ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ២០ ៖ ការពង្រឹង​សេចក្ដីជំនឿ និង​ទីបន្ទាល់​របស់​យើង


មេរៀន​ទី ២០

ការពង្រឹង​សេចក្ដីជំនឿ និង​ទីបន្ទាល់​របស់​យើង

សេចក្ដីផ្ដើម

សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ នាំមក​នូវ​ភាពរឹងមាំ និង​ការការពារ​ខាង​វិញ្ញាណ​ចំពោះ​បុត្រា​បុត្រី​ព្រះ ។ ព្រះគម្ពីរ​មរមន​បង្ហាញ​ពី​លក្ខណៈ និង​អាកប្បកិរិយា​ដែល អាច​ដឹកនាំ​បុគ្គល​ទាំងឡាយ​ឲ្យ​ចុះ​អន់ថយ​នៅក្នុង​ការឥត​ជំនឿ ។ ពួក​ព្យាការី​នៅ​ក្នុង​ព្រះគម្ពីរ​មរមន បាន​ព្រមាន​ពី​អាកប្បកិរិយា និង​លក្ខណៈ​ទាំងនេះ ហើយ​បាន​បង្រៀន​ពី​គោលការណ៍​ដំណឹងល្អ ដែល​នឹង​បង្កើន ហើយ​ពង្រឹង​សេចក្ដី​ជំនឿ និង​ទីបន្ទាល់​របស់​យើង ។

ការអាន​ពី​សាវតា

  • នែល អិល អាន់ឌើរសិន «Spiritual Whirlwinds» EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៤ ១៨–២១ ។

  • អិល វិតនី ក្លេតុន «Choose to Believe» EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៣៦-៣៩ ។

  • ឡារី អេស ខាឆើរ «Trifle Not with Sacred Things» EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ១០៤-៦ ។

យោបល់​សម្រាប់​ការបង្រៀន

នីហ្វៃទី២ ១:១០–១១, ៩:២៨, ម៉ូសាយ ២:៣៦–៣៧, ២៦:១–៤, អាលម៉ា ១២:៩–១១, ៣១:៨–១១, ៤៦:៧–៨, ហេលេមិន ៤:១១–១៣, ១៣:២៤–២៦, មរមន ៩:៧–៨

អាកប្បកិរិយា និង​ឥរិយាបថ ដែល​អាចធ្វើ​ឲ្យ​អន្តរាយ​ដល់​សេចក្ដី​ជំនឿ និង​ទីបន្ទាល់

សូម​បង្ហាញ​សំណួរ​ខាងក្រោម​នេះ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ឆ្លើយ​ដោយ​សង្ខេប ៖

  • តើ​វា​អាច​កើត​ឡើង​បាន​យ៉ាង​ដូច​ម្ដេច​ទៅ ដែល​ពួកអ្នក​ដែល​ធ្លាប់​បាន​ដក​ពិសោធន៍​នូវ​ពរជ័យ​ទាំងឡាយ​នៃ​ដំណឹងល្អ ហើយ​បែរ​ជា​បាត់បង់​សេចក្ដី​ជំនឿ និង​ទីបន្ទាល់​របស់​ខ្លួន​ទៅ​វិញ​នោះ ?

សូម​រំឭក​សិស្ស​ថា ព្យាការី​លីហៃ​បាន​ព្រមាន​ថា កូនចៅ​របស់​លោក​នឹង​បាត់បង់​សេចក្ដីជំនឿ​របស់​ពួកគេ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ និង ដំណឹងល្អ​របស់​ទ្រង់ នៅ​ថ្ងៃ​ណា​មួយ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន នីហ្វៃទី២ ១:១០-១១ ឮៗ ហើយ​ឲ្យ​សិស្ស​ក្នុងថ្នាក់​ឲ្យ​រក​មើល​ឥទ្ធិពល​ដែល​ការឥត​ជំនឿ​មាន​ទៅលើ​កូនចៅ​របស់​លីហៃ នៅ​ទីបំផុត ។ ( វា​អាច​មាន​ប្រយោជន៍ ដើម្បី​ពន្យល់​ថា « ចុះ​អន់​ថយ​ក្នុង​ការឥត​ជំនឿ » មានន័យ​ថា ចុះ​អន់ថយ​ខាង​វិញ្ញាណ ដោយសារ​ការឥត​ជំនឿ ) ។

  • តើ​ឥទ្ធិពល​អ្វី ដែល​ការឥត​ជំនឿ​មាន​ទៅលើ​ពូជពង្ស​របស់​លីហៃ នៅ​ទីបំផុត ?

សូម​ចង្អុល​បង្ហាញ​ថា ខណៈ​ដែល​មាន​កត្តា​ជាច្រើន ដែល​នាំ​ទៅរក​ការបំផ្លិច​បំផ្លាញ​អារ្យធម៌​នីហ្វៃ នោះ​ឫស​គល់​ដែល​នាំ​ឲ្យ​មាន​ឱនភាព​នៃ​សាសន៍​នីហ្វៃ​នោះ​គឺ ការបាត់បង់​សេចក្ដី​ជំនឿ​របស់​ពួកគេ​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ។ សម្រាប់​ហេតុផល​នេះ ពួក​អ្នក​សរសេរ​ព្រះគម្ពីរ​មរមន បាន​ព្រមាន​ម្ដង​ហើយ​ម្ដង​ទៀត អំពី​ឥរិយាបទ និង​អាកប្បកិរិយា​នានា ដែល​ធ្វើ​ឲ្យ​សេចក្ដី​ជំនឿ​លើ​ព្រះអម្ចាស់​ទន់​ខ្សោយ ហើយ​ក៏​បាន​បង្រៀន​ឥត​ឈប់ឈរ​ពី​របៀប​ដើម្បី​កសាង និង​ពង្រឹង​ទីបន្ទាល់ ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន ម៉ូសាយ ២៦:១-៤ ឮៗ ហើយ​លើក​ទឹកចិត្ត​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​រកមើល​អាកប្បកិរិយា និង​ឥរិយាបទ​ទាំងឡាយ ដែល​ធ្វើ​ឲ្យ​សេចក្ដី​ជំនឿ​របស់​បុគ្គល​មួយ​ចំនួន​ចុះ​ទន់ខ្សោយ ក្នុង​អំឡុង​រជ្ជកាល​ស្ដេច​ម៉ូសាយ ។

សូម​អញ្ជើញ​សិស្ស​រកមើល​គោលការណ៍​មួយ ដែល​មាន​បង្រៀន​នៅក្នុង​ខគម្ពីរ​ទាំងនេះ អំពី​អ្វី​ដែល​កើតឡើង​ចំពោះ​ប្រជាជន​ដែល​ជ្រើសរើស​មិនជឿ​ដំណឹងល្អ ហើយ​មិន​អនុវត្ត​តាម​សេចក្ដីពិត ។ ក្នុង​ចំណោម​គោលការណ៍​ទាំងឡាយ ដែល​សិស្ស​អាច​រកឃើញ រួមមាន​ដូច​ខាង​ក្រោម ៖ ពេល​មនុស្ស​ជ្រើសរើស​មិនជឿ ហើយ​មិន​អនុវត្ត​តាម​សេចក្ដីពិត​ទាំងឡាយ​ដែល​ពួកគេ​ត្រូវបាន​បង្រៀន នោះ​ចិត្ត​របស់​ពួកគេ​ក្លាយ​ជា​រឹង ហើយ​ពួកគេ​ពុំ​អាច​រីករាយ​នឹង​ពរជ័យ​ទាំងឡាយ​នៃ​សេចក្ដី​ជំនឿ និង​ទីបន្ទាល់​បាន​ឡើយ ។

  • តើ​អ្នក​គិត​ថា ហេតុអ្វី​ចិត្ត​របស់​ពួកគេ​រឹង​ចំពោះ​ព្រះវិញ្ញាណ ពេល​មនុស្ស​ជ្រើសរើស​មិនជឿ ហើយ​មិន​អនុវត្ត​តាម​សេចក្ដីពិត​ទាំងឡាយ​ដែល​ពួកគេ​ត្រូវបាន​បង្រៀន ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​រកមើល​អាកប្បកិរិយា និង​ឥរិយាបថ​បន្ថែម​ទៀត ដែល​អាច​នាំ​ទៅកាន់​ការ​បាត់បង់​សេចក្ដី ជំនឿ និង​ទីបន្ទាល់ សូម​សរសេរ​បទគម្ពីរ​យោង​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ សូម​ចាត់តាំង​ឲ្យ​សិស្ស​ម្នាក់ៗ​អាន​វគ្គ​បទគម្ពីរ​មួយ ឬ​ច្រើន​ជាង​នោះ ហើយ​ត្រូវ​ប្រកដ​ថា វគ្គបទ​គម្ពីរ​នីមួយៗ​ត្រូវបាន​ចាត់​ទៅ​ឲ្យ​សិស្ស ។ សូម​ឲ្យ​សិស្ស​ស្រាវជ្រាវ​ក្នុង​វគ្គ​បទគម្ពីរ​ដែល​បាន​ចាត់​ទៅ​ឲ្យ​ពួកគេ​រកមើល​អាកប្បកិរិយា និង​ឥរិយាបថ​នានា ដែល​អាច​នាំ​មនុស្ស​ទៅកាន់​ការបាត់បង់​សេចក្ដី​ជំនឿ និង​ទីបន្ទាល់ ។

នីហ្វៃទី២ ៩:២៨

ម៉ូសាយ ២:៣៦-៣៧

អាលម៉ា ១២:៩-១១

អាលម៉ា ៣១:៨-១១

អាលម៉ា ៤៦:៧-៨

ហេលេមិន ៤:១១-១៣

ហេលេមិន ១៣:២៤-២៦

មរមន ៩:៧-៨

បន្ទាប់ពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ សូម​ឲ្យ​សិស្ស​ចែកចាយ​ពី​អាកប្បកិរិយា និង​ឥរិយាបថ​នានា ដែល​ពួកគេ​បាន​រកឃើញ ហើយ​ពន្យល់​ពីរបៀប​ដែល​ការណ៍​ទាំងនេះ​អាច​ធ្វើ​ឲ្យ​សេចក្ដី​ជំនឿ និង​ទីបន្ទាល់​ចុះ​ទន់ខ្សោយ ។ សូម​សង្ខេប​ចម្លើយ​របស់​សិស្ស​ដាក់ នៅលើ​ក្ដារខៀន​ក្បែរ​បទគម្ពីរ​យោង​ដែល​ត្រូវ​គ្នា ។

  • តើ​អ្នក​គិត​ថា អាកប្បកិរិយា និង​ឥរិយាបថ​ណា​ខ្លះ​ក្នុង​ចំណោម​នេះ ដែល​មាន​គ្រោះថ្នាក់​បំផុត​ដល់​សមាជិក​សាសនាចក្រ​ដែល​ជា​យុវមជ្ឈិមវ័យ នៅ​សព្វថ្ងៃ​នេះ ? ហេតុអ្វី ?

សូម​ឲ្យ​សិស្ស​ជ្រើសរើស​អាកប្បកិរិយា ឬ​ឥរិយាបថ​មួយ​ដែល​មាន​រាយ​នៅលើ​ក្ដារខៀន ហើយ​ពន្យល់​ពី​អ្វី​ដែល​យើង​អាច​ធ្វើ​បាន ដើម្បី​ការពារ​ទប់ទល់​នឹង​អាកប្បកិរិយា ឬ​ឥរិយាបថ​នោះ ។

សូម​ទុក​ពេល​ឲ្យ​សិស្ស​មួយ​ស្របក់ ដើម្បី​សញ្ជឹងគិត​ថា អាកប្បកិរិយា ឬ​ឥរិយាបថ​ណា​មួយ​ដែល​គំរាមកំហែង​ដល់​សេចក្ដី​ជំនឿ និង​ទីបន្ទាល់​របស់​គេ​ផ្ទាល់ ហើយ​ថា​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​បាន ដើម្បី​ពង្រឹង​ខ្លួន​ឯង ។

នីហ្វៃទី២ ២៨:២១–២៣, មរមន ៥:១៦–១៨

លទ្ធផល​នៃ​ការបាត់បង់​សេចក្ដី​ជំនឿ និង ទីបន្ទាល់

សូម​រំឭក​សិស្ស​ថា ពេលដែល​ព្យាការី​មរមន បានដឹកនាំ​ពលទ័ព​នីហ្វៃ នោះ​មាន​ពេល​មួយ​ដែល​លោក​បាន​សង្កេត​ឃើញ​ពី​ស្ថានភាព​ទុច្ចរិត និង​អស់​សង្ឃឹម​របស់​ប្រជាជន​លោក ។ សូម​ឲ្យ​សិស្ស​សិក្សា មរមន ៥:១៦–១៨ ដោយ​រកមើល​ការពិពណ៌នា​របស់​មរមន អំពី​ស្ថានភាព​ខាង​វិញ្ញាណ​របស់​ប្រជាជន​លោក ។

  • តើ​អ្នក​គិត​ថា « គ្មាន​ព្រះគ្រីស្ទ និង​ព្រះ​នៅក្នុង​លោកិយ » មាន​ន័យ​យ៉ាង​ណា ?

  • តើ​គោលការណ៍​អ្វី ដែល​យើង​អាច​រៀន​ចេញពី​ពាក្យ​សម្ដី​របស់​មរមន អំពី​ពួក​អ្នក​ដែល​បាត់បង់​សេចក្ដី ជំនឿ​លើ​ព្រះអម្ចាស់ ហើយ​បដិសេធ​ការប្រែចិត្ត​នោះ ? ( ទោះបីជា​ពួកគេ​អាច​ប្រើ​ពាក្យ​សម្ដី​ខុសគ្នា​មែន ក៏​សិស្ស​គួរ​តែ​រកឃើញ​គោលការណ៍​ដូច​តទៅ​នេះ ៖ ប្រសិនបើ​យើង​អនុញ្ញាត​ខ្លួនយើង ឲ្យ​បាត់បង់​សេចក្ដី​ជំនឿ ហើយ​យើង​បដិសេធ​ការប្រែចិត្ត នោះ​ព្រះវិញ្ញាណ​នឹង​យាង​ចេញ​ពី​យើង ហើយ​យើង​នឹង​បាត់បង់​ការដឹកនាំ​ពី​ព្រះអម្ចាស់ ) ។

  • យោងតាម ខទី ១៨ តើ​មរមន​បាន​ព្រមាន​យើង​ថា អ្វី​ជា​លទ្ធផល​មក​ពី​ការបាត់បង់​ការដឹកនាំ​របស់​ព្រះអម្ចាស់​នោះ ?

សូម​ពន្យល់​ថា នីហ្វៃ​បាន​បង្រៀន​ថា ដំណើរការ​នៃ​ការបាត់បង់​ព្រះវិញ្ញាណ និង​ការដែល​ត្រូវបាន​នាំ​ទៅ​ក្នុង​សេវកភាព​ដោយ​អារក្ស ជាញឹកញាប់ គឺ​យឺតៗ ហើយ​សន្សឹមៗ ។ សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ប្ដូរវេន​គ្នា​អាន​ឮៗ​ក្នុង នីហ្វៃទី២ ២៨:២១–២៣ ហើយ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​ពាក្យ និង​ឃ្លា​ទាំងឡាយ​ដែល​ពិពណ៌នា​អំពី​ការចុះ​អន់ថយ​ខាង​វិញ្ញាណ​បន្ដិច​ម្ដងៗ​នេះ ។

  • តើ​អាកប្បកិរិយា​អ្វី​ខ្លះ ដែល​នីហ្វៃ​បាន​កំណត់​ឃើញ​ថា អាច​ដឹកនាំ​ទៅ​កាន់​ការចុះ​អន់ថយ​ខាង​វិញ្ញាណ​របស់​មនុស្ស​ម្នាក់ ។

  • តើ​អ្នក​គិត​ថា​ហេតុអ្វី​អាកប្បកិរិយា​ទាំងនេះ​គ្រោះថ្នាក់ ជាពិសេស​ដល់​សេចក្ដី​ជំនឿ​របស់​យើង ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ​នូវ​រឿង​ខាងក្រោម​ដោយ​ប្រធាន ហិនរី ប៊ី អាវរិង នៃ​គណៈប្រធាន​ទីមួយ ៖

រូបភាព
ប្រធាន ហិនរី ប៊ី អាវរិង

« ដូច​ជា​សេចក្ដី​ពិត​ដែល​ត្រូវបាន​ប្រទាន​ដល់​យើង​មួយ​បន្ទាត់​ម្ដងៗ ចំណែក​ឯ​ពន្លឺ​ក៏​ភ្លឺ​បន្ដិច​ម្ដងៗ​កាលដែល​យើង​គោរព​តាម​ដូចគ្នា​ដែរ ពេល​យើង​មិន​គោរព​តាម នោះ​ទីបន្ទាល់​របស់​យើង​អំពី​សេចក្ដីពិត​ក៏​ថយ​តិច​ទៅៗ រហូត​ស្ទើរ​តែ​មើល​មិនឃើញ​បន្តិច​ម្ដងៗ ហើយ​ភាពងងឹត​ក៏​ចេះ​តែ​កើនឡើង​យឺតៗ ដែល​ពួក​អ្នក​ឆ្មើងឆ្មៃ​អាច​បដិសេធ​ដោយ​ងាយ​ថា​អ្វីៗ​កំពុង​ផ្លាស់​ប្ដូរ​នោះ ។

« ខ្ញុំ​បាន​ឮ​ពី​អំនួត​នៃ​បុរស​ម្នាក់ ដែល​បាន​ដើរ​ចេញ​ពី​សាសនាចក្រ​ដោយ​យឺតៗ ។ មុន​ដំបូង គាត់​គ្រាន់តែ​ឈប់​បង្រៀន​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ​របស់​គាត់ បន្ទាប់​មក​គាត់​នៅ​ឲ្យ​ឆ្ងាយ​ពី​សាសនាចក្រ ហើយ​បន្ទាប់​មក​ទៀត​គាត់​បាន​ភ្លេច​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​នៅពេល​នោះ និង​ពេល​ក្រោយ​មក​ទៀត ។ … គាត់​ពុំ​អាច​ដឹង​ពី​ភាពខុស​គ្នា​នោះ​ទេ តែ​ខ្ញុំ​អាច​ដឹង ។ ពន្លឺ​នៅក្នុង​កែវភ្នែក​របស់​គាត់ ហើយ​សូម្បី​តែ​ភាពចែងចាំង​នៅលើ​ផ្ទៃមុខ​របស់​គាត់​ក៏​ស្រអាប់​ទៅ​ដែរ ។ គាត់​ពុំ​អាច​ប្រាប់​ពី​ការផ្លាស់ប្ដូរ​បាន​ទេ ដោយសារ​ឥទ្ធិពល​មួយ​ក្នុង​ចំណោម​ឥទ្ធិពល​ទាំងឡាយ​នៃ​ការមិន​គោរព​ព្រះ ហាក់ដូច​ជា​ថា យើង​បាន​បាត់បង់​ក្ដីរំភើប​ខាង​វិញ្ញាណ​ល្មម​ដែល​យើង​មិន​អាច​ប្រាប់​បាន​ថា យើង​កំពុង​នៅ​ឆ្ងាយ​ពី​ព្រះ​ឡើយ ។ មិនត្រឹមតែ​ទីបន្ទាល់​អំពី​សេចក្ដីពិត​ទេ​ដែល​សឹក​រេចរឹល​យឺតៗ​នោះ តែ​សូម្បី​តែ​ការចងចាំ​ថា​តើ​វា​មាន​ភាពយ៉ាង​ណា​នៅ​ក្នុង​ពន្លឺ​នោះ ក៏​ចាប់ផ្ដើម​ហាក់ដូច​ជា​ការបំភាន់​មួយ​ចំពោះ​គាត់​ដែរ » ( «A Life Founded in Light and Truth» [ ការប្រជុំ​ធម្មនិដ្ឋាន​នៅ​សាកលវិទ្យាល័យ​ព្រិកហាំ យ៉ង់ ថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០០០ ] ទំព័រ ៣, speeches.byu.edu ) ។

  • តើ​អ្នក​គិត​ថា អ្វី​ជា​ការចង្អុល​បង្ហាញ​មួយ​ចំនួន ដែល​ថា​មនុស្ស​ម្នាក់​កំពុង​ចាប់ផ្ដើម​បាត់បង់​សេចក្ដី​ជំនឿ និង​ទីបន្ទាល់​របស់​គាត់​នោះ ?

នីហ្វៃទី១ ១៥:៧–១១, នីហ្វៃទី២ ២៥:២៨–២៩, ម៉ូសាយ ៤:១១–១២, ១៥:១១, ហេលេមិន ១៥:៧–៨

ការពង្រឹង​សេចក្ដីជំនឿ និង​ទីបន្ទាល់​របស់​យើង

សូម​បង្ហាញ និង​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដី ថ្លែងការណ៍​ខាងក្រោម​នេះ​ដោយ​អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ នែល អិល អាន់ឌើរសិន

« តាម​ធម្មជាតិ ដើម​ឈើ​ដែល​លូតលាស់​ក្នុង​បរិស្ថាន​ដែល​មាន​ខ្យល់​ខ្លាំង​នឹង​មាន​ភាព​កាន់តែ​រឹងមាំ ។ កាល​ខ្យល់​បក់ខ្លាំង​ជុំវិញ​ដើមឈើ​តូច​មួយ វា​ជំរុញ​ឲ្យ​ផ្នែក​ខាង​ក្នុង​នៃ​ដើមឈើ​នោះ​ធ្វើ​រឿង​ពីរ​យ៉ាង ។ ទីមួយ វាធ្វើ​ឲ្យ​ឫស​លូតលាស់​កាន់តែ​លឿន ហើយ​ចាក់​ឫស​កាន់តែ​ជ្រៅ ។ ទីពីរ កម្លាំង​នៅ​ក្នុង​ដើមឈើ​នោះ ចាប់ផ្ដើម​បង្កើត​ទម្រង់​កោសិកា​ដែល​ធ្វើ​ឲ្យ​គល់ និង​មែក​ឡើង​ក្រាស់ ហើយ​អាច​បត់បែន​ទៅ​តាម​សម្ពាធ​ខ្យល់​បាន ។ ឫស និង​មែក​ដ៏​រឹងមាំ​ទាំងនេះ ការពារ​ដើមឈើ​នោះ​ពី​ខ្យល់​ដែល​នឹង​កើត​មាន​ម្ដងទៀត ។

« អ្នក​ពិត​ជា​មាន​តម្លៃ​ចំពោះ​ព្រះ​លើស​ពី​ដើម​ឈើ​មួយ​ដើម​ទៅ​ទៀត ។ អ្នក​ជា​បុត្រា និង​បុត្រី​នៃ​ទ្រង់ ។ ទ្រង់​បាន​ធ្វើ​ឲ្យ​វិញ្ញាណ​អ្នក​រឹងមាំ ហើយ​ធន់​ទៅ​នឹង​ខ្យល់​កួច​នៃ​ជីវិត​នេះ ។ « ខ្យល់​កួច​នៅ​ក្នុង​ភាពយុវវ័យ​របស់​អ្នក ដែល​ប្រៀប​បាន​នឹង​ខ្យល់​បក់បោក​ទៅលើ​ដើមឈើ​តូច​មួយ អាច​បង្កើន​កម្លាំង​ខាង​វិញ្ញាណ​អ្នក ដោយ​រៀបចំ​អ្នក​សម្រាប់​អនាគត » ( «Spiritual Whirlwinds» EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ១៨ ) ។

  • តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​ទទួល​បាន​កម្លាំង​ខាង​វិញ្ញាណ ហើយ​អត់ទ្រាំ​នឹង​ឧបសគ្គ​នានា​ដែល​មាន​មកលើ​សេចក្ដី​ជំនឿ និង​ទីបន្ទាល់​របស់​យើង ?

សូម​រំឭក​សិស្ស​ថា ព្រះគម្ពីរ​មរមន​រួម​មាន​នូវ​គោលការណ៍​ដំណឹងល្អ ដែល​អាច​ដឹកនាំ​បុគ្គល​ទាំងឡាយ​ដែល​ស្វែងរក​សេចក្ដី​ជំនឿ និង​ទីបន្ទាល់​ដែល​កាន់តែ​រឹងមាំ​ជាង​មុន ។

សូម​ឲ្យ​សិស្ស​អាន នីហ្វៃទី២ ២៥:២៨-២៩ ឮៗ ហើយ​ពន្យល់​ថា ខគម្ពីរ​ទាំងនេះ​សង្ខេប​ពី​ទេសនកថា​ដ៏​មាន​អំណាច​មួយ ដែល​នីហ្វៃ​បាន​ផ្ដល់​ដល់​ប្រជាជន​របស់​លោក អំពី​របៀប​ដើម្បី​បាន​សង្គ្រោះ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​អ្វី ដែល​នីហ្វៃ​បាន​បង្រៀន ដែល​ជា​ការសម្រេច​ចិត្ត​ដ៏​សំខាន់​បំផុត ដែល​យើង​នឹង​ត្រូវ​ធ្វើ​នៅក្នុង​ជីវិត​យើង ។

  • តើ​នីហ្វៃ​បាន​បង្រៀន​អ្វី ដែល​ជា​ការសម្រេច​ចិត្ត​ដ៏​សំខាន់​បំផុត ដែល​យើង​នឹង​ត្រូវ​ធ្វើ​នៅក្នុង​ជីវិត​យើង ? ( សូម​ជួយ​សិស្ស​ឲ្យ​រកឃើញ​នូវ​គោលការណ៍​ដូច​តទៅ​នេះ ៖ បើ​យើង​ជ្រើសរើស​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ថ្វាយបង្គំ​ទ្រង់​ឲ្យ​អស់​ពី​សមត្ថភាព អស់​ពី​គំនិត អស់​ពី​កម្លាំង នោះ​យើង​នឹង​បន្ត​មាន​ភាពរឹងមាំ​ខាង​វិញ្ញាណ ហើយ​មិន​ត្រូវ​បាន​បោះបង់​ចោល​ឡើយ ) ។

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​ដោយ​អែលឌើរ អិល វិតនី ក្លេតុន នៃ​កុ្រម​ចិតសិប​នាក់ ហើយ​ឲ្យ​សិស្ស​ម្នាក់​អាន​វា ៖

រូបភាព
អែលឌើរ អិល វិតនី ក្លេតុន

« ព្យាការី​ជាច្រើន​ជំនាន់​មកហើយ​បាន​លើក​ទឹកចិត្ត ហើយ​សុំ​អង្វរករ​យើង​ឲ្យ​ជឿ​លើ​ព្រះគ្រីស្ទ ។ …ការសម្រេច​ចិត្ត​ជឿ គឺជា​ជម្រើស​ដ៏​សំខាន់​បំផុត​ដែល​យើង​ធ្លាប់​ធ្វើ​ការសម្រេច​ចិត្ត ។ វា​សម្រួច​សម្រាំង​រាល់​ការ​សម្រេច​ចិត្ត​ទាំងអស់​របស់​យើង ។ …

« ការជឿ និង​ទីបន្ទាល់ ព្រម​ទាំង​សេចក្តី​ជំនឿ​គឺ​ពុំ​មែន​ជា​គោលការណ៍​អកម្ម​នោះ​ទេ ។ ការណ៍​នោះ មិន​គ្រាន់តែ​កើត​ឡើង​ចំពោះ​យើង​ឡើយ ។ ការជឿ​គឺ​ជា​អ្វី​ដែល​យើង​បាន​ជ្រើសរើស—យើង​សង្ឃឹម​ទទួល​បាន​វា យើង​ធ្វើការ​ដើម្បី​ទទួល​វា ហើយ​យើង​លះបង់​ដើម្បី​ទទួល​បាន​វា ។ យើង​នឹង​មិន​មក​ជឿ​លើ​ព្រះអង្គ​សង្គ្រោះ និង​ដំណឹងល្អ​របស់​ទ្រង់​ដោយ​ចៃដន្យ​ឡើយ លើកលែង​តែ​យើង​អធិស្ឋាន ឬ​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ដោយ​ខ្ជាប់ខ្ជួន​ប៉ុណ្ណោះ ។ យើង​ជ្រើសរើស​ដោយ​សកម្ម​ដើម្បី​ជឿ គឺ​ដូច​ជា​យើង​ជ្រើសរើស​ដើម្បី​កាន់តាម​ព្រះបញ្ញត្តិ​ដទៃ​ទៀត​ដែរ » ( «Choose to Believe» EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៣៨ ) ។

  • តើ​អ្នក​គិត​ថា « ការជឿ និង​ទីបន្ទាល់ ព្រម​ទាំង​សេចក្តី​ជំនឿ​គឺ​ពុំ​មែន​ជា​គោលការណ៍​អកម្ម » មានន័យ​ដូច​ម្ដេច ?

  • តើ​អ្នក​គិត​ថា ហេតុអ្វី​ការពុះពារ​ព្យាយាម​ដើម្បី​រស់នៅ​តាម​គោលការណ៍​នៃ​ដំណឹងល្អ គឺជា​របៀប​ដ៏​ល្អ​បំផុត ដើម្បី​ពង្រឹង​សេចក្ដី​ជំនឿ និង​ទីបន្ទាល់​របស់​យើង ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​រកឃើញ​របៀប​មួយ​ចំនួន ដែល​យើង​អាច​ធ្វើ​ការប្រឹងប្រែង ដើម្បី​ពង្រឹង​សេចក្ដី​ជំនឿ និង​ទីបន្ទាល់ សូម​សរសេរ​វគ្គបទ​គម្ពីរ​ខាងក្រោម​នៅលើ​ក្ដារខៀន ហើយ​ឲ្យ​សិស្ស​ម្នាក់ៗ​អាន​ដោយ​ស្ងាត់ស្ងៀម យ៉ាង​ហោច​ណាស់​ម្នាក់​មួយ​វគ្គ​បទគម្ពីរ ៖ សូម​អញ្ជើញ​ពួកគេ​ឲ្យ​រកមើល​គោលការណ៍​ទាំងឡាយ ដែល​អាច​ជួយ​ពួកយើង​ឲ្យ​ពង្រឹង​សេចក្ដី​ជំនឿ​របស់​យើង​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ។

នីហ្វៃទី១ ១៥:៧-១១

ម៉ូសាយ ៤:១១-១២

ម៉ូសាយ ១៥:១១

ហេលេមិន ១៥:៧-៨

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ការយល់​ដឹង ដែល​ពួកគេ​បានរក​ឃើញ​នៅក្នុង​វគ្គ​បទគម្ពីរ​ទាំងនេះ ។ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ថ្លែង​ទីបន្ទាល់ អំពី​របៀប​ដែល​ពួកគេ​បាន​អនុវត្ត​គោលការណ៍​ទាំងនេះ ឬ​ផ្សេងទៀត​នៅក្នុង​ជីវិត​របស់​ពួកគេ ហើយ​ត្រូវបាន​ប្រទាន​ពរ​ឲ្យ​មាន​សេចក្ដី​ជំនឿ​ដែល​កើនឡើង​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ។ សូម​លើក​ទឹកចិត្ត​ដល់​សិស្ស​ឲ្យ​ធ្វើ​ការប្រឹងប្រែង​ដែល​ចាំបាច់ ដើម្បី​ពង្រឹង​សេចក្ដី​ជំនឿ​របស់​ពួកគេ​លើ​ព្រះអម្ចាស់ ។

ការអាន​របស់​សិស្ស