សន្និសីទទូទៅ
តើ​ផែនការ​នេះ​ដំណើរការ​ដែរ​ឬទេ ?
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២២


តើ​ផែនការ​នេះ​ដំណើរការ​ដែរ​ឬទេ ?

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ផែនការ​នៃ​សុភមង្គល​គឺដំណើរការ ។ វា​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ព្រះវរបិតា​សួគ៌ ដែល​ស្រឡាញ់​បងប្អូន ។

តើ​ផែនការ​នេះ​ដំណើរការ​ដែរ​ឬ​ទេ ?

ថ្មីៗ​នេះ​ខ្ញុំ​បាន​សន្ទនា​ជាមួយ​នឹង​យុវ​មជ្ឈិមវ័យ​ម្នាក់ ដែល​បាន​បម្រើ​បេសកកម្ម​បីបួន​ឆ្នាំ​មុន ហើយ​ឥឡូវ​នេះ​ប្រឡូក​ក្នុង​អាជីព​ការងារ​របស់​គាត់ ។ តាម​របៀប​ខ្លះ ជីវិត​របស់​គាត់​បាន​ដំណើរការ​ល្អ ។ ប៉ុន្តែ​ជំនឿ​របស់​គាត់​បាន​ធ្លាក់​ចុះ ។ គាត់​កំពុង​លិច​ទៅ​ក្នុង​សមុទ្រ​នៃ​ការសង្ស័យ​អំពី​ព្រះអង្គសង្គ្រោះ និង​សាសនាចក្រ​របស់​ទ្រង់ ។ គាត់​បាន​ពន្យល់​ថា គាត់​មិន​បាន​ទទួល​ពរជ័យ ដែល​គាត់​បាន​រំពឹង​ពី​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើងវិញ​ឡើយ ។ គាត់​មាន​អារម្មណ៍​ថា ផែនការ​នៃ​សុភមង្គល​មិន​ដំណើរការ​នៅក្នុង​ជីវិត​របស់​គាត់​ទេ ។

សារលិខិត​របស់​ខ្ញុំ​នៅ​ថ្ងៃនេះ​គឺ​សម្រាប់​បងប្អូនទាំងអស់ណា ដែល​មាន​អារម្មណ៍​ស្រដៀងគ្នា​នេះ ។ ខ្ញុំ​សូម​និយាយ​ទៅកាន់​បងប្អូន​ដែល​ធ្លាប់​មាន « អារម្មណ៍​ចង់​ច្រៀង​នូវ​ចម្រៀង​នៃ​សេចក្ដី​ស្រឡាញ់​ដែល​ប្រោសលោះ » នៅ​គ្រាមួយ ប៉ុន្ដែ​លែង « ចាប់​អារម្មណ៍​យ៉ាង​នេះ​ឥឡូវ​នេះ » ទៀត​ហើយ ។

ព្រះវរបិតា​សួគ៌​របស់​យើង បាន​រៀបចំ​ផែនការ​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ឲ្យ​យើង​មាន​សុភមង្គល​ដ៏​អស់កល្ប​ជានិច្ច ។ ប៉ុន្ដែ​ពេល​ជីវិត​មិនសមស្រប​តាម​របៀប​ដែល​យើង​សង្ឃឹម​ទុក នោះ​វា​មើល​ទៅ​អាច​ថា ផែនការ​មិន​ដំណើរការ​ទេ ។

ប្រហែល​យើង​មាន​អារម្មណ៍​ដូចជា​សិស្ស​របស់​ព្រះយេស៊ូវ ពេល​ពួកគេ​នៅលើ​ទូក « នៅ​កណ្តាល​សមុទ្រ ត្រូវ​រលក​បោក​ជា​ខ្លាំង ដោយ​ព្រោះ​ច្រាស​ខ្យល់ » ។

បន្ទាប់មក នៅ​ព្រឹក​ព្រលឹម​ស្រាង ៖

« ព្រះយេស៊ូវ​យាង​កាត់​លើ​ទឹក​សមុទ្រ​ទៅ​ឯ​ពួកគេ ។

កាល​ពួកសិស្ស​ឃើញ​ទ្រង់​យាង​លើ​ទឹក​ដូច្នោះ ​ក៏​ភ័យ​វល់ … រួច​គេ​ស្រែក​ឡើង​ដោយ​សេចក្តី​តក់ស្លុត ។

តែ​ព្រះយេស៊ូវ​ទ្រង់​មាន​ព្រះបន្ទូល​ដល់​គេ​ភ្លាម​ថា ចូរ​សង្ឃឹម​ឡើង គឺ​ខ្ញុំ​ទេ​តើ កុំ​ឲ្យ​ភ័យ​ឡើយ ។

ពេត្រុស​ទូល​តប​ថា ព្រះអម្ចាស់​អើយ បើ​ជា​ទ្រង់​មែន នោះ​សូម​ឲ្យ​ទូលបង្គំ​ដើរ​លើ​ទឹក​ទៅ​ឯ​ទ្រង់​ផង ។

ទ្រង់​មាន​ព្រះបន្ទូល​ថា ចូល​មក​ចុះ ។ ពេត្រុស​ក៏​ចុះ​ចេញពី​ទូក​ដើរ​លើ​ទឹក ដើម្បី​ទៅ​ឯ​ព្រះយេស៊ូវ ។

តែ​កាល​លោក​បាន​ឃើញ​ខ្យល់​បក់​ជា​ខ្លាំង នោះ​លោក​មាន​ចិត្ត​ភ័យ ហើយ​ដោយ​ព្រោះ​ចាប់​តាំង​លិច​ទៅ បានជា​លោក​ស្រែក … ថា ព្រះអម្ចាស់​អើយ សូម​ជួយ​សង្គ្រោះ​ទូលបង្គំ​ផង ។

ស្រាប់​តែ​ព្រះយេស៊ូវ​ទ្រង់​លូក​ព្រះហស្ត​ទៅ​ចាប់​គាត់​ភ្លាម ដោយ​ព្រះបន្ទូល​ថា ឱ​មនុស្ស​មាន​ជំនឿ​តិច​អើយ ហេតុអ្វី​បានជា​អ្នក​សង្ស័យ ? »

តើ​ខ្ញុំ​អាច​ចែកចាយ​ជាមួយ​បងប្អូន​នូវ​គោលការណ៍​ចំនួន​បី ដែល​ខ្ញុំ​បាន​រៀន​មក​ពី​ពេត្រុស​បាន​ដែរ​ឬទេ ? ខ្ញុំ​អធិស្ឋាន​ថា គោលការណ៍​ទាំងនេះ​អាច​ជួយ​បងប្អូនណា​ដែល​មាន​អារម្មណ៍​ថា ផែនការ​នៃ​សុភមង្គល​មិន​ដំណើរការ​នៅ​ក្នុង​ជីវិត​របស់​ពួកគេ ។

ទីមួយ ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។

ខ្ញុំ​ស្ងើច​សរសើរ​ដល់​សេចក្ដី​ជំនឿ​របស់​ពេត្រុស ។ លោក​បាន​ចេញពី​ទូក​ដែល​ត្រូវ​រលក​បោក​យ៉ាង​ខ្លាំង ដោយសារ​ការអញ្ជើញ​ដ៏​សាមញ្ញ​របស់​ព្រះយេស៊ូវ​ឲ្យ « ចូល​មក​ចុះ » ។ លោក​ហាក់​ដឹង​ថា បើ​សិន​ជា​ព្រះយេស៊ូវ​គ្រីស្ទ​បាន​អញ្ជើញ​លោក​ឲ្យ​ធ្វើ​អ្វី​មួយ​នោះ​លោក​អាច​ធ្វើ​វា​បាន ។ ពេត្រុស​បាន​ទុកចិត្ត​លើ​ព្រះអង្គ​សង្គ្រោះ ខ្លាំង​ជាង​លោក​ទុកចិត្ត​លើ​ទូក​របស់​លោក ។ ហើយ​សេចក្ដី​ជំនឿ​នោះ​បាន​ផ្ដល់​អំណាច​ឲ្យ​លោក​ធ្វើ​សកម្មភាព​ដោយ​ចិត្ត​ក្លាហាន​នៅក្នុង​ស្ថានភាព​ដ៏តានតឹង និង​គួរឲ្យ​ភ័យខ្លាច ។

សេចក្ដី​ជំនឿ​របស់​ពេត្រុស​រំឭក​ខ្ញុំ​អំពី​បទពិសោធន៍​មួយ មក​ពី​អែលឌើរ ហូសេ អិល អាឡូនសូ ។ មិន​យូរ​ប៉ុន្មាន​ក្រោយពេល​កូនប្រុស​របស់​អែលឌើរ អាឡូនសូ បាន​ស្លាប់​ទៅ ដោយ​បន្សល់​ទុក​នូវ​គ្រួសារ​ដែល​មាន​កូន​តូចៗ​ជាច្រើន នោះ​អែលឌើរ អាឡូនសូ បាន​ឮ​កូនៗ​និយាយ​គ្នា​ដោយ​ចៃដន្យ ។

ពួកគេ​បាន​សួរ​គ្នា​ថា « តើ​យើង​នឹង​ធ្វើ​អ្វី​ត​ទៅ​ទៀត ? »

កូនស្រី​អាយុ​ប្រាំបួន​ឆ្នាំ​ម្នាក់​បាន​ឆ្លើយ​ថា « ប៉ា​មិន​អីទេ ។ គាត់​កំពុង​ផ្សាយ​ដំណឹងល្អ​ព្រះយេស៊ូវ​គ្រីស្ទ » ។

ដូចជា​ពេត្រុស និង​កូនស្រី​ម្នាក់​នេះ​ដែរ បាន​មើល​រំលង​ឧបសគ្គ​របស់​នាង ហើយ​បាន​ទុកចិត្ត​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ ។ សេចក្ដី​ជំនឿ​លើ​ព្រះអង្គ​សង្គ្រោះ​នាំ​មកនូវ​សេចក្ដី​សុខសាន្ដ និង​កម្លាំង​ដើម្បី​ឆ្ពោះ​ទៅមុខ ។

បើ​បងប្អូន​ក្រឡេក​មើល​ត្រទ្បប់​បកក្រោយ​វិញ​ពី​ជីវិត​របស់​បងប្អូន នោះ​ខ្ញុំ​ជឿ​ថា បងប្អូន​នឹង​ឃើញ​ថា បងប្អូន​បាន​អនុវត្ត​សេចក្ដី​ជំនឿ​ជាច្រើន​ដង​នៅក្នុង​ជីវិត​របស់​បងប្អូន ។ ការចូលរួម​ក្នុង​សាសនាចក្រ​នេះ​គឺជា​សកម្មភាព​នៃ​សេចក្ដី​ជំនឿ ។ ការទូល​ទៅ​ព្រះវរបិតា​សួគ៌​នៅក្នុង​ការអធិស្ឋាន​គឺជា​សកម្មភាព​នៃ​សេចក្ដី​ជំនឿ ។ ការអាន​ព្រះគម្ពីរ​គឺជាសកម្មភាព​នៃ​សេចក្ដី​ជំនឿ ។ ការស្ដាប់​សារលិខិត​នៅ ក្នុង​សន្និសីទ​ទូទៅ​នេះ​គឺ​ជា​សកម្មភាព​នៃ​សេចក្ដី​ជំនឿ ។ ដូច ប្រធាន រ័សុល អិម ណិលសុន បាន​ថ្លែង​ថា « សូម​កុំ​បន្ថយ​សេចក្ដី​ជំនឿ ដែល​បងប្អូន​មាន​រួច​ទៅហើយ​នោះ​ឡើយ » ។

មេរៀន​មួយទៀត​ដែល​ខ្ញុំ​បាន​រៀន​ពី​ពេត្រុស​គឺ​គោលការណ៍​នេះ ៖

ក្នុង​ពេល​មាន​បញ្ហា សូម​ងាក​ទៅ​រក​ព្រះយេស៊ូវ​គ្រីស្ទ​ភ្លាម ។

កាល​លោក​ដើរ​ទៅ​រក​ព្រះអង្គ​សង្គ្រោះ នោះ​ពេត្រុស​បាន​ខ្លាច​ខ្យល់ ហើយ​ចាប់ផ្ដើម​លិច​ចុះ ។ ប៉ុន្ដែ​ពេល​ពេត្រុស​បាន​ដឹង​ពី​អ្វី​ដែល​កំពុង​កើត​ឡើង នោះ​លោក​មិនបាន​ព្យាយាម​ជាន់​ទឹក​ដោយ​ខ្លួនឯង ឬ​ហែល​ត្រឡប់​ទៅរក​ទូក​វិញ​ទេ ។ ជាជាង​បោះបង់​សេចក្ដី​ជំនឿ​របស់​លោក​លើ​ព្រះគ្រីស្ទ នោះ​លោក​បាន​តោង​កាន់តែ​ជាប់​ជាងមុន ដោយ​ស្រែក​ថា « ព្រះអម្ចាស់​អើយ សូម​ជួយ​សង្គ្រោះ​ទូលបង្គំ​ផង » ។

« ស្រាប់​តែ​ព្រះយេស៊ូវ​ទ្រង់​លូក​ព្រះហស្ត​ទៅ​ចាប់​លោក​ភ្លាម » ។

យើង​ទាំងអស់​គ្នា​ជួប​នឹង​ខ្យល់​ដែល​បក់​បោកយ៉ាង​ខ្លាំង ដែល​អាច​ធ្វើឲ្យ​សេចក្ដី​ជំនឿ​របស់​យើង​រង្គោះ​រង្គើ ហើយ​បណ្ដាល​ឲ្យយើង​លិចចុះ ។ នៅពេល​រឿង​នេះ​កើតឡើង សូម​ចាំ​ថា ផែនការ​នៃ​សុភមង្គល​របស់​ព្រះវរបិតា​សួគ៌​មាន​ឈ្មោះ​មួយ​ទៀត—គឺ​ផែនការ​នៃ​សេចក្ដី​ប្រោសលោះ ។ ផែនការ​នេះ​មិនមែន​ឲ្យ​យើង​មាន​ជីវិត​ដែល​ងាយស្រួល ដោយ​មិន​ជំពប់ មិន​លិចចុះ ហើយ​ញញឹម​ស្រស់​ជាប់​ជានិច្ច​នោះទេ ។ ព្រះវរបិតា​សួគ៌​បាន​ជ្រាប​ថា យើង​នឹង​ត្រូវការ​ជំនួយ​ដើម្បី​បាន​ប្រោសលោះ ។ នេះ​ជា​មូលហេតុ​ដែល​ទ្រង់​បាន​រៀបចំ​ផែនការ​នៃ​សេចក្ដី​ប្រោសលោះ ។ នេះ​ជា​មូលហេតុ​ដែល​ទ្រង់​បាន​បញ្ជូន​ព្រះប្រោសលោះ​មួយ​អង្គ​មក ។ នៅពេល​យើង​ពិបាក—ដោយសារ​ហេតុផល​ណា​ក៏ដោយ—វា​មិនមាន​ន័យ​ថា ផែនការ​នេះ​មិន​ដំណើរការ​នោះ​ទេ ។ នោះ​គឺជា​ពេល​ដែល​យើង​ត្រូវការ​ផែនការ​នេះ​ខ្លាំង​បំផុត !

នៅ​គ្រា​ទាំងនោះ សូម​ធ្វើតាម​គំរូ​របស់​ពេត្រុស ។ សូម​ងាក​ទៅរក​ព្រះអង្គ​សង្គ្រោះ​ភ្លាម ។

« ឥឡូវ​នេះ​គឺ​ជា​ពេល​និង​ថ្ងៃ​នៃ​សេចក្តីសង្គ្រោះ​របស់​បងប្អូន ។ … « សូម​កុំ​ពន្យារ​ពេល​នៃ​ការប្រែចិត្ត​របស់​បងប្អូន​ឡើយ » ។

មិន​ថា​យើង​នៅ​ត្រង់​ចំណុច​ណា និង​នៅ​កន្លែង​ណា​ទេ ការប្រែចិត្ត​គឺជា​ផ្លូវ​ដើរ​បន្ត​ឆ្ពោះ​ទៅ​មុខ ។ ប្រធាន ណិលសុន បាន​បង្រៀន ៖

« គ្មាន​អ្វី​ដែល​មាន​សេរីភាព ប្រពៃ ឬ​សំខាន់​ចំពោះ​ការរីកចម្រើន​របស់​យើង​ម្នាក់ៗ ជាង​ការផ្ដោត​ទៅលើ​ការប្រែចិត្ត​ជា​ទៀងទាត់ និង​ប្រចាំ​ថ្ងៃ​នោះ​ទេ ។ …

ទោះជា​បងប្អូន​កំពុង​ដើរ​ដោយ​ឧស្សាហ៍​ព្យាយាម​នៅលើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា ឬ​បាន​ភ្លាត់ ឬ​រអិល​ចេញ​ពី​ផ្លូវ​នៃ​សេចក្ដី​សញ្ញា ឬ​មិន​អាច​មើលឃើញ​ផ្លូវ​ពី​ត្រង់​កន្លែង​ដែល​បងប្អូន​នៅ​ឥឡូវ​នេះ​ក្ដី ខ្ញុំ​សូម​អង្វរ​ឲ្យ​បងប្អូន​ប្រែចិត្ត ។ សូម​ទទួល​យក​បទពិសោធន៍​នៃ​ការពង្រឹង​អំណាច​នៃ​ការប្រែចិត្ត​ប្រចាំ​ថ្ងៃ—ក្នុង​ការធ្វើ និង​ធ្វើជា​មនុស្ស​ប្រសើរ​ជាង​បន្ដិច​ម្ដងៗ​ជា​រៀងរាល់​ថ្ងៃ » ។

ការមក​រក​ព្រះគ្រីស្ទ​មាន​ន័យ​លើសពី​ការគ្រាន់តែ​គិត​អំពី​ទ្រង់ ឬ​ការនិយាយ​អំពី​ទ្រង់ ឬ​សូម្បីតែ​ការស្រឡាញ់​ទ្រង់​ទៅទៀត ។ វា​មាន​ន័យ​ថា​ធ្វើតាម​ទ្រង់ ។ វា​មាន​ន័យ​ថា រស់នៅ​តាម​មាគ៌ា​ដែល​ទ្រង់​បង្រៀន​យើង​ឲ្យ​រស់នៅ ។ ហើយ​សម្រាប់​យើង​ទាំងអស់​គ្នា ការណ៍​នោះ​មាន​ន័យ​ថា គឺ​ជា​ការប្រែចិត្ត​ដោយ​មិន​ពន្យារ​ពេល​ឡើយ ។

កូនស្រី​របស់​ខ្ញុំ​ម្នាក់​ធ្លាប់​ធ្វើការ​នៅក្នុង​មជ្ឈមណ្ឌល​បំពាក់បំប៉ន​អ្នកផ្សព្វផ្សាយ​សាសនា ។ នាង​បាន​ប្រាប់​ខ្ញុំ​អំពី​អែលឌើរ​ម្នាក់ ដែល​នាង​បង្រៀន ដែល​នោះជា​រឿង​សម្ងាត់​របស់នាង​ថា គាត់​មិន​សូវ​ប្រាកដ​ចិត្ត​ថា​ព្រះគម្ពីរ​មរមន​គឺ​ពិត​នោះ​ទេ ។ គាត់​បាន​អធិស្ឋាន​ហើយ​អធិស្ឋាន​ទៀត​ទូល​សូម​សាក្សី​ខាង​វិញ្ញាណ​មួយ ប៉ុន្ដែ​គាត់​មិន​បាន​ទទួល​ចម្លើយ​នោះ​ទេ ។

កូនស្រី​របស់​ខ្ញុំ​បាន​អធិស្ឋាន​ដើម្បី​ដឹង​ពី​អ្វី​ដែល​នាង​គួរតែ​ធ្វើ ដើម្បី​ជួយ​ដល់​អ្នកផ្សព្វផ្សាយ​សាសនា​រូប​នេះ ។ ចំណាប់​អារម្មណ៍​ដែល​នាង​បាន​ទទួល​គឺ​ថា ព្រះគម្ពីរ​មិនមែន​ប្រទាន​មក​ដើម្បី​ឲ្យ​យើង​គ្រាន់តែ​អាច​អាន ហើយ​ទទួល​បាន​ទីបន្ទាល់​នោះទេ ព្រះគម្ពីរ​ក៏​ត្រូវបាន​ប្រទាន​មក​ដើម្បី​បង្រៀន​យើង​ឲ្យ​កាន់តាម​បទបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ​ផងដែរ ។ កូនស្រី​របស់​ខ្ញុំ​បាន​ចែកចាយ​គំនិត​នេះ​ជាមួយ​អ្នកផ្សព្វផ្សាយ​សាសនា​នេះ ។

ក្រោយមក នាង​បាន​ជួប​នឹង​អ្នកផ្សព្វផ្សាយ​សាសនា​រូប​នេះ​ម្ដងទៀត ដែល​មើលទៅ​រីករាយ​ខ្លាំង​ជាងមុន​ ។ គាត់​បាន​ប្រាប់​នាង​ថា នៅ​ទីបំផុត​គាត់​បាន​ទទួល​ទីបន្ទាល់​ហើយ ថា​ព្រះគម្ពីរ​មរមន​គឺ​ពិត ។ គាត់​បាន​ដឹង​ថា សាក្សី​នេះ​បាន​មក ដោយសារ​គាត់​បាន​ខិតខំ​ខ្លាំង​ជាងមុន​ដើម្បី ធ្វើ អ្វី​ដែល​ព្រះគម្ពីរ​មរមន​បង្រៀន ។

ចូរ​យើង​ធ្វើតាម​គំរូ​របស់​ពេត្រុស​ក្នុង​ការងាក​ទៅរក​ព្រះអង្គ​សង្គ្រោះ នៅ​ពេល​មាន​បញ្ហា ។ សូម​ធ្វើ​តាម​ព្រះយេស៊ូវ​គ្រីស្ទ ជាជាង​ពឹងផ្អែក​លើ​ប្រាជ្ញា និង​កម្លាំង​របស់​យើង​ផ្ទាល់ ។ មិន​ថា​បងប្អូន​បាន​ព្យាយាម​ជាន់​ទឹក​ដោយ​គ្មាន​ទ្រង់​យូរ​ប៉ុណ្ណានោះ​ទេ វា​មិន​ដែល​យឺត​ពេល​ដើម្បី​ឈោង​ទៅរក​ជំនួយ​ពី​ទ្រង់​ឡើយ ។ ផែនការ​នេះ​ដំណើរការ !

គោលការណ៍​ទីបី​ដែល​ខ្ញុំ​បាន​រៀន​មក​ពី​ពេត្រុស​និង​បទពិសោធន៍​របស់​លោក​គឺ ៖

សូម​បន្ទាប​ខ្លួន​បងប្អូន​នៅ​ចំពោះ​ព្រះអម្ចាស់ ហើយ​ទ្រង់​នឹង​តម្កើង​បងប្អូន​ឡើង​ទៅកាន់​អ្វីៗ​ដែល​កាន់តែ​អស្ចារ្យ ។

ពេត្រុស​បាន​បង្ហាញ​សេចក្ដី​ជំនឿ ទាំង​ពេល​ដើរ​នៅលើ​ទឹក និង​ពេល​ឈោង​ទៅរក​ព្រះអង្គ​សង្គ្រោះ នៅពេល​លោក​ត្រូវការ​ជំនួយ ។ ទោះជា​ដូច្នោះ​​ក្ដី ក៏​ព្រះអង្គ​សង្គ្រោះ​បាន​ទត​ឃើញ​សក្ដានុពល​ជាច្រើន​ទៀត​ដែល​​ពេត្រុសមាន ។ ទ្រង់​បាន​មាន​បន្ទូល​ថា « ឱ​មនុស្ស​មាន​ជំនឿ​តិច​អើយ ហេតុអ្វី​បានជា​អ្នក​សង្ស័យ ? »១០

ពេត្រុស​អាច​បាន​តូចចិត្ត​នឹង​ការស្ដី​បន្ទោស​នេះ ។ ប៉ុន្ដែ​លោក​បាន​ទទួល​យក​វា​ដោយ​ចិត្ត​រាបសា ។ លោក​បាន​បន្ដ​ស្វែងរក​សេចក្តី​ជំនឿ​កាន់តែ​ខ្លាំង​ឡើង​នៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ។ តាមរយៈ​បទពិសោធន៍​ដែល​ស្ថាបនា​សេចក្ដី​ជំនឿ​បន្ថែម​ទៀត​ជា​ច្រើន—បទពិសោធន៍​ខ្លះ​ពិបាក​ខ្លាំង—នោះ​នៅ​ទីបញ្ចប់ ពេត្រុស​បាន​ក្លាយជា​អ្នកដឹកនាំ​ដែល​រឹងមាំ​ដូច​ថ្ម ដែល​ព្រះអម្ចាស់​ត្រូវការ​ពី​លោក ។ លោក​បាន​សម្រេច​កិច្ចការ​អស្ចារ្យ​ជាច្រើន​នៅក្នុង​ការបម្រើ​ដល់​ព្រះអម្ចាស់ ។

តើ​ព្រះអម្ចាស់​សព្វព្រះទ័យ​ចង់​ឲ្យ​បងប្អូន​សម្រេច​បាន​កិច្ចការ​អស្ចារ្យ​អ្វីខ្លះ ? នៅក្នុង​សាសនាចក្រ និង​នគរ​របស់​ទ្រង់ មាន​ឱកាស​ជាច្រើន​ដើម្បី​បម្រើ និង​ផ្ដល់​ការងារ​បម្រើ​ដល់​មនុស្ស​ដទៃ ដូចដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​ដែរ ។ ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​បងប្អូន​ធ្វើ​ជា​ផ្នែក​នៃ​កិច្ចការ​ដ៏អស្ចារ្យ​របស់​ទ្រង់ ។ ផែនការ​នៃ​សុភមង្គល​នឹង​មិន​អាច​ក្លាយជា​ផ្នែក​ដ៏ពិត​ជាងនេះ​ចំពោះ​បងប្អូន ជាង​ពេល​បងប្អូន​ជួយ​មនុស្ស​ដទៃ​ឲ្យ​រស់នៅ​តាម​វា​នោះទេ ។

នៅ​ក្នុង​ការស្ថាបនា​សេចក្ដី​ជំនឿ​របស់​ខ្ញុំ​ផ្ទាល់ ពាក្យពេចន៍​ទាំងនេះ​របស់​អាលម៉ា​បាន​ផ្លាស់ប្ដូរ​ជីវិត​ខ្ញុំ ៖ « មាន​ពរ​ហើយ​ដល់​ពួក​អ្នកណា ដែល​បាន​បន្ទាប​ខ្លួន​ដោយ​ពុំ​បាច់​គេ​បង្ខំ » ។១១ ចូរ​យើង​ដាក់​ខ្លួនយើង​ដោយ​រាបសា​នៅក្នុង​ទីតាំង​មួយ ដែល​ព្រះយេស៊ូវ​អាច​លើកស្ទួយ​យើង​ឡើង​បាន ដឹកនាំ​យើង និង​បង្កើន​សមត្ថភាព​របស់​យើង​បាន​ខ្លាំង​បំផុត ។១២

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ផែនការ​នៃ​សុភមង្គល​គឺដំណើរការ ។ វា​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ព្រះវរបិតា​សួគ៌ ដែល​ស្រឡាញ់​បងប្អូន ។ វា​ដំណើរការ​ដោយ​ព្រោះ​ព្រះយេស៊ូវគ្រីស្ទ បាន​ឈ្នះ​លើ​អំពើ​បាប និង​សេចក្តី​ស្លាប់​តាមរយៈ​ដង្វាយធួន​របស់​ទ្រង់ ។ សូម​មក​រក​ទ្រង់ ធ្វើតាម​ទ្រង់ ហើយ « រំពេច​នោះ ផែនការ​នៃ​សេចក្ដី​ប្រោសលោះ​ដ៏​មហិមា​នឹង​បាន​មក​ដល់បងប្អូន » ។១៣ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. អាលម៉ា ៥:២៦ ។

  2. ម៉ាថាយ ១៤:២៤ ។ មាន​រឿង​ជាច្រើន​អំពី​ជីវិត​នៅ​សម័យ​ទំនើប ដែល​ផ្ទុយពី​របៀប​របប​របស់​សិស្ស​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ យើង​រស់នៅ​ក្នុង​ជំនាន់​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ព្យាករ​ទុក​មក នៅពេល​ដែល « គ្រប់​ទាំងអស់​នឹង​នៅក្នុង​ស្ថានភាព​ចលាចល ហើយ​ប្រាកដ​មែន មនុស្ស​លោក​នឹង​ស្រយុត​ចិត្ត » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:៩១; សូមមើល​ផងដែរ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៥:២៦ ) ។

  3. ម៉ាថាយ ១៤:២៥–៣១ ។

  4. សូមមើល នីហ្វៃទី ១ ៣:៧ ។

  5. រ័សុល អិម ណិលសុន « Christ Is Risen; Faith in Him Will Move MountainsLiahonaខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ១០៤ ។

  6. ម៉ាថាយ ១៤:៣០–៣១ ។

  7. អែលឌើរ លីន ជី រ៉ូប៊ីន បាន​បង្រៀន ៖ « ការប្រែចិត្ត​គឺ​ជា​អំណោយទាន​ដែល​អាច​ទទួល​បាន​រហូត​របស់​ព្រះ​ដែល​ធ្វើ​ឲ្យ និង​អាច​ឲ្យ​យើង​ចេញ​ពី​ភាពបរាជ័យ​មួយ​ទៅកាន់​ភាពបរាជ័យ​មួយ​ទៀត ដោយ​គ្មាន​ការបាត់បង់​នូវ​ភាពរីករាយ​ឡើយ ។ ការប្រែចិត្ត​ពុំ​មែន​ជា​ផែនការ​បម្រុង​នៅក្នុង​ព្រឹត្តិការណ៍​ដែល​យើង​អាច​បរាជ័យ​ឡើយ ។ ការប្រែចិត្ត គឺជា ផែនការ​របស់​ទ្រង់ ដោយ​ដឹង​ថា យើង​នឹង​មាន​កំហុស ។ នេះ​គឺជា​ដំណឹងល្អ​នៃ​ការប្រែចិត្ត » ( « Until Seventy Times Seven » Liahonaខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ២២ ) ។

  8. អាលម៉ា ៣៤:៣១, ៣៣ ។

  9. រ័សុល អិម ណិលសុន « We Can Do Better and Be Better »​Liahonaខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៦៧ ។

  10. ម៉ាថាយ ១៤:៣១ ។

  11. អាលម៉ា ៣២:១៦ ។

  12. ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា « គ្មាន​អ្នកណា​អាច​ជួយ​ក្នុង​កិច្ចការ​នេះ​បាន​ឡើយ លើកលែងតែ​អ្នក​នោះ​នឹង​បន្ទាប​ខ្លួន ហើយ​ពោរពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់ ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២:៨ ) ។

  13. អាលម៉ា ៣៤:៣១ ។