បណ្ណាល័យ
ផ្តោត​ជីវិត​របស់​បងប្អូន​នៅលើ​ព្រះយេស៊ូវគ្រីស្ទ


« ផ្តោត​ជីវិត​របស់​បងប្អូន​នៅលើ​ព្រះយេស៊ូវគ្រីស្ទ » ប្រធានបទ និង សំណួរ ( ឆ្នាំ ២០២៣ )

រូបភាព
គ្រួសារ​នៅ​ទ្វីប​អាហ្វ្រិក​អង្គុយ​ជុំវិញ​តុ​អាន​ព្រះគម្ពីរ​ជាមួយគ្នា

ការស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​បងប្អូន

ផ្តោត​ជីវិត​របស់​បងប្អូន​នៅលើ​ព្រះយេស៊ូវគ្រីស្ទ

សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​គឺ​សំខាន់​ណាស់ ចំពោះ​ការស្វែងរក​ចម្លើយ​ទៅនឹង​សំណួរ​ដ៏​លំបាក​បំផុត​ក្នុង​ជីវិត​របស់​យើង ។ ជាញឹកញាប់ យើង​តែងតែ​គិត​ថា​សេចក្ដី​ជំនឿ​គឺ​ជាការជឿ​ដ៏​រឹងមាំ​មួយ ។ ប៉ុន្តែ​សេចក្ដី​ជំនឿ​គឺ​លើស​ពី​ការជឿ​ទៅទៀត ។ វា​ពាក់​ព័ន្ធ​ទៅ​នឹង​ការទុកចិត្ត ភាពជឿជាក់ និង​ភក្ដីភាព ។ នៅពេល​យើង​មាន​សំណួរ ឬ​ការព្រួយបារម្ភ នោះ​យើង​តែងតែ​អាច​បែរ​ទៅ​រក​ព្រះយេស៊ូវគ្រីស្ទ​ជានិច្ច ។ សេចក្តី​ជំនឿ​របស់​យើង​នឹង​រីក​ចម្រើន​ពេល​យើង​ស្ដាប់​ព្រះបន្ទូល​របស់​ទ្រង់ ធ្វើ​តាម​ការបង្រៀន​របស់​ទ្រង់ ហើយ​ព្យាយាម​ស្រឡាញ់​អ្នក​ដទៃ​តាម​របៀប​ដែល​ទ្រង់​ស្រឡាញ់ ។

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា « មេត្រីភាព​អាច​កើត​មាន​ដល់​ព្រលឹង​អ្នក ពេល​អ្នក​ស្ថាបនា​ក្ដី​ជំនឿ​លើ​ម្ចាស់​នៃ​មេត្រីភាព » ។ ទាំងនេះ​ជា​រឿង​មួយ​ចំនួន​ដើម្បី​ចងចាំ ៖

  • ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​គ្រឹះ​ដ៏​រឹងមាំ​សម្រាប់​សេចក្ដី​ជំនឿ​របស់​យើង ។ នៅក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង យើង​ដាក់​សេចក្តី​ជំនឿ​របស់​យើង​ទៅ​លើ​មនុស្ស និង​ស្ថាប័ន​នានា ។ ទាំង​នេះ​រួម​មានទាំង​សមាជិក​គ្រួសារ មិត្តភក្តិ រដ្ឋាភិបាល និង​និយោជក ។ ប៉ុន្ដែ​ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​អង្គ​តែ​ម្នាក់​គត់​ដែល​យើង​អាច​ទុកចិត្ត​បាន​ទាំងស្រុង ចំពោះ​សេចក្ដី​សង្ឃឹម សេចក្ដី​សុខសាន្ត និង​សេចក្ដី​សង្គ្រោះ​របស់​យើង ។ សាសនាចក្រ​បាន​បង្កើត​ឡើង​ដើម្បី​នាំ​មនុស្ស​មក​កាន់​ទ្រង់ ។ បងប្អូន​អាច​ទុកចិត្ត​លើ​ព្រះយេស៊ូវគ្រីស្ទ​បាន​យ៉ាង​ពេញលេញ ទោះបី​ជា​បងប្អូន​កំពុង​ពុះពារ​ជាមួយ​នឹង​រឿង​ផ្សេងៗ​ទៀត​នៃ​សេចក្ដី​ជំនឿ​របស់​បងប្អូន​ក៏​ដោយ ។

  • ព្រះយេស៊ូវគ្រីស្ទ​មាន​សេចក្តីអាណិត​អាសូរ​យ៉ាង​ល្អ​ឥត​ខ្ចោះ ។ ការសាកល្បង​ដ៏​ធំ​បំផុត​របស់​យើង​អាច​ធ្វើ​ឲ្យ​យើង​ខិត​ទៅ​ជិត​ព្រះអង្គ​សង្គ្រោះ ។ គ្មាន​នរណា​ម្នាក់​ក្រៅ​ពី​ព្រះគ្រីស្ទ​ដែល​អាច​យល់​យ៉ាង​ពេញលេញ​ចំពោះ​ការតស៊ូ​របស់​យើង​ឡើយ ។ ទ្រង់​ព្រះកន្សែង​ជាមួយ​អស់អ្នក​ទាំងឡាយ​ដែល​ទ្រង់​បាន​បម្រើ ។ ទ្រង់​បាន​មាន​បទពិសោធន៍​ភាពឯកោ សេចក្តី​វេទនា និង​សូម្បី​តែ​ការឃ្លាត​ឆ្ងាយពី​វត្តមាន​របស់​ព្រះវរបិតា​របស់​ទ្រង់​ក៏​ដោយ ។ បងប្អូន​អាច​បែរ​ទៅ​រក​ទ្រង់ ហើយ​ស្វែងរក​ការយល់​ដឹង និង​សេចក្ដី​អាណិត​អាសូរ​បាន ។

  • ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​របស់​ព្រះ​ផ្តល់​នូវ​ទស្សនវិស័យ ។ សំណួរ​របស់​យើង​ជា​ច្រើន​ហាក់ដូចជា​ខុសៗ​គ្នា នៅ​ពេល​យើង​គិតពី​ផែនការ​របស់​ព្រះវរបិតាសួគ៌ ។ ប្រធាន ដាល្លិន អេក អូក បាន​បង្រៀន​ថា « ដោយសារតែ​ចំណេះដឹង​របស់​យើង​អំពី​ផែនការ​នេះ យើង​ចាប់ផ្តើម​ជាមួយ​នឹង​ការសន្មត​ដែល​ខុសពី​អស់អ្នក​ដែល​គ្មាន​ចំណេះដឹង​ដូចយើង ។ ជា​លទ្ធផល នោះ​យើង​ឈាន​ដល់​ការសន្និដ្ឋាន​ផ្សេង​គ្នា​នៅលើ​ប្រធាន​បទ​សំខាន់ៗ​ជា​ច្រើន » ។ ការពិនិត្យ​សំណួរ​របស់​យើង​ដោយគិត​ពី​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ អាច​ជួយ​យើង​ឲ្យ​មើល​ឃើញ​កង្វល់​របស់​យើង​ដោយ​មាន​ទស្សនៈ​ដ៏​អស់​កល្ប​ជានិច្ច ។

  • មាន​សំណួរ​ចម្បង និង​បន្ទាប់បន្សំ ។ ពេល​ខ្លះ​យើង​មាន​សំណួរ ឬ​ការព្រួយបារម្ភ​ដែល​ទាក់ទង​ទៅនឹង​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ ការបង្រៀន និង​គោល​នយោបាយ​របស់​សាសនាចក្រ ឬ​ភាពបរាជ័យ​របស់​មនុស្ស ។ ការស្វែងរក​ភាពសុខសាន្ត​ជាមួយ​នឹង​សំណួរ​បែប​នេះ​តម្រូវ​ឲ្យមាន​ការខិតខំ​ដ៏​ស្មោះ​ត្រង់​របស់​យើង ។ ប៉ុន្តែ​វា​ជា​ការសំខាន់​ក្នុង​ការរកឃើញ​សេចក្តី​ពិត​ដ៏​សំខាន់​នៃ​ដំណឹង​ល្អ​ចេញ​ពី​អ្វី​ដែល​មិនសូវ​សំខាន់ ។ យ៉ូសែប ស្ម៊ីធ បាន​បង្រៀន​ថា « ​រឿង​ផ្សេង​ទៀត​គឺ​ជា​រឿង​បន្ទាប់​បន្សំ​ប៉ុណ្ណោះ »​ចំពោះ​សេចក្ដី​ពិត​នៅ​ជុំវិញ​បេសកកម្ម​សង្គ្រោះ​របស់​ព្រះអង្គ​សង្គ្រោះ ។

  • ជ្រើសរើស​សេចក្តី​ជំនឿ ។ ការទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ​តម្រូវ​ឲ្យ « យើង​ដើរ​ដោយ​ជំនឿ​មិន​មែន​ដោយ​មើល​ឃើញ​ទេ » ។ ប្រសិន​បើ​យើង​រង់ចាំ​រហូត​ដល់​យើង​មាន​ភស្តុតាង​ជាក់​ស្តែង​អំពី​រឿង​ខាង​វិញ្ញាណ នោះ​យើង​នឹង​មិន​ចាប់​ផ្ដើម​ដំណើរការ​នៃ​ការអភិវឌ្ឍ​សេចក្តី​ជំនឿ​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ​ឡើយ ។ អែលឌើរ ឌែល ជី រិនឡាន់ បាន​បង្រៀន​ថា « ដើម្បី​ឲ្យ​សេចក្តី​ជំនឿ​រីក​ចម្រើន នោះ​មនុស្ស​ម្នាក់​ត្រូវ​តែ​ជ្រើសរើស​មាន​សេចក្តី​ជំនឿ ។ មនុស្ស​ម្នាក់​ត្រូវ​មាន​បំណង​ចង់​មាន​សេចក្ដី​ជំនឿ ។ មនុស្ស​ម្នាក់​ត្រូវ​ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ » ។

  • ប្រកាន់​ខ្ជាប់​ទៅនឹង​អ្វី​ដែល​បងប្អូន​ដឹង ។ នៅ​ពេល​ដែល​បងប្អូន​មាន​អារម្មណ៍​មិន​ច្បាស់​អំពី​សេចក្តី​ជំនឿ​របស់​បងប្អូន សូម « ប្រកាន់​ខ្ជាប់​ទៅ​នឹង​អ្វី​ដែល​បងប្អូន​បាន​ដឹង​រួច​ហើយ » យោង​តាម​ការណែនាំ​របស់​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន « ហើយ​ឈរ​យ៉ាង​រឹង​មាំ​រហូត​ដល់​ចំណេះ​ដឹង​បន្ថែមទៀត​មក​ដល់ » ។ សូម​ទុកចិត្ត​លើ​បទពិសោធន៍​ខាង​វិញ្ញាណ​ពី​អតីតកាល​របស់​បងប្អូន ។ បទពិសោធន៍​ទាំងនោះ​ជា​ភស្តុតាង​ដែល​បញ្ជាក់​ថា ព្រះ​ប្រទាន​រង្វាន់​ដល់​សេចក្ដី​ជំនឿ​របស់​បងប្អូន​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ​ដោយ​មាន​ការធានា​ខាង​វិញ្ញាណ ។

ព្រះគម្ពីរ​សំខាន់ៗ ៖ រ៉ូម ៨:៣៥, ៣៧-៣៩; នីហ្វៃទី២ ៤:៣៤-៣៥; ម៉ូសាយ ៤:៩; ហេលេមិន ៥:១២

កំណត់​ចំណាំ

  1. រ័សុល អិម ណិលសុន « Jesus the Christ—Our Prince of Peace » ( ការ​ប្រជុំ​ធម្មនិដ្ឋាន​បុណ្យ​គ្រីស្ទម៉ាស់​របស់​គណៈ​ប្រធាន​ទី​មួយ ថ្ងៃទី ៨ ខែ ធ្នូ ឆ្នាំ ២០១៣ ) នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ ។

  2. ដាល្លិន អេក អូក « As He Thinketh in His Heart( ជំនួប​ពេល​ល្ងាច​ជាមួយនឹង​ពួក​អ្នកមាន​សិទ្ធិអំណាច​ទូទៅ ថ្ងៃទី ៨ ខែ កុម្ភៈ ឆ្នាំ ២០១៣ ) នៅលើ​គេហទំព័រ broadcasts.ChurchofJesusChrist.org ។

  3. « Elders’ Journal ខែ កក្កដា ឆ្នាំ ១៨៣៨ » ទំព័រ ៤៤ នៅលើ​គេហទំព័រ josephsmithpapers.org ។

  4. កូរិនថូស ទី២ ៥:៧ ។

  5. ឌែល ជី រិនឡាន់ « Doubt Not, but Be Believing » ( សុន្ទរកថា​ដែល​បាន​ផ្តល់​ឲ្យ​នៅឯ​ការចាក់ផ្សាយ​អំពី​ការបំពាក់បំប៉ន​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​សាសនា​ប្រចាំឆ្នាំ ផ្សាយ​ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៨ ) នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ ។

  6. ជែហ្រ្វី អ័រ ហូឡែន « Lord, I Believe » Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៩៤ ។