេះ ។ ពួក​វិញ្ញាណ​ដ៏​អស្ចារ្យៗ​ជា​វិរៈបុរស​ទាំងនោះ—អ្នក​ដែល​សំខាន់​បំផុត​ទាំងនោះ—គឺ​ជា ក្មួយៗ ! »

រូបភាព
យុវនារី​ឱប​គ្នា

មាន​សេចក្ដី​សង្ឃឹម​ក្នុង​អំឡុង​ពេល​លំបាក ។

ពេល​ព្រះអង្គ​សង្គ្រោះ​យាង​មក​ម្ដង​ទៀត ពួក​សុចរិត​នឹង​រស់​នៅ​ដោយ​សុខសាន្ត ។ ព្រះអង្គសង្គ្រោះ​នឹង​សោយរាជ្យ ហើយ​ភាពអយុត្តិធម៌​នឹង​ត្រូវ​បាន​ធ្វើ​ឲ្យ​ត្រឹមត្រូវ ។ « ដ្បិត​ព្រះអម្ចាស់​ទ្រង់​នឹង​គង់នៅ​កណ្ដាល​ពួកគេ ហើយ​សិរីល្អ​របស់​ទ្រង់​នឹង​ស្ថិត​នៅ​លើ​ពួកគេ ហើយ​ទ្រង់​នឹង​ទៅ​ជា​មហាក្សត្រ​នៃ​ពួក​គេ និង​ជា​អ្នក​តែង​ច្បាប់​នៃ​ពួកគេ » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៤៥:៥៩ ) ។

រូបភាព
យុវនារី

ទុកចិត្ត​លើ​ដំណើរ​រស់​ឡើងវិញ ។

មនុស្ស​ជាតិ​ទាំង​អស់​នឹង​រស់​ឡើង​វិញ ។ យើង​នឹង​មាន​រូបកាយ​ដ៏​ល្អឥតខ្ចោះ និង​អមតៈ ។ យើង​អាច​ឃើញ​មនុស្ស​ជា​ទី​ស្រឡាញ់​ដែល​បាន​ស្លាប់​ហើយ ម្ដងទៀត ។ « វិញ្ញាណ និង​រូបកាយ​នឹង​ផ្គុំ​គ្នា​ជាថ្មី​ក្នុង​ប្រាណ​ដ៏​ល្អ​ឥត​ខ្ចោះ អវយវៈ​ទាំង​អស់​នឹង​ត្រូវ​បាន​ផ្គុំ​គ្នា​វិញ​ដោយ​ត្រឹមត្រូវ ដូច​ជា​រូបរាង​យើង​ក្នុង​ពេល​នេះ​ដែរ » ( អាលម៉ា ១១:៤៣ ) ។

រូបភាព
ព្រះយេស៊ូវ​គ្រីស្ទ​បង្ហាញ​រូបអង្គទ្រង់​ដល់​ពួក​សាសន៍​នីហ្វៃ

ពួក​សាសន៍​នីហ្វៃ​ពី​បុរាណ​បានមាន​សេចក្ដី​ជំនឿ​លើ​ព្រះអង្គ​សង្គ្រោះ​មុន​ពេល​ទ្រង់​យាង​មក ។ យើង​អាច​មាន​សេចក្ដី​ជំនឿ​ថា ព្រះអង្គ​សង្គ្រោះ​នឹង​យាង​មក ម្ដង​ទៀត—នៅ​ពេល​ដែល « [ យើង ] នឹង​ឃើញ [ ទ្រង់ ] មក​លើ​ពពក​នៅ​លើ​មេឃ បំពាក់​ដោយ​ព្រះចេស្ដា និង​សិរីល្អ​ជា​ខ្លាំង » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៤៥:៤៤ សូម​មើល​ផងដែរ កិច្ចការ ១:១១ ) ។ តើ​ការដឹង​ថា​ទ្រង់​នឹង​យាងមក​ម្ដងទៀត ផ្លាស់ប្ដូរ​អ្វី​ដែល​អ្នក​នឹង​ធ្វើ​នៅ​ថ្ងៃ​នេះ​យ៉ាង​ដូចម្ដេច ?

កំណត់​ចំណាំ

  1. រ័សុល អិម ណិលសុន​« សង្ឃឹម​អ៊ីស្រាអែល » ( ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវវ័យ​ថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០១៨ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។