ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ៥ ៖ តើ​ព្រះគម្ពីរ​មរមន​មាន​តួនាទី​យ៉ាង​ដូចម្ដេច ?


តើ​ព្រះគម្ពីរ​មរមន​មាន​តួនាទី​យ៉ាង​ដូចម្ដេច ?

សេចក្ដីផ្ដើម

ព្រះគម្ពីរ​មរមន​គឺ​ជា​ភស្ដុតាង​ដ៏​មាន​អានុភាព​មួយ​អំពី​ទេវភាព​របស់​ព្រះយេស៊ូវគ្រីស្ទ និង ជា​តឹកតាង​នៃ​ការស្ដារឡើងវិញ​តាមរយៈ​ព្យាការី យ៉ូសែប ស៊្មីធ ។ វា​ឆ្លើយ​នឹង « សំណួរ​ចេញ​ពី​ព្រលឹង » ( សូម​មើល ប្រកាស​ដំណឹងល្អ​របស់​យើង ទំព័រ ១០៩ ) ដែល​បុត្រាបុត្រី​ជា​ច្រើន​នាក់​របស់​ព្រះវរបិតាសួគ៌​មាន អំពី​ជីវិត​របស់​ពួកគេ ។ ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ការប្រែចិត្តជឿ គឺ​ជា​ការទទួលបាន​សាក្សី​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​មាន​ព្រះបន្ទូល​ប្រាប់​ថា ព្រះគម្ពីរ​មរមន​គឺ​ជា​ព្រះគម្ពីរ​ពិត ។ អ្នក​ដែល​ត្រៀម​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា គួរតែ​សិក្សា​ព្រះគម្ពីរ​មរមន​ជា​រៀង​រាល់​ថ្ងៃ មាន​ទីបន្ទាល់​មួយ​អំពី​ព្រះគម្ពីរ​មរមន ព្រមទាំង​បង្កើន​បទពិសោធន៍​ក្នុង​ការចែកចាយ​ទីបន្ទាល់​នោះ​ជាមួយ​មនុស្ស​ទូទៅ ។

ការរៀបចំ​ទុក​ជា​មុន

  • សូម​សិក្សា នីហ្វៃទី១ ១០:១៤, នីហ្វៃទី២ ៣:១២, នីហ្វៃទី៣ ១៦:៤–៥, ២០:១៣ ។

  • សូម​សិក្សា « The Book of Mormon: A Witness with the Bible » Ensign ខែ តុលា ឆ្នាំ ២០១១ ទំព័រ ២៤–២៧ ។

  • សូម​សិក្សា ប្រកាស​ដំណឹងល្អ​របស់​យើង ទំព័រ ១០៣–៩ ។

  • សូម​រៀបចំ​បង្ហាញ​វីដេអូ « The Book of Mormon—a Book from God » ( នាទី​ទី ១:៥៥ វីដេអូ​ខ្លី​ចេញ​មក​ពី​សុន្ទរកថា​របស់​អែលឌើរ ថាត អរ ខាលីស្ទើរ EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៧៤–៧៦ ដែល​មាន​នៅ​លើ​គេហទំព័រ lds.org/media-library ។

  • សូម​រៀបចំ​បង្ហាញ​វីដេអូ « A Book of Mormon Story » ( ៥:១៥ ) ដែល​មាន​នៅ​លើ​គេហទំព័រ LDS.org ។

យោបល់​សម្រាប់​ការបង្រៀន

ព្រះគម្ពីរ​មរមន​គឺ​ជា​ភស្ដុតាង​ដ៏​មាន​អានុភាព​មួយ​នៃ​ទេវភាព​របស់​ព្រះយេស៊ូវគ្រីស្ទ

សូម​ឲ្យ​សិស្ស​មើល​ទៅ​ព្រះគម្ពីរ​មរមន​របស់​ពួកគេ ឬ លើក​គម្ពីរ​មួយ​ក្បាល​លើក​ឡើង​ដើម្បី​ឲ្យ​ពួកគេ​ឃើញ ។ បន្ទាប់មក សូម​សួរ​សំណួរ​ខាងក្រោម​នេះ ៖

  • ប្រសិនបើ​អ្នក​ពុំ​ដឹង​អ្វី​ទាល់តែ​សោះ​អំពី​ព្រះគម្ពីរ​មរមន តើ​អ្នក​នឹង​ដឹង​អ្វី​ខ្លះ ចេញ​ពី​ការគ្រាន់តែ​អាន​ចំណងជើង​តូច ( សក្ខីបទ​មួយ​ទៀត​អំពី​ព្រះយេស៊ូវគ្រីស្ទ ) ?

  • តើ​អ្នក​នឹង​រំពឹង​ថា រកឃើញ​អ្វី​ខ្លះ​នៅ​ក្នុង​ព្រះគម្ពីរ​នេះ ?

សូម​ឲ្យ​សិស្ស​បើក​ទៅ​ទំព័រ​ចំណងជើង​លើ​ព្រះគម្ពីរ​មរមន រួច​អាន​កថាខណ្ឌ​ទី​ពីរ ដោយ​យក​ចិត្ត​ទុក​ដាក់​លើ​អ្វី​ដែល​អ្នក​សរសេរ​ព្រះគម្ពីរ​មរមន​ចង់​បញ្ចុះបញ្ចូល​មនុស្ស​ឲ្យ​ជឿ ។ បន្ទាប់​មក សូម​សួរ ៖

  • តើ​អ្នក​សរសេរ​ព្រះគម្ពីរ​មរមន ចង់​បញ្ចុះបញ្ចូល​មនុស្ស​ឲ្យ​ជឿ​ទៅ​លើ​អ្វី ?

សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ​នៅលើ​ក្ដារខៀន ៖ គោលបំណង​ចម្បង​របស់​ព្រះគម្ពីរ​មរមន គឺ​ដើម្បី​បញ្ចុះបញ្ចូល​មនុស្ស​លោក​ទាំងអស់​ថា ព្រះយេស៊ូវ​គឺ​ជា​ព្រះគ្រីស្ទ ។

សូម​ឲ្យ​សិស្ស​ម្នាក់ អាន​ចំណុច​ក្រោម​ចំណងជើង « ព្រះគម្ពីរ​មរមន​ធ្វើ​ទីបន្ទាល់​អំពី​ព្រះគ្រីស្ទ » នៅ​ទំព័រ ១០៧ នៅ​ក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង ខណៈ​ពេល​ដែល​សិស្ស​ដទៃ​ទៀត​អាន​តាម ដោយ​ស្វែងរក​របៀប​ទាំងឡាយ​ដែល​ព្រះគម្ពីរ​មរមន​ដើរតួ​ជា​សាក្សី​មួយ​អំពី​ព្រះយេស៊ូវគ្រីស្ទ ។

បន្ទាប់​មក សួម​សួរ​សិស្ស ៖

  • តើ​ព្រះគម្ពីរ​មរមន ដើរតួ​ជា​សាក្សី​អំពី​ព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ដូចម្ដេច ?

  • តើ​ព្រះគម្ពីរ​មរមន បាន​ពង្រឹង​ទីបន្ទាល់​របស់​អ្នក អំពី​ព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ដូចម្ដេច​ដែរ ?

សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ចែកចាយ​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក នូវ​ទីបន្ទាល់​ផ្ទាល់ខ្លួន​របស់​ពួកគេ​អំពី​ព្រះគម្ពីរ​មរមន បទពិសោធន៍​របស់​ពួកគេ​ក្នុង​ការអាន និង អធិស្ឋាន​ទូល​សួរ​អំពី​វា ឬ វគ្គ​បទគម្ពីរ​ដែល​ពួកគេ​ចូលចិត្ត​អំពី​ព្រះអង្គ​សង្គ្រោះ និង បេសកកម្ម​របស់​ទ្រង់ ។ សូម​ប្រាប់​សិស្ស​ថា កិច្ចការ​ដ៏​សំខាន់​បំផុត​មួយ​ដែល​ពួកគេ​អាច​ធ្វើ​ពីមុន​ចូល អិម.ធី.ស៊ី គឺ​ត្រូវ​អាន​ព្រះគម្ពីរ​មរមន​ឲ្យ​ចប់ រួច​អធិស្ឋាន​ទូល​សួរ​អំពី​ភាពពេញលេញ​នៃ​សេចក្ដីពិត​របស់​វា ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ធ្វើតាម​ដំបូន្មាន​របស់​ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ដែល​ប្រាប់​ដល់​សមាជិក​សាសនាចក្រ ឲ្យ​អាន​ព្រះគម្ពីរ​មរមន​រយៈ​ពេល ៣០ នាទី​ក្នុង​មួយ​ថ្ងៃ ។

ព្រះ​គម្ពីរ​ប៊ីប និង ព្រះ​គម្ពីរ​មរមន​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ។

សូម​ឲ្យ​សិស្ស​បើក​ទៅ​ទំព័រ ១០៧ នៅ​ក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង ។ សូម​ឲ្យ​សិស្ស​បីបួន​នាក់ ប្តូរ​វេន​គ្នា​អាន​ឮៗ​នៅ​ក្នុង​ចំណុច​ក្រោម​ចំណងជើង « ព្រះគម្ពីរ​មរមន និង ព្រះគម្ពីរ​ប៊ីប គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក » ។

បន្ទាប់​មក សូម​សួរ ៖

  • តើ​ព្រះគម្ពីរ​មរមន និង ព្រះគម្ពីរ​ប៊ីប គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក តាម​របៀប​ណា ?

  • ហេតុអ្វី​បាន​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​គួរតែ​ប្រើប្រាស់​ទាំង​ព្រះគម្ពីរ​មរមន​ផង និង ព្រះគម្ពីរ​ប៊ីប​ផង នៅ​ពេល​ពួកគេ​ជួយ​មនុស្ស​ដទៃ​រៀន​អំពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ? ( ចម្លើយ​របស់​សិស្ស​គួរតែ​ឆ្លុះបញ្ចាំង អំពី​សេចក្ដីពិត​ដូច​ខាង​ក្រោម ៖ ព្រះគម្ពីរ​មរមន និង ព្រះគម្ពីរ​ប៊ីប​ធ្វើការ​រួម​គ្នា ជា​សាក្សី​អំពី​ព្រះយេស៊ូវគ្រីស្ទ និង ការបង្រៀន​របស់​ទ្រង់ ) ។

ដើម្បី​ជួយ​សិស្ស​យល់​អំពី​បរិបទ​នេះ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ​នៅ​ក្នុង នីហ្វៃទី២ ៣:១២ ។ សូម​ឲ្យ​សិស្ស​ម្នាក់​ទៀត​អាន​ឮៗ​នៅ​ក្នុង អេសេគាល ៣៧:១៥–១៧ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ទាំងអស់ ស្វែងរក​ឃ្លា​ទាំងឡាយ​ដែល​និយាយ​អំពី​ព្រះគម្ពីរ​ប៊ីប និង ឃ្លា​ទាំងឡាយ​ដែល​និយាយ​អំពី​​ព្រះគម្ពីរ​មរមន ។ ក្រោយ​ពី​សិស្ស​បាន​អាន​វគ្គ​បទគម្ពីរ​ទាំងនេះ​ហើយ សូម​សួរ​សិស្ស​ក្នុង​ថ្នាក់​ទាំងអស់ ៖

  • តើ​បទគម្ពីរ​ទាំងនេះ គាំទ្រ​ដល់​គំនិត​ចំពោះ​សាក្សី​ទាំង​ពីរ​យ៉ាង​ដូចម្ដេច ?

  • តើ​ពរជ័យ​អ្វី​ខ្លះ ដែល​បាន​សន្យា​ទុក​ជា​លទ្ធផល​ដែល​ព្រះគម្ពីរ​មរមន និង ព្រះគម្ពីរ​ប៊ីប​មាន​មក​ជាមួយ​គ្នា ?

ដើម្បី​បង្ហាញ​បន្ថែម​អំពី​របៀប​ដែល​ព្រះគម្ពីរ​មរមន និង ព្រះគម្ពីរ​ប៊ីប រួម​គ្នា​ដើរតួ​ជា​សាក្សី​អំពី​ព្រះយេស៊ូវគ្រីស្ទ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​ពី​អែលឌើរ ថាត អរ ខាលីស្ទើរ នៃ​ក្រុម​ចិតសិប​នាក់ ឬ បង្ហាញ វីដេអូ​ខ្លី អំពី​ប្រសាសន៍​ដកស្រង់​នោះ ។

រូបភាព
អែលឌើរ ថាត អរ ខាលីស្ទើរ

« ហេតុអ្វី​បាន​ជា​ព្រះគម្ពីរ​មរមន​ចាំបាច់​ដល់​ម្ល៉េះ ទោះ​ជា​យើង​មាន​ព្រះគម្ពីរ​ប៊ីប ដើម្បី​បង្រៀន​យើង​អំពី​ព្រះយេស៊ូវគ្រីស្ទ​ហើយ​នោះ ? តើ​អ្នក​ធ្លាប់​ឆ្ងល់​ថាតើ​ហេតុអ្វី​បាន​ជា​មាន​និកាយ​គ្រឹស្តសាសនា​ជា​ច្រើន​ដល់​ម្ល៉ឹង នៅ​លើ​ពិភពលោក​នា​ពេល​សព្វថ្ងៃ​នេះ ទោះ​ជា​ពួកគេ​ប្រកាន់​យក​គោលលទ្ធិ​របស់​ខ្លួន​ចេញ​ពី​ព្រះគម្ពីរ​ប៊ីប​តែមួយ​ជា​ពិសេស​នោះ​ក្ដី ? នោះ​គឺ​បណ្ដាល​មក​ពី ពួកគេ​បកស្រាយ​ព្រះគម្ពីរ​ប៊ីប​តាម​របៀប​ដោយ​ឡែក​ពី​គ្នា ។ ប្រសិនបើ​ពួកគេ​បកស្រាយ​ព្រះគម្ពីរ​តាម​របៀប​ដូចៗ​គ្នា​នោះ ពួកគេ​នឹង​ជា​និកាយ​សាសនា​តែ​មួយ​ហើយ ។ នេះ​មិន​មែន​ជា​ស្ថានភាព​ដែល​ព្រះអម្ចាស់​សព្វ​ព្រះទ័យ​នោះ​ទេ ដ្បិត​សាវក​ប៉ុល បាន​ប្រកាស​ថា​មាន ‹ ព្រះអម្ចាស់​តែ​មួយ សេចក្តី​ជំនឿ​តែ​មួយ បុណ្យ​ជ្រមុជ​តែ​មួយ › ( អេភេសូរ ៤:៥ ) ។ ដើម្បី​នាំ​ឲ្យ​មាន​ភាពតែ​មួយ​នេះ​កើតឡើង​បាន ព្រះអម្ចាស់​បាន​បង្កើត​ច្បាប់​ដ៏​ទេវភាព​នៃ​សាក្សីភាព​ឡើង ។ ប៉ុល បាន​បង្រៀន​ថា ‹ គ្រប់​ការ​ទាំង​អស់​នឹង​បាន​សម្រេច ដោយ​នូវ​មាត់​ស្មរ​បន្ទាល់​ពីរ ឬ បី​នាក់ › (កូរិនថូស ទី២ ១៣:១ ) ។

« ព្រះគម្ពីរ​ប៊ីប​គឺ​ជា​សាក្សី​មួយ​អំពី​ព្រះយេស៊ូវគ្រីស្ទ ហើយ​ព្រះគម្ពីរ​មរមន​គឺ​ជា​សាក្សី​មួយ​ទៀត ។ តើ​ហេតុអ្វី​សាក្សី​ទី​ពីរ​នេះ មាន​សារៈសំខាន់​ខ្លាំង​ម្ល៉េះ ? ការបង្ហាញ​ខាងក្រោម​នេះ​អាច​នឹង​ជួយ​បាន ៖ តើ​អ្នក​អាច​គូស​បន្ទាត់​ត្រង់​បាន​ប៉ុន្មាននៅ​តាម​ចំណុច​តែមួយ​នៅ​លើ​ក្រដាស​មួយ​សន្លឹក ? ចម្លើយ​គឺ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ។ សូម​គិត​មួយ​ភ្លែត​ថា ចំណុច​តែមួយ​នេះ​គឺ​តំណាង​ឲ្យ​ព្រះគម្ពីរ​ប៊ីប ហើយ​ថា បន្ទាត់​ត្រង់​រាប់រយ​ទាំងនោះ​ដែល​ត្រូវ​បាន​គូស​តាម​ចំណុចនេះ តំណាង​ឲ្យ​ការបកស្រាយ​ខុសៗ​គ្នា​អំពី​ព្រះគម្ពីរ​ប៊ីប ហើយ​ថា ការបកស្រាយ​នីមួយៗ​តំណាង​ឲ្យ​និកាយ​ខុសៗ​គ្នា ។

« ប៉ុន្តែ តើ​មាន​អ្វី​កើត​ឡើង ប្រសិនបើ​នៅ​លើ​ក្រដាស​មួយ​សន្លឹក​នេះ​មាន​នូវ​ចំណុច​ទី​ពីរ​ទៀត ដែល​តំណាង​ឲ្យ​ព្រះគម្ពីរ​មរមន​នោះ ? តើ​អ្នក​អាច​គូស​បន្ទាត់​ត្រង់​បាន​ប៉ុន្មាន​នៅ​ចន្លោះ​ចំណុច​យោង​ទាំងពីរ​នេះ ៖ ដែល​ជា​ព្រះគម្ពីរ​ប៊ីប និង ព្រះគម្ពីរ​មរមន ? គូរ​បាន​តែ​មួយ​ប៉ុណ្ណោះ ។ មាន​តែ​ការបកស្រាយ​អំពី​គោលលទ្ធិ​របស់​ព្រះគ្រីស្ទ​មួយ​ប៉ុណ្ណោះ ទើប​ធ្វើ​ឲ្យ​ទីបន្ទាល់​នៃ​សាក្សី​ទាំងពីរ​នេះ​នៅ​តែ​បន្ត​មាន ។

« ព្រះគម្ពីរ​មរមន​បាន​ដើរតួ​ម្តង​ហើយ​ម្តង​ទៀត​ជា​សាក្សី​គាំទ្រ បញ្ជាក់ និង បង្រួប​បង្រួម​ដល់​គោលលទ្ធិ​ទាំងឡាយ​ដែល​ត្រូវបាន​បង្រៀន​នៅ​ក្នុង​ព្រះគម្ពីរ​ប៊ីប ប្រយោជន៍​ឲ្យ​មាន ‹ ព្រះអម្ចាស់​តែ​មួយ សេចក្តី​ជំនឿ​តែ​មួយ បុណ្យ​ជ្រមុជ​តែ​មួយ › បាន » ( « The Book of Mormon—a Book from God » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៧៥ ) ។

បន្ទាប់​ពី​បាន​បង្ហាញ​វីដេអូ ឬ អាន​ប្រសាសន៍​ដកស្រង់​នេះ​ហើយ សូម​សួរ ៖

  • តើ​ការមាន​សាក្សី​ជា​ព្រះគម្ពីរ​ចំនួន​ពីរ​អំពី​ព្រះយេស៊ូវគ្រីស្ទ មាន​គុណ​តម្លៃ​ដូចម្ដេច​ដែរ ?

  • តើ​អ្នក​រៀន​បាន​អ្វី​ខ្លះ ចេញ​ពី​សុន្ទរកថា​របស់​អែលឌើរ ខាលីស្ទើរ ដែល​អាច​ជួយ​អ្នក​ក្នុង​ការបង្រៀន​មនុស្ស​ទូទៅ​អំពី របៀប​ដែល​ព្រះគម្ពីរ​មរមន និង ព្រះគម្ពីរ​ប៊ីប ធ្វើការ​រួម​គ្នា ។

តួនាទី​របស់​ព្រះគម្ពីរ​មរមន នៅ​ក្នុង​ការប្រមូល​រាស្ត្រ​អ៊ីស្រាអែល

ដើម្បី​ផ្ដល់​បរិបទ​នៅ​ពេល​អ្នក​បង្រៀន​គោលការណ៍​បន្ទាប់ អ្នក​អាច​ឲ្យ​សិស្ស​អាន​កថាខណ្ឌ​ទី​ពីរ​ម្ដង​ទៀត​នៅ​ទំព័រ​ចំណងជើង​ព្រះគម្ពីរ​មរមន រួច​គូស​បន្ទាត់​ពី​ក្រោម ឬ ផាត់ពណ៌​លើ​សេចក្ដី​សន្យា​ដែល​ប្រាប់​ថា​អ្នក​អាន​អាច « យល់​សេចក្ដី​សញ្ញា​ទាំងឡាយ​នៃ​ព្រះអម្ចាស់​ថា គេ​នឹង​មិន​ត្រូវ​បោះបង់​ចោល​រហូត​ឡើយ » ។ សូម​ពន្យល់​ថា កថាខណ្ឌ​នេះ​ប្រាប់​សេចក្ដីពិត​ដែល​ថា កូនចៅ​របស់​ព្រះ​នៅ​ក្នុង​វង្ស​អ៊ីស្រាអែល​ដែល​ខ្ចាត់ខ្ចាយ​នោះ ត្រូវតែ​បាន​ប្រមូល​ឡើង​វិញ ។ សូម​រំឭក​សិស្ស​ថា ព្រះ​បាន​ធ្វើ​សេចក្ដី​សញ្ញា​កាល​ពី​បូរាណ​ជាមួយ​កូនចៅ​ទ្រង់ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះអម្ចាស់​បាន​ធ្វើ​ឲ្យ​សមាជិក​នៅ​ក្នុង​វង្ស​អ៊ីស្រាអែល​ខ្ចាត់ខ្ចាយ​ពាសពេញ​ផ្ទៃ​ផែនដី ដោយសារ​តែ​ភាពទុច្ចរិត និង ការបះបោរ​របស់​ពួកគេ ។

សូម​ចាត់​សិស្ស​ឲ្យ​អាន​វគ្គ​បទគម្ពីរ​មួយ​ចេញ​ពី​វគ្គ​បទគម្ពីរ​ខាង​ក្រោម រួច​ស្វែងរក​របៀប​ដែល​កូនចៅ​របស់​ព្រះ​ត្រូវបាន​ប្រមូល​ឡើង​វិញ ៖ នីហ្វៃទី១ ១០:១៤, នីហ្វៃទី៣ ១៦:៤–៥នីហ្វៃទី៣ ២០:១៣ ។ បន្ទាប់​មក សូម​សួរ​សំណួរ​ដូច​ខាង​ក្រោម ដើម្បី​ជួយ​ពួកគេ​ស្វែងរក​គោលការណ៍​ដែល​មាន​បង្រៀន​នៅ​ក្នុង​វគ្គ​បទគម្ពីរ​ទាំងនេះ ៖

  • ស្របតាម​វគ្គ​បទគម្ពីរ​ទាំងនេះ តើ​អ្វី​ដែល​ត្រូវតែ​កើតឡើង​ចំពោះ​បុគ្គល​ទាំងឡាយ ដើម្បី​ត្រូវបាន​ប្រមូល​ឡើង​វិញ​ជា​សមាជិក​ក្នុង​វង្ស​អ៊ីស្រាអែល ? ( ពួកគេ​ត្រូវតែ​ប្រែចិត្ត​ដើម្បី​នាំ​ឲ្យ​បាន​ស្គាល់​ព្រះយេស៊ូវគ្រីស្ទ ) ។

  • តើ​នៅ​ក្នុង​ដំណើរការ​នេះ តួនាទី​របស់​ព្រះគម្ពីរ​មរមន​គឺ​ជា​អ្វី ? ( ទោះ​ជា​សិស្ស​អាច​នឹង​ផ្ដល់​ចម្លើយ​ផ្សេង​គ្នា ពួកគេ​គួរតែ​បង្ហាញ​សេចក្ដីពិត​ខាងក្រោម​នេះ ៖ ព្រះគម្ពីរ​មរមន​មាន​តួនាទី​ជា​ឧបករណ៍​មួយ ដើម្បី​ជួយ​ប្រមូល​កូនចៅ​អ៊ីស្រាអែល ដោយ​ជួយ​ពួកគេ​ឲ្យ​មក​ស្គាល់​ព្រះយេស៊ូវគ្រីស្ទ ) ។

សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម ដែល​អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ( ១៩១៥–១៩៨៥ ) ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​មាន​ប្រសាសន៍​អំពី​តួនាទី​នៃ​ព្រះគម្ពីរ​មរមន​នៅ​ក្នុង​ការប្រមូល​រាស្ត្រ​អ៊ីស្រាអែល ។

រូបភាព
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី

« ដរាប​ណា​ការប្រមូល​រាស្ត្រ​អ៊ីស្រាអែល​មាន​ដំណើរការ ព្រះគម្ពីរ​មរមន​គឺ​ជា​ព្រះគម្ពីរ​សំខាន់​ជាង​គេ​បំផុត ដែល​ធ្លាប់​មាន ឬ ដែល​នឹង​មាន ។ ​ព្រះគម្ពីរ​នេះ​ហើយ ដែល​ប្រមូល​រាស្ត្រ​អ៊ីស្រាអែល និង ដែល​បើកសម្ដែង​គោលលទ្ធិ​នៃ​ការប្រមូលនៅ​ក្នុង​ភាពច្បាស់លាស់ និង ភាពពេញលេញ​របស់​វា ។ … វា​គឺ​ជា​ព្រះគម្ពីរ​មរមន​ដែល​ធ្វើ​ឲ្យ​មនុស្ស​ជឿ​លើ​ដំណឹងល្អ ហើយ​ចូល​សាសនាចក្រ ហើយ​ដោយសារ​យើង​បាន​ឃើញ​វា​ពីមុន​មក នោះ​វា​គឺ​ជា​អំណាច​ដែល​នាំ​ឲ្យ​មាន​ការប្រមូល​វង្ស​អ៊ីស្រាអែល » ( A New Witness for the Articles of Faith [ ឆ្នាំ ១៩៨៥ ] ទំព័រ ៥៥៤ ) ។

បន្ទាប់​មក សូម​សួរ​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • តើ​អ្នក​ផ្សព្វផ្សាយ​សាសនា​រួម​ចំណែក ក្នុង​ការប្រមូល​វង្ស​អ៊ីស្រាអែល​យ៉ាង​ដូចម្ដេច ? ( ដោយ​ការជួយ​មនុស្ស​ទូទៅ​សិក្សា ហើយ​យល់​ព្រះគម្ពីរ​មរមន ដើម្បី​ឲ្យ​ពួកគេ​អាច​មក​រក​ព្រះគ្រីស្ទ​តាមរយៈ​សេចក្ដី​ជំនឿ ការប្រែចិត្ត ពិធីបុណជ្រមុជទឹក ពិធីបញ្ជាក់ និង ការកាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត ) ។

  • ហេតុអ្វី​បាន​ជា​សំខាន់​ដែល​អ្នក​ផ្សព្វផ្សាយ​សាសនា ត្រូវ​ប្រើប្រាស់​ព្រះគម្ពីរ​មរមន​នៅ​ពេល​ពួកគេ​ជួយ​មនុស្ស​ទូទៅ​ឲ្យ​មក​រក​ព្រះគ្រីស្ទ ?

ការទទួលបាន​ទីបន្ទាល់​មួយ​អំពី​ព្រះគម្ពីរ​មរមន គឺ​ជា​កត្តា​មួយ​ដ៏​សំខាន់​ក្នុង​ការប្រែចិត្ត

សូម​ឲ្យ​សិស្ស​អាន​ឮៗ​ចេញ​ពី​ដំណើរ​រឿង​មួយ​នៅ​ក្នុង​ជីវប្រវត្តិ​របស់​សាវក ប៉ាលី ភី ប្រាត្ត ( ឆ្នាំ ១៨០៧–១៨៥៧ ) ដែល​លោក​បាន​ពិពណ៌នា​អំពី​បទពិសោធន៍​របស់​លោក​នៅ​ពេល​អាន​ព្រះគម្ពីរ​មរមន​ជា​លើក​ទី​មួយ ៖

រូបភាព
អែលឌើរ ប៉ាលី ភី ប្រាត្ត

« ខ្ញុំ​បាន​បើក​មើល​វា​ដោយ​មាន​ចិត្ត​ចង់​ដឹង​ជា​ខ្លាំង ហើយ​បាន​អាន​ទំព័រ​ចំណងជើង​នៃ​សៀវភៅ​នេះ ។ ក្រោយ​មក ខ្ញុំ​បាន​អាន​ទីបន្ទាល់​របស់​សាក្សី​មួយ​ចំនួន​ដែល​ទាក់ទង​ទៅ​នឹង​របៀប​ដែល​វា​ត្រូវបាន​ចងក្រង​ឡើង និង បកប្រែ ។ បន្ទាប់មក ខ្ញុំ​បាន​ចាប់ផ្ដើម​អាន​មាតិកា​មួយ​វគ្គ​ម្ដងៗ ។ ខ្ញុំ​បាន​អាន​ពេញ​មួយ​ថ្ងៃ ដោយ​មិន​ខ្វាយ​ខ្វល់​ពី​ការ​ទទួលទាន​អាហារទៀត​ឡើយ ខ្ញុំ​ពុំ​ចង់​បរិភោគ​អាហារ​ទេ កាល​រាត្រី​ចូល​មក​ដល់ ការសម្រាន្ត​ពុំ​សូវ​សំខាន់​ដែរ ដ្បិត​ខ្ញុំ​ចង់​អាន​ជាង​ការ​សម្រាន្ត​ទៅ​ទៀត ។

« នៅ​ពេល​ខ្ញុំ​អាន ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​បាន​គង់​សណ្ឋិត​នៅ​លើ​ខ្ញុំ ហើយ​ខ្ញុំ​ដឹង ហើយ​បាន​យល់​ថា ព្រះគម្ពីរ​នេះ​គឺ​ជា​ការពិត ដែល​ច្បាស់ ហើយ​ជាក់ស្ដែង ដូចជា​មនុស្ស​ម្នាក់​ដែល​យល់ ហើយ​ដឹង​ថា គាត់​ពិត​ជា​មាន​ជីវិត​ដូច្នោះ​ដែរ » ( Autobiography of Parley P. Pratt បាន​បោះពុម្ព​ដោយ ប៉ាលី ភី ប្រាត្ត ជុញ្ញ័រ [ ១៨៧៤ ] ទំព័រ ៣៨ ) ។

  • តើ​ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់ បាន​មាន​អានុភាព​យ៉ាង​ដូចម្ដេច​ទៅ​លើ ប៉ាលី ភី ប្រាត្ត នៅ​ពេល​លោក​អាន​ព្រះគម្ពីរ​មរមន ?

  • តើ​អ្នក​អាច​ចែកចាយ​អំពី​គ្រា​មួយ ដែល​ព្រះវិញ្ញាណ​បាន​ធ្វើ​ឲ្យ​អ្នក​រំជួលចិត្ត​នៅ​ពេល​អ្នក​អាន​បទគម្ពីរ ឬ វគ្គ​បទគម្ពីរ​ពិសេស​ណា​មួយ​នៅ​ក្នុង​ព្រះគម្ពីរ​មរមន​ដែរ​ឬ​ទេ ?

សូម​ឲ្យ​សិស្ស​គូស​បន្ទាត់​ពី​ក្រោម ឬ ផាត់​ពណ៌​លើ​ប្រយោគ​ដូច​ខាង​ក្រោម​នៅ​ក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង ទំព័រ ១០៦ ៖ ព្រះគម្ពីរ​មរមន​ត្រូវបាន​ប្រមូល​ផ្ដុំ​ជាមួយ​នឹង​ព្រះវិញ្ញាណ គឺ​ជា​ប្រភព​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​អ្នក​នៅ​ក្នុង​ការផ្លាស់​សាសនា » ។ ដើម្បី​ជួយ​សិស្ស​យល់​អំពី​សេចក្ដីពិត​នេះ សូម​ឲ្យ​ពួកគេ​អាន​ចំណុច « ព្រះគម្ពីរ​មរមន​នាំ​មនុស្ស​ឲ្យ​ខិត​កាន់តែ​មក​ជិត​ព្រះ » នៅ​ទំព័រ ១១០ នៅ​ក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង ។ បន្ទាប់មក សូម​សួរ ៖

  • ស្របតាម​ចំណុច​នេះ​នៅ​ក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង តើ​ការណ៍​ជាក់លាក់​មួយ​ចំនួន​ណា​ខ្លះ ដែល​អាច​កើតឡើង​នៅ​ពេល​បុគ្គល​ម្នាក់​ចាប់ផ្ដើម​សិក្សា​ព្រះគម្ពីរ​មរមន ?

  • ហេតុអ្វី​បាន​ជា​ការជួយ​ឲ្យ​សាសនាគន់ការី​សិក្សា ហើយ​បង្កើន​ទីបន្ទាល់​អំពី​ព្រះគម្ពីរ​មរមន គឺ​ជា​គោលបំណង​មួយ​ដ៏​សំខាន់​បំផុត​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា ?

សូម​ពន្យល់​សិស្ស​ក្នុង​ថ្នាក់​ថា ពួកគេ​អាច​ជួយ​សាសនាគន់ការី​ឲ្យ​ទទួល​អារម្មណ៍​ពី​អំណាច​នៃ​ការប្រែចិត្តជឿ​លើ​ព្រះគម្ពីរ​មរមន ដោយ​ជួយ​សាសនាគន់ការី​ស្វែងរក​ចម្លើយ​ដែល​ឆ្លើយ​នឹង​សំណួរ​ចាំបាច់ៗ​បំផុត​នៃ​ជីវិត នៅ​ក្នុង​ទំព័រ​ទាំងឡាយ​នៃ​ព្រះគម្ពីរ ។ សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ដាក់​វេន​អាន​ឮៗ​នៅ​ក្នុង​កថាខណ្ឌ និង សំណួរ​នានា​ដែល​មាន​នៅ​លើ ទំព័រ ១០៩ នៅ​ក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្វែងរក​អត្ថន័យ​នៃ​ឃ្លា​ថា « សំណួរ​ខាង​ព្រលឹង » ។ បន្ទាប់​មក សូម​ពិភាក្សា​សំណួរ​ខាង​ក្រោម​នេះ ៖

  • តើ​ឃ្លា « សំណួរ​ខាង​ព្រលឹង » មាន​អត្ថន័យ​យ៉ាង​ណា​ចំពោះ​អ្នក ?

សូម​សរសេរ​សេចក្ដីពិត​ដូច​ខាង​ក្រោម​នេះ ដាក់​នៅ​លើ​ក្ដារខៀន ៖

ការបង្រៀន​នៅ​ក្នុង​ព្រះគម្ពីរ​មរមន ឆ្លើយ​នឹង​សំណួរ​ខាង​ព្រលឹង ?

សូម​ពិភាក្សា​អំពី​សំណួរ​ដូច​ខាង​ក្រោម​ជាមួយ​នឹង​សិស្ស ៖

  • តើ​អ្នក​នឹង​ប្រើប្រាស់​ព្រះគម្ពីរ​មរមន ដើម្បី​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​ខាង​ព្រលឹង​យ៉ាង​ដូចម្ដេច ?

  • តើ​សំណួរ​ខាង​ព្រលឹង​ណា​ខ្លះ ដែល​អ្នក​បាន​រក​ឃើញ​ចម្លើយ​នៅ​ក្នុង​ព្រះគម្ពីរ​មរមន ?

សូម​គិត​អំពី​ការផ្ដល់​ការបង្ហាញ​ខ្លី​មួយ​ដល់​សិស្ស​ក្នុង​ថ្នាក់ អំពី​របៀប​ប្រើប្រាស់​ព្រះគម្ពីរ​មរមន​ដើម្បី​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​ខាង​ព្រលឹង ? សូម​ជ្រើសរើស​សំណួរ​មួយ​នៅ​ក្នុង​បញ្ជី​នៅ​លើ ទំព័រ ១០៩ នៅ​ក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង ។ ការប្រើប្រាស់​វគ្គ​បទគម្ពីរ​ក្នុង​ព្រះគម្ពីរ​មរមន​ដែល​ភ្ជាប់​មក​​ជាមួយ​នឹង​សំណួរ បង្ហាញ​អំពី​របៀប​ដែល​ព្រះគម្ពីរ​មរមន​ឆ្លើយ​តប​នឹង​សំណួរ​ដែល​អ្នក​បាន​ជ្រើសរើស ។ សូម​គិត​ផងដែរ​អំពី​ការបង្ហាញ​អំពី​របៀប​ដែល​ការប្រើប្រាស់ Topical Guide, Bible Dictionaryសេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ដើម្បី​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​ទាំងឡាយ ។ សូម​ចែកចាយ​អារម្មណ៍​របស់​អ្នក​ជាមួយ​សិស្ស អំពី​របៀប​ដែល​ការប្រើប្រាស់​ព្រះគម្ពីរ​មរមន​ក៏​អាច​ជួយ​ពួកគេ និង សាសនាគន់ការី​របស់​ពួកគេ​ឲ្យ​រកឃើញ​ចម្លើយ​ចំពោះ​សំណួរ​របស់​ពួកគេ​ដែរ ។

បន្ទាប់​ពី​បាន​បង្ហាញ​ឧទាហរណ៍​នេះ​ដល់​សិស្ស​ហើយ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ធ្វើតាម​ដំណើរការ​ដូចគ្នា​នេះ​ដែរ ។ សូម​ឲ្យ​ពួកគេ​ជ្រើសរើស​សំណួរ​មួយ​ចេញ​ពី​បញ្ជី រួច​រំឭក​វគ្គ​បទគម្ពីរ​ដែល​មាន​មក​ជាមួយ​នៅ​ក្នុង​ព្រះគម្ពីរ​មរមន ដើម្បី​ស្វែងរក​គោលលទ្ធិ ឬ គោលការណ៍​ដែល​ឆ្លើយ​​សំណួរ​នោះ ។ បន្ទាប់​ពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ​នោះ សូម​ឲ្យ​សិស្ស​ចែកចាយ​ដោយ​សង្ខេប​អំពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ​ជាមួយ​នឹង​សិស្ស​ម្នាក់​ទៀត ។ នៅ​ពេល​ពួកគេ​បាន​បញ្ចប់​កិច្ចការ​នេះ​ហើយ សូម​ពិភាក្សា​សំណួរ​ដូច​ខាង​ក្រោម ៖

  • តើ​អ្នក​ផ្សព្វផ្សាយ​សាសនា​អាច​ប្រើប្រាស់​ព្រះគម្ពីរ​មរមន ដើម្បី​ជួយ​សាសនាគន់ការី​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​ខាង​ព្រលឹង​យ៉ាង​ដូចម្ដេច ?

ដើម្បី​បង្ហាញ​បន្ថែម​អំពី​របៀប​ដែល​ព្រះគម្ពីរ​មរមន​ឆ្លើយ​សំណួរ​ខាង​ព្រលឹង សូម​បង្ហាញ​វីដេអូ « A Book of Mormon Story » ។ សូម​ឲ្យ​សិស្ស​ទស្សនា​ស្វែងរក​របៀប​ដែល​ព្រះគម្ពីរ​មរមន បាន​ឆ្លើយ​សំណួរ​មួយ​ចំនួន​របស់​បងប្រុស ឃុក ពីមុន​គាត់​បាន​ចូល​សាសនាចក្រ ។

បន្ទាប់​ពី​មើល​វីដេអូ​ហើយ អ្នក​អាច​សួរ ៖

  • តើ​មាន​សំណួរ​សំខាន់ៗ​ណា​ខ្លះ ដែល​ត្រូវបាន​ឆ្លើយ​ចំពោះ​បងប្រុស ឃុក នៅ​ពេល​គាត់​បាន​អាន​ព្រះគម្ពីរ​មរមន ?

  • តើ​ការស្វែងរក​ចម្លើយ​ទាំងនេះ បាន​មាន​អានុភាព​លើ​គាត់​យ៉ាង​ដូចម្ដេច ?

សូម​ឲ្យ​សិស្ស​ពិចារណា​អំពី​សំណួរ​ដ៏​សំខាន់​មួយ​ដែល​ទាក់ទង​នឹង​ដំណឹងល្អ ដែល​ពួកគេ ឬ មិត្ត​ភក្ដិ​ម្នាក់​អាច​ឆ្លើយ​បាន ។ សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះអម្ចាស់​នឹង​ឆ្លើយ​សំណួរ​ពួកគេ​តាមរយៈ​ការសិក្សា​ព្រះគម្ពីរ​មរមន ។

ព្រះគម្ពីរ​មរមន​បញ្ជាក់​អំពី​សេចក្ដីពិត​នៃ​ការស្ដារឡើងវិញ ។

សូម​ឲ្យ​សិស្ស​ប្តូរវេន​គ្នា​អាន​ឮៗ ក្នុង​ចំណុច​មួយ​នៅ​ក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង ក្រោម​ចំណងជើង « ព្រះគម្ពីរ​មរមន​គឺ​ជា​មូលដ្ឋាន​នៃ​សាសនា​របស់​យើង » ដែល​ចាប់ផ្ដើម​នៅ​ទំព័រ ១០៥ ហើយ​បន្ត​រហូត​ដល់​តារាង​នៅ​លើ​ទំព័រ ១០៦ ។ នៅ​ពេល​ពួកគេ​អាន សូម​ឲ្យ​ពួកគេ​ត្រិះរិះ​លើ​សេចក្ដី​ថ្លែងការណ៍​របស់ យ៉ូសែប ស៊្មីធ អំពី​សារៈសំខាន់​នៃ​ព្រះគម្ពីរ​មរមន ។ បន្ទាប់មក សូម​សួរ ៖

  • តើ​ព្រះគម្ពីរ​មរមន​ធ្វើ​ជា « មូលដ្ឋានគ្រឹះ​នៃ​ទីបន្ទាល់ » តាម​របៀប​ណា ?

  • តើ​អ្នក​គិត​ថា​ហេតុអ្វី​បាន​ជា​បច្ចាមិត្ត ប្រឆាំង​នឹង​ព្រះគម្ពីរ​មរមន ថែមទាំង​ព្យាយាម​រារាំង​មនុស្ស​មិន​ឲ្យ​អាន​វា​ទៀត​ផង ? ( ព្រោះ​វា​គឺ​ជា​សិលាគ្រឹះ​នៃ​សាសនា​របស់​យើង ) ។

សូម​ពន្យល់​ថា មាន​មនុស្ស​ជា​ច្រើន​នៅ​លើ​ពិភពលោក​នេះ ដែល​ពិបាក​នឹង​ជឿ​លើ​ដំណើរ​រឿង​របស់ យ៉ូសែប ស៊្មីធ និង ប្រភព​ដើម​នៃ​ព្រះគម្ពីរ​មរមន ។ អ្នក​ផ្សព្វផ្សាយ​សាសនា​គួរតែ​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​ដោះស្រាយ​មន្ទិល​សង្ស័យ​របស់​សាសនាគន់ការី​ទៅ​លើ​ប្រភព​ដើម​ដ៏​ទេវភាព​នៃ​ព្រះគម្ពីរ​មរមន ។

សូម​អាន​រួម​គ្នា​ជាមួយ​សិស្ស​ក្នុង​ថ្នាក់ ត្រង់​ចំណុច​ក្រោម​ចំណងជើង « ការប្រើប្រាស់​ព្រះគម្ពីរ​មរមន ដើម្បី​ឆ្លើយ​តប​ចំពោះ​ការជំទាស់​ទាំងឡាយ » ដែល​មាន​នៅ​ក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង ទំព័រ ១១០–១១ ។ សូម​ឲ្យ​សិស្ស​ស្វែងរក​ដំបូន្មាន​ដែល​នឹង​ជួយ​ពួកគេ​ពង្រឹង​សេចក្ដីជំនឿ​សាសនាគន់ការី ដែល​មាន​កង្វល់ ឬ មន្ទិល​សង្ស័យ ។ សូម​សួរ​សំណួរ​ដូច​ខាង​ក្រោម ដើម្បី​ជួយ​សិស្ស​ស្វែងរក​គោលការណ៍​មួយ​នៅ​ក្នុង​អំណាន​របស់​ពួកគេ ៖

  • យោង​តាម​ប្រធាន ប៊ែនសឹន ហេតុអ្វី​បាន​ជា​សំខាន់​ចំពោះ​បុគ្គល​ម្នាក់​ដែល​មាន​កង្វល់​អំពី​ជំនឿ​របស់​ពួក​យើង ត្រូវ​ដឹង​ថា​តើ​ព្រះគម្ពីរ​មរមន​ជា​ព្រះគម្ពីរ​ពិត​ឬ​អត់​នោះ ?

  • តើ​ព្រះគម្ពីរ​មរមន​អាច​ជួយ​បុគ្គល​ម្នាក់​ដោះស្រាយ​កង្វល់ និង មន្ទិល​សង្ស័យ​ខាង​វិញ្ញាណ​បាន​តាម​របៀប​ណា​ខ្លះ ?

ដើម្បី​សង្ខេប​គោលការណ៍​ដែល​សិស្ស​រកឃើញ អ្នក​អាច​សរសេរ​គោលការណ៍​នេះ​នៅ​លើ​ក្ដារខៀន ៖ ការទទួលបាន​ទីបន្ទាល់​ដែល​ថា ព្រះគម្ពីរ​មរមន​គឺ​ជា​ព្រះគម្ពីរ​ពិត អាច​ជួយ​សាសនាគន់ការី​យក​ឈ្នះ​លើ​កង្វល់ និង មន្ទិល​សង្ស័យ​ខាង​វិញ្ញាណ​បាន ។

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​នេះ​ពី​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ឆ្នាំ ១៩១០–២០០៨ ) ហើយ​ឲ្យ​សិស្ស​បីបួន​នាក់​អាន​មួយ ឬ ពីរ​កថាខណ្ឌ​ឮៗ ៖

រូបភាព
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី

« រាល់​ពេល​ដែល​យើង​លើក​ទឹកចិត្ត​មនុស្ស​ទូទៅ​ឲ្យ​អាន​ព្រះគម្ពីរ​មរមន យើង​ធ្វើ​ឲ្យ​ពួកគេ​សប្បាយ​ចិត្ត ។ ប្រសិនបើ​ពួកគេ​អាន​វា​ដោយ​យក​ចិត្ត​ទុកដាក់ និង ដោយ​មាន​បំណងប្រថា្ន​ដ៏​ស្មោះ​ចង់​ដឹង​សេចក្ដីពិត​នោះ ពួកគេ​នឹង​ដឹង​តាមរយៈ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ថា​ព្រះគម្ពីរ​នេះ​គឺ​ជា​ព្រះគម្ពីរ​ពិត ។

« ជំនឿស៊ប់​មួយ​នឹង​កើត​ចេញ​មក​ពី​ចំណេះដឹង​នោះ អំពី​សេចក្ដីពិត​នៃ​ការណ៍​ដទៃ​ជា​ច្រើន ។ ដ្បិត​ប្រសិនបើ​ព្រះគម្ពីរ​មរមន​គឺ​ជា​ព្រះគម្ពីរ​ពិត នោះ​ព្រះ​មាន​ព្រះជន្ម​រស់​នៅ ។ …

« ប្រសិនបើ​ព្រះគម្ពីរ​មរមន​គឺ​ជា​ព្រះគម្ពីរ​ពិត នោះ​ព្រះយេស៊ូវ​គឺ​ពិត​ជា​ព្រះអង្គ​ប្រោសលោះ​របស់​យើង ជា​ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពលោក ។ គោលបំណង​ដ៏​ចម្បង​នៃ​ការរក្សាទុក និង ការលេច​ចេញ​មក​របស់​ព្រះគម្ពីរ​នេះ ដោយ​យោង​តាម​សេចក្ដី​ថ្លែងការណ៍​របស់​វា​គឺ ‹ ដើម្បី​បញ្ចុះបញ្ចូល​សាសន៍​យូដា និង សាសន៍​ដទៃ​ថា ព្រះយេស៊ូវ​គឺ​ជា​ព្រះ​គ្រីស្ទ ជា​ព្រះ​ដ៏​នៅ​អស់កល្ប​ជានិច្ច ដែល​បាន​បង្ហាញ​រូប​អង្គ​ទ្រង់​ដល់​គ្រប់​ទាំង​សាសន៍ › ។ ( ទំព័រ​ចំណងជើង​ព្រះគម្ពីរ​មរមន ) ។ …

« ប្រសិនបើ​ព្រះគម្ពីរ​មរមន​គឺ​ជា​ព្រះគម្ពីរ​ពិត យ៉ូសែប ស៊្មីធ គឺ​ជា​ព្យាការី​របស់​ព្រះ ដ្បិត​លោក​គឺ​ជា​ឧបករណ៍​នៅ​ក្នុង​ព្រះហស្ត​របស់​ព្រះ ក្នុង​ការនាំ​យក​ទីបន្ទាល់​អំពី​ទេវភាព​នៃ​ព្រះអម្ចាស់​របស់​យើង​នេះ​ទៅ​កាន់​ពន្លឺ ។ …

« ប្រសិនបើ​ព្រះគម្ពីរ​មរមន​គឺ​ជា​ព្រះគម្ពីរ​ពិត នោះ​សាសនាចក្រ​គឺ​ជា​សាសនាចក្រ​ពិត ដ្បិត​នៅ​ក្រោម​សិទ្ធិអំណាច​តែ​មួយ​ដែល​បញ្ជី​ដ៏​ពិសិដ្ឋ​នេះ​បាន​ចេញ​ទៅ​កាន់​ពន្លឺ​នោះ មាន​វត្តមាន ហើយ​បង្ហាញ​ខ្លួន​ក្នុង​ចំណោម​ពួកយើង​នា​ពេល​បច្ចុប្បន្ន​នេះ ។ វា​គឺ​ជា​ការស្ដារឡើងវិញ​នៃ​សាសនាចក្រ ដែល​បាន​បង្កើត​ឡើង​ដោយ​ព្រះអង្គ​សង្គ្រោះ​នៅ​ភីលីស្ទីន ។ វា​គឺ​ជា​ការស្ដារឡើងវិញ​នៃ​សាសនាចក្រ ដែល​បាន​បង្កើត​ឡើង​ដោយ​ព្រះអង្គ​សង្គ្រោះ​កាល​ទ្រង់​បាន​យាង​ទៅ​ឯ​ទ្វីប​នោះ​ដូច​បាន​ចែង​នៅ​ក្នុង​បញ្ជី​ដ៏​ពិសិដ្ឋ​នេះ » ( « The Power of the Book of Mormon » Ensign ខែ មិថុនា ឆ្នាំ ១៩៨៨ ទំព័រ ៦ ) ។

សូម​គិត​ពី​ការសួរ​សំណួរ​ខាងក្រោម​នេះ ៖

  • ហេតុអ្វី​មាន​សារៈសំខាន់​ចំពោះ​សាសនាគន់ការី អ្នក​ផ្សព្វផ្សាយ​សាសនា និង សមាជិក ដែល​ត្រូវ​មាន​ទីបន្ទាល់​អំពី​ព្រះគម្ពីរ​មរមន ?

  • តើ​ភាពពេញលេញ​នៃ​សេចក្ដីពិត​នៃ​ព្រះគម្ពីរ​មរមន បញ្ជាក់​ថា យ៉ូសែប ស៊្មីធ គឺ​ជា​ព្យាការី​របស់​ព្រះ​យ៉ាង​ដូចម្ដេច ? ( សូម​មើល ម៉ាថាយ ៧:១៣-១៥ ) ។

  • តើ​ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះគម្ពីរ​មរមន បាន​ជួយ​បញ្ជាក់​ដល់​ដួងចិត្ត​របស់​អ្នក​អំពី​សារៈសំខាន់​ដ៏​នៅ​អស់កល្ប​ជានិច្ច​នៃ​ការស្ដារឡើងវិញ​យ៉ាង​ដូចម្ដេច ?

សូម​គិត​ដល់​ការចែកចាយ​ទីបន្ទាល់​ផ្ទាល់ខ្លួន​របស់​អ្នក​ដែល​ថា ព្រះគម្ពីរ​មរមន​គឺ​ជា​ភស្ដុតាង​ចំពោះ​ភាពពេញលេញ​នៃ​ការស្ដារឡើងវិញ ។ សូម​បញ្ចប់​មេរៀន​របស់​អ្នក​ដោយ​ឲ្យ​សិស្ស​ពីរ​បី​នាក់ ចែកចាយ​ទីបន្ទាល់​របស់​ខ្លួន​អំពី​ព្រះគម្ពីរ​មរមន រួច​ពន្យល់​អំពី​មូលហេតុ​ដែល​ពួកគេ​មាន​ចិត្ត​រំភើប​ក្នុង​ការជួយ​មនុស្ស​ទូទៅ​អាន​ព្រះគម្ពីរ​មរមន ហើយ​អធិស្ឋាន​ទូល​សួរ​អំពី​វា ។

ការអញ្ជើញ​ឲ្យ​អនុវត្ត

សូម​រំឭក​អ្នក​ដែល​ត្រៀម​ធ្វើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ថា មធ្យោបាយ​ដ៏​ប្រពៃ​បំផុត​ក្នុង​ការត្រៀមខ្លួន​ចេញ​បម្រើ​បេសកកម្ម​ពេញ​ម៉ោង គឺ​ត្រូវ​ចាប់ផ្ដើម​ធ្វើ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​ពេល​ឥឡូវ​នេះ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់ ដាក់​គោលដៅ​ផ្ទាល់ខ្លួន​ដើម្បី​ធ្វើ​កិច្ចការ​ដូច​ខាង​ក្រោម ៖

  • អាន​ព្រះគម្ពីរ​មរមន​ឲ្យ​ចប់ ហើយ​អធិស្ឋាន​ដើម្បី​បាន​ដឹង​ភាពពេញលេញ​នៃ​សេចក្ដីពិត​របស់​វា ទោះជា​ពួកគេ​ធ្លាប់​ធ្វើ​ដូចនេះ​កាល​ពី​មុន​ហើយ​ក៏​ដោយ ។

  • បង្កើត​ទម្លាប់​អាន​ព្រះគម្ពីរ​មរមន​ជា​រៀង​រាល់​ថ្ងៃ ។

  • ណែនាំ​មនុស្ស​ម្នាក់​ឲ្យ​ស្គាល់​ព្រះគម្ពីរ​មរមន​នៅ​សប្ដាហ៍​ក្រោយ ( ទោះជា​ជួប​ផ្ទាល់ ឬ តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ក៏​ដោយ ) រួច​អញ្ជើញ​ពួកគេ​ឲ្យ​អាន ហើយ​អធិស្ឋាន​ទូល​សួរ​អំពី​វា ។