ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ២៥ ៖ ការរស់នៅ​ដោយ​សុចរិត​នៅក្នុង​គ្រា​ទុច្ចរិត


មេរៀន​ទី ២៥

ការរស់នៅ​ដោយ​សុចរិត​នៅក្នុង​គ្រា​ទុច្ចរិត

សេចក្ដីផ្ដើម

ព្រះគម្ពីរ​មរមន​កត់ត្រា​អំពី​ការបំផ្លិចបំផ្លាញ​របស់​បុគ្គល និង​សង្គម​នានា ដែល​ឱបក្រសោប​យក​ភាពទុច្ចរិត ហើយ​អនុញ្ញាត​ឲ្យ​មាន​បក្សព័ន្ធ​សម្ងាត់ ។ ជាមួយ​គ្នា​នោះ​ដែរ ព្រះគម្ពីរ​មរមន​ក៍​បង្រៀន​ថា យើង​អាច​រស់នៅ​ដោយ​សុចរិត ថ្វីបើ​យើង​កំពុង​រស់នៅ​ក្នុង​បរិយាកាស​ដ៏​ទុច្ចរិត​ក៏​ដោយ ។ នៅក្នុង​មេរៀន​នេះ សិស្ស​នឹង​រៀន​អំពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​បាន ដើម្បី​បន្ត​មាន​ភាពសុចរិត​នៅក្នុង​ពិភពលោក​សព្វថ្ងៃ​នេះ ។

ការអាន​ពី​សាវតា​

  • ឃ្វីនថិន អិល ឃុក «Reaping the Rewards of Righteousness» Ensign ខែ កក្កដា ឆ្នាំ ២០១៥ ទំព័រ ៣៣-៣៩ ។

  • ដានីស ប៊ី នែនស្វាន់ឌើរ «One among the Crowd» EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ១០១-៣ ។

យោបល់​សម្រាប់​ការបង្រៀន

អាលម៉ា ៣៧:២១–២២, ២៥–២៧, ហេលេមិន ៦:២០–២៦, ៣៧–៤០, អេធើរ ៨:១៨–២៦ ។

បក្សព័ន្ធ​សម្ងាត់​អាច​បំផ្លិចបំផ្លាញ​សេរីភាព និង​សង្គម​បាន

សូម​សរសេរ​ឃ្លា ទឹកដី​មារសត្រូវ នៅលើ​ក្ដារខៀន ហើយ​សូម​សួរ​សិស្ស​ថា វា​មានន័យ​យ៉ាង​ណា ។

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​នេះ​ដោយ​ប្រធាន ប៊យដ៍ ឃេ ផាកកឺ ( ឆ្នាំ ១៩២៤-២០១៥ ) ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ហើយ​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​វា​ឮៗ ៖

រូបភាព
ប្រធាន ប៊យដ៍ ឃេ ផាកកឺ

« អ្នក​រាល់គ្នា​ដែលជា​មនុស្ស​វ័យ​ក្មេង ត្រូវ​បាន​ចិញ្ចឹម​បីបាច់​ធំ​ឡើង​នៅ​ក្នុង​ទឹកដី​របស់​មារសត្រូវ ។ « យើង​បានដឹង​មកពី​ខគម្ពីរ​ថា មាន​សង្គ្រាម​មួយ​នៅ​ឯ​ស្ថានសួគ៌ ហើយ​ថា​លូស៊ីហ្វើរ បាន​បះបោរ ហើយ​អ្នក​ដែល​ដើរ​តាម​វា ‹ ត្រូវ​បោះ​ទំលាក់​ទៅ​ផែនដី​វិញ › [វិវរណៈ ១២:៩] ។ វា​បាន​តាំងចិត្ត​ថា​ត្រូវ​រំខាន​ផែនការ​របស់​ព្រះវរបិតាសួគ៌​របស់​យើង ហើយ​ព្យាយាម​គ្រប់គ្រង​គំនិត និង​ទង្វើ​របស់​មនុស្ស​ទាំងអស់ » ( «Counsel to Youth»EnsignLiahona ខែ​វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ១៦ ) ។

  • តើ​ការរស់នៅ​គ្រា​នេះ ដូចជា​ស្ថិត​នៅក្នុង​ទឹកដី​របស់​មារសត្រូវ​តាម​របៀប​ណា ?

សូម​ពន្យល់​ថា មេរៀន​នេះ​នឹង​ពិនិត្យ​មើល​ទៅលើ​ការពិពណ៌នា​ក្នុង​ព្រះគម្ពីរ​មរមន​អំពី​បរិយាកាស​ដ៏​ទុច្ចរិត​ដែល​បុគ្គល​សុចរិត​មួយ​ចំនួន​បាន​រស់នៅ​ក្នុង​នោះ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​រកមើល​គោលការណ៍ និង​គោលលទ្ធិ​ទាំងឡាយ ដែល​ពួកគេ​អាច​អនុវត្ត​បាន នៅពេល​ពួកគេ​សិក្សា​ពី​គំរូ​ទាំងឡាយ​របស់​បុគ្គល​នានា​ដែល​បន្ត​មាន​ភាពស្មោះត្រង់ ទោះ​ត្រូវ​ហ៊ុំព័ទ្ធ​ដោយ​ភាពទុច្ចរិត​ក៏​ដោយ​នោះ ។

សូម​រំឭក​សិស្ស​ថា មរ៉ូណៃ​បាន​ឃើញ​ពី​ការបំផ្លិចបំផ្លាញ​នៃ​អារ្យធម៌​សាសន៍​នីហ្វៃ​ទាំងមូល ។ លោក​បាន​ពិពណ៌នា​ពី​ភាពទុច្ចរិត​ដែល​ដឹកនាំ​មនុស្ស​ទៅកាន់​ការបំផ្លិចបំផ្លាញ​នៃ​សាសន៍​នីហ្វៃ និង​សាសន៍​យ៉ារេឌ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន អេធើរ ៨:១៨ និង ២១ ឮៗ ខណៈដែល​សិស្ស​ក្នុង​ថ្នាក់​រកមើល​បុព្វហេតុ​នៃ​ការបំផ្លិបំផ្លាញ​នេះ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។

សូម​សរសេរ​បទគម្ពីរ​យោង និង​សំណួរ​ខាងក្រោម​នៅលើ​ក្ដារខៀន ៖

អាលម៉ា ៣៧:២១-២២, ២៥-២៧

ហេលេមិន ៦:២០-២៦

អេធើរ ៨:១៨-២៦

តើ​បក្សព័ន្ធ​សម្ងាត់​ជា​អ្វី ?

តើ​អ្វី​ជា​គោលដៅ និង​គោលបំណង​របស់​ពួកគេ ?

តើ​ពួកគេ​បន្ត​មាន​បក្សព័ន្ធ​សម្ងាត់​របស់​ពួកគេ​បាន​ដោយ​របៀប​ណា ?

សូម​ឲ្យ​សិស្ស​អាន​វគ្គបទគម្ពីរ​មួយ​នៃ​វគ្គ​បទគម្ពីរ​ទាំងឡាយ​នៅលើ​ក្ដារខៀន ហើយ​រកមើល​ចម្លើយ​ចំពោះ​សំណួរ​ដែល​មាន​រាយ​នៅលើ​នោះ ។ សូម​ប្រាប់​សិស្ស​ថា វគ្គបទគម្ពីរ​ដែល​ពួកគេ​ជ្រើសរើស អាច​នឹង​ពុំ​ឆ្លើយ​សំណួរ​ទាំងបី​នេះ​ទេ តែ​ពួកគេ​គួរតែ​ស្វែងរក​អ្វី​ដែល​ពួកគេ​អាច​រកបាន ។ បន្ទាប់ពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ សូម​ពិភាក្សា​សំណួរ​ទាំងនោះ​ដែល​នៅលើ​ក្ដារខៀន​ជាមួយ​គ្នា​ក្នុង​ថ្នាក់ ។ បន្ទាប់មក សូម​ពិភាក្សា​សំណួរ​ខាងក្រោម​នេះ ៖

  • ចេញពី​អ្វី​ដែល​អ្នក​អាន តើ​អ្វី​ជា​លទ្ធផល​នៃ​ការអនុញ្ញាត​ឲ្យ​មាន​បក្សព័ន្ធ​សម្ងាត់ ហើយ​រីកសាយភាយ​ឡើង ? ( សិស្ស​គួរតែ​រកឃើញ​គោលការណ៍​ដូច​តទៅ​នេះ ៖ បក្សព័ន្ធ​សម្ងាត់​អាច​បំផ្លិចបំផ្លាញ​សេរីភាព រដ្ឋាភិបាល និង​សង្គម​បាន ) ។

  • តើ​អ្នក​គិត​ថា អ្វីខ្លះ​ជា​គំរូ​មួយ​ចំនួន​នៃ​ប័ក្សព័ន្ធ​សម្ងាត់​នៅក្នុង​ជំនាន់​របស់​យើង​នេះ ?

ដើម្បី​ជួយ​ឆ្លើយ​សំណួរ​នេះ សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ អិម រ័សុល បាឡឺដ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ និង​ប្រធាន ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( ឆ្នាំ ១៨៩៩-១៩៩៤ ) ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ។

រូបភាព
អែលឌើរ អិម រ័សុល បាឡឺដ

« ក្នុង​ចំណោម​បក្សព័ន្ឋ​សម្ងាត់​បច្ចុប្បន្ន គឺ​ក្រុម​ក្មេង​ពាល ការជួញ​ដូរ​គ្រឿង​ញៀន និង​ក្រុម​ឧក្រិដ្ឋជន​ដែល​បាន​បង្កើត​ឡើង ។ បក្សព័ន្ឋ​សម្ងាត់​ក្នុង​សម័យ​យើង​សព្វថ្ងៃ មាន​មុខងារ​ដូចគ្នា​ខ្លាំងណាស់​ទៅនឹង​ពួក​ចោរ​កាឌីអានតុន​នៃ​សម័យកាល​ព្រះគម្ពីរ​មរមន ។ … ក្នុង​ចំណោម​គោលបំណង​របស់​វា​គឺ​ដើម្បី ‹ ធ្វើ​ឃាត និង ប្លន់ និង លួច និង ប្រព្រឹត្ត​អំពើ​សហាយ​ស្មន់ និង អំពើ​ទុច្ចរិត​គ្រប់​បែប​យ៉ាង ដែល​ផ្ទុយ​នឹង​ក្រឹត្យវិន័យ​នៃ​ប្រទេស​ខ្លួន និង ក្រឹត្យវិន័យ​នៃ​ព្រះ​របស់​គេ​ផង › [ ហេលេមិន ៦:២៣ ] ( M. Russell Ballard, «Standing for Truth and Right,» Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៧ ទំព័រ ៣៨ ) ។

រូបភាព
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន

« ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ភាពទុច្ចរិត​គឺ​កំពុង​តែ​រីករាលដាល​យ៉ាង​លឿន នៅក្នុង​គ្រប់​ស្រទាប់​នៃ​សង្គម​របស់​យើង ។ ( សូមមើល គ. និង ស. ១:១៤–១៦; ៨៤:៤៩–៥៣ ) ។ វា​ត្រូវបាន​បង្កើត​ឡើង​យ៉ាង​ខ្ពង់ខ្ពស់ កាន់តែ​លាក់កំបាំង​យ៉ាង​ឈ្លាសវៃ ហើយ​ត្រូវបាន​លើក​តម្កើង​ពោរពេញ​ដោយ​អំណាច​ជាង​ពេល​ពី​មុន​ទៅ​ទៀត ។ ភាពត្រេកត្រអាល​របស់​បក្សព័ន្ធ​សម្ងាត់​ដែល​ចង់​បាន​អំណាច កម្រៃ និង​ភាពរុងរឿង​គឺ​កំពុង​តែ​រីកដុះដាល ។ … ( សូមមើល អេធើរ ៨:១៨–២៥ ) » ( Ezra Taft Benson, «I Testify» Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៨ ទំព័រ ៨៧ ) ។

  • តើ​អ្នក​គិត​ថា ហេតុអ្វី​ពួក​ព្យាការី​ក្នុង​ព្រះគម្ពីរ​មរមន​បាន​រួម​បញ្ចូល​ព័ត៌មាន​អំពី​ប័ក្សព័ន្ធ​សម្ងាត់​នៅក្នុង​បញ្ជី​របស់​ពួកលោក ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន ហេលេមិន ៦:២០, ៣៧-៤០ ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ដោយ​រកមើល​ភាពផ្ទុយ​គ្នា​រវាង​ពួក​សាសន៍​នីហ្វៃ និង​ពួក​សាសន៍​លេមិន ។ ( កំណត់ចំណាំ ៖ ( ការប្រៀបធៀប និង​ការធ្វើ​ឲ្យ​ឃើញ​ភាពផ្ទុយ គឺជា​ជំនាញ​សិក្សា​ព្រះគម្ពីរ​មួយ ដែល​អ្នក​អាច​សង្កត់ធ្ងន់​នៅក្នុង​មេរៀន​នេះ [ សូមមើល ការបង្រៀន និង​ការរៀនសូត្រ​ដំណឹងល្អ ៖ ក្បួនខ្នាត​សម្រាប់​គ្រូបង្រៀន និង​អ្នក​ដឹកនាំ​ថ្នាក់​សិក្ខាសាលា និង ថ្នាក់​វិទ្យាស្ថាន​សាសនា ( ឆ្នាំ ២០១២ ) ទំព័រ ២២ ] ) ។

  • តើ​យើង​អាច​រៀន​អ្វីខ្លះ​ចេញ​ពី​ខគម្ពីរ​ទាំងនេះ អំពី​របៀប​កម្ចាត់​ចោល​នូវ​ភាពទុច្ចរិត និង​បក្សព័ន្ធ​សម្ងាត់ ?

អាលម៉ា ៦២:៤១, នីហ្វៃទី៤ ១:៤២, មរមន ១:១៣–១៧, ១៩, ២:៨, ១៤–១៥, ១៨–១៩, ៣:២–៣, ១២, ២២, មរ៉ូណៃ ៩:៦, ២២, ២៥–២៦

ការបន្ត​មាន​ភាពសុចរិត​ខណៈ​ហ៊ុំព័ទ្ធ​ដោយ​ភាពទុច្ចរិត

សូម​ប្រាប់​សិស្ស​ថា ព្យាការី​មរមន​បាន​កើត​មក​ក្នុង​បរិយាកាស​ដែល​ភាពទុច្ចរិត​កំពុង​កើន​ឡើង ដែល​នាំ​មក​ដោយ​ពួក​បក្សព័ន្ធ​សម្ងាត់​ទាំងនេះ ។ សូម​ឲ្យ​សិស្ស​សិក្សា​វគ្គ​បទគម្ពីរ​ខាងក្រោម​នេះ ហើយ​រកមើល និង​គូសចំណាំ​ការពិពណ៌នា​អំពី​បរិយាកាស​របស់​មរមន ។ មរមន ១:១៣–១៤, ១៦–១៧, ១៩, ២:៨, ១៤–១៥, ១៨ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ហើយ​បន្ទាប់​មក​សូម​សួរ ៖

  • តើ​កង្វល់​អ្វី​ខ្លះ​ដែល​អ្នក​មាន​អំពី​ការរស់នៅ​ក្នុង​បរិយាកាស​បែប​នោះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន មរមន ១:១៥ និង ២:១៩ ឮៗ ។

  • តើ​យើង​អាច​រៀន​អ្វី ចេញ​ពី​គំរូ​របស់​មរមន អំឡុង​ពេល​ដ៏​ទុច្ចរិត​នេះ ? ( ពេល​សិស្ស​ឆ្លើយ សូម​សរសេរ​សេចក្ដីពិត​ដូច​តទៅ​នេះ​នៅលើ​ក្ដារខៀន ៖ យើង​អាច​រស់នៅ​ដោយ​សុចរិត សូម្បី​តែ​ពេល​ដែល​យើង​ត្រូវបាន​ហ៊ុំ​ព័ទ្ធ​ដោយ​ភាពទុច្ចរិត​ក៏​ដោយ ) ។

សូម​ទុក​ពេល​ឲ្យ​សិស្ស​ដើម្បី​អាន មរមន ៣:២-៣, ១២, ២២ ដើម្បី​មើល​ពី​អ្វី​ផ្សេង​ទៀត​ដែល​ពួកគេ​អាច​រៀន អំពី​របៀប​ដែល​មរមន​អាច​រស់នៅ​ដោយ​សុចរិត​នៅក្នុង​គ្រា​ដ៏​ទុច្ចរិត​នោះ ។ បន្ទាប់ពី​សិស្ស​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន​រួច​ហើយ សូម​សួរ​សំណួរ​ដូច​ខាង​ក្រោម ៖

  • តើ​នរណា​ផ្សេងទៀត នៅ​ក្នុង​គម្ពីរ​មរមន ដែល​ជា​គំរូ​អំពី​ការរស់នៅ​ដោយ​សុចរិត​ខណៈ​ដែល​ត្រូវបាន​ហ៊ុំព័ទ្ធ​ដោយ​ភាពទុច្ចរិត​នោះ ? ( ចម្លើយ​អាច​រួមមាន អេធើរ មរ៉ូណៃ អ័ប៊ីស និង​មនុស្ស​ដែល​បាន​ជឿ​ថា ព្រះគ្រីស្ទ​នឹង​ប្រសូត្រ​មក ដូចដែល​មាន​កត់ត្រា​នៅក្នុង នីហ្វៃទី៣ ១ ) ។

  • តើ​ឧបសគ្គ​អ្វី​ខ្លះ ដែល​យើង​ប្រឈម​មុខ​ជាមួយ ពេល​យើង​ពុះពារ​ព្យាយាម​ដើម្បី​រស់នៅ​ដោយ​សុចរិត នៅក្នុង​ពិភពលោក​ដ៏​ទុច្ចរិត​មួយ​នោះ ?

សូម​រំឭក​សិស្ស​ថា មរ៉ូណៃ ជា​កូនប្រុស​របស់​មរមន បាន​រស់នៅ​អំឡុង​ពេល​ដែល​មាន​ភាពទុច្ចរិត​ដ៏​រីកសុះសាយ​ដូច​គ្នា​នេះ​ដែរ ។ មុនពេល​ការស្លាប់​របស់​លោក មរមន​បាន​សរសេរ​លិខិត​មួយ​ច្បាប់​ទៅកាន់​មរ៉ូណៃ ដែល​មាន​កត់ត្រា​ទុក​នៅក្នុង មរ៉ូណៃ ៩ ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន មរ៉ូណៃ ៩:៦, ២២, ២៥–២៦ ។ សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ពិចារណា ពី​របៀប​ដែល​ដំបូន្មាន​របស់​មរមន​នៅក្នុង​ខគម្ពីរ​ទាំងនេះ អាច​ជួយ​យើង​ឲ្យ​រស់នៅ​ដោយ​សុចរិត​នៅក្នុង​ពិភពលោក​ដ៏​ទុច្ចរិត​មួយ ។

  • តើ​យើង​អាច​រៀន​អ្វីខ្លះ​ពី​ខគម្ពីរ​ទាំងនេះ ដែល​នឹង​ជួយ​យើង​ឲ្យ​រស់នៅ​ដោយ​សុចរិត​នៅក្នុង​ពិភពលោក​សព្វថ្ងៃ​នេះ ? ( សូម​ជួយ​សិស្ស​ឲ្យ​យល់​ពី​គោលការណ៍​ដែល​មាន​ដូច​តទៅនេះ ៖ បើ​យើង​មាន​សេចក្ដី​ជំនឿ​លើ​ព្រះគ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ នោះ​យើង​នឹង​មាន​កម្លាំង​ដើម្បី​រស់នៅ​ដោយ​សុចរិត ទោះបី​ត្រូវបាន​ហ៊ុំព័ទ្ធ​ដោយ​ភាពទុច្ចរិត​ក៏​ដោយ ) ។

  • តើ​គំរូ​អ្វី​ខ្លះ ដែល​អ្នក​បាន​ឃើញ​អំពី​ការរស់នៅ​ដោយ​សុចរិត​នៅ​កណ្ដាល​ភាពទុច្ចរិត​នៅ​សព្វថ្ងៃ​នេះ ?

  • តើ​ការផ្ដោត​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់​បាន​ជួយ​អ្នក​ឲ្យ​ក្រោក​ឡើង​ខ្ពស់​ជាង​ស្ថានភាព​ទុច្ចរិត និង​ពិបាកៗ​យ៉ាង​ណា ?

សូម​ចែកចាយ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​ដែល​ថ្លែង​ដោយ​បងស្រី វីជីនញៀ យូ ជិនសិន ជា​អតីត​ទីប្រឹក្សា​ក្នុង​គណៈប្រធាន​សមាគម​សង្គ្រោះ​ទូទៅ ដើម្បី​ជួយ​សិស្ស​អ្នក​ឲ្យ​ពិចារណា​ថា មាន​អ្វី​ផ្សេងទៀត​ដែល​ពួកគេ​អាច​ធ្វើ​បាន ដើម្បី​ឈរ​យ៉ាង​រឹងមាំ​នៅក្នុង​សេចក្ដី​ជំនឿ និង​សុចរិតភាព ៖

រូបភាព
វីជីនញៀ យូ ជិនសិន

« ដើម្បី​បន្ត​ជំហរ​ដ៏​រឹងមាំ​មួយ​សម្រាប់​ខ្លួន​យើង ហើយ​ជួយ​អ្នក​ផ្សេង​ទៀត​ឲ្យ​ឈរ​រឹងមាំ​ដែរ នោះ​សារលិខិត​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ ត្រូវតែ​បាន​ចាក់​ឫស​យ៉ាង​រឹងមាំ​នៅក្នុង​ដួងចិត្ត​យើង ហើយ​ត្រូវបាន​បង្រៀន​នៅក្នុង​គេហដ្ឋាន​របស់​យើង ។ … បង្រៀន​មនុស្ស​ជា​ទីស្រឡាញ់​របស់​អ្នក ពី​របៀប​ដើម្បី​ទាញ​យក​អំណាច​ទាំងឡាយ​នៃ​ស្ថានសួគ៌ តាមរយៈ​ការតម​អាហារ និង​ការអធិស្ឋាន ។ បង្រៀន​ពួកគេ​ថា ការរក្សា​ថ្ងៃ​ឈប់​សម្រាក​ឲ្យ​បរិសុទ្ធ នឹង​បំបែក​ពួកគេ​ចេញ​ពី​លោកិយ ។ សូម​បង្រៀន​ពួកគេ​ឲ្យ​គោរព​ប្រតិបត្តិ ។ បង្រៀន​ពួកគេ​ឲ្យ​ស្វែងរក​ការយល់ព្រម​ពី​ព្រះ មិន​មែន​ពី​មនុស្ស​ទេ ។ បង្រៀន​ពួកគេ​ថា ផ្លូវ​តែ​មួយ​គត់​ដើម្បី​ត្រឡប់​ទៅកាន់​គេហដ្ឋាន​របស់​ព្រះវរបិតា​វិញ គឺ​ដោយ​ការស្រឡាញ់ និង​ធ្វើ​តាម​ព្រះអង្គ​សង្គ្រោះ ព្រមទាំង​ដោយ​ការធ្វើ និង​កាន់តាម​សេចក្ដី​សញ្ញា និង​ព្រះបញ្ញត្តិ​ដ៏​ពិសិដ្ឋ ។ សេចក្ដីពិត​នៃ​ដំណឹងល្អ និង​ការចេះដឹង​អំពី​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ គឺជា​អាវុធ​ដែល​សមាជិក​គ្រួសារ​អ្នក​អាច​ប្រើប្រាស់​ដើម្បី​បាន​ជ័យ​ជំនះ​លើ​កម្លាំង​ដ៏​អាក្រក់​របស់​សាតាំង » ( «Stand Firm» Ensign ខែ វិច្ឆិកា ឆ្នាំ ២០០១ ទំព័រ ៩៤ ) ។

  • តើ​អ្វី​ដែល​បាន​ផ្ដល់​ដល់​អ្នក​នូវ​ការតាំងចិត្ត និង​កម្លាំង ដើម្បី​គោរព​ប្រតិបត្តិ​ដល់​ព្រះអម្ចាស់ នៅក្នុង​ពិភពលោក​ដ៏​ទុច្ចរិត​ដែល​រីករាយដាល​នេះ ?

សូម​ពន្យល់​ថា អំឡុង​ពេល​សង្គ្រាម​ដ៏​យូរ រវាង​ពួក​សាសន៍​នីហ្វៃ និង​ពួក​សាសន៍​លេមិន ដែល​មាន​កត់ត្រា​នៅក្នុង​គម្ពីរ​អាលម៉ា នោះ​បុគ្គល​ទាំងឡាយ​បាន​ក្រោកឈរ​ប្រឆាំង​នឹង​កម្លាំង​នៃ​មនុស្ស​អាក្រក់ ដើម្បី​រក្សា​ជីវិត​របស់​ខ្លួន ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន អាលម៉ា ៦២:៤១ ហើយ​រកមើល​របៀប​ផ្ទុយ​គ្នា​នានា ដែល​បុគ្គល​ទាំងឡាយ​បាន​ឆ្លើយតប​ទៅ​នឹង​មារសត្រូវ និង​ទុច្ចរិតភាព ។ សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ដែល​អាច​ជួយ​ពួកគេ​ឲ្យ​រស់នៅ​ដោយ​សុចរិត​នៅក្នុង​ពិភពលោក​ដ៏​ទុច្ចរិត​មួយ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​ឮៗ​នូវ សេចក្ដី​ថ្លែងការណ៍​ខាងក្រោម ដែល​បាន​ថ្លែង​ដោយ​ប្រធាន ជែមស៍ អ៊ី ហ្វោស្ត ( ឆ្នាំ ១៩២០-២០០៧ ) នៃ​គណៈប្រធាន​ទីមួយ ទាក់ទង​នឹង​វគ្គ​បទគម្ពីរ​នេះ ៖

រូបភាព
ប្រធាន ជែមស៍ អ៊ី ហ្វោស្ត

« នៅក្នុង​ពិភពលោក​ដែល​ភាពអយុត្តិធម៌​កំពុង​កើនឡើង ដើម្បី​រស់រាន​មាន​ជីវិត ឬ​សូម្បី​តែ​ដើម្បី​ស្វែងរក​សុភមង្គល ឬ​អំណរ មិន​ថា​មាន​អ្វី​កើតឡើង​ក៏​ដោយ នោះ​យើង​ត្រូវតែ​ធ្វើ​ឲ្យ​ជំហរ​របស់​យើង​មាន​ភាពច្បាស់លាស់​ជាមួយ​នឹង​ព្រះអម្ចាស់ ។ យើង​ត្រូវ​ព្យាយាម​ស្មោះត្រង់​គ្រប់​ពេល​ទាំងអស់​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​ឲ្យ​គ្រឹះ​នៃ​សេចក្ដី​ទុកចិត្ត​របស់​យើង​ទៅលើ​ព្រះអម្ចាស់ នឹង​មិន​ដែល​រង្គោះ​រង្គើ​ឡើយ ។ …

« អ្វី​ដែល​កើតឡើង​ចំពោះ​យើង​គឺ​មិន​ណាស់​ណា​ទេ តែ​របៀប​ដែល​យើង​ដោះស្រាយ​ជាមួយ​អ្វី​ដែល​កើតឡើង​ចំពោះ​យើង​នោះ​ទេ​ដែល​វា​សំខាន់​នោះ ។ វា​រំឭក​ខ្ញុំ​ពី​វគ្គ​បទគម្ពីរ​នៅក្នុង​គម្ពីរ​អាលម៉ា ។ បន្ទាប់​ពី​សង្គ្រាម​ដ៏​យូរ ‹ នោះ​មនុស្ស​ជា​ច្រើន​បាន​ក្លាយ​ជា​រឹង​ទទឹង › ខណៈ​ដែល ‹ មនុស្ស​ជាច្រើន​មាន​ចិត្ត​ទន់ភ្លន់ មក​ពី​សេចក្ដី​ទុក្ខវេទនា​ទាំងឡាយ​របស់​គេ › [ អាលម៉ា ៦២:៤១ ] ។ កាលៈទេសៈ​ដូចគ្នា​បង្កើត​នូវ​ផល​ពីរ​ផ្ទុយ​គ្នា ។ … យើង​ម្នាក់ៗ​ត្រូវការ​មាន​ឃ្លាំង​នៃ​សេចក្ដី​ជំនឿ​ផ្ទាល់​របស់​យើង ដើម្បី​ជួយ​យើង​ឲ្យ​ក្រោកឡើង​ឲ្យ​ខ្ពស់ជាង​បញ្ហា​នានា​ដែល​ជា​ផ្នែក​នៃ​ជីវិត​សាកល្បង​ដែល​រមែង​ស្លាប់​នេះ » ( «Where Do I Make My Stand?» EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៤ ទំព័រ ១៨, ២០ ) ។

សូម​ឲ្យ​សិស្ស​ចំណាយ​ពេល​ពីរបី​នាទី ដើម្បី​សរសេរ​ចម្លើយ​ចំពោះ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​ការតាំងចិត្ត​អ្វី​ខ្លះ ដែល​អ្នក​បាន​ធ្វើ ដើម្បី​ឈរ​ដោយ « មាន​ភាពច្បាស់លាស់​ជាមួយ​នឹង​ព្រះអម្ចាស់» ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹង​គិត អំពី​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​អ្នក​បាន​ទទួល​ការបំផុស​គំនិត​អ្វី​ខ្លះ​ពី​ព្រះវិញ្ញាណ ទាក់ទង​នឹង​របៀប​ដែល​អ្នក​អាច​មាន​ការតាំងចិត្ត​កាន់តែ​ខ្លាំង​ចំពោះ​ព្រះអម្ចាស់ ?

  • តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជួយ​សមាជិក​ក្រុមគ្រួសារ​របស់​អ្នក ឲ្យ​មាន​ការតាំង​ចិត្ត​កាន់តែ​ខ្លាំង​ចំពោះ​ព្រះអម្ចាស់ ?

សូម​ថ្លែង​ទីបន្ទាល់​ថា ពេល​យើង​ខិតខំ​ព្យាយាម​នៅក្នុង​សេចក្ដី​ជំនឿ នោះ​ព្រះអម្ចាស់​នឹង​ប្រទានពរ​យើង ហើយ​ជួយ​យើង​ឲ្យ​រស់នៅ​ដោយ​សុចរិត​នៅកណ្ដាល​ភាពទុច្ចរិត ។

ការអាន​របស់​សិស្ស