ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ៧ ៖ ការបង្រៀន​សារលិខិត​នៃ​ការស្ដារឡើងវិញ ( ភាគ ១ )


ការបង្រៀន​សារលិខិត​នៃ​ការស្ដារឡើងវិញ ( ភាគ ១ )

សេចក្ដីផ្ដើម

ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ត្រូវបាន​បង្រៀន​ដោយ​ពួកព្យាការី​នៅ​គ្រប់​សម័យ​កាន់កាប់​ត្រួតត្រា ដែល​អនុញ្ញាត​ឲ្យ​កូនចៅ​ព្រះ​យល់​អំពី​សេចក្ដីពិត​ដ៏​អស់កល្ប​ជានិច្ច ហើយ​ទទួល​បាន​ជីវិត​ដ៏​អស់កល្ប​ជានិច្ច ។ បន្ទាប់​ពី​ព្រះយេស៊ូវគ្រីស្ទ​បាន​សុគត​ទៅ សេចក្ដីពិត​នៃ​ដំណឹងល្អ ព្រមទាំង​សិទ្ធិអំណាច​បព្វជិតភាព​បាន​បាត់បង់​ពី​ផែនដី ដែល​បណ្ដាល​ឲ្យ​មាន​ការក្បត់សាសនា​ដ៏​ធំ ។ ការស្ដារឡើងវិញ​នៅ​ថ្ងៃ​ចុងក្រោយ បាន​យក​ឈ្នះ​លើ​ឥទ្ធិពល​នៃ​ការក្បត់សាសនា ហើយ​បាន​ស្ថាបនា​សាសនាចក្រ​របស់​ព្រះគ្រីស្ទ​នៅ​លើ​ផែនដី​ម្ដង​ទៀត ។ អ្នក​ដែល​ត្រៀមខ្លួន​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា គួរតែ​យល់​ឲ្យ​បាន​ច្បាស់​អំពី​បរិបទ​នៃ​ការក្បត់សាសនា និង ការស្ដារឡើងវិញ និង​ត្រៀមខ្លួន​ពន្យល់​ដោយ​សាមញ្ញ ហើយ​ថ្លែង​ទីបន្ទាល់​អំពី​វា​ដោយ​អំណាច ។

ការរៀបចំ​ទុក​ជា​មុន

យោបល់​សម្រាប់​ការបង្រៀន

ព្រះ​ជា​ព្រះវរបិតា​សួគ៌​ជា​ទី​ស្រឡាញ់​របស់​យើង

សូម​ចាប់ផ្ដើម​ការបង្រៀន​ដោយ​ឲ្យ​សិស្ស ពិចារណា​អំពី​ករណី​សិក្សា​ដូច​ខាង​ក្រោម ៖

យប់​នេះ​ពី​មុន​ចូល​ដំណេក អ្នក​ទទួល​សារ​មក​ពី​មិត្តភក្ដិ​ម្នាក់​ដែល​បាក់​ទឹកចិត្ត ហើយ​ឆ្ងល់​ថាតើ​ព្រះ​ពិត​ជា​មាន​មែន​ឬ​ទេ ហើយ​ថាតើ​ទ្រង់​មាន​ព្រះទ័យ​ខ្វល់ខ្វាយ​ពី​យើង​ឬ​ទេ ។ មិត្ត​ភក្ដិ​របស់​អ្នក​សួរ​ថា « តើ​ឯង​ជឿ​ថា​ព្រះ​មាន​ពិត​មែន​ឬ ? តើ​ឯង​ជឿ​ថា​ព្រះ​ទ្រង់​មាន​រូបរាង​ដូចម្ដេច​ទៅ ? »

សូម​ឲ្យ​សិស្ស​ពីរបី​នាក់ ចែកចាយ​អំពី​របៀប​ដែល​ពួកគេ​អាច​ឆ្លើយ​សំណួរ​មិត្តភក្តិ​របស់​គេ​នោះ ។ បន្ទាប់​មក សូម​ប្រាប់​សិស្ស​របស់​អ្នក​ថា មេរៀន​ថ្ងៃ​នេះ​ផ្តោត​សំខាន់​ទៅ​លើ​គោលលទ្ធិ និង គោលការណ៍​មួយ​ចំនួន​ដែល​មាន​នៅ​ក្នុង​មេរៀន​អ្នក​ផ្សព្វផ្សាយ​សាសនា ដែល​រួមបញ្ចូល​ទាំង​លក្ខណៈ​របស់​ព្រះវរបិតាសួគ៌​របស់​យើង ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ ត្រង់​ចំណុច​ក្រោម​ចំណងជើង « ព្រះ​គឺ​ជា ព្រះវរបិតាសួគ៌​ជា​ទី​ស្រឡាញ់​របស់​យើង » នៅ​ទំព័រ ៣១–៣២ នៅ​ក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង ។ សូម​ឲ្យ​សិស្ស​គូស​បន្ទាត់​ ឬ គូស​ចំណាំ​លើ​ឃ្លា​ទាំងឡាយ ដែល​ពួកគេ​អាច​ប្រើ​ដើម្បី​ជួយ​មនុស្ស​ម្នាក់​យល់​កាន់តែ​ច្បាស់​អំពី​លក្ខណៈ​របស់​ព្រះ ជា​ព្រះវរបិតាសួគ៌​ជា​ទី​ស្រឡាញ់​របស់​យើង ។

សូម​ផ្ដល់​ពេល​វេលា​ពីរបី​នាទី​ឲ្យ​សិស្ស សិក្សា​វគ្គបទគម្ពីរ​ចំនួន​បី ឬ បួន​ដែល​មាន​រាយ​នៅ​ក្នុង​ប្រអប់ ការសិក្សា​ព្រះគម្ពីរ នៅ​ទំព័រ ៣២ នៅ​ក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង ។ សូម​ឲ្យ​ពួកគេ​គិត​ថាតើ​វគ្គបទគម្ពីរ​ទាំងនេះ អាច​ជួយ​ឆ្លើយ​សំណួរ​របស់​មនុស្ស​ម្នាក់​ដែល​មាន​សំណួរ​អំពី​ព្រះ​យ៉ាង​ដូចម្ដេច ដូច​មាន​នៅ​ក្នុង​​ការសិក្សា​លើ​ករណីនៅ​ដើម​មេរៀន​នេះ ។ អ្នក​អាច​លើក​ទឹកចិត្ត​សិស្ស​ឲ្យគូស​ចំណាំ​លើ​វគ្គ​បទគម្ពីរ​ចំនួន​មួយ ឬ ច្រើន​នៅ​ក្នុង​ព្រះគម្ពីរ​របស់​ខ្លួន ឬ សរសេរ​វា​នៅ​លើ​គែម​សៀវភៅ ប្រកាស​ដំណឹងល្អ​របស់​យើង ។ បន្ទាប់មក សូម​សួរ ៖

  • តើ​សេចក្ដី​ថ្លែងការណ៍​សង្ខេប​ខ្លី​អំពី​គោលលទ្ធិ​សំខាន់​បំផុត​ដែល​អ្នក​បាន​អាន​នៅ​ក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង និង នៅ​ក្នុង​វគ្គ​បទគម្ពីរ​ទាំងនេះ គឺ​ជា​អ្វី ? ( ចម្លើយ​អាច​រួម​បញ្ចូល​ទាំង​គោលលទ្ធិ​ដែល ព្រះ​គឺ​ជា​ព្រះវរបិតាសួគ៌​ជា​ទី​ស្រឡាញ់​របស់​យើង ហើយ​ទ្រង់​មាន​ព្រះរាជ​បំណង​ឲ្យ​យើង​ត្រឡប់​ទៅ​រស់នៅ​នឹង​ទ្រង់​វិញ ) ។

  • ហេតុអ្វី​បាន​ជា​វា​មាន​សារៈសំខាន់​ចំពោះ​បុគ្គល​ទាំងឡាយ ដែល​ត្រូវ​យល់​អំពី​គោលការណ៍​នេះ​ពី​មុន​រៀន​អំពី​គោលលទ្ធិ​ដទៃ​ទៀត ?

ដំណឹងល្អ​ប្រសិទ្ធពរ​ដល់​ក្រុមគ្រួសារ

សូម​ឲ្យ​សិស្ស​អាន​ដោយ​ស្ងៀម​ស្ងាត់​នូវ​ចំណុច​ក្រោម​ចំណងជើង​ថា « ដំណឹងល្អ​ប្រសិទ្ធពរ​ដល់​ក្រុមគ្រួសារ » នៅ​ទំព័រ ៣២ នៅ​ក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង ហើយ​រៀបចំ​សេចក្ដី​ថ្លែងការណ៍​សង្ខេប​មួយ​អំពី​តួនាទី​គេហដ្ឋាន និង ក្រុមគ្រួសារ​នៅ​ក្នុង​ផែនការ​សុភមង្គល​របស់​ព្រះ ។ ក្រោយពី​ពួកគេ​មាន​ពេល​អាន​គ្រប់គ្រាន់​ហើយ សូម​ឲ្យ​សិស្ស​ចែកចាយ​សេចក្ដី​ថ្លែងការណ៍​សង្ខេប​របស់​ខ្លួន ។ ( សេចក្ដី​ថ្លែងការណ៍​អាច​រួម​បញ្ចូល​ទាំង​គោលលទ្ធិ​ដែល ក្រុម​គ្រួសារ​ត្រូវបាន​តែងតាំង​ឡើង​ដោយ​ព្រះ និង ជា​ផ្នែក​នៃ​ផែនការ​របស់​ព្រះ​ដើម្បី​នាំ​ឲ្យ​មាន​សុភមង្គល​ដល់​កូនចៅ​ទ្រង់ ។ សូម​សរសេរ​គោលការណ៍​ដ៏​មោះមុត​នេះ​នៅលើ​ក្ដារខៀន ) ។

នៅ​ពេល​អ្នក​ប៉ាន់ស្មាន​សេចក្ដី​ត្រូវការ​សិស្ស​របស់​អ្នក ហើយ​ប្រសិនបើ​មាន​ពេល សូម​គិត​ដល់​ការបង្ហាញ​សកម្មភាព​ខាង​ក្រោម​នេះ ៖ សូម​ផ្តោត​អារម្មណ៍​របស់​សិស្ស ទៅ​លើ​បន្ទាត់​ចុងក្រោយ​ដែល​ពួកគេ​បាន​អាន​នៅ​ក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង ៖ « តាមរយៈ​ព្យាការី​នៅ​គ្រប់​ជំនាន់ រួម​បញ្ចូល​ទាំង​នៅ​ក្នុង​ជំនាន់​របស់​យើង ព្រះ​បាន​បើកសម្ដែង​ផែនការ​នៃ​សុភមង្គល​របស់​ទ្រង់​សម្រាប់​បុគ្គល​ម្នាក់ៗ និង ជា​ក្រុមគ្រួសារ ។

ដើម្បី​ជួយ​សិស្ស​យល់​កាន់តែ​ច្បាស់​អំពី​មូលហេតុ ដែល​សេចក្ដីពិត​នេះ​មាន​សារៈសំខាន់​ដល់​ម្ល៉េះ​នៅ​ក្នុង​ពិភពលោក​សព្វថ្ងៃ​នេះ សូម​បង្ហាញ​ក្រដាស « ក្រុម​គ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » ឬ ចែក​ក្រដាស​នោះ​ឲ្យ​ដល់​ពួកគេ ។ បន្ទាប់​មក សូម​ឲ្យ​សិស្ស​ចំណាយ​ពេល​ពីរបី​នាទី អាន​ការប្រកាស​នោះ រួច​ប្រាប់​អំពី​ឃ្លា ឬ គោលការណ៍​នានា​ដែល​ជួយ​យើង​យល់​កាន់តែ​ច្បាស់​អំពី​តួនាទី​នៃ​អាពាហ៍ពិពាហ៍ និង ក្រុមគ្រួសារ​នៅ​ក្នុង​ផែនការ​របស់​ព្រះវរបិតាសួគ៌ ។ សូម​ឲ្យ​សិស្ស​ម្នាក់ កត់ត្រា​ចំណុច​ទាំងនេះ​នៅ​លើ​ក្ដារខៀន ។

រូបភាព
ក្រុមគ្រួសារ

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ប៊យដ៍ ឃេ ផាកកឺ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់ ៖

រូបភាព
ប្រធាន ប៊យដ៍ ឃេ ផាកកឺ

« គោលបំណង​ចម្បង​របស់​បច្ចាមិត្ត ជា​អ្នក​ដែល​មាន ‹ សេចក្តី​ឃោរឃៅ​ជា​ខ្លាំង ដោយ​វា​ដឹង​ថា ពេល​វេលា​វា​ខ្លី​ណាស់​ហើយ › ( វិវរណៈ ១២:១២ ) គឺ​ដើម្បី ឆាឆៅ រំខាន ហើយ​បំផ្លាញ​គេហដ្ឋាន និង ក្រុម​គ្រួសារ » ( « The Father and the Family » Ensign ខែ ឧសភា ឆ្នាំ ១៩៩៤ ទំព័រ ១៩ ) ។

សូម​សួរ​សិស្ស ៖

  • ហេតុអ្វី​បាន​ជា « គោលបំណង​ចម្បង » របស់​បច្ចាមិត្ត គឺ​ដើម្បី​បំផ្លាញ​គេហដ្ឋាន និង ក្រុមគ្រួសារ ? ( វា​គឺ​ជា « ទីកន្លែង​ដ៏​ប្រសើរ​បំផុត​ដើម្បី​បង្រៀន រៀន ហើយ​អនុវត្ត​តាម​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ » ) ។

  • តើ​និន្នាការ​ខាង​លោកិយ​មួយ​ចំនួន​ណា​ខ្លះ ដែល​ផ្ទុយ​ទៅ​នឹង​ផែនការ​របស់​ព្រះវរបិតាសួគ៌​អំពី​អាពាហ៍ពិពាហ៍ គេហដ្ឋាន និង ក្រុមគ្រួសារ ? ( កំណត់​ចំណាំ ៖ សូម​កុំ​ចំណាយ​ពេល​ច្រើន​ពេក ដើម្បី​ពិភាក្សា​អំពី​និន្នាការ​ទាំងនេះ​ឡើយ ។ វា​គ្រប់គ្រាន់​ហើយ​ប្រសិនបើ​គ្រាន់តែ​បង្ហាញ​វា​ឡើង ហើយ​បន្ទាប់​មក ប្រើប្រាស់​សេចក្ដី​ណែនាំ​ដែល​បន្ត​រក្សា​ការផ្ដោត​អារម្មណ៍​ទៅ​លើ​ផែនការ​របស់​ព្រះវរបិតាសួគ៌​អំពី​ក្រុមគ្រួសារ ) ។

សូម​ឲ្យ​សិស្ស​ចែកចាយ​អំពី​របៀប​ដែល​ពួកគេ​អាច​ប្រើប្រាស់ « ក្រុម​គ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក នៅ​ក្នុង​ស្ថានភាព​បង្រៀន​នានា ដើម្បី​បែងចែក​ឲ្យ​ដាច់​រវាង ផែនការ​របស់​ព្រះវរបិតាសួគ៌ និង និន្នាការ​ខាង​លោកិយ ដែល​ផ្ទុយ​ទៅ​នឹង​ផែនការ​របស់​ទ្រង់​អំពី​អាពាហ៍ពិពាហ៍ គេហដ្ឋាន និង ក្រុមគ្រួសារ ។

សូម​ពន្យល់​សិស្ស​ថា មនុស្ស​មួយ​ចំនួន​ដែល​ពួកគេ​នឹង​ជួប មាន​ទស្សន​ផ្សេងៗ​ដែល​ខុស​គ្នា ឬ ផ្ទុយទៅនឹង​ការបង្រៀន​របស់​សាសនាចក្រ​អំពី​អាពាហ៍ពិពាហ៍ គេហដ្ឋាន និង ក្រុមគ្រួសារ ។ សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​ថា នៅ​ពេល​អ្នក​ផ្សព្វផ្សាយ​សាសនា​ប្រើប្រាស់​បទគម្ពីរ និង ប្រសាសន៍​ទាំងឡាយ​របស់​ពួក​ព្យាការី​ដើម្បី​បង្រៀន​នោះ ពួកគេ​នឹង​ត្រូវបាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដើម្បី​ជួយ​មនុស្ស​ដែល​ពួកគេ​បង្រៀន​នោះ ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​តួនាទី​នៃ​អាពាហ៍ពិពាហ៍ គេហដ្ឋាន និង ក្រុមគ្រួសារ នៅ​ក្នុង​ផែនការ​របស់​ព្រះវរបិតាសួគ៌​សម្រាប់​បុត្រា​បុត្រី​ទ្រង់ ។

ព្យាការី និង សម័យ​កាន់កាប់​ត្រួតត្រា

សូម​ពន្យល់​សិស្ស​ថា របៀប​ដ៏​សំខាន់​មួយ​ដែល​ព្រះ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ទ្រង់​ដល់​យើង​នោះ​គឺ តាមរយៈ​ព្យាការី ។ សូម​បង្ហាញ​ប្រសាសន៍​ដកស្រង់​ខាងក្រោម​ដោយ​អែលឌើរ អិម រ័សុល បាឡឺដ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ រួច​ឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ ៖ សូម​ឲ្យ​សិស្ស​ស្វែងរក ថាតើ​ពរជ័យ​អ្វី​ខ្លះ​ដែល​កើត​មាន​ចំពោះ​អ្នក​ដែល​ធ្វើតាម​ព្យាការី ៖

រូបភាព
អែលឌើរ អិម រ័សុល បាឡឺដ

« យើង​អាច​សួរ​សំណួរ​ថា ‹ តើ​មាន​សំឡេង​មួយ ដែល​នឹង​តែងតែ​ផ្ដល់​ដល់​យើង​នូវ​ទិសដៅ​ច្បាស់លាស់ ដើម្បី​ស្វែងរក​ផ្លូវ​របស់​យើង​ក្នុង​ពិភពលោក​ដ៏​ចលាចល​នា​ពេល​បច្ចុប្បន្ន​នេះ​ដែរ​ឬ​ទេ ? › ចម្លើយ​គឺ មាន ។ សំឡេង​នោះ គឺ​ជា​សំឡេង​នៃ​ព្យាការី និង​ពួក​សាវក​ដែល​កំពុង​រស់នៅ ។ …

« បងប្អូនប្រុសស្រី វា​ពុំ​មែន​ជា​រឿង​តូចតាច​ទេ ដែល​ត្រូវ​មាន​ព្យាការី​មួយ​រូប​របស់​ព្រះ ក្នុង​ចំណោម​ពួកយើង​នោះ ។ រឿង​ដ៏​មហិមា និង អស្ចារ្យ​នោះ គឺ​ជា​ពរជ័យ​ដែល​កើត​មាន​ក្នុង​ជីវិត​របស់​យើង ពេល​យើង​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ដែល​បាន​ប្រទាន​ដល់​យើង តាមរយៈ​រូប​លោក ។ … នៅ​ពេល​យើង​ស្ដាប់​តាម​ឱវាទ​របស់​ព្រះអម្ចាស់ ដែល​ស្ដែង​ចេញ​តាមរយៈ​ប្រសាសន៍​របស់​ប្រធាន​នៃ​សាសនាចក្រ នោះ​ការឆ្លើយតប​របស់​យើង​គួរតែ​វិជ្ជមាន និង ធ្វើ​ឲ្យ​បាន​ឆាប់ ។ ប្រវត្តិសាស្ត្រ​បាន​បង្ហាញ​ថា មាន​សុវត្ថិភាព សន្ដិភាព ភាពរុងរឿង និង​សុភមង្គល នៅក្នុង​ការ​ធ្វើតាម​ដំបូន្មាន​របស់​ព្យាការី ដូចជា នីហ្វៃ កាល​ពីបូរាណ​ដែរ ៖ ‹ ខ្ញុំ​នឹង​ទៅ ហើយ​ធ្វើ​នូវ​អ្វីៗ​ដែល​ព្រះអម្ចាស់​ទ្រង់​បាន​បញ្ជា › ( នីហ្វៃទី១ ៣:៧ ) ។ …

« ថ្ងៃ​នេះ ខ្ញុំ​ធ្វើ​ការសន្យា​មួយ​ជាមួយ​អ្នក ។ វា​ជា​ការសន្យា​មួយ​ដ៏​សាមញ្ញ ប៉ុន្តែ​វា​គឺ​ជា​ការពិត ។ ប្រសិនបើ​អ្នក​នឹង​ស្ដាប់​តាម​ព្យាការី និង ពួកសាវក​ដែល​កំពុង​រស់នៅ ព្រមទាំង​យក​ចិត្ត​ទុកដាក់​ស្ដាប់​ដំបូន្មាន​យើង​នោះ អ្នក​នឹង​ពុំ​ដើរ​ខុស​ផ្លូវ​ឡើយ » ( « His Word Ye Shall Receive » Ensign ខែ ឧសភា ឆ្នាំ ២០០១ ទំព័រ ៦៥–៦៦ ) ។

បន្ទាប់​ពី​បាន​អាន​ប្រសាសន៍​ដកស្រង់​នេះ​ហើយ សូម​សួរ ៖

  • តើ​ពរជ័យ​អ្វី​ខ្លះ​កើតឡើង​ចំពោះ​អ្នក ដែល​ធ្វើតាម​ដំបូន្មាន​របស់​ព្យាការី​នៃ​ព្រះអម្ចាស់ ?

សូម​ផ្ដល់​ពេល​វេលា​បន្តិច​ឲ្យ​សិស្ស​អាន​ដោយ​ស្ងៀមស្ងាត់ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១:៣៧-៣៨ ។ បន្ទាប់មក សូម​សួរ ៖

  • តើ​វគ្គបទគម្ពីរ​នេះ​បង្រៀន​យ៉ាង​ដូចម្ដេច អំពី​ពួកព្យាការី និង ដំបូន្មាន​របស់​ពួក​លោក ?

  • តើ​អ្នក​អាច​គិត​អំពី​គ្រា​ដ៏​ជាក់លាក់​ណាមួយ ដែល​នៅ​ពេល​អ្នក​ធ្វើតាម​ដំបូន្មាន​របស់​ព្យាការី​នៃ​ព្រះអម្ចាស់ បាន​ប្រទាពរ​ដល់​ជីវិត​អ្នក ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ នៅ​ក្នុង​កថាខណ្ឌ​ទី​មួយ​នៅ​ក្រោម​ចំណងជើង « ព្រះវរបិតាសួគ៌​បើកសម្ដែង​ដំណឹងល្អ​ទ្រង់ នៅ​គ្រប់​សម័យ​កាន់កាប់​ត្រួតត្រា » នៅ​ទំព័រ ៣២ នៅ​ក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង ។ សូម​ជួយ​សិស្ស​ស្វែងរក​គោលលទ្ធិ​នានា ដែល​មាន​បង្រៀន​នៅ​ក្នុង​កថាខណ្ឌ​នេះ​ដោយ​សួរ ៖

  • តើ​គោលលទ្ធិ​មួយ​ចំនួន​ណា​ខ្លះ ដែល​យើង​អាច​រៀន​អំពី​ពួក​ព្យាការី​នៅ​ក្នុង​កថាខណ្ឌ​នេះ ? ( ទោះជា​មាន​គោលការណ៍​មួយ​ចំនួន ដែល​សិស្ស​អាច​ចែកចាយ​ក៏​ដោយ សូម​ជួយ​សិស្ស​ស្វែងរក​គោលលទ្ធិ​ដែល​ថា ពួក​ព្យាការី​រៀន​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ តាមរយៈ​វិវរណៈ ព្រមទាំង​មាន​ការទទួលខុសត្រូវ​ក្នុង​ការបង្រៀន​មនុស្ស​ទូទៅ ហើយ​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ ) ។

សូម​គិត​ដល់​ការប្រើប្រាស់​គំរូ​នៃ​ការបំពាក់បំប៉ន​នៅ អិម.ធី.ស៊ី នៅ​ពេល​អ្នក​ជួយ​សិស្ស​បង្រៀន​អំពី​សារៈសំខាន់​នៃ​ពួក​ព្យាការី ។ សូម​ពន្យល់​សិស្ស​ថា ពួកគេ​គួរតែ​អាន​និយមន័យ​នៃ​ព្យាការី​ដែល​មាន​នៅ​លើ ទំព័រ ៤៤ នៅ​ក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង ហើយ​បន្ទាប់​មក រៀបចំ​ពួកគេ​ឲ្យ​ដើរតួ​បង្រៀន​សាសនាគន់ការី​អំពី​ពួកព្យាការី ។ ក្រោយ​មក សូម​បង្ហាញ​ការសម្ដែង​ដោយ​បង្រៀន​ដល់​សិស្ស​ម្នាក់​អំពី​ពួក​ព្យាការី ។ បន្ទាប់​ពី​នោះ សូម​ឲ្យ​សិស្ស​ស្វែងរក​ដៃគូ​ម្នាក់ ហើយ​ដើរតួ​សម្ដែង ដោយ​ចាត់ទុក​ថា​សិស្ស​ដែល​ត្រូវ​គេ​បង្រៀន​នោះ​ពុំ​មែន​ជា​សមាជិក ហើយ​ដែល​បាន​ឮ​គេ​និយាយ​ថា​សាសនាចក្រ​នេះ​ត្រូវបាន​ដឹកនាំ​ដោយ​ព្យាការី​មួយ​រូប ។ សិស្ស​ដែល​ដើរតួ​ជា​គ្រូបង្រៀន គួរតែ​ពន្យល់​ដោយ​សង្ខេប​ថាតើ​ព្យាការី​គឺ​ជា​នរណា រួច​ថ្លែង​ទីបន្ទាល់​អំពី​ពួក​ព្យាការី​សម័យ​ទំនើប ។ ក្រោយ​មក​ទៀត សិស្ស​ដែលបាន​បង្រៀន គួរតែ​វាយ​តម្លៃ​លើ​ដៃគូ​របស់​ខ្លួន ដោយ​បង្ហាញ​​អ្វី​ដែល​ពួកគេ​បាន​ឃើញ​ថា​មាន​សារៈសំខាន់ និង បំផុសគំនិត​បំផុត​អំពី​ការសម្ដែង​នោះ ។ បន្ទាប់​មក សូម​ឲ្យ​សិស្ស​អនុវត្ត​ឡើង​វិញ ដោយ​ផ្លាស់ប្ដូរ​តួនាទី​សម្ដែង​របស់​សិស្ស ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​សិស្ស​បង្រៀន ហើយ​ផ្ដល់​មតិ​កែលម្អ​គ្នា​ទៅ​វិញ​ទៅ​មក ។

សូម​ឲ្យ​សិស្ស​បីបួន​នាក់​ដាក់​វេន​អាន​ឮៗ​នៅ​ក្នុង​កថាខណ្ឌ​ចុងក្រោយ​ទាំងបួន​នៅ ទំព័រ ៣៣ នៅ​ក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង ។ សូម​ឲ្យ​សិស្ស​ឯទៀត​អាន​តាម ដោយ​ស្វែងរក​ទំនាក់ទំនង​រវាង​ពួក​ព្យាការី ការក្បត់សាសនា និង សម័យ​កាន់កាប់​ត្រួតត្រា ។ ប្រសិនបើ​ចាំបាច់ សូម​ឲ្យ​សិស្ស​សិក្សា​ផងដែរ​អំពី « គ្រា​​កាន់កាប់​ត្រួតត្រា » នៅ​ក្នុង សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ។ សូម​ជួយ​សិស្ស​ពិភាក្សា​អំពី​សេចក្ដីពិត​នានា ដែល​មាន​នៅ​ក្នុង​កថាខណ្ឌ​ទាំងនេះ ដោយ​សួរ​សំណួរ​ដូច​ខាង​ក្រោម ៖

  • ហេតុអ្វី​បាន​ជា​វា​មាន​សារៈសំខាន់​ចំពោះ​សាសនាគន់ការី ដែល​ត្រូវ​យល់​ថា​សម័យ​កាន់កាប់​ត្រួតត្រា​កាល​ពី​មុន​ទាំងអស់ ត្រូវបាន​បញ្ចប់​ទៅ​ដោយ​ការក្បត់សាសនា ?

  • តើ​ព្រះ​បាន​ធ្វើ​អ្វី​ខ្លះ​ពេញ​មួយ​ប្រវត្តិសាស្ត្រ ដើម្បី​បញ្ចប់​រយៈពេល​នៃ​ការក្បត់សាសនា ? តើ​ការយល់​អំពី​បែបបទ​នេះ រៀបចំ​សាសនាគន់ការី​ឲ្យ​រៀន​អំពី​ការស្ដារឡើងវិញ​នៃ​ដំណឹងល្អ​តាមរយៈ​ព្យាការី យ៉ូសែប ស៊្មីធ យ៉ាង​ដូចម្ដេច ?

ប្រសិនបើ​មាន​ពេល អ្នក​អាច​ផ្ដល់​ពេល​វេលា​ឲ្យ​សិស្ស​ពីរបី​នាទី ដើម្បី​អនុវត្ត​ពន្យល់​គ្នា​ទៅ​វិញ​ទៅ​មក​អំពី​ចំណុច​ដែល​មាន​នៅ ទំព័រ ៣៣ នៅ​ក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​បញ្ចូល​ពាក្យ ការក្បត់សាសនា សម័យ​កាន់កាប់​ត្រួតត្រា និង ព្យាការី ទៅ​ក្នុង​ការពន្យល់​របស់​ពួកគេ ។

ការងារ​បម្រើ​នៅ​លើ​ផែនដី និង ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ

សូម​ឲ្យ​សិស្ស​មើល​រូបភាព​នៅ ទំព័រ ៣៤ នៅ​ក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង ដែល​បង្ហាញ​អំពី​ការតែងតាំង​ពួក​សាវក​ដប់ពីរ​នាក់​ដោយ​ព្រះយេស៊ូវគ្រីស្ទ ។ សូម​សួរ​សិស្ស ៖

  • តើ​ព្រះយេស៊ូវគ្រីស្ទ​បាន​ធ្វើ​អ្វី​ខ្លះ ដើម្បី​ស្ថាបនា​សាសនាចក្រ​របស់​ទ្រង់​ឡើង​នៅ​លើ​ផែនដី​ក្នុង​ជំនាន់​របស់​ទ្រង់ ? ( អ្នក​អាច​ឲ្យ​សិស្ស​អាន​ដោយ​ស្ងៀមស្ងាត់ ត្រង់​ចំណុច​ក្រោម​ចំណងជើង « ការបម្រើ​របស់​ព្រះអង្គសង្គ្រោះ​នៅ​លើ​ផែនដី » នៅ​ទំព័រ ៣៤ នៅ​ក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង ដើម្បី​ជា​សេចក្ដីយោង ) ។

  • តើ​ការបម្រើ​របស់​ព្រះអង្គ​សង្គ្រោះ និង ការបដិសេធ​នៅ​ទី​បំផុត បាន​កើតឡើង​ដូចគ្នា​ទៅ​នឹង​បែបបទ​ដែល​មាន​ក្នុង​សម័យ​កាន់កាប់​ត្រួតត្រា​កាល​ពី​មុនៗ​យ៉ាង​ដូចម្ដេច ? ( ពីមុន​ការប្រសូត​របស់​ព្រះយេស៊ូវគ្រីស្ទ មនុស្ស​បាន​ស្ថិត​នៅ​ក្នុង​ស្ថានភាព​នៃ​ការក្បត់សាសនា ។ ព្រះយេស៊ូវគ្រីស្ទ​បាន​ស្ដារ​ដំណឹងល្អ​ទ្រង់​ឡើង​វិញ​នៅ​លើ​ផែនដី​គឺ​ដូចជា ណូអេ អ័ប្រាហាំ និង ម៉ូសេ ដែល​បាន​ធ្វើ​កិច្ចការ​នោះ​ក្នុង​សម័យ​កាន់កាប់​ត្រួតត្រា​កាល​ពីមុនៗ​ដែរ ។ បន្ទាប់​ពី​ព្រះយេស៊ូវគ្រីស្ទ​បាន​សុគត​ទៅ ហើយ​ពួក​សាវក​ក៏​បាន​ស្លាប់​ទៅ​ដែរ​នោះ កូនចៅ​របស់​ព្រះ​បាន​ធ្លាក់​ទៅ​ក្នុង​ការក្បត់សាសនា​ម្ដង​ទៀត រហូត​ដល់​ព្រះ​បាន​ត្រាស់​ហៅ​ព្យាការី​មួយ​រូប​ទៀត ឲ្យ​ស្ដារ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ឡើង​វិញ ) ។

ការក្បត់សាសនា​ដ៏​ធំ

ដើម្បី​ជួយ​សិស្ស​យល់​កាន់តែ​ច្បាស់​អំពី​តម្រូវការ​ឲ្យ​មាន​ការស្តារឡើងវិញ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ សូម​សរសេរ​សំណួរ​ដូច​ខាង​ក្រោម​នេះ​ដាក់​នៅ​លើ​ក្ដារខៀន ៖

តើ​កត្តា​អ្វី​ខ្លះ​ដែល​បណ្ដាល​ឲ្យ​មាន​ការក្បត់សាសនា​ដ៏​ធំ ហើយ​ថាតើ​លទ្ធផល​របស់​វា​ស្ដែង​ចេញ​យ៉ាង​ដូចម្ដេច ?

សូម​ឲ្យ​សិស្ស​មើល​ចម្លើយ​ចំពោះ​សំណួរ​ទាំងនេះ នៅ​ក្នុង​កថាខណ្ឌ​ទាំង​ពីរ​ដំបូង​ត្រង់​ចំណុច​ក្រោម​ចំណងជើង « ការក្បត់សាសនា​ដ៏​ធំ » នៅ​ទំព័រ ៣៥ នៅ​ក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង ។ បន្ទាប់​ពី​បាន​ផ្ដល់​ពេល​គ្រប់គ្រាន់​ហើយ សូម​ឲ្យ​សិស្ស​ឆ្លើយ​សំណួរ​នៅលើ​ក្ដារខៀន ។ សូម​ប្រាកដ​ថា​សិស្ស​យល់​ថា បន្ទាប់​ពី​ព្រះយេស៊ូវគ្រីស្ទ​បាន​សុគត​ទៅ ហើយ​ពួក​សាវក​ក៏​បាន​ស្លាប់​ទៅ​ដែរ​នោះ ការកែប្រែ​ដោយ​ពុំ​មាន​ការអនុញ្ញាត​បាន​ធ្វើ​ឲ្យ​គោលលទ្ធិ និង ការអនុវត្ត​របស់​សាសនាចក្រ​មាន​ភាពពុករលួយ ដែល​នៅ​ទីបំផុត​បាន​នាំ​ឲ្យ​មាន​ការដក​យក​កូនសោ និង សិទ្ធិអំណាច​បព្វជិតភាព​ចេញ​ពី​ផែនដី ។

សូម​ឲ្យ​សិស្ស​សិក្សា​ដោយ​ស្ងៀមស្ងាត់ លើ​វគ្គ​បទគម្ពីរ​បីបួន​ដែល​មាន​រាយ​នៅ​ក្នុង​ប្រអប់ ការសិក្សា​ព្រះគម្ពីរ ដែល​ស្ថិត​នៅ​ផ្នែក​ខាង​ក្រោម​នៃ​ទំព័រ ៣៥ នៅ​ក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង ។ សូម​ឲ្យ​សិស្ស​ស្វែងរក​ថាតើ​បទគម្ពីរ​ណា​មួយ ដែល​អ្នក​សរសេរ​បាន​ព្យាករ​ថា​នឹង​កើតឡើង​ចំពោះ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៅ​ទីបំផុត ។ បន្ទាប់​ពី​សិស្ស​បាន​មាន​ពេល​សិក្សា​គ្រប់គ្រាន់​ហើយ សូម​ឲ្យ​ពួកគេ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ​ជាមួយ​សិស្ស​ឯ​ទៀត ។ អ្នក​អាច​សរសេរ​ចម្លើយ​របស់​ពួកគេ​នៅ​លើ​ក្ដារខៀន ហើយ​បន្ទាប់​មក​គិត​ដល់​ការសរសេរ​សេចក្ដី​ថ្លែងការណ៍​សង្ខេប​នេះ ៖ ការព្យាករណ៍​ពី​បូរាណ​បាន​ព្យាករ​ថា នឹង​មាន​ការបែកចេញ​ពី​សេចក្ដីពិត​ដ៏​ធំ​មួយ ។

សូម​បែងចែក​សិស្ស​ជា​ដៃគូ ហើយ​ណែនាំ​ឲ្យ​ពួកគេ​ត្រៀមខ្លួន​បង្រៀន​មេរៀន ដែល​មាន​រយៈ​ពេល​បួន​ទៅ​ប្រាំ​នាទី​ជាមួយ​គ្នា អំពី​ការក្បត់សាសនា ។ សូម​ពន្យល់​ថា ការបង្រៀន​របស់​ពួកគេ​គួរតែ​សាមញ្ញ ច្បាស់លាស់ ហើយ​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្នក​រៀន ។ សូម​ឲ្យ​សិស្ស​ប្រើ​ចំណុច​នៅ​លើ ទំព័រ ៣៥ នៅ​ក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង ( ឬ ពួកគេ​អាច​ប្រើ​កូន​សៀវភៅ​អ្នក​ផ្សព្វផ្សាយ​សាសនា​ចំណងជើង​ថា ការស្តារឡើងវិញ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ) ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ចែកចាយ​បទគម្ពីរ​មួយ ឬ ពីរ​ដែល​ទាក់ទង​ទៅ​នឹង​ការក្បត់សាសនា រួច​ពន្យល់​អំពី​អត្ថន័យ​របស់​បទគម្ពីរ​ទាំងនោះ ។

បន្ទាប់​ពី​សិស្ស​បាន​មាន​ពេល​ត្រៀមខ្លួន​រួចរាល់​ហើយ សូម​ឲ្យ​ដៃគូ​នីមួយៗ​បង្រៀន​ដៃគូ​មួយ​ផ្សេង​ទៀត ។ នៅ​ពេល​សិស្ស​បាន​បញ្ចប់​ការបង្រៀន​របស់​ពួកគេ​ហើយ សូម​ណែនាំ​ក្រុម​ឲ្យ​ពិភាក្សា​លើ​សំណួរ​ដូច​ខាង​ក្រោម ៖ តើ​អ្វី​ដែល​បាន​ដំណើរការ​ទៅ​ដោយ​រលូន នៅ​ក្នុង​មេរៀន​របស់​អ្នក ? តើ​អ្នក​បាន​ធ្វើ​អ្វី​ខ្លះ បាន​ប្រសើរ​ជាង​មុន ? តើ​អ្វី​ដែល​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការជួយ​មនុស្ស​ទូទៅ ឲ្យ​យល់​អំពី​អ្វី​ដែល​បាន​កើត​ឡើង​បន្ទាប់​ពី​ការស្លាប់​របស់​ពួក​សាវក ?

បន្ទាប់​មក សូម​ប្ដូរ​វេន ហើយ​អនុញ្ញាត​ឲ្យ​ដៃគូ​ដែល​ត្រូវ​គេ​បង្រៀន​នោះ បង្រៀន​ដៃគូ​មួយ​ផ្សេង​ទៀត​វិញ ។ សូម​ប្រាកដ​ថា មាន​ពេល​សម្រាប់​ឲ្យ​ពួកគេ​ផ្ដល់ ហើយ​ទទួល​មតិ​កែលម្អ ។

បន្ទាប់​ពី​សិស្ស​ទាំងអស់​បាន​មាន​ឱកាស​បង្រៀន​គ្រប់​គ្នា​ហើយ​នោះ សូម​ឲ្យ​សិស្ស​ចែកចាយ​ការយល់ដឹង​ចេញ​ពី​បទពិសោធន៍​របស់​ខ្លួន​ជាមួយ​នឹង​សិស្ស​ក្នុង​ថ្នាក់ ។

ដើម្បី​បង្ហាញ​អំពី​ផល​ប៉ះពាល់​ដែល​ការក្បត់សាសនា​ដ៏​ធំ​បាន​មាន​នៅ​លើ​ផែនដី​នេះ ហើយ​ដើម្បី​រៀបចំ​សិស្ស​សម្រាប់​មេរៀន​ក្រោយ​អំពី​ការស្ដារឡើងវិញ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ សូម​បង្ហាញ​វីដេអូ « The Great Apostasy » ( នាទី​ទី ១៦:៣៣ ) ។ នៅ​ពេល​ពួកគេ​ទស្សនា​វីដេអូ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ពិចារណា​អំពី​របៀប​ដែល​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ យក​ឈ្នះ​លើ​ផលវិបាក​នៃ​ការក្បត់សាសនា​ដ៏​ធំ ។

បន្ទាប់​ពី​មើល​វីដេអូ​រួច សូម​សួរ ៖

  • តើ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ យក​ឈ្នះ​លើ​ផលវិបាក​នៃ​ការក្បត់សាសនា​ដ៏​ធំ​តាម​របៀប​ណា ?

  • នៅ​ពេល​អ្នក​ទស្សនា​ប្រវត្តិ​នៃ​ការប្រែចិត្តជឿ​របស់ វិលហ្វូឌ វូឌដ្រុព្វ តើ​អ្នក​មាន​គំនិត​អ្វី​ខ្លះ​អំពី​ឱកាស​ចែកចាយ​សារលិខិត​នៃ​ការស្ដារឡើងវិញ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ជាមួយ​មនុស្ស​ទូទៅ ?

សូម​បញ្ចប់​មេរៀន​ដោយ​សួរ​សិស្ស ថាតើ​មាន​ពួកគេ​ណា​ម្នាក់ ចង់​ចែកចាយ​ទីបន្ទាល់​របស់​ខ្លួន​អំពី​ការស្ដារឡើងវិញ​នៃ​ដំណឹងល្អ​ជាមួយ​មិត្ត​ក្នុង​ថ្នាក់​ដែរ​ឬ​ទេ ។

ការអញ្ជើញ​ឲ្យ​អនុវត្ត

សូម​អញ្ជើញ​សិស្ស​ឲ្យ​មើល​ឡើង​វិញ​នូវ​គោលលទ្ធិ​នានា​ដែល​មាន​នៅ​ក្នុង​មេរៀន​នេះ តាមរយៈ​ការធ្វើ​លំហាត់​មួយ ឬ ពីរ​ខាង​ក្រោម​នេះ ៖

  • ដោយ​ប្រើ Topical Guide អំពី​ពាក្យ « Apostasy of the Early Christian Church » សូម​សិក្សា​បន្ថែម​អំពី​ការក្បត់សាសនា​ដ៏​ធំ ។ សូម​ប្រើប្រាស់​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ដើម្បី​កត់ត្រា​វគ្គបទគម្ពីរ​ទាំងឡាយ​ដែល​អ្នក​អាច​នឹង​ប្រើ​ដើម្បី​បង្រៀន​អំពី​ការក្បត់សាសនា ។

  • សូម​សិក្សា ហើយ​ពិចារណា​បន្ថែម​អំពី​អត្ថបទ​នៅ​ក្នុង Gospel Topics មាន​ចំណងជើង « Are Mormons Christian? » ដែល​មាន​នៅ​លើ​គេហទំព័រ lds.org/topics ។

  • នៅ​ពេល​រៀបចំ​មេរៀន​បន្ទាប់ សូម​ចាប់ផ្ដើម​ទន្ទេញ​ការពិពណ៌នា​របស់ យ៉ូសែប ស៊្មីធ អំពី​ការនិមិត្ត​ដំបូង ដែល​មាន​នៅ ទំព័រ ៣៧ នៅ​ក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង ( សូម​មើល​ផងដែរ យ៉ូសែប ស្ម៊ីធ--ប្រវត្តិ ១:១៦–១៩ ) ។