សន្និសីទទូទៅ
ឥឡូវ​​គឺ​ជា​ពេល​វេលា
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២២


ឥឡូវ​​គឺ​ជា​ពេល​វេលា

ឥឡូវ​គឺ​ជា​ពេល​ដែល​យើង​អាច​រៀន ។ ឥឡូវ​គឺ​ជា​ពេល​ដែល​យើង​អាច​ប្រែចិត្ត ។ ​ឥឡូវ​គឺ​ជា​ពេល​ដែល​យើង​អាច​ប្រទាន​ពរ​អ្នក​ដទៃ ។

បងប្អូន​ប្រុសស្រី​ជា​ទីស្រឡាញ់​របស់​ខ្ញុំ​អើយ សន្និសីទ​នេះ​ចារ​ជា​ប្រវត្តិសាស្ត្រ​តាម​របៀប​ជា​ច្រើន ។ យើង​ត្រូវ​បាន​ប្រទានពរ​តាមរយៈ​ការអធិស្ឋាន សារលិខិត និង​តន្ត្រី ។ យើង​ត្រូវ​បាន​បំផុស​គំនិត​មក​ពី​ពួក​អ្នកបម្រើ​របស់​ព្រះអម្ចាស់ ។

ពួក​យើង​បាន​ទទួល​ការដឹកនាំ​ដ៏​សំខាន់​សម្រាប់​ពេល​អនាគត ។ ការអធិស្ឋាន​របស់​ខ្ញុំ​គឺ​ថា សូម​ឲ្យ​ព្រះវិញ្ញាណ​មាន​បន្ទូល​ទៅ​កាន់​បងប្អូន​ដោយ​ផ្ទាល់​អំពី​រឿង​ដែល​ព្រះអម្ចាស់​នឹង​ឲ្យ បងប្អូន ធ្វើ ។

អនាគត​គឺ​ពុំ​ប្រាកដ​ប្រជាជា​និច្ច​នោះ​ឡើយ ។ អាកាសធាតុ​ប្រែប្រួល ។ ដំណើរ​សេដ្ឋកិច្ច​ពុំ​អាច​ព្យាករ​ដឹង​មុន​បាន​ទេ ។ គ្រោះធម្មជាតិ ឧប្បទ្ទវហេតុ និង​ជំងឺ អាច​ផ្លាស់ប្ដូរ​ជីវិត​ភ្លាមៗ ។ សកម្មភាព​ទាំង​នេះ គឺ​មាន​ទំហំធំ​ហួស​ពី​ការគ្រប់គ្រង​របស់​យើង ។ ប៉ុន្តែ​មាន​រឿង​មួយ​ចំនួន ដែល​យើង អាចគ្រប់គ្រង​បាន រួមមាន ​របៀប​ដែល​យើង​ចំណាយ​ពេលវេលា​ជា​រៀងរាល់​ថ្ងៃ ។

ខ្ញុំ​ចូលចិត្ត​កំណាព្យ​នេះ និពន្ធ​ដោយ ហែនរី វែន ដែក ដែល​ផ្សាយ​អំពី​នាឡិកា sundial នៅ​មហាវិទ្យាល័យ​វែល នៅ​ទីក្រុង នូវយ៉ោក ។ វា​អាន​ថា ៖

ដូច​ជា​ស្រមោល​ទ្រនិច​នាឡិកា​

ខណ្ឌ​ចែក​ព្រំដែន​សីមា​អនាគត និង​អតីតកាល ៖

គ្រា​ដែល​វេលា​ពុំទាន់​មក​ដល់

ដូច​ភាព​ងងឹត​មើល​អ្វី​ពុំ​យល់ ។

តែ​កាលវេលា​កន្លង​ផុត​ទៅ

ពុំ​អាច​បក​ក្រោយ​ឲ្យ​ស្ថិតនៅ ៖

កាល​មាន​វេលា​នៅ​ក្នុង​ដៃ—

ជា​ពេល​ឥឡូវ​នៅ​នា​សព្វ​ថ្ងៃ ។

មែន​ហើយ យើង​គួរ​តែ​រៀន​ពី​អតីតកាល ហើយ មែន​ហើយ យើង​គួរតែ​រៀបចំ​សម្រាប់​អនាគត ។ ប៉ុន្តែ​យើង​អាច​ធ្វើ​វា​បាន​តែ ឥឡូវ ប៉ុណ្ណោះ ។ ឥឡូវ គឺ​ជា​ពេល​ដែល​យើង​អាច​រៀន ។ ឥឡូវ គឺ​ជា​ពេល​ដែល​យើង​អាច​ប្រែចិត្ត ។ ឥឡូវ គឺជា​ពេល​ដែល​យើងអាច​ប្រទានពរ​ដល់​អ្នក​ដទៃ ហើយ​ជួយ « លើក​ដៃ​ដែល​រោយ » ។ ដូច​មរមន​បាន​ទូន្មាន​ដល់​កូនប្រុស​របស់​លោក ឈ្មោះ មរ៉ូណៃ « ចូរ​យើង​ព្យាយាម​ធ្វើការ​ចុះ ដ្បិត​បើសិនជា​យើង​ឈប់​ខិតខំ នោះ​យើង​នឹងត្រូវ​បាន​នៅក្រោម​ការ​កាត់ទោស ដ្បិត​យើង​មាន​ការណ៍​មួយ​សម្រាប់​ធ្វើ នៅ​ពេល​យើង​នៅក្នុង​រោងឧបោសថឥដ្ឋ​នេះ ដើម្បី​ឲ្យ​យើង​អាច​ឈ្នះ​លើ​ខ្មាំង​សត្រូវ​នៃ​អស់​ទាំង​សេចក្ដីសុចរិត ឯព្រលឹង​របស់​យើង​នឹង​សម្រាក​នៅ​ក្នុង​នគរ​ព្រះ » ។

មារសត្រូវ វា​ពុំ​ដេកឡើយ ។ តែងតែ​មាន​ការផ្ទុយ​ទៅ​នឹង​សេចក្ដីពិត​ជានិច្ច ។ ខ្ញុំ​សូម​លើក​ទឹកចិត្ត​សារជាថ្មី​នា​ព្រឹកនេះ​ថា សូម​ធ្វើ​រឿង​ទាំងឡាយ​ដែល​នឹង​ចម្រើន​សន្ទុះ​វិជ្ជមាន​ខាងវិញ្ញាណ​របស់​បងប្អូន ដែល​អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ បាន​មាន​ប្រសាសន៍​ដែល​នឹង​បន្ដ​ដំណើរ​ដើរ​ឆ្ពោះ​ទៅ​មុខ​ឆ្លង​កាត់​ឧបសគ្គ និង​ឱកាស​នានា​ដែល​នឹង​កើត​មាន​ឡើង ។

​សន្ទុះ​​វិជ្ជមាន​ខាង​វិញ្ញាណ​បាន​ចម្រើន​ឡើង នៅពេល​យើង​ថ្វាយបង្គំ​នៅក្នុង​ព្រះវិហារបរិសុទ្ធ ហើយយល់ដឹងច្រើនឡើង​​អំពី​ជម្រៅ និងទំហំ​នៃ​ពរជ័យ​ដ៏​មហិមា ដែល​យើង​ទទួល​បាន​នៅ​ទីនោះ ។ ខ្ញុំ​សូម​អង្វរ​ដល់​បងប្អូនឲ្យ​ទប់ទល់​នឹង​ផ្លូវ​​លោកិយ​ ដោយការ​ផ្ដោត​ទៅលើ​ពរជ័យ​ដ៏​អស់កល្ប​នៃ​ព្រះវិហារបរិសុទ្ធ ។ ពេល​វេលា​របស់​បងប្អូន នាំ​មក​នូវ​ពរជ័យ​អស់កល្ប​ជានិច្ច ។

កាល​ដែល​សាសនាចក្រ​បន្ដ​រីកចម្រើន នោះ​យើង​ខិតខំ​រក្សា​សន្ទុះ​របស់​យើង​ដោយ​ការ​សង់​ព្រះវិហារបរិសុទ្ធ​ឲ្យ​កាន់​តែ​ច្រើន​ឡើង ។ ព្រះវិហារ​បរិសុទ្ធ​ថ្មី​ចំនួន សែសិប-បួន កំពុង​ធ្វើ​ការសាងសង់​បច្ចុប្បន្ន​នេះ ។ ច្រើន​ទៀត​កំពុង​ធ្វើ​ឲ្យ​ថ្មី​ឡើង​វិញ ។ ខ្ញុំ​អធិស្ឋានសម្រាប់​​អ្នកជំនាញ​ដែលធ្វើការ​ក្នុងគម្រោង​ទាំងនេះ​នៅជុំវិញពិភពលោក ។

ក្នុង​ស្មារតី​នៃ​ការ​ដឹង​គុណ​ដោយ​ការអធិស្ឋាន ខ្ញុំ​មាន​សេចក្តី​រីករាយ​ក្នុង​ការ​ប្រកាស​ពី​ផែនការ​របស់​យើង​ក្នុង​ការសាងសង់​ព្រះវិហារ​បរិសុទ្ធ​ថ្មី​នៅ​តាម​ទីតាំង​នីមួយៗ​ដូច​ខាង​ក្រោម ៖ វេល្លីងតុន ប្រទេស​នូវែលសេឡង់, ប្រាស្សេវីល សាធារណៈរដ្ឋ​កុងហ្គោ, បាសេឡូណា ប្រទេស​អេស្ប៉ាញ, ប៊ឺមីងហាំ ប្រទេស​អង់គ្លេស, ខាស្កូ ប្រទេស ប៉េរូ, ម៉ាសេអ៊ីយ៉ូ និង សានតូស ប្រទេស​ប្រេស៊ីល, សាន ល្វីស ប៉ូតូស៊ី និង ម៉ិចស៊ីកូ​ស៊ីធី, បេណាមេរីតូ ម៉ិចស៊ិក និង​នៅក្នុង ស.រ.អា តាំប៉ា រដ្ឋ​ផ្ល័ររីដា, នក់វីល រដ្ឋ​ថេណេសស៊ី, ក្លេវឡិន រដ្ឋ​អូហៃអូ, វីឈឺតា រដ្ឋ​កាន់សាស, អូស្ទីន រដ្ឋ​តិចសាស, មីសសូឡា រដ្ឋ​ម៉ុនតាណា, ម៉ុនពេលីយើរ រដ្ឋ​អៃដាហូ, និង ម៉ូដេស្តូ រដ្ឋ កាលីហ្វ័រញ៉ា ។

ព្រះវិហារបរិសុទ្ធ​ទាំង១៧នោះនឹង​ប្រទានពរ​ដល់​ជីវិត​រាប់​មិនអស់​នៅ​ទាំង​សង្ខាង​នៃ​វាំងនន ។ បងប្អូន​ប្រុសស្រី​ជា​ទីស្រឡាញ់ ខ្ញុំ​ស្រឡាញ់​បងប្អូន ។ ដែល​សំខាន់​ជាង​នេះ ព្រះអម្ចាស់​ស្រឡាញ់​បងប្អូន ។ ទ្រង់​ជា​ព្រះអង្គ​សង្រ្គោះ និង​ព្រះប្រោសលោះ​របស់​បងប្អូន ។ ទ្រង់​ដឹក​នាំ និង​ណែនាំ​សាសនាចក្រ​របស់​ទ្រង់ ។ សូម​ឲ្យ​យើង​ធ្វើ​ជា​រាស្ត្រដ៏​ស័ក្ដិសម​របស់​ព្រះអម្ចាស់ ដែលទ្រង់​​មានបន្ទូលថា « នោះ​អ្នក​រាល់គ្នា​នឹង​បានជារាស្ត្រ​របស់​យើង ហើយ​យើង​នឹង​ធ្វើ​ជា​ព្រះ​ដល់​អ្នករាល់គ្នា » ។

ខ្ញុំ​អធិស្ឋានទូលសូម​​ពរជ័យ​នេះ នៅ​ក្នុងព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕