សន្និសីទទូទៅ
ការប្រែចិត្ត​ជឿ​តាម​ព្រះហឫទ័យ​របស់​ព្រះ
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២២


ការប្រែចិត្ត​ជឿ​តាម​ព្រះហឫទ័យ​របស់​ព្រះ

ការប្រែចិត្ត​ជឿ​ផ្ទាល់ខ្លួន​របស់​យើង​រួមមាន​ការទទួល​ខុសត្រូវ ដើម្បី​ចែកចាយ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ជាមួយ​នឹង​ពិភពលោក​នេះ ។

ខ្ញុំ​មាន​អំណរគុណ​ចំពោះ​សារលិខិត​នៃ​ការព្យាករ​ដ៏​មាន​ឥទ្ធិពល​របស់​ប្រធាន រ័សុល អិម ណិលសុន អំពីការហៅ​បម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា និង​សារលិខិត​ដ៏​បំផុស​គំនិត​ដល់​អ្នកផ្សព្វផ្សាយ​សាសនា​របស់​ប្រធាន អិម រ័សុល បាឡឺដ និង​អែលឌើរ ម៉ាកូស អេ អែតឌូកៃទីសនា​ព្រឹក​នេះ ។

ការចាត់តាំង​អ្នកផ្សព្វផ្សាយ​សាសនា​ទៅកាន់​ចក្រភព​អង់គ្លេស​នៅ​ចុង​ឆ្នាំ​មុន បាន​ធ្វើឲ្យ​ខ្ញុំ​ពិចារណា​ពី​ព្រឹត្តិការណ៍​ខាង​វិញ្ញាណ​ដ៏មាន​តម្លៃ​ជាច្រើន ដែល​ជា​គ្រឹះ​នៃ​ការសម្រេច​ចិត្ត​របស់​ខ្ញុំ​ដើម្បី​បម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ម្នាក់ ។ កាល​ខ្ញុំ​អាយុ ១៥ ឆ្នាំ បងប្រុស​ជាទី​ស្រឡាញ់​របស់​ខ្ញុំ ចូ មាន​អាយុ ២០ ឆ្នាំ —ដែល​ពេលនោះ​ជា​អាយុ​ដែល​អាច​បម្រើ​បេសកកម្ម​បាន ។ នៅ​សហរដ្ឋ​អាមេរិក ដោយសារតែ​វិបត្តិ​សង្គ្រាម​កូរ៉េ នោះ​មាន​មនុស្ស​តិចតួច​ណាស់​ដែល​ត្រូវបាន​អនុញ្ញាត​ឲ្យ​ទៅ​បម្រើ ។ មាន​តែ​មនុស្ស​ម្នាក់​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ​ដែល​អាច​ត្រូវបាន​ហៅ​នៅក្នុង​វួដ​មួយៗ ។ វា​ជា​រឿង​ភ្ញាក់ផ្អើល ពេល​ប៊ីស្សព​របស់​យើង​បាន​សុំ​ឲ្យ ចូ រកមើល​លទ្ធភាព​បម្រើ​ជាមួយ​ឪពុក​របស់​យើង ។ ចូ កំពុង​រៀបចំ​ពាក្យ​ស្នើសុំ​ចូលរៀន​សាលា​វេជ្ជសាស្ដ្រ ។ ឪពុក​របស់​យើង ដែល​មិន​សកម្ម​នៅក្នុង​សាសនាចក្រ បាន​រៀបចំ​ថវិកា​មួយ​ចំនួន​ដើម្បី​ជួយ​គាត់​ឲ្យ​ទៅ​រៀន ហើយ​មិន​ពេញចិត្ត​ឲ្យ ចូ ទៅ​បេសកកម្ម​នោះ​ទេ ។ ប៉ា​បាន​ឲ្យ​យោបល់​ថា ចូ អាច​ធ្វើ​ការណ៍​ល្អ​ជាច្រើន​បើ​គាត់​ចូល​រៀន​សាលា​វេជ្ជសាស្ដ្រ ។ នេះ​គឺជា​បញ្ហា​ដ៏ធំ​មួយ​នៅក្នុង​គ្រួសារ​របស់​យើង ។

ក្នុង​ការពិភាក្សា​ដ៏​អស្ចារ្យ​មួយ​ជាមួយ​បងប្រុស​ដ៏ឈ្លាសវៃ និង​ជា​គំរូ​របស់​ខ្ញុំ យើង​បាន​សន្និដ្ឋាន​ថា ការសម្រេច​ចិត្ត​របស់​គាត់​ដើម្បី​បម្រើ​បេសកកម្ម ហើយ​ពន្យារ​ពេល​ការអប់រំ​របស់​គាត់ គឺ​អាស្រ័យ​លើ​សំណួរ​ចំនួន​បី ៖ ( ១ ) តើ​ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​ព្រះ​ពិត​មែន​ដែរ​ឬ​ទេ ? ( ២ ) តើ​ព្រះគម្ពីរ​មរមន​គឺជា​ព្រះបន្ទូល​នៃ​ព្រះ​មែន​ឬ​ទេ ?​និង ( ៣ ) តើ​យ៉ូសែប ស្ម៊ីធ គឺជា​ព្យាការី​នៃ​ការស្ដារ​ឡើងវិញ​មែន​ឬ​ទេ ? បើ​ចម្លើយ​ចំពោះ​សំណួរ​ទាំងនេះ​គឺ​មែន នោះ​វា​ច្បាស់​ថា ចូ អាច​ធ្វើ​ការណ៍​ល្អ​ជាច្រើន​តាមរយៈ​ការនាំ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ទៅកាន់​ពិភពលោក​នេះ ជាង​ការក្លាយជា​វេជ្ជបណ្ឌិត​នៅ​ពេល​លឿន​ជាង​នេះ ។

នៅ​យប់​នោះ ខ្ញុំ​បាន​អធិស្ឋាន​យ៉ាង​ក្លៀវក្លា និង​ដោយ​ស្មោះ​អស់ពី​ចិត្ត ។ ព្រះវិញ្ញាណ​បាន​បញ្ជាក់​មក​ខ្ញុំ​តាម​របៀប​ដ៏​មាន​អានុភាព​មួយ ដែល​មិន​អាច​ប្រកែក​បាន​ថា ចម្លើយ​ចំពោះ​សំណួរ​ទាំងបី​នេះ​គឺ​ពិត​មែន ។ នេះ​គឺជា​ព្រឹត្តិការណ៍​ដ៏សំខាន់ និង​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​មួយ​ចំពោះ​ខ្ញុំ ។ ខ្ញុំ​បាន​ដឹង​ថា រាល់​ការសម្រេច​ចិត្ត​ដែល​ខ្ញុំ​នឹង​ធ្វើ​សម្រាប់​ជីវិត​ខ្ញុំ​ទាំងមូល នឹង​រង​ឥទ្ធិពល​ពី​សេចក្ដីពិត​ទាំងនេះ ។ ខ្ញុំ​ក៏​ដឹង​ផងដែរ​ថា ខ្ញុំ​នឹង​បម្រើ​បេសកកម្ម បើ​ខ្ញុំ​មាន​ឱកាស​នោះ ។ ចេញពី​ការបម្រើ និង​បទពិសោធន៍​ខាង​វិញ្ញាណ​ពេញ​មួយ​ជីវិត​នេះ ខ្ញុំ​បាន​យល់​ថា ការប្រែចិត្ត​ជឿ​ដ៏ពិត​គឺជា​លទ្ធផល​នៃ​ការទទួល​យក​ព្រះទ័យ​របស់​ព្រះ​ដោយ​សតិសម្បជញ្ញៈ ហើយ​ថា​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ដឹកនាំ​សកម្មភាព​របស់​យើង​បាន ។

ខ្ញុំ​បាន​មាន​ទីបន្ទាល់​អំពី​ភាពជា​ព្រះ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ជា​ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពលោក​នេះ​រួចហើយ ។ នៅ​យប់​នោះ ខ្ញុំ​បាន​ទទួល​ទីបន្ទាល់​ខាង​វិញ្ញាណ​អំពី​ព្រះគម្ពីរ​មរមន និង​ព្យាការី​យ៉ូសែប ស្ម៊ីធ ។

យ៉ូសែប ស៊្មីធ គឺជា​ឧបករណ៍​មួយ​នៅក្នុង​ព្រះហស្ដ​របស់​ព្រះអម្ចាស់

ទីបន្ទាល់​របស់​បងប្អូន​នឹង​រឹងមាំ​ឡើង ពេល​បងប្អូន​អធិស្ឋាន​ដើម្បី​ដឹង​ក្នុង​ចិត្ត​ខ្លួនឯង​ថា ព្យាការី យ៉ូសែប ស៊្មីធ គឺជា​ឧបករណ៍​មួយ​នៅក្នុង​ព្រះហស្ដ​របស់​ព្រះអម្ចាស់ ។ អំឡុង​ពេល​ប្រាំបី​ឆ្នាំ​កន្លង​ទៅ ការចាត់តាំង​របស់​ខ្ញុំ​មួយ​នៅក្នុង​ពួកសាវក​ដប់ពីរ​នាក់ គឺ​ត្រូវ​ពិនិត្យ​មើល និង​អាន​អត្ថបទ និង​ឯកសារ​ដ៏អស្ចារ្យ​ទាំងអស់​អំពី​យ៉ូសែប ស៊្មីធ ព្រមទាំង​ការស្រាវជ្រាវ​ដែល​នាំ​ទៅរក​ការបោះពុម្ព​សៀវភៅ ពួកបរិសុទ្ធ ជាច្រើន​វ៉ុល​ផងដែរ ។ ទីបន្ទាល់ និង​ការកោត​សរសើរ​របស់​ខ្ញុំ​ចំពោះ​ព្យាការី យ៉ូសែប ស្ម៊ីធ បាន​រឹងមាំ និង​ក្លៀវក្លា​ខ្លាំង​ឡើង ក្រោយពី​បាន​អាន​ព័ត៌មាន​លម្អិត​ដ៏បំផុស​គំនិត​អំពី​ជីវិត និង​ការងារ​បម្រើ​ជា​ព្យាការី​ដែល​បាន​តែងតាំង​ជាមុន​របស់​លោក ។

ការបកប្រែ​ព្រះគម្ពីរ​មរមន​របស់​យ៉ូសែប តាមរយៈ​អំណោយទាន និង​ព្រះចេស្ដា​នៃ​ព្រះ​គឺជា​គ្រឹះ​នៃ​ការស្ដារ​ឡើងវិញ​នេះ ។ ព្រះគម្ពីរ​មរមន​មាន​អត្ថន័យ​ខ្ជាប់ខ្ជួន សរសេរ​ជា​លាយ​លក្ខណ៍​អក្សរ​យ៉ាង​ល្អ​ឥតខ្ចោះ ហើយ​មាន​នូវ​ចម្លើយ​ចំពោះ​សំណួរ​សំខាន់ៗ​អំពី​ជីវិត ។ ព្រះគម្ពីរ​មរមន​គឺជា​សក្ខីបទ​មួយ​ទៀត​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា យ៉ូសែប ស៊្មីធ គឺជា​មនុស្ស​សុចរិត ពោរពេញ​ទៅដោយ​សេចក្ដី​ជំនឿ និង​ជា​ឧបករណ៍​មួយ​នៅក្នុង​ព្រះហស្ដ​របស់​ព្រះអម្ចាស់ ដើម្បី​នាំ​មក​នូវ​ព្រះគម្ពីរ​មរមន ។

វិវរណៈ និង​ព្រឹត្តិការណ៍​ដែល​បាន​កត់ត្រា​នៅក្នុង​ព្រះគម្ពីរ​គោលលទ្ធិ និង សេចក្តី​សញ្ញា ផ្ដល់​នូវ​កូនសោ ពិធីបរិសុទ្ធ និង​សេចក្តី​សញ្ញា​ទំាងឡាយ​ដែល​ចាំបាច់​សម្រាប់​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង ។ ការណ៏​ទាំងអស់​នោះ​មិន​ត្រឹម​តែ​ដាក់​ចេញ​នូវ​ចំណុច​សំខាន់ៗ ដែល​តម្រូវ​ឲ្យ​មាន​ដើម្បី​ស្ថាបនា​សាសនាចក្រ​នេះ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​វា​ក៏​ផ្ដល់​ជា​គោលលទ្ធិ​ដ៏ជ្រាលជ្រៅ ដែល​អនុញ្ញាត​ឲ្យ​យើង​យល់ពី​គោលបំណង​នៃ​ជីវិត និង​ផ្ដល់​ទស្សនវិស័យ​ដ៏​អស់កល្ប​ជានិច្ច​ដល់​យើង​ផងដែរ ។

គំរូ​មួយ​ក្នុង​ចំណោម​គំរូ​ជាច្រើន​អំពី​តួនាទី​ជា​ព្យាការី​របស់ យ៉ូសែប ស៊្មីធ គឺ​មាន​នៅក្នុង កណ្ឌ​ទី ៧៦ នៃ​គោលលទ្ធិ និង សេចក្តី​សញ្ញា ។ វា​គឺជា​កំណត់ត្រា​ច្បាស់ៗ​អំពី​ការនិមិត្ត​អំពី​ស្ថានសួគ៌ រួមមាន​នគរ​នៃ​សិរីល្អ ដែល​ព្យាការី​យ៉ូសែប និង ស៊ីឌនី រិកដុន មាន​ពរ​ឲ្យ​ទទួល​បាន​នៅ​ថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ១៨៣២ ។ នៅពេល​នោះ ព្រះវិហារ​ច្រើន​ណាស់​បាន​បង្រៀន​ថា ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​នឹង​មិន​ផ្ដល់​សេចក្ដី​សង្គ្រោះ​ដល់​មនុស្ស​ភាគច្រើន ។ គេ​ជឿ​ថា មាន​តែ​មនុស្ស​តិចតួច​ដែល​នឹង​បាន​សង្គ្រោះ ហើយ​មនុស្ស​ជាច្រើន​នឹង​ត្រូវ​ធ្លាក់​ទៅក្នុង​នរក និង​ការជាប់​ទោស រួមមាន​ការធ្វើ​ទារុណកម្ម ដ៏មិន​ចេះ​ចប់​មិន​ចេះ​ហើយសភាព​ដ៏សែន​អាក្រក់​ខ្លាំង ហើយ​ដែល​មិន​អាច​ពិពណ៌នា​បាន » ។

វិវរណៈ​ដែល​មាន​នៅក្នុង​កណ្ឌ​ទី ៧៦ ផ្ដល់​នូវ​ការនិមិត្ដ​ដ៏​រុងរឿង​មួយ​អំពី​លំដាប់​នៃ​សិរីល្អ ដែល បុត្រា​បុត្រី​របស់​ព្រះវរបិតាសួគ៌ភាគច្រើន ដែល​ក្លាហាន​នៅក្នុង​សណ្ឋាន​ជីវិត​មុន​ផែនដី​របស់​ពួកគេ នឹង​មាន​ពរជ័យ​យ៉ាង​សន្ធឹក បន្ទាប់ពី​ការកាត់​សេចក្ដី​នៅ​ចុង​បំផុត ។ ការនិមិត្ត​អំពី​លំដាប់​នៃ​សិរីល្អ​ទាំងបី ដែល​លំដាប់​ទាប​បំផុត « ហួស​លើសពី​អស់​ទាំង​យោបល់ » គឺជា​ការឆ្លើយ​ខុស​ចំៗ ចំពោះ​គោលលទ្ធិ​ដែល​រឹងមាំ តែ​ខុស​ខ្លាំង​នៅពេល​នោះ ដែល​ថា​មនុស្ស​ភាគច្រើន​នឹង​ត្រូវ​ធ្លាក់​ទៅក្នុង​នរក និង​ជាប់​មាន​ទោស ។

នៅពេល​បងប្អូន​ដឹង​ថា យ៉ូសែប ស៊្មីធ មាន​អាយុ​ត្រឹមតែ ២៦ ឆ្នាំ មាន​ការអប់រំ​ដែល​មាន​កម្រិត និង​មិន​សូវ​ចេះ ឬ​មិន​ចេះ​ភាសា​តាម​វេយ្យាករណ៍​ត្រឹមត្រូវ​ដែល​បកតាម​ព្រះគម្ពីរ​ប៊ីប នោះ​លោក​គឺ​ពិតជា​ឧបករណ៍​មួយ​នៅក្នុង​ព្រះហស្ដ​របស់​ព្រះអម្ចាស់​មែន ។ នៅ​ក្នុង ខទី ១៧ នៃ​កណ្ឌ​ទី ៧៦លោក​ត្រូវ​បាន​បំផុស​គំនិត​ឲ្យ​ប្រើ​ពាក្យ ឥត​សុចរិតជំនួស​ឲ្យ​ពាក្យ ការជាប់​មាន​ទោសដែល​គេ​ប្រើ​នៅក្នុង​ដំណឹងល្អ​នៃ​លោក​យ៉ូហាន ។.១០

វា​គួរឲ្យ​ចាប់​អារម្មណ៍​ថា ៤៥ ឆ្នាំ​ក្រោយមក អ្នកដឹកនាំ​ព្រះវិហារ​អង់គ្លូសាក់ស្យុង និង​ជា​បញ្ញាវន្ដ​ចេះដឹង​ត្រឹមត្រូវ​មាន​កេរ្ដិ៍ឈ្មោះ​មួយ​រូប១១គឺ ហ្វ្រីដឺរិក ដបុលយូ ហ្វារ៉ា ដែល​បាន​សរសេរ​សៀវភៅ The Life of Christ១២បាន​ថ្លែង​យ៉ាង​មុតមាំ​ថា និយមន័យ​នៃ ការជាប់​មាន​ទោសនៅក្នុង​ព្រះគម្ពីរ​ប៊ីប​កំណែ​ស្ដេច​ជេមស៍ គឺជា​លទ្ធផល​នៃ​ការបកប្រែ​ខុស​ពី​ភាសា​ហេព្រើរ និង​ក្រិក​ទៅជា​ភាសា​អង់គ្លេស ។១៣

នៅ​ជំនាន់​របស់​យើង មនុស្ស​ជាច្រើន​បាន​ចាប់​យក​គោលគំនិត​ថា មិន​គួរមាន​លទ្ធផល​សម្រាប់​អំពើបាប​នោះទេ ។ ពួកគេ​គាំទ្រ​ការអភ័យទោស​ដល់​អំពើបាប​ដោយ​គ្មាន​លក្ខខណ្ឌ និង​ដោយ​គ្មាន​ការប្រែចិត្ត ។ គោលលទ្ធិ​ដែល​បាន​បើក​សម្ដែង​របស់​យើង​មិន​ត្រឹមតែ​បដិសេធ​ចោល​ថា មនុស្ស​ភាគច្រើន​នឹង​ត្រូវ​ដាក់ទោស​ដ៏អស់កល្ប​ឲ្យ​ធ្លាក់​នរក និង​ការជាប់​ទោស​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែមទាំង​បង្ហាញ​គោលជំហរ​ផងដែរ​ថា ការប្រែចិត្ត​ផ្ទាល់ខ្លួន​គឺជា​តម្រូវការ​ចំបាច់​ដែល​ត្រូវបាន​បង្គាប់​ទុក​ជាមុន ដើម្បី​អាច​ទទួល​យក​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ និង​គ្រង​នគរ​សេឡេស្ទាល​បាន ។១៤ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា យ៉ូសែប ស៊្មីធ គឺជា​ឧបករណ៍​មួយ​នៅក្នុង​ព្រះហស្ដ​របស់​ព្រះអម្ចាស់ ដើម្បី​នាំ​មក​នូវ​ការស្ដារ​ដំណឹងល្អ​របស់​ទ្រង់​ឡើងវិញ​ពិត​មែន !

ដោយសារតែ​ការស្ដារ​ឡើងវិញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​យល់ពី​សារៈសំខាន់​នៃ​ការប្រែចិត្ត​ផង និង « កិច្ចការ​នៃ​សេចក្ដី​សុចរិត » ផង ។១៥ យើង​យល់ពី​សារៈសំខាន់​ដ៏លើសលប់​នៃ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ និង​ពិធីបរិសុទ្ធ និង​សេចក្តី​សញ្ញា​ដ៏សង្គ្រោះ​របស់​ទ្រង់ រួមទាំង​ពិធីបរិសុទ្ធ​ទាំងឡាយ​ដែល​បាន​ធ្វើ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ផងដែរ ។

« កិច្ចការ​នៃ​សេចក្ដី​សុចរិត » កើតពី និង​គឺជា​ផលផ្លែ​នៃ​ការប្រែចិត្ត​ជឿ ។ ការប្រែចិត្ត​ជឿ​ពិត​ប្រាកដ​កើតមាន​ដោយសារ​ការទទួល​យក និង​ការប្ដេជ្ញា​ចិត្ត​ដោយ​មាន​សតិសម្បជញ្ញៈ ដើម្បី​ធ្វើតាម​ព្រះទ័យ​របស់​ព្រះ ។១៦ លទ្ធផល និង​ពរជ័យ​ជាច្រើន​ដែល​ជា​ផលផ្លែ​ពី​ការប្រែចិត្ត​ជឿ គឺជា​សេចក្ដី​សុខសាន្ដ​ដ៏ពិត និង​អចិន្ដ្រៃយ៍ ព្រមទាំង​ការធានា​ផ្ទាល់ខ្លួន​អំពី​សុភមង្គល​ដ៏រុងរឿង​ផងដែរ១៧មិន​ថា​ជីវិត​នេះ​ជួប​ព្យុះភ្លៀង​យ៉ាងណា​នោះទេ ។

ការប្រែចិត្ត​ជឿ​លើ​ព្រះអង្គ​សង្គ្រោះ​ផ្លាស់ប្ដូរ​មនុស្ស​ខាង​សាច់ឈាម​ឲ្យ​ទៅជា​មនុស្ស​ដែល​បាន​ញែកចេញ កើតជា​ថ្មី និង​បរិសុទ្ធ—ជា​មនុស្ស​ដែល​បាន​កើតជា​ថ្មី​នៅក្នុង​ព្រះគ្រីស្ទ​ព្រះយេស៊ូវ ។១៨

មនុស្ស​ជាច្រើន​មិន​បាន​ដឹង​ពី​សេចក្ដីពិត​នេះ ពីព្រោះ​ពួកគេ​មិន​ដឹង​ជា​ទៅរក​សេចក្ដីពិត​ឯណា​ទេ

តើ​អ្វីខ្លះ​ជា​កាតព្វកិច្ច​ដែល​មាន​បន្ទាប់ពី​ការប្រែចិត្ត​ជឿ ? នៅក្នុង​គុក​លិបើទី ព្យាការី​យ៉ូសែប​បាន​សម្គាល់​ឃើញ​ថា មនុស្ស​ជាច្រើន​គឺជា​ពួកអ្នក​ដែល « លាក់ពី​សេចក្ដីពិត ពីព្រោះ​ពួកគេ​មិន​ដឹង​ជា​ទៅរក​សេចក្ដីពិត​ឯណា​ទេ » ។១៩

នៅក្នុង​បុព្វកថា​របស់​ព្រះអម្ចាស់​ចំពោះ​ព្រះគម្ពីរ​គោលលទ្ធិ និង សេចក្តី​សញ្ញា ការប្រកាស​ជា​ទ្រង់ទ្រាយ​ធំ​អំពី​ព្រះរាជបំណង​របស់​ព្រះអម្ចាស់​សម្រាប់​ពួកយើង​បាន​ដាក់​មក​ច្បាស់ៗ ។ ទ្រង់​បាន​ប្រកាស​ថា « ហេតុដូច្នេះ​ហើយ យើង​ជា​ព្រះអម្ចាស់ ដោយ​ជ្រាប​នូវ​គ្រោះ​ដែល​នឹង​មាន​មកលើ​បណ្ដាជន​ទាំងឡាយ​នៅលើ​ផែនដី នោះ​បាន​ហៅ​យ៉ូសែប ស៊្មីធ ជុញ្ញ័រ ជា​អ្នកបម្រើ​របស់​យើង ហើយ​បាន​និយាយ​មកកាន់​លោក​ពីលើ​ស្ថានសួគ៌ ហើយ​បាន​ប្រទាន​ព្រះបញ្ញត្តិ​ទាំងឡាយ​ដល់​លោក » ។ ទ្រង់​បាន​បន្ដ​ណែនាំ​ថា « ដើម្បី​ឲ្យ​ភាពពោរពេញ​នៃ​ដំណឹងល្អ​របស់​យើង អាច​បាន​ប្រកាស​ប្រាប់​ដោយ​ពួកកម្សោយ និង​ពួករាបទាប​ដល់​អស់​ចុង​ផែនដី និង​នៅ​ចំពោះ​ពួកមហាក្សត្រ និង​ពួកអ្នក​ត្រួតត្រា​ទាំងឡាយ » ។២០ ការណ៍​នោះ​រួមមាន​អ្នកផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង​ទាំងឡាយ ។ ការណ៍​នោះ​រួមមាន​ពួកយើង​ម្នាក់ៗ ។ ចំណុច​នេះ​គួរតែ​ជា​ការផ្ដោត​ដ៏​មុតស្រួច​មួយ​ចំពោះ​មនុស្ស​គ្រប់រូប ដែល​មាន​ពរជ័យ​ឲ្យ​មាន​ការប្រែចិត្ត​ជឿ​តាម​ព្រះហឫទ័យ​របស់​ព្រះ ។ ព្រះអង្គ​សង្គ្រោះ​អញ្ជើញ​យើង​ដោយ​ព្រះទ័យ​មេត្តា ឲ្យ​ធ្វើជា​ព្រះសូរសៀង និង​ព្រះហស្ដ​របស់​ទ្រង់ ។២១ សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ​នឹង​ជា​ពន្លឺ​នាំ​ផ្លូវ​របស់​យើង ។ ព្រះអង្គ​សង្រ្គោះ​បាន​បង្រៀន​ពួកសិស្ស​របស់​ទ្រង់​ថា « ដូច្នេះ ចូរ​ទៅ​បញ្ចុះបញ្ចូល​ឲ្យមាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ » ។២២ ហើយ​ទ្រង់​បាន​ប្រកាស​ប្រាប់​យ៉ូសែប ស្ម៊ីធ ថា​ត្រូវ « ផ្សាយ​ដំណឹងល្អ​របស់​យើង​ដល់​សត្វ​លោក​គ្រប់​រូប​ណា ដែល​ពុំទាន់​បាន​ទទួល​នៅឡើយ » ។២៣

មួយ​សប្ដាហ៍​ក្រោយពី​ការឧទ្ទិស​ព្រះវិហារ​បរិសុទ្ធ ខឺតឡង់ នៅ​ថ្ងៃទី ៣ ខែ មេសា ឆ្នាំ ១៨៣៦ ដែល​ជា​ថ្ងៃ​អាទិត្យ​បុណ្យ​អ៊ីស្ទើរ និង​ជា​ថ្ងៃ​បុណ្យ​រំលង​ផងដែរ នោះ​ព្រះអម្ចាស់​បាន​បង្ហាញ​ព្រះកាយ​ដល់​យ៉ូសែប និង អូលីវើរ ខៅឌើរី នៅក្នុង​ការនិមិត្ត​ដ៏មហស្ចារ្យ​មួយ ។ ព្រះអម្ចាស់​បាន​ទទួល​យក​ព្រះវិហារ​បរិសុទ្ធ និង​បាន​ប្រកាស​ថា « នេះ​គឺជា​ការចាប់ផ្តើម​នូវ​ព្រះពរ ដែល​នឹង​បាន​ចាក់​មកលើ​ក្បាល​នៃ​រាស្រ្ត​របស់​យើង » ។២៤

បន្ទាប់ពី​ការនិមិត្ត​នេះ​បាន​ចប់ នោះ​ម៉ូសេ​បាន​លេច​មក « ហើយ​បាន​ប្រគល់ … កូនសោ​ទាំងឡាយ​នៃ​ការ​ប្រមូល​សាសន៏​អ៊ីស្រាអែល ពី​ទិស​ទាំងបួន​នៃ​ផែន​ដី ហើយ​នឹង​ការ​នាំ​ពូជ​អំបូរ​ទាំង​ដប់​ចេញ​ពី​ដែនដី​ភាគ​ខាង​ជើង​មក » ។២៥

ប្រធាន រ័សុល អិម ណិលសុន ដែល​ជា​ព្យាការី​ជាទី​ស្រឡាញ់​របស់​យើង​នៅ​សព្វថ្ងៃ​នេះ ដែល​កាន់​កូនសោ​ដូចគ្នា​ទាំងនេះ បាន​បង្រៀន​នៅ​ព្រឹក​នេះ ៖ « យុវជន​ទាំងឡាយ ប្អូនៗ​ត្រូវ​បាន​បម្រុង​ទុក​សម្រាប់​ជំនាន់​នេះ ជាពេល​ដែល​ត្រូវ​ធ្វើ​ការប្រមូល​ផ្ដុំ​អ៊ីស្រាអែល​ដូច​ដែល​បាន​សន្យា ។ នៅពេល​ប្អូនៗ​បម្រើ​បេសកកម្ម នោះ​ប្អូនៗ​ដើរ​តួនាទី​ដ៏​សំខាន់​នៅក្នុង​ព្រឹត្តិការណ៍​ដែល​ពុំធ្លាប់​មាន​ពីមុន​មក​នេះ ! »២៦

ដើម្បី​ធ្វើឲ្យ​ការបង្គាប់​របស់​ព្រះអង្គ​សង្គ្រោះ​ឲ្យ​ចែកចាយ​ដំណឹងល្អ​ក្លាយ​ទៅជា​ផ្នែក​មួយ​នៃ​ខ្លួន​យើង នោះ​យើង​ត្រូវ ប្រែចិត្ត​ជឿ តាម​ព្រះទ័យ​របស់​ព្រះ យើង​ត្រូវ ស្រឡាញ់ អ្នកជិតខាង​របស់​យើង ចែកចាយ ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ អញ្ជើញ មនុស្ស​ទាំងអស់​ឲ្យ​មក​មើល ។ ក្នុង​នាមជា​សមាជិក​នៃ​សាសនាចក្រ យើង​ពេញចិត្ត​ចម្លើយ​របស់​ព្យាការី​យ៉ូសែប ទៅកាន់ ចន វិនវើត ដែល​ជា​នាយក​និពន្ធ​កាសែត Chicago Democrat នៅ​ឆ្នាំ ១៨៤២ ។ ចន បាន​ស្នើសុំ​ព័ត៌មាន​អំពី​សាសនាចក្រ ។ យ៉ូសែប បាន​បញ្ចប់​ចម្លើយ​របស់​លោក​ដោយ​ប្រើ « បទដ្ឋាន​នៃ​សេចក្ដីពិត » ដែលជា​បុព្វកថា​ដល់​មាត្រា​នៃ​សេចក្ដី​ជំនឿ​ទាំង​ដប់បី ។ បទដ្ឋាន​នេះ​ប្រាប់​អត្ថន័យ​តាម​របៀប​ដ៏ជាក់លាក់​មួយ អំពី​អ្វី​ដែល​ត្រូវតែ​សម្រេច​ឲ្យ​បាន ៖

« គ្មាន​ដៃ​មិន​បរិសុទ្ធ​ណា​មួយ​អាច​បញ្ឈប់​កិច្ចការ​នេះ​មិន​ឲ្យ​រីកចម្រើន​បាន​ឡើយ ការ​បៀត​បៀន​អាច​នឹង​កើន​ឡើង ពួក​មនុស្ស​កំណាច​អាច​នឹង​ប្រមូល​ផ្ដុំ​គ្នា ពួក​សត្រូវ​អាច​នឹង​រួម​ដៃ​គ្នា ការ​បង្ខូច​កេរ្ដិ៍​ឈ្មោះ​អាច​នឹង​ធ្វើ​ឡើង ប៉ុន្តែ​សេចក្ដី​ពិត​នៃ​ព្រះ​នឹង​ឆ្ពោះ​ទៅមុខ​ដោយ​ក្លៀវក្លា ថ្លៃថ្នូរ និង​ឯករាជ្យ​រហូត​ទាល់តែ​វា​បាន​ដល់​គ្រប់​ទាំងទ្វីប គ្រប់តំបន់ គ្រប់​ប្រទេស និង បាន​ឮ​ដល់​គ្រប់​ត្រចៀករហូតដល់​គោលបំណង​នៃ​ព្រះ​នឹង​បាន​សម្រេច ហើយ​ព្រះយេហូវ៉ា​ដ៏​មហិមា​នឹង​មាន​បន្ទូល​ថា កិច្ចការ​បាន​ចប់​សព្វគ្រប់​ហើយ » ។២៧

នេះ​គឺជា​ការហៅ​ដ៏ច្បាស់ៗ និង​ឮៗ​សម្រាប់​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​រាប់​ជំនាន់​មកហើយ ជាពិសេស​ពួក​អ្នកផ្សព្វផ្សាយ​សាសនា ។ នៅ​ក្នុង​ស្មារតី​នៃ​« បទដ្ឋាន​នៃ​សេចក្ដីពិត »​នេះ យើង​មាន​អំណរគុណ​ដែល​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ដ៏ស្មោះត្រង់​បាន​ចែកចាយ​ដំណឹងល្អ ទោះ​ស្ថិត​ក្នុង​ពេល​មាន​ជំងឺ​រាតត្បាត​ទូទាំង​ពិភពលោក​នេះ​ក្ដី ។ អ្នកផ្សព្វផ្សាយ​សាសនា​ទាំងឡាយ​អើយ យើង​ស្រឡាញ់​បងប្អូន ! ព្រះអម្ចាស់​បង្គាប់​ឲ្យ​ពួកយើង​ម្នាក់ៗ​ចែកចាយ​ដំណឹងល្អ​របស់​ទ្រង់​តាមរយៈ​ពាក្យសម្ដី និង​ទង្វើ ។ ការប្រែចិត្ត​ជឿ​ផ្ទាល់ខ្លួន​របស់​យើង​រួមមាន​ការទទួល​ខុសត្រូវ ដើម្បី​ចែកចាយ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ជាមួយ​នឹង​ពិភពលោក​នេះ ។

ពរជ័យ​នៃ​ការចែកចាយ​ដំណឹងល្អ​រួមមាន ការបង្កើន​ការប្រែចិត្ត​ជឿ​របស់​យើង​ទៅតាម​ព្រះទ័យ​នៃ​ព្រះ និង​ទុក​ឲ្យ​ព្រះ​ឈ្នះ​នៅក្នុង​ជីវិត​របស់​យើង ។២៨ យើង​ផ្ដល់​ពរជ័យ​ដល់​មនុស្ស​ដទៃ​ឲ្យ​ទទួល​បទពិសោធន៍​នៃ « ការផ្លាស់ប្ដូរ​ដ៏ធំ » នៅក្នុង​ដួងចិត្ត ។២៩ មាន​អំណរ​ដ៏អស់កល្ប​យ៉ាង​ពិត​ប្រាកដ ពេល​យើង​ជួយ​នាំ​ព្រលឹង​មកកាន់​ព្រះគ្រីស្ទ ។៣០ ការខិតខំ​ធ្វើការ​ដើម្បី​ប្រែចិត្ត​ជឿ​សម្រាប់​ខ្លួនឯង និង​អ្នកដទៃ​គឺជា កិច្ចការដ៏​ថ្លៃថ្នូរ ។៣០ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​យ៉ាង​ដូច្នោះ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. ខ្ញុំ​បាន​បម្រើ​នៅក្នុង​បេសកកម្ម​ចក្រភព​អង់គ្លេស​ពី​ថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ១៩៦០ ដល់​ថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ១៩៦២ ។

  2. យុវជន​ផ្សេងទៀត​ត្រូវតែ​មាន​ពេល​សម្រាប់​កំណែន​ទ័ព​នេះ ។

  3. ក្រោយពី ចូ ត្រឡប់​មកពី​បេសកកម្ម​របស់​គាត់​វិញ គាត់​បាន​រៀន​ចប់​សាលា​វេជ្ជសាស្ដ្រ ហើយ​គាត់​គឺជា​វេជ្ជបណ្ឌិត​ដ៏ជោគជ័យ​ម្នាក់ ។ បេសកកម្ម​របស់​គាត់​ក៏បាន​រៀបចំ​គាត់​ឲ្យ​ធ្វើជា​ប៊ីស្សព ប្រធាន​ស្ដេក អ្នកតំណាង​តំបន់ និង​ប្រធាន​បេសកកម្ម​ផងដែរ ។

  4. សូមមើល មរ៉ូណៃ ១០:៤ ។ ខ្ញុំ​បាន​អាន​ព្រះគម្ពីរ​មរមន​រួចហើយ ។ ដោយ​ភាពធ្ងន់ធ្ងរ​នៃ​បញ្ហា​នេះ​នៅក្នុង​គ្រួសារ​របស់​យើង នោះ​ខ្ញុំ​បាន​អធិស្ឋាន​ដោយ​ស្មោះ​អស់ពី​ចិត្ត ។

  5. សូមមើល ពួក​បរិសុទ្ធ ៖ រឿង​អំពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ វ៉ុល ១, The Standard of Truth, ១៨១៥–១៨៤៦ ( ២០១៨ ), និង​វ៉ុល ២, No Unhallowed Hand, 1846–1893 ( ២០២២ ) ។

  6. ការបកប្រែ​បាន​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី ៧ ខែ មេសា ឆ្នាំ ១៨២៩ ហើយ​បាន​បញ្ចប់​ប្រហែល​នៅ​ថ្ងៃទី ១ ខែ កក្កដា ឆ្នាំ ១៨២៩ ។ វា​អស្ចារ្យ​ណាស់​ដើម្បី​សិក្សា​អំពី​ការពិត​នៅ​ជុំវិញ​ការបកប្រែ​នេះ ។ ខ្ញុំ​កោត​សរសើរ​ជាពិសេស ពេល​អាន​សំណៅ​ដៃ​ចេញពី​ម៉ាស៊ីន​បោះពុម្ព និង​សំណៅ​ដៃ​ដើម​នៃ​ព្រះគម្ពីរ​មរមន ដែល​បាន​ចេញផ្សាយ​ជា ៣ និង ៥ ភាគ​នៅក្នុង​ស៊េរី​វិវរណៈ និង​ការបកប្រែ​នៃ The Joseph Smith Papers ។ ទាំងពីរ​ភាគ​នេះ​គឺជា​វ៉ុល​ដ៏សំខាន់​ណាស់ ។

  7. Frederic W. Farrar, Eternal Hope: Five Sermons Preached in Westminster Abbey, November, and December 1877 ( ឆ្នាំ ១៨៩២ ) ទំព័រ xxii ។

  8. ការនិមិត្ត​នេះ​រួមមាន​អ្នក​ទាំងឡាយ​ដែល​មិន​បាន​ស្គាល់​ព្រះគ្រីស្ទ​នៅក្នុង​ជីវិត​នេះ កូនក្មេង​ដែល​ស្លាប់​មុន​អាយុ​ចេះ​ទទួល​ខុសត្រូវ និង​អ្នក​ទាំងឡាយ​ដែល​មាន​បញ្ញា​ខ្សោយ ។

  9. គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៦:៨៩ ។

  10. សូមមើល យ៉ូហាន ៥:២៩ ។

  11. ហ្វារ៉ា បាន​សិក្សា​នៅឯ​មហាវិទ្យាល័យ King’s College នៅ​ទីក្រុង​ឡុងដ៍ និង​នៅ Trinity College នៅ​ទីក្រុង​ខេមប្រីជ ។ លោក​គឺជា​អ្នកដឹកនាំ​សង្ឃ​នៃ​ព្រះវិហារ​អង់គ្លេស ( អង់គ្លូសាក់ស្យុង ) ជា​អ្នកដឹកនាំ​សង្ឃ​រៀមច្បង​នៃ Westminster Abbey ជា​ប្រធាន​នៃ Canterbury Cathedral និង​ជា​បព្វជិត​នៃ​ព្រះរាជវង្ស​ព្រះមហាក្សត្រ ។

  12. សូមមើល​Frederic W. Farrar The Life of Christ ( ឆ្នាំ ១៨៧៤ ) ។

  13. សូមមើល Farrar, Eternal Hope ទំព័រ xxxvi–xxxvii ។ ហ្វ្រីដឺរិក ហ្វារ៉ា មាន​អារម្មណ៍​បង្ខំ​ថា​ត្រូវតែ​កែតម្រូវ​ការបង្រៀន​អំពី​ការជាប់​មាន​ទោស និង​នរក ។ លោក​បាន​ប្រកាស​យ៉ាង​មុតមាំង​អំពី​អ្វី​ដែល​លោក​ហៅ​ថា « ការពិត​សាមញ្ញ មិន​អាច​បដិសេធ​បាន និង​មិន​អាច​ឈ្លោះ​ប្រកែក​បាន ។ … កិរិយាសព្ទ ‹ ជាប់​ទោស › និង​ពាក្យ​ស្រដៀង​គ្នា​នេះ​មិន​មាន​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់​សូម្បីតែ​ម្ដង ។ គ្មាន​ពាក្យ​ណា​ដែល​ប្រាប់​ពី​អត្ថន័យ​បែប​នោះ នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី​ជា​ភាសា​ក្រិក​ឡើយ ។ លោក​បាន​បន្ដ​ពន្យល់​ថា ពាក្យ ការជាប់​មាន​ទោស គឺជា « ការបកប្រែ​ខុស​ធ្ងន់ធ្ងរ​ខ្លាំង … [ ហើយ​វា ] បង្ខូច និង​បំបាំង​អត្ថន័យ​ពិត​ប្រាកដ​នៃ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​នៃ​យើង » ( Eternal Hope ទំព័រ xxxvii ) ។ ហ្វារ៉ា ក៏​បាន​ចង្អុល​បង្ហាញ​ដែរ​ថា ការបង្ហាញ​ដ៏​លើសលុប​របស់​ព្រះវរបិតា​ជាទី​ស្រឡាញ់​ដែល​គង់​នៅលើ​ស្ថានសួគ៌​ពេញ​មួយ​ព្រះគម្ពីរ​ប៊ីប ដែល​ទុកជា​ភស្ដុតាង​បន្ថែម​ថា និយមន័យ​នៃ​ពាក្យ នរក និង ការជាប់​មាន​ទោស ដែល​បាន​ប្រើ​នៅក្នុង​ការបកប្រែ​ជា​ភាសា​អង់គ្លេស​នេះ គឺ​មិន​ត្រឹមត្រូវ​នោះ​ទេ ( សូមមើល Eternal Hope ទំព័រ xiv–xv, xxxiv, ៩៣; សូមមើល​ផងដែរ ឃ្វីនថិន អិល ឃុក « Our Father’s Plan—Big Enough for All His Children » Liahona ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ៣៦ ) ។

  14. ទំនាក់ទំនង​រវាង​ការប្រែចិត្ត និង​ដង្វាយធួន​បាន​បង្ហាញ​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៩:១៥–១៨, ២០ ។ លើសពី​នេះ ការដាក់​ទោស​ដែល​គ្មាន​ទីបញ្ចប់​ត្រូវបាន​បញ្ជាក់​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៩:១០–១២ ។

  15. គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៩:២៣ ។

  16. សូមមើល ម៉ូសាយ ២៧:២៥គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១២:១៣សូមមើល​ផងដែរ Dale E. Miller « Bringing Peace and Healing to Your SoulLiahonaខែ វិច្ឆិកា ឆ្នាំ ២០០៤ ទំព័រ ១២–១៤ ។

  17. សូមមើល ម៉ូសាយ ២:៤១ ។

  18. សូមមើល​ផងដែរ ដាល្លិន អេក អូក « The Challenge to Become » Ensign ខែ វិច្ឆិកា ឆ្នាំ ២០០០ ទំព័រ ៣៣; Liahona​ខែ​មករា ឆ្នាំ​២០០១​ទំព័រ​៤១​សូមមើល​ផងដែរ កូរិនថូស ទី២ ៥:១៧​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ការប្រែចិត្ត​ជឿ » ។

  19. គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៣:១២ ។

  20. គោលលទ្ធិ និង សេចក្ដី​សញ្ញា ១:១៧, ២៣ ។

  21. បើ​វា​ជា​បំណង​ប្រាថ្នា​របស់​យើង នោះ​យើង​ត្រូវ « បាន​ហៅ​ឲ្យ​ធ្វើ​កិច្ចការ​នោះ » ហើយ ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤:៣សូមមើល​ផងដែរ ថូម៉ាស អេស ម៉នសុន « Called to the WorkLiahonaខែ មិថុនា ឆ្នាំ ២០១៧ ទំព័រ ៤–៥ ) ។

  22. ម៉ាថាយ ២៨:១៩ ។

  23. គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១២:២៨ ។

  24. គោលលទ្ធិ និង សេចក្ដីសញ្ញា ១១០:១០ ។

  25. គោលលទ្ធិ និង សេចក្ដីសញ្ញា ១១០: ១១  ។

  26. សូមមើល​រ័សុល អិម ណិលសុន « Preaching the Gospel of Peace », Liahona, ខែ ឧសភា ឆ្នាំ ២០២២ ទំព័រ ៦–៧; សូមមើល​ផងដែរ រ័សុល អិម ណិលសុន « សង្ឃឹម​អ៊ីស្រាអែល » ( ការប្រជុំ​ធម្មនិដ្ឋាន​សម្រាប់​យុវវ័យ​ទូទាំង​ពិភពលោក ថ្ងៃ​ទី ៣ ខែ មិថុនា ឆ្នាំ ២០១៨ ) នៅលើ​គេហទំព័រ HopeofIsrael.ChurchofJesusChrist.org ។

  27. Teachings of Presidents of the Church: Joseph Smithឆ្នាំ ២០០៧ ) ទំព័រ ៤៤៤ ។

  28. សូមមើល រ័សុល អិម ណិលសុន « ទុក​ឲ្យ​ព្រះឈ្នះលីអាហូណាខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៩២–៩៥ ។

  29. អាលម៉ា ៥:១៤ ។

  30. សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៨:១៥សូមមើល​ផងដែរ យ៉ាកុប ៥:១៩–២០ ។

  31. សូមមើល​អាលម៉ា ២៦:២២គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៨:១៣–១៦សូមមើល​ផងដែរ សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ការប្រែចិត្ត​ជឿ » ។